ពួកសាវកចែកចាយ សារនៃសេចក្តីសង្ឃឹម
ថ្នាក់ដឹកនាំសាសនាផ្តល់ការយល់ដឹងអំពីការនៅជិតព្រះ ការងារបម្រើដោយសេចក្តីស្រឡាញ់ និងការឆ្ពោះទៅមុខដោយអត់ធ្មត់ក្នុងពេលមានជំងឺរាតត្បាត ។
ជាការឆ្លើយតបទៅនឹងការរីករាលដាលពាសពេញពិភពលោក អាជ្ញាធរបានដាក់ការហាមបា្រមការជួបគ្នាជាសាធារណៈ និងការអនុវត្តការនៅដោយឡែកពីគ្នា ។ សាលាត្រូវបិទ អ្នកដឹកនាំសាសនាបានលុបចោលការប្រជុំនៅតាមព្រះវិហារ និងអ្នកដែលធ្វើដំណើរនៅខាងក្រៅត្រូវពាក់ម៉ាស់មុខដើម្បីការពារ ។
ឆ្នាំនោះគឺ ១៩១៩ ហើយការរាតត្បាតជំងឺគ្រុនផ្តាសសាយដែលរីកដុសដាលបានចាប់ផ្តើមពីមួយឆ្នាំមុនដែលធ្វើឲ្យមនុស្សរាប់សិបលាននាក់បានបាត់បង់ជីវិត ។១ ព្យាការីថ្មីរបស់សាសនាចក្រ ប្រធាន ហឺប៊ើរ ចេ ក្រាន្ត ( ១៨៥៦–១៩៤៥ ) ត្រូវបានញែកចេញនៅខែវិច្ឆិកា ឆ្នាំ១៩១៨ ប៉ុន្តែអត់បានគាំទ្ររហូតដល់ខែមិថុនា ឆ្នាំ១៩១៩ ដោយសារតែសន្និសីទទូទៅខែមេសាត្រូវបានពន្យារពេល ។
នៅក្នុងអំឡុងពេលនៃកិច្ចបម្រើរបស់លោកបន្ទាប់ពីថ្ងៃដ៏លំបាកទាំងនោះ ប្រធាន ក្រាន្ត បានផ្តល់ការប្រឹក្សាដែលត្រូវនឹងសម័យកាលរបស់យើង នៅពេលដែលលោកបានមានប្រសាសន៍ថា « យើងមកលើផែនដីនេះដើម្បីទទួលបានចំណេះដឹងប្រាជ្ញា និងបទពិសោធន៏ ដើម្បីរៀនមេរៀនទាំងឡាយ រងទុក្ខលំបាក ស៊ូទ្រាំនឹងការល្បួង ហើយទទួលបាននូវជ័យជំនះនៃជីវិតរមែងស្លាប់ » ។ តាមរយៈចំណេះដឹងដែលលោកទទួលបានតាមរយៈបទពិសោធន៏ផ្ទាល់ខ្លួន លោកបានបន្ថែមថា « ខ្ញុំ … ដឹងថា នៅគ្រាលំបាកវេទនា ពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានលួងលោម និងប្រទានពរ ហើយធូរស្រាលចិត្តដែលគ្មានមនុស្សផ្សេងទៀតទេបានទទួល ! »២
នៅក្នុង « ភាពដ៏លំបាករបស់យើង » បច្ចុប្បន្ន ជាមួយនឹងវីរុស កូរូណា យើងទាញយកការលួងលោម និងការធូរស្រាលចិត្តពីដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ចំណេះដឹងរបស់យើងដែលថាព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ ហើយថាទ្រង់បានហៅពួកព្យាការី និងពួកសាវកនៅក្នុងសម័យរបស់យើងដើម្បីដឹកនាំយើងឆ្លងកាត់ព្យុះនៃជីវិតរមែងស្លាប់ គឺជាពរដ៏អស្ចារ្យ ។
ចេញពីការប្រឹក្សាដែលបានចែកចាយនៅក្នុងបទសម្ភាសន៏ថ្មីៗនេះ សមាជិកមួយចំនួននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់រម្លឹកយើងថា យើងអាចមានអារម្មណ៏នៃអំណរ ហើយទន្ទឹងមើលអនាគតដោយក្តីសង្ឃឹម ដោយមិនគិតពីអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួនរបស់យើង ។៣
កិច្ចការឆ្ពោះទៅមុខ
អ៊ែលឌើ ប៊្រូស អ័រ ម៉ាកខនឃី ( ១៩១៥–៨៥ ) មានពេលមួយបានប្រៀបប្រដូចសាសនាចក្រទៅនឹង « រទេះដ៏អស្ចារ្យមួយ » ដែលឆ្ពោះទៅមុខទោះបីជាមានឧបសគ្គក៏ដោយ ។៤ អ៊ែលឌើ ដេវីដ អេ បែដណា បញ្ចាក់ពីសន្ទុះទៅមុខឥតឈប់ឈររបស់រទេះទៅនឹងការរៀបចំដ៏បំផុសគំនិតរបស់សាសនាចក្រ និងក្នុងប្រវត្តិសាស្រ្តរបស់វាជាមួយភាពមិនអនុគ្រោះ ។
លោកបានមានប្រសាសន៏ថា « គ្មានដៃណាអាចបញ្ឈប់ការងារនេះពីការរីកចម្រើនបានទេ »៥ ហើយគ្មានរោគរាតត្បាតណាមួយអាចបញ្ឈប់ការងារនេះពីការរីកចម្រើនបានឡើយ ។ « នៅកណ្ដាលបញ្ហាទាំងអស់ដែលយើងកំពុងប្រឈមមុខជាមួយវីរុសនេះ កិច្ចការនេះនៅឆ្ពោះទៅមុខ ។ … យើងពុំដឹងថាតើវានឹងចំណាយពេលប៉ុន្មាននោះទេប៉ុន្តែយើងនឹងយកឈ្នះ ។ ហើយយើងប្រហែលជាមិនបន្តលំនាំជីវិតចាស់របស់យើងដូចយើងបានដឹងពីមុននោះទេ ប៉ុន្តែការសម្របខ្លួន និងការផ្លាស់ប្តូរទាំងនោះនឹងមានលក្ខណៈវិជ្ជមាន » ។
អ៊ែលឌើ ឃ្វីនថិន អិល ឃុក បានមានប្រសាសន៍ថាការរៀបចំប្រកបដោយការបំផុសគំនិតរបស់សាសនាចក្ររួមមានគំរូទាន់ពេលវេលា ដូចជាការសង្កត់ធ្ងន់ទៅលើការប្រជុំថ្ងៃឈប់សម្រាក ការពង្រឹងដល់កូរ៉ុមបព្វជិតភាពមិលគីស្សាដែកនិងសមាគមសង្គ្រោះ ការផ្លាស់ប្តូរការងារបម្រើ និងការណែនាំនៃ ចូរមកតាមខ្ញុំ វីដេអូរបស់ព្រះគម្ពីមរមន ព្រមទាំងកម្មវិធីកុមារ និងយុវវ័យ ។
លោកបានមានប្រសាសន៍ថា « យើងនឹងក្រឡេកមើលរឿងនេះ ថាជាពេលវេលាគ្រឹះមួយនៃការរៀបចំ ហើយមិនមែនគ្រាន់តែជាអ្វីដែលយើងត្រូវស៊ូទ្រាំប៉ុណ្ណោះទេ » ។
ប្រធាន អិម រ័សុល បាឡឺដ ដែលជាប្រធានស្តីទីនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក៏យល់ស្រប ។ ទោះបីជាមានការបិទព្រះវិហារបរិសុទ្ធ និងសាលជំនុំបណ្តោះអាសន្ន ក៏សមាជិកនៃសាសនាចក្រមានឧបករណ៏ខាងវិញ្ញាណដែលពួកគេត្រូវការដើម្បីដើរឆ្ពោះទៅមុខ ។
ប្រធានបាឡឺដ ចងចាំពីអារម្មណ៏ដែលលោកបានមាននៅពេលត្រឡប់មកពីព្រះវិហារវិញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ ដោយបានដឹងថា កំពង់ផែគុជត្រូវបានវាយប្រហា ហើយសហរដ្ធជិតនឹងត្រូវចូលទៅក្នុងសង្គ្រាមលោកលើកទី២ ។ ដូចមនុស្សសព្វថ្ងៃនេះ លោកបានមានការព្រួយបារម្មណ៏អំពីអនាគត និងមានការឆ្ងល់ថាតើ អនាគតផ្ទាល់ខ្លួនរបស់លោកនឹងត្រូវបាត់បង់ឬយ៉ាងណា ។
លោកបានមានប្រសាសន៏ថា« ប៉ុន្តែវាមិនមែនជាអ្វីដែលបានកើតឡើងនោះទេ » ។ ដូចប្រជាជនសេរីនៃពិភពលោកបានឈ្នះសង្គ្រាមនោះដែរ នោះពិភពលោកនឹងឈ្នះសង្គ្រាម ប្រឆាំងនឹងវីរុសនេះ ។ លោកបានមានប្រសាសន៍ថា « អ្វីៗនឹងល្អប្រសើរឡើងនៅពេលយើងបង្វែរចិត្តរបស់យើងទៅរកព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ហើយមើលទៅទ្រង់ និងព្រះអង្គសង្គ្រោះ ជាអង្គប្រោសលោះនៃមនុស្សជាតិទាំងអស់ » ។
វិធីម៉្យាងទៀតដែលសាសនាចក្រដើរឆ្ពោះទៅមុខនោះគឺតាមរយៈការខិតខំផ្សព្វផ្សាយសាសនារបស់ខ្លួនដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូរស្ថានភាពពិភពលោក ។ អ៊ែលឌើ ឌៀថើ អេហ្វ អុជដូហ្វ បានមានប្រសាសន៏ថា អ្នកដឹកនាំសាសនាចក្របាននឹងកំពុងសិក្សាវិធីថ្មីៗក្នុងការចែកចាយដំណឹងល្អតាំងពីមុនពេលជំងឺកូវីដ១៩ចាប់ផ្តើមរំខានដល់ការផ្សព្វផ្សាយសាសនាម៉្លេះ ។ ការរអាក់រអួលនេះរួមមានការបញ្ចូនអ្នកផ្សព្វផ្សាយសាសនារាប់ពាន់អ្នកទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ដោយដោះលែងអ្នកខ្លះមុនពេលកំណត់ និងចាត់តាំងឡើងវិញអ្នកផ្សេងទៀត ។
លោកបានមានប្រសាសន៍ ថា « កូវីដ១៩បានបង្កើនការគិតរបស់យើងអំពីរឿងនេះយ៉ាងខ្លាំង និងបានបើកភ្នែករបស់យើងផងដែរ » ។ ជាលទ្ធផល បច្ចេកវិទ្យា និងបណ្តាញសង្គម ឥឡូវនេះកំពុងបើកទ្វារដែលពីមុនត្រូវបានបិទទ្វារដោយសហគមន៏ និងផ្ទះ ព្រមទាំងអាគារផ្ទះល្វែងទាំងនោះដែលមិនអាចចូលបាន ។
អ៊ែលឌើ អុជដូហ្វ បានបន្ថែមថា « កិច្ចការផ្សព្វផ្សាយសាសនានឹងបន្តទៅមុខទោះបីជាមានរោគរាតត្បាតយ៉ាងណាក៏ដោយ » ។ « យើងបន្តរៀនអំពីរបៀបដើម្បីអភិវឌ្ឍកិច្ចការផ្សព្វផ្សាយសាសនានៅពេលនេះ និងសម្រាប់ពេលអនាគត ។ ព្រះអម្ចាស់បានសន្យាថា នឹងពន្លឿនកិច្ចការរបស់ទ្រង់សម្រាប់ជាពរជ័យដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៣ ) ។ ខ្ញុំមានអារម្មណ៏ថា យើងនៅពាក់កណ្តាលផ្លូវនៃដំណើរការនេះ ខណៈពេលដែលកំពុងរស់នៅឆ្លងកាត់គ្រាដ៏លំបាកនេះ ។ ពួកអ្នកផ្សព្វផ្សាយសាសនាដ៏មានតម្លៃរបស់យើង គឺជាអ្នកត្រួសត្រាយផ្លូវនៅសម័យរបស់យើង ដោយបង្ហាញផ្លូវនៃការចែកចាយដំណឹងល្អតាមវិធីថ្មីដែលសមស្របនឹងកាលៈទេសៈរបស់យើងដើម្បីឲ្យសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នឹងបន្ត « រមៀលចេញទៅដល់ទីបំផុតផែនដី » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥:២ ) ។
ឱកាសថ្មីសម្រាប់ការចែកចាយដំណឹងល្អមិនមែនជាអ្វីតែម្យ៉ាងដែលកំពុងបើកនោះទេ ។ អែលឌើរឌី ថត គ្រីស្តូហ្វើសិន បានមានប្រសាសន៏ថា ដួងចិត្តក៏បានបើកផងដែរពីព្រោះនៅពេលលំបាកតែងតែធ្វើឲ្យមនុស្សចេះបន្ទាបខ្លួន និងធ្វើឲ្យពួកគេងាកទៅរកព្រះ ។
« ពួកគេអាចនឹងបើកចំហរបន្តិចដើម្បីគិតថា ‹ ប្រហែលជាខ្ញុំត្រូវការអ្វីក្រៅពីគណនីធនាគាររបស់ខ្ញុំ ។ លោកបានមានប្រសាសន៏ថា ប្រហែលជាមានអ្វីច្រើនជាងជីវិតដែលខ្ញុំកំពុងរស់នៅនេះ › » ។
អែលឌើរឌី ថត គ្រីស្តូហ្វើសិន បានលើកទឹកចិត្តសមាជិកទាំងឡាយឲ្យរកមើលឱកាសផ្សព្វផ្សាយសាសនា ដូចជាចែកចាយសារដែលទាក់ទងទៅនឹងដំណឹងល្អ និងចែកចាយតាមរយៈបណ្តាញសង្គម ទំនាក់ទំនងជាមួយអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងអំពីការជួយមនុស្សដែលពួកគេកំពុងបង្រៀនតាមអិនធើណែត និងទំនាក់ទំនងជាមួយមនុស្សដែលពួកគេមិនអាចជួបជាញឹកញាប់ ។
ការរក្សាគម្លាតខាងសង្គម និងការឃ្លាតឆ្ងាយខាងវិញ្ញាណ
វិធីមួយទៀតដែលសាសនាចក្រដើរឆ្ពោះទៅមុខនោះគឺតាមរយៈការឆ្លើយតបខាងវិញ្ញាណនៃពួកបរិសុទ្ធថ្ងៃចុងក្រោយចំពោះឧបសគ្គខាងសាច់ឈាមដូចជាជំងឺកូវីដ ១៩ ។ សម្រាប់ការការពាររាងកាយរបស់យើង យើងបង្កើនគម្លាតខាងរូបកាយពីអ្នកដទៃ ប៉ុន្តែដើម្បីការពារខាងវិញ្ញាណ យើងចូលកាន់តែជិតព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង និងបុត្រារបស់ទ្រង់ ។ ជំងឺរាតត្បាតកូវីដ-១៩បានផ្តល់ឱកាសដល់សមាជិកសាសនាចក្រជាច្រើនដើម្បីបង្កើនការការពារខាងវិញ្ញាណដោយធ្វើតាមការណែនាំរបស់ប្រធាន រ័សុល អិម ណិលសុន ដើម្បីស្តាប់តាមព្រះអម្ចាស់ ។
ប្រធាន រ័សុល អិម ណិលសុនបានមានប្រសាសន៏នៅខែមេសា ឆ្នាំ២០២០ នៅក្នុងសន្និសីទទូទៅថា « ព្រះវរបិតាយើងដឹងថានៅពេលយើងត្រូវបានហ៊ុំព័ទ្ធដោយភាពមិនប្រាកដប្រជា និងភាពភ័យខ្លាច អ្វីដែលនឹងជួយយើងបំផុតនោះគឺស្ដាប់តាមព្រះរាជបុត្រាទ្រង់ » ។ លោកបានបន្ថែមទៀតថា « នៅពេលយើងស្វែងរកដើម្បីធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ កិច្ចខិតខំរបស់យើងដើម្បីស្ដាប់ទ្រង់ចាំបាច់ត្រូវមានដោយគោលបំណងកាន់តែខ្លាំង ។ វាត្រូវការខិតខំដោយមនសិកា និងប្រកាន់ខ្ចាប់ដើម្បីបំពេញជីវិតប្រចាំថ្ងៃរបស់យើងដោយព្រះបន្ទូលរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងសេចក្ដីពិតរបស់ទ្រង់ » ។៦
ខណៈពេលដែលយើងមិនស្វាគមន៏ការពន្យារពេលនៃការប្រជុំ ការបិទព្រះវិហារបរិសុទ្ធ ឬការបាត់បង់ការងារ ការចំណាយពេលច្រើននៅផ្ទះផ្តល់ឲ្យយើងនូវ « ឱកាសដើម្បីគិតអំពីការភ្ញាក់ខ្លួនចំពោះព្រះ » ( សូមមើល អាលម៉ា ៥:៧ ) ប្រសាសន៏របស់អែលឌើរ ឃុក ។ « ប្រហែលជាព្រឹត្តិការណ៏ថ្មីៗនេះអាចជានាឡិការោទិ៍ខាងវិញ្ញាណដែលផ្តោតលើយើងនូវរឿងដែលសំខាន់បំផុត ។ ប្រសិនបើដូច្នោះមែន វាគឺជាពរជ័យមួយដ៏អស្ចារ្យនៅក្នុងរយៈពេលនេះដើម្បីផ្តោតលើអ្វីដែលយើងអាចធ្វើឲ្យល្អឥតខ្ចោះនៅក្នុងជីវិតរបស់យើង និងរបៀបដែលយើងអាចផ្ដល់ពរដល់ជីវិតអ្នកដទៃទៀត នៅពេលយើងភ្ញាក់រលឹកចំពោះព្រះហើយដើរលើផ្លូវនៃសេចក្តីសញ្ញា » ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបន្ថែមថា « ពេលវេលាបែបនេះអញ្ជើញយើងឲ្យមើលទៅក្នុងព្រលឹងរបស់យើង ដើម្បីមើលថាតើយើងចូលចិត្តអ្វីដែលយើងបានឃើញនៅទីនោះដែរឬទេ ។ នោះគឺជាពេលដែល [ យើង ] គិតថាតើ [ យើង ]ជានរណា និងអ្វីដែលសំខាន់ » ។
អែលឌើរ ហូឡិន បានមានប្រសាសន៍ថា ពេលវេលាបែបនេះអញ្ជើញយើងឲ្យបង្កើនសេចក្ដីជំនឿ ការបម្រើ និងការដឹងគុណរបស់យើង ដែលជំរុញយើងឲ្យ « ពិចារណាលើការពឹងផ្អែករបស់យើងទៅលើព្រះ និងពរជ័យទាំងឡាយដែលមកពីទ្រង់ដែលជារឿយៗយើងតែងតែមិនសូវចាប់អារម្មណ៏ » ។ « យើងជំពាក់ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ដើម្បីដឹងគុណបន្ថែមទៀត មានអំណរគុណបន្ថែមទៀត និងមានទំនោរបន្ថែមទៀតដើម្បីចាំពីបញ្ហាជាច្រើនដែលត្រូវបានដោះស្រាយដោយសារព្រះ ពួកទេវតា កិច្ចព្រមព្រៀងនៃការសន្យា និងការអធិស្ឋាន » ។
នៅចំកណ្តាលនៃការដឹងគុណរបស់យើងគឺជាពរជ័យនៃការចងចាំ « តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណាដល់កូនចៅមនុស្ស ចាប់តាំងពីកំណើតលោកអ័ដាមមក រហូតមកដល់ពេល [ នេះ ] » ( អាលម៉ា១០:៣ ) ។ សមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់បានមានប្រសាសន៏ថា នៅពេលណាដែលយើងត្រូវបានតម្រូវឲ្យ « រស់នៅនឹងកន្លែង » យើងអាចធ្វើតាមគំរូររបស់នីហ្វៃ និងអាលម៉ាដោយចងចាំថា ទ្រង់ជាអ្នកដែល « [ យើង ] ទុកចិត្ត » ព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទ « នឹងនៅតែដោះលែង [ យើង ] » ។ ( នីហ្វៃទី២៤:១៩; អាលម៉ា៣៦:២៧ ) ។ ហើយយើងអាចចាំបានដូចសាវកប៉ុលបានបង្រៀនថា គ្មានអ្វីដែល « ពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន » ឡើយ ( សូមមើល រ៉ូម ៨:៣៥ ) ។
អ៊ែលឌើរ ហូឡិន បានមានប្រសាសាសន៏ថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទ « ជាទីជ្រករបស់យើង » ( សូមមើល ទំនុកដំកើង ៦១:១–៤ ) ។ « ទោះបីមានអ្វីផ្សេងទៀតកើតឡើងក៏ដោយ យើងនឹងមិនត្រូវឃ្លាតឆ្ងាយពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះ និងភាពជាដៃគូរបស់ទ្រង់បានឡើយ ទោះបីយើងមិនស្គាល់វានៅពេលនោះក៌ដោយ ។ ព្រះវិញ្ញាណមិនត្រូវបានរាំងស្ទះដោយវីរុស ឬដោយព្រំដែនជាតិ ឬដោយការព្យាករខាងវេជ្ជសាស្ដ្រឡើយ » ។
« ធ្វើរឿងសប្បុរស »
ថ្មីៗនេះ នៅពេលអានរបាយការណ៏ដែលបង្កើតឡើងដោយគណៈកម្មាធិការសាសនាចក្រមួយ អែលឌើរ គ្រីស្តូហ្វឺសិន មានការព្រួយបារម្ភអំពីផលប៉ះពាល់នៃ « ការនៅតែឯងដោយបង្ខំ » ដែលអាចកើតមានឡើងចំពោះសមាជិកនៅលីវរបស់សាសនាចក្រ—ទាំងនៅក្មេងនិងចាស់ ។
លោកបាននិយាយថា « ការនៅតែឯងដោយបង្ខំអាចនាំទៅរកភាពឯកោ ហើយភាពឯកោអាចនាំឲ្យមានភាពអវិជ្ជមានចំពោះរាងកាយ និងបញ្ហាសុខភាពខាងសតិអារម្មណ៏ ។ « ដើម្បីទប់ទល់នឹងបញ្ហានេះ អ្នកតស៊ូមតិផ្នែកសុខភាពសាធារណៈមួយចំនួនបានផ្តល់អនុសាសន៏ថាអស់អ្នកណាដែលមានភាពឯកោគួរស្វែងរកមធ្យោបាយដើម្បីធ្វើរឿងល្អសម្រាប់នរណាម្នាក់ » ។
អែលឌើរ គ្រីស្តូហ្វឺសិន បានមានប្រសាសន៏ថា ពួកបរិសុទ្ធថ្ងៃចុងក្រោយអាចរកវិធីដើម្បីបម្រើ ជួយ និងបរិច្ចាគដល់អ្នកដទៃ ជាពិសេសដល់អ្នកទាំងឡាយណាដែលឯកោ ហើយសមាជិកដែលឯកោដែលផ្តល់ការបម្រើដល់អ្នកដទៃអាចបន្ថយអារម្មណ៏ឯកោរបស់ពួកគេបាន ។
លោកបាននិយាយថា « ផ្តោតទៅលើការងារបម្រើ » ។ « មានរឿងច្រើនដែលយើងអាចធ្វើបានសម្រាប់គ្នាទៅវិញទៅមកដើម្បីឲ្យមានអារម្មណ៏នៃភាពជាបងប្អូនប្រុសស្រី និងភាតរភាព ។ នេះជាពេលវេលាមួយដែលកូរ៉ុមអ៊ែលឌើ និងសមាគមសង្គ្រោះពិតជាអាចចូលមកនៅក្នុងក្រុមរបស់ពួកគេផ្ទាល់ និងផ្តល់នូវអ្វីដែលពិសេសដែលពួកគេត្រូវបានរៀបចំតែមួយគត់ដើម្បីធ្វើ » ។
លោកបានស្នើថា ជាជាងផ្ញើសារទៅនរណាម្នាក់ « ខ្ញុំគិតថាវាជាការប្រសើរណាស់ក្នុងការហៅទូរស័ព្ទទៅនរណាម្នាក់ដោយប្រើបច្ចេកវិទ្យាចាស់ហៅថាទូរស័ព្ទ ។ គ្រាន់តែហៅទូរសព្ទដើម្បីនិយាយ និងធ្វើការប្រាស្រ័យទាក់ទង ។ អនុញ្ញាតឲ្យពួកគេឮសំឡេង » ។
កិច្ចប្រឹងប្រែងតូចៗដើម្បីឈោងទៅជួយអ្នកដទៃអាចធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំង ធ្វើឲ្យថ្ងៃរបស់នរណាម្នាក់ភ្លឺថ្លាដែលយើងប្រហែលជាមិនអាចដឹងបាន ។ អែលឌើរ ឃុក បានមានប្រសាសន៏ថា « ការងារបម្រើរបស់យើងគឺចាំបាច់ណាស់ជាមួយមនុស្សដែលនៅឯកោ » ។
អែលឌើរ ហូឡិន បានណែនាំថា « យើងគួរតែលះបង់ចំណែកណាមួយនៅក្នុងមួយថ្ងៃរបស់យើងដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្សដែលត្រូវការការជំរុញ ។ ជាការពិតណាស់ យើងទទួលបានការជំរុញពីការធ្វើដូច្នោះ មនុស្សគ្រប់រូបត្រូវបាន ‹ លើកឡើង › ( នីហ្វៃទី៣ ២៧:១៤, ១៥ ) ដូចដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា ទ្រង់ត្រូវបានបញ្ចូនមកផែនដីឲ្យធ្វើ » ។
វិធីមួយទៀតដែលយើងអាចលើកខ្លួនឯង និងអ្នកដទៃទៀតគឺត្រូវត្រៀមសម្រាប់ថ្ងៃដែលព្រះវិហារបរិសុទ្ធបើកឡើងវិញ ។ អែលឌើរ បែដណា បានមានប្រសាសន៏ថា ការបិទព្រះវិហារបរិសុទ្ធ—មិនថាសម្រាប់ការរាតត្បាត ការកែរលំអរ ឬការសម្អាត—« ផ្តល់នូវឱកាសអស្ចារ្យដើម្បីរៀនបន្ថែមអំពីការស្រាវជ្រាវពង្យប្រវត្តិ ការធ្វើលិបិក្រម និងវិធីដើម្បីរៀបចំឈ្មោះជាច្រើនសម្រាប់ថ្ងៃដែលទ្វារព្រះវិហារបរិសុទ្ធបើកម្តងទៀត » ។
អែលឌើរ បែដណា បានបន្ថែមថា មិនថាព្រះវិហារបរិសុទ្ធបានបើក ឬបិទនោះទេ ក៍សមាជិកនៃសាសនាចក្រនៅតែព្យាយាមធ្វើឲ្យមានភាពសក្កិសមនិងមានបណ្ណ័ព្រះវិហារបរិសុទ្ធបច្ចុប្បន្នមួយ ។
មេរៀនដែលព្រះអម្ចាស់ចង់ឲ្យយើងរៀន
ដូចអែលឌើរ បែដណា បានចង្អុលបង្ហាញថាខណៈដែលគ្មាននរណាម្នាក់ជ្រើសរើសយកបទពិសោធន៏នៃការរាតត្បាតនៃជំងឺ កូវីដ ១៩ ក៏គ្រោះកាចនៃថ្ងៃចុងក្រោយមានលើយើងដែរ ។
លោកបានមានប្រសាសន៍ថា « ដោយមានទស្សនវិស័យអស់កល្បដែលដំណឹងល្អដែលបានស្តារឡើងវិញផ្តល់ឲ្យ និងព្រះគុណដែលបានមកពីដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ យើងអាចរៀនមេរៀនពីភាពលំបាកនៃជីវិតរមែងស្លាប់ដែលរៀបចំយើងសម្រាប់ពរជ័យនៃភាពអស់កល្បជានិច្ច » ។ « យើងត្រូវធ្វើការអធិស្ឋាន ។ យើងត្រូវតែស្វែងរក ។ យើងត្រូវតែទូលសុំ ។ យើងត្រូវតែមានភ្នែកដែលមើលឃើញ និងត្រចៀកដែលស្ដាប់ឮ ។ ប៉ុន្តែយើងអាចទទួលបានពរជ័យតាមវិធីគួរឲ្យកត់សម្គាល់ ដើម្បីរៀនមេរៀនដែលនឹងផ្ដល់ពរដល់យើងនៅពេលឥឡូវនេះ និងជារៀងរហូត » ។
ប្រធានបាឡឺដ បានមានប្រសាសន៏ថា ដោយមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើគ្រួសារនៅលើពិភពលោក កូវីដ ១៩ បានបង្រៀនមនុស្សឲ្យបង្ហាញការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះអ្នកដទៃ ។
លោកបានមានប្រសាសន៍ថា « យើងនឹងដឹងថាគ្រួសាររបស់យើងមានតម្លៃប៉ុណ្ណា អ្នកជិតខាងរបស់យើងមានតម្លៃប៉ុណ្ណា និងសមាជិកក្រុមជំនុំមានតម្លៃណាស់ » ។ « មានមេរៀនដែលយើងកំពុងរៀននៅពេលនេះដែលនឹងធ្វើឲ្យយើងក្លាយទៅជាមនុស្សកាន់តែប្រសើរ » ។
ហើយនៅពេលព្យុះនាពេលបច្ចុប្បន្នឆ្លងផុតទៅ តើយើងអាចរំពឹងអ្វីនៅពេលនោះ ? អែលឌើរ អុជដូហ្វ បានមានប្រសាសន៍ថា ដូចគ្នាច្រើនទៀត ។ បុត្រាបុត្រីរបស់ព្រះនៅក្នុងសាសនាចក្រ ឬនៅក្រៅសាសនាចក្រនឹងបន្តប្រឈមមុខនឹងឧបសគ្គ ។
លោកបានមានប្រសាសន៍ថា « យើងកំពុងរស់នៅក្នុងគ្រាមួយដែលយើងពិតជាចាំបាច់ត្រូវការការរៀនសូត្រ » ។ ហើយមេរៀនដែលសំខាន់បំផុតដែលយើងអាចរៀននោះគឺថាចម្លើយចំពោះបញ្ហាប្រឈមមុខនាពេលខាងមុខជាចម្លើយចំពោះបញ្ហាប្រឈមមុខបច្ចុប្បន្នដែរ ៖ គឺដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្ទ ។
អែលឌើរ ហូឡិន បានមានប្រសាសន៏ថា ពីព្រោះពួកបរិសុទ្ធថ្ងៃចុងក្រោយមានដំណឹងល្អដែលបានស្ដារឡើងវិញ ពួកគេអាចរៀនដើម្បីមានភាពវិជ្ជមាននិងមានសុទិដ្ឋិនិយម ធ្វើឲ្យអស់ពីសមត្ថភាព និងទទួលយកព្រះអម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់នៅពេលទ្រង់បានមានបន្ទូលថា « ចូរយើងប្រព្រឹត្តការណ៍ទាំងនេះ ដែលនៅក្នុងអំណាចយើងដោយមានចិត្តរីករាយចុះ ហើយលំដាប់នោះ យើងអាចឈរនៅស្ងៀមដោយជឿជាក់ថានឹងបានឃើញសេចក្ដីសង្គ្រោះពីព្រះ និងបានព្រះពាហុទ្រង់បើកសម្ដែងមកឲ្យឃើញ »( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៣:១៧ ) ។
អែលឌើរ ហូឡិន បានមានប្រសាសន៏ថា « មានអ្វីជាច្រើនដែលត្រូវរីករាយ នៅពេលយើងធ្វើឲ្យប្រសើរឡើងនូវជំនឿរបស់យើង ទុកចិត្តទៅលើព្រះអម្ចាស់និងមើលឃើញអព្ភូតហេតុនៃការរំដោះរបស់ទ្រង់ » ។ ◼