ឆ្នាំ ២០១៨
អំណោយ​របស់​ខ្ញុំ​ថ្វាយ​ព្រះអង្គ​សង្គ្រោះ
ខែ ធ្នូ ឆ្នាំ ២០១៨


អំណោយ​របស់​ខ្ញុំ​ថ្វាយ​ព្រះអង្គសង្គ្រោះ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ អៃដាហូ ស.រ.អា ។

ខ្ញុំ​មាន​អារម្មណ៍​ខ្វះ​សមត្ថភាព​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ​ដើម្បី​ឈប់​ផ្ដោត​លើ​ខ្លួន​ឯង ហើយ​ចាប់ផ្ដើម​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​វិញ 

gift to the Savior

រចនា​រូបភាព​ដោយ ឌីណារ៉ា មើរតាលីប៉ូវ៉ា

នៅ​ប្រទេស​រុស្សី​គឺ​មាន​អាកាសធាតុ​ត្រជាក់​ណាស់​ និង​មេឃ​ងងឹត​ជា​រឿយៗ​នៅ​រដូវ​រងា ដែល​​​បាន​ធ្វើ​ឲ្យ​ថ្ងៃ​នីមួយៗ​មាន​ភាព​អាប់អួរ ហើយ​កម្សត់​​បន្តិច ។ វា​ស្ថិត​នៅ​ចុង​ខែ​វិច្ឆិកា ហើយ​លើស​ពី​អាកាសធាតុ​ដ៏​អាប់​អួរ​នោះ​ទៀត គឺ​ខ្ញុំ​បាន​មាន​អារម្មណ៍​ឯកោ ខ្វះ​សមត្ថភាព ហើយ​គ្មាន​សមត្ថភាព​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ល្អ​​ម្នាក់ ។ ខ្ញុំ​ទើប​តាម​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​បំពាក់​បំប៉ន​ដល់​ដៃ​គូ​ថ្មី​ម្នាក់ ហើយ​កាល​ស៊ិស្ទើរ ហាត គឺជា​មនុស្ស​ដ៏​ល្អ​ម្នាក់ នោះ​​សម្ពាធ​ធ្លាក់មក​លើ​ខ្ញុំ​ដើម្បី​រៀន​ភាសា​ឲ្យ​ប្រសើរ​ជាង​មុន ធ្វើ​ជា​គំរូ ហើយ​រក​មនុស្ស​ម្នាក់​ — ​នរណា​​ក៏​បាន — ដើម្បី​បង្រៀន ។

យើង​ទើប​ទទួល​បាន​ដំណឹង​ថា ប្រធាន​បេសកកម្ម​ថ្មី​របស់​យើង​នឹង​ធ្វើ​សន្និសីទ​ហ្សូន​នៅ​ទីក្រុង​យេកាធើរិនប៊ែក ដែល​មាន​ចម្ងាយ​ធ្វើ​ដំណើរ​ប្រាំ​ម៉ោង​ពី​តំបន់​របស់​យើង​នៅ​ពេម ។ នា​ព្រឹក​ព្រលឹម​ខែ​ធ្នូ​ដ៏​ត្រជាក់​មួយ ស៊ិស្ទើរ ហាត និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្ថានីយ​រថភ្លើង ។

ពេល​យើង​បាន​រង់ចាំ ខ្ញុំ​បាន​ពិចារណា​អំពី​អារម្មណ៍​ដែល​ខ្ញុំ​កំពុង​មាន ។ ខ្ញុំ​បាន​គិត​អំពី​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​ដែល​ខិត​ចូល​មក​ដល់ និង​ការ​ដែល​ខ្ញុំ​ចង់​នៅ​ក្បែរ​នឹង​គ្រួសារ​របស់​ខ្ញុំ ។ ចិត្ត​រំភើប​ដើម្បី​ធ្វើ​បេសកកម្ម​បាន​រសាយ​បាត់ ហើយ​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ខ្ញុំ​ពុំ​បាន​សម្រេច​កិច្ចការ​ច្រើ​នទេ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដែល​ខ្ញុំ​បាន​ចេញ​មក​ផ្សព្វផ្សាយ ។ នៅ​ទី​បំផុត​សម្រែកនៃ​ការ​មក​ដល់​របស់​រថភ្លើង​បាន​បន្លឺ​ឡើង ដូច្នេះ​យើង​បាន​ឡើង​លើ​រថភ្លើង​នោះ ហើយ​អង្គុយ​នៅ​កៅ​អី របស់​យើង ។ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​កំពុង​គិត​អំពី​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​បាន​បិទភ្នែក​អធិស្ឋាន​ឲ្យ​ខ្ញុំ​អាច​ដឹង​អំពី​របៀប​ដែល​លុប​បំបាត់​អារម្មណ៍​ទាំងនេះ ហើយ​ផ្ដោត​ទៅ​លើ​ទ្រង់​ឲ្យ​បាន​ប្រសើរ​ជាង​មុន ។

លុះ​ស្អែក​ឡើង នៅ​ឯ​សន្និសីទ​ហ្សូន សុន្ទរកថា​របស់​ប្រធាន រ៉ាស់ ​​មាន​ខ្លឹម​សារ​ល្អ​ណាស់ ។ ពេល​ស៊ិស្ទើរ រ៉ាស់ ឡើង​និយាយ គាត់​បាន​ចែកចាយ​ដំណើរ​រឿង​សាមញ្ញ​មួយ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​គឺជា​អ្នក​គង្វាល​ដែល​នឹង​ទៅ​រក​ចៀម​មួយ​ដែល​វង្វេង​ផ្លូវ ហើយ​នាំ​ចៀម​នោះ​ត្រឡប់​មក​ក្រោល​វិញ ។ គាត់​បាន​និយាយ​អំពី​ពលិកម្ម​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង ហើយ​នៅ​ទីបំផុត​គាត់​បាន​ថ្លែ​ងទីបន្ទាល់​ដ៏​មាន​អនុភាព​មួយ​អំពី​ឱកាស​ដែល​យើង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​មាន​ដើម្បី​បម្រើ​ទ្រង់ ដោយ​ការ​នាំ​ចៀម​វង្វេង​របស់​ទ្រង់​មក​កាន់​ហ្វូងវិញ ។ ស៊ិស្ទើរ​រ៉ាស់​បាន​សំណូមពរ​ឲ្យ​យើង​គិត​ថា តើ​អំណោយ​អ្វី​ទៅ​ដែល​យើង​អាច​ថ្វាយ​ដល់​​ព្រះអង្គ​សង្គ្រោះ​សម្រាប់​បុណ្យគ្រីស្ទម៉ាស់ ។

ពេល​គាត់​បាន​សំណូមពរ​បែប​នោះ ខ្ញុំ​មាន​អារម្មណ៍​បំផុស​គំនិត​យ៉ាង​ខ្លាំង​បំផុតថា អំណោយ​ដែល​ខ្ញុំ​ត្រូវ​ថ្វាយ​ព្រះអង្គ​សង្គ្រោះ​គឺ​គ្រាន់​តែ​និយាយ​នឹង​មនុស្ស​ឲ្យ​បាន​ច្រើន ។ រហូត​មក​ដល់​ចំណុច​នោះ ខ្ញុំ​បាន​ភ័យ​ខ្លាច​ដើម្បី​ចាប់ផ្ដើម​សន្ទនា​នឹង​មនុស្ស​ចម្លែក — ជា​ពិសេស​នៅ​ក្នុង​ប្រទេស​រុស្សី ! ខ្ញុំ​ពុំ​ចង់​ឲ្យ​ពួកគេ​គិត​ថា ខ្ញុំ​គឺជា​មនុស្ស​ល្ងង់​ខ្លៅ​ចំពោះ​ការ​មិន​យល់អំ​ពី​ពួកគេ ដូច្នេះ​អ្វី​ដែល​ល្អគឺ​មិន​ត្រូវ​និយាយ​អ្វី​ទាំងអស់ ។ ប៉ុន្តែ​នៅ​គ្រា​នោះ ខ្ញុំ​បាន​ដឹង​យ៉ាង​ប្រាកដ​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ។ ខ្ញុំ​ត្រូវ​ឈប់​គិត​អំពីខ្លួន​ឯង ហើយ​ចាប់​ផ្ដើម​គិត​អំពីបងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​វិញ ។ ខ្ញុំ​បាន​ដាក់​គោលដៅ​មួយ​ដើម្បី​និយាយអំពី​ដំណឹងល្អ​នឹង​មនុស្ស​គ្រប់​រូប​រៀងរាល់​ពេល​យើង​ជិះក្នុង​រថយន្ត ​រហូត​ដល់​ចុង​ខែ ហើយ​ខិតខំ​ធ្វើ​កិច្ចការ​នោះ​ទុក​ជា​អំណោយ​បុណ្យ​គ្រីស្ទ​ម៉ាស់​ថ្វាយ​ព្រះអង្គ សង្គ្រោះ ។

ពេល​ស៊ិស្ទើរ ហាត និង​ខ្ញុំ​បាន​ឡើង​ជិះ​រថភ្លើង​មួយ​ទៀត​ត្រឡប់​មក​ទីក្រុង​ពារេម វិញ​នៅ​ព្រឹក​ស្អែក ខ្ញុំ​បាន​ចាប់​ផ្ដើម​គោលដៅ​របស់​ខ្ញុំ​ដោយ​និយាយ​នឹង​មនុស្ស​ដែល​ខ្ញុំ​អង្គុយ​ក្បែរ ។ ពួកគេ​ពុំ​មាន​ចំណាប់​អារម្មណ៍​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ចែក​ចាយ​ឡើយ ប៉ុន្តែ​យ៉ាងហោច​ណាស់​ខ្ញុំ​ក៏​បាន​ព្យាយាម​ដែរ !

រៀង​រាល់​ថ្ងៃ តែង​តែ​មាន​ឧបសគ្គ ពេល​ខ្ញុំ​បាន​ខិតខំ​ថ្វាយ​អំណោយ​របស់​ខ្ញុំ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ប៉ុន្តែ​បន្តិច​ម្ដងៗ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​មាន​អារម្មណ៍​រីករាយ ហើយ​មាន​ទំនុក​ចិត្ត​ជាង​មុន — ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​បំពញ​​កាន់​តែ​ប្រសើរ​ចំពោះការ​ហៅ​របស់​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ។ បុណ្យគ្រីស្ទ​ម៉ាស់​បាន​មក​ដល់ ហើយ​ក៏​កន្លង​ផុត​ទៅ ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​បន្ត​និយាយ​នឹង​មនុស្ស​ដទៃ​ទៀត ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​និយាយ​នឹង​ពួកគេ​ពុំ​មែន​តែ​នៅ​ពេល​ដែល​យើង​នៅ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​វា​នៅ​តាម​ផ្លូវ នៅ​ក្នុង​ផ្សារ នៅ​ឯ​បណ្ណាល័យ និង​នៅ គ្រប់​ទីកន្លែង​ផ្សេង​ទៀត​ដែល​យើង​ទៅ​ផង​ដែរ ។

យើង​ពុំ​បាន​រក​ឃើញ​មនុស្ស​ណា​ម្នាក់​ដើម្បី​បង្រៀន​ឡើយ​តាមរយៈ​ការ​និយាយ​របស់​ខ្ញុំ​នឹង​មនុស្ស​ជាច្រើន ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​បណ្ដុះ​គ្រាប់​ពូជ​នៃ​ដំណឹងល្អ ។ យើង​បាន​បង្កើត​មិត្ត​ភាព​នឹង​ពួក​អ្នក​បើក​រថយន្ត​ក្រុង មនុស្ស​នៅ​ហាង​លក់​គ្រឿង​ទេស​ក្នុង​មូលដ្ឋាន និង​មនុស្ស​ផ្សេង​ទៀត ។ រឿង​ដែល​ល្អ​បំផុត​គឺ​ថា ពេល​យើង​ឃើញ​នរណា​ម្នាក់​ម្ដង​ទៀត ជារឿយៗ​យើង​​​ឃើញ​ពួកគេ​ញញឹម ហើយ​ពួកគេ​តែង​និយាយ​ពាក្យ​​សួស្ដី​មក​ពួក​យើង​មុន ។ ខ្ញុំ​មាន​ជំនឿ​ថា គ្រាប់​ពូជ​ទាំងនោះ​ដែល​យើង​បាន​ដាំ​នឹង​ចេញ​ជា​ផ្កា​នៅ​ថ្ងៃ​ណា​មួយ ពេល​ឱកាស​ថ្មី​បាន​មក​ដល់​សម្រាប់​មនុស្ស​ទាំងនោះ​ដើម្បី​រៀន​អំពី​ដំណឹងល្អ ។ ព្រះវរបិតាសួគ៌​ធ្វើ​ការ​តាម​របៀប​តូច ហើយ​សាមញ្ញ ហើយ​ពេល​ខ្លះ​វា​ចាប់ផ្ដើម​ជាមួយ​នឹង​ពាក្យ​ដ៏​សាមញ្ញ​មួយ​ម៉ាត់​ថា « សួស្ដី » ។

ឥឡូវ​នេះ​ពេល​នឹក​គិត​ឡើង​វិញ​អំពី​គ្រា​នោះ​នៅ​លើ​រថភ្លើង​ទៅ​កាន់​ទីក្រុង​យេកាធើរិនប៊ែក ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប​ដល់​ការ​អធិស្ឋាន​របស់​ខ្ញុំ ។ ទ្រង់​បាន​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ពុំ​មែន​តែ​អំពី​​ខ្លួន​ខ្ញុំ​នោះ​ទេ — ប៉ុន្តែអំពី​មនុស្ស​ដទៃ ហើយ​ពេល​យើង​គិត​ដល់​មនុស្ស​ដទៃ​ច្រើន​ជាង​ខ្លួន​ឯង ព្រមទាំង​កង្វល់ និង​ភាព​សោកសៅ​របស់​យើង នោះ​យើង​រក​ឃើញ​សុភមង្គល​ដែល​យើង​កំពុង​ស្វែង​រក ។ ខ្ញុំ​មាន​ចិត្ត​ស្ងប់ស្ងែង​ចំពោះ​ព្រះហឫទ័យ​ដ៏​សប្បុរស​គ្មាន​ព្រំដែន​របស់​ព្រះអង្គ​សង្គ្រោះ ទោះ​ជា​ពេល​យើង​ខិតខំ​ថ្វាយ​អ្វីៗគ្រប់​យ៉ាង​ចំពោះ​ទ្រង់​តាម​ដែល​យើង​អាច​ធ្វើ​បាន ក៏​ទ្រង់​ប្រទាន​ពរ​យ៉ាង​ច្រើន​លើស​លុប​ដល់​យើង​វិញ​ដែរ ។