ឆ្នាំ ២០២០
គន្លឹះ ៧ ចំណុច​សម្រាប់​ការយកឈ្នះ​លើ​ការប្រើប្រាស់​ការណ៍អាសគ្រាម
ខែ តុលា ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

គន្លឹះ ៧ ចំណុច​សម្រាប់​ការយកឈ្នះ​លើ​ការប្រើប្រាស់​ការណ៍អាសគ្រាម

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ក្នុង​ការធ្វើការ​ជាមួយ​យុវមជ្ឈិមវ័យ​នៅលីវ ព្យាយាម​ដើម្បី​យកឈ្នះ​លើ​ការប្រើប្រាស់​ការណ៍​អាសគ្រាម​ដែល​ពិបាក​នឹង​ទប់​បាន ខ្ញុំ​បាន​រកឃើញ​គន្លឹះ​មួយ​ចំនួន​ដែល​បងប្អូន​អាច​ឃើញ​ថា​មាន​ប្រយោជន៍​ផងដែរ ។

flow chart

រូបភាព​​ជា​ខ្សែ​បន្ទាត់​មក​ពី Getty Images

ពេល​ខ្ញុំ​ត្រូវបាន​ញែកចេញ​ជា​ប៊ីស្សព​ថ្មី​ម្នាក់​នៃ​វួដ​យុវមជ្ឈិមវ័យ​នៅលីវ មាន​យុវមជ្ឈិមវ័យ​នៅលីវ​តម្រង់​ជួរ​មួយ​ជួរ​ខាង​ក្រៅ​ទ្វារ​ការិយាល័យ​របស់​ខ្ញុំ​រង់ចាំ​ជួប​នឹង​ខ្ញុំ ។ សូម​ទាយ​ទៅមើល​ថា យើង​បាន​ពិភាក្សា​ពី​អ្វី​នៅក្នុង​ការសម្ភាស​លើក​ទីមួយ​នោះ ?

ការណ៍​អាសគ្រាម ។

ហើយ​រយៈពេល​បីឆ្នាំ​ក្រោយ​មក ការព្យាយាម​ជួយ​ដល់​យុវមជ្ឈិមវ័យ​យក​ឈ្នះ​ទម្លាប់​ដែល​ពិបាក​នឹង​ទប់​បាន​មួយ គឺ​ជា​ចំណុច​សំខាន់​នៃ​ការហៅ​បម្រើ​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​រៀន​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅបាន ។ ខ្ញុំ​បាន​តម​អាហារ អធិស្ឋាន ទៅព្រះវិហារ​បរិសុទ្ធ ប្រឹក្សា​នឹង​ថ្នាក់​ដឹកនាំ​ផ្សេងៗ​ទៀត បាន​ពិនិត្យ​មើល​ធនធាន​ទាំងអស់​ដែល​មាន បានចូលរួម​ថ្នាក់​កម្មវិធី​ព្យាបាល​ការញៀន និង​បានរៀន​ពី​ពួកអ្នក​ដែល​ខិតខំ​រក​ការព្យាបាល ។ ខ្ញុំ​ចង់​ចែកចាយ​គំនិត​ដ៏​មាន​សង្ឃឹម​មួយ​ចំនួន​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន ។

១. សូម​ដឹង​ថា​បងប្អូន​ជា​បុត្រ​ម្នាក់​របស់​ព្រះបិតា​ព្រះមាតា​សួគ៌​ដែល​ស្រឡាញ់​បងប្អូន

ប្រសិន​បើ​បងប្អូន​កំពុង​ខិតខំ​យក​ឈ្នះ​លើ​ការប្រើប្រាស់​ការណ៍​អាសគ្រាម​ដែល​ពិបាក​នឹង​ទប់​បាន បងប្អូន​អាច​នឹង​មាន​អារម្មណ៍​ដូចជា ការទាញចេញ​ពី​ព្រះវរបិតាសួគ៌ ដោយសារ​បងប្អូន​គិត​ថា បងប្អូន​មិន​សក្ដិសម​នឹង​សេចក្ដី​ស្រឡាញ់ ឬ​ជំនួយ ទាល់តែ​បងប្អូន​ដោះស្រាយ​បញ្ហា​នោះ​សិន ។ នេះ​គឺ​ពិតជា​អ្វី​ដែល​សាតាំង​ចង់បាន—គឺ​ដើម្បី​បំបែក​បងប្អូន​ចេញពី​គេ​ឯង​គ្រប់គ្នា​ដែល​ស្រឡាញ់​បងប្អូន ដោយ​ផ្ដល់​គំនិត​ថា បងប្អូន​អាច​យក​ឈ្នះ​ការណ៍​អាសគ្រាម​ដោយ​ខ្លួន​ឯង​បាន ហើយ​ថា ទាល់តែ​ដល់​ពេល​នោះ​ទើប​បងប្អូន​នឹង​សក្ដិសម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់ ។

ដោយសារ​តែ​ធម្មជាតិ​ដ៏​ទេវភាព​របស់​បងប្អូន បងប្អូន​តែងតែ​សក្ដិសម​ដើម្បី​ទទួល​សេចក្ដី​សង្ឃឹម ការបំផុស​គំនិត និង​វិវរណៈ​ផ្ទាល់ខ្លួន​ពី​ព្រះវរបិតាសួគ៌ និង​ព្រះចេស្ដា​នៃ​ការប្រោស​ឲ្យ​ជា​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​យក​ឈ្នះ​ការណ៍​អាសគ្រាម​បាន ។ សូម​កុំ​ចេញ​ឆ្ងាយ​ពី​ពួកទ្រង់ ឬ​ពី​មនុស្ស​ដែល​ស្រឡាញ់​បងប្អូន ។

២. ដក​ភាពអាម៉ាស់​ចេញ

ខ្ញុំ​បាន​រៀន​ថា ការដក​ភាពអាម៉ាស់​ចេញ គឺ​ចាំបាច់​ណាស់​ចំពោះ​ការយក​ឈ្នះ​លើ​ការណ៍​អាសគ្រាម ។ ភាពអាម៉ាស់​គឺ​ជា​អារម្មណ៍​ដូចជា​បងប្អូន​ជា​មនុស្ស​បាក់បែក ខូចខាត ឬ​ជា​មនុស្ស​អាក្រក់ ។ ការជឿ​តាម​គំនិត​ដ៏​ខូចខាត​ទាំងនេះ​អំពី​ខ្លួនឯង តាមពិត​ទៅ​អាច​ធ្វើ​ឲ្យ​បងប្អូន​ជាប់​អន្ទាក់​ក្នុង​វដ្ដ​នៃ​ការញៀន ។ ការមាន​វិប្បដិសារី​ចំពោះ​អ្វី​ដែល​បងប្អូន​បាន​ធ្វើ គឺជា​ផ្នែក​នៃ​ដំណើរការ​ប្រែចិត្ត ហើយ​អាច​ជួយ​បងប្អូន​ផ្លាស់ប្ដូរ​ឥរិយាបទ​របស់​បងប្អូន​បាន ។ ប៉ុន្តែ​ភាពអាម៉ាស់​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​ថា លក្ខណៈ​សម្បត្តិ​ទាំងស្រុង​របស់​បងប្អូន​គឺ​អាក្រក់ ហើយ​ថា​បងប្អូន​មិនសម​ទទួល​ជំនួយពី​ព្រះអង្គ​សង្គ្រោះ​ឡើយ ។

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​បងប្អូន​មាន​ក្ដីសង្ឃឹម​ពេញលេញ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ភាពអាម៉ាស់​ធ្វើ​ឲ្យ​យើង​គិត​តែ​ពី​អតីតកាល ធ្វើ​ឲ្យ​បងប្អូន​ជាប់​នៅក្នុង​គំនួច​នៃ​ការកុហក់ និង​ការស្អប់ខ្ពើម​ខ្លួន​ឯង ។ សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​នៃ​ភាពអាម៉ាស់ ។

៣. កុំ​ប្រញាប់​ប្រើ​ស្លាក​នៃ « ការញៀន »

មនុស្ស​ជា​ច្រើន​ដាក់​ស្លាក​ខ្លួន​​ឯង​ថា « ញៀន » នឹង​ការណ៍​អាសគ្រាម ។ ខ្ញុំ​សូម​ឲ្យ​បងប្អូន​ប្រុងប្រយ័ត្ន ដើម្បី​កុំ​ឲ្យយក​ស្លាក​នោះ​មក​ដាក់​លើ​ខ្លួន​ដោយមិន​ត្រឹមត្រូវ​ឡើយ ។ មនុស្ស​វ័យ​ក្មេង​ភាគច្រើន​បំផុត ដែល​ប្រឈមមុខ​នឹង​ការណ៍​អាសគ្រាម តាមពិត​ទៅ​មិន​ញៀន​នោះទេ ។ ហើយ​ការប្រើប្រាស់​ស្លាក​នេះ​ដោយ​មិនត្រឹមត្រូវ អាច​ធ្វើ​ឲ្យ​វា​កាន់តែ​ពិបាក​ដើម្បី​បញ្ឈប់​ការប្រើប្រាស់​ការណ៍​អាសគ្រាម ដោយសារ​តែ​ភាពអាម៉ាស់ ក្ដីសង្ឃឹម​ធ្លាក់ចុះ និង​ការស្អប់ខ្ពើម​ខ្លួនឯង ដែល​មក​ពី​ភាពអាម៉ាស់​នោះ​ឯង ។

៤. បង្កើត​ផែនការ​ការពារ​សរសេរ​ដោយ​ផ្ទាល់​ខ្លួន​មួយ

ផែនការ​ការពារ​ផ្ទាល់ខ្លួន​មួយ គឺជា​ឯកសារ​បី​ផ្នែក ដែល​អាច​ជួយ​បងប្អូន​យក​ឈ្នះ​លើ​ការណ៍​អាសគ្រាម​បាន ។

ផ្នែកទី ១ ៖ សរសេរ​រាយ​ពី​អ្វី​ដែល​បញ្ឆេះ​ឲ្យ​បងប្អូន​ធ្វើ ។ ការ​ដែល​ត្រូវបាន​បញ្ឆេះ​ឲ្យ​ធ្វើ គឺជា​ជំហាន​ទីមួយ​នៅក្នុង​វដ្ដ​នោះ ដែល​នាំ​ទៅ​កាន់​ការមើល​ការណ៍​អាសគ្រាម ។

មាន​ការបញ្ឆេះ​ច្រើន​ប្រភេទ ។

  • ស្ថានភាព ៖ បរិយាកាស​ដែល​បង្កើត​ឲ្យ​មាន​ការបញ្ឆេះ​មួយ ដោយសារ​តែ​គំនិត ឬ​ឥរិយាបទ​ពី​អតីតកាល ( ដូចជា​នៅក្នុង​បន្ទប់​ដដែល ឬ​នៅ​ពេល​ជាក់លាក់​មួយ )

  • ភាពតានតឹង/ការថប់បារម្ភ/ភាពឯកោ/ព្រឹត្តិការណ៍​ដែល​តក់ស្លុត ៖ អារម្មណ៍ ឬ​ស្ថានភាព​ដ៏​ពិបាក​នានា ដែល​បញ្ឆេះ​បងប្អូន​ឲ្យ​បែរ​ទៅរក​ការណ៍​អាសគ្រាម​ទុក​ជា​របៀប​មួយ​ដើម្បី​គេច និង​ដោះស្រាយ​អារម្មណ៍​ទាំងនេះ

  • គំឃើញ ៖ ការឃើញ​អ្វី​មួយ​ដោយ​អចេតនា​ដែល​មិនមែន​ជា​ការណ៍​អាសគ្រាម ប៉ុន្តែ​ធ្វើ​ឲ្យ​មាន​ការបញ្ឆេះ​តាមរយៈ​បណ្ដាញ​សង្គម ខ្សែភាពយន្ត រូបភាព ។ ល ។

ផ្នែកទី ២ ៖ ដាក់​ផែនការ​មួយ​ដើម្បី​កាត់​បន្ថយ​ការបញ្ឆេះ​ទាំងឡាយ ។

ឧទាហរណ៍ ប្រសិន​បើ​បងប្អូន​មាន​ស្ថានភាព​បញ្ឆេះ​មួយ ដូចជា​ការមាន​អារម្មណ៍​ងាយ​រងគ្រោះ​នៅ​យប់ជ្រៅ ការបិទ​ទូរសព្ទ​របស់​បងប្អូន ៣០នាទី មុន​ពេល​ចូលគេង ឬ​ការចូលគេង​ដោយ​គ្មាន​ទូរសព្ទ​នៅក្នុង​បន្ទប់​របស់​បងប្អូន​អាច​ជួយ​បាន ។ ប្រសិន​បើ​ការណ៍​អាសគ្រាម​គឺ​ជា​របៀប​មួយ​ដែល​បងប្អូន​ដោះស្រាយ​នឹង​អារម្មណ៍​ពិបាក សូម​ស្វែងរក​របៀប​នានា ដើម្បី​ដោះស្រាយ​បាន​ប្រសើរ​ជាង​ជាមួយ​នឹង​អារម្មណ៍​ទាំងនេះ ។ តើ​ការហាត់ប្រាណ ឬ​ថ្នាំ អាច​ជួយ​បងប្អូន​ឲ្យ​កាត់បន្ថយ​កម្រិត​នៃ​ភាពតានតឹង និង​ការថប់​បារម្ភ​របស់​បងប្អូន​បាន​ដែរ​ឬទេ ? តើ​ការទៅ​ខាង​ក្រៅ​ជាមួយ​មិត្តភក្ដិ ឬ​ការចុះ​ឈ្មោះ​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន អាច​កាត់បន្ថយ​ភាពឯកោ​បានទេ ? សូម​ពិចារណា​អ្វី​ដែល​បងប្អូន​កំពុង​ជួប​ប្រឈម​មុខ​ជាមួយ និង​ជម្រើស​អ្វី​ខ្លះ​ដែល​អាច​មាន​ប្រយោជន៍​ដល់​បងប្អូន ។

ទន្ទឹម​នឹង​នោះ​ដែរ សូម​កុំ​មើល​ស្រាល​ធនធាន​ខាង​វិញ្ញាណ ។​ ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការបម្រើ និង​ការចូលរួម​នៅ​ព្រះវិហារ ព្រមទាំង​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​ធនធាន​ដ៏​មាន​អានុភាព​ដែល​ចាំបាច់​ណាស់​នៅក្នុង​ការកាត់​បន្ថយ​ការបញ្ឆេះ​នានា ហើយ​ជួយ​ដល់​បងប្អូន​ឲ្យ​បន្ត​រឹងមាំ ។

ផ្នែកទី ៣ ៖ ដាក់​ផែនការ​ពី​អ្វី​ដែល​បងប្អូន​នឹង​ធ្វើ ពេល​ដែល​បងប្អូន​ត្រូវបាន​បញ្ឆេះ ។ សូម​សរសេរ​ផែនការ​ដែល​មាន​ច្រើន​ជំហាន​របស់​បងប្អូន សម្រាប់​ការបញ្ឆេះ​នីមួយៗ ។

ឧទាហរណ៍ ពេល​បងប្អូន​ត្រូវបាន​បញ្ឆេះ បងប្អូន​អាច​បិទ​ទូរសព្ទ​របស់​បងប្អូន​ភ្លាម ផ្ញើ​សារ ឬ​ទូរសព្ទ​ទៅ​នរណា​ម្នាក់ ទៅដើរ ឬ​ហាត់ប្រាណ អាន​ព្រះគម្ពីរ​មរមន ឬ​ធ្វើ​អ្វី​ផ្សេងទៀត​ណា​ក៏​ដោយ ដែល​អាច​ជួយ​បងប្អូន​តម្រង់​គំនិត​របស់​បងប្អូន ។

សូម​សរសេរ​ពីជំហាន​ទាំងឡាយ​ដែល​ជួយ​ដល់​បងប្អូន ! ជួនកាល​ការបញ្ឆេះ​ទាំងឡាយ​នឹង​រំលង​ផុត​ទៅ ដោយ​មិន​ចាំបាច់​ធ្វើ​ជំហាន​ទាំងអស់​ក្នុង​ផែនការ​ការពារ​របស់​បងប្អូន​ទេ ។ ប៉ុន្តែ ជំហាន​ទាំងឡាយ​របស់​បងប្អូន​អាច​ជួយ​ទាញ​បងប្អូន​ចេញ​ពី​គ្រា​នោះ​បាន ។ ពេល​ដែល​ការបញ្ឆេះ​នោះ​រំលង​ផុត​ទៅ សូម​ធ្វើ​បច្ចុប្បន្នភាព​ដល់​ផែនការ​ការពារ​របស់​បងប្អូន​ទៅលើ​អ្វី​ដែល​ដំណើរការ​បាន​ល្អ និង​របៀប​ដែល​វា​អាច​ត្រូវបាន​កែសម្រួល​ដើម្បី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​នៅ​ពេល​ក្រោយ ។ រក្សា​វា​នៅ​កន្លែង​ដែល​បងប្អូន​អាច​មើលឃើញ​វា​ជា​រៀងរាល់​ថ្ងៃ ។

flow chart part 2

៥. យល់​ពី​ការភ្លាត់ និង​ការភ្លាត់​ទៀត

ការភ្លាត់​គឺជា​ពេល​ដែល​បងប្អូន​ធ្វើ​ខុស ប៉ុន្តែ​បងប្អូន​កែប្រែ​ភ្លាមៗ ហើយ​ប្រើប្រាស់​វា​ទុកជា​បទពិសោធន៍​រៀនសូត្រ​មួយ ដើម្បី​កែលម្អ​ផែនការ​ការពារ​របស់​បងប្អូន ។ ការភ្លាត់​ទៀត គឺ​ជា​ពេល​ដែល​បងប្អូន​បោះបង់​ចោល បណ្ដោយ​ខ្លួន​ហួសហេតុ ហើយ​មិន​ខ្វល់ខ្វាយ ។

សូម​ដឹង​ថា ការភ្លាត់​គឺ​ជា​ផ្នែក​នៃ​ការកែ​លម្អ​ផែនការ​ការពារ​របស់​បងប្អូន ។ សូម​កុំ​សន្មត់​ថា បងប្អូន​បាន​បាត់បង់​ការរីក​ចម្រើន​ទាំងអស់​របស់​បងប្អូន ឬ​ការខិតខំ​ទាំងអស់​ដែល​បងប្អូន​បាន​ធ្វើ​ជា​ការ​ឥត​ប្រយោជន៍​នោះ—ពីព្រោះ​វា​ពិត​ជា​មាន​ប្រយោជន៍ ។ សូម​មើល​ឆ្ពោះ​ទៅ​មុខ​ដោយ​ឥរិយាបថ​វិជ្ជមាន ហើយ​សូម​ដឹង​ថា បងប្អូន​ខិត​កាន់តែ​ជិត​ដល់​ការព្យាបាល​មួយ​ថ្ងៃ​ទៀត​ហើយ ។

ពេល​បងប្អូន​មាន​ការភ្លាត់​មួយ សូម​សួរ​ខ្លួន​ឯង​ថា ៖

  • តើ​មាន​រឿង​អ្វី​បាន​កើត​ឡើង ?

  • ហេតុអ្វី​ការបញ្ឆេះ​នេះ​ខុស​គ្នា ?

  • តើ​បងប្អូន​មាន​ភាពតានតឹង​ខ្លាំង​ឬ​មួយ​រយៈ​ថ្មីៗ​នេះ ? តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ?

  • តើ​ការមិន​បាន​សិក្សា​ព្រះគម្ពីរ​មួយ​រយៈ​ធ្វើ​ឲ្យ​បងប្អូន​ទន់ខ្សោយ​ឬ ?

  • តើ​បងប្អូន​មិន​បាន​ហាត់ប្រាណ​ច្រើន​ទេ​ឬ​ថ្មីៗ​នេះ ?

  • តើ​អ្វី​មួយ​នៅក្នុង​ផែនការ​ការពារ​របស់​បងប្អូន​មិន​បាន​ដំណើរការ​ល្អ​ឬ ?

  • តើ​បងប្អូន​អាច​ធ្វើអ្វី​ខុស​ពី​នេះ​នៅពេល​ក្រោយ​ទៀត ?

សូម​សរសេរ​នូវ​អ្វី​ដែល​បងប្អូន​កំពុង​រៀនសូត្រ ហើយ​បន្ត​ទៅ​មុខ​ទៀត !

៦. ជឿ​លើ​ព្រះចេស្ដា​នៃ​ការប្រោស​ឲ្យ​ជា​របស់​ព្រះអង្គសង្គ្រោះ

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​បងប្អូន​នៅក្នុង​ដំណើរ​ដែល​កំពុង​ចម្រើន​លូតលាស់​នៃ​ការប្រែចិត្ត​នេះ ហើយ​ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​ជួយ​បងប្អូន កាលដែល​បងប្អូន​ពុះពារ​ព្យាយាម​យកឈ្នះ​លើ​ការណ៍​អាសគ្រាម ។ ទ្រង់​យល់​ថា​បងប្អូន​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​រង់ចាំ​យក​បន្ទុក​នោះ​ចេញ​ពី​បងប្អូន ។ សូម​កុំ​គិត​ថា ការងាក​ទៅរក​ទ្រង់​បន្ថែម​បន្ទុក​ឲ្យ​ទ្រង់​នោះ​ឡើយ ។ ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​បងប្អូន​រួចហើយ ។ ផ្ទុយទៅវិញ សូម​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​បងប្អូន ចូល​មក​ឲ្យ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ទូល​សូម​ទ្រង់​ឲ្យ​ជួយ​បងប្អូន​បាន​ជា ដើម្បី​ផ្លាស់ប្ដូរ​បំណង​ប្រាថ្នា​របស់​បងប្អូន និង​ដើម្បី​ប្រទាន​ដល់​បងប្អូន​នូវ​កម្លាំង​បន្ថែម​ទៀត​ដើម្បី​បន្ត​ឆ្ពោះ​ទៅ​មុខ ។

ដូច​អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖ « កាល​យើង​បន្ដ​ខំ​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​យើង នោះ​ព្រះ​នឹង​ប្រទានពរ​យើង​នូវ​អំណោយ​នៃ​សេចក្ដី​ជំនឿ​ដើម្បី​បាន​សះស្បើយ និង​នៃ​កិច្ចការ​នៃ​អព្ភូតហេតុ ។ ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​នូវ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​សម្រាប់​ខ្លួន​យើង​បាន » ។

៧. កុំ​ធ្វើ​វា​តែ​ម្នាក់ឯង​ឡើយ

ទំនាក់ទំនង និង​មិត្តភាព​ក៏​អាច​ផ្ដល់​ថាមពល និង​ជំនួយ​ដល់​បងប្អូន​ឲ្យ​ទទួល​បាន​ជោគជ័យ​ផងដែរ ។ បងប្អូន​គប្បី​មាន​នរណា​ម្នាក់​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​រក្សា​ការទទួល​ខុសត្រូវ​លើ​ខ្លួន​ឯង ហើយ​នៅ​ជួយ​បងប្អូន​អំឡុង​ថ្ងៃ​ល្អ​បំផុត និង​អាក្រក់​បំផុត​របស់​បងប្អូន ។ ពួកគេ​គប្បី​គាំទ្រ​បងប្អូន​ដោយ​មិន​វិនិច្ឆ័យ​លើ​បងប្អូន ។ ហើយ​បងប្អូន​ក៏​អាច​ផ្ដល់​ការគាំទ្រ​ដូចគ្នា​នោះ​សម្រាប់​ពួកគេ​ផងដែរ ។ សូម​ស្វែងរក​ការប្រឹក្សា​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​ពី​សមាជិក​គ្រួសារ​របស់​បងប្អូន ។ ហើយ​ប្រសិន​បើ​ចាំបាច់ អ្នកព្យាបាល ឬ​ទីប្រឹក្សា​ផ្នែក​ជំនាញ​សុខភាព​ផ្លូវចិត្ត ក៏​អាច​ជួយ​បងប្អូន​រកឃើញ​ពី​មូលហេតុ​ជាក់ស្ដែង ដែល​ធ្វើ​ឲ្យ​បងប្អូន​អាច​នឹង​មាន​ការលំបាក​ជាមួយ​នឹង​ការណ៍​អាសគ្រាម ។

សូម​ចងចាំ​ថា បងប្អូន​ជា​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ​នៃ​ថ្ងៃ​ស្អែក

បងប្អូន​ជា​ជំនាន់​ដំបូង ដែល​អាច​ចូល​មើល​ការណ៍​អាគ្រាម​បាន​គ្រប់​ពេល​ទាំងអស់ ។ ខ្ញុំ​ជឿ​ថា ឧបសគ្គ​នេះ​មក​ដល់​ចំណុច​កំពូល​ជាមួយ​នឹង​ជំនាន់​របស់​បងប្អូន ដោយសារ​បងប្អូន​នឹង​មាន​ធនធាន និង​ប្រាជ្ញា​ដ៏​ល្អ​ប្រសើរ ដើម្បី​ដឹកនាំ​អ្នក​ផ្សេង​ទៀត​ចេញ​ពី​អន្ទាក់​នេះ ពេល​ដែល​បងប្អូន​ជា​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ​នៅថ្ងៃ​មួយ ។ « ព្រះវរបិតាសួគ៌​ពុំ​ទុក​យើង​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​បរាជ័យ​ទេ ប៉ុន្តែ​ដើម្បី​ទទួល​ជោគជ័យ​ដ៏​រុងរឿង » ។

ថ្វីបើ​គន្លឹះ​ទាំងនេះ​អាច​ជួយ​ដល់​កិច្ចប្រឹងប្រែង​របស់​បងប្អូន​ក្នុង​ការយក​ឈ្នះ​ការណ៍​អាសគ្រាម សូម​កុំ​ខ្លាច​នឹង​ងាក​ទៅ​រក​ធនធាន​ផ្សេងៗ​ទៀត​ផងដែរ ។ ដំណើរ​របស់​មនុស្ស​គ្រប់គ្នា​ទៅកាន់​ការព្យាបាល​គឺ​ខុសៗ​គ្នា ។ សូម​ស្វែងរក​អ្វីដែល​ជួយ​ដល់​បងប្អូន ។ សូម​កុំ​ចុះ​ចាញ់​ឡើយ ។ ធ្វើ​វា​មួយ​ថ្ងៃ​ម្ដងៗ ។ បងប្អូន​អាចធ្វើ​វា​បាន ។ បងប្អូន​ពិត​ជា​អាច ( សូមមើល ភីលីព ៤:១៣ ) ។ ហើយ​បងប្អូន​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់ដែល​បងប្អូន​ត្រូវ​ប្រែក្លាយ ។ ◼

កំណត់​ចំណាំ

  1. ស៊ីស្ទើរ ចយ ឌី ចូនស៍ បាន​ពន្យល់​ពី​ភាពខុសគ្នា​រវាង​តម្លៃ និង​ភាពសក្ដិសម​នៅក្នុង « តម្លៃ​ហួស​ពី​ការអាច​វាស់វែង​បាន » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៤ ។

  2. សូមមើល វេនឌី អ៊ុលរីឆ « ភាពទន់​ខ្សោយ​មិន​មែន​ជា​អំពើ​បាបនោះទេ » លីអាហូណា ខែ មេសា ឆ្នាំ ២០១៥ ទំព័រ ២៣ ។ « Shame versus Guilt: Help for Discerning God’s Voice from Satan’s Lies » ( អត្ថបទ​ដែល​មាន​តែ​ឌីជីថល​ប៉ុណ្ណោះ ) Ensign, ខែ មករា ឆ្នាំ ២០២០ ។

  3. សូមមើល ដាល្លិន អេក អូក « ការជាសះស្បើយ​ពី​អន្ទាក់​នៃ​ការណ៍​អាសគ្រាម » លីអាហូណា ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៥២ ។ ប្រធាន​អូក​ពិពណ៌នា​អំពី​ភាពខុសគ្នា​រវាង​កម្រិត​ខុស​គ្នា​នៃ​ការពាក់ព័ន្ធ​ជាមួយ​ការណ៍​អាសគ្រាម ៖ « (១) ប្រទះ​ភ្នែក​ដោយ​ចៃដន្យ (២) មើល​ម្តងម្កាល (៣) មាន​បំណង​មើល និង (៤) អន្ទះសា​ចង់​មើល ( ញៀន ) » ។ វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា មិនមែន​មនុស្ស​គ្រប់គ្នា​ដែល​ប្រើប្រាស់​ការណ៍​អាសគ្រាម​សុទ្ធតែ « ញៀន » នោះទេ ។ មាន​សេចក្ដីសង្ឃឹម​សម្រាប់​ការយក​ឈ្នះ​ការណ៍​អាសគ្រាម មិន​ថា​បងប្អូន​ស្ថិត​នៅ​ក្នុង​កម្រិត​ពាក់ព័ន្ធ​ណា​មួយ​នោះទេ ។

  4. អូលីសេស សូរ៉េស « ផ្ទុក​ឈើ​ឆ្កាង​របស់​យើង » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១៤ ។

  5. រីឆាដ ជី ស្កត « Learning to Recognize Answers to Prayer » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ៣០ ។