ជំពូកទី ១៤
លោកអេសាយនិយាយប្រៀបដូចជាព្រះមែស៊ី — ការដាក់ខ្លួន និងការរងទុក្ខនៃព្រះមែស៊ីត្រូវបានចែងទុក — ទ្រង់ថ្វាយព្រលឹងទ្រង់ទុកជាយញ្ញបូជា ដើម្បីលោះបាប ហើយអង្វរជំនួសពួកដែលរំលងច្បាប់ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៥៣។ ប្រមាណជាឆ្នាំ ១៤៨ ម.គ.ស.។
១មែនហើយ តើមិនមែនលោកអេសាយនិយាយថា ៖ តើមានអ្នកណាបានជឿដំណឹងដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះអម្ចាស់ បានសម្ដែងចេញឲ្យអ្នកណាឃើញ?
២ត្បិតទ្រង់បានចម្រើនធំឡើងនៅចំពោះព្រះអង្គ ដូចជាបំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានបន្ទូលទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងមើលទ្រង់ នោះក៏គ្មានភាពលំអណាដែលឲ្យយើងរីករាយចិត្តដែរ។
៣ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្ដីឈឺចាប់ ហើយយើងរាល់គ្នាគេចមុខចេញពីទ្រង់ ទ្រង់ត្រូវគេមើលងាយ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។
៤ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា។
៥តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងទាំងឡាយរបស់យើង ទ្រង់ត្រូវវាយដំ ដោយព្រោះអំពើទុច្ចរិតទាំងឡាយរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។
៦យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះអម្ចាស់ទ្រង់បានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់។
៧ទ្រង់ត្រូវគេសង្កត់សង្កិន ហើយទ្រង់ត្រូវគេធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺទ្រង់ដូចជាកូនចៀមដែលគេដឹកទៅសម្លាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ។
៨ទ្រង់ត្រូវគេដកចេញពីទីឃុំឃាំង ហើយពីសេចក្ដីយុត្តិធម៌ តើអ្នកណានឹងប្រកាសប្រាប់សម័យជំនាន់ទ្រង់? ត្បិតទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយទ្រង់ត្រូវគេវាយ ដោយព្រោះអំពើរំលងទាំងឡាយរបស់ប្រជាជនខ្ញុំនោះ។
៩ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ និងពួកអ្នកមាន ព្រោះទ្រង់ពុំដែលបានធ្វើអាក្រក់ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ផងឡើយ។
១០ទោះបើយ៉ាងនោះ គង់តែព្រះអម្ចាស់ទ្រង់បានសព្វព្រះហឫទ័យ នឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុកជាយញ្ញបូជាលោះបាបហើយ នោះទ្រង់នឹងបានឃើញពូជរបស់ទ្រង់ ហើយនឹងចម្រើនព្រះជន្មទ្រង់ឲ្យយឺនយូរ ឯបំណងព្រះហឫទ័យនៃព្រះអម្ចាស់ នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់។
១១ទ្រង់នឹងឃើញការឈឺចាប់នៃព្រលឹងទ្រង់ ហើយនឹងបានស្កប់ស្កល់ អ្នកបម្រើដ៏សុចរិតរបស់យើងនឹងរាប់មនុស្សជាច្រើនថា សុចរិត ដោយគេស្គាល់ដល់ទ្រង់ ត្បិតទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតទាំងឡាយរបស់គេ។
១២ហេតុដូច្នេះហើយ យើងនឹងឲ្យទ្រង់មានចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់បានច្រួចព្រលឹងចេញរហូតដល់ស្លាប់ ហើយគេបានរាប់ទ្រង់ជាអ្នកទទឹងច្បាប់ ហើយទ្រង់បានទទួលរងទោស នៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ៕