ព្រះគម្ពីរ
ម៉ូសាយ 11


ជំពូក​ទី ១១

ស្ដេច​ណូអេ​គ្រប់​គ្រង​ដោយ​អំពើ​ទុច្ចរិត — ទ្រង់​សប្បាយ​នៅ​ក្នុង​ជីវភាព​ដ៏​ពោរ​ពេញ​ទៅ​ដោយ​អបាយមុខ ដោយ​មាន​ភរិយា និង​ស្នំ​ជា​ច្រើន — អ័ប៊ីណាដៃ​ព្យាករ​ថា ប្រជាជន​នឹង​ត្រូវ​នាំ​យក​ទៅ​ក្នុង​សេវក​ភាព — ស្ដេច​ណូអេ​រក​ប្រហារជីវិត​លោក​ចោល។ ប្រមាណ ជា​ឆ្នាំ ១៦០–១៥០ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ស៊ីនិព្វ​បាន​ប្រគល់​នគរ​ឲ្យ​ទៅ​ណូអេ ជា​បុត្រ​របស់​ទ្រង់​ម្នាក់ ហេតុ​ដូច្នេះ​ហើយ ណូអេ បាន​ចាប់​ផ្ដើម​សោយរាជ្យ​ជំនួស​ទ្រង់ ណូអេ មិន​បាន​ដើរ​តាម​ដាន​របស់​បិតា​ខ្លួន​ឡើយ។

ត្បិត​មើល​ចុះ ទ្រង់​មិន​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​នោះ​ទេ តែ​ទ្រង់​បាន​ដើរ​តាម​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ចិត្ត​របស់​ខ្លួន​ផ្ទាល់​ទៅ​វិញ។ ហើយ​ទ្រង់​មាន​ភរិយា និង​ស្នំ​ជា​ច្រើន។ ហើយ​ទ្រង់​បាន​នាំ​ឲ្យ​ប្រជាជន​របស់​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រព្រឹត្ត​នូវ​អ្វីៗ​ដែល​គួរ​ខ្ពើម​ឆ្អើម ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់។ មែន​ហើយ ហើយ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​សហាយស្មន់ និង​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង។

ហើយ​ទ្រង់​បាន​ដក​ពន្ធ​ចំនួន​មួយ​ប្រាំ​នៃ​អ្វីៗ ដែល​ប្រជាជន​ទ្រង់​មាន គឺ​មួយ​ប្រាំ​នៃ​មាស​របស់​ពួក​គេ និង​ប្រាក់​របស់​ពួក​គេ និង​មួយ​ប្រាំ​នៃ​ស៊ីព្វ​របស់​ពួក​គេ និង​ស្ពាន់​របស់​ពួក​គេ និង​លង្ហិន​របស់​ពួក​គេ និង​ដែក​របស់​គេ ហើយ​មួយ​ប្រាំ​នៃ​សត្វ​ធាត់ៗ​របស់​ពួក​គេ ហើយ​មួយ​ប្រាំ​នៃ​អស់​ទាំង​ធញ្ញជាតិ​របស់​គេ​ផង។

ហើយ​ពន្ធដារ​ទាំង​អស់​នេះ គឺ​ទ្រង់​យក​មក​ចំណាយ​សម្រាប់​ខ្លួន​ទ្រង់ និង​ភរិយា​ទាំង​ឡាយ​ទ្រង់ និង​ស្នំ​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​ព្រម​ទាំង​ពួក​សង្ឃ​ទាំង​ឡាយ​របស់​ទ្រង់ និង​ភរិយា​ទាំង​ឡាយ​របស់​គេ និង​ស្នំ​ទាំង​ឡាយ​របស់​គេ​ផង ម្ល៉ោះ​ហើយ ទ្រង់​បាន​កែប្រែ​កិច្ចការ​របស់​នគរ។

ព្រោះ​ទ្រង់​បាន​ទម្លាក់​ពួក​សង្ឃ ដែល​បិតា​ទ្រង់​បាន​តែងតាំង​ពីមុន ហើយ​បាន​តែងតាំង​អ្នក​ថ្មី​ជំនួស​វិញ ពួក​នេះ​បាន​លើក​ខ្លួន​ឡើងក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​គេ។

មែន​ហើយ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ទទួល​ការ​គាំទ្រ​ក្នុង​ការ​ខ្ជិលច្រអូស​របស់​គេ និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ និង​អំពើ​សហាយស្មន់​ទាំង​ឡាយ​របស់​គេ ដោយ​ពន្ធដារ​ដែល​ស្ដេច​ណូអេ​បាន​ដក​យក​ពី​ប្រជាជន​របស់​ទ្រង់ ម្ល៉ោះ​ហើយ ប្រជាជន​បាន​ធ្វើ​ការ​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​ចិញ្ចឹម​អំពើ​ទុច្ចរិត។

មែន​ហើយ ពួក​គេ​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ដែរ ពី​ព្រោះ​ពួក​គេ​ត្រូវ​បាន​បញ្ឆោត​ដោយ​សម្ដី​ផ្អែមល្ហែម​ឥត​ប្រយោជន៍ បញ្ចើចបញ្ចើ​របស់​ស្ដេច និង​ពួក​សង្ឃ ព្រោះ​ពួក​នេះ​បាន​ពោល​ពាក្យ​បញ្ចើចបញ្ចើ​ទៅ​កាន់​គេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​ណូអេ​បាន​សង់​អគារ​ដ៏​ធំ ហើយ​ល្អ​ជា​ច្រើន ហើយ​ទ្រង់​បាន​តុបតែង​អគារ​ទាំង​នោះ ដោយ​វត្ថុ​សិល្បៈ​ដ៏​ល្អៗ​ធ្វើ​ពី​ឈើ និង​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​បែប​យ៉ាង ធ្វើ​ពី​មាស ពី​ប្រាក់ ពី​ដែក ពី​លង្ហិន ពី​ស៊ីព្វ និង​ពី​ស្ពាន់។

ហើយ​ទ្រង់​ក៏​បាន​សង់​សម្រាប់​ខ្លួន​ទ្រង់​នូវ​រាជវាំង​មួយ​ដ៏​ធំ ហើយ​មាន​បល្ល័ង្ក​មួយ​នៅ​ចំ​កណ្ដាល គឺ​របស់​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ពី​ឈើ​ល្អ ហើយ​តុបតែង​ដោយ​មាស និង​ប្រាក់ និង​ដោយ​វត្ថុ​មាន​តម្លៃ​ផ្សេងៗ​ទៀត។

១០ហើយ​ទ្រង់​ក៏​បាន​បញ្ជា​ឲ្យ​ជាង​ធ្វើ​គ្រឿង​ប្រដាប់​ដ៏​ល្អៗ​គ្រប់​បែប​យ៉ាង​នៅ​ខាង​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ គឺ​ធ្វើ​ពី​ឈើ​ល្អ និង​ស្ពាន់ និង​លង្ហិន។

១១ឯ​កៅអី​ទាំង​ឡាយ​ដែល​ចាត់​ទុក​សម្រាប់​ពួក​សង្ឃ​ជាន់​ខ្ពស់ ដែល​ខ្ពស់​ជាង​កៅអី​ឯ​ទៀតៗ​នោះ ទ្រង់​បាន​តុបតែង​ដោយ​មាស​សុទ្ធ ហើយ​ទ្រង់​ឲ្យ​ធ្វើ​បង្អែក​នៅ​ខាង​មុខ​កៅអី​ទាំង​នោះ ដើម្បី​ទុក​ឲ្យ​ពួក​សង្ឃ​ជាន់​ខ្ពស់​ទាំង​នោះ​ផ្អែក​ខ្លួន​ហើយ​ដាក់​ដៃ នៅ​ពេល​គេ​និយាយ​ពាក្យ​ភូតភរ និង​ឥត​ប្រយោជន៍​ទៅ​កាន់​ប្រជាជន។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​សង់​ប៉ម​មួយ នៅ​ជិត​ព្រះ​វិហារ​បរិសុទ្ធ មែន​ហើយ គឺជា​ប៉ម​មួយ​សែន​ខ្ពស់ គឺ​ខ្ពស់ រហូត​ដល់​ទ្រង់​ឈរ​នៅ​លើ​ប៉ម​នោះ ហើយ​អាច​ទត​មើល​ឃើញ​ដែនដី​សៃឡោម និង​ដែនដី​សេមឡុន ដែល​មាន​ពួក​សាសន៍​លេមិន​រស់នៅ ហើយ​ទ្រង់​ថែម​ទាំង​អាច​ទត​មើល​ឃើញ​ដែនដី ដែល​នៅ​ព័ទ្ធជុំវិញ​នោះ​ផង។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​ឲ្យ​សង់​អគារ​ជា​ច្រើន​នៅ​ដែនដី​សៃឡោម ហើយ​ទ្រង់​បាន​បញ្ជា​ឲ្យ​គេ​សង់​ប៉ម​មួយ​ដ៏​ធំ​នៅ​លើ​ទួល​ខាង​ជើង​ដែនដី​សៃឡោម ដែល​ធ្លាប់​ជា​កន្លែង​សំណាក់​របស់​កូន​ចៅ​នីហ្វៃ នៅ​ពេល​គេ​រត់គេច​ចេញ​ពី​ដែនដី ម្ល៉ោះ​ហើយ កិច្ចការ​ទាំង​នេះ​ទ្រង់​បាន​ធ្វើ​ដោយ​ទ្រព្យសម្បត្តិ ដែល​ទ្រង់​បាន​មក​ពី​ដក​ពន្ធ​របស់​ប្រជាជន​ទ្រង់។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​ដាក់​ព្រះ​ទ័យ​របស់​ទ្រង់​ទៅ​លើ​ទ្រព្យសម្បត្តិ​របស់​ទ្រង់ ហើយ​ទ្រង់​បាន​ចំណាយ​ពេល​របស់​ទ្រង់​ទៅ​លើ​ការ​រស់នៅ​ដោយ​អបាយមុខ ជាមួយ​នឹង​ភរិយា​ទាំង​ឡាយ​របស់​ទ្រង់ និង​ស្នំ​ទាំង​ឡាយ​របស់​ទ្រង់ ឯ​ពួក​សង្ឃ​របស់​ទ្រង់​ក៏​បាន​ចំណាយ​ពេល​របស់​គេ ជាមួយ​នឹង​ពួក​ស្រី​ពេស្យា​ដែរ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​ដាំ​ចម្ការ​ទំពាំងបាយជូរ​នៅ​ជុំវិញ​ដែនដី ហើយ​ទ្រង់​បាន​ធ្វើ​ប្រដាប់​ចម្រាញ់​ស្រា ហើយ​បាន​ធ្វើ​ស្រា​ទំពាំងបាយជូរ​ជា​បរិបូរ ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​ក្លាយ​ទៅ​ជា​អ្នក​ប្រមឹក​ម្នាក់ ហើយ​ប្រជាជន​របស់​ទ្រង់​ក៏​ដូច្នោះ​ដែរ។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​លេមិន​បាន​ចាប់​ផ្ដើម​វាយ​មក​លើ​ប្រជាជន​ទ្រង់ គឺ​ទៅ​លើ​ក្រុម​ដែល​មាន​គ្នា​តិច ហើយ​បាន​សម្លាប់​ពួក​គេ​នៅ​លើ​ស្រែ និង​នៅ​ពេល​ដែល​ពួក​គេ​កំពុង​ឃ្វាល​ហ្វូង​ចៀម​គេ។

១៧ហើយ​ស្ដេច​ណូអេ​បាន​ចាត់​ទាហាន​ឲ្យ​យាម​ជុំវិញ​ដែនដី ដើម្បី​ការ​ពារ​កុំ​ឲ្យ​ពួក​សាសន៍​លេមិន​ចូល​មក តែ​ទ្រង់​មិន​បាន​ចាត់​ឲ្យ​មាន​ចំនួន​គ្រប់​គ្រាន់​សោះ ហើយ​ពួក​សាសន៍​លេមិន​បាន​វាយ​មក​លើ​ពួក​គេ ហើយ​បាន​សម្លាប់​គេ​បង់ ហើយ​បាន​ដេញ​ហ្វូង​ចៀម​របស់​គេ​ចេញ​ពី​ដែនដី ម្ល៉ោះ​ហើយ ពួក​សាសន៍​លេមិន​បាន​ចាប់​ផ្ដើម​បំផ្លាញ​ពួក​គេ ហើយ​បាន​អនុវត្ត​ការ​សម្អប់​ទៅ​លើ​ពួក​គេ។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​ណូអេ​បាន​ចាត់​ឲ្យ​ពល​ទ័ព​របស់​ទ្រង់​ទៅ​ប្រឆាំង​នឹង​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​បាន​ដេញ​ថយ​ក្រោយ​វិញ ឬ​ក៏​ថា ពួក​គេ​បាន​ដេញ​ពួក​លេមិន​ថយ​ក្រោយ​បាន​មួយ​រយៈ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ក៏​ត្រឡប់​មក​វិញ​ដោយ​អរ​រីក​រាយ​នឹង​របស់​របរ ដែល​គេ​ដណ្ដើម​បាន​មក​វិញ។

១៩ហើយ​ឥឡូវ​នេះ ដោយ​សារ​ជ័យ​ជម្នះ​ដ៏​ធំ​នេះ ពួក​គេ​បាន​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​គេ ពួក​គេ​អួតអាង​អំពី​កម្លាំង​របស់​គេ​ផ្ទាល់ ដោយ​និយាយ​ថា ពួក​គេ​ចំនួន​ហាសិប​នាក់ តែ​អាច​តតាំង​ឈ្នះ​លើ​ពួក​សាសន៍​លេមិន​រាប់​ពាន់​នាក់​បាន ម្ល៉ោះ​ហើយ ពួក​គេ​បាន​អួត ហើយ​បាន​ពេញ​ចិត្ត​នឹង​ឈាម និង​ការ​ខ្ចាយ​ឈាម​បង​ប្អូន​គេ ហើយ​ការណ៍​នេះ​ក៏​មក​ពី​អំពើ​ទុច្ចរិត​របស់​ស្ដេច និង​ពួក​សង្ឃ​របស់​គេ។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​បុរស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ មាន​ឈ្មោះ​ថា អ័ប៊ីណាដៃ ហើយ​លោក​ចេញ​ទៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​បាន​ចាប់​ផ្ដើម​ព្យាករ​ថា ៖ មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល ហើយ​ទ្រង់​បាន​បញ្ជា​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​និយាយ​នឹង​ប្រជាជន​នេះ​ថា ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា — វេទនា​នឹង​កើត​មាន​ដល់​ប្រជាជន​នេះ ព្រោះ​យើង​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ និង​អំពើ​ទុច្ចរិត​របស់​គេ និង​អំពើ​សហាយស្មន់​ទាំង​ឡាយ​របស់​គេ​ហើយ ហើយ​បើ​សិន​ជា​ពួក​គេ​មិន​ប្រែ​ចិត្ត​ទេ យើង​នឹង​មក​ពិនិត្យពិច័យ​ពួក​គេ​ក្នុង​សេចក្ដី​ពិរោធ​របស់​យើង។

២១ហើយ​លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ មើល​ចុះ យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​គេ មែន​ហើយ ហើយ​ពួក​គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សេវក​ភាព ហើយ​ពួក​គេ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ដោយ​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ។

២២ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា ពួក​គេ​នឹង​ដឹង​ថា យើង​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ហើយ​ជា​ព្រះ​ដែល​មាន​សេចក្ដី​ប្រច័ណ្ឌ​នឹង​មក​ពិនិត្យពិច័យ​អំពើ​ទុច្ចរិត​នៃ​រាស្ត្រ​យើង។

២៣ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា លើក​លែងតែ​ប្រជាជន​នេះ​ប្រែ​ចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ​វិញ នោះ​ពួក​គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សេវក​ភាព ហើយ​គ្មាន​នរណា​នឹង​ដោះ​លែង​គេ​ឡើយ លើក​លែងតែ​ព្រះ​អម្ចាស់​ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ប៉ុណ្ណោះ។

២៤មែន​ហើយ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា កាលណា​ពួក​គេ​នឹង​អំពាវនាវ​ដល់​យើង នោះ​យើង​ក្រ​ឮ​សូរ​សម្រែក​របស់​គេ​ណាស់ មែន​ហើយ យើង​នឹង​ទុក​ឲ្យ​គេ​ត្រូវ​វាយ​ដោយ​ពួក​ខ្មាំងសត្រូវ​របស់​គេ​វិញ។

២៥ហើយ​លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្ត ដោយ​ស្លៀកពាក់​សំពត់​ធ្មៃ និង​ផេះ ហើយ​ស្រែក​អំពាវនាវ​យ៉ាង​ខ្លាំង​ទៅ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ នោះ​យើង​នឹង​ពុំ​ឮ​ពាក្យ​អធិស្ឋាន​របស់​គេ​ឡើយ ហើយ​យើង​ក៏​មិន​ដោះ​លែង​គេ​ឲ្យ​រួច​ផុត​ពី​សេចក្ដី​វេទនា​ទាំង​ឡាយ​របស់​គេ​ដែរ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​ទ្រង់​បាន​បញ្ជា​មក​ខ្ញុំ​ថា​ដូច្នោះ។

២៦ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​អ័ប៊ីណាដៃ​បាន​និយាយ​ពាក្យ​ទាំង​នេះ​ទៅ​កាន់​ពួក​គេ​ហើយ ស្រាប់​តែ​ពួក​គេ​ខឹង​នឹង​លោក ហើយ​បាន​ស្វែងរក​ផ្ដាច់​ជីវិត​លោក​ចោល ប៉ុន្តែ​ព្រះ​អម្ចាស់ ទ្រង់​បាន​ដោះ​លែង​លោក​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​គេ​វិញ។

២៧ឥឡូវ​នេះ កាល​ស្ដេច​ណូអេ​បាន​ឮ​ពាក្យ​ដែល​អ័ប៊ីណាដៃ​បាន​និយាយ​ទៅ​កាន់​ប្រជាជន​ហើយ ទ្រង់​ក៏​ខ្ញាល់​ដែរ ហើយ​មាន​បន្ទូល​ថា ៖ តើ​អ័ប៊ីណាដៃ ជា​អ្នក​ណា​ដែល​មក​ជំនុំ​ជំរះ​យើង និង​ប្រជាជន​យើង ឬ​នរណា​ទៅ​ជា​ព្រះ ដែល​នឹង​នាំ​មក​នូវ​សេចក្ដី​វេទនា​ដ៏​ធំ​ដល់​ប្រជាជន​យើង​យ៉ាង​នេះ?

២៨យើង​បញ្ជា​ឲ្យ​អ្នក​ទៅ​ហៅ​អ័ប៊ីណាដៃ​មក​ទី​នេះ ដើម្បី​យើង​នឹង​សម្លាប់​គាត់​ចោល ព្រោះ​គាត់​បាន​និយាយ​នូវ​ពាក្យ​ទាំង​នេះ ដើម្បី​គាត់​អាច​បាន​ចាក់​រុក​ឲ្យ​ប្រជាជន​យើង​ខឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា​នៅ​ក្នុង​ចំណោម​ប្រជាជន​យើង ហេតុ​ដូច្នេះ​ហើយ យើង​នឹង​សម្លាប់​គាត់​ចោល។

២៩ឥឡូវ​នេះ ភ្នែក​របស់​ប្រជាជន​ខ្វាក់ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ពួក​គេ​ធ្វើ​ចិត្ត​រឹងរូស​ទាស់​នឹង​ពាក្យ​របស់​អ័ប៊ីណាដៃ ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​គេ​រក​ចាប់​លោក ឯ​ស្ដេច​ណូអេ​បាន​ធ្វើ​ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​ដែរ ហើយ​ពុំ​ប្រែ​ចិត្ត​ចំពោះ​អំពើ​អាក្រក់​ទាំង​ឡាយ​របស់​ទ្រង់​ឡើយ៕