ការដើរឆ្ពោះទៅមុខ ក្រោយដឹងពីការប្រើប្រាស់ការណ៍អាសគ្រាមរបស់គូដណ្ដឹងខ្ញុំ
នៅទីបំផុត គូដណ្ដឹងរបស់ខ្ញុំបានសារភាពថា គាត់មានបញ្ហាជាមួយនឹងការណ៍អាសគ្រាម ។ តើខ្ញុំអាចនៅតែព្រមរៀបការនឹងគាត់ដែរឬទេ ?
អ្នកនិពន្ធរស់នៅបារាំង ប៉ូលីណេស៊ី ។
ខ្ញុំបានជួបស្វាមីរបស់ខ្ញុំ កាលយើងទាំងពីរនាក់ជាទីប្រឹក្សាក្នុងកម្មវិធីពិសេសសម្រាប់យុវវ័យ ។ ខ្ញុំបានចាប់អារម្មណ៍លើទីបន្ទាល់ដ៏រឹងមាំរបស់គាត់ ព្រមទាំងរបៀបដែលគាត់បង្រៀន ហើយប្រាស្រ័យទាក់ទងនឹងយុវវ័យ ។
នៅពេលយើងបានចាប់ផ្ដើមដើរលេងជាគូ យើងមានអារម្មណ៍ដូចជាព្រះអម្ចាស់រំពឹងចង់បានអ្វីមួយមកពីទំនាក់ទំនងរបស់យើង ។ ប៉ុន្តែ ពេល ដែលទំនាក់ទំនងរបស់យើងចេះតែដំណើរការទៅមុខ គាត់កាន់តែរឹងរូសនៅក្នុងរបៀបដែលគាត់បង្ហាញមនោសញ្ចេតនារបស់គាត់ ។ ខ្ញុំបានចាប់ផ្ដើមសង្ស័យថា គាត់មានបញ្ហានឹងការណ៍អាសគ្រាម ប៉ុន្តែនៅពេលយើងនិយាយអំពីរឿងនេះ គាត់បានបដិសេធថា គាត់គ្មាន បញ្ហាជាមួយនឹងរឿងហ្នឹងនោះទេ ។
យើងបានចាប់ផ្ដើម ដាក់ច្បាប់ដ៏តឹងតែងដើម្បីការពារខ្លួនយើង ។ នៅពេលគាត់បានសុំខ្ញុំរៀបការ ខ្ញុំបានយល់ព្រម ហើយរឿងទាំងឡាយបានប្រសើរឡើង—រហូតដល់ថ្ងៃមួយ កាលគាត់បានចាប់ផ្ដើមរំអុកក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដល់ខ្ញុំតាមរបៀបដែលធ្វើឲ្យខ្ញុំពុំស្រណុកក្នុងចិត្តជាថ្មីម្ដងទៀត ។
ខ្ញុំនៅតែសង្ស័យអំពីការប្រើប្រាស់ការណ៍អាសគ្រាមរបស់គាត់ ដូច្នេះថ្ងៃមួយខ្ញុំបានប្រាប់គាត់អំពីដៃគូម្នាក់ក្នុងបេសកកម្មរបស់ខ្ញុំ ដែលមានបញ្ហានឹងការណ៍អាសគ្រាមពីមុនបេសកកម្មរបស់នាង ។ ខ្ញុំបានព្យាយាមយល់ចិត្ត ផ្ដល់សេចក្ដីស្រឡាញ់ និងពុំកាត់សេចក្ដី ដោយសារនាងពិតជាមនុស្សដ៏ល្អម្នាក់ ។ បន្ទាប់មក ខ្ញុំបានសួរគាត់ម្ដងទៀតថា តើគាត់មានការញៀននឹងការណ៍អាសគ្រាមដែរឬទេ ហើយនៅទីបំផុត គាត់បានប្រាប់ខ្ញុំថា គាត់មានមែន ។
ការឈឺចាប់ និងការព្យាបាល
ដំបូងឡើយ ខ្ញុំពិបាកនឹងនិយាយជាមួយគាត់ ហើយមើលមុខគាត់ឲ្យចំខ្លាំងណាស់ ។ ខ្ញុំស្ទើរតែទប់អារម្មណ៍ពុំបាន ដោយសារខ្ញុំមានអារម្មណ៍ថា ព្រះអម្ចាស់បានប្រាប់ខ្ញុំថា បុរសម្នាក់នេះអាចក្លាយជាដៃគូដ៏អស់កល្បរបស់ខ្ញុំ ។ ប៉ុន្តែទោះជាខ្ញុំមានការឈឺចាប់ក្ដី ក៏ខ្ញុំបានដឹងផងដែរថា ខ្ញុំត្រូវខិតខំដើម្បីអភ័យទោសដល់គាត់ ហើយខ្ញុំមានការបំផុសគំនិតថា កុំឲ្យបោះបង់ទំនាក់ទំនងរបស់យើង ។
ខ្ញុំបានអធិស្ឋានយ៉ាងខ្លាំង ហើយបានសិក្សាសុន្ទរកថាអំពីការអភ័យទោស និងការប្រើប្រាស់ការណ៍អាសគ្រាម ។ ខ្ញុំបានអានអត្ថបទ និងទីបន្ទាល់យ៉ាងច្រើនអំពីបុគ្គលដែលបានរៀបការ ហើយមានភរិយា ឬស្វាមីមានបញ្ហានឹងរឿងនេះ ។ កាលខ្ញុំបានអាន ខ្ញុំទទួលបានសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះខ្ញុំ និងគូដណ្ដឹងរបស់ខ្ញុំ ហើយបានទទួលការបញ្ជាក់មួយទៀតថា បុរសម្នាក់នេះគឺពិតជាដៃគូដ៏អស់កល្បរបស់ខ្ញុំ ។ ខ្ញុំក៏បានរៀនពីកត្តាខុសគ្នាមួយនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះផងដែរ—ជារបៀបដែលទ្រង់អាចព្យាបាលព្រលឹងមួយដែលប្រែចិត្ត ( គូដណ្ដឹងរបស់ខ្ញុំ ) និងដួងចិត្តដ៏មានរបួស ( របស់ខ្ញុំ ) ។
កត្តាដ៏សំខាន់មួយនៅក្នុងដំណើររបស់យើងគឺការទៅជួបនឹងប៊ីស្សពរបស់គូដណ្ដឹងខ្ញុំ ។ ការណែនាំរបស់គាត់បានជួយព្យាបាលយើង ហើយកាន់តែមានភាពស្និទ្ធស្នាលក្នុងនាមជាស្វាមី និងភរិយា ។ គាត់មានការអត់ធ្មត់ជាខ្លាំងកាលស្វាមីខ្ញុំបានធ្វើវាម្ដងទៀត ហើយគំរូដ៏គួរឲ្យស្រឡាញ់ដូចជាព្រះគ្រីស្ទរបស់គាត់បំផុសគំនិត ហើយបានជួយខ្ញុំឲ្យអភ័យទោស ហើយខិតខំយកឈ្នះបញ្ហានេះជាមួយគូដណ្ដឹងរបស់ខ្ញុំ ។
អស់ពេលមួយរយៈ គូដណ្ដឹងរបស់ខ្ញុំពិបាកនឹងមើលខ្ញុំរងទុក្ខ ដោយសារតែការជ្រើសរើសរបស់គាត់រហូតដល់គាត់ស្ទើរតែពុំចង់រៀបការនឹងខ្ញុំទៀតឡើយ ! ប៉ុន្តែបន្ទាប់ពីបានខិតខំជាមួយគ្នាដើម្បីជួយគាត់ឲ្យបានស្អាតស្អំអស់រយៈពេលជាច្រើនខែមក នៅទីបំផុតគាត់មានអារម្មណ៍ថា ព្រះអម្ចាស់ និងខ្ញុំបានអភ័យទោសឲ្យគាត់យ៉ាងស្មោះអស់ពីចិត្ត ។
នៅទីបំផុត យើងបានរៀបការ ហើយឥឡូវនេះទំនាក់ទំនងរបស់យើងកាន់តែរឹងមាំជាងមុន ។ បទពិសោធន៍នេះបានជួយយើងកុំឲ្យខ្មាស់អៀនក្នុងការនិយាយប្រាប់គ្នាពីបញ្ហារបស់យើង ។ ហើយទោះជាគាត់លែងពាក់ព័ន្ធនឹងការណ៍អាសគ្រាមទៀតក្ដី ក៏យើងនៅតែបន្តយកចិត្តទុកដាក់ ហើយទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមកដែរ ។
ទំនាក់ទំនងរបស់អ្នកអាចដំណើរការបាន
ប្រសិនបើទំនាក់ទំនងរបស់អ្នកត្រូវបានបំផ្លាញដោយឥទ្ធិពលនៃការណ៍អាសគ្រាម សូមដឹងថា ការអភ័យទោសអាចធ្វើទៅបាន ។ វាអាចធ្វើទៅបាន ដើម្បីបន្តស្រឡាញ់គ្នា ហើយខិតខំរួមគ្នាស្វែងរកដំណោះស្រាយ ហើយយកឈ្នះវារួមគ្នា ។ យើងគ្រប់គ្នាមានសិទ្ធិទទួលបានការព្យាបាលពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ យើងត្រូវទទួលស្គាល់ថា យើងឈឺចាប់ ហើយថាមានតែជំនួយរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះ ទើបយើងអាចជាសះស្បើយយ៉ាងពេញលេញ ។
ដំណើររឿងរបស់មនុស្សគ្រប់រូប និងរាល់ទំនាក់ទំនងគឺមានលក្ខណៈខុសប្លែកពីគ្នា ។ សម្រាប់មនុស្សខ្លះ ការបញ្ចប់ទំនាក់ទំនងនោះប្រហែលជារឿងត្រឹមត្រូវដើម្បីធ្វើ ។ ប៉ុន្តែខ្ញុំសង្ឃឹមថា ដំណើររឿងរបស់យើងអាចជួយដល់មនុស្សដទៃដែលមានស្ថានភាពស្រដៀងគ្នានេះ ។ ដោយសារខ្ញុំបានទទួលការបញ្ជាក់នោះមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយដោយមានជំនួយរបស់ព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ខ្ញុំអាចអភ័យទោសដល់គូដណ្ដឹងរបស់ខ្ញុំ ហើយបន្តទំនាក់ទំនងរបស់យើង ។ ខ្ញុំដឹងថា វាគឺជាការជ្រើសរើសដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ ។
ប្រសិនបើអ្នកកំពុងប្រឈមនឹងស្ថានភាពដូចគ្នានេះ សូមពិចារណាប្រកបដោយការអធិស្ឋានពីស្ថានភាពបច្ចុប្បន្នរបស់អ្នក និងអនាគតដែលអាចកើតមាន ។ ប្រសិនបើអ្នកទទួលការបញ្ជាក់មកពីព្រះវិញ្ញាណថា ការបន្តទំនាក់ទំនងរបស់អ្នកគឺជារឿងត្រឹមត្រូវដើម្បីធ្វើ ហើយអ្នកមានភាពជឿជាក់ សូមដឹងថា ដោយមានការខិតខំពីអ្នកទាំងពីរ ហើយពឹងផ្អែកលើព្រះវរបិតាសួគ៌ នោះទំនាក់ទំនងរបស់អ្នកអាចដំណើរការបាន ។
ស្វាមីរបស់ខ្ញុំគឺជាបុរសដ៏អស្ចារ្យម្នាក់ ហើយខ្ញុំស្រឡាញ់គាត់ខ្លាំងបំផុត ! ខ្ញុំមានអំណរគុណជាខ្លាំងចំពោះព្រះអម្ចាស់ ដែលបានជួយព្យាបាលយើង ហើយធ្វើឲ្យយើងអាចរៀបការបាន ។ ព្រះអម្ចាស់បានជួយយើងឲ្យរីកចម្រើនរួមគ្នា ក្នុងនាមជាស្វាមី និងភរិយា ដែលត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹងអ្វីៗដែលទ្រង់បានរៀបចំសម្រាប់ជីវិតរបស់យើងរួមគ្នា ។