ឆ្នាំ ២០១៩
របៀប​ដែល​ខ្ញុំ​បាន​រៀន​បញ្ចេញ​ប្រតិកម្ម នៅពេល​មនុស្ស​ម្នាក់​សារភាព​ថា ពួកគេ​មាន​បញ្ហា​នឹង​ការណ៍​អាសគ្រាម
ខែ តុលា ឆ្នាំ ២០១៩


របៀប​ដែល​ខ្ញុំ​បាន​រៀន​បញ្ចេញ​ប្រតិកម្ម នៅពេល​មនុស្ស​ម្នាក់​សារភាព​ថា ពួកគេ​មាន​បញ្ហា​នឹង​ការណ៍​អាសគ្រាម

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ខ្ញុំ​បាន​ដឹង​ជាច្រើន​ខែ​មក​ហើយ​ថា មាន​រឿង​អ្វី​មួយ​បាន​កើត​ឡើង ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ទើប​មិត្ត​របស់​ខ្ញុំ​បាន​ប្រាប់​ការ​ពិត​ដល់​ខ្ញុំ​ដោយ​បើក​ចំហ​ថា នាង​កំពុង​មាន​បញ្ហា​នឹង​ការណ៍​អាសគ្រាម​អស់​ជា​ច្រើន​ឆ្នាំ​ហើយ និយាយ​ទៅ​តាំង​ពី​ខ្ញុំ​បាន​ស្គាល់​នាង​មក​ម្ល៉េះ ។

កាល​កំពុង​អង្គុយ​នៅ​ក្នុង​រថយន្ត​ស្ដាប់​ការ​សារភាព​របស់​នាង ខ្ញុំ​មាន​អំណរគុណ​ណាស់ ។ សូម​កុំ​យល់​ខុស—វា​ឈឺចាប់​ខ្លាំងណាស់​ដោយ​ដឹង​ថា នាង​បាន​ជួប​នឹង​បញ្ហា​នោះ​យូរ​ហើយ ដែល​ខ្ញុំ​ពុំ​បាន​ដឹង—ប៉ុន្តែ​ខ្ញុំ​រីករាយ ដែល​ខ្ញុំ​អាច​ឆ្លើយ​តប​ដោយ​សេចក្ដី​ស្រឡាញ់ ជំនួស​ឲ្យ​ការ​កាត់​សេចក្ដី ។

អសប្បុរស​ធម៌គឺ​ពុំ​មែន​រឿង​ត្រឹមត្រូវ​ទេ

ពេលខ្លះ ការ​ដឹង​ថា​ការណ៍​អាសគ្រាម​គឺជារឿង​អាក្រក់ អាចជ្រាប​ចូល​ទៅ​ក្នុង​ការ​យល់ឃើញ​របស់​យើង​អំពី​មនុស្ស​ដទៃ ។ ខ្ញុំ​ដឹង​ ដោយសារ​វា​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​គ្រា​មួយ ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ស្ដាប់​ឮ​អំពីមនុស្សដែល​មាន​បញ្ហា​នឹង​ការណ៍​អាស​គ្រាម ហើយ​ប្រតិកម្ម​ក្នុង​ចិត្ត​របស់​ខ្ញុំ​ចំពោះ​រឿង​នោះ​គឺ​ការ​ខឹង​សម្បារ និង​ការ​ស្អប់ខ្ពើម ។ ប៉ុន្តែ​ពេល​មិត្ត​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​អំពី​បញ្ហា​របស់​នាង ខ្ញុំ​បាន​ស្ថិត​ក្នុង​កន្លែង​ដ៏​ប្រសើរ​មួយ​ដើម្បី​លួង​លោម​ចិត្ត​នាង ដោយសារ​ខ្ញុំ​បាន​ដឹង​យ៉ាង​ច្រើន​ពី​អំពើ​បាប និង​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ផ្ទាល់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ។

ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា អសប្បុរសធម៌​គឺ​ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​ទេ ។ ព្រះយេស៊ូវគ្រីស្ទ ដែលជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​យើង បាន​ស្វែង​រក​មនុស្ស​ដែល​មនុស្ស​ដទៃ​បាន​បដិសេធ ។ ទ្រង់​បាន​មាន​បន្ទូល​នឹង​ពួក​សាសន៍​សាម៉ារី និង​ពួក​អ្នក​មាន​បាប ។ ព្រះគ្រីស្ទ ជា​អង្គ​ដែល​ពុំ​អាច « ​ទត​មើល​អំពើបាប​ សូម្បី​តែ​បន្ដិចបន្ដួច​បាន​ឡើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣១ ) « ដោយសារ​យើង​ពុំ​ល្អ​ឥត​ខ្ចោះ ទ្រង់​អាច​ទត​មើល​យើង ដោយ​ពុំ​ដក​អង្គ​ទ្រង់​ថយ​ចេញ​ទាំង​តក់​ស្លុត និង​ស្អប់​ខ្ពើម » ឡើយ ។ ដូច្នេះ​ដោយ​មាន​ការ​សន្ទនា​ដ៏​ស៊ីជម្រៅ​ជាមួយ​នឹង​មិត្ត​របស់​ខ្ញុំ ខ្ញុំ​បាន​ព្យាយាម​គិត​ពី​របៀប​ដែល​ព្រះយេស៊ូវ​នឹង​មាន​ប្រតិកម្ម ។ ដំណើរ​រឿង​អំពី​ស្ត្រី​ដែល​បាន​ចាប់ខ្លួន​ដោយ​សារ​ការ​ប្រព្រឹត្តអំពើ​កំផឹត​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពី​របៀប​ឆ្លើយ​តប ។

ការ​ឆ្លើយតប​ដោយ​​សេចក្ដី​អាណិត​អាសូរ

ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ដែល​រស់នៅ​ក្នុង​ច្បាប់​ម៉ូសេ​នៅ​គ្រា​នៃ​ការបម្រើ​របស់​ព្រះយេស៊ូវ ពុំ​មាន​សេចក្ដី​អាណិត​អាសូរ​ច្រើន​ទេ ។ មាន​ការ​ដាក់​ទោស​ជាក់លាក់ ហើយ​ជា​រឿយៗ​វា​មាន​ភាព​ឃោរឃៅ​សម្រាប់​អំពើ​បាប​នានា ហើយ​អំពើ​កំផឹត​តម្រូវ​ឲ្យ​ចោល​នឹង​ដុំ​ថ្ម ។ ប៉ុន្តែ​នៅ​ពេល​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​កំផឹត​នោះ​ត្រូវ​បាន​នាំ​មក​ឯ​ព្រះយេស៊ូវ ទ្រង់​ពុំ​បាន​ស្អប់​ខ្ពើម​នាង​ទេ—ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ដល់​នាង ។ ជាជាង​អបអរ​សាទរ​ដល់​ពួក​អ្នក​ចោទ​ប្រកាន់​ដែល​បាន​​រកឃើញ​មនុស្សម្នាក់​ធ្វើ​អំពើ​នោះ ទ្រង់​បាន​រំឭក​ដល់​ពួក​អ្នក​ចោទ​ប្រកាន់​អំពី​អំពើបាប​របស់​ពួកគេ​ផ្ទាល់ ( សូមមើល យ៉ូហាន ៨:៣–៧ ) ។ លើស​ពី​នេះ​ទៀត យើង « គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ » ( រ៉ូម ៣:២៣ ) ។ ព្រះគ្រីស្ទ​ពុំ​ថ្កោលទោស​ដល់​អ្នក​មាន​បាប​ទេ ហើយ​ប្រាកដ​ណាស់ យើង​ក៏​ពុំ​គួរ​ធ្វើ​ផង​ដែរ ( សូមមើល យ៉ូហាន ១៣:៣៤–៣៥ ) ។

នៅពេល​ពួក​អ្នក​ចោទ​ប្រកាន់​បាន​ចាក​ចេញ​ទៅ ទាំង​ដុត​រោល​ដោយ​មនសិការ​ដ៏​មាន​កំហុស​របស់​ពួកគេ នោះ​ព្រះគ្រីស្ទ​បាន​មាន​បន្ទូល​ទៅ​ស្ត្រី​នោះ ។ បន្ទូល​របស់​ទ្រង់​ខ្លី ប៉ុន្តែ​វា​មានន័យ​ខ្លាំង​ណាស់ ។ ដំបូង ទ្រង់​បាន​សួរ​ថា « នាង​អើយ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី ? » ហើយ​នៅ​ពេល​នាង​បាន​ឆ្លើយ​ថា ពួកគេ​បាន​ចេញ​ទៅអស់​ហើយ នោះ​ទ្រង់​គ្រាន់​តែ​មាន​បន្ទូល​ថា « ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ( យ៉ូហាន ៨:១០–១១ ) ។

ការ​កាត់​ទោស​នឹង​ពុំ​ជួយ​ដល់​ស្ត្រី​នេះ​ឲ្យ​ផ្លាស់ប្ដូរ​ឡើយ ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​បាន​ជ្រាប​ថា សេចក្ដី​ស្រឡាញ់​អាច​ឲ្យ​នាង​ផ្លាស់ប្ដូរ​បាន ។

អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ

សេចក្ដី​ស្រឡាញ់​គឺ​គ្រាន់​តែ​ជា​ជំហាន​ទីមួយ​នៅ​ក្នុង​ការ​ជួយ​មនុស្ស​ម្នាក់​ឲ្យ​យក​ឈ្នះ​ការណ៍​អាសគ្រាម ។ ដំណើរការ​ព្យាបាល​គឺ​តែង​តែមាន​ភាព​ខុស​គ្នា​សម្រាប់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​វា​មាន​នូវ​ជំហាន​ជា​មូលដ្ឋាន​មួយ​ចំនួន​ដែល​មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​មាន​បញ្ហា​ត្រូវ​ធ្វើ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ជួប​នឹង​ប៊ីស្សព​របស់​ពួកគេ គាត់​នឹង​មាន​ធនធាន និង​ឧបករណ៍​ដើម្បី​ជួយ ។ នៅពេល​សមរម្យ សូម​ជួយ​ពួកគេ​ឲ្យ​កត់​សម្គាល់​ពីបញ្ហា ហើយ​បង្កើត​ផែនការ​មួយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចៀសវាង​ពី​វា ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ទៅ​ជួប​នឹង​អ្នក​ជំនាញ ឬ​ចូល​រួម​នឹង​ក្រុម​គាំទ្រ​មួយ ។ ហើយ​បន្ត​ស្រឡាញ់ ហើយ​គាំទ្រ​ពួកគេ​គ្រប់​ជំហាន​នៅ​ក្នុង​ដំណើរ​ការ​នេះ ។

ព្រះគ្រីស្ទ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ស្ត្រី​នោះ ហើយ​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា នាង​បាន​ដឹង​ថា ទ្រង់​ពុំ​ចង់​ឲ្យ​នាង​បន្ត​ស្ថិត​នៅ​ក្នុង​អំពើ​បាប​របស់​នាង​ទៀត​ឡើយ ។ សេចក្ដី​សប្បុរស​ពិត​ពុំ​មែន​មានន័យ​ថា យើង​មិន​អើពើ​នឹង​កំហុស​របស់​មនុស្ស​ដទៃ​នោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​ពី​សក្ដានុពល​របស់​ពួកគេ ហើយ​លើក​ទឹកចិត្ត​យើង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ដើរ​ឆ្ពោះ​ទៅ​មុខ ។

ដំណើរ​នៃ​សេចក្ដី​ជំនឿ

ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​មិត្ត​ខ្ញុំ​រួចហើយ ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​នាង​កាន់​តែ​ខ្លាំង បន្ទាប់​ពី​នាង​បាន​ប្រាប់​រឿង​អាថ៌កំបាំង​របស់​នាង ។ មិន​ថា​អ្នក ឬ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​បាន​ធ្វើ​អ្វី​នោះ​ទេ « អ្នក​ពុំ​អាច​លិច​ជ្រៅ​ជាង​ពន្លឺ​ដ៏​និរន្តរ​នៃ​ដង្វាយ​ធួន​របស់​ព្រះគ្រីស្ទ​ដែល​បញ្ចេញ​រស្មី​ឡើយ » ។

ប្រសិន​បើ​អ្នក​ដឹង​ថា មនុស្សម្នាក់​កំពុង​មាន​បញ្ហា​នឹង​ការណ៍​អាស​គ្រាម សូម​កុំ​បោះបង់​ពួកគេ​ចោល ! សូម​ឈោង​ទៅ​ជួយ ពួកគេ​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដីអាណិត​អាសូរ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ។ វាពុំ​មែន​ជារឿង​ងាយ​ស្រួល​ជានិច្ច​នោះទេ ហើយ​បញ្ហា​ទាំង​នេះក៏​ពុំ​រសាយ​បាត់​ទៅ​ភ្លាមៗ​ដែរ ។ សូម​អត់ធ្មត់​ជាមួយ​នឹង​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក ហើយ​នឹង​ខ្លួន​ឯង ។ ការ​រៀន​ស្រឡាញ់ ហើយ​យល់​ពី​មនុស្ស​ម្នាក់​ដែល​កំពុង​ឆ្លង​កាត់​រឿង​ដ៏​លំបាក​មួយ​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ជានិច្ច​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​ទុក​ចិត្ត​ថា សេចក្ដី​ស្រឡាញ់​ដែល​យើង​ផ្ដល់​ឲ្យ​នឹង​ពុំ​ក្លាយ​ជា​អសារ​ឥតការ​ឡើយ មិន​ថាដំណើរ​របស់​មនុស្ស​ជាទីស្រឡាញ់​របស់​យើង​មាន​ប្រវែង​ឆ្ងាយ​ប៉ុនណា ឬ​មាន​លទ្ធផល​បែប​ណា​នោះ​ទេ ។

កំណត់​ចំណាំ

  1. ឌែល ជី រ៉ង់ឡាន់ « Our Good Shepherd » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣០ ។

  2. ជែហ្វ្រី អ័រ ហូឡិន «The Laborers in the Vineyard » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ ។