បណ្ណាល័យ
ថ្ងៃ​ឈប់​សម្រាក


ថ្ងៃ​ឈប់​សម្រាក

ការចាក់ផ្សាយ​តាម​ផ្កាយរណប ស្ដីពី ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យស្ថាន​នៃ​សាសនា•ថ្ងៃទី ៤ខែ សីហា ឆ្នាំ ២០១៥

វា​ជា​ក្ដីរីករាយ​ដើម្បីនៅជាមួយអ្នក​ថ្ងៃ​នេះ ហើយ​ត្រូវបាន​បង្រៀន​យ៉ាង​ល្អមកហើយ ។ វា​គឺ​ជា​ក្ដីអំណរពិត​ដើម្បី​នៅ​ទីនេះ ។ ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​ទាំងអស់គ្នា​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​បងប្អូន ហើយ​មាន​អំណរគុណ​ និង​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ដល់​បងប្អូន​ម្នាក់ៗ ហើយ​អរគុណ​ចំពោះអ្វីៗ​ទាំងអស់​ដែល​បងប្អូន​ធ្វើ ។ ជា​ពិសេស វា​ជា​ក្ដី​សោមនស្ស​មួយ​ដែល​បាន​មក​ចូល​រួម​នឹង​ភរិយា​ខ្ញុំគ្រីស្ទី ។ ថ្ងៃនេះ ជា​ខួបអាពាហ៍ពិពាហ៍លើក​ទី ២៥ របស់យើង ដូច្នេះយើង​បានគិត​ថា វា​នឹង​សប្បាយ​ដើម្បី​ប្រារព្ធ​ជាមួយ​នឹង​មិត្ត​ជិតស្និត​បំផុត​របស់​យើង​ចំនួន ៩៨០០០ នាក់ ។ វា​ពិត​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​ចំពោះ​អ្វី ដែល​អ្នក និង​ភរិយា​អ្នក​ធ្វើ​នៅ​ក្នុង​អង្គការ​នេះ ។ សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់​ចំពោះ​ការ​បរិច្ចាគ ហើយ​អរគុណ​ដែល​មាន​វត្តមាន​នៅ​ទីនេះ ។ វា​អស្ចារ្យណាស់​ដើម្បី​មានចំណែក​នៅក្នុងកិច្ចការ​នេះ​ជាមួយបងប្អូន​ទាំងអស់គ្នា ។

រួម​ជាមួយ​នឹង​សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ​ថ្មីៗ​នេះ ការ​បំពាក់បំប៉ន​សម្រាប់​អ្នក​កាន់​សិទ្ធិ​អំណាច​ទូទៅ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធានបទ « ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក និង​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ថ្ងៃ​ដ៏​រីករាយ » ។ កូរ៉ុម​ជា​អធិបតី​នៃ​សាសនាចក្រ ត្រូវ​បាន​រួបរួម​គ្នា​ក្នុង​កិច្ចខិតខំ​ទូទាំង​ពិភពលោក​ដ៏​សំខាន់ ដើម្បី​បង្រៀន​ពី​សារៈសំខាន់​នៃ​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក នៅ​ផ្ទះ និង​នៅ​ព្រះវិហារ ។ វា​ត្រូវ​បាន​បង្រៀន​ក្នុង​តំបន់ និង​ក្នុង​ក្រុមប្រឹក្សា​ស្តេក ។ ប្រធាន​ស្តេក បាន​បំពាក់បំប៉ន​ប៊ីស្សព ហើយ​ពួកគេ​នឹង​បន្ត​បង្រៀន​សមាជិក​ស្តេក និង​វួដ​រួមគ្នា ។

ការ​បំពាក់បំប៉ន​ដែល​បាន​ផ្ដល់​ដល់​អ្នកដឹកនាំ​សាសនាចក្រ

វីដេអូ​មួយ​ចំនួន ពី​ការ​បំពាក់បំប៉ន​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ត្រូវ​បាន​បង្កើត​ឡើង ហើយ​នឹង​ត្រូវ​ដាក់​នៅ​លើ​គេហទំព័រ​របស់​យើង ។1 ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​មើល​ឡើងវិញ និង​ប្រើ​ធនធាន​ដ៏​សំខាន់​នេះ យ៉ាង​ប្រុងប្រយ័ត្ន ។ នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ឃើញ​ផ្នែក​មួយ​ចំនួន​នៃ​បទបង្ហាញ​ពីរ ដែល​មក​ពី​ការ​បំពាក់បំប៉ន​នោះ ។ ដំបូង បងប្អូន​នឹង​ស្ដាប់​ប្រធាន រ័សុល អិម ណិលសុន ។ ហើយ អែលឌើរ អិម រ័សុល បាឡឺដ និង​និយាយ​បន្ទាប់ ។

ប្រធានរ័សុល អិម ណិលសុន ៖ « បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​សូម​បង្ហាញ​ក្ដីស្រឡាញ់ និង​ក្ដី​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​បងប្អូន​រាល់​គ្នា ។ … គណៈប្រធាន​ទីមួយ​បាន​ផ្ដោត​នា​ព្រឹក​នេះ អំពី​កង្វល់​ដ៏​ធំ ដែល​យើង​ទាំអស់​គ្នា​មាន​ចំពោះ​ពួកអ្នក​ដែល​បាន​វង្វេង គ្មាន​ដំណឹង ដែល​ពុំ​សូវ​សកម្ម ។ ទន្ទឹម​នឹង​ការផ្ដោត​លើ​បញ្ហា​នោះ យើង​ចង់​ផ្ដោត​លើ​ការ​ទប់ស្កាត់​បញ្ហា​បែប​នោះ ។ ដូច្នេះ​ក្នុង​សម័យ​ប្រជុំ​ថ្ងៃ​នេះ និង ថ្ងៃ​ស្អែក យើង​នឹង​ផ្ដោត​ច្រើន​ទៅ​លើ​ការស្ថាបនា​ជំនឿ​លើ​ព្រះ ការស្ថាបនា​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ការស្ថាបនា​ជំនឿ​លើ​ដង្វាយធួន​របស់​ទ្រង់ ។ … ក្នុង​នាម​ជា​សាវក​របស់​ទ្រង់​ម្នាក់ ​ដែល​បាន​តែងតាំង​ខ្ញុំ​ពិត​ជា​មាន​អំណរគុណ​ដ៏​ពិត​ចំពោះ​កិច្ចការ​នេះ ដែល​ពួកគាត់​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​និយាយ​អំពី​ប្រធានបទ​នេះ ។ ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ដែល​ឲ្យ​ញែក​ថ្ងៃ​ឈប់​សម្រាក​ជា​បរិសុទ្ធ និង ឲ្យ​រក្សា​វា​ឲ្យ​បរិសុទ្ធ គឺ​ជា​ភារៈ​មួយ​ដែល​យើង​ត្រូវ​ទទួល​យ៉ាង​ហ្មត់ចត់ និង ម៉ឹងម៉ាត់ ។ បើ​យើង​អាច​ធ្វើ​ដូច្នោះ​មែន—នោះ​យើង​នឹង​ជួយ​សមាជិក​របស់​យើង​ឲ្យ​ស្ថាបនា​ជំនឿ​លើ​ព្រះអម្ចាស់ និង​ពង្រឹង​ការប្រែចិត្ត​ជឿ​លើ​ទ្រង់ និង​លើ​សាសនាចក្រ​របស់​ទ្រង់ ។ … នៅពេល​យើង​រៀន​ពី​របៀប​ដើម្បី​ញែក​ថ្ងៃ​ឈប់​សម្រាក​ជា​បរិសុទ្ធ​កាន់តែ​ប្រសើរ នោះ​ជំនឿ​នឹង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក » ។

អែលឌើរ អិម រ័សុល បាឡឺដ ៖ « បងប្អូន​ប្រុស​ស្រី​ទាំងឡាយ​អើយ យើង​ពិត​ជា​ស្វាគមន៍​អ្នក​មកកាន់​សន្និសីទ​បំពាក់បំប៉នទូទៅ​ដ៏សំខាន់នេះ ។ គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​អំឡុង​បី​បួន​ខែ​កន្លង​មក​នេះ ដើម្បី​ពិនិត្យ​មើល​ការស្រាវជ្រាវ​ដែល​មាន​ទាក់ទង​នឹង​គោលលទ្ធិ និង គោលការណ៍​សាសនាចក្រ ដែល​បង្កើន​ជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។ ដូច​អ្នក​ដឹង​ហើយ យើង​បន្ត​មាន​កង្វល់​អំពី​ការប្រែចិត្ត​ជឿ​ដ៏​យូរ​អង្វែង ការរក្សា​សេចក្ដី​សញ្ញា ក្រុម​គ្រួសារ​ដែល​មាន​ច្រើន​ជំនាន់ និង សមាជិក​សាសនាចក្រ​ដែល​មាន​ភាពរឹងមាំ​ខាង​វិញ្ញាណ ។ ក្រៅពី​ការផ្លាស់ប្ដូរ​ខាង​ការរៀបចំ ឬ គោលនយោបាយ ឬ ការបំពាក់បំប៉ន​ខាង​គោលលទ្ធិ ដែល​អាច​ពន្លឿន​ដល់​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​នាពេល​នេះ នោះ​យើង​បាន​កំណត់​ថា ការបង្កើន​ស្មារតី និង អំណាច​នៃ​ថ្ងៃ​ឈប់​សម្រាក​នឹង​មាន​ឥទ្ធិពល​បំផុត ក្នុង​ការទាញ​យក​សមាជិក និង គ្រួសារ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ។

ប្រធាន ណិលសុន បាន​លើក​ឡើង​នូវ​ការ​បារម្ភ​ពី​ភាពអសកម្ម និង​ការ​ត្រូវ​ពង្រឹង​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​លើ​ដង្វាយធួន​របស់​ទ្រង់ ។ លោក​បាន​សន្យា​ថា « នៅពេល​យើង​រៀន​ពី​របៀប​ដើម្បី​ញែក​ថ្ងៃ​ឈប់​សម្រាក​ជា​បរិសុទ្ធ​កាន់តែ​ប្រសើរ នោះ​ជំនឿ​នឹង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក » ។

ខ្ញុំ​ប្រាកដ​ថា​អ្នក​ក៏​បាន​សង្កេត​ថា​ប្រធាន បាឡឺដ បាន​មាន​ប្រសាសន៍​ថា « ក្រៅពី ក្រៅពី​ការផ្លាស់ប្ដូរ​ខាង​ការរៀបចំ ឬ គោលនយោបាយ ឬ ការបំពាក់បំប៉ន​ខាង​គោលលទ្ធិ ដែល​អាច​ពន្លឿន​ដល់​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​នាពេល​នេះ នោះ​យើង​បាន​កំណត់​ថា ការបង្កើន​ស្មារតី និង អំណាច​នៃ​ថ្ងៃ​ឈប់​សម្រាក​នឹង​មាន​ឥទ្ធិពល​បំផុត ក្នុង​ការទាញ​យក​សមាជិក និង គ្រួសារ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ។

តួនាទី​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា

ក្នុង​ការ​ខិតខំ​នៅ​ទូទាំង​ពិភពលោក​នេះ ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ត្រូវ​បាន​ដឹកនាំ​ជា​ពិសេស​ដោយ​គណៈ​អភិបាល​អប់រំ​សាសនាចក្រ ដើម្បី ជួយ ដោយ​បន្ត​ផ្ដោត​លើ​ការ​បង្រៀន​គោលការណ៍​នៃ​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក និង​គោលលទ្ធិ​ដែល​ទាក់ទង​នឹង​សាក្រាម៉ង់ និង​ដើម្បី​បញ្ចុះបញ្ចូល​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ​ឲ្យ​យល់ និង​រស់នៅ​តាម​គោលការណ៍​ទាំងនេះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ។ យើង​អាច​ធ្វើ​ដូច្នោះ​បាន ដោយ​ការ​គូសបញ្ជក់​ពី​គោលការណ៍​ទាំងនេះ នៅពេល​ដែល​វា​មាន​នៅ​ក្នុង​ការ​បង្រៀន​ព្រះគម្ពីរ និង​នៅ​ក្នុង​គម្រោង​វគ្គសិក្សា​ជា​លំដាប់លំដោយ​របស់​យើង ។ វា​ជា​ឱកាស​ដ៏​ពិសេស​ដែល​យើង​មាន ដើម្បី​បង្រួប​បង្រួម​ការខិតខំ​របស់​យើង ជាមួយ​អ្នក​ដែល​មាន​តួនាទី​ដឹកនាំ​យើង ដូច​ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។ ហើយ​ដោយ​ការ​ធ្វើ​ដូច្នោះ យើង​នឹង​បំពេញ​កម្មវត្ថុ​នៃ​ការ​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​របស់​យើង​ឲ្យ​យល់ ហើយ​ផ្អែក​លើ​ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ដើម្បី​បង្ហាញ​ពី​របៀប​ដែល​យើង​អាច​បង្រៀន​គោលការការណ៍​នានា ដែល​ទាក់ទង​នឹង​ថ្ងៃ​ឈប់​សម្រាក និង​ពិធីសាក្រាម៉ង់​តាម​របៀប​ដែល​នឹង​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​បាន​ជ្រើសរើស​ឧទាហរណ៍​ជា​ច្រើន​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ដោយ​ព្រោះ​បងប្អូន​ជា​ច្រើននាក់​នឹង​បង្រៀន​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខ​នេះ ។

ថ្ងៃ​ឈប់​សម្រាក

១. ថ្ងៃ​ឈប់​សម្រាក គឺ​ជា​ទីសម្គាល់​មក​ពី​ព្រះអម្ចាស់​ដល់​យើង

គោលការណ៍​សំខាន់​មួយ​ដែល​យើង​ទាក់ទង​នឹង​ថ្ងៃ​ឈប់​សម្រាក គឺ​មក​ពី និក្ខមនំ ៣១ ៖

« ឯង​រាល់​គ្នា​កាន់​អស់​ទាំង​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​ជា​កុំ​ខាន ដ្បិត​នោះ​ជា​ទី​សម្គាល់​ដល់​យើង ហើយ​នឹង​ឯង​រាល់​គ្នា នៅ​អស់​ទាំង​ដំណ​ត​ទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះយេហូវ៉ា​ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ ។ …

« ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្មោះត្រង់​ដល់​ថ្ងៃ​ឈប់​សម្រាក​នោះ … ទុក​ជា​សេចក្តី​សញ្ញា​នៅ​អស់​កល្ប​ជានិច្ច » ។

គំនិត​ដែល​ថា​ថ្ងៃ​ឈប់សម្រាក​គឺ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ចំពោះ​យើង មាន​សារៈសំខាន់ ដោយព្រោះ​យើង​ម្នាក់ៗ​ប្រឈម​មុខ​នឹង​ការ​ខ្វល់ចិត្ត​ថា « គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​អាស្រ័យ​នៅ​ជាមួយ​នឹង​ព្រះ​បាន​ឡើយ » ហើយ​យើង​ដឹង​ថា « គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ » ។ ដំណោះស្រាយ​ដែល​បាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦០:៧ គឺ « យើង​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ ជា​បរិសុទ្ធ​បាន » ។ ហើយ​ពិត​ណាស់​ថា​រឿង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​បាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គ​សំខាន់​នៅ​ក្នុង​ផែនការ​នៃ​ការ​ប្រោសលោះ​របស់​ព្រះវរបិតា ។ ឬ​ដូច​ជា​អ្វី​ដែល​សាវក ប៉ុល បាន​បង្រៀន​ថា « ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃ​លោះ [ យើង​រាល់គ្នា ] ។

ថ្លៃ​នោះ គឺ ជា​ជីវិត ការរងទុក្ខ និង​ក្ដី​ស្លាប់ នៃ​បុត្រា​ដ៏​ឥតខ្ចោះ​របស់​ព្រះ ។ ហើយ​តើ​អ្វី​ទៅ​ជា​ភស្តុតាង​នៃ​ការបង់ថ្លៃ​នោះ ? តើ​វិក័យបត្រ​នោះ​នៅ​ឯណា​ទៅ ? ថ្ងៃ​ឈប់សម្រាក​គឺ​ជា​ទីសម្គាល់​ជា​បន្តបន្ទាប់​នៃ​ការ​បំពេញ​សេចក្ដី​សញ្ញា​របស់​ព្រះ​ដល់​កូនចៅ​របស់​ទ្រង់ ជា​ទីសម្គាល់​ដែល​បង្ហាញថា​ទ្រង់​អាច​ធ្វើ​ឲ្យ​យើង​បាន​បរិសុទ្ធ ។

២. ថ្ងៃ​ឈប់សម្រាក​គឺ​ជា​ទីសម្គាល់​ពី​យើង​ចំពោះ​ព្រះអម្ចាស់

ថ្ងៃ​ឈប់សម្រាក មិន​ត្រឹមតែ​ជា​ភស្ដុតាង​នៃ​ការ​បង់ថ្លៃ​ហើយ​ជា​ទីសម្គាល់​ថា​ព្រះអម្ចាស់​នឹង​ញែកយើង​ឲ្យ​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ ។ វា​ក៏​ជា​ទីសម្គាល់​ពី យើង ចំពោះ ទ្រង់ ជា​អារម្មណ៍​យើង​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង—ជា​អារម្មណ៍​យើង​ពី​ពលិកម្ម របស់​ទ្រង់ និង​ជា​អារម្មណ៍​ពី​ក្តី​សញ្ញា របស់​យើង

ប្រធាន ណិលសុន បាន​បង្រៀន​នៅ​ក្នុង​សន្និសីទ​ចុងក្រោយ​បំផុត​នេះ ៖ « កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​សិក្សា​ពី​បញ្ជី​មួយ ដែល​គេ​ចុះ​អំពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង កិច្ចការ​ដែលមិន ត្រូវ ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ក្រោយ​មក​ទើប​ខ្ញុំ​បាន​រៀន​ពី​ព្រះគម្ពីរ​ថា ការប្រព្រឹត្ត និង​អាកប្បកិរិយា​របស់​ខ្ញុំ​នៅ​ថ្ងៃ​ឈប់សម្រាក គឺ​ជា ទីសម្គាល់ រវាង​ខ្ញុំ និង​ព្រះវរបិតាសួគ៌​ខ្ញុំ ។ ដោយ​មាន​ការយល់ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ។ ពេល​ខ្ញុំ​សម្រេចចិត្ត​ថា​តើ​សកម្មភាព​ណា ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ‹ តើ ទីសម្គាល់​ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ដល់​ព្រះ ? › សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ជម្រើស​ខ្ញុំ នៅ​ថ្ងៃ​ឈប់​សម្រាក​មាន​ភាព​ច្បាស់លាស់​ឡើង ។

ជម្រើស​និមួយៗ​ទាក់ទង​នឹង​ថ្ងៃ​ឈប់សម្រាក គឺ​ផ្ទាល់​ខ្លួន វា​ជាការ​ថ្វាយ​ផ្ទាល់​ខ្លួន ជា​ទីសម្គាល់​នៃ​ការ​ដឹងគុណ​ដែល​ទ្រង់​សព្វព្រះទ័យ​ធ្វើ​ឲ្យ​យើង​បាន​បរិសុទ្ធ ។ ដោយ​គ្មាន​បំណង​ស្នើ​បញ្ជី​ត្រូវ​ធ្វើ ឬ​មិន​ត្រូវ​ធ្វើ ខ្ញុំ ចង់ និយាយ​ថា ខ្ញុំ​បាន​ឃើញ​យុវវ័យ និង​យុវមជ្ឈិមវ័យ​បាន​ជ្រើសរើស​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ​នៅ​ជុំវិញ​ពិភពលោក ។ ពួកគេ​ជា​ច្រើន​នាក់​បាន​រើស​មិន​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ ហើយ​អ្នក​ផ្សេង​ទៀត​បាន​ដាក់​គោលដៅ​ថា​មិន​សិក្សា​នៅ​ថ្ងៃ​អាទិត្យ ។ យុវនារី​ម្នាក់​នៅ​ប្រទេស​ថៃ បាន​ប្រថុយ​នឹង​ការ​បាត់បង់​មិត្តភក្ដិ ដោយសារ​តែ​នាង​រើស​មិន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​នៅ​ថ្ងៃ​ឈប់សម្រាក ( ជា​គំនិត​មួយ​ដែល​មិត្តភក្ដិ​នាង​មិន​ធ្លាប់​ឮ​ពីមុន​មក ) ។ ខ្ញុំ​ស្គាល់​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​រដ្ឋ កាលីហ្វរញ៉ា ប្រឆាំង​នឹង​ការ​គៀបសង្កត់​ពី​មិត្តភក្ដិ និង​គ្រូបង្វឹក—ហើយ​ប្រថុយ​នឹង​ការ​បាត់បង់​អាហារ​រូបករណ៍​ដ៏​មាន​តម្លៃ—គាត់​បាន​សម្រេច​ថា​មិន​ចូលរួម​នឹង​ព្រឹត្តិការណ៍​កីឡា​នានា​នៅ​ថ្ងៃ​ឈប់សម្រាក​ឡើយ ។

ខ្ញុំ​ជឿជាក់​ថា ព្រះអម្ចាស់​នឹង​ទទួលស្គាល់​យុវវ័យ​ដ៏​អស្ចារ្យ​ទាំងនេះ ដោយ​ព្រោះ​ពួកគេ​បាន​គោរព​ទ្រង់ ដោយ​ការ​ជ្រើសរើស​រក្សា​ថ្ងៃ​របស់​ទ្រង់​ឲ្យ​បរិសុទ្ធ ។ យើង​អាច​បង្រៀន​សិស្ស​របស់​យើង​ថា អាកប្បកិរិយា និង​សកម្មភាព​នានា​នៅ​ថ្ងៃ​ឈប់សម្រាក​គឺ​ជា​ទីសម្គាល់​ដល់​ព្រះអម្ចាស់​អំពី​អារម្មណ៍​ដែល​យើង​មាន​ពី​សេចក្ដី​សញ្ញា​របស់​យើង ហើយ​ថា « ការរក្សា​ថ្ងៃ​ឈប់សម្រាក់​ដ៏​ពិត គឺ​ជា​និមិត្តសញ្ញា​នៃ​ការរក្សា​សេចក្ដី​សញ្ញា​ទាំងមូល » ។

៣. ថ្ងៃ​ឈប់សម្រាក គឺ​ជា​ថ្ងៃ​រីករាយ

គោលការណ៍​មួយ​ទៀត​ពី​ព្រះគម្ពីរ​សញ្ញាចាស់ ៖

« បើ​ឯង​ឃាត់​ជើង​ឯង មិន​ឲ្យ​បែរ​ចេញ​ពី​ថ្ងៃ​ឈប់​សម្រាក គឺ​មិន​ឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង បើ​ឯង​រាប់​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​រីករាយ​ចិត្ត ហើយ​លើក​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះយេហូវ៉ា ទុក​ជា​ថ្ងៃ​គួរ​គោរព ព្រម​ទាំង​ប្រតិបត្តិ​តាម​ផង ឥត​ធ្វើ​តាម​អំពើ​ចិត្ត​របស់ ខ្លួន ឬ​ស្វែង​រក សេចក្តី អំណរ​ដល់​ខ្លួន​ឯង ឬ​ពោល​តែ​ពាក្យ របស់​ផង​ខ្លួន​ឡើយ ៖

« គ្រានោះ ឯង​នឹង​បាន​ចិត្ត​រីករាយ​ក្នុង​ព្រះយេហូវ៉ា »

និក្ខមនំ ១៦ គឺ​ជា​ការបង្ហាញ​ដ៏​ល្អ​ពី​គោលការណ៍​នេះ ។ នៅពេល​កូនចៅ​អ៊ីស្រាអែល​រអ៊ូរទាំ​ពីការ​ស្រេកឃ្លាន​របស់​ពួកគេ ហើយ​ចង់​ត្រឡប់​ទៅ « ឆ្នាំង​សំឡ »​នៃ​ស្រុក​អេសីព្ទ នោះ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖

« មើល យើង​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បណ្តាជន​ចេញ​ទៅ​រើស​ឲ្យ​ល្មម​តែ​មួយ​ថ្ងៃ​រាល់ៗ​ថ្ងៃ ដើម្បី​ឲ្យ​យើង​បាន​ល្បងល​គេ មើល តើ​គេ​នឹង​ដើរ​តាម​ច្បាប់​របស់​យើង​ឬ​ទេ ។

« ដល់​ថ្ងៃ​ទី​ប្រាំមួយ នោះ​ត្រូវ​ឲ្យ​គេ​រើស​លើស​ជាង​ធម្មតា​មួយ ជា​ពីរ យក​ទៅ​រៀបចំ​ទុក » ។១0

មាន​យ៉ាង​ហោចណាស់ គោលការណ៍​បន្ថែម​ពីរ​ទៀត នៅ​ក្នុង​ខគម្ពីរ​ទាំង​នោះ ។ គោលការណ៍​មួយ​គឺ​ថា ព្រះអម្ចាស់​កំពុង​ល្បង​ការ​គោរព​ថ្ងៃ​ឈប់សម្រាក​របស់​យើង ។ គោលការណ៍​មួយ​ទៀត​គឺ ព្រះអម្ចាស់បម្រុង និង​​រៀបចំ​វិធី​មួយ​ឲ្យ​យើង​អាច​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ សូម​គិត​ពី​របៀប​នោះ​ដែល​បំពេញ​ការសន្យា​នៃ​ការ​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់សម្រាក ក្លាយ​ជា​ថ្ងៃ​ដ៏​រីករាយ ។ បើ​អ្វក​ធ្វើ​ការ​រាល់ថ្ងៃ ប្រមូល​នំ​ម៉ាណា​ដើម្បី​រស់ ហើយ​នៅ​ថ្ងៃ​មួយ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « អ្នក​មិន​ចាំបាច់​ធ្វើការ​នៅ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​យើង​នឹង​នៅ​តែ​ចិញ្ចឹម​អ្នក » តើ​វា​មិន​គួរ​ឲ្យ​រីករាយ​ទេ​ឬ​អី ?

ខ្ញុំ​បាន​ឮ​កំណែ​ថ្មី​នៃ​រឿង​នេះ ដែល​និទាន​ដោយ ស៊ិសស្ទើរ និង​អែលឌើរ ប៊ិចឆ័រ ជា​អ្នក​ផ្សាយ​សាសនា​រៀមច្បង ដែល​បម្រើ​នៅ​ប្រទេស អាហ្រ្វិក ។ ពួកគេ​សរសេរ​ថា ៖

« យើង​រស់​នៅ​តំបន់​ដ៏​ក្រីក្រ​មួយ​នៃ​ប្រទេស​កេនយ៉ា​ជិត​ព្រំប្រទល់​ប្រទេស​អ៊ូហ្គង់ដា ។ ប្រធាន​សាខា​របស់​យើង​ម្នាក់ … គឺ​ជា​កិសករ​មាន​ជីវភាព​ក្រខ្សត់​ណាស់ ។ គាត់​គឺជា​ឪពុក​វ័យក្មេង​ដែល​មាន​គ្រួសារ​តូច​មួយ ។ …

« … មាន​សមាជិក​សាខា​គាត់​ប្រាប់​គាត់ … ថា ពួកគេ​មិន​អាច​មក​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​បាន​ទេ ដោយសារ … ពួកគេ​ខ្លាច​ពេល​ពួកគេ​ចេញ​ពី​ផ្ទះ​អ្នក​ជិត​ខាង​នឹង​មក​លួង​គ្រាប់ពូជ​របស់​ពួកគេ ។ … [នេះ] ជា​ការ​ព្រួយបារម្ភ​ដ៏​ពិត​មួយ ។ … ពិត​ណាស់ មនុស្ស​ភាគច្រើន … រង់ចាំ​ធ្វើ​ការ​ដាំ​ដុះ​ពេល​អ្នក​ជិត​ខាង​ផ្សេង​ទៀត​ដាំដុះ​ដែរ ដូច្នេះ​ពួកគេ​បាន​បន្ថយ​ឱកាស​ច្រូតកាត់​មុន​របស់​ពួកគេ ។ … »

« [ពួកគេ​ក៏​និយាយ​ផង​ដែរ​ថា] ពួកគេ​មិន​អាច​មក​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​បាន​ទេ ដោយសារ​ពួកគេត្រូវ​ធ្វើ​ការ … ដោយ​សារ​ពួកគេ​ក្រ​ខ្សត់​ពេក » ។

« [ប្រធាន​សាខា]​បាន​បន្ត​ថា‹ ខ្ញុំ​ប្រាប់ពួកគេ​ថា « ខ្ញុំ​ចេញ​ពី​ផ្ទះ​រាល់​ថ្ងៃ​អាទិត្យ ហើយ​នៅ​ព្រះវិហារ​រាប់​ម៉ោង ។ ខ្ញុំ​ពុំ​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ជារឿយៗ​ខ្ញុំ​បាន​រកឃើញ​ថា ពួក​អ្នក​ជិត​ខាង​ខ្ញុំ​បាន​លួច[ពោត]​មាន់ ពងមាន់ ផ្លែឈើ​របស់​ខ្ញុំ ដោយសារ​ពួកគេ​ឃ្លាន ហើយ​ខ្វះខាត​អាហារ ។ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ថា លុះ​ដល់​ពេល​ច្រូតកាត់ ​ខ្ញុំ​មាន​ពរ​ណាស់ ដោយសារ​ដីស្រែ​ខ្ញុំ​បាន​ឲ្យ​ផល​ច្រើន​ជាង​ពួកគេ—ទោះ​ជា​ពួកគេ​ធ្វើ​ការ​នៅ​រាល់​ថ្ងៃ​អាទិត្យ​ក្ដី ។ ដីស្រែ​ខ្ញុំ​បាន​ឲ្យ​ផល​ច្រើន ហើយ​ខ្ញុំ​មាន​ពរ​ដោយសារ​ខ្ញុំ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ » › ។

« ដោយ​ស្ដាប់​ឮ​សម្ដី​របស់​[ប្រធាន​សាខា​រូបនេះ] [ប្រធានសខា​មួយ​រូប​ទៀត]​បាន​ថ្លែង​ថា ‹ ខ្ញុំ​អាច​បញ្ជាក់​រឿង​ដូចគ្នា​នេះ ។ ខ្ញុំ​មាន​[ពោត]​២​ហិចតា ។ អ្នកជិត​ខាង​ខ្ញុំមាន​១០​ហិចតា ។ គាត់​ធ្វើ​ការ​រាល់​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​មិន​ធ្វើ​ទេ ។ ពេល​ការ​ច្រូត​កាត់​មកដល់ ខ្ញុំ​ទទួល​បាន​ផល​យ៉ាង​ច្រើន ។ អ្នក​ជិត​ខាង​ខ្ញុំ​បាន​មក​សុំ​អាហារ​ខ្ញុំ ដោយសារ​គាត់​មាន​ការ​ខ្វះខាត ។ ខ្ញុំ​ក៏​មាន​ពរ​ដែរ ដោយសារ​រស់នៅ​តាម​ក្រឹត្យ​វិន័យ​នៃ​ថ្ងៃ​ឈប់​សម្រាក › » ។11

ផ្លូវ​របស់​ព្រះអម្ចាស់ ខ្ពស់​ជាង​ផ្លូវ​របស់​យើង—ហើយ​ការគណនា​របស់​ទ្រង់​ក៏​ដូច្នោះ​ដែរ ។ គឺ​ខុស​ពី​ការគណនា​របស់​យើង ។ វា​ជា​ភាព​ពិត​នៃ​ដង្វាយ​មួយ​ភាគ​ដប់​តើ​មែន​ទេ ? ជាមួយ​នឹង​ដង្វាយ​មួយ​ភាគ​ដប់ ១០ ដក ១ មិន​ស្មើ​នឹង ៩​ទេ ។ ព្រះអម្ចាស់​ប្រទាន​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវការ ហើយ​លើស​ពី​នោះ​ទៀត ។ វា​ក៏ពិត​ចំពោះ​ថ្ងៃ​ឈប់សម្រាក​ដែរ ។ មាន​ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​ធ្វើ​ការ​ប្រាំមួយ​ថ្ងៃ បាន​ផ្ដល់​ឲ្យ​យើង​ច្រើន​ជាង​អ្វី​ដែល​យើង​ត្រូវការ​ទៅទៀត ។ អ្នក​ស្ទើរតែ​ឮ​ព្រះអម្ចាស់​មាន​បន្ទូល​ថា « ល្បងល​យើង​ឥឡូវ … បើ​យើង​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ។១២

ថ្ងៃ​ឈប់សម្រាក មិន​ត្រឹម​ជា​ថ្ងៃ​ដែល​ត្រូវ​សម្រាក​ពី​ការងារ​ខាង​រាងកាយ​ប៉ុណ្ណោះ​ទេ ។ វា​ក៏​ថ្ងៃ​នៃ​ការ​សម្រាក​ខាង​វិញ្ញាណ វា​ជា​ថ្ងៃ​សម្រាក​ពី​ទុក្ខកង្វល់​នៃ​លោកិយ​ដែរ ។

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​បង្រៀន​ថា ការ​ឈប់សម្រាក​របស់​ព្រះអម្ចាស់​« មាន​ន័យ​ថា ការ​ទទួល​បាន​ចំណេះដឹង និង​ក្ដី​ស្រឡាញ់​នៃ​ព្រះ ការ​មាន​ក្ដី​ជំនឿ​លើ​គោលបំណង និង​លើ​ផែនការ​របស់​ទ្រង់ … មិន​រំខាន​ពី​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន ឬ​ផាត់​យើង​ចុះ​ឡើង ដោយ​សេចក្តី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយកល ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ »១៣ ( សូម​គិត​ពី​ព្រះចេស្ដា​នៃ​ការសន្យា នោះ ទាក់ទង​នឹង​អាទិភាព​របស់​យើង​ដើម្បី​ជួយ​សិស្ស​យើង​ឲ្យ​ស្វែង​រក​សេចក្ដី​ពិត និង​បែងចែក​សេចក្ដីពិត​ពី​កំហុស ) ។

ហើយ​ខ្ញុំ​ត្រូវ​លើក​ឡើង​ពី​ពរជ័យ​មួយ​ទៀត​នៃ​សារៈសំខាន់​ពី​ខគម្ពីរ​យោង​ទាំងនេះ ។ និក្ខមនំ ៣១ ប្រើ​ឃ្លា « អស់​ទាំង​តំណ​អ្នក​តទៅ »១៤ ហើយ អេសាយ ៥៨ មាន​ការ​សន្យា​ថា ព្រះអម្ចាស់​នឹង « ចិញ្ចឹម​ឯង​ដោយ​មរដក​របស់​យ៉ាកុប » ។១៥ នៅពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំង​នេះ និង​ការ​បំពាក់បំប៉ន​ដែល​ផ្ដល់​ដោយ​ប្រធាន​សាសនាចក្រ អ្នក​នឹង​ដឹង​ថា ពរជ័យ​ដ៏​ធំ​បំផុត​នៃ​ការ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ​នឹង​មាន​សម្រាប់​កូនចៅ​របស់​អ្នក ។ រាល់​ថ្ងៃ​អាទិត្យ​ជា​ឱកាស​ដើម្បី​បង្រៀន​កូនៗ​របស់​អ្នក ពី​អ្វី​ដែល​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​អ្នក ហើយ​ថា​អ្នក​ពេញចិត្ត​នឹង​លះបង់​ពេលវេលា​ខ្លួន​ដើម្បី​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។

វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​សម្រាប់​ពួកគេ ។ វា​នឹង​ជួយ​បង្កើត​ក្រុមគ្រួសារ​ច្រើន​ជំនាន់ នៃ​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដោយ​ដឹង​ពី​ការណ៍​ទាំង​នេះ និង​ពរជ័យ​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ថ្ងៃ​ឈប់​សម្រាក តើ​វា​អាច​មិន​ក្លាយ​ជា​ថ្ងៃ​មិន​រីករាយ​ដូចម្ដេច​ទៅ ?

៤. ថ្ងៃ​ឈប់សម្រាក រក្សា​ខ្លួន​យើង​កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ

គោលការណ៍​មួយ​ទៀត​ទាក់ទង​នឹង​ថ្ងៃ​ឈប់សម្រាក គឺ​រកឃើញ​ក្នុង​គោលលទ្ធិ នៃ សេចក្ដី​សញ្ញា កណ្ឌ ៥៩ ៖ « ហើយ​ប្រយោជន៍​ឲ្យ​អ្នក​អាច​រក្សា​ខ្លួន​បាន​ពេញ​លេញ​កុំឲ្យ​ប្រឡាក់​ពី​លោកិយ នោះ​អ្នក​ត្រូវ​ទៅ​ដំណាក់​នៃ​ការអធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់​របស់​អ្នក​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង​ចុះ » ។១៦

មាន​ឱកាស​ជា​ច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដើម្បី​បង្រៀន​គោលការណ៍​នេះ ។ ឧទាហរណ៍ នៅពេល​អ្នក​បង្រៀន​សេចក្ដីសញ្ញា​របស់​អ័ប្រាហាំ អ្នក​នឹង​មាន​ឱកាស​បង្រៀន​យុវវ័យ​របស់​យើង​ឲ្យ​នៅ​ក្នុង​លោកិយ តែ​មិនមែន​ជា​រស់​ផង​លោកិយ ។ ឱកាស​មួយ​ទៀត​នឹង​មាន នៅពេល​អ្នក​បង្រៀន សាំយូអែល ទី ១ ៨ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ប្រើ​ជំពូក​នេះ​ដើម្បី​បង្រៀន​មេរៀន​ដ៏​សំខាន់​មួយ ។ លោក​បាន​ថ្លែង ៖

« ព្រះអម្ចាស់ និង​ព្យាការី សាំយ៉ូអែល មាន​ការ​ខកចិត្ត និង​ព្រួយចិត្ត ។ … ប៉ុន្តែ​ប្រជាជន​បាន​ស្រែក​តវ៉ា​ឲ្យ​មាន​ស្ដេច ‹ ដើម្បី​ឲ្យ​យើង​បាន​ដូច​សាសន៍​ឯ​ទៀត​ដែរ › ។ …

មិន​ខុស​ពី​យើង​សព្វថ្ងៃ​ទេ ! យើង​ចង់​បាន​ភាព​ឡូយឆាយ និង​ភាព​ហ៊ឺហា​នៃ​ពិភពលោក ហើយ​មិន​គិត​ពី​លទ្ធផល​នៃ​ភាព​ល្ងីល្ងើ​របស់​យើង ។ អ្នក​ដែល​ពុំមែន​ជា​សមាជិក [ ស្វែង​រក​ការ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់សម្រាក យើង​ចង់​សប្បាយ ] ប៉ុន្តែ វា​មាន​ន័យ​ថា​ត្រូវ​បោះបង់​ចោល​សកម្មភាព​ថ្ងៃ​ឈប់សម្រាក ហើយ​មិន​គោរព​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះ ។ នៅ​សម័យ​របស់​យើង មាន​អាពាហ៍ពិពាហ៍​អ្នក​មិន​ជឿ—យើង​ត្រូវ​ធ្វើតាម​រចនាបថ និង​គំរូ​របស់​ពួកគេ ទោះ​វា​ជា​ភាព​ឡូយឆាយ​នៃ​លោកិយ ហើយ​ភ្លេច​ផ្ដោត​លើ​ភាព​ម៉ឹងម៉ាត់​នៃ​អាពាហ៍ពិពាហ៍​ពិតប្រាកដ​ទៅ​វិញ ។ …

« រចនាបថ​ជា​ច្រើន ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ប្រមាថ និង​ការ​ឈ្លក់​ទឹកប្រាក់ ហើយ​គេច​ពី​រចនាបថ​មួយ​ទៅ​រចនាបថ​មួយ​ទៀត ឲ្យ​ទាន់​សម័យ​សម្លៀក​បំពាក់ ។ … យើង​ស៊ូស្លាប់ ជាជាង ‹ ស្លៀកពាក់​មិន​ទាន់​សម័យ › ។ … ‹ យើង​ត្រូវ​មាន​ស្ដេច​ដើម្បី​ឲ្យ​យើង​បាន​ដូច​សាសន៍​ឯ​ទៀត​ដែរ ! ›

« ព្រះអម្ចាស់​មាន​បន្ទូល​ថា ទ្រង់​នឹង​មាន​សាសន៍​របស់​ផងទ្រង់ ប៉ុន្តែ​យើង​មិន​ប៉ង​ធ្វើ​ជា​មនុស្ស​ចម្លែក​ឡើយ ។ …

តើ​នៅ​ពេលណា​ទៅ ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឈរ​រឹងមាំ​លើ​ជំហរ​របស់​ខ្លួន ស្ថាបនា​បទដ្ឋាន​ផ្ទាល់​ខ្លួន ធ្វើ​តាម​គំរូ​ត្រឹមត្រូវ ហើយ​រស់​នៅ​ក្នុង​ជីវិត​ដ៏​រុងរឿង​របស់​គេ​ផ្ទាល់ ស្រប​តាម​លំនាំ​ដំណឹងល្អ​ដែល​បំផុស​គំនិត » ។១៧

នៅពេល​ដែល​យុវវ័យ​របស់​យើង​ពុះពារ​ជាមួយ​នឹង​ទស្សនៈ ទំនៀមទម្លាប់ បទដ្ឋាន និង​រចនាបទ​របស់​លោកិយ សូម​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា យើង​ត្រូវ​ធ្វើ​ជា​សាសន៍​របស់​ទ្រង់ ដែល​មិន​រង​ឥទ្ធិពល​ពី​លោកិយ​ឡើយ ។១៨ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា ការ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ គឺ​ជា​វិធី​មួយ​ដើម្បី​ធ្វើ​ដូច្នោះ ជា​ផ្លូវ​មួយ​ដើម្បី​ជួយ​ពួកគេ​កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ ។

ពិធី​សាក្រាម៉ង់

គោលបំណង​នៃ​ពិធី​សាក្រាម៉ង់

ឥឡូវ​នេះ យើង​អាច​ប្ដូរ​ទៅ​និយាយ​ពី​គោលបំណង​នៃ​ពិធី​សាក្រាម៉ង់​ពីរបី​នាទី​បាន​ទេ ?

យើង​ទទួល​ទាន​សាក្រាម៉ង់ ដោយ ការ​ចងចាំ ពី​ព្រះកាយ និង​ព្រះលោហិត​របស់​ព្រះរាជបុត្រា ។ នេះ​គឺជា​ហេតុផល​ដែល​ព្រះអម្ចាស់​បាន​អភិសេក​ពិធី​សាក្រាម៉ង់​អង្គទ្រង់​ផ្ទាល់ ទាំង​នៅ​ក្នុង​ដែនដី​បរិសុទ្ធ និង​នៅ​សហរដ្ឋ អាមេរិក ។១៩ វាគួរ​តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​បទពិសោធន៍​របស់​យើង​រាល់​សប្ដាហ៍ ។ ពិធី​សាក្រាម៉ង់ គឺ​ជា​ឱកាស​មួយ​ដើម្បី​ចងចាំ​ទ្រង់ ហើយ​ពី​ព្រះកាយ​ទ្រង់ និង​ព្រះលោហិត​ទ្រង់ ដែល​ទាក់ទង​នឹង​ការ​រស់​ឡើងវិញ ការ​ប្រោសលោះ​ពី​អំពើ​បាប​របស់​យើង និង​ព្រះគុណ​ដែល​ល្មម​គ្រប់គ្រាន់​ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​ជីវិត ។

យើង ធ្វើ​ទីបន្ទាល់ ដល់​ព្រះអង្គ ឱ​ព្រះអង្គ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​អើយ ថា​ពួកយើង​នឹង​ព្រម​លើកដាក់​មក​លើ​ខ្លួន​យើង នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​របស់​ព្រះអង្គ ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដូច្នេះ យើង​សូម​រំឭក​សេចក្ដីសញ្ញា ទាំងអស់ របស់​យើង ។ តើ​អ្នក​អាច​ស្រមៃ​ថា យើង​ម្នាក់​អាច​ធ្វើ​ដូច្នោះ​ដោយ​ស្មោះ​ត្រង់​រាល់​សប្ដាហ៍​បាន​ទេ ? ការ​ប្រជុំ​សាក្រាម៉ង់ គឺ​ជា​អាហារ​ខាង​វិញ្ញាណ ការ​ទទួល​បាន​ការ​សន្យា​របស់​ព្រះអម្ចាស់ ដែល​ថា​យើង​នឹង « មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​ពួកយើង » នាំ​មកនូវ ក្ដី​សង្ឃឹម ការជា​សះស្បើយ កម្លាំង ការលួងលោម​ចិត្ត និង​ការ​អភ័យ​ទោស ។២០

យើង​ទាំងអស់គ្នា​ត្រូវការ​ការអភ័យទោស និងការ​ព្យាបាល ហើយ​យើង​មួយចំនួន​ត្រូវការ​ទទួលការ​អភ័យទោស ហើយ​បំភ្លេច​ចោល​នូវ​អារម្មណ៍ឈឺចាប់ ដែល​យើងមានជា​យូរមកនោះ ។ ដង្វាយធួន និង​សាក្រាម៉ង់​ផ្ដល់​ឱកាស​ឲ្យ​យើងធ្វើ​រឿងនោះ​ពេល​ឥឡូ​វនេះ ។

មាន​ឱកាស​ជាច្រើន ដើម្បី​បង្រៀន​គោលបំណង​នៃ​ពិធី​សាក្រាម៉ង់ ពេញ​ទាំង​ព្រះគម្ពីរ និង​ក្នុង​វគ្គសិក្សា​ទាំងអស់​របស់​យើង ។ ខ្ញុំ​សូម​ស្នើ​ថា​យ៉ាង​ហោច​ណាស់ យើង​រក​ឲ្យ​ឃើញ​វិធី​ពីរ​ ដើម្បី​ធ្វើ​ការណ៍​នោះ ។ នៅ​ពេល​ណាមួយ​ដែល​យើង​បង្រៀន គំរូ ឬ​និមិត្តរូប​នៃ​ព្រះអង្គសង្រ្គោះយើង​មាន​ឱកាស​ដើម្បី​បង្រៀន គោលបំណង​នៃ​ពិធី​សាក្រាម៉ង់ ។ ទីពីរ នៅពេល​ណា​ដែល​យើង​បង្រៀន​គោលការណ៍​ដែល​ទាក់ទង​នឹង សេចក្ដី​សញ្ញាយើង​មាន​ឱកាស​ដើម្បី​អនុវត្ត​គោលការណ៍ ទាំងនោះ ក្នុង​ពិធីសាក្រាម៉ង់ ។

ខ្ញុំ​សូម​ចែកចាយ​ឧទាហរណ៍​មួយ​នៃ​ឱកាស​ទាំងពីរ​នេះ ( ចេញ​ពី​ព្រះគម្ពីរ​សញ្ញាចាស់​ម្ដង​ទៀត​ ) ។

១. គំរូ និង​និមិត្តរូប ដែល​ចង្អុលបង្ហាញ​យើង​ទៅរក​ព្រះយេស៊ូវគ្រីស្ទ

ឧទាហរណ៍​ទីមួយ ដែល​បង្ហាញ​ពី​គំរូ និង​និមិត្តរូប​មួយ​អំពី​ព្រះអង្គសង្រ្គោះ គឺ​មក​ពី​លេវីវិន័យ ជំពូក​ ១ ។ ក្នុង​ខ​នោះ ព្រះអម្ចាស់​បង្រៀន​កូនចៅ​អ៊ីស្រាអែល​ឲ្យ​ថ្វាយ​ដង្វាយ​ដោយ​ស្ម័គ្រចិត្ត​ដល់​ព្រះអម្ចាស់ ។ ដង្វាយ​នោះ គឺ​ជា​សត្វ​ឈ្មោល​ដ៏​ល្អ​ឥតខ្ចោះ ដែល​នឹង​ទទួល​ដង្វាយ​នោះ ឲ្យ​បាន​ធួន​នឹង​អ្នក​ដែល​មក​ថ្វាយ​យញ្ញបូជា ។ រួច​គេ​សម្លាប់​សត្វ​នោះ ហើយ​ពួកសង្ឃ​នឹង​ស្រោច​ឈាម​នៅ​ជុំវិញ​អាសនា ។២១

វា​ងាយស្រួល​ក្នុងការ​មើលឃើញ​និមិត្តរូប និង​ការទាក់ទង​ទៅនឹង​ពិធី​សាក្រាម៉ង់ ហើយ​ទទួល​ស្គាល់​ថា ពេល​បុគ្គល​ម្នាក់​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​នឹង​ចែករំលែក​ក្ដី​ទុក្ខលំបាក ក្ដី​សោកសៅ និង​អំពើបាប​របស់​ពួកគេ ។ ខ្ញុំ​គិត​ថា​វា​ជាភាព​ចម្លែក ដែល​អ្នក​សុចរិត គឺ​ជា​អ្នក​ដែល « មាន​សម្លៀកបំពាក់​ពណ៌​ស តាម​រយៈ​ឈាម​នៃ​កូនចៀម » ។22 ប៉ុន្តែ « ព្រះអម្ចាស់​នឹង​ពាក់​ព្រះពស្ត្រ​ពណ៌​ក្រហម » ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ហើយ​ឈាម​គេ​នោះ​យើង​បាន​សម្រក់​មក​លើ​សម្លៀក​បំពាក់​របស់​យើង ហើយ​ធ្វើ​ឲ្យ​ប្រឡាក់​សម្លៀក​បំពាក់​របស់​យើង​អស់​ហើយ » ។23

វា​ជា​ទិដ្ឋភាព​ដ៏​គួរឲ្យ​ស្ញប់ស្ញែង—ដើម្បី​មើល​ឃើញ​ព្រះអម្ចាស់​ស្លៀក​សម្លៀកបំពាក់​ពណ៌​ក្រហម ហ៊ុំព័ទ្ធ​ដោយ​ពល​ទេវតា​ស្លៀកពាក់​ពណ៌​ស ។ ដោយព្រោះ​ការ​រងទុក្ខ​របស់​ព្រះយេស៊ូវគ្រីស្ទ « ទោះ​បើ​អំពើបាប​របស់ឯង ដូចជា​ពណ៌​ក្រហម​ទែង​ក៏ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះបើ​ក្រហម​ឆ្អៅ​ក៏ដោយ គង់តែ​នឹង​បាន​ដូចជា​រោម​ចៀម​វិញ » ។២៤

បន្ទាប់​មក យញ្ញបូជា​នោះ​ត្រូវ​បាន​កាត់​ជា​ដុំៗ—ក្បាល គ្រឿងក្នុង ជើង និង​ខ្លាញ់ ។២៥ ក្បាល​តំណាង​ឲ្យ​ការ​គិត គ្រឿងក្នុង​តំណាង​ឲ្យ​ដួងចិត្ត អារម្មណ៍ ហើយ​ជើង​តំណាង​ឲ្យ​ទង្វើ​របស់​យើង ។ និមិត្តរូប​នោះ រំឭក​យើង​ពី​ពិធី​សាក្រាម៉ង់ នៅពេលពេល​យើង​ប្ដេជ្ញា​ថា​ស្រឡាញ់​ព្រះ​« ដោយ​អស់​ពី​ចិត្ត ពី​ពលំ ពី​គំនិត និង​ពី​កម្លាំង​[យើង] » ។២៦

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ម្យ៉ាង​ទៀត​ថា « ការ​បូជា​ដ៏ពិត គឺ​មិន​ដែល​ដាក់​សត្វ​នៅ​លើ​អាសនា​ឡើយ ។ ផ្ទុយទៅវិញ វា​គឺ​ជា​ឆន្ទៈ​មួយ ដើម្បី​ដាក់​សត្វ​ដែល​នៅក្នុង​ខ្លួន​យើង នៅ​លើ​អាសនា ហើយ​ទុក​ឲ្យ​វា​ដុត​ឆេះអស់ ! »27

យើង​ក៏​អាច​ប្រើ​តួនាទី​ជា​សង្ឃ កូន​អើរ៉ុន២៨ ដើម្បី​បង្រៀន​យុវជន ពី​សារៈសំខាន់​នៃ​តួនាទី​ដែល​ពួកគេ​ធ្វើ​នៅ​ក្នុង​ពិធីសាក្រាម៉ង់ ។ សូម​បង្រៀន​សង្ឃ​របស់​យើង​ថា ពួកគេ ជា​កូន​អើរ៉ុន ហើយ​ថា​ពួកគេ​បាន​ញែកចេញ​ពី​លោកិយ ដូច្នេះ​ពួកគេ​អាច​តំណាង​ឲ្យ​ព្រះអង្គសង្រ្គោះ ។ សូម​បង្រៀន​គ្រូបង្រៀន​ថ្នាក់​បព្វជិតភាព​អើរ៉ុន​ថា ពួកគេ​ឈរ​នៅ​កន្លែង យ៉ូសែប ជា​អ្នក​ស្រុក​អើរីម៉ាថេ រៀបចំ​ព្រះសព្វ​របស់​ព្រះគ្រីស្ទ ។ ( បងប្អូន​រាល់​គ្នា​មួយ​ចំនួន ធ្លាប់​មាន​បទពិសោធន៍​ដ៏​ពិសិដ្ឋ នៃ​ការ​រៀបចំ​សាកសព​ដើម្បី​ដុត ។ តើ​អ្នក​អាច​ស្រមៃ​ពី​បទពិសោធន៍​ដ៏​ពិសិដ្ឋ​របស់ យ៉ូសែប ជា​អ្នក​ស្រុក​អើរីម៉ាថេ​បាន​ទេ ?២៩) សូម​ជួយ​យុវជន​របស់​យើង​ឲ្យ​យល់​ថា ការ​ប្រជុំ​សាក្រាម៉ង់ គឺ​ជា ពិធី​រំឭក ការ​ចងចាំ​ពី​ព្រះអង្គសង្គ្រោះ ។

ប្រធាន​ស្ដេក​ម្នាក់ បាន​បង្រៀន​គំនិត​នេះ​ដល់​កូរ៉ុម​គ្រូ ។ ឥឡូវ​នេះ ប្រធាន​កូរ៉ុម​គ្រូ​អាយុ ១៥​ឆ្នាំ​របស់​ពួកគេ បាន​ឲ្យ​កូរ៉ុម​ទាំង​មូល​មក​៣០​នាទីមុន​ការ​ប្រជុំ​សាក្រាម៉ង់​ចាប់​ផ្ដើម​រៀងរាល់​ថ្ងៃ​អាទិត្យ ហើយ​ពួកគេ​អាន​ព្រះគម្ពីរ និង​អធិស្ឋាន​រួម​គ្នា ហើយ​បន្ទាប់​មក​ក្រុម​កូរ៉ុម​រៀបចំ​ពិធី​សាក្រាម៉ង់ ។

យើង​ក៏​អាច​បង្រៀន​ពួក​ឌីកុន​របស់​យើង ពី​តួនាទី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដែរ ។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ការធ្វើ​ជា​អ្នក​សែង​មឈូស របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ពីធី​រំឭក​អំពី​ទ្រង់​ដែរ​ឬ​ទេ ?

សូម​ជួយ​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​ដឹង​ថា ពួកគេ​កំពុង​គោរព​បព្វជិតភាព​របស់​ពួកគេ តាម​របៀប​ដែល​ជួយ​យើង​ម្នាក់ៗ​ឲ្យ​មាន​ពរជ័យ​តាមរយៈ​ព្រះលោហិត​នៅ​ឯ​សួន​គែតសាម៉ានី និង​ដើម្បី​ទទួល​បាន​នូវ​ការ​អភ័យទោស និង​ការ​ព្យាបាល​ដែល​ដង្វាយធួន​ផ្ដល់​ឲ្យ ។

២. ការ​បង្រៀន​អំពី​សេចក្ដីសញ្ញា ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​បង្រៀន​ពី​សាក្រាម៉ង់

ឱកាស​មួយ​ទៀត​នឹង​បង្រៀន​សាក្រាម៉ង់ នៅ​ពេល​យើង​បង្រៀន​គោលការណ៍​ទាក់ទង​នឹង​សេចក្ដី​សញ្ញា​នានា ។

ឧទាហរណ៍​មួយ​នៃ​ការណ៍​នេះ គឺ​រកឃើញ​នៅ​ក្នុង​ព្រះគម្ពីរ​ហូសេ ដែល​ប្រើ​និមិត្តរូប​នៃ ស្វាមី និង​ភរិយា ការ​ក្បត់​របស់​នាង និង​ការ​សាកល្បង​នៃ​សេចក្ដី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍ ដើម្បី​បង្រៀន​ពី​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ហូសេ​ថា « ចូរ​ឯង​ទៅ​យក​ស្រី​ដែល​ធ្លាប់​ប្រព្រឹត្ត​ជា​សំផឹង នាំ​មក​នៅ​ជា​មួយ​គ្នា ហើយ​បង្កើត​កូន​សហាយ​ចុះ » ។30 ដូច្នេះ ហូសេ​បាន​យកនាង​កូមើរ​ជា​ភរិយា ។ ប៉ុន្តែ បន្ទាប់​ពី​គាត់​យក​នាង​មក​ផ្គត់ផ្គង់ ហើយ​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​នាង នាង​បាន​ត្រឡប់​ទៅ​ប្រព្រឹត្ត​ដូច​ដើម​វិញ ហើយ​បាន​ក្បត់​គាត់ ។

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា បើ​អ្នក​ជា​ហូសេ​វិញ​នោះ ? ប៉ុន្តែ សូម​ស្ដាប់​ប្រតិកម្ម​របស់​ហូសេ ទៅនឹង​ការ​ក្បត់​នេះ ៖

« ខ្ញុំ​នឹង​ប្រលោម​នាំ​នាង​ទៅ​ឯ​ទី​រហោស្ថាន ហើយ​និយាយ​សម្រប​ចិត្ត​នាង ។

« ហើយ​ខ្ញុំ​នឹង​ប្រគល់​ចំការ​ទំពាំងបាយជូរ​របស់​នាងដល់​នាង​វិញ » ។៣១

ហើយ​នៅ​ក្នុង​កំណត់ត្រា​ព្រះគម្ពីរ មាន​ការ​ផ្លាស់ប្ដូរ​មួយ​កើត​ឡើង​ពី​ហូសេ និងនាង​កូមើរ ដល់​ព្រះអម្ចាស់ និង​កូនចៅ​អ៊ីស្រាអែល​នៃ​សេចក្ដី​សញ្ញា ដូច​ទ្រង់​មាន​បន្ទូល​មក​យើង​ថា ៖ « យើង នឹង​ដណ្តឹង នាង សម្រាប់ យើង ទុក​ជា​ដរាប​ត​ទៅ អើ យើង​នឹង​ដណ្តឹង នាង​សម្រាប់​យើង ដោយ​សេចក្តី​សុចរិត សេចក្តី​យុត្តិធម៌​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា » ។៣២

ដើម្បី​ឃើញ​របៀប​ដែល​ហូសេ​មាន​អារម្មណ៍​ពី​សេចក្ដី​សញ្ញា​របស់​គាត់ ហើយ​ដើម្បី​ដឹង​ថា​វា​ជា​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជាមួយ​យើង បាន​ប្រទាន​ពរ​ដល់​យើង​យ៉ាង​ច្រើន ។

ដំបូង ខ្ញុំ​បាន​រៀន​ស្រឡាញ់​រឿង​នេះ​ ដោយសារ​សុន្ទរកថា​របស់​ប្រធាន ហិនរី  ប៊ី អាវរិង ។ បងប្អូន​រាល់​គ្នា​មួយ​ចំនួន បាន​នៅ​ទីនោះ ពេល​លោក​និយាយ​ពី​បទពិសោធន៍​បង្រៀន​ព្រះគម្ពីរ​សញ្ញា​ចាស់ នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ៖ « ដោយ​ហេតុផល​ច្រើន​ជាង​ខ្ញុំ​អាច​ពន្យល់​បាន នៅ​ជំនាន់​នៃ​បង្រៀន​របស់​ហូសេ ខ្ញុំ​មាន​អារម្មណ៍​ពី​អ្វី​មួយ​ថ្មី អ្វី​ដែល​កាន់តែ​មាន​អនុភាព ។ វា​មិនមែន​ជា​រឿង​ពី​កិច្ចព្រមព្រៀង​អាជីវកម្ម រវាង​ដៃគូ​ជំនួញ​ទេ ។ … វា​ជា​រឿង​នៃ​សេចក្ដី​ស្រឡាញ់ ។ នេះ​គឺ​ជា​រឿង​នៃ​សេចក្ដី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍ ដែល​ចង​ភ្ជាប់​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​ជា​ក្ដីស្រឡាញ់​ដែល​មិន​ប្រួលប្រែ ។ ជាច្រើន​ឆ្នាំ​អារម្មណ៍​នោះ​ចេះ​តែ​កើន​ឡើង ដែល​ខ្ញុំដឹង​ថា ព្រះអម្ចាស់​ដែល​ខ្ញុំ​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ ស្រឡាញ់​ខ្ញុំ និង​បងប្អូន និង​អ្នក​ដែល​យើង​បង្រៀន ដោយ​ខ្ជាប់ខ្ជួន​ពី​អ្វី​ដែល​ខ្ញុំ​បន្ត​មាន​ការ​ស្ញប់ស្ញែង និង​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើតាម​ដោយ​អស់​ពី​ចិត្ត » ។៣៣

មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​ទាក់ទង​នឹង​រឿង​នោះ ប៉ុន្តែ​ខ្ញុំ​នឹង​ទុក​ឲ្យ​បងប្អូន​មើល​សុន្ទរកថា​ដ៏​អស្ចារ្យ​របស់​ប្រធាន អាវរិង ក្នុង​សន្និសីទ​ស៊ី.អ៊ី.អេស ​នៅ​ឆ្នាំ ១៩៩៥ ម្ដង​ទៀត ។ គំនិត​ខ្ញុំ​គឺ​ថា យើង​មាន​ឱកាស​ដើម្បី​បង្រៀន​សេចក្ដី​សញ្ញា ។ ហើយ​ពេល​យើង​មាន សូម​ជួយ​សិស្ស​របស់​យើង​ឲ្យ​មាន​អារម្មណ៍​ដូច​ដែល​ប្រធាន អាវរិង មាន​ដែរ ៖ គឺ​ថា​ព្រះ​ស្រឡាញ់​យើង ហើយ​ថា​ទ្រង់​សព្វព្រះទ័យ​នឹង​ប្រទាន​ពរ​ឲ្យ​យើង តាមរយៈ​សេចក្ដី​សញ្ញា​របស់យើង ។ នៅ​ពេល​យើង​យល់​ថា​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា គឺ ជា​និមិត្តរូប​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ព្រះទ័យ​តម្កើង​យើង​ឡើង នោះ​យើង​ផ្លាស់ប្ដូរ​ជា​រៀង​រហូត​ដោយសារ​ពិធីសាក្រាម៉ង់ ។

សេចក្ដី​បញ្ចប់

តើ​អ្នក​អាច​ស្រមៃ​ពី​អ្វី​ដែល​នឹង​កើត​ឡើង បើ​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ ចូលរួម​ការ​ប្រជុំ​សាក្រាម៉ង់​ជា​រៀង​រាល់​សប្ដាហ៍ ហើយ​ពិត​ជា​ចងចាំ​ពី​ព្រះអង្គសង្រ្គោះ មាន​អំណរគុណ​សម្រាប់​ដង្វាយ​ធួន​របស់​ទ្រង់ ធ្វើ​ជា​សាក្សី​ដល់​ព្រះវរបិតា​ថា​ពួកគេ​នឹង​លើកដាក់​មក​លើ​ខ្លួន​គេ​នូវ​ព្រះនាម​ព្រះអង្គសង្រ្គោះ​រាល់​ថ្ងៃ ហើយ​ព្យាយាម​រក្សា​ព្រះបញ្ញត្តិ​ទ្រង់ និង​រស់នៅ​ដោយ​សក្ដិសម​សម្រាប់​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ? ហើយ ពួកគេ​ចូលរៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ដែល​ផ្ដោត​លើ តួនាទី​សំខាន់​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ផែនការ​របស់​ព្រះវរបិតា​ជាទី​ស្រឡាញ់​របស់​យើង ដែល​រំឭក​ពួកគេ​ពី​ការ​ប្ដេជ្ញាចិត្ត​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ នៅ​ថ្ងៃ​ក្នុង​សប្ដាហ៍​វិញ​នោះ ? ហើយ​បើ​ក្នុង​ផ្ទះ​ពួកគេ គេ​និយាយ​ពី​រឿង​ទាំង​នេះ​ជាមួយ​ឪពុកម្ដាយ​ពួកគេ និង​រៀបចំ​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់សម្រាក​ជា​ថ្ងៃ​សំខាន់​នៃ​សប្ដាហ៍​របស់​ពួកគេ​នោះ ?៣៤ យើង​ស្ទើរ​តែ​មិន​អាច​នឹក​ឃើញ​ពី​ពរជ័យ​ដែល​ព្រះអម្ចាស់​ត្រៀម​សម្រាប់​យើង ។

ខ្ញុំ​សូម​បញ្ចប់​ទីបន្ទាល់​របស់​ខ្ញុំ​ថា បើ​យើង​ត្រូវ​បង្រៀន​គោលការណ៍​នេះ យើង​ត្រូវ​រស់នៅ​តាម​វា​ជា​មុន​សិន ។ បើ​យើង​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ហើយ​ចងចាំ​ពី​ព្រះអង្គសង្រ្គោះ នៅពេល​យើង​រំឭក​សេចក្ដីសញ្ញា របស់​យើង នៅ​រាល់​អាទិត្យ នោះ​ថ្ងៃ​ឈប់សម្រាក និង​ក្លាយ​ជា​ថ្ងៃ​មួយ​ដ៏​រីករាយ សម្រាប់ យើង ហើយ​នឹង​ប្រទានពរ​ដល់​យើង និង​ក្រុមគ្រួសារ​របស់​យើង​ជា​ច្រើន​ជំនាន់ ។ ហើយ​វា​នឹង​ពង្រឹង​សមត្ថភាព​របស់​យើង ដើម្បី​លើកទឹកចិត្ត​សិស្ស​ជាទីស្រឡាញ់​របស់​យើង​ឲ្យ​ស្គាល់​ពី​របៀប​ដែល​ការរក្សា​ថ្ងៃ​ឈប់សម្រាក​ជា​ថ្ងៃ​បរិសុទ្ធនឹង​ជួយ ពួកគេ ឲ្យ​យល់ និង​ផ្អែក​លើ​ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​នឹង​ពង្រឹង​ការ​ដឹងគុណ និង​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​សេចក្ដី​សញ្ញា​ជា​សិស្ស​របស់​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។

សូម​ឲ្យ​យើង​ចងចាំ​ទ្រង់​ជានិច្ច ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។