បណ្ណាល័យ
អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង


អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង

ការចាក់ផ្សាយ​តាម​ផ្កាយរណប​អំពី​ថ្នាក់​សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាន​សាសនា•ថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០១៥

ព្រះវិញ្ញាណ​នៅ​ទី​នេះ​ពិសិដ្ឋ​ណាស់ ហើយ​ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​អ្វីទាំងអស់​ដែល​ខ្ញុំ​ត្រូវ​បាន​បង្រៀន ។

នៅ​ក្នុង​សំបុត្រ​ចុង​ក្រោយ​មួយ​របស់ មរមន លោក​បាន​បង្រៀន​ថា ៖

« ដ្បិត​មើល​ចុះ ព្រះ​ទ្រង់​ជ្រាប​គ្រប់​រឿង​ទាំងអស់​ចាប់តាំង​ពី​ភាព​អស់កល្ប​ជានិច្ច មើល​ចុះ​ទ្រង់​បាន​ចាត់​ឲ្យ​ពួក​ទេវតា មក​ធ្វើការងារ​បម្រើ​ដល់​កូនចៅ​មនុស្ស គឺដើម្បី​មក​សម្ដែង​ឲ្យ​ដឹង​អំពី​ការ​យាង​មក​នៃ​ព្រះគ្រីស្ទ ហើយ​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​អ្វីដែល​ល្អ​គ្រប់​យ៉ាង​នឹង​ចេញ​មក ។ …

« ហេតុដូច្នោះ​ហើយ ដោយ​ការងារ​បម្រើ​នៃ​ពួក​ទេវតា និង​ដោយ​គ្រប់​ពាក្យ​ទាំងអស់ ដែល​ចេញ​មក​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ នោះ​មនុស្ស​បាន​ចាប់​ផ្ដើម​អនុវត្ត​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ ម្ល៉ោះ​ហើយ ដោយ​សេចក្ដី​ជំនឿ នោះ​ពួកគេ​បាន​ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » ។

តាម​យោបល់​របស់​ខ្ញុំ គ្រូ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ទាំង​ពេល​ព្រលឹម និង​ពេល​ព្រលប់ ទាំង​នៅ​ផ្ទះ នៅ​ព្រះវិហារ នៅ​មហាវិទ្យា​ល័យ និង​នៅ​សាកលវិទ្យល័យ បងប្អូន​ទាំងអស់​គ្នា​នៅ​ក្នុង​ចំណោម​ទេវតា​ដែល​ព្រះ​បាន​បញ្ជូន​ឲ្យ​មក​បម្រើ​កូនចៅ​របស់​ទ្រង់ ម្ល៉ោះហើយ ពួកគេ​អាច​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ហើយ​ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ ។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​បងប្អូន​ទាំងអស់​គ្នា​ដែល​បាន​បង្រៀន​គោលលទ្ធិ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​អរគុណ សម្រាប់​ការ​បង្រៀន​ជារៀង​រាល់​ថ្ងៃ ទាំង​ព្រឹក​ទាំង​ល្ងាច ដោយ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ ​ដែល​ជា « ព្រះចេស្ដា​នៃ​ព្រះ​ចំពោះ​សេចក្ដី​សង្គ្រោះ » ។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ស្វាមី​ភរិយា​ដ៏​អស្ចារ្យ​របស់​បងប្អូន ដែល​ជា​ទេវតា​ពេញ​ដោយ​ក្ដី​សប្បុរស ហើយ​បាន​គាំទ្រ​ដល់​បងប្អូន ។

វា​ជា​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ និង​ឧត្ដុងឧត្ដម ដើម្បី​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ—ដើម្បី​ឈរ​ជា​ស្មរ​បន្ទាល់​ម្នាក់​របស់​ទ្រង់ និង​ដើម្បី​បង្រៀន​ពី​សេចក្ដី​ពិត​ដ៏​អស់កល្ប ។ ព្យាការី អេសាយ បាន​ប្រកាស​ប្រាប់​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ដល់​ប្រជាជន​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។

« ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ។ …

គឺ​យើងនេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​យើង គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ ។ …

« … ហេតុ​ដូច្នោះ​អ្នក​​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​គឺយើង​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា » ។

វា​ជា​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ ដើម្បី​ជួយ​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ ដូច្នេះ​ពួកគេ​ក៏​អាច​អនុវត្ត​សេចក្ដី​ជំនឿ និង​ក្លាយ​ជា​ស្មរ​បន្ទាល់​របស់​ព្រះគ្រីស្ទ​ដែរ ។

យុវជន និង​យុវនារី ដែល​បាន​ចូលរៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៅ​ជុំវិញ​ពិភពលោក បាន​ធ្វើ​សេចក្ដី​សញ្ញា​ថា ស្រឡាញ់ និង​បម្រើ​ព្រះ ហើយ​នឹង​ឈរ​ជា​ស្មរ​បន្ទាល់​របស់​ទ្រង់ ។ ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ នោះ​ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពួកគេ​អាច​ដឹង​សេចក្ដី​ពិត ហើយ​អាច​និយាយ​ភាសា​ទេវតា ។ [ពួកគេ]​ គឺ​ជា​កូនចៅ​របស់​ពួកព្យាការី … នៃ​វង្ស​អ៊ីស្រាអែល … [ពួកគេ] នៅ​ក្នុង​សេចក្ដី​សញ្ញា ដែល​ព្រះវរបិតា​ទ្រង់​បាន​ធ្វើ … , ដោយ​មាន​ព្រះបន្ទូល​ទៅ​លោក អ័ប្រាហាំ ថា ៖ ។ ដោយ​សារ​ពូជ​អ្នក នោះ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​បាន​ពរ » ។

ដោយ​សេចក្ដី​ជំនឿ យុវជន និង​យុវនារី​គ្រប់រូប មាន​សមត្ថភាព​និយាយ​ក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ ដោយ​ព្រះវិញ្ញាណ ហើយ « ឈរ​ជា​សាក្សី​ដល់ [ទ្រង់] នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទីកន្លែង » ។

នៅ​ថ្ងៃ​នេះ ចូរ​យើង​គិត​ពី​អ្វី​ដែល​អាច​កើតឡើង​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ឬ​ថ្នាក់​វិទ្យាស្ថាន ដើម្បី​ជួយ​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​ក្លាយ​ជា​សាក្សី​នៃ​ព្រះ​ដ៏​ពិត ។ ពួកគេ​ពិត​ជា​មាន​បំណង​ធ្វើ​ដូច្នោះ​មែន ។

នៅ​ខែ ឧសភា ក្នុង​ឆ្នាំ​នេះ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍ Face2Face Facebook ជាមួយ​អែលឌើរ ដាវីដ អេ បែដណា និង​ភរិយា​លោកឈ្មោះ ស៊ូសិន យុវវ័យ​បាន​ផ្ញើ​សំណួរ​ជាង ១១,០០០​ សំណួរ​មក​ពី​ជុំវិញ​ពិភពលោក ។ សំណួរ​ជា​ច្រើន​សួរ​អំពី​របៀប​ឆ្លើយ​តប​ទៅ​នឹង​មិត្តភក្ដិ និង​សមាជិក​គ្រួសារ របៀបចែ​ក​ចាយ លើក​កម្ពស់ និង​ទ្រទ្រង់​ការ​បង្រៀន​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ ។ ពួកគេ​គេ​ចង់​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ និងត្រូវ​ធ្វើ ។ អែលឌើរ បែដណា បាន​ពន្យល់​ថា លោក​ និង​ភរិយា​លោក មិន​អាច​ឆ្លើយ​នឹង​សំណួរ​ទាំង​អស់​បានទេ ដោយ​និយាយ​ថាពួក​លោក​មិន​ឆ្លាត ឬ​បទពិសោធន៍​គ្រប់គ្រាន់​ទេ ។ ប៉ុន្តែ លោក​បាន​បា្រប់​យុវវ័យ​ថា នៅពេល​ពួកគេ​ប្រាស្រ័យ​ទាក់ទង​គ្នា ហើយ​ស្វែងរក​ដៃគូ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពួកគេ​នឹង​ទទួល​បាន​គំនិត និង​អារម្មណ៍ និង​ការ​បំផុសគំនិត​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ជា​គ្រូបង្រៀន ។ វា​គឺ​ជា​ការ​ចាត់តាំង​ដ៏​ទេវភាពរបស់​ទ្រង់ ដើម្បី​បង្រៀន ថ្លែងទីបន្ទាល់ និង​ធ្វើ​ជា​សាក្សី​នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា នឹង​ដើម្បី​បង្ហាញ « សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ។ ​ឱ! វាជា​អំណោយ​​ដ៏​អស្ចារ្យយ៉ាងណា​សម្រាប់​យុវវ័យ​ម្នាក់​ ដើម្បី​ទទួល​បាន​ចំណេះដឹង ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះ​គឺ​ជា​ព្រះវរបិតា​របស់​ពួកគេ ហើយ​ថា​ទ្រង់​ស្គាល់​ពួកគេ ទ្រង់​ស្រឡាញ់​ពួកគេ ហើយ​មាន​ផែនការ​សម្រាប់​ពួកគេ ! ឱ! វា​ជា​អំណោយ​ដ៏​អស្ចារ្យ​យ៉ាងណា ដើម្បី​ឲ្យ​យុវវ័យម្នាក់​ទទួល​បាន​ចំណេះដឹង​ដោយ​ព្រះវិញ្ញាណ​ថា ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​ថា​តាម​រយៈ​សេចក្ដី​​ជំនឿ​លើ​ទ្រង់ និង​លើ​ដង្វាយ​ធួន​របស់​ទ្រង់ នោះ​ពួកគេ​អាច​ប្រែចិត្ត ហើយ​បាន​ជ្រះ​ពី​អំពើ​បាប បាន​សះស្បើយ​ពី​គ្រប់​ការឈឺចាប់ និង​ការ​រងទុក្ខ​ទាំង​អស់ និង​អាច​រីកចម្រើន ហើយ​អាច​ទទួល​បាន​ជោគវាសនា​ដ៏​ទេវភាព​របស់​ខ្លួននោះ ។ ព្រះវិញ្ញាណ គឺ​ជា​ភាសា​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ យើង​ផ្សាយ​ដំណឹងល្អ ដោយ​ព្រះវិញ្ញាណ ដូច្នេះ​យុវជន និង​យុវនារី​របស់​យើង​អាច​ទទួល​បាន​ដោយសារ​ព្រះវិញ្ញាណ10ម្ល៉ោះហើយ​ពួកគេ​អាចមើល​ឃើញ មាន​អារម្មណ៍ ដឹង និង​ធ្វើបន្ទាល់អំ​ពី​ព្រះអង្គសង្គ្រោះ ហើយ​ឈរ​ជា​សាក្សី​ដល់​ទ្រង់ ដូច​ដែល​ពួក​ព្យាការី​បាន​ព្យាករ​ពីមុន​មក ។11

បងប្អូន​ប្រុស​ស្រី ខ្ញុំ​ត្រូវ​រៀន​ពី​ការ​បង្រៀន និង​ការ​រៀន​ជា​ច្រើន​ទៀត ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ការណ៍​នេះ​ពិត ។ ព្យាការី អ្នកមើលឆុត និង​អ្នកទទួល​វិវរណៈ​សម័យ​ទំនើប កំពុង​បង្ហាញ​យើង​ថា យើង​អាច​បង្រៀន និង​រៀនជាមួយគ្នា​​ដោយអំណាចនៃ​ការ​ផ្លាស់ប្រែចិត្តជឿ និង​គោលបំណង​ដែល​កាន់​តែ​សំខាន់​ជាង​មុន ។ ថ្មីៗ​នេះ នៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ក្នុង​ទីក្រុង ប្រូវ៉ូ រដ្ឋ​យូថាហ៍ ខ្ញុំ​បាន​សង្កេត​ឃើញ​ពួកសាវក​របស់​ព្រះអម្ចាស់ អនុវត្ត​គោលការណ៍​នៃ​ការ​បង្រៀន និង​ការ​សិក្សា​ដែល​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ទៅកាន់​ដួងចិត្ត និង​គំនិត​នៃ​ប្រធាន​បេសកកម្ម និង​ភរិយា​របស់​ពួក​លោក​ដោយ​ផ្ទាល់ ដើម្បី​ឆ្លើយ​នឹង​សំណួរ​ ហើយ​ចាក់​ស្រោច​ការ​បំផុសគំនិត​ និង​ដើម្បី​បំពេញ​តម្រូវការ​របស់​ពួកលោក ។ នៅ​ក្នុងកន្លែង​សមរម្យ​ខ្លះ ​អ្នក​ដឹកនាំ​សាសនាចក្រ មិន​ឈរ​នៅតែ​លើ​វេទិកា​ដើម្បី​និយាយ​ប៉ុណ្ណោះ​ទេ ។ ពួកគេ​បង្ហាញ​គំរូ​ដែល​បាន​បង្កើតឡើង ដោយ​ព្រះអម្ចាស់​សម្រាប់​​ការ​រៀនសូត្រ ដោយ​ការសិក្សា និង​ដោយសេចក្ដី​ជំនឿ​ផង ។១២ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ « តាំង​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ចូរ​កុំឲ្យ​ទាំងអស់​គ្នា​និយាយ​ព្រម​គ្នា​ឡើយ ប៉ុន្តែ​ចូរ​និយាយ​ម្នាក់​ម្ដង ហើយ​ចូរ​ឲ្យ​ទាំងអស់​គ្នា​ស្ដាប់​ពាក្យ​សម្ដី​របស់អ្នក​នោះ ប្រយោជន៍​កាលណា​ទាំង​អស់​គ្នា​និយាយ នោះ​ទើប​ឲ្យ​ទាំង​អស់​បាន​ស្អាងឡើង​ទាំងអស់គ្នា ហើយ​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់រូប​អាច​បាន​សិទ្ធិ​ស្មើគ្នា » ។13

គោលបំណង​នៃ​ការ​សិក្សា​ដូចអ្វី​ដែល​ព្រះអម្ចាស់​បាន​រៀបរាប់​គឺ ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ធ្វើ​ជា​គ្រូបង្រៀន ដូច្នេះ​យុវវ័យ​របស់​យើង​អាច​ត្រូវ​បាន​បំផុស​គំនិត​តាម​ចម្លើយ​ចំពោះ​​សំណួរ​ទាំងឡាយរបស់ពួកគេ​ និង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ « បង្ហាញ​ដល់ [ពួកគេ] នូវគ្រប់​អ្វី​ទាំងអស់ ដែល​[ពួកគេ] ត្រូវ​ធ្វើ » ។14

១. រៀបចំខ្លួន​រៀន

ទីមួយ រៀបចំខ្លួន​រៀន អ្វី​ដែល​យើង​ធ្វើ​នៅ​ក្នុង​ជីវិត​ភាគច្រើន តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ទុកជាមុន ។ ដើម្បី​ទទួល​បាន​ការ​អប់រំ​ដ៏​អស់កល្ប យើង​ត្រូវ​ខិតខំ​ច្រើន​ជាង​ការ​បង្ហាញ​មុខ​នៅ​ក្នុង​ថ្នាក់ ។ ព្រះអង្គសង្គ្រោះ​បង្គាប់​ឲ្យ​ប្រជាជន​នីហ្វៃ ពិចារណា​អំពី​ព្រះបន្ទូល​ទ្រង់ ហើយ​អធិស្ឋាន​សូម​ឲ្យ​យល់ ។១៥ កាល​នៅ​ក្មេង យ៉ូសែប ស៊្មីធ បាន​ឃើញ​ព្រះ​វរបិតា និង​ព្រះយេស៊ូវគ្រីស្ទ ក្នុង​ការ​និមិត្ត ដោយ​ព្រោះ​លោក​បាន​ស្រាវជ្រាវ​ខគម្ពីរ ហើយ​បាន​ពិចារណា​ពី​ពាក្យពេជន៍​ក្នុង​នោះ​ម្ដងហើយ​ម្ដងទៀត ។១៦ ប្រធាន​យ៉ូសែប អេហ្វ ស៊្មីធ បាន​ទទួល​ការ​និមិត្តអំ​​ពី​ការ​ប្រោសលោះ​អ្នក​ស្លាប់ ដោយ​ព្រោះ​លោក​បាន​ពិចារណា​ពី​ខគម្ពីរ​ដែល​លោក​បាន​អាន និង​សិក្សា ។១៧

មុននឹង​ចូល​រៀន​ក្នុងថ្នាក់ យើង​សូម​ឲ្យ​សិស្ស​អធិស្ឋាន និង​ពិចារណា​អំ​ពី​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​គំនិត និង​ដួងចិត្ត​ពួកគេ​អាច​ត្រៀម​រួច​ជា​ស្រេច​​​ទទួលយក​​ចំណេះដឹង ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​កុំខំ​ប្រកាស​ព្រះបន្ទូល​របស់​យើង​ឡើយ ប៉ុន្តែ​ចូរខំ​ព្យាយាម ដើម្បី​ឲ្យ​បាន​ព្រះបន្ទូល​របស់​យើង​ជាមុនសិន​ចុះ ហើយ​ខណៈ​នោះ​អណ្ដាត​របស់​អ្នក​នឹង​បាន​ធូរ ពេលនោះ បើ​សិន​ជា​អ្នក​មាន​ប្រាថ្នា នោះ​អ្នក​នឹង​បាន​ព្រះវិញ្ញាណ​របស់​យើង និង​ព្រះបន្ទូល​របស់​យើង មែនហើយ គឺ​ជា​ព្រះចេស្ដា​នៃ​ព្រះ ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​លោក » ។១៨

២. និយាយ​ស្អាង​គ្នា

ទីពីរ និយាយ​ស្អាង​គ្នា ។ ដោយការ​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​ចូលរួម​នៅ​ក្នុង​ថ្នាក់​រៀន យើង​ឲ្យ​​យុវវ័យបញ្ចេញ​សំឡេង ។ នៅពេល​ពួកគេ​រៀន​ជាមួយ​គ្នា​ពី​ពាក្យ​សម្ដី​របស់​ព្យាការី ឆ្លើយ​សំណួរ​ដែល​បំផុស​គំនិត​ទាំង​ឡាយ ពិភាក្សា​គំនិត និង​យោបល់​របស់​ពួកគេ ហើយ​ឆ្លើយ​នឹង​សំណួរ និង​កង្វល់​របស់​មិត្តរួម​ថ្នាក់​របស់​គេ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំភ្លឺ​គំនិត ហើយ​ពង្រីក​ការ​យល់ដឹង​របស់​ពួកគេ ។​19 ពួកគេ​រៀន​និយាយ​​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ « ដោយ​ការ​យកចិត្ត​ទុកដាក់ និង​ដោយ​ការ​ទប់​ពី​ព្រះវិញ្ញាណ » ។20 ចែកចាយ​អ្វី​ដែល​ព្រះវិញាណ​នៃ​ព្រះអម្ចាស់​បាន​បង្រៀន​ពួកគេ ជួយ​ពួកអាច​ឲ្យ​យក​ឈ្នះ​លើ​ការ​ភ័យខ្លាច និង​ពង្រឹង​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​ការពារ​បទដ្ឋាន​គុណធម៌ និង​ភាព​សុចរិត ។ ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​អ្នក​ដែល​ដេញដោល​ពី​សេចក្ដី​ជំនឿ​របស់​ពួកគេ សើចចំអក​ដាក់​ពួកគេ ឬ​ចោទ​ពួកគេ​ថា​មិន​ទាន់​សម័យ ឬ​មាន​ចិត្ត​ចង្អៀត​ចង្អល់ ។

វា​គួរ​ឲ្យ​ចាប់អារម្មណ៍ ដើម្បី​កត់​ចំណាំ​ថា មាន​ប៉ុន្មាន​ដង​ដែល​ព្យាការី​​ដែល​ទទួល​ការ​ហៅ​បម្រើ​ថ្មី មាន​អារម្មណ៍​ពុំសូវ​ចេះ​និយាយ ។ ហេណុក​បាន​ប្រកាស​ថា « ទូលបង្គំ … គ្រាន់តែ​ជា​ក្មេង​តូច​មួយ ហើយ​ប្រជាជន​ទាំង​អស់​គ្នា​ស្អប់​ទូលបង្គំ » ។២១ ប៉ុន្តែ ព្រះអម្ចាស់​ហាក់​ដូច​ជា​ពុំខ្វល់​អំពីភាព​ទន់ខ្សោយ ឬ​ឧបសគ្គ​ទាំង​ឡាយ​ឡើយ ។ ទ្រង់​មាន​បន្ទូល​តប​ថា « ចូរ​ទៅ ហើយ​ធ្វើ​ដូច​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក​ចុះ ។ … ចូរ​បើក​មាត់​អ្នក ហើយ​មាត់​នោះ​នឹង​បាន​ពោរពេញ ហើយ​យើង​នឹង​ប្រទាន​សម្ដី​ដល់​អ្នក » ។២២

ព្រះអម្ចាស់​រំពឹង​ឲ្យ​អ្នក​ទាំង​អស់​ដែល​រក្សា​សេចក្ដី​សញ្ញា​របស់​​ខ្លួន​ឈរ​ជា​សាក្សី​របស់​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ថា « ចូរ​បើក​មាត់​របស់​អ្នក​ចុះ នោះ​មាត់​នឹង​បាន​ពោរពេញ ហើយ​អ្នក​នឹង​ក្លាយ​ទៅ​ដូចជា​នីហ្វៃ​ពី​បុរាណ » ។២៣

ឪពុក​លីហៃ​បាន​ពន្យល់​អំពី​នីហ្វៃ​ពី​បុរាណ​ថា « គឺ​មិនមែន​វា​ទេ តែ​ជា​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ដែល​នៅ​ក្នុង​ខ្លួន​វា​ទេតើ ដែល​បើក​មាត់​វា​ឲ្យ​ចេញ​សម្ដី ដែល​វា​មិន​អាច​បិទ​មាត់​បាន » ។24

ក្រៅ​ពី​ផ្ទះ ប្រហែល​ជា​គ្មាន​កន្លែង​ណា​ដែល​ប្រសើរ​ ដើម្បី​ជម្រុញ​ឲ្យ​យុវវ័យ​និយាយ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះ « ដោយ​នូវ​ចិត្ត​ម៉ឺងម៉ាត់ ដោយ​នូវ​វិញ្ញាណ​ស្លូតបូត »25 ជាង​ការ​និយាយ​ជាមួយ​មិត្តភក្ដិ នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ឡើយ ។ យើង​អញ្ជើញ​ឲ្យ​ពួកគេ​និយាយ​ស្អាង​គ្នា ដូច្នេះ​ពួកគេ​អាច « ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ … ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​[ពួកគេ] » ។26

៣. អញ្ជើញ​ឲ្យ​អនុវត្ត

ទីបី អញ្ជើញ​ឲ្យ​អនុវត្ត មាន​តែ​ការ​រស់នៅ​តាម​ដំណឹងល្អ​ប៉ុណ្ណោះ ​ដែល​ធ្វើ​ឲ្យ​ពាក្យ​សម្ដី​ដែល​និយាយ​ដោយ​យុវជន និង​យុវនារី​ក្លាយ​ជា​ការពិត ។ ការអញ្ជើញ​ឲ្យ​អនុវត្ត គឺ​ជា​ការ​អញ្ជើញ​ឲ្យ​រក្សា​សេចក្ដី​សញ្ញា​ដើម្បី​​ធ្វើតាម​ព្រះអង្គសង្គ្រោះ និង​ឲ្យ​អនុវត្ត​ដោយ « ​ពុំ​មាន​ការ​លាក់ពុត ឬ​ការ​បោក​បញ្ឆោត​នៅ​ចំពោះ​ព្រះឡើយ » ។២៧ វា​គឺ​ជា​ការ​អញ្ជើញ​ដល់​យុវវ័យ​ឲ្យ​ឆ្លើយតប​ទៅ​នឹង​ការ​បំផុសគំនិត​ពី​ព្រះវិញ្ញាណ ហើយ​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​តាម​របៀប​ត្រឹមត្រូវ ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា « បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ ​[របស់​ព្រះ] នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ​មក​ពីព្រះ » ។២៨ ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ព្រះអម្ចាស់ យុវវ័យ​របស់​យើង​ត្រូវ​រស់​នៅ​ដោយ​ចុះសម្រុង​ជាមួយ​អ្វី​ដែល​ពួកគេ​ដឹង ។

ខ្ញុំ​បាន​សង្កេត​សេចក្ដី​ជំនឿ​របស់​យុវវ័យ​របស់​យើង​ដែល​យល់​ពី​អត្ថន័យ​នៃ​ការ​ឧស្សាហ៍​ចូលរួម ហើយ « ប្រព្រឹត្ត​អ្វីៗ​ជា​ច្រើន … ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន » ដូច​ជា​អ្នក​ដែរ ។២៩ គំរូ​មួយ​នោះ​កើត​នៅ​ឡើង​នៅ​សកម្មភាព​ដើរ​ត្រួសត្រាយ​ផ្លូវ​មួយ​ដែល​ខ្ញុំ​បាន​ចូលរួម ។

យុវវ័យ​បាន​អូស​រទេះ តាម​ផ្លូវ​ដែល​ត្រួស​ត្រាយ​ផ្លូវ​កាល​​ពីមុន​នៅ​រដ្ឋ វាយអូមីង សហរដ្ឋ អាមេរិក ។ ពួកគេ​បានមកដល់ទួល​ហ្គ្រេវ៉ល « ជា​ចំណោត​ដែល​វែង និង​ចោត​ជាង​គេ … តាំង​ពី [ចាកចេញ] ពី វិនធើរ ខ្វរធើរ » ។30 ជា​ច្រើន​ឆ្នាំ​មុន នៅ​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨៤៧ ក្រុម​អ្នក​ត្រួសត្រាយ​ផ្លូវ​របស់​ប្រធាន ព្រីកហាំយ៉ង់ បាន​ដាក់​ច្រវ៉ាក់​នៅ​កង់រទេះ ដើម្បី​កុំឲ្យ​វា​ជ្រុល​ចុះ​ចំណោត ។ ប៉ុន្តែ​សម្រាប់​គ្រួសារ​អ្នក​ត្រួសត្រាយ​ផ្លូវ​វ័យក្មេង ដែល​អូស​រទេះ​នៅ​ថ្ងៃ​នោះ មាន​សមាជិក​ពីរបី​នាក់​ពី​ក្រុម​និមួយៗ អូស​នាំមុខ ហើយ​មនុស្ស​ភាគច្រើន​ទប់​ពី​ក្រោយ​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ចុះ​ពី​ចំណោត​ដ៏​ចោទ​នោះ​លឿន​ពេក ។

វា​គួរ​ឲ្យ​ភ័យស្រើបណាស់ ។ ជំហរទប់​​មិន​រឹងមាំ និង​គ្រោះថ្នាក់ ហើយការ​ដែល​ទប់​រទេះ​នោះ តម្រូវ​ឲ្យ​ប្រើ​កម្លាំង​ទាំង​អស់​ដែល​ពួកគេ​មាន ។ ខ្ញុំ​មិន​អាច​ជួយ​អ្វី​បាន​សោះ ម្ល៉ោះហើយ ខ្ញុំ​ឈរ​នៅ​ក្រោម​ចំណោត ដើម្បី​មើល និង​អធិស្ឋាន​ដោយ​អស់​ពីចិត្ត​សូម​ឲ្យ​អ្វី​គ្រប់​យ៉ាង​ដំណើរ​ការ​បាន​ល្អ ។

រទេះ​ទីមួយ​បាន​ចុះ​ពី​ចំណោត​ដោយ​សុវត្ថិភាព ដោយ​ស្ទើតែ​ជំពប់ដួល​ដោយ​ថ្មគ្រួសធំមួយ ។ កាល​ខ្ញុំ​បែរ​ទៅ​មើល​រទេះ​បន្ទាប់​ចុះ​មក ខ្ញុំ​បាន​ឃើញ​យុវជន​បួន​នាក់​រត់​កាត់​ខ្ញុំ​ឡើង​ទៅ​លើ​ជម្រាល ។ ខ្ញុំ​បាន​ស្រក់​ទឹកភ្នែក ហើយ​ដួង​ចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​អំណរគុណ កាល​ខ្ញុំ​ដឹង​ថា ពេល​រទេះ​ពួកគេ​មាន​សុវត្ថិភាព​ហើយ​នោះ យុវជន​ដ៏​ស្មោះត្រង់​ទាំង​នេះ​ បាន​រត់​ត្រឡប់​ទៅ​ជួយ​រទេះ​បន្ទាប់​ដោយ​គ្មាន​និយាយ​អ្វីមួយម៉ាត់ ។ ពួកគេ​បាន​ជួយ​នាំ​រទេះ​ទាំងអស់​ចុះមក​ក្រោម​ដោយ​សុវត្ថិភាព​ម្ដងមួយៗ ។ ការ​ខិតខំ​របស់​ពួកគេ បាន​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​ដទៃ​ទៀត​ធ្វើ​ដូច​គ្នា ហើយ​មិន​យូរ​ប៉ុន្មាន រទេះ​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ទៅ​កាន់​កន្លែង​បោះ​ជំរុំ​នៅពេល​ល្ងាច ។

អ្វី​ដែល​យុវវ័យ​យើង​មិន​ដឹង​នោះ គឺ​គំរូ​ដ៏​សុចរិត​របស់​ពួកគេ​នៅ​លើ ទួល​ហ្គ្រេវ៉ល និង​គំរូ​នៃ​ទីបន្ទាល់​ដទៃទៀត​នៅ​តាម​ផ្លូវ ទាំង​ពាក្យ​សម្ដី និង​គំនិត គឺ​ជា​សាក្សី​ដល់​យុវជន​ម្នាក់​ដែល​មិនមែន​ជា​សមាជិក​ក្នុង​សាសនាចក្រ​របស់​យើង ។ ក្រោយ​មក ចាក បាន​ចែកចាយ ពេល​គាត់​​ដើរ​ថា គាត់​បាន​ស្វែងយល់ឃើញ​ថា​ពួក​មរមន​មិន​លាក់ពុត ​ដូច​ដែល​គេ​បាន​គិត​នោះទេ ។ គាត់​​​បាន​ឃើញ និង​បានដឹង​ថា ពួកគេ​ស្មោះត្រង់ពិត ។ ពួកគេ​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​ជឿ ។ ចាក មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​គាត់​មាន​គម្រោង​នឹង​រៀន​មេរៀន​ផ្សព្វផ្សាយ​សាសនា ។

យុវវ័យ​របស់​យើង​មិន​ចាំបាច់​នាំ​រទេះ​ចុះ​ពី​ចំណោត​ដ៏​រដិបរដុប​នោះ ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ព្រះ​ទេ ប៉ុន្តែ​ជារឿយៗ ពួកគេ​បាន​ជួបប្រទះ​ឧបសគ្គ​ដ៏​ធំ នៅពេល​ពួកគេ​ព្យាយាម​ឈរគាំទ្រ​សេចក្ដីពិត និង​សេចក្ដី​សុចរិតដោយ​​ក្លាហាន ។ គ្រូបង្រៀន​នៅ​ក្នុង​ថ្នាក់ អាច​ជួយ​យុវជន និង​យុវនារី​គ្រប់រូប​ឲ្យ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ និង​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​រៀន​ដោយ​ការ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។ និយាយ​ស្អាង​គ្នា ដោយ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។ ហើយ​អញ្ជើញ​ឲ្យ​អនុវត្ត ដោយ​ការ​គោរពតាម​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ដូច្នេះ​ពួកគេ​អាច​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ ហើយ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពួកគេ​អាច​ធ្វើ​ជា​ស្មរ​បន្ទាល់​របស់​ព្រះគ្រីស្ទ ហើយ​និយាយ​អ្វី​ដែល​ទ្រង់​នឹង​មាន​បន្ទូល ធ្វើ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ហើយ​ក្លាយ​ដូច​ជា​ទ្រង់​ផងដែរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគឺ​ជា​ព្រះវរបិតា ហើយ​ថា សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​ម្នាក់ៗ​គឺ​ល្អ​ឥតខ្ចោះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​ដ៏ បរិសុទ្ធ​របស់​ព្រះអង្គសង្គ្រោះ និង​ព្រះ​ដ៏​ប្រោសលោះ ហើយ​ថា​ទ្រង់​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​សម្រាប់​យើង​ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ ព្រះវរបិតា និង​ព្រះរាជបុត្រា​បាន​បង្ហាញ​អង្គទ្រង់​ចំពោះ​ព្យាការី យ៉ូសែប ស្ម៊ីធ និង​បាន​ស្ដារ​ឡើងវិញ​នូវ​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ នៃ​ព្រះយេស៊ូវគ្រីស្ទ​មក​លើ​ផែនដី ។ ប្រធាន ថូម៉ាស អេស ម៉នសុន គឺ​ជា​ព្យាការី​ដ៏ពិត ដែល​ដឹកនាំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សព្វថ្ងៃ​នេះ ។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ និង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​ទាំង​អស់គ្នា​អាច​ឈរ​រួមគ្នា​ជា​ស្មរ​បន្ទាល់​របស់​ទ្រង់ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។