ពរជ័យនៃ ទស្សនវិស័យ នៃដំណឹងល្អ
ដកស្រង់ចេញពីសុន្ទរកថាមួយមានចំណងជើងថា « A Gospel Perspective » ដែលថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–ហាវ៉ៃ កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧ ។
ទស្សនវិស័យនៃដំណឹងល្អនឹងជួយអ្នកឲ្យមានភាពច្បាស់លាស់កាន់តែខ្លាំង ទាក់ទងនឹងរបៀបដែលអ្នកគិតអំពីអាទិភាពនៃជីវិតរបស់អ្នក ដោះស្រាយបញ្ហា និងប្រឈមមុខនឹងការល្បួងផ្ទាល់ខ្លួន ។
ឱវាជាពរជ័យអ្វីម៉្លេះដែលបានក្លាយជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៅក្នុងសម័យកាន់កាប់ត្រួតត្រានេះ ជាពេលនៃការស្តារឡើងវិញនៃកូនសោនៃនគរ និងការបំពេញតាមការព្យាករ ដែលអនុញ្ញាតឲ្យយើងឃើញផ្ទាល់នូវ « ដំណឹងល្អដែលរមៀ់លចេញទៅដល់ទីបំផុតផែនដី ដូចជាថ្មដែលដាប់ផ្តាច់ចេញពីភ្នំឥតដៃណាធ្វើ នឹងរមៀលចេញទៅ រហូតដល់បានពេញផែនដីទាំងមូល » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:២ ) ។
ដានីយ៉ែលនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានព្យាករអំពីរឿងនេះ ហើយការព្យាករនេះមានជាបន្តបន្ទាប់នៅក្នុងសម័យកាន់កាប់ត្រួតត្រានេះ ការព្យាករនេះហាក់ដូចជាកំពុងបានបំពេញ ពេលយើងសង្កេតឃើញស្តេកជាង ៣៣០០ ត្រូវបានរៀបចំឡើងនៅក្នុងសាសនាចក្រនាពេលបច្ចុប្បន្ននេះ ។ កាលពី ៥០ ឆ្នាំមុន សមាជិកភាពក្នុងសសានាចក្របានកើនពី ២.១ លាននាក់ ទៅជាង ១៦ លាននាក់ ។១
ការរីកចម្រើន និងការផ្លាស់ប្តូរដ៏ច្រើននេះដែលធ្វើឲ្យខ្ញុំរំភើបចិត្ត គឺជាសេចក្តីពិតថា គោលការណ៍ និងការអនុវត្តនានានៃដំណឹងល្អបន្តនៅដដែល រួមទាំងគំរូនៃការគ្រប់គ្រងពីព្រះដែលបានបើកសម្តែងដល់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ គំរូនេះអនុញ្ញាតឲ្យមានការរៀបចំស្តេក ដែលបានបង្កើតឡើងដើម្បីផ្តល់ « ទីការពារ និងជាទីជ្រកកោនពីព្យុះសង្ឃរា និងពីសេចក្ដីក្រោធដែលឥតលាយក្នុងកាលបានចាក់មកលើផែនដីទាំងមូល » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៦ ) ។
បងប្អូនប្រុសស្រី ព្រះអម្ចាស់មានព្រះទ័យសប្បុរសក្នុងពរជ័យដែលទ្រង់ប្រទានដល់យើង ។ ការយល់ថា ពរជ័យគឺជាលទ្ធផលនៃការគោរពប្រតិបត្តិរបស់យើងចំពោះបទបញ្ញត្តិ និងការរក្សាបទបញ្ញត្តិគឺជាការបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ គឺជាសិក្ខាបទដ៏មានតម្លៃដើម្បីរៀន ។ គោលការណ៍ទាំងឡាយនៃដំណឹងល្អបែបនេះផ្តល់ទស្សនវិស័យសំខាន់មួយដល់យើង ។
ការណ៍នេះនាំទៅរកចំណុចពីរដែលខ្ញុំចង់គូសបញ្ជាក់ ។ ខ្ញុំសម្គាល់ថា ប្រធាន ដាល្លិន អេក អូក ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ ចែកចាយចំណុចទាំងពីរនេះកាលពីមុនជាមួយយុវមជ្ឈិមវ័យនៅលីវក្នុងឆ្នាំ ២០១៥ ។
រក្សានូវទស្សនវិស័យនៃដំណឹងល្អ
ប្រធានអូកបានមានប្រសាសន៍ថា « ទស្សនវិស្ស័យមានន័យថា ការមើលឃើញរឿងពិតទាំងអស់នៅក្នុងទំនាក់ទំនងមួយដ៏មានអត្ថន័យ គឺទស្សនៈមួយទាំងស្រុង » ។២ នេះជារឿងមួយចំនួនដែលអ្នកយល់ ពេលអ្នកមើលឃើញពីទស្សនវិស័យនៃដំណឹងល្អ ៖
-
អ្នកគឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ដែលពោរពេញដោយក្តីស្រឡាញ់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:២៤ ) ។
-
អ្នកមកកាន់ផែនដីនេះដោយមានគោលបំណងមួយ ជាមួយនឹងលទ្ធភាពដើម្បីធ្វើការជ្រើសរើស ( សូមមើល នីហ្វៃទី២ ២:២៧; ១០:២៣ ) ។
-
« ដ្បិតជាការចាំបាច់ ត្រូវតែមានការផ្ទុយចំពោះរឿងសព្វសារពើរ » ( នីហ្វៃទី២ ២:១១ ) ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងជាអង្គជំនួយគង់នៅជាមួយព្រះវរបិតា ( សូមមើល យ៉ូហានទី១ ២:១; គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:៤ ) ។
សូមពិចារណាថា តើមានអ្វីកើតឡើង ប្រសិនបើទស្សនវិស័យនៃដំណឹងល្អក្លាយជាចក្ខុវិស័យដែលអ្នកមើលក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតអ្នកនោះ ។ ទស្សនវិស័យនៃដំណឹងល្អនឹងជួយអ្នកឲ្យមានភាពច្បាស់លាស់កាន់តែខ្លាំង ទាក់ទងនឹងរបៀបដែលអ្នកគិតអំពីអាទិភាពនៃជីវិតរបស់អ្នក ដោះស្រាយបញ្ហា និងប្រឈមមុខនឹងការល្បួងផ្ទាល់ខ្លួន ។ ការណ៍នេះពិតជាអាចជះឥទ្ធិពលដល់បញ្ហាប្រឈមទាំងអស់ពេញមួយជីវិតអ្នក និងការសម្រេចចិត្តជាច្រើនទៀត ដែលអ្នកនឹងធ្វើក្នុងជីវិត ។
ជាមួយនឹងទិដ្ឋភាពនេះ យើងដឹងថា ព្រះអម្ចាស់មានព្រះទ័យឲ្យយើងទទួលទានសាក្រាម៉ង់ជារៀងរាល់សប្ដាហ៍ ហើយយើងត្រូវសិក្សាព្រះគម្ពីរ និងអធិស្ឋានទៅកាន់ទ្រង់ជារៀងរាល់ថ្ងៃ ។ ក្រៅពីនេះ យើងដឹងថា សាតាំងនឹងល្បួងយើងមិនឲ្យធ្វើតាមព្រះអង្គសង្គ្រោះយើង ឬស្តាប់តាមការបំផុសគំនិតដ៏ស្ងប់ស្ងាត់ពីព្រះវិញ្ញាណបរិសុទ្ធទេ ។ ហើយយើងអាចដឹងកាន់តែច្រើនថា មារសត្រូវព្យាយាមឆក់យកសិទ្ធិជ្រើសរើស និងសមត្ថភាពរបស់យើង ដើម្បីទប់ទល់នឹងការខិតខំរបស់វា តាមរយៈការញៀន រួមទាំងការញៀនថ្នាំ និងការណ៍អាសគ្រាមផងដែរ ។
ផ្ទុយទៅវិញ ទិដ្ឋភាពនៃដំណឹងល្អផ្តល់ទស្សនវិស័យច្បាស់មួយដល់យើងអំពីសារៈសំខាន់នៃការបង្កើតក្រុមគ្រួសារ—ការជ្រើសរើសរៀបការ និងចិញ្ចឹមកូនចៅក្នុងសេចក្តីសុចរិត ។ ទស្សនៈនេះក៏ធ្វើឲ្យយើងឃើញថា មារសត្រូវចង់បំផ្លាញគ្រួសារដែលរួបរួមគ្នា ហើយបំភាន់តួនាទីនៃភេទ ហេតុដូច្នេះហើយដឹកនាំទៅរកការបន្ថយតម្លៃសង្គម ដែលបានផ្តោតលើការបង្កើត និងការស្ថាបនាក្រុមគ្រួសារ ។
រក្សាតុល្យភាពខាងវិញ្ញាណ
ប្រធានអូកបានថ្លែងថា ៖ « នៅពេលយុវមជ្ឈិមវ័យមានទស្សនវិស័យ—គឺទស្សនៈទាំងមូល—នោះវាចាំបាច់ចំពោះពួកគេឲ្យរក្សាតុល្យភាពខាងវិញ្ញាណនៅក្នុងជីវិតពួកគេ ។ ដើម្បីធ្វើការណ៍នេះ អ្នកត្រូវចៀសវាងពីការទាក់ទាញអារម្មណ៍មួយចំនួននៃលោកិយ ហើយធ្វើកិច្ចការចាំបាច់នានា ដើម្បីខិតកាន់តែព្រះអង្គសង្គ្រោះ » ។៣
នៅជ្រុងម្ខាង អ្នកមានបញ្ហាសំខាន់ និងអាទិភាពក្នុងជីវិតជាច្រើនគ្រប់ទំហំ និងភាពចម្រុះគ្រប់ប្រភេទ ដែលត្រូវការដោះស្រាយចាំបាច់ ត្រូវការផ្តោតចិត្តទុកដាក់ និងត្រូវការការដឹកនាំ ។ បញ្ជីកិច្ចការដែលអ្នកត្រូវធ្វើអាចមានភាពផ្សេងពីគ្នា ផ្អែកលើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែនៅក្នុងបញ្ជីកិច្ចការទាំងនោះអ្នកនឹងរកឃើញជាប្រាកដនូវការសិក្សា ការងារ អាពាហ៍ពិពាហ៍ និងសុខភាពផ្លូវចិត្ត និងសុខភាពរូបកាយ ។ ប្រាកដណាស់ ឧបសគ្គរបស់អ្នកគឺធ្វើឲ្យតួនាទីដ៏សំខាន់ទាំងនេះមានតុល្យភាពទៅនឹងជីវភាពខាងវិញ្ញាណរបស់អ្នក ។
ប្រធានអូកក៏បានទូន្មានផងដែរថា អ្នកត្រូវមានការប្រុងប្រយ័ត្ន « ពេលអ្នកចាត់ចែងពេលវេលាអ្នក ដើម្បីកុំឲ្យអ្នកមានការស្រេកឃ្លានខាងវិញ្ញាណផ្ទាល់ខ្លួន អំឡុងពេលសកម្មភាពកម្មវិធីថ្នាក់អង្គការបឋមសិក្សារបស់អ្នកផ្តោតទៅលើរឿងផ្សេង ។ គោលការណ៍នេះពន្យល់ពីមូលហេតុដែលវាពិតជាសំខាន់ចំពោះយុវមជ្ឈិមវ័យ…ដើម្បីធ្វើតាមការទូន្មានឲ្យចូលរួមការប្រជុំនៅព្រះវិហារ បម្រើក្នុងសាសនាចក្រ សិក្សាព្រះគម្ពីរជាប្រចាំ លុតជង្គង់អធិស្ឋានជាគ្រួសារ ហើយបម្រើនៅក្នុងការហៅរបស់សាសនាចក្រ » ។4
នៅចំពេលនៃតម្រូវការផ្ទាល់ខ្លួន និងច្រើនមុខរបស់អ្នក នោះការធ្វើឲ្យក្តីសុបិននៃជីវិតរបស់អ្នក និងឧបសគ្គនៃជីវភាពខាងវិញ្ញាណរបស់អ្នកមានតុល្យភាព នោះអ្នកនឹងដឹងថា ការធ្វើឲ្យមានតុល្យភាពគឺជាសមិទ្ធិផលមួយដែលអាចសម្រេចបាន ។ ព្រះអម្ចាស់ពុំតម្រូវឲ្យអ្នកធ្វើអ្វីមួយដែលអ្នកពុំអាចសម្រេចបាននោះទេ ។ ខ្ញុំបានឮប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) ទូន្មានជាច្រើនលើកមកហើយថា « អ្នកដែលព្រះអម្ចាស់បានហៅ ព្រះអម្ចាស់នឹងធ្វើឲ្យគេសមនឹងកិច្ចការនោះ » ។5 ខ្ញុំគិតថា ជាពិសេសរឿងនេះអនុវត្តចំពោះសមាជិកសាសនាចក្រ ។
ថ្វីបើការរក្សាតុល្យាភាពនេះអាចមើលទៅហាក់ដូចជារឿងដ៏គួរឲ្យពិបាកក្តី ខ្ញុំសន្យាថា អព្ភូតហេតុមួយដ៏អស្ចារ្យបំផុតនៃជីវិតរមែងស្លាប់របស់អ្នកគឺសមត្ថភាពរបស់អ្នក ដើម្បីរកឃើញនូវតុល្យភាពរវាងតួនាទីនៃជីវភាពខាងវិញ្ញាណរបស់អ្នក និងតួនាទីសំខាន់ៗផ្សេងទៀតនៃជីវិតរបស់អ្នក ។ រឿងនេះអាចកើតឡើងក្នុងរបៀបមួយដែលនឹងធ្វើឲ្យអ្នកពុំគ្រាន់តែរក្សាជីវភាពខាងវិញ្ញាណរបស់អ្នក និងតួនាទីសំខាន់ក្នុងជីវិតរបស់អ្នកក្នុងកម្រិតមួយប៉ុណ្ណោះទេ វាក៏ពង្រីក និងអភិវឌ្ឍនូវវិស័យដ៏សំខាន់ទាំងពីរនេះផងដែរ ។
ហេតុផលសំខាន់ដែលអាចមាននោះគឺថា ព្រះអម្ចាស់គឺជាតួនាទីដ៏ចាំបាច់ ។ ទ្រង់ពិតជាចំណុចចាំបាច់នៃតុល្យភាពនោះ ។ ហើយទ្រង់មានចំណាប់អារម្មណ៍ពីព្រះចំពោះអ្នកផ្ទាល់ ដោយសារអ្នកគឺជាបុត្រម្នាក់របស់ព្រះ ។ ប៉ុន្តែលទ្ធផលគឺផ្អែកទៅលើការផ្តោតចិត្តត្រឹមត្រូវរបស់អ្នក និងការខិតខំដើម្បីរកឲ្យឃើញតុល្យភាពនោះ ។
តាមការអង្កេត និងបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំ វាទំនងថា យើងមានទំនោរពេញមួយជីវិតយើង ដើម្បីផ្អៀងខ្លាំងទៅរកផ្លូវមួយ ឬផ្លូវមួយផ្សេងទៀត ។ ដើម្បីបន្តឲ្យមានតុល្យភាពក្នុងជីវិតយើង វាតម្រូវឲ្យមានការខិតខំ និងការមើលថែខ្ជាប់ខ្ជួន ។ ចូរជ្រើសរើសយ៉ាងសកម្មដើម្បីបន្តនៅឲ្យខ្ជាប់ខ្ជួន ។
គួរឲ្យចាប់អារម្មណ៍ណាស់ វាអាចគ្មានតុល្យភាពទាំងពីរផ្លូវ ។ ប្រហែលជាមានគ្រាដែលអ្នកឃើញថា អ្នកត្រូវអនុវត្តការមើលថែ ដើម្បីរក្សាការផ្តោតកាន់តែខ្លាំងលើសាលារៀន ឬការងារនៃវិជ្ជាជីវៈរបស់អ្នក «ជាមួយនឹងការបម្រើដែលបានធ្វើក្នុងសាសនាចក្រ តាមពេលវេលាដែលគួរតែធ្វើ» ។៦ ទោះជាយ៉ាងណាក៏ដោយ ការចងចាំដើម្បីទុកព្រះអម្ចាស់ជាតួនាទីដ៏ចាំបាច់របស់អ្នក នោះអ្នកអាចរកឃើញតុល្យភាពខាងវិញ្ញាណត្រឹមត្រូវរបស់អ្នក ។
ព្រះអម្ចាស់នឹងជួយអ្នក
ពេលយើងរក្សាទស្សនវិស័យនៃដំណឹងល្អ វាងាយយល់ពីមូលដ្ឋានគ្រឹះនៃសេចក្តីពិតថា ព្រះអម្ចាស់នឹងជួយយើង ។ គោលការណ៍នៃដំណឹងល្អចាំបាច់មួយគឺថា យើងគឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ដែលពោរពេញដោយសេចក្តីស្រឡាញ់ ។ វាគឺជាធម្មជាតិសម្រាប់ពួកទ្រង់ដើម្បីជួយយើងក្នុងគ្រប់វិធីទាំងអស់ ដើម្បីត្រឡប់ទៅផ្ទះសួគ៌ារបស់យើងវិញ ។
ខ្ញុំចង់ចែកចាយឧទាហរណ៍មួយអំពីរបៀបដែលព្រះអម្ចាស់អាចជួយអ្នកបាន ។ អ្នកដឹកនាំយុវវ័យម្នាក់របស់ខ្ញុំឈ្មោះ ថាត ខាលសុន បានចែកចាយវាជាមួយខ្ញុំកាលពីច្រើនឆ្នាំកន្លងទៅ ។ ថាតដែលទើបតែស្លាប់ គាត់មានឥទ្ធិពលខ្លាំងណាស់លើខ្ញុំ ខណៈខ្ញុំកំពុងពេញវ័យ ។ គាត់ត្រូវបានចិញ្ចឹមឲ្យធំឡើងនៅក្នុងជំនាន់មួយដែលមានសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំងដែលជាកូនទីប្រាំបួនក្នុងចំណោមកូន ១៤ នាក់ ។ គ្រួសារគាត់ប្រកបរបរចិញ្ចឹមជីវិតដោយធ្វើស្រែ និងចិញ្ចឹមសត្វ ។ វាគឺជាគ្រាដែលមានហិរញ្ញវត្ថុយ៉ាប់យឺនបំផុត ហើយទ្រព្យដ៏មានតម្លៃបំផុតរបស់ពួកគេគឺជាហ្វូងគោរបស់ពួកគេ ។
នៅពេលថាតនៅជំទង់ ការទទួលខុសត្រូវមួយរបស់គាត់គឺមើលថែហ្វូងគោរបស់គាត់ ហើយបើចាំបាច់គាត់ត្រូវប្រាកដថា គោគាត់បានស៊ីចំណីដ៏ល្អបំផុត—គឺជាការងារដ៏ធំដុំមួយសម្រាប់យុវជនមួយរូប ។ គាត់អាចធ្វើការងារនោះបានដោយមានជំនួយពីសេះតូចមួយ ដែលចេះស្ទាត់ពីរបៀបនាំផ្លូវហ្វូងសត្វដោយមានការប្រាប់តែបន្តិចបន្តួចប៉ុណ្ណោះ ។ សេះតូចនោះមានឈ្មោះថា អូ ស្មូគី ។ តែ អូ ស្មូគី មានកំហុសមួយ ៖ វាមិនចង់ឲ្យគេចាប់វាទេ ។ ពេលនរណាម្នាក់ដើរទៅរកវា វានឹងរត់ចេញឆ្ងាយ ដោយដឹងថា គេនឹងដាក់ឲ្យវាធ្វើការ ។
ថ្ងៃមួយ បន្ទាប់ពីចាប់ អូ ស្មូគី បាន ដាក់បង្ហៀរ និងកែបលើខ្នងវារួច ថាតដ៏ក្មេងនេះបានជិះលើខ្នងវាចេញទៅវាលស្មៅ ជាកន្លែងដែលហ្វូងគោគាត់ស៊ីស្មៅ ។ ដីនោះស្ងួត ហើយវាលស្មៅក៏ខ្សោះដែរ ប៉ុន្តែថាតឃើញថា ស្មៅនៅខាងក្រៅវាល តាមសងខាងផ្លូវរថភ្លើងនោះវែងជាង និងខ្ចីជាង ។ ដូច្នេះគាត់បានគិតថា គាត់ចង់យកហ្វូងគោគាត់ចេញទៅក្រៅរបងវាលស្មៅនោះ ហើយឲ្យវាស៊ីស្មៅដ៏ល្អដែលនៅតាមផ្លូវរថភ្លើងនោះ ។
ដោយមានជំនួយពី អូ ស្មូគី នោះថាតបានបណ្តើរហ្វូងគោគាត់ចេញពីវាលស្មៅនោះ ជាកន្លែងដែលហ្វូងគោដើរចុះឡើងតាមដងផ្លូវរថភ្លើងនោះ ស៊ីស្មៅដែលល្អជាង ដែលខ្ចីជាង ។ សត្វគោដ៏រីករាយនោះហាក់ដូចជាមើលថែខ្លួនវា ដូច្នេះថាតបានចុះពីសេះ ហើយអង្គុយលើបង្ខាំងនៃបង្ហៀរសេះ ដោយរីករាយនឹងទេសភាពនៅជុំវិញគាត់ លេង និងរីករាយតែឯង ។ ប៉ុន្តែដោយសម្លឹងមើលទៅស្មៅខ្ចី នោះទីបំផុត អូ ស្មូគី បានដើរចេញឆ្ងាយបន្តិចម្តងៗ បង្ហៀររបស់វាបានរអិលធ្លាក់ចេញពីថាត ។
គ្រាដ៏ស្រស់ស្រាយ និងសុខសាន្តនេះបានឈប់មួយរំពេច ពេលថាតបានឮសំឡេងដ៏ខ្លាំងមួយមកពីឆ្ងាយ ។ វាជាសំឡេងស៊ីផ្លេររបស់រថភ្លើងដែលកំពុងធ្វើដំណើរមកយ៉ាងលឿនតាមផ្លូវដែលហ្វូងគោរបស់គាត់កំពុងដើររប៉ាត់រប៉ាយយឺតៗនៅនឹងមុខគាត់ ។ គាត់បានដឹងថា លទ្ធផលដែលនឹងកើតឡើងអាចបំផ្លាញហ្វូងសត្វ និងគ្រួសារគាត់ ប្រសិនបើគាត់មិនធ្វើសកម្មភាពមួយភ្លាមៗ ដើម្បីយកហ្វូងគោគាត់ត្រឡប់ទៅវាលស្មៅវិញ ហើយនៅឲ្យឆ្ងាយពីរថភ្លើងដែលកំពុងតែធ្វើដំណើរមកនោះ ។ គាត់បានមានអារម្មណ៍ថា គាត់នឹងមិនអាចអភ័យទោសឲ្យខ្លួនគាត់ឡើយ ប្រសិនបើគាត់ពុំបានបំពេញការទទួលខុសត្រូវដែលគេទុកចិត្តលើគាត់នោះ ។
ថាតបានប្រញាប់រត់ទៅចាប់បង្ខាំងសេះ អូ ស្មូគី យ៉ាងលឿន ។ អូ ស្មូគី បានឃើញថាតរត់មក វាក៏រត់ចេញពីគាត់យ៉ាងលឿន ដោយមិនចង់ឲ្យថាតចាប់វាឡើយ ។ ដោយភាពច្រាស់ច្រាល និងអស់សង្ឃឹម ជាមួយនឹងការស្រមៃពីការងាប់គោ និងសោកនាដ្ឋកម្មគ្រួសារដែលផុសចេញមកក្នុងចិត្ត នោះថាតបានដឹងថា គាត់ត្រូវតែធ្វើអ្វីមួយឲ្យរហ័ស ។
ក្រោយមកគាត់បានកត់ត្រាពីអ្វីដែលបានកើតឡើង ៖ « គ្រូបង្រៀនថ្នាក់អង្គការបឋមសិក្សារបស់យើងបានបង្រៀនយើងឲ្យអធិស្ឋាន និងការបង្រៀនដ៏រឹងប៉ឹងមកពីម្តាយខ្ញុំ ។ ដោយគ្មានជម្រើសណាទៀត ខ្ញុំបានលុតជង្គង់ចុះ ហើយចាប់ផ្តើមអធិស្ឋានទូលសុំជំនួយដើម្បីដេញគោចេញពីផ្លូវរថភ្លើងនោះ ។
ថាតពុំបានឮសំឡេងអ្វីទេ ប៉ុន្តែគំនិតដ៏ច្បាស់មួយបានផុសឡើងក្នុងចិត្តគាត់ ៖ « ចូរសម្គាល់ពីរបៀបដែលគោអាចដើរនៅក្បែរ អូ ស្មូគី ហើយវាមិនផ្អើលទេ ។ ដូច្នេះ…ឥឡូវនេះអ្នកលុតជង្គង់ អ្នកក៏ត្រូវច្រត់ដៃលើដីដែរ ។ ចូរអ្នកធ្វើដូចជាសត្វគោមួយ ហើយលូនទៅរក អូ ស្មូគី ទៅ ។
ថាតបាននិយាយថា ៖ « ខ្ញុំបានធ្វើតាម ។ វាមិនផ្អើលទេ ។ ខ្ញុំបានចាប់បង្ហៀររបស់វា ដឹកវាទៅរករបង ជិះពីលើខ្នងវា ហើយយើងបានរត់យ៉ាងលឿនដូចខ្យល់ទៅដេញគោឲ្យចូលទៅក្នុងវាលស្មៅវិញ ។ អូ ស្មូគី មានភាពជំនាញក្នុងការរត់បត់បែន និងត្រឡប់ក្រោយណាស់ » ។
ក្រោយមក ពេលថាត នៅរៀនវិទ្យាល័យ គាត់បានដឹងយ៉ាងច្បាស់ថា គាត់បានទទួលចម្លើយយ៉ាងច្បាស់ចំពោះការអធិស្ឋានរបស់គាត់ក្នុងគ្រាដ៏ចាំបាច់បំផុត ។ គាត់បានថ្លែងថា « ពួកទេវតាបានមើលថែ អូ ស្មូគី ហួសពីសមត្ថភាពខ្ញុំ ហើយគ្រួសារយើងបានចៀសផុតពីសោកនាកដ្ឋកម្ម » ។ ក្រោយមក គាត់បាននិយាយថា ៖ « នេះគឺជាការបំផុសគំនិតដំបូងនៃការបំផុសគំនិតជាច្រើនដែល [ កើតមាន ] ចំពោះខ្ញុំ ។ ‹ សូម្បីជាអ្វីដែលអ្នករាល់គ្នាសុំព្រះវរបិតាដោយនូវនាមយើង ដែលត្រឹមត្រូវ និងដោយជឿថា អ្នកនឹងបានទទួល មើលចុះ នឹងបានប្រទានដល់អ្នក › ( នីហ្វៃទី៣ ១៨:២០ ) » ។7
យើងទាំងអស់គ្នាមានសត្វគោដែលត្រូវយកចេញពីផ្លូវរថភ្លើង ពីមុនរថភ្លើងមកដល់ ។ គ្រោះថ្នាក់អាចកើតមានតាមរូបភាពផ្សេងៗ ។ គ្រោះថ្នាក់មួយចំនួនធ្ងន់ធ្ងរដូចជាស្ថានភាពរបស់ថាតដែរ គឺផលវិបាកនៃការគំរាមកំហែងដល់ជីវិត ឬការគំរាមកំហែងដល់ព្រលឹងយើង ឬមនុស្សជាទីស្រឡាញ់របស់យើង ។
ស្ថានភាពផ្សេងទៀតដែលយើងជួបប្រទះអាចពុំមានផលវិបាកធ្ងន់ធ្ងរឡើយ តែវាធ្វើឲ្យគំនិត និងចិត្តយើងវក់វីយ៉ាងខ្លាំង ។ អ្វីមួយដែលប្រាកដប្រជានោះ—គឺយើងម្នាក់ៗនឹងមានគ្រោះអាក្រក់ និងទុក្ខវេទនានៅក្នុងជីវិតយើង ដោយសារវាជាផ្នែកមួយនៃបទពិសោធន៍ក្នុងជីវិតរមែងស្លាប់យើង ។ ប៉ុន្តែសូមចាំថា ព្រះអម្ចាស់នឹងជួយយើង !
ខ្ញុំចូលចិត្តពាក្យនេះមកពីព្រះគម្ពីរមរមន ៖ « យើងឃើញថា ព្រះទ្រង់ចងចាំអស់ទាំងប្រជាជន ទោះជាគេនៅលើដែនដីណាក៏ដោយ មែនហើយ ទ្រង់រាប់ចំនួនរាស្ត្រទ្រង់ ហើយព្រះហឫទ័យនៃសេចក្ដីមេត្តាករុណារបស់ទ្រង់ គ្របដណ្ដប់ផែនដីទាំងមូល » ( អាលម៉ា ២៦:៣៧ ) ។
ពាក្យនោះមានអត្ថន័យណាស់ចំពោះពួកយើងម្នាក់ៗ ។ ឱវាជាការលួងលោមដ៏អស្ចារ្យអ្វីម៉្លេះដើម្បីដឹងថា ព្រះអម្ចាស់នឹងជួយយើង ។
សេចក្តីជំនឿ សេចក្តីសង្ឃឹម និងទស្សនវិស័យនៃដំណឹងល្អ
សរុបមក ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យចងចាំ រក្សានូវទស្សនវិស័យនៃដំណឹងល្អ ។ ចូរមើលពិភពលោកជុំវិញអ្នកតាមរបៀបនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
រក្សាតុល្យភាពខាងវិញ្ញាណ ។ យើងទាំងអស់គ្នាប្រឈមមុខនឹងឧបសគ្គ និងឱកាសនានាក្នុងតួនាទីជាច្រើននៃជីវិតយើង ហើយវាអាចដោះស្រាយបាន ពេលយើងធ្វើឲ្យមានតុល្យភាពជាមួយនឹងសេចក្តីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
ហើយទីបំផុត ត្រូវមានសេចក្តីជំនឿ និងសេចក្តីសង្ឃឹមថា ព្រះអម្ចាស់នឹងជួយអ្នក ។ ចំណេះដឹងនេះគឺជាអ្វីដែលជួយអ្នកឲ្យប្រឈមមុខនឹងឧបសគ្គដោយមានទំនុកចិត្ត ដែលវាកើតឡើងដោយចៀស មិនរួច ក្នុងផ្នែកមួយនៃបេសកកម្មនៃជីវិតរមែងស្លាប់របស់អ្នក ។