ហាក់បីដូចជានៅកណ្ដាលភ្លើង
ថ្នាក់សិក្ខាសាលា និង វិទ្យាស្ថាននៃសាសនា ការចាក់ផ្សាយតាមផ្កាយរណប•ថ្ងៃទី ៤ ខែ សីហាឆ្នាំ ២០១៥
បងប្អូនប្រុសស្រី ខ្ញុំមានអំណរគុណចំពោះឱកាសនិយាយទៅកាន់ប្អូនៗ ក្នុងការចាក់ផ្សាយទូទាំងពិភពលោកនេះ ។ យើងមានពរណាស់ដោយមានវត្តមាននៅទីនេះ ។
ខ្ញុំចង់ឲ្យបងប្អូនដឹងថា ខ្ញុំមានក្ដីស្រឡាញ់បងប្អូន ក្នុងចិត្តខ្ញុំ ដែលខ្ញុំដឹងថា វាជាអំណោយមួយពីព្រះបិតាសួគ៌ និង បុត្រាទ្រង់ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ខ្ញុំដឹងថា ទ្រង់ទាំងពីរអង្គស្រឡាញ់បងប្អូន ហើយខ្ញុំដឹងថា ទ្រង់មានព្រះទ័យចង់ឲ្យខ្ញុំមើលទៅបងប្អូន ដូចជាទ្រង់ទតមើលបងប្អូន ហើយស្រឡាញ់បងប្អូន ដូចជាទ្រង់ស្រឡាញ់បងប្អូនដែរ ។ ដូច្នោះហើយ ទ្រង់បានប្រទានពរខ្ញុំនូវអំណោយទាននោះ ។ ខ្ញុំអធិស្ឋានថា ប្អូនបងនឹងទទួលអារម្មណ៍នៃក្ដីស្រឡាញ់របស់ទ្រង់ និងក្ដីស្រឡាញ់របស់ខ្ញុំនៅថ្ងៃនេះ ។
ខ្ញុំក៏អធិស្ឋានសុំព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយយើង ពេលយើងពិចារណាជាមួយគ្នានូវខ្លឹមសារនៃសារលិខិតមួយ ។ ខ្ញុំបានទទួលសារនោះសម្រាប់ខ្លួនខ្ញុំផ្ទាល់ តែខ្ញុំមានអារម្មណ៍ថា ខ្ញុំគប្បីចែកចាយសារនោះទៅកាន់បងប្អូនដូចគ្នាដែរ ។ នេះគឺជាសារនោះ ៖ មិនថាជីវភាពខាងវិញ្ញាណដែលយើងរីករាយក្នុងជីវិតយើងឥឡូវនេះ មានកម្រិតប៉ុណ្ណា មិនថាជំនឿដែលយើងមានលើព្រះយេស៊ូវគ្រីស្ទឥឡូវនេះ មានកម្រិតប៉ុណ្ណា មិនថាការតាំងចិត្ត និងការឧទ្ទិស មានកម្លាំងប៉ុណ្ណា មិនថាការគោរពប្រតិបត្តិ ឬក្ដីសង្ឃឹម ឬក្ដីសប្បុរសរបស់យើង មានកម្រិតប៉ុណ្ណា មិនថាជំនាញវិជ្ជាជីវៈ និងសមត្ថភាពយើងទទួលបានកម្រិតប៉ុណ្ណានោះទេ វានឹងមិនគ្រប់គ្រាន់សម្រាប់កិច្ចការដែលនៅចាំខាងមុខយើងឡើយ ។
ប្អូនៗប្រុសស្រី ប្អូនៗ និងខ្ញុំ ត្រូវធ្វើជាមនុស្សល្អប្រសើរជាងយើងនាពេលឥឡូវនេះ ។ ព្រះគម្ពីរបង្រៀនយើងថា ពិភពលោកឥឡូវនេះ ហើយនៅពេលខាងមុខនឹងស្ថិតនៅក្នុងស្ថានភាពចលាចល ។ ភាពទុច្ចរិត និងភាពងងឹត នឹងកើនឡើង ។ តែនៅក្នុងពិភពលោកដ៏ងងឹតនោះ នឹងមានពន្លឺដ៏ទេវភាពកើនឡើងផងដែរ ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានកិច្ចការដ៏អស្ចារ្យមួយឲ្យយើងធ្វើ ជាមួយនឹងជំនាន់ដែលកំពុងពេញវ័យនេះ ។ វាគឺជាកិច្ចការដ៏ធំលើសជាងដែលយើងធ្លាប់បានធ្វើពីមុនមក ។ ព្រះអម្ចាស់កំពុងធ្វើកិច្ចការនៅក្នុងព្រះចេស្តា ដើម្បីពង្រឹងការបង្រៀន និងការរៀនក្នុងសាសនាចក្រដ៏ពិត និងសកម្មរបស់ទ្រង់ ។ ទ្រង់កំពុងពន្លឿនកិច្ចការទ្រង់ ហើយទ្រង់កំពុងរៀបចំផែនដី និងនគរទ្រង់ និងពួកយើង សម្រាប់ការយាងត្រឡប់មករបស់ទ្រង់ ។
នេះគឺជាផ្នែកទាំងអស់នៃគន្លងដ៏ស្រស់ស្អាតមួយដែលយើងឃើញតាំងពីការចាប់ផ្ដើមនៃការស្ដារឡើងវិញ ។ នៅក្នុងឆ្នាំ ១៨២០ ព្រះដែលជាព្រះវរបិតាបានបង្ហាញអង្គទ្រង់ ជាមួយនឹងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ទៅកាន់ក្មេងប្រុសយ៉ូសែប ស្ម៊ីធ ។ ចាប់តាំងពីថ្ងៃនោះមកនៅក្នុងព្រៃពិសិដ្ឋ ព្រះយេស៊ូវគ្រីស្ទ បានស្ថាបនាសាសនាចក្រទ្រង់ និង រាស្ត្ររបស់ទ្រង់ មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ មួយជំហានម្ដងៗ ។
នេះជាអ្វីដែលទ្រង់បានមានបន្ទូល ៖
« ដ្បិតយើងនឹងបង្កើតឡើងនូវប្រជាជនបរិសុទ្ធមួយដល់យើង ដែលនឹងបម្រើយើងដោយនូវសេចក្ដីសុចរិត » ។១
« ប្រយោជន៍ឲ្យកិច្ចការខាងការប្រមូលពួកបរិសុទ្ធរបស់យើងអាចបានបន្តទៅ ប្រយោជន៍ឲ្យយើងអាចតាំងពួកគេឡើងដល់ព្រះនាមរបស់យើង នៅលើទីបរិសុទ្ធនានា ដ្បិតពេលច្រូតកាត់មកដល់ហើយ ហើយព្រះបន្ទូលរបស់យើងត្រូវតែបានសម្រេច » ។២
« រាស្ត្ររបស់យើងត្រូវតែបានសាកល្បងនូវគ្រប់ការណ៍ទាំងអស់ ប្រយោជន៍ឲ្យពួកគេអាចបានរៀបចំ ដើម្បីទទួលនូវសិរីល្អដែលយើងមានសម្រាប់ពួកគេ គឺជាសិរីល្អនៃស៊ីយ៉ូន » ។៣
នេះគឺជាគំរូរបស់ព្រះអម្ចាស់ ៖ ទ្រង់លើក ស្ថាបនា ហើយរៀបចំរាស្ត្រទ្រង់ និងសាសនាចក្រទ្រង់ឡើង ។ គំរូនេះគឺពិតជាក់ស្ដែងក្នុងជំនាន់យើង នៅក្នុងការហៅរបស់ប្រធាន ថូម៉ាស អេស ម៉នសុន ឲ្យយើងទាំងអស់គ្នាក្រោកឡើង ហើយស្ថាបនានគរនៃព្រះ ។ សូមស្ដាប់តាមការអញ្ជើញរបស់លោកដល់យើង ឲ្យធ្វើបន្ថែមទៀត និងធ្វើឲ្យកាន់តែប្រសើរនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ។ ខ្ញុំចង់អានពាក្យស្រង់មកពីប្រសាសន៍ប្រធានម៉នសុនខ្លះៗដែលលោកបានផ្ដល់ឲ្យនៅក្នុងសន្និសីទ ចាប់តាំងពីលោកធ្វើជាប្រធានសាសនាចក្រ ។
« យើងសូមធ្វើការអញ្ជើញដោយស្មោះពីចិត្តនោះ ម្ដងទៀត ៖ សូមត្រឡប់មកវិញ ។ យើងឈោងដៃទៅកាន់អ្នក ដោយក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។ … ចំពោះអ្នកដែលមានរបួសក្នុងវិញ្ញាណ ឬអ្នកដែលកំពុងជួបការលំបាក និងភ័យខ្លាច យើងសូមនិយាយថា សូមឲ្យយើងលើកអ្នក និងលើកទឹកចិត្តអ្នក និងធ្វើឲ្យការភ័យខ្លាចអ្នកបានស្រាកស្រាន្ត » ។៤
« បើអ្នកបានរអិលធ្លាក់ក្នុងភាពខ្ចិលច្រអូសក្នុងការធ្វើការបង្រៀនតាមផ្ទះរបស់អ្នក … នោះខ្ញុំប្រាប់អ្នកថា នេះជាពេលដើម្បីថ្វាយខ្លួនអ្នកសារជាថ្មី » ។៥
« មានមនុស្សដែលត្រូវការពង្រឹង ស្វាគមន៍ លើកទឹកចិត្ត បំផុសគំនិត និងព្រលឹងដែលត្រូវការសង្គ្រោះ » ។៦
« មានប្រសិទ្ធភាពភ្លាមៗថា យុវជនដែលស័ក្ដិសម និង មានសមត្ថភាពទាំងអស់ដែលបានបញ្ចប់វិទ្យាល័យ ឬ សាលាប្រហាក់ប្រហែល នឹងមានជម្រើសឲ្យបម្រើបេសកកម្មចាប់តាំងពីអាយុ ១៨ ជំនួសឲ្យអាយុ ១៩ ឆ្នាំវិញ ។ …
« …យុវនារីដែលមានសមត្ថភាព មានភាពស័ក្ដិសមដែលមានបំណងចង់បម្រើ អាចលើកទឹកចិត្តឲ្យបម្រើបេសកកម្មចាប់ពីអាយុ ១៩ ជំនួសឲ្យអាយុ ២១ ឆ្នាំ » ។៧
« សំណូមពរ [របស់យើង] គឺឲ្យធ្វើជាអ្នកបម្រើដែលមានប្រយោជន៍មានកាន់តែច្រើននៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ ។ ការណ៍នេះអនុវត្តចំពោះយើងគ្រប់គ្នា មិនថាវ័យប៉ុណ្ណាទេ ក៏មិនមែនសម្រាប់តែអ្នកដែលកំពុងរៀបចំដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដែរ គឺសម្រាប់យើងគ្រប់គ្នាដើម្បីទទួលភារកិច្ចក្នុងការចែកចាយដំណឹងល្អនៃព្រះគ្រីស្ទ » ។៨
« ឥឡូវនេះ គឺជាពេលសម្រាប់សមាជិក និងអ្នកផ្សាយសាសនារួមគ្នា ធ្វើការជាមួយគ្នា ធ្វើការក្នុងចម្ការព្រះអម្ចាស់ ដើម្បីនាំព្រលឹងមកកាន់ទ្រង់ » ។៩
« ការប៉ងប្រាថ្នានឹង មិន ធ្វើឲ្យវាកើតឡើងនោះទេ ។ ព្រះអម្ចាស់រំពឹងការគិតរបស់យើង ។ ទ្រង់រំពឹងទង្វើរបស់យើង ។ … ទ្រង់រំពឹងការលះបង់របស់យើង » ។១០
« ខ្ញុំថ្លែងទីបន្ទាល់ថា ពរជ័យដែលបានសន្យារបស់យើង គឺហួសពីការអាចវាស់បាន ។ ទោះជាមានព្យុះភ្លៀងបោកបក់ធ្លាក់មកលើយើងក្ដី ។ ... គ្មានអ្វីនៅក្នុងពិភពលោកនេះ ដែលអាចរារាំងយើងបានឡើយ ។
« បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សូមកុំខ្លាចឡើយ ។ ចូរមានចិត្តរីករាយចុះ ។ អនាគតរបស់អ្នកគឺភ្លឺត្រចះត្រចង់ដូចជាសេចក្តីជំនឿរបស់អ្នកដែរ » ។១១
ប្អូនៗប្រុសស្រី នេះជាការហៅរបស់ព្យាការីចំពោះយើង ។ នៅក្នុងប្រព័ន្ធអប់រំសាសនាចក្រ វាមានន័យថា យើងត្រូវការអ្នកបម្រើដ៏គួរឲ្យទុកចិត្តរបស់ព្រះអម្ចាស់ ដែលបានរៀបចំដើម្បីធ្វើការក្នុងថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាន ក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យសាសនាចក្រ និងសាលានានារបស់សាសនាចក្រ ។ គ្រប់ការងារ ការហៅបម្រើ អ្នកគ្រប់គ្នានៅក្នុងប្រព័ន្ធអប់រំសាសនាចក្រ គឺសំខាន់ ហើយយើងគ្រប់គ្នា រួមទាំងខ្ញុំផងដែរ ត្រូវធ្វើឲ្យបានប្រសើរជាងដែលយើងបានធ្វើ ។
ខ្ញុំគិតថា មានមូលហេតុពីរ ៖
មូលហេតុទី ១ ៖ យើងត្រូវបង្រៀនដល់ជំនាន់ដែលកំពុងពេញវ័យ ឲ្យកាន់តែស៊ីជម្រៅ និងកាន់តែមានអំណាច ជាងដែលយើងធ្លាប់បានធ្វើពីមុន ឬនរណាម្នាក់ធ្លាប់បានធ្វើពីមុនមក ។
ការរៀនជ្រាលជ្រៅគឺជាការកើនឡើងក្នុង … អំណាច « ដើម្បីដឹង ធ្វើ និង ប្រែក្លាយ » ។១២ វាមានន័យថា ការចេះដឹងដែលបានកើនឡើង តែក៏ជាការយល់ដឹងដែលកើនឡើងនៅក្នុងចិត្តផងដែរ ។ វាមានន័យថា ជំនាញ និងសមត្ថភាពដែលបានកើនឡើងដើម្បីអនុវត្ត ។ វាមានន័យថា ភាពរឹងមាំនៃចរិតលក្ខណៈដែលបានកើនឡើង ដែលរួមមាន សេចក្ដីសុចរិត ភាពក្លាហាន និង ចិត្តមេត្តា ។
ការរៀនជ្រាលជ្រៅ ជាបទពិសោធន៍ខាងវិញ្ញាណមួយដែលមាននៅក្នុងជម្រៅនៃដួងចិត្ត ។ ជំនាន់ដែលកំពុងពេញវ័យ នឹងរៀនយ៉ាងជ្រាលជ្រៅដល់កម្រិតមួយអំពីអំណាចដ៏ប្រោសលោះ និងអំណាចជួយពង្រឹងរបស់ព្រះគ្រីស្ទ ដែលមានក្នុងជីវិតពួកគេ ការបន្សុទ្ធ និងការធ្វើឲ្យពួកគេសក្ដិសមនឹងទទួលព្រះគុណទ្រង់ និងអំណោយដែលទ្រង់បានរៀបចំសម្រាប់ពួកគេ ។ ពួកគេត្រូវធ្វើការ ហើយខិតខំរៀនសូត្រយ៉ាងឧស្សាហ៍ ប៉ុន្តែពួកគេក៏ត្រូវស្អាតស្អំតាមរយៈព្រះលោហិតដែលធួនរបស់ព្រះគ្រីស្ទផងដែរ ដើម្បីពួកគេអាចទទួលបានពន្លឺបន្ថែមទៀត ហើយត្រូវបានបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធ ។
ការបង្រៀនដែលបំផុសគំនិត នាំទៅរកការរៀនសូត្រដ៏ស៊ីជម្រៅ ក៏ជាបទពិសោធន៍មួយខាងវិញ្ញាណផងដែរ ។ យើងក៏ត្រូវការឲ្យដង្វាយធួនរបស់ព្រះអង្គសង្គ្រោះធ្វើការកាន់តែមានឥទ្ធិពលបន្ថែមទៀតនៅក្នុងជីវិតរបស់យើង ។ យើងចាំបាច់ត្រូវមានភាពសក្ដិសម និងទទួលបាននូវអំណោយទានធ្វើឲ្យបរិសុទ្ធ និងញែកជាបរិសុទ្ធ ព្រមទាំងពរជ័យនៃព្រះវិញ្ញាណបរិសុទ្ធដើម្បីយើងអាចជួយដល់ជំនាន់ដែលពេញវ័យឲ្យរៀនបានកាន់តែជ្រៅជ្រះទៀត ។
ជំនាន់ដែលកំពុងពេញវ័យ ត្រូវការការរៀនសូត្រជ្រៅជ្រះនោះ ព្រោះពិភពលោកដែលពួកគេនឹងប្រឈមជាមួយ នឹងជាពិភពលោកដែលអស្ចារ្យផង គួរឲ្យខ្លាចផង—នឹងមានពន្លឺ និងអំណាចកើនឡើង ដែលមកពីស្ថានសួគ៌ ហើយនឹងមានភាពទុច្ចរិត ចលាចល និងការភាន់ច្រឡំដែលកាន់តែគួរឲ្យខ្លាចផងដែរ ។ ពួកគេនឹងត្រូវការមូលដ្ឋាននៅលើសេចក្ដីពិតដ៏ច្បាស់លាស់ និងសាមញ្ញ អំពីដំណឹងល្អ ជាដំណឹងល្អដែលនឹងត្រូវតែចាក់ជ្រៅក្នុងបេះដូងពួកគេ ហើយពួកគេនឹងត្រូវការនូវអ្វីដែលអែលឌើរ រ័សុល អិម ណិលសុន បានហៅថា សេចក្ដីជំនឿដ៏រឹងមាំលើព្រះយេស៊ូវគ្រីស្ទដែរ ៖ « តើហេតុអ្វីយើងត្រូវការសេចក្ដីជំនឿដ៏រឹងមាំបែបនោះ ? ព្រោះថ្ងៃពិបាកៗគឺនៅចាំខាងមុខ ។ អនាគតវាមិនងាយស្រួល ឬមានប្រជាប្រិយភាព ដើម្បីធ្វើជាពួកបរិសុទ្ធដ៏ស្មោះត្រង់ម្នាក់នោះទេ ។ យើងម្នាក់ៗនឹងត្រូវបានសាកល្បង ។ សាវកប៉ុល បានព្រមានថា នៅក្នុងថ្ងៃចុងក្រោយ ពួកអ្នកដែលដើរតាមព្រះអម្ចាស់ដោយឧស្សាហ៍ ‹ នឹងត្រូវមានសេចក្ដីបៀតបៀន › [ធីម៉ូថេទី ២ ៣:១២] ។ ការបៀតបៀនដូចគ្នានោះ អាចកំទេចអ្នកឲ្យទន់ខ្សោយដោយស្ងាត់ស្ងៀម ឬក៏ជំរុញអ្នកឲ្យក្លាយជាគំរូកាន់តែអស្ចារ្យ ហើយក្លាហាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក » ។១៣
មូលហេតុទី 2 ៖ ខ្ញុំជឿថា យុវវ័យដែលនឹងមកកាន់យើង នឹងត្រៀមរួចជាស្រេច—ហើយនឹងចង់ទទួល—ច្រើនជាងដែលយើងផ្ដល់ឲ្យគេឥឡូវនេះ ។ ជាងនោះទៀត មនុស្សមួយចំនួនដែលមក នឹងត្រូវការកាន់តែច្រើន ព្រោះផ្ទះរបស់ពួកគេពុំបានផ្ដល់នូវអ្វីដែលពួកគេចង់បាន ឬត្រូវការឡើយ ។
ខ្ញុំមិនមែនមានន័យថា យុវវ័យត្រូវតែចេញដំណើរទៅផ្សងព្រេងក្នុងភាពស្មុគស្មាញ និងការប៉ាន់ស្មាននោះទេ ។ ពួកគេនឹងត្រូវការសេចក្ដីពិតនៃដំណឹងល្អដែលច្បាស់លាស់ និងសាមញ្ញ ដែលត្រូវបានបង្រៀនដោយក្ដីស្រឡាញ់ និងអំណាចដែលកើនឡើងនៃព្រះវិញ្ញាណបរិសុទ្ធ ។
សូមឲ្យខ្ញុំផ្ដល់ឧទាហរណ៍មួយអំពីគោលលទ្ធិដ៏ច្បាស់លាស់ និងសាមញ្ញមួយ ដែលសិស្សរបស់យើងត្រូវរៀនឲ្យកាន់តែជ្រាលជ្រៅ ។ ប្រាំពីរឆ្នាំកន្លងមកនេះ ប៊ីវ៉ាយយូ–អៃដាហូ តម្រូវឲ្យរៀនវគ្គសិក្សាមួយអំពីក្រុមគ្រួសារ ជាផ្នែកនៃកម្មវិធីមូលដ្ឋានរបស់ពួកគេ ។ ( វគ្គសិក្សាបែបនោះ គឺជាផ្នែកនៃមូលដ្ឋានថ្មី ដែលតម្រូវពីសិស្សថ្នាក់វិទ្យាស្ថាន មហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងប្រព័ន្ធអប់រំសាសនាចក្រ ) ។ ដោយសារសិស្សទាំងអស់នៅ ប៊ីវ៉ាយយូ–អៃដាហូ ត្រូវរៀនថ្នាក់នេះ នោះមហាវិទ្យាល័យអាចយល់ដឹងពីគំនិត និងចិត្តរបស់សិស្ស អំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ ដូចដែលមាននៅក្នុងការប្រកាសអំពីក្រុមគ្រួសារ ។
អ្វីដែលពួកគ្រូបានរកឃើញគឺជាបញ្ហា ។ មានសិស្សជាច្រើន ប្រហែលជា ៤០ ទៅ ៥០ ភាគរយ ករណីល្អបំផុត មានការយល់ដឹងមិនពេញលេញ ហើយករណីអាក្រក់បំផុត គឺមានការយល់ដឹងខុសឆ្គង អំពីគោលលទ្ធិដ៏សំខាន់បំផុតនេះ ។ ទាំងនេះគឺជាពួកយុវវ័យបរិសុទ្ធថ្ងៃចុងក្រោយដែលល្អ ហើយសកម្ម ដែលបានបញ្ចប់ការសិក្សាពីថ្នាក់សិក្ខាសាលា និងដែលពុំបានរៀនគ្រប់គ្រាន់អំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ នៅផ្ទះ ឬក្នុងថ្នាក់សិក្ខាសាលា ឬក្នុងសាលាថ្ងៃអាទិត្យ ឬក្នុងថ្នាក់យុវនារី ឬកូរ៉ុមបព្វជិតភាពទេ ហើយក្នុងករណីខ្លះទៀត ទាំងមិននៅក្នុងបេសកកម្មគេទៀតផង ។
ពួកសិស្ស មិនត្រឹមតែត្រូវការការចេះដឹងកាន់តែប្រសើរ អំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ពួកគេថែមទាំងត្រូវយល់ដឹងពីគោលលទ្ធិនោះនៅក្នុងដួងចិត្តពួកគេផងដែរ ។ ពួកគេត្រូវការទីបន្ទាល់ខាងវិញ្ញាណមួយអំពីសេចក្ដីពិតរបស់វា ហើយពួកគេត្រូវអនុវត្តតាមទីបន្ទាល់នោះ ទៅតាមរបៀបដែលពួកគេរៀបចំឥឡូវនេះ ដើម្បីធ្វើជាស្វាមី ឬភរិយា និងជាម្ដាយ ឬឪពុក ក្នុងក្រុមគ្រួសារដ៏អស់កល្បមួយ ។
ពួកគេក៏ត្រូវដឹងផងដែរ ពីរបៀបដើម្បីនិយាយអំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ជាមួយមិត្តភក្ដិគេ និងអ្នកផ្សេងទៀតដែលមិនមានជំនឿដូចគេ ។ ហើយពួកគេត្រូវលូតលាស់ក្នុងសមត្ថភាពរបស់គេ ដើម្បីឃើញសេចក្ដីពិត និងកំហុស ។ ពួកគេត្រូវការក្ដីជំនឿដែលកើនឡើងលើព្រះយេស៊ូវគ្រីស្ទ ហើយពួកគេត្រូវការក្ដីសង្ឃឹមដែលកើនឡើងនៅក្នុងទ្រង់ ។
នេះជាអ្វីដែលជំនាន់កំពុងពេញវ័យត្រូវការ ។ ហេតុនោះ តើយើងត្រូវធ្វើអ្វីខ្លះ ?
យើងម្នាក់ៗត្រូវធ្វើអ្វីដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យយើងធ្វើក្នុងជីវិតយើង ។ ខ្ញុំសង្ឃឹមថា បទពិសោធន៍តទៅនេះ នឹងជាប្រយោជន៍ដល់អ្នក ពេលដែលអ្នកសញ្ជឹងគិត និងអធិស្ឋានអំពីអ្វីដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យអ្នកធ្វើ ៖
ជាច្រើនឆ្នាំមកហើយ ក្នុងគ្រាដ៏លំបាកបំផុតមួយក្នុងជីវិតយើង ខ្ញុំបានមានអារម្មណ៍ថាស្ថិតនៅក្រោមការវាយប្រហារពីមារសត្រូវ ។ នៅក្នុងបទពិសោធន៍នោះ ព្រះអម្ចាស់បានធ្វើឲ្យវាច្បាស់លាស់ដល់ខ្ញុំថា ខ្ញុំត្រូវធ្វើឲ្យកាន់តែច្រើន និងក្លាយទៅជាបុគ្គលកាន់តែប្រសើរជាងនោះ ។ សូមឲ្យខ្ញុំចែកចាយពីសាវតាបន្តិច ។
ស៊ូ និងខ្ញុំ បានរៀបការជាង ៣០ ឆ្នាំហើយ ។ យើងសកម្ម និងចូលរួមក្នុងសាសនាចក្រអស់ពេញជីវិតយើង ។ យើងបានបម្រើក្នុងសាសនាចក្រ យើងទៅព្រះវិហារបរិសុទ្ធរៀងរាល់សប្ដាហ៍ យើងអធិស្ឋានជាមួយកូនៗយើង សិក្សាព្រះគម្ពីរជាមួយពួកគេ ហើយធ្វើរាត្រីក្រុមគ្រួសារ ។ យើងបានព្យាយាមធ្វើជាពួកបរិសុទ្ធដ៏ល្អ ។ តែព្រះអម្ចាស់បានមានបន្ទូលមកខ្ញុំថា « អ្នកត្រូវធ្វើថែមទៀត » ។
យប់មួយ ខ្ញុំមានសុបិន្តដ៏អាក្រក់មួយ ។ ខ្ញុំបានភ្ញាក់ឡើងទាំងរសាប់រសល់ និងខ្វល់ខ្វាយ ហើយខ្ញុំបានលត់ជង្គង់ចុះអធិស្ឋានទៅព្រះវរបិតាសួគ៌របស់ខ្ញុំដើម្បីសុំជំនួយ ។ ពេលខ្ញុំអធិស្ឋាន វគ្គបទគម្ពីរមួយក្នុងអេភេសូរ ជំពូក ៦ បានចូលមកក្នុងគំនិតខ្ញុំ ៖ « ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ » ។១៤
ពេលព្រឹកឡើង ខ្ញុំបានបើកមើលបទគម្ពីរនោះ ហើយខ្ញុំអានពាក្យទាំងនេះ ៖
« ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកម្លាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់
« ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស » ។១៥
ពេលខ្ញុំអានពាក្យ « ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ » ខ្ញុំទទួលទីបន្ទាល់ដ៏មានព្រះចេស្ដាមួយពីព្រះវិញ្ញាណថា នេះជាចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំ ។ ខ្ញុំត្រូវពាក់គ្រប់គ្រឿងសឹករបស់ព្រះ គឺគ្រប់ផ្នែកទាំងអស់ ។
ដូចនោះហើយ ស៊ូ និងខ្ញុំ បាននិយាយអំពីអត្ថន័យវា ហើយយើងបានអធិស្ឋានសុំការណែនាំ ។ ខ្ញុំបានរៀនថា យើងត្រូវសួរសំណួរពីរដល់ខ្លួនឯង ។ ខ្ញុំជឿថា ទាំងនេះគឺជាសំណួរដែលចម្លើយរបស់វា នឹងនាំយើងឲ្យធ្វើអ្វីដែលយើងត្រូវធ្វើ ដើម្បីរៀបចំសម្រាប់អ្វីនៅចាំខាងមុខ ។ នេះជាសំណួរទាំងនោះ ៖ (១) តើអ្វីខ្លះដែលខ្ញុំកំពុងធ្វើ ដែលខ្ញុំគួរតែបញ្ឈប់ធ្វើវា ? និង (២) តើអ្វីខ្លះដែលខ្ញុំមិនបានធ្វើ ដែលខ្ញុំគួរតែចាប់ផ្ដើមធ្វើវា ?
ពេលយើងបានសួរសំណួរទាំងនោះក្នុងការអធិស្ឋាន យើងបានទទួលចម្លើយជាក់លាក់ណាស់ ។ យើងបានផ្លាស់ប្ដូររបៀបដែលយើងចំណាយពេលវេលារបស់យើង ប្រព័ន្ធកម្សាន្តអ្វីខ្លះដែលយើងអនុញ្ញាតឲ្យមានក្នុងផ្ទះយើង របៀបដែលយើងបម្រើក្នុងព្រះវិហារបរិសុទ្ធ របៀបដែលយើងសិក្សាព្រះគម្ពីរ របៀបដែលយើងបម្រើព្រះអម្ចាស់ និងរឿងជាច្រើនទៀត ។ យើងត្រូវតែបង្កើនជីវភាពខាងវិញ្ញាណរបស់យើង ។ តាមរយៈដំណើរការនៃការប្រែចិត្តនេះ ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានលូកព្រហស្ដមក ហើយផ្លាស់ប្ដូរជីវិតយើង ។ យើងបានទទួលអារម្មណ៍នៃក្ដីមេត្តា ព្រះគុណ ក្ដីស្រឡាញ់ និងព្រះចេស្ដារបស់ទ្រង់ ។ តាមរយៈព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹមបានរបស់ទ្រង់ នោះទ្រង់បានផ្លាស់ប្តូរដួងចិត្ត និងគំនិតយើង ហើយទ្រង់បានលើកយើងឡើងទៅឯទ្រង់ ។ ខ្ញុំដឹងថា បើយើងមិនបានស្ដាប់តាម និងប្រព្រឹត្តតាមអ្វីដែលយើងបានទទួលទេនេះ នោះខ្ញុំនឹងពុំត្រូវបានហៅឲ្យបម្រើនៅ ប៊ីវ៉ាយយូ–អៃដាហូ ហើយខ្ញុំនឹងមិនបានឈរនៅទីនេះពីមុខប្អូនៗ នៅថ្ងៃនេះទេ ។ វាជាចំនុចត្រឡប់ក្នុងជីវិតយើង ។
ប្អូនៗប្រុសស្រី ខ្ញុំដឹងថា ខ្ញុំកំពុងនិយាយទៅកាន់ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលស្មោះត្រង់ និងរក្សាសេចក្ដីសញ្ញា ។ ខ្ញុំដឹងថា បងប្អូនល្អ ហើយធ្វើបានល្អណាស់ទៅលើអ្វីដែលបងប្អូនធ្វើ ។ តែខ្ញុំដឹង ដោយចេញពីបទពិសោធន៍របស់ខ្ញុំថា យើងត្រូវសួរខ្លួនយើងនូវសំណួរទាំងពីរនេះជាទៀងទាត់ ។ យើងត្រូវផ្លាស់ប្ដូរ ហើយប្រែចិត្ត ដើម្បីឲ្យដង្វាយធួននៃព្រះគ្រីស្ទ អាចមានប្រសិទ្ធភាពកាន់ខ្លាំងក្នុងជីវិតយើង ។ បើយើងធ្វើដូច្នោះ ព្រះបិតាសួគ៌យើងនឹងប្រទានពរយើងជាមួយនឹងអំណាចខាងវិញ្ញាណកាន់តែធំធេងទៀត ។ ខ្ញុំដឹងថា នេះជាការពិត ។
ហើយខ្ញុំជឿថា នោះជាគន្លឹះទាំងអស់ឆ្ពោះទៅកាន់ការទទួលបានឱកាសអស្ចារ្យនានា និងទំនួលខុសត្រូវដែលនៅចាំខាងមុខយើង ។ មានការណ៍ជាច្រើនដែលយើងត្រូវធ្វើ ។ យើងនឹងត្រូវគិតឲ្យហ្មត់ចត់ ហើយដាក់ផែនការ និងធ្វើការ ហើយប្រឹក្សា ព្រមទាំងរៀបចំ ដើម្បីធ្វើឲ្យអស់ពីសមត្ថភាពរបស់យើង ។ ប៉ុន្តែវានឹងជាអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងនាំមកនូវការរៀនសូត្រជ្រាលជ្រៅ ការយល់ដឹងកាន់តែអស្ចារ្យ និងអំណាចដ៏ប្រោសលោះ និងពង្រឹងរបស់ព្រះគ្រីស្ទ នៅក្នុងជីវិតពួកសិស្សយើង ។
ជំនាន់ដែលកំពុងពេញវ័យនេះ ត្រូវការសេចក្ដីពិតច្បាស់លាស់ និងសាមញ្ញនៃដំណឹងល្អ ដែលត្រូវបានបង្រៀន និងរៀនដោយសេចក្ដីស្រឡាញ់ដ៏ច្រើន ដោយអំណាចខាងវិញ្ញាណដែលកាន់តែធំធេង និងដោយឥទ្ធិពលកាន់តែជ្រាលជ្រៅនៅក្នុងជីវិតពួកគេ ។ ខ្ញុំជឿថា ឥទ្ធិពលនេះ នឹងបានមកដោយព្រោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលនឹងចាក់ឫសកាន់តែរឹងមាំនៅក្នុងដួងចិត្ត និងគំនិតយើង ហើយដោយសារព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់យើង ។ ជីវិតយើងនឹងឆ្លុះបញ្ជាំងកាន់តែពេញលេញអំពីការបង្រៀននៃព្រះអង្គសង្គ្រោះ ។ ពេលនោះ—ពេលដែលយើងចាត់ចែងកម្មវិធី ឬបង្កើតជាកម្មវិធីសិក្សា ឬអនុវត្តវិធីសាស្ត្រថ្មី ឬជួល ឬហៅ និងបំពាក់បំប៉នគ្រូថ្មីៗ ឬទូន្មានសិស្ស ឬដាក់ផែនការសម្រាប់អគារថ្មី ឬបើកតំបន់ថ្មី ឬដើរទៅក្នុងថ្នាក់រៀន ដើម្បីបង្រៀនបុត្រាបុត្រីព្រះ—យើងនឹងទទួលវិវរណៈដែលយើងត្រូវការ ហើយយើងនឹងធ្វើកិច្ចការនោះ ដោយក្ដីស្រឡាញ់សុទ្ធសាធនៃព្រះគ្រីស្ទ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ។ ជំនាន់ដែលកំពុងពេញវ័យ នឹងរៀនជ្រាលជ្រៅ ហើយពួកគេនឹងក្រោកឡើង !
យើងដឹងថា ការណ៍នេះនឹងកើតឡើង ។ យើងដឹងពីលទ្ធផលវា ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ នឹងយាងមក ហើយរាស្ត្រ និងសាសនាចក្រទ្រង់នឹងត្រូវបានរៀបចំជាស្រេចដើម្បីទទួលទ្រង់ ។
ពេលខ្ញុំគិតពីបងប្អូន និងអ្វីដែលបងប្អូនកំពុងធ្វើក្នុងនគរព្រះ ខ្ញុំគិតអំពីផ្ទាំងគំនូរដ៏អស្ចារ្យនៅក្នុង នីហ្វៃទី ៣ ១៧ ពេលដែលព្រះអង្គសង្គ្រោះបានប្រមូលកូនក្មេងជុំវិញទ្រង់ ។ ខ្ញុំចង់ឲ្យអ្នកស្រមៃមើលពីរឿងនោះនៅក្នុងគំនិតអ្នក ពីព្រោះអ្នកនៅក្នុងរឿងនោះ ។ ឪពុកម្ដាយនាំកូនៗដ៏មានតម្លៃរបស់ពួកគេមកឯព្រះអង្គសង្គ្រោះ ។ ទ្រង់ប្រមូលពួកគេជុំវិញទ្រង់ ទ្រង់គង់នៅកណ្ដាល ។ ទ្រង់អធិស្ឋានសម្រាប់ពួកគេ និងឪពុកម្ដាយពួកគេក្នុងរបៀបដ៏អស្ចារ្យមួយ ហើយទ្រង់ប្រទានពរកូនក្មេងម្នាក់ម្ដងៗ ។ បន្ទាប់មក ពួកទេវតាបានយាងចុះមកពីស្ថានសួគ៌ « ហាក់បីដូចជានៅកណ្ដាលភ្លើង »១៦ ហើយបម្រើដល់កូនក្មេង ហើយភ្លើងដ៏បរិសុទ្ធហ៊ុំព័ទ្ធកូនក្មេង ។
ក្នុងន័យដ៏មានចេស្ដាមួយ នេះជាអ្វីដែលយើងធ្វើក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។ ពិតណាស់ នេះជាប្រព័ន្ធអប់រំសាសនាចក្រ ។ ឪពុកម្ដាយនាំកូនៗរបស់ពួកគេមកឲ្យយើង ។ ព្រះអង្គសង្គ្រោះគង់នៅកណ្ដាល ជាចំណុចសំខាន់បំផុតនៃអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះកូនៗ ។ ទ្រង់អធិស្ឋានសម្រាប់ពួកគេ និងយើង ទ្រង់ជាព្រះគាំទ្ររបស់យើងជាមួយព្រះវរបិតា ។ យើងជាពួកទេវតា—អ្នកជាពួកទេវតា—ជាអ្នកដែលមកបម្រើដល់កូនៗទាំងនោះនៅក្នុងភ្លើងដ៏បរិសុទ្ធ ។ ប្អូនៗប្រុសស្រីរបស់ខ្ញុំអើយ យើងត្រូវប្រែក្លាយដូចជាពួកទេវតានោះ ។
ហើយនោះជាអ្វីដែលយើងនឹងប្រែក្លាយដូចនោះ ដោយសារមានព្រះមួយអង្គនៅស្ថានសួគ៌ ។ ទ្រង់ជាព្រះវរបិតាយើង ។ ព្រះបុត្រាទ្រង់ គឺព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងប្រោសលោះរបស់មនុស្សលោកទាំងអស់ ។ ទ្រង់មានព្រះជន្មរស់ ! ខ្ញុំសូមថ្លែងទីបន្ទាល់ពីព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។ ខ្ញុំបានឃើញកិច្ចការទ្រង់ ខ្ញុំស្គាល់ក្ដីមេត្តាករុណា និងព្រះគុណទ្រង់ ហើយខ្ញុំទទួលអារម្មណ៍នៃក្ដីស្រឡាញ់ទ្រង់ ។ ទ្រង់មានគ្រប់អស់ទាំងព្រះចេស្ដា ដើម្បីសម្អាតយើងពីអំពីបាប ផ្លាស់ប្ដូរដួងចិត្តយើង និងលើកយើងឡើង ហើយពង្រឹងយើងឲ្យក្លាយជាអ្វីគ្រប់យ៉ាងដែលទ្រង់ចង់ឲ្យយើងប្រែក្លាយ ។ ខ្ញុំដឹងថា បើយើងបែរទៅរកព្រះគ្រីស្ទ ដែលទ្រង់តែងតែគង់នៅដោយឈោងព្រះហស្ដទ្រង់មកយើង ទ្រង់នឹងប្រទានពរយើងឲ្យប្រែក្លាយជាមនុស្សកាន់តែប្រសើរឡើង ហើយធ្វើឲ្យបានកាន់តែច្រើនជាងនេះ នៅក្នុងកិច្ចការដ៏បរិសុទ្ធរបស់ទ្រង់ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2015 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៥ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៥ ។ ការបកប្រែនៃ “Encircled About with Fire” ។ Cambodian PD10054335 258