ខ្ញុំធ្លាប់បានតស៊ូយកឈ្នះការណ៍អាសគ្រាម ។ ហេតុអ្វីគាត់មិនអាចធ្វើបាន ?
នៅពេលខ្ញុំដឹងថា មិត្តប្រុសរបស់ខ្ញុំមានបញ្ហានឹងការណ៍អាសគ្រាម នោះខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយគាត់ឲ្យងាកទៅរកជំនួយពីព្រះអង្គសង្គ្រោះ ។
អ្នកនិពន្ធរស់នៅប្រទេសហ្គាតេម៉ាឡា ។
ខ្ញុំបានដើរលេងជាគូនឹងយុវជនម្នាក់ដែលខ្ញុំបានស្រឡាញ់យ៉ាងខ្លាំងប្រមាណជាមួយឆ្នាំ ។ ខ្ញុំពិតជាបានគិតថា ខ្ញុំនឹងរៀបការជាមួយនឹងគាត់ ! ប៉ុន្តែខ្ញុំពុំធ្លាប់គិតថា ការដើរលេងជាគូនឹងគាត់នឹងនាំខ្ញុំឲ្យជួបបញ្ហាមួយដែលខ្ញុំធ្លាប់ពិបាកយកឈ្នះដោយប្រើរាល់កម្លាំងរបស់ខ្ញុំដោយផ្ទាល់នោះឡើយ ។
នៅពេលខ្ញុំបានកំពុងតែរៀបចំខ្លួនចេញបេសកកម្ម ខ្ញុំត្រូវទៅជួបប៊ីស្សព ហើយសារភាពថា ខ្ញុំធ្លាប់មានបញ្ហានឹងការណ៍អាសគ្រាមកាលពីមុន ។ បន្ទាប់ពីខ្ញុំបានប្រែចិត្ត ហើយបានដកយកបន្ទុកនោះចេញពីអារម្មណ៍របស់ខ្ញុំ ខ្ញុំពុំធ្លាប់គិតថា ការណ៍អាសគ្រាមនឹងជះឥទ្ធិពលដល់ជីវិតរបស់ខ្ញុំម្ដងទៀតឡើយ ។ ប៉ុន្តែខ្ញុំបានគិតខុសហើយ ។
នៅពេលខ្ញុំបានដឹងថា បុរសម្នាក់នេះដែលខ្ញុំមានគម្រោងរៀបការជាមួយកំពុងមានបញ្ហានឹងការណ៍អាសគ្រាម ខ្ញុំអន្ទះសារចង់ជួយគាត់ ហើយគាំទ្រគាត់ឲ្យយកឈ្នះវា ។ ខ្ញុំធ្លាប់ឆ្លងកាត់ដំណើរការប្រែចិត្ត និងការប្រឹងប្រែងក្នុងការយកឈ្នះការណ៍អាសគ្រាមពីមុន ហើយខ្ញុំបានដឹងពីអ្វីដែលព្រះអម្ចាស់អាចធ្វើសម្រាប់គាត់ ។ ប៉ុន្តែវាហាក់ដូចជារាល់ពេលដែលខ្ញុំបានព្យាយាមណែនាំគាត់ឲ្យទៅរកជំនួយដែលគាត់ត្រូវការ ដើម្បីយកឈ្នះលើបញ្ហារបស់គាត់ នោះមានរឿងមិនល្អតែងកើតឡើងជានិច្ច ។ គាត់ហាក់ដូចជាមិនចង់បានជំនួយទេ ។ បន្ទាប់ពីមួយរយៈមក ខ្ញុំបានដឹងថា យើងពុំមានគំនិតដូចគ្នាទៅលើការណ៍អាសគ្រាមឡើយ ។ ពិតណាស់ យើងទាំងពីរនាក់គឺជាសមាជិកក្នុងសាសនាចក្រ ប៉ុន្តែការបង្រៀនរបស់ដំណឹងល្អហាក់ដូចជាពុំមានន័យដូចគ្នាសម្រាប់យើងទាំងពីរនាក់ឡើយ ។
ខ្ញុំខកចិត្តយ៉ាងខ្លាំង ។ ខ្ញុំស្រឡាញ់គាត់ ហើយខ្ញុំជឿថា ដោយមានជំនួយ គាត់អាចយកឈ្នះបញ្ហានេះបាន ។ ខ្ញុំក៏មានអារម្មណ៍ឈឺចាប់ផងដែរ ដោយសារខ្ញុំធ្លាប់ជួបបញ្ហាដូចគ្នា ដែលខ្ញុំបានខិតខំយ៉ាងខ្លាំងដើម្បីយកឈ្នះវាកាលពីមុន ។ នៅយប់មួយ ខ្ញុំបានសម្រេចចិត្តដើម្បីអធិស្ឋានទូលសូមប្រាជ្ញាពីព្រះវរបិតាសួគ៌ពីរបៀបដើម្បីបន្តឆ្ពោះទៅមុខ ដោយសារខ្ញុំត្រូវការអំណាចដើម្បីតតាំងនឹងការល្បួង ហើយខ្ញុំក៏ចង់ដឹងពីរបៀបគាំទ្របុគ្គលដែលខ្ញុំមានគម្រោងរួមជីវិតរបស់ខ្ញុំនឹងគាត់ផងដែរ ។
នៅទីបំផុតចម្លើយបានមានចំពោះខ្ញុំ ខ្ញុំមានសេចក្ដីសុខសាន្ត ហើយបានដឹងថា ខ្ញុំត្រូវនិយាយនឹងបុរសដែលខ្ញុំកំពុងដើរលេងជាគូជាមួយនោះ ដោយមានគោលបំណងមួយក្នុងគំនិត ។ ខ្ញុំចង់ឲ្យគាត់ដឹងពីអ្វីដែលខ្ញុំរំពឹងចង់បានពីការដើរលេងជាគូជាមួយនឹងបុរសម្នាក់ គឺជាការរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ និងការមានកូនចៅ ។ ខ្ញុំចង់ដឹងថាតើអនាគតរបស់យើងដើរស្របគ្នាដែរឬទេ ហើយថាតើគាត់កំពុងដើរឆ្ពោះទៅរកព្រះអង្គសង្គ្រោះដែរឬទេ ។ ខ្ញុំចង់ដឹងថាតើយើងគួរបន្តទំនាក់ទំនងរបស់យើងទៀតដែរឬទេ ។ ខ្ញុំមានសង្ឃឹមយ៉ាងខ្លាំងសម្រាប់ការណ៍នោះ ហើយជឿថា បន្ទាប់ពីយើងបាននិយាយគ្នា អ្វីគ្រប់យ៉ាងនឹងដំណើរការល្អ ។
វាជាពេលរសៀលមួយ កាលខ្ញុំបានចែកចាយក្ដីសុបិន និងគោលដៅរបស់ខ្ញុំជាមួយនឹងគាត់អំពីគ្រួសារនាពេលអនាគតរបស់ខ្ញុំ និងការចិញ្ចឹមបីបាច់កូនរបស់ខ្ញុំក្នុងដំណឹងល្អ ។ បន្ទាប់ពីបានស្ដាប់ខ្ញុំហើយ គាត់បានខឹងនឹងខ្ញុំ វាជាការភ្ញាក់ផ្អើលណាស់សម្រាប់ខ្ញុំ ។ ខ្ញុំបានដឹងថា យើងមានគំនិតខុសគ្នាខ្លាំងណាស់អំពីអនាគត ។ ខ្ញុំរន្ធត់ចិត្តជាខ្លាំង ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើល ខ្ញុំបែរជាមានសេចក្ដីសុខសាន្តទៅវិញ ហើយខ្ញុំបានដឹងថា ចម្លើយរបស់ខ្ញុំគឺត្រូវបញ្ចប់ទំនាក់ទំនងនោះ ។ គាត់ពុំបាននៅក្នុងទីកន្លែងមួយ ដែលគាត់មានចិត្តចង់ព្យាយាមដើម្បីយកឈ្នះបញ្ហារបស់គាត់ជាមួយនឹងការណ៍អាសគ្រាម ឬបែរទៅរកជំនួយពីព្រះអង្គសង្គ្រោះនោះទេ ហើយខ្ញុំពុំអាចជួយគាត់បានឡើយប្រសិនបើគាត់ពុំចង់បានជំនួយនោះ ។
អស់មួយរយៈ ខ្ញុំបានងឿងឆ្ងល់ថាហេតុអ្វីបន្ទាប់ពីការធ្វើរឿងត្រឹមត្រូវ និងការធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើដើម្បីជួយគាត់ ដួងចិត្តរបស់ខ្ញុំនៅតែខ្ទេចខ្ទាំទៅជារាប់លានចំណែកអញ្ចឹង ។ ប៉ុន្តែនៅទីបំផុត ខ្ញុំបានបង្ហូរទឹកភ្នែកចុងក្រោយរបស់ខ្ញុំសម្រាប់គាត់ ហើយបានផ្ដោតលើសេចក្ដីសុខសាន្តដែលខ្ញុំមាន នៅពេលខ្ញុំបានបញ្ចប់ទំនាក់ទំនងនោះ ។ ខ្ញុំបានដឹងថា ចម្លើយនោះបានមកពីស្ថានសួគ៌ ។
វាបានកន្លងទៅពីរបីឆ្នាំហើយ ចាប់តាំងពីទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងបុរសនោះត្រូវបានបញ្ចប់ ។ ហើយខ្ញុំនៅតែមើលឃើញគាត់ជាបុរសដ៏ល្អដូចកាលពីមុនជានិច្ច ។ ប៉ុន្តែខ្ញុំដឹងថា គាត់ត្រូវតែជាមនុស្សម្នាក់ដែលទៅរកជំនួយពីព្រះអង្គសង្គ្រោះ—ខ្ញុំពុំអាចបង្ខំគាត់បានទេ ។ គាត់មានសិទ្ធិជ្រើសរើស ហើយខ្ញុំក៏មានដែរ ។ ចាប់តាំងពីជួបបទពិសោធន៍នោះមក ខ្ញុំបានព្យាយាមធ្វើតាមសំឡេងនៃព្រះវិញ្ញាណបរិសុទ្ធដោយគ្មានភាពស្ទាក់ស្ទើរឡើយ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌មានផែនការសម្រាប់យើងគ្រប់គ្នា ហើយយើងអាចទុកចិត្តថា ពេលយើងធ្វើការសម្រេចចិត្តដោយផ្អែកលើការបំផុសពីព្រះវិញ្ញាណ នោះទ្រង់នឹងពុំដែលដឹកនាំយើងឲ្យវង្វេងឡើយ ។ ទ្រង់តែងតែរៀបចំយើងសម្រាប់រឿងល្អៗនៅពេលខាងមុខជានិច្ច ។