ឆ្នាំ ២០១៨
របៀប ៧ យ៉ាង​ដើម្បី​ទទួល​អារម្មណ៍​នៃ​វិញ្ញាណ​បុណ្យ​គ្រីស្ទម៉ាស់
ខែ ធ្នូ ឆ្នាំ ២០១៨


របៀបប្រាំ​ពីរ យ៉ាង​ដើម្បី​ទទួល​អារម្មណ៍​នៃ​វិញ្ញាណ បុណ្យ​គ្រីស្ទម៉ាស់

ការរីកចម្រើន និង​កម្មវិធី​បុណ្យ​ទាន​គឺ​មាន​ភាព​រីករាយ ប៉ុន្តែ​ការផ្តល់​ការងារ​បម្រើ​ដោយ​រីករាយ​គឺ​ជា​គន្លឹះ ដើម្បី​មាន​វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។

seven ways to catch the Christmas spirit

រចនា​រូបភាព​ដោយ ម៉ៃឃល មូឡាន

« វា​ហាក់​ដូចជា​ពុំ​មែន​ជា​បុណ្យ​គ្រីស្ទម៉ាស់​ទេ » ។

តើ​អ្នក​ធ្លាប់​គិត​ដូច្នេះ​ដែរ​ឬទេ ? ប្រហែល​អ្នក​មាន​អារម្មណ៍​ដូច្នេះ​ក្នុង​ពេល​នេះ ៖ ទោះបី​អ្នក​ចាក់​បទ​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់​លាន់​រំពង​ប៉ុណ្ណា ឬ​អ្នក​បរិភោគ​នំ​បុណ្យ​គ្រីស្ទម៉ាស់​ច្រើន​ប៉ុណ្ណា​នោះ​ទេ អ្នក​ពុំ​ទទួល​អារម្មណ៍​នៃ​វិញ្ញាណ​បុណ្យ​គ្រីស្ទម៉ាស់​ឡើយ ។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​បែប​នេះ ឬ​ប្រសិនបើ​អ្នក​គ្រាន់តែ​ស្វែងរក​ថា​អារម្មណ៍​នៃ​បុណ្យ​គ្រីស្ទម៉ាស់​នឹង​មាន​ច្រើន​បន្តិច​នា​ឆ្នាំ​នេះ សូម​បន្ត​អាន​ទៅ​មុខ​ទៀត !

ប្រធាន ដាវីឌ អូ ម៉ាកខេ ( ១៨៧៣–១៩៧០ ) បាន​ថ្លែង​យ៉ាង​សាមញ្ញ​ថា ៖ « វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ជា​វិញ្ញាណ​នៃ​ព្រះគ្រីស្ទ ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​រីករាយ​ក្នុង​ក្ដី​ស្រឡាញ់​និង​មិត្តភាព​ជា​បងប្អូន ហើយ​វា​បំផុស​យើង​ឲ្យ​ធ្វើ​ការ​បម្រើ​ដោយ​សប្បុរស » ។ បូនី អិល. អូស្ការ​សុន អតីត​ប្រធាន​យុវនារី​ទូទៅ​ថ្លែង​ថា ៖ « របៀប​ដើម្បី​ពង្រឹង​ស្មារតី​នៃ​បុណ្យ​គ្រីស្ទម៉ាស់ គឺ​ត្រូវ​ជួយ​ដល់​អ្នក​ជុំវិញ​ខ្លួន​យើង​ដោយ​ចិត្ត​សប្បុរស ហើយ​លះបង់​ខ្លួន » ។

ការតុបតែង​ដើម​គ្រីស្ទម៉ាស់ និង​ការផ្តល់​អំណោយ​គឺជា​របៀប​ដើម្បី​សាទរ​បុណ្យ​គ្រីស្ទម៉ាស់ ប៉ុន្តែ​គន្លឹះ​ដើម្បី​ទទួល​អារម្មណ៍​នៃ​វិញ្ញាណ​បុណ្យ​គ្រីស្ទម៉ាស់​គឺ​ផ្តល់​ការងារ​បម្រើ​ដល់​អ្នកដទៃ ។ ( សូម​មើល​អត្ថបទ​មុន​ដែលមាន​ចំណង​ជើង​ថា « ការផ្តល់​ការងារ​បម្រើ​ដូច​ព្រះ​អង្គ​សង្គ្រោះ​បាន​ធ្វើ » ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ការផ្តល់​ការងារ​បម្រើ ) ។

ហើយ​នេះ​ជា​ព័ត៌មាន​ល្អ ! មាន​មធ្យោបាយ​អស្ចារ្យ​ជាច្រើន​ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​អ្នកដទៃ​នៅ​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស់ ។ សូម​សាកល្បង​មធ្យោបាយ​មួយ​ចំនួន​នេះ ហើយ​មិន​យូរ​ឡើយ​អ្នក​នឹង​ទទួល​អារម្មណ៍​កក់​ក្តៅ​ពី​ព្រះវិញ្ញាណ ហើយ​ទទួល​អារម្មណ៍​កាន់តែ​ស្និទស្នាល​ជាមួយ​ព្រះអង្គសង្គ្រោះ—វិញ្ញាណ​ពិត​ប្រាកដ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ !

1

១. សួរ​សុខ​ទុក្ខ​អ្នក​ឯកោ

សូម​គិត​ពី​បុគ្គល​ដែល​អ្នក​ស្គាល់ ដែល​ពុំ​មាន​គ្រួសារ និង​មិត្តភក្តិ​ចំណាយ​ពេល​ជាមួយ​ពួកគេ​ក្នុង​រដូវ​បុណ្យ​នេះ ។ សូម​គិត​ពី​ការទៅ​សួរសុខទុក្ខ​នរណា​ម្នាក់​ដែល​ចាស់​ជរា ឬ​នរណា​ម្នាក់​ដែល​ប្តូរ​ទៅរស់​នៅ​ក្បែរ​អ្នក ។ ការឈោង​ទៅ​ជួយ​បុគ្គល​ម្នាក់​ដែល​ឯកោ​អាច​ជា​រឿង​មួយ​ដ៏​មាន​ឥទ្ធិពល ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចង្អុល​បង្ហាញ​ថា ព្រះគ្រីស្ទ « បាន​ផ្តល់​ការងារ​បម្រើ​ដល់ ‹ បុគ្គល​ម្នាក់ៗ › » តាមរយៈ​ការជួយ​មនុស្ស​ម្តង​ម្នាក់ៗ ។ យើង​អាច​ធ្វើ​ដូច្នោះ​បាន​ផងដែរ ។

2

២. ទៅ​ច្រៀង​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់ ។

តើ​អ្នក​ដឹង​ទេ​ថា ព្យាការី​របស់​យើង​ចូលចិត្ត​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់ ? ទោះបី​ការច្រៀង​« ឃ្លាឃ្លោង​ខ្លី​ប្លែកៗ​អំពី​តា​ណូអែល » ឬ​ច្រៀង​ដោយ​គារវភាព​នូវ​ទំនុកតម្កើង​ដែល​អ្នក​ចូលចិត្ត​អំពី​ព្រះអង្គសង្គ្រោះ​ក្តី ប្រធាន រ័សុល អិម ណិលសុន ជឿ​ថា ការចែកចាយ​តន្ត្រី​ជាមួយ​អ្នកដទៃ​គឺជា​របៀប​ដ៏​អស្ចារ្យ​មួយ​ដើម្បី « ទទួល​អារម្មណ៍​ពិត​នៃ​វិញ្ញាណ​ដ៏​ពិត​ប្រាកដ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ » ។

3

៣. សូម​ក្រឡេក​មើល​ជុំវិញ​អ្នក ពីមុន​អ្នក​មើល​ទូរសព្ទ​របស់​អ្នក ។

អ្នក​ពុំ​ចាំបាច់​ដាក់​ទូរសព្ទ​អ្នក​នៅក្នុង​ហោប៉ៅ​របស់​អ្នក​ពេញ​មួយ​ថ្ងៃ​ឡើយ ប៉ុន្តែ​ការមាន​វត្តមាន និង​ផ្តោត​ចិត្ត​លើ​មនុស្ស​ដែល​នៅ​ជុំវិញ​យើង គឺជា​មធ្យោបាយ​មួយ​ដ៏​អស្ចារ្យ​ដើម្បី​ទទួល​អារម្មណ៍​ម្តង​ទៀត​នៃ​វិញ្ញាណ​បុណ្យ​គ្រីស្ទម៉ាស់ ។

ស៊ីស្ទើរ​អូស្ការ​សុន​បាន​ថ្លែង​ថា « ជំនួស​ឲ្យ​ការ​លើក​ទូរសព្ទ​អ្នក​មក​មើល​ថា តើ​មិត្តភក្ដិ​អ្នក​កំពុង​ធ្វើ​អ្វី ចូរ​ឈប់ ហើយ​មើល​ជុំវិញ​ខ្លួន​អ្នក រួច​សួរ​ខ្លួន​ឯង​ថា ‹ តើ​នរណា​ត្រូវការ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ? › អ្នក​អាច​ជា​មនុស្ស​សំខាន់​ដើម្បី​ឈោង​ទៅ​ជួយ ហើយ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​មិត្ត​ម្នាក់ ឬ​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់​មិត្ត​ម្នាក់​ដែល​កំពុង​មាន​បញ្ហា​ស្ងាត់ៗ​នោះ » ។

4

៤. ធ្វើ​កិច្ចការ​មួយ​ចំនួន​ថែម​ទៀត ។

តើ​ការសម្អាត​ផ្ទះ ការអង្គុយ​មើល​ក្មេងៗ ឬ​ធ្វើ​ការងារ​ផ្ទះ​បន្ថែម​ផ្សេង​ទៀត​ពិត​ជា​អាច​ជួយ​អ្នក​ឲ្យ​ទទួល​វិញ្ញាណ​បុណ្យ​គ្រីស្ទម៉ាស់​មែន​ឬ ? ប្រសិន​បើ​អ្នក​ធ្វើ​វា​ដោយ​ឥរិយាបថ​ត្រឹមត្រូវ នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​នោះ​ពិត​ប្រាកដ ! នៅពេល​អ្នក​សម្អាត ឬ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់ សូម​គិត​អំពី​បុគ្គល​ដែល​អ្នក​កំពុង​បម្រើ ។ សូម​គិត​ថា តើ​គ្រួសារ ឬ​មិត្ត​របស់​អ្នក​នឹង​ចូលចិត្ត​អំណាយ​នៃ​ការខិតខំ​ធ្វើការ​របស់​អ្នក​ខ្លាំង​ប៉ុណ្ណា !

5

៥. ចែក​នំ​បុណ្យ​គ្រីស្ទម៉ាស់​មួយ​ចំនួន !

និយាយ​អំពី​នំ​បុណ្យ​គ្រីស្ទម៉ាស់​ទាំង​នោះ​ដែល​អ្នក​បាន​បរិភោគ​កាល​ពី​ដំបូង ហេតុអ្វី​អ្នក​មិន​ធ្វើ​នំ​បុណ្យ​គ្រីស្ទម៉ាស់​ដែល​អ្នក​ចូលចិត្ត​មួយ​ចំនួន ? អ្នក​គួរតែ​ភ្លក់​វា​ពីរបី ( ឬ​ច្រើន ) ប៉ុន្តែ​គន្លឹះ​ដើម្បី​ទទួល​អារម្មណ៍​នៃ​វិញ្ញាណ​បុណ្យ​គ្រីស្ទម៉ាស់​នៅ​ត្រង់​នេះ គឺ​ត្រូវ​ចែក​វា​ឲ្យ​អ្នក​ដទៃ ។

6

៦. ចែកចាយ​វីដេអូ​បុណ្យគ្រីស្ទម៉ាស់ ។

សូម​ចែកចាយ​សារលិខិត​បុណ្យ​គ្រីស្ទម៉ាស់​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ សូម​មើល​សារលិខិត​ពួកមរមន​ស្តីពី​បុណ្យ​គ្រីស្ទម៉ាស់​សម្រាប់​យោបល់​មួយ​ចំនួន ។ អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​រីករាយ តាមរយៈ​ការចែកចាយ​វីដេអូ​បុណ្យ​គ្រីស្ទម៉ាស់​របស់​សាសនាចក្រ​នៅលើ​គេហទំព័រ Mormon.org ។ អ្នក​អាច​ផ្ញើ​វា​ទៅ​មិត្តភក្តិ ឬ​ចែកចាយ​វា​នៅលើ​ទំព័រ​របស់​អ្នក​ផ្ទាល់ ។

7

៧. ចូរ​មាន​ការច្នៃ​ប្រឌិត​អំពី​វា ។

តើ​មាន​ការបម្រើ​សម្ងាត់​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ ដែល​មនុស្ស​ដទៃ​ពុំ​ដឹង​នោះ ? អ្នក​អាច​ទុក​គ្រឿង​ទេស ឬ​អំណោយ​នៅ​ទ្វារ​មុខ​ផ្ទះ​របស់​នរណា​ម្នាក់ ដាក់​ការសរសេរ​ដ៏​ផ្អែមល្ហែម​មួយ​នៅក្នុង​ហៅប៉ៅ​អាវ ចូក​ព្រិល ឬ​បោស​សម្អាត​ស្លឹក​ឈើ​ដែល​ជ្រុះ—ប៉ុន្តែ​សូម​ប្រាកដ​ថា គ្មាន​នរណា​ម្នាក់​ដឹង​ថា អ្នក​ធ្វើ​កិច្ចការ​នោះ​ឡើយ ! សូម​ចាំថា ៖ ចូរ​ឲ្យ​អំពើ​ទាន​របស់​អ្នក​បាន​ស្ងាត់​កំបាំង ( សូមមើល ម៉ាថាយ ៦:៤ ) ។

ការផ្តល់​ការងារ​បម្រើ​នៅ​បុណ្យ​គ្រីស្ទម៉ាស់

ពន្លឺ​ភ្លើង​នៃ​បុណ្យ​គ្រីស្ទម៉ាស់ និង​ការតាំង​បង្ហាញ​ជា​សាធារណៈ​យ៉ាង​អឹកធឹក​អាច​នាំ​មក​នូវ​ភាពអស្ចារ្យ និង​រីករាយ​ដល់​ថ្ងៃ​បុណ្យ​របស់​អ្នក ប៉ុន្តែ​ដើម្បី​ទទួល​អារម្មណ៍​ពិត​ប្រាកដ​នៃ​វិញ្ញាណ​បុណ្យ​គ្រីស្ទម៉ាស់ នោះ​ការផ្តល់​ការងារ​បម្រើ​ដោយ​រីករាយ​គឺជា​គន្លឹះ ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានមាន​ប្រសាសន៍​ថា « ដើម្បី​ផ្ដល់​កិត្តិយស​ពិត​ចំពោះ​ការ​យាង​មក​ក្នុង​ពិភពលោក​នេះ [ របស់​ព្រះអម្ចាស់ ] យើង​ត្រូវ​ធ្វើ​ដូចជា​ទ្រង់​បាន​ធ្វើ ហើយ​ឈោង​ទៅ​ជួយ​ដោយ​សេចក្ដីមេត្តា​ករុណា​ដល់​បងប្អូន​យើង ។ ការណ៍​នេះ​យើង​អាច​ធ្វើ​រាល់​ថ្ងៃ ដោយ​ពាក្យ​សម្ដី និង​ទង្វើ ។ ចូរ​ឲ្យ​កិច្ចការ​នេះ​ក្លាយ​ជា​ទំនៀម​ទម្លាប់​បុណ្យ​គ្រីស្ទម៉ាស់​របស់​យើង មិន​ថា​យើង​នៅ​ទីណា​ទេ—ចូរ​យើង​មាន​ចិត្ត​ល្អ​ថែម​បន្តិច​ទៀត អភ័យទោស​ឲ្យ​បាន​ច្រើន​ជាង​មុន កុំ​សូវ​កាត់​សេចក្ដី​គេ មាន​អំណរគុណ​ច្រើន​ជាង​មុន និង​មាន​សេចក្ដី​សប្បុរស​កាន់​តែ​ច្រើន​ក្នុង​ការ​ចែកចាយ​ភាព​សម្បូរណ៌​របស់​យើង​ជាមួយ​នឹង​ជន​ខ្វះខាត » ។

កំណត់​ចំណាំ

  1. ដាវីឌ អូ ម៉ាកខេ Gospel Ideals ( 1953), 551 ។

  2. បូនី អិល. អូស្ការ​សុន « Christmas Is Christlike Love » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​គណៈប្រធាន​ទីមួយ ថ្ងៃ​ទី ៧ ខែ ធ្នូ ឆ្នាំ ២០១៤ ) គេហទំព័រ broadcasts.lds.org ។

  3. គេហទំព័រហ្វេសប៊ុក​របស់ ដេវីឌ អេ បែដណា វីដេអូ​ដែល​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី ២២ ខែ មករា ឆ្នាំ ២០១៧ គេហទំព័រ facebook.com/lds.david.a.bednar/videos ។

  4. រ័សុល អិម ណិលសុន នៅក្នុង « Christmas Memories from Prophets and Apostles » New Era ខែ ធ្នូ ឆ្នាំ ២០១៥ ទំព័រ ១០ ។

  5. បូនី អិល អូស្ការសុន « សេចក្ដី​ត្រូវការ​នៅ​ចំពោះ​យើង » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៦ ។

  6. ឌៀថើរ អេស្វ អុជដូហ្វ « Scatter Your Crumbs » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​គណៈប្រធាន​ទីមួយ ថ្ងៃ​ទី ៣ ខែ ធ្នូ ឆ្នាំ ២០១៧ ) គេហទំព័រ broadcasts.lds.org ។