យុវមជ្ឈិមវ័យ
តើការញៀនដូចគ្នានឹងការបះបោរដែរឬទេ ?
អ្នកនិពន្ធរស់នៅរដ្ឋតិចសាស ស.រ.អា. ។
ការយល់ដឹងប្រសើរមួយអំពីការញៀន អាចជួយយើងឲ្យទុកចិត្តថា ថ្ងៃមួយ ព្រះអម្ចាស់នឹងរំដោះយើងឲ្យរួចពីសេវកភាព ។
នៅក្នុងពិភពលោកដ៏ធ្លាក់ចុះរបស់យើង ការញៀនគឺជាភាពពិតដ៏ថប់អារម្មណ៍ និងផ្លាស់ប្ដូរជីវិតសម្រាប់មនុស្សមួយចំនួនន ។ ពេលយើងប្រើប្រាស់អ្វីមួយដោយហួសកម្រិត ដើម្បីគេចពី ជីវិត ដូចជា អាហារ ថ្នាំត្រូវមានវេជ្ជបញ្ជា បណ្ដាញសង្គម ការនិយាយដើមគេ ការណ៍អាសគ្រាម ការកុហក់ ល្បែងស៊ីសង ឬសូម្បីតែជាការហាត់ប្រាកម្រិ យើងអាចងាយ នឹងឃើញថា ខ្លួនយើងជាប់នៅក្នុងវដ្ដនៃការញៀនមួយ ។
កាលដែលខ្ញុំមើលឃើញមនុស្សដ៏ប្រពៃ ពេញដោយក្ដីស្រឡាញ់ ស្រទន់នៅជុំវិញខ្ញុំ ជួបការលំបាកនឹងការញៀន មិនត្រឹមតែចុះចាញ់នឹងជម្រើសខុសប៉ុណ្ណោះទេ ខ្ញុំបានងាកទៅរកព្រះគម្ពីរ និងការស្រាវជ្រាវថ្មីៗអំពីការញៀន ដើម្បីយល់ឲ្យកាន់តែប្រសើរឡើងពីកម្លាំងចរន្តចិត្តនៃសរសៃប្រសាទ និងចំណង់ដែលពិបាកនឹងទប់ទាំងនេះ ។
ស្មៅនៃការញៀន
ការគ្រប់គ្រងការញៀនអាចប្រដូចទៅនឹងការថែសួន ។ យើងមិនមែនដកស្មៅចេញតែម្ដង ហើយរំពឹងថារួចហើយនោះទេ ។ យើងដឹងថាស្មៅនឹងដុះឡើងទៀត ដូច្នេះយើងដកស្មៅចេញដោយប្រុងប្រយ័ត្ន និងជាទៀងទាត់ ដើម្បីការពារដំណាំ ។
ប្រសិនបើយើងកំពុងពុះពារនឹងការញៀន យើងអាចក្លាយជាបាក់ទឹកចិត្ត ពេលយើងភ្លាត់ម្ដងទៀត សូម្បីតែបន្ទាប់ពីការប្រែចិត្ត និងស្វែងរកជំនួយហើយក៏ដោយ ។ យើងអាចនឹងភ្ញាក់ផ្អើល ហើយថប់អារម្មណ៍ ដែលការល្បួងទាំងនេះខ្លាំងឡើង ជាពិសេសបន្ទាប់ពីគ្រាដ៏រីករាយខ្លាំង ឬសោកសៅខ្លាំងនៅក្នុងជីវិតរបស់យើង ។ ( ដូចជាស្មៅដែលទំនងជានឹងលូតលាស់ថែមទៀត បន្ទាប់ពីភ្លៀងធ្លាក់ដ៏ស្រស់ស្រាយ ឬព្យុះដ៏ខ្លាំងរួចមក ) ។
ការញៀន ទល់នឹង ការបះបោរដោយចេតនា
ខ្ញុំបានឃើញថា សាតាំងប្រើប្រាស់ការញៀនជា « ភស្ដុតាង » ថា យើងមានបំណងប្រាថ្នាជាប់ទាក់ទងនឹងការអាក្រក់ ថាយើងត្រូវវិនាសតាំងពីដំបូង ឬថាព្រះអម្ចាស់បានបោះបង់យើងចោលហើយ ។ អារក្សប្រើប្រាស់ភាពអាម៉ាស់ ដើម្បីបំបាក់ទឹកចិត្តយើង ដោយចង្អុលបង្ហាញថា មិនថាយើងប្រែចិត្តប៉ុន្មានដងទេ ការល្បួងនៅតែបន្តកើតឡើង ។
មានហេតុផលជាច្រើន ដែលមនុស្សងាយនឹងញៀន ប៉ុន្តែជាញឹកញាប់ការញៀនច្រើនចាប់ផ្ដើមដោយការប៉ុនប៉ងដើម្បីធ្វើឲ្យស្កប់ស្កល់ដល់ « តម្រូវការស៊ីជម្រៅ និងមិនពេញលេញ » ។១ ដូច្នេះ ខណៈដែលការបះបោរអាចនាំទៅកាន់ការញៀន ហើយការញៀនអាចបណ្ដាលឲ្យមានបាប នោះជាញឹកញាប់ ពួកវាត្រូវបានសាបព្រោះ ឬពង្រីកភាពទន់ខ្សោយ ជាជាងឲ្យការបះបោរដោយចេតនា ។២
សូមអរគុណ ដែលយើងដឹងថា ភាពទន់ខ្សោយអាចផ្ដល់ឲ្យយើងនូវឱកាសដើម្បីរៀនអំពីព្រះគុណ ហើយអភិវឌ្ឍសេចក្ដីជំនឿដ៏ជ្រាលជ្រៅលើព្រះចេស្ដានៃការប្រោសឲ្យជារបស់ព្រះយេស៊ូវគ្រីស្ទ ។៣
ទម្រាំដល់ការរំដោះឲ្យរួចពីសេវកភាព
យើងរកឃើញការយល់ដឹងក្នុងការគ្រប់គ្រង និងដោះខ្លួនចេញពីអន្ទាក់នៃការញៀន ពីមនុស្សពីរក្រុមនៅក្នុងព្រះគម្ពីរមរមន ៖ ប្រជាជនរបស់លិមហៃ និងប្រជាជនរបស់អាលម៉ា ។
ក្រុមទាំងពីរបាននៅក្នុងសេវកភាពអស់ពេលយ៉ាងយូរ ។ ទាំងពីរក្រុមបានដឹងថា « គ្មានផ្លូវណា ដែលគេអាចដោះខ្លួនឲ្យរួច » ពីការជាប់ឃុំឃាំងនោះឡើយ ( ម៉ូសាយ ២១:៥ ) ។ ជាមួយនឹងពេលវេលា ទាំងពីរក្រុមបានងាកទៅរកព្រះអម្ចាស់ដើម្បីបានជំនួយ ។
ប្រជាជនរបស់លិមហៃបាននៅក្នុងសេវកភាព ដោយសារមូលហេតុនៃអំពើរំលងទាំងឡាយ ។ ដោយមិនបានស្វែងរកជំនួយរបស់ព្រះអម្ចាស់ ពួកគេបានតយុទ្ធនឹងអ្នកជិះជាន់ពួកគេទាំង « ខឹង » ចំនួនបីដង ។ ពួកគេបានចាញ់រាល់ដង ។ ពេលពួកគេបានចាប់ផ្ដើមបន្ទាបខ្លួនរបស់ពួកគេ « ព្រះអម្ចាស់ទ្រង់ក្រឮសម្រែករបស់ពួកគេ … [ ប៉ុន្តែទ្រង់ ] គង់តែ … បានឮសម្រែករបស់គេដែរ ហើយបានចាប់ផ្ដើមបន្ទន់ចិត្តពួកលេមិន ដើម្បីពួកគេបានចាប់ផ្ដើមសម្រាលបន្ទុកឲ្យគេ » ( ម៉ូសាយ ២១:១៥ ការសង្កត់ន័យត្រូវបានបន្ថែម ) ។ ពួកគេត្រូវបានប្រទានពរចំពោះការបង្កើនការបន្ទាបខ្លួនរបស់ពួកគេ ប៉ុន្តែ « ព្រះអម្ចាស់ទ្រង់មិនបានទតឃើញថាល្មមនឹងដោះពួកគេឲ្យផុតពីសេវកភាពនៅឡើយទេ » រហូតដល់ពេលក្រោយយូរទៀត ។
ប្រជាជនរបស់អាលម៉ាបាននៅក្នុងសេវកភាព ថ្វីបើពួកគេសុចរិតក្ដី ប៉ុន្តែពួកគេ « បានថ្វាយដួងចិត្តគេដល់ [ ព្រះ ] » ។ សូម្បីតែបានត្រាស់ដឹងពីបំណងប្រាថ្នាដ៏សុចរិតរបស់ពួកគេក្ដី ក៏ព្រះបានអនុញ្ញាតឲ្យមានពេលរវាងការជាប់ឃុំឃាំង និងការរំដោះឲ្យរួចរបស់ពួកគេដែរ ។ កាលដែលពួកគេបន្តពឹងផ្អែកលើទ្រង់ នោះទ្រង់បានសន្យាថាទ្រង់នឹង « សម្រាលបន្ទុកទាំងឡាយដែលដាក់នៅលើស្មាអ្នកផង ហើយសូម្បីតែរូបអ្នកក៏នឹងមិនអាចចាប់អារម្មណ៍ថា មានបន្ទុកទាំងនោះនៅលើខ្នងអ្នកឡើយ ទោះនៅពេលអ្នកជាប់នៅក្នុងសេវកភាព [ នៅឡើយ ] ក្ដី » ។ ជាការតបស្នង ពួកគេ « បានធ្វើតាមអស់ទាំងព្រះហឫទ័យនៃព្រះអម្ចាស់ ដោយការរីករាយ និងដោយការអត់ធន់ » ( ម៉ូសាយ ២៤:១២, ១៤, ១៥ ) ។
នៅទីបំផុតមនុស្សទាំងពីរក្រុមនោះត្រូវបានរំដោះឲ្យរួច ។ យើងក៏ត្រូវបានសន្យាផងដែរថា ប្រសិនបើយើងងាកទៅរកព្រះអម្ចាស់នៅក្នុងសេវកភាពរបស់យើង នោះយើង « អាចឈរជាសាក្សីដល់ [ ទ្រង់] ពីអំណឹះតទៅ » ហើយនឹង « ដឹងជាពិតប្រាកដថា … ព្រះអម្ចាស់ដ៏ជាព្រះ [ ពិតជា ] មករករាស្ត្រ [ ទ្រង់ ] ក្នុងពេលគេស្ថិតក្នុងសេចក្ដីវេទនា » ( ម៉ូសាយ ២៤:១៤ )—និងការញៀនរបស់ពួកគេ !
ចូរក្សាន្តចិត្តចុះ
ប្រសិនបើបងប្អូនកំពុងពុះពារជាមួយនឹងការញៀន សូមចងចាំថា ជាមួយនឹងជំនួយរបស់ព្រះអម្ចាស់ ពេលវេលានេះអាចជាដីដ៏មានជីវជាតិដើម្បីដាំដុះលក្ខណៈដូចព្រះគ្រីស្ទ ។ កាលដែលបងប្អូនបង្កើនការបន្ទាបខ្លួន បងប្អូននឹងអាចរៀនការអត់ធ្មត់ ការអាណិតអាសូរ ការអត់ធន់ និងភាពរាបទាប ។
សូមជួបនឹងថ្នាក់ដឹកនាំបព្វជិតភាពរបស់បងប្អូន និងអ្នកដែលអាចផ្តល់ការគាំទ្រ ហើយប្រើប្រាស់ឧបករណ៍ដែលព្រះវរបិតាសួគ៌បានប្រទាន ដើម្បីជួយបងប្អូនស្វែងរកសេរីភាព ។ សូមពឹងផ្អែកទៅលើព្រះអម្ចាស់ កាលដែលបងប្អូនធ្វើតាមទ្រង់ដោយឧស្សាហ៍ ព្យាយាម ទ្រង់អាចផ្លាស់ប្រែឧបសគ្គដ៏នឿយណាយ និងថប់អារម្មណ៍នេះ ទៅជាឱកាសដ៏មានអានុភាពសម្រាប់ការចម្រាញ់ខាងវិញ្ញាណ ។៤
ពួកបរិសុទ្ធថ្ងៃចុងក្រោយជនជាតិអូស្ត្រាលីពីជំនាន់មុនម្នាក់ ពេលដែលប្រៀបធៀបពីអតីតកាលរបស់គាត់ជាមួយនឹងបច្ចុប្បន្នកាលរបស់គាត់ បាននិយាយដូចនេះ ៖ « ជីវិតអតីតកាលរបស់ខ្ញុំ [ ជា ] ទីវាលស្មៅឥតបានការ ដែលស្ទើរតែគ្មានផ្កាដុះនៅក្នុងចំណោមនោះទេ ។ [ ប៉ុន្តែ ] ឥឡូវនេះ ស្មៅនោះបានបាត់ទៅ ហើយមានផ្កាដុះឡើងនៅកន្លែងរបស់វា » ។៥
កាលដែលបងប្អូន និងខ្ញុំដកស្មៅពីសួនរបស់យើងដោយខ្ជាប់ខ្ជួន ហើយងាកទៅរកព្រះអម្ចាស់នៅក្នុងការសាកល្បងរបស់យើង នោះយើងនឹងទទួលបានការសន្យាដែលបានប្រទានដល់ប្រជាជនរបស់អាលម៉ា ៖ « ចូរក្សាន្តចិត្តចុះ ព្រោះថ្ងៃស្អែក យើងនឹងដោះអ្នកឲ្យរួចផុតពីសេវកភាពហើយ » ( ម៉ូសាយ ២៤:១៦ ) ។
ចូរបន្តដកស្មៅ—ការប្រមូលផលគឺសមនឹងការប្រឹងប្រែងនោះ » ◼