បណ្ណាល័យ
ហាក់បី​ដូច​ជា​នៅ​កណ្ដាល​ភ្លើង


ហាក់បី​ដូច​ជា​នៅ​កណ្ដាល​ភ្លើង

ថ្នាក់​សិក្ខាសាលា និង វិទ្យាស្ថាន​នៃ​សាសនា ការចាក់​ផ្សាយ​តាម​ផ្កាយ​រណប•ថ្ងៃទី ៤ ខែ សីហាឆ្នាំ ២០១៥

បងប្អូន​ប្រុស​ស្រី ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស​និយាយ​ទៅ​កាន់​ប្អូនៗ ក្នុង​ការចាក់​ផ្សាយ​ទូទាំង​ពិភពលោក​នេះ ។ យើង​មាន​ពរ​ណាស់​ដោយ​មាន​វត្តមាន​នៅ​ទី​នេះ ។

ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ដឹង​ថា ខ្ញុំ​មាន​ក្ដី​ស្រឡាញ់​បងប្អូន ក្នុង​ចិត្ត​ខ្ញុំ ដែល​ខ្ញុំ​ដឹង​ថា វាជា​អំណោយ​មួយ​ពី​ព្រះបិតាសួគ៌ និង បុត្រា​ទ្រង់ គឺ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ទាំង​ពីរ​អង្គ​ស្រឡាញ់​បងប្អូន ហើយ​ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​មើល​ទៅបង​ប្អូន ​ដូច​ជា​ទ្រង់​ទតមើលបង​ប្អូន ហើយ​ស្រឡាញ់​បងប្អូន ដូចជា​ទ្រង់​ស្រឡាញ់បង​ប្អូន​ដែរ ។ ដូច្នោះ​ហើយ ទ្រង់​បាន​ប្រទាន​ពរ​ខ្ញុំ​នូវ​អំណោយទាន​នោះ ។ ខ្ញុំ​អធិស្ឋាន​ថា ប្អូនបង​នឹង​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ ។

ខ្ញុំ​ក៏​អធិស្ឋានសុំ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ជាមួយ​យើង ពេល​យើង​ពិចារណា​ជាមួយ​គ្នា​នូវ​ខ្លឹមសារ​នៃ​សារលិខិត​មួយ ។ ខ្ញុំ​បាន​ទទួល​សារ​នោះ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គប្បី​ចែកចាយ​សារ​នោះ​ទៅ​កាន់​បងប្អូន​ដូចគ្នាដែរ ។ នេះ​គឺជា​សារ​នោះ ៖ មិន​ថា​ជីវភាព​ខាង​វិញ្ញាណ​ដែល​យើង​រីករាយ​ក្នុង​ជីវិត​យើង​ឥឡូវ​នេះ មាន​កម្រិត​ប៉ុណ្ណា មិនថា​ជំនឿ​ដែល​យើង​មាន​លើ​ព្រះយេស៊ូវគ្រីស្ទ​ឥឡូវ​នេះ មាន​កម្រិត​ប៉ុណ្ណា មិនថា​ការតាំង​ចិត្ត និង​ការឧទ្ទិស​ មាន​កម្លាំង​ប៉ុណ្ណា មិនថា​ការគោរព​ប្រតិបត្តិ ឬ​ក្ដី​សង្ឃឹម ឬ​ក្ដី​សប្បុរស​របស់​យើង មាន​កម្រិត​ប៉ុណ្ណា មិនថា​ជំនាញ​វិជ្ជាជីវៈ និង​សមត្ថ​ភាព​យើង​ទទួល​បាន​កម្រិត​ប៉ុណ្ណា​នោះ​ទេ វា​នឹង​មិន​គ្រប់គ្រាន់​សម្រាប់​កិច្ចការ​ដែល​នៅ​ចាំ​ខាង​មុខ​យើង​ឡើយ ។

ប្អូនៗ​ប្រុសស្រី ប្អូនៗ និង​ខ្ញុំ ត្រូវ​ធ្វើ​ជា​មនុស្ស​​ល្អ​ប្រសើរ​ជាង​យើង​​នា​ពេលឥឡូវ​នេះ ។ ព្រះគម្ពីរ​បង្រៀន​យើង​ថា ពិភពលោក​ឥឡូវ​នេះ ហើយ​នៅ​ពេល​ខាង​មុខ​នឹង​ស្ថិត​នៅក្នុង​ស្ថានភាព​ចលាចល ។ ភាពទុច្ចរិត និង​ភាពងងឹត នឹង​កើន​ឡើង ។ តែ​នៅក្នុង​ពិភពលោក​ដ៏​ងងឹត​នោះ នឹង​មាន​ពន្លឺ​ដ៏​ទេវភាព​កើន​ឡើងផងដែរ ។ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ មាន​កិច្ចការ​ដ៏​អស្ចារ្យ​មួយ​ឲ្យ​យើង​ធ្វើ ជាមួយ​នឹង​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​នេះ ។ វា​គឺជា​កិច្ចការ​ដ៏​ធំ​លើស​ជាង​ដែល​យើង​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក ។ ព្រះអម្ចាស់​កំពុង​ធ្វើ​កិច្ចការ​នៅក្នុង​ព្រះចេស្តា ដើម្បី​ពង្រឹង​ការបង្រៀន និង​ការរៀន​ក្នុង​សាសនាចក្រ​ដ៏​ពិត និង​សកម្ម​របស់​ទ្រង់ ។ ទ្រង់​កំពុង​ពន្លឿន​កិច្ចការ​ទ្រង់ ហើយ​ទ្រង់​កំពុង​រៀបចំ​ផែនដី និង​នគរ​ទ្រង់ និង​ពួក​យើង សម្រាប់​ការយាង​ត្រឡប់​មក​របស់​ទ្រង់ ។

នេះ​គឺជា​ផ្នែក​ទាំង​អស់​នៃ​គន្លង​ដ៏​ស្រស់​ស្អាត​មួយ​ដែល​យើង​ឃើញ​តាំង​ពី​ការ​ចាប់ផ្ដើម​នៃ​ការ​ស្ដារ​ឡើងវិញ ។ នៅ​ក្នុង​ឆ្នាំ ១៨២០ ព្រះ​ដែល​ជា​ព្រះវរបិតា​បាន​បង្ហាញ​អង្គ​ទ្រង់ ​ជាមួយ​នឹង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ទៅកាន់​ក្មេង​ប្រុស​យ៉ូសែប ស្ម៊ីធ ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ព្រះយេស៊ូវគ្រីស្ទ បាន​ស្ថាបនា​សាសនាចក្រ​ទ្រង់ និង រាស្ត្រ​របស់​ទ្រង់ ​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ មួយ​ជំហាន​ម្ដងៗ ។

នេះ​ជា​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល ៖

« ដ្បិត​យើង​នឹង​បង្កើត​ឡើង​នូវ​ប្រជាជន​បរិសុទ្ធ​មួយ​ដល់​យើង ដែល​នឹង​បម្រើ​យើង​ដោយ​នូវ​សេចក្ដី​សុចរិត » ។

« ប្រយោជន៍​ឲ្យ​កិច្ចការ​ខាង​ការប្រមូល​ពួក​បរិសុទ្ធ​របស់​យើង​អាច​បាន​បន្ត​ទៅ ប្រយោជន៍​ឲ្យ​យើង​អាច​តាំង​ពួកគេ​ឡើង​ដល់​ព្រះនាម​របស់​យើង នៅ​លើ​ទី​បរិសុទ្ធ​នានា ដ្បិត​ពេល​ច្រូត​កាត់​មក​ដល់​ហើយ ហើយ​ព្រះបន្ទូល​របស់​យើង​ត្រូវតែ​បាន​សម្រេច » ។

« រាស្ត្រ​របស់​យើង​ត្រូវតែ​បាន​សាកល្បង​នូវ​គ្រប់​ការណ៍​ទាំងអស់ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​បាន​រៀបចំ ដើម្បី​ទទួល​នូវ​សិរីល្អ​ដែល​យើង​មាន​សម្រាប់​ពួកគេ គឺជា​សិរីល្អ​នៃ​ស៊ីយ៉ូន » ។

នេះ​គឺជា​គំរូ​របស់​ព្រះអម្ចាស់ ៖ ទ្រង់​លើក ស្ថាបនា ហើយ​រៀបចំ​រាស្ត្រ​ទ្រង់ និង​សាសនាចក្រ​ទ្រង់ឡើង ។ គំរូ​នេះ​គឺ​ពិត​ជាក់ស្ដែង​ក្នុង​ជំនាន់​យើង នៅក្នុង​ការហៅ​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ឲ្យ​យើង​ទាំងអស់​គ្នា​​ក្រោក​ឡើង ហើយ​ស្ថាបនា​នគរ​នៃ​ព្រះ ។ សូម​ស្ដាប់​តាម​ការអញ្ជើញ​របស់​លោកដល់​យើង ​​ឲ្យ​ធ្វើ​បន្ថែម​ទៀត និង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។ ខ្ញុំ​ចង់​អាន​ពាក្យ​ស្រង់​មក​ពី​ប្រសាសន៍​ប្រធាន​ម៉នសុន​ខ្លះ​ៗ​ដែល​​លោក​បាន​ផ្ដល់​ឲ្យ​នៅក្នុង​សន្និសីទ​ ចាប់តាំង​ពីលោក​ធ្វើជា​ប្រធាន​សាសនាចក្រ ។

« យើង​សូម​ធ្វើ​ការអញ្ជើញ​ដោយ​ស្មោះ​ពី​ចិត្ត​នោះ ម្ដង​ទៀត ៖ សូម​ត្រឡប់​មក​វិញ ។ យើង​ឈោង​ដៃ​ទៅ​កាន់​អ្នក ដោយ​ក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ។ … ចំពោះ​អ្នក​ដែល​មាន​របួស​ក្នុង​វិញ្ញាណ ឬ​អ្នក​ដែល​កំពុង​ជួប​ការលំបាក និង​ភ័យខ្លាច យើង​សូម​និយាយ​ថា សូម​ឲ្យ​យើង​លើក​អ្នក និង​លើក​ទឹកចិត្ត​អ្នក និង​ធ្វើ​ឲ្យ​ការភ័យ​ខ្លាច​អ្នក​បាន​ស្រាកស្រាន្ត » ។

« បើ​អ្នក​បាន​រអិល​ធ្លាក់​ក្នុង​ភាព​ខ្ចិល​ច្រអូស​ក្នុង​ការធ្វើ​ការបង្រៀន​តាម​ផ្ទះ​របស់​អ្នក … នោះ​ខ្ញុំ​ប្រាប់​អ្នក​ថា នេះ​ជា​ពេល​ដើម្បី​ថ្វាយ​ខ្លួន​អ្នកសារ​ជា​ថ្មី » ។

« មាន​មនុស្ស​ដែល​ត្រូវការ​ពង្រឹង ស្វាគមន៍ លើក​ទឹកចិត្ត បំផុស​គំនិត និង​ព្រលឹង​ដែលត្រូវ​ការសង្គ្រោះ » ។

« មាន​ប្រសិទ្ធ​ភាព​ភ្លាមៗ​ថា យុវជន​ដែល​ស័ក្ដិសម និង មាន​សមត្ថភាព​ទាំងអស់​ដែល​បាន​បញ្ចប់​វិទ្យាល័យ ឬ សាលា​ប្រហាក់ប្រហែល នឹង​មាន​ជម្រើស​ឲ្យ​បម្រើ​បេសកកម្ម​ចាប់តាំង​ពី​អាយុ ១៨ ជំនួស​ឲ្យ​អាយុ ១៩ ឆ្នាំ​វិញ ។ …

«  …យុវនារី​ដែល​មាន​សមត្ថភាព មាន​ភាពស័ក្ដិសម​ដែល​មាន​បំណង​ចង់​បម្រើ អាច​លើក​ទឹកចិត្ត​ឲ្យ​បម្រើ​បេសកកម្ម​ចាប់​ពី​អាយុ ១៩ ជំនួស​ឲ្យ​អាយុ ២១ ឆ្នាំ » ។

« សំណូម​ពរ [របស់​យើង] គឺ​ឲ្យ​ធ្វើ​ជាអ្នកបម្រើដែល​មាន​​ប្រយោជន៍មាន​កាន់​តែច្រើន​នៅ​​​​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​របស់​ព្រះអម្ចាស់ ។ ការណ៍​នេះ​អនុវត្ត​ចំពោះ​យើង​គ្រប់​គ្នា មិន​ថា​វ័យ​ប៉ុណ្ណា​ទេ ក៏មិន​មែន​សម្រាប់​តែ​អ្នក​ដែល​កំពុង​រៀប​ចំ​ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោងដែរ គឺ​សម្រាប់​យើង​គ្រប់​គ្នា​ដើម្បី​ទទួល​ភារកិច្ច​ក្នុង​ការ​ចែក​ចាយ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ » ។

« ឥឡូវ​នេះ គឺជា​ពេល​សម្រាប់​សមាជិក និង​អ្នក​ផ្សាយសាសនា​រួម​គ្នា ធ្វើ​ការ​ជាមួយគ្នា ធ្វើ​ការ​ក្នុង​ចម្ការ​ព្រះអម្ចាស់ ដើម្បី​នាំ​ព្រលឹង​មក​កាន់​ទ្រង់ » ។

« ការប៉ងប្រាថ្នា​នឹង មិន ធ្វើ​ឲ្យ​វា​កើត​ឡើង​នោះ​ទេ ។ ព្រះអម្ចាស់​រំពឹង​ការគិត​របស់​យើង ។ ទ្រង់​រំពឹង​ទង្វើ​របស់​យើង ។ … ទ្រង់​រំពឹង​ការលះបង់​របស់​យើង » ។១០

« ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពរជ័យ​ដែល​បាន​សន្យា​របស់​យើង គឺ​ហួស​ពី​ការអាច​វាស់​បាន ។ ទោះ​ជា​​មាន​ព្យុះ​ភ្លៀងបោកបក់​​ធ្លាក់​មក​លើ​យើងក្ដី ។ ... គ្មាន​អ្វី​នៅ​ក្នុង​ពិភពលោក​នេះ ដែល​អាច​រារាំង​យើង​បាន​ឡើយ ។

« បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ សូម​កុំ​ខ្លាច​ឡើយ ។ ចូរ​មានចិត្ត​រីករាយ​ចុះ ។ អនាគត​របស់​អ្នក​គឺ​ភ្លឺ​ត្រចះត្រចង់​ដូចជា​សេចក្តី​ជំនឿ​របស់​អ្នក​ដែរ » ។១១

ប្អូនៗ​ប្រុស​ស្រី នេះ​ជា​ការហៅ​របស់​ព្យាការី​ចំពោះ​យើង ។ នៅក្នុងប្រព័ន្ធ​អប់រំ​សាសនាចក្រ វា​មានន័យ​ថា យើង​ត្រូវការ​អ្នក​បម្រើ​ដ៏​គួរឲ្យ​ទុកចិត្ត​របស់​ព្រះអម្ចាស់ ដែល​បាន​រៀបចំ​ដើម្បី​ធ្វើការ​ក្នុង​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន ក្នុង​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​សាសនាចក្រ និង​សាលា​នានា​របស់​សាសនាចក្រ ។ គ្រប់​ការងារ ការហៅ​បម្រើ អ្នក​គ្រប់​គ្នា​នៅក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ គឺ​សំខាន់ ហើយ​យើង​គ្រប់គ្នា​ រួម​ទាំង​ខ្ញុំ​ផង​ដែរ​ ត្រូវ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​ដែល​យើង​បាន​ធ្វើ ។

ខ្ញុំ​គិត​ថា មាន​មូលហេតុ​ពីរ ៖

មូលហេតុ​ទី ១ ៖ យើង​ត្រូវ​បង្រៀន​ដល់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ឲ្យ​កាន់តែ​ស៊ី​ជម្រៅ និង​កាន់តែ​មាន​អំណាច ជាង​ដែល​យើង​ធ្លាប់​បាន​ធ្វើ​ពីមុន ឬ​នរណា​ម្នាក់​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក ។

ការរៀន​ជ្រាលជ្រៅ​គឺជា​ការកើន​ឡើង​ក្នុង​ … អំណាច « ដើម្បី​ដឹង ធ្វើ និង ប្រែ​ក្លាយ​ » ។១២ វា​មានន័យ​ថា ការចេះដឹង​ដែល​បាន​កើន​ឡើង តែ​ក៏​ជា​ការយល់​ដឹង​ដែល​កើន​ឡើង​នៅក្នុង​ចិត្ត​ផងដែរ ។ វា​មានន័យ​ថា ជំនាញ និង​សមត្ថភាព​ដែល​បាន​កើន​ឡើង​ដើម្បី​អនុវត្ត ។ វា​មានន័យ​ថា ភាពរឹងមាំ​នៃ​ចរិត​លក្ខណៈ​ដែល​បាន​កើន​ឡើង ដែល​រួម​មាន សេចក្ដី​សុចរិត ភាពក្លាហាន និង​ ចិត្ត​មេត្តា ។

ការរៀន​ជ្រាលជ្រៅ ជា​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ដែល​មាន​នៅក្នុង​ជម្រៅ​នៃ​ដួងចិត្ត ។ ជំនាន់​ដែល​កំពុង​ពេញវ័យ នឹង​រៀន​យ៉ាង​ជ្រាលជ្រៅ​ដល់​កម្រិត​មួយ​អំពី​អំណាច​ដ៏​ប្រោសលោះ និងអំណាច​ជួយ​​ពង្រឹង​របស់​ព្រះគ្រីស្ទ ដែល​មាន​ក្នុង​ជីវិត​ពួកគេ ការបន្សុទ្ធ និង​ការធ្វើ​ឲ្យ​ពួកគេ​សក្ដិសម​នឹង​ទទួល​ព្រះគុណ​ទ្រង់ និង​អំណោយ​ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​ពួកគេ ។ ពួកគេ​ត្រូវ​ធ្វើ​ការ ហើយ​ខិតខំ​រៀន​សូត្រ​យ៉ាង​ឧស្សាហ៍ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​ស្អាតស្អំ​តាមរយៈ​ព្រះលោហិត​ដែល​ធួន​របស់​ព្រះគ្រីស្ទ​ផង​ដែរ ដើម្បី​ពួកគេ​អាច​ទទួល​បាន​ពន្លឺ​បន្ថែម​ទៀត ហើយ​ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការ​បង្រៀន​ដែល​បំផុស​គំនិត​ នាំ​ទៅ​រក​ការ​រៀន​សូត្រ​ដ៏​ស៊ី​ជម្រៅ ​ក៏​ជា​បទពិសោធន៍​មួយ​ខាង​វិញ្ញាណ​ផង​ដែរ ។ យើង​ក៏​ត្រូវការ​ឲ្យ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ការ​កាន់​តែ​មាន​ឥទ្ធិពល​បន្ថែម​ទៀត​នៅ​ក្នុង​ជីវិត​របស់​យើង ។ យើង​ចាំបាច់​ត្រូវ​មានភាពសក្ដិសម និង​ទទួល​បាន​នូវអំណោយទាន​ធ្វើ​ឲ្យបរិសុទ្ធ និង​ញែក​ជា​បរិសុទ្ធ ព្រមទាំង​ពរជ័យ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​យើងអាច​ជួយ​ដល់ជំនាន់​ដែល​ពេញវ័យ​ឲ្យរៀន​បាន​កាន់តែ​ជ្រៅជ្រះ​​ទៀត ។

ជំនាន់​ដែល​កំពុង​ពេញ​វ័យ ត្រូវការ​ការរៀន​សូត្រ​ជ្រៅជ្រះ​​នោះ ព្រោះ​ពិភពលោក​ដែល​ពួកគេ​នឹង​ប្រឈម​ជាមួយ នឹង​ជា​ពិភពលោក​ដែល​អស្ចារ្យ​ផង គួរ​ឲ្យ​ខ្លាច​ផង—នឹង​មាន​ពន្លឺ និង​អំណាច​​កើន​ឡើង ​ដែល​មក​ពី​ស្ថានសួគ៌ ហើយ​នឹង​មាន​ភាពទុច្ចរិត ចលាចល និង​ការភាន់​ច្រឡំ​ដែល​កាន់តែ​គួរ​ឲ្យ​ខ្លាចផងដែរ ។ ពួកគេ​នឹង​ត្រូវការ​មូលដ្ឋាននៅ​លើ​សេចក្ដី​ពិត​ដ៏​ច្បាស់លាស់ និង​សាមញ្ញ អំពី​ដំណឹងល្អ ជា​ដំណឹងល្អ​ដែល​នឹង​ត្រូវតែ​ចាក់​ជ្រៅ​ក្នុង​បេះដូង​ពួកគេ ហើយ​ពួកគេ​នឹង​ត្រូវការ​នូវ​អ្វី​ដែល​អែលឌើរ រ័សុល អិម ណិលសុន បាន​ហៅ​ថា សេចក្ដី​ជំនឿ​ដ៏​រឹងមាំ​លើ​ព្រះយេស៊ូវគ្រីស្ទដែរ ៖ « តើ​ហេតុអ្វី​យើង​ត្រូវការ​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ​បែប​នោះ ? ព្រោះ​ថ្ងៃ​ពិបាកៗ​គឺ​នៅ​ចាំ​ខាង​មុខ ។ អនាគត​វា​មិន​ងាយ​ស្រួល ឬ​មាន​ប្រជាប្រិយភាព ដើម្បី​​ធ្វើ​ជា​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ម្នាក់​នោះទេ ។ យើង​ម្នាក់ៗ​នឹង​ត្រូវបាន​សាកល្បង ។ សាវក​ប៉ុល បាន​ព្រមាន​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ ពួក​អ្នក​ដែល​ដើរ​តាម​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍ ‹ នឹង​ត្រូវ​មាន​សេចក្ដី​បៀតបៀន › [ធីម៉ូថេទី ២ ៣:១២] ។ ការបៀតបៀន​ដូច​គ្នា​នោះ អាច​កំទេច​អ្នកឲ្យទន់ខ្សោយដោយ​ស្ងាត់ស្ងៀម ឬ​ក៏​ជំរុញ​អ្នក​ឲ្យ​ក្លាយ​ជា​គំរូ​កាន់តែ​អស្ចារ្យ ហើយ​ក្លាហាន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក » ។១៣

មូលហេតុ​ទី 2 ៖ ខ្ញុំ​ជឿ​ថា យុវវ័យ​ដែល​នឹង​មក​កាន់​យើង នឹង​ត្រៀម​រួច​ជា​ស្រេច—ហើយ​នឹង​ចង់​ទទួល—ច្រើន​ជាង​ដែល​យើង​ផ្ដល់​ឲ្យ​គេ​ឥឡូវ​នេះ ។ ជាង​នោះ​ទៀត មនុស្ស​មួយ​ចំនួន​ដែល​មក នឹង​ត្រូវការ​កាន់តែ​ច្រើន ព្រោះ​ផ្ទះ​របស់​ពួកគេ​ពុំ​បាន​ផ្ដល់​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន ឬ​ត្រូវការ​ឡើយ ។

ខ្ញុំ​មិន​មែន​មានន័យ​ថា យុវវ័យ​ត្រូវតែ​ចេញ​ដំណើរ​ទៅ​ផ្សងព្រេង​ក្នុង​ភាពស្មុគស្មាញ និង​ការប៉ាន់ស្មាន​នោះ​ទេ ។ ពួកគេ​នឹង​ត្រូវការ​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដែល​ច្បាស់លាស់ និង​សាមញ្ញ ដែល​ត្រូវ​បាន​បង្រៀន​ដោយ​ក្ដី​ស្រឡាញ់ និង​អំណាច​ដែល​កើន​ឡើង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​ឲ្យ​ខ្ញុំ​ផ្ដល់​ឧទាហរណ៍​មួយ​អំពី​គោលលទ្ធិ​ដ៏​ច្បាស់លាស់ និង​សាមញ្ញ​មួយ ដែល​សិស្ស​របស់​យើង​ត្រូវ​រៀន​ឲ្យ​កាន់តែ​ជ្រាលជ្រៅ ។ ប្រាំពីរ​ឆ្នាំ​កន្លង​មក​នេះ ប៊ីវ៉ាយយូ–អៃដាហូ តម្រូវ​ឲ្យ​រៀន​វគ្គ​សិក្សា​មួយ​អំពី​ក្រុមគ្រួសារ ជា​ផ្នែក​នៃ​កម្មវិធី​មូលដ្ឋាន​របស់​ពួកគេ ។ ( វគ្គ​សិក្សា​បែប​នោះ គឺជា​ផ្នែក​នៃ​មូលដ្ឋាន​ថ្មី ដែល​តម្រូវ​ពី​សិស្ស​ថ្នាក់​វិទ្យាស្ថាន មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ) ។ ដោយសារ​សិស្ស​ទាំងអស់​នៅ ប៊ីវ៉ាយយូ–អៃដាហូ ត្រូវ​រៀន​ថ្នាក់​នេះ នោះ​មហាវិទ្យាល័យ​អាច​យល់ដឹង​ពី​គំនិត និង​ចិត្ត​របស់​សិស្ស អំពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ ដូច​ដែល​មាន​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ។

អ្វី​ដែល​ពួក​គ្រូ​បាន​រកឃើញ​គឺ​ជា​បញ្ហា ។ មាន​សិស្ស​ជាច្រើន ប្រហែលជា ៤០ ទៅ ៥០ ភាគរយ ករណី​ល្អ​បំផុត មាន​ការយល់​ដឹង​មិន​ពេញលេញ ហើយ​ករណី​អាក្រក់​បំផុត គឺ​មាន​ការយល់ដឹង​ខុស​ឆ្គង អំពី​គោលលទ្ធិ​ដ៏​សំខាន់​បំផុត​នេះ ។ ទាំងនេះ​គឺជា​ពួក​យុវវ័យ​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ល្អ ហើយ​សកម្ម ដែល​បាន​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​សិក្ខាសាលា និង​ដែល​ពុំ​បាន​រៀន​គ្រប់គ្រាន់​អំពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍ នៅ​ផ្ទះ ឬ​ក្នុង​ថ្នាក់​សិក្ខាសាលា ឬ​ក្នុង​សាលា​ថ្ងៃ​អាទិត្យ ឬ​ក្នុង​ថ្នាក់​យុវនារី ឬ​កូរ៉ុម​បព្វជិតភាពទេ ហើយ​ក្នុង​ករណី​ខ្លះ​ទៀត ​ទាំងមិន​នៅក្នុង​បេសកកម្ម​គេ​ទៀតផង ។

ពួក​សិស្ស មិន​ត្រឹមតែ​ត្រូវការ​ការចេះដឹង​កាន់តែ​ប្រសើរ អំពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​ត្រូវ​យល់​ដឹង​ពី​គោលលទ្ធិ​នោះ​នៅ​ក្នុង​ដួងចិត្ត​ពួកគេ​ផង​ដែរ ។ ពួកគេ​ត្រូវការ​ទីបន្ទាល់​ខាង​វិញ្ញាណ​មួយ​អំពី​សេចក្ដី​ពិត​របស់​វា ហើយ​ពួកគេ​ត្រូវ​អនុវត្ត​តាម​ទីបន្ទាល់​នោះ ទៅ​តាម​របៀប​ដែល​ពួកគេ​រៀបចំ​ឥឡូវ​នេះ ដើម្បី​ធ្វើ​ជា​ស្វាមី ឬ​ភរិយា និង​ជា​ម្ដាយ ឬ​ឪពុក ក្នុង​ក្រុមគ្រួសារ​ដ៏​អស់កល្ប​មួយ ។

ពួកគេ​ក៏​ត្រូវ​ដឹង​ផងដែរ ពី​របៀប​ដើម្បី​និយាយ​អំពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ជាមួយ​មិត្តភក្ដិ​គេ និង​អ្នក​ផ្សេង​ទៀត​ដែល​មិន​មាន​ជំនឿ​ដូច​គេ ។ ហើយ​ពួកគេ​ត្រូវ​លូតលាស់​ក្នុង​សមត្ថភាព​របស់​គេ ដើម្បី​ឃើញ​សេចក្ដី​ពិត និង​កំហុស ។ ពួកគេ​ត្រូវការ​ក្ដី​ជំនឿ​ដែល​កើន​ឡើង​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពួកគេ​ត្រូវការ​ក្ដី​សង្ឃឹម​ដែល​កើន​ឡើង​នៅក្នុង​ទ្រង់ ។

នេះ​ជា​អ្វី​ដែល​ជំនាន់​កំពុង​ពេញ​វ័យ​ត្រូវការ ។ ហេតុ​នោះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ?

យើង​ម្នាក់ៗ​ត្រូវ​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ​ក្នុង​ជីវិត​យើង ។ ខ្ញុំ​សង្ឃឹម​ថា បទពិសោធន៍​តទៅ​នេះ នឹង​ជា​ប្រយោជន៍​ដល់​អ្នក ពេល​ដែល​អ្នក​សញ្ជឹង​គិត និង​អធិស្ឋាន​អំពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ធ្វើ ៖

ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​គ្រា​ដ៏​លំបាក​បំផុត​មួយ​ក្នុង​ជីវិត​យើង ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​ស្ថិត​នៅក្រោម​ការ​វាយ​ប្រហារ​ពី​មារសត្រូវ ។ នៅក្នុង​បទពិសោធន៍​នោះ ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​វា​ច្បាស់​លាស់​ដល់​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​កាន់តែ​ច្រើន និង​ក្លាយ​ទៅ​ជា​បុគ្គល​កាន់តែ​ប្រសើរ​ជាង​នោះ ។ សូម​ឲ្យ​ខ្ញុំ​ចែកចាយ​ពី​សាវតា​បន្តិច ។

ស៊ូ និង​ខ្ញុំ បាន​រៀបការ​ជាង ៣០ ឆ្នាំ​ហើយ ។ យើង​សកម្ម និង​ចូលរួម​ក្នុង​សាសនាចក្រ​អស់​ពេញ​ជីវិត​យើង ។ យើង​បាន​បម្រើ​ក្នុង​សាសនាចក្រ យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ​រៀងរាល់​សប្ដាហ៍ យើង​អធិស្ឋាន​ជាមួយ​កូនៗ​យើង សិក្សា​ព្រះគម្ពីរ​ជាមួយ​ពួកគេ ហើយ​ធ្វើ​រាត្រី​ក្រុមគ្រួសារ ។ យើង​បាន​ព្យាយាម​ធ្វើ​ជា​ពួក​បរិសុទ្ធ​ដ៏​ល្អ ។ តែ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា « អ្នក​ត្រូវ​ធ្វើ​ថែម​ទៀត » ។

យប់​មួយ ខ្ញុំ​មាន​សុបិន្ត​ដ៏​អាក្រក់​មួយ ។ ខ្ញុំ​បាន​ភ្ញាក់​ឡើង​ទាំង​រសាប់​រសល់ និង​ខ្វល់ខ្វាយ ហើយ​ខ្ញុំ​បាន​លត់​ជង្គង់​ចុះ​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ដើម្បី​សុំ​ជំនួយ ។ ពេល​ខ្ញុំ​អធិស្ឋាន វគ្គ​បទគម្ពីរ​មួយ​ក្នុង​អេភេសូរ ជំពូក ៦ បាន​ចូល​មក​ក្នុង​គំនិត​ខ្ញុំ ៖ « ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ និង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ » ។១៤

ពេល​ព្រឹក​ឡើង ខ្ញុំ​បាន​បើក​មើល​បទគម្ពីរ​នោះ ហើយ​ខ្ញុំ​អាន​ពាក្យ​ទាំង​នេះ ៖

« ឯ​សេចក្តី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​ឲ្យ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះអម្ចាស់ ដោយ​ឫទ្ធិបារមី​របស់​ព្រះចេស្តា​ទ្រង់

« ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស » ។១៥

ពេល​ខ្ញុំ​អាន​ពាក្យ « ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ » ខ្ញុំ​ទទួល​ទីបន្ទាល់​ដ៏​មាន​ព្រះចេស្ដា​មួយ​ពី​ព្រះវិញ្ញាណ​ថា នេះ​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​ពាក់គ្រប់​គ្រឿង​សឹក​របស់​ព្រះ គឺ​គ្រប់​ផ្នែក​ទាំងអស់ ។

ដូច​នោះ​ហើយ ស៊ូ និង​ខ្ញុំ បាន​និយាយ​អំពី​អត្ថន័យវា ហើយ​យើង​បាន​អធិស្ឋាន​សុំ​ការណែនាំ ។ ខ្ញុំ​បាន​រៀន​ថា យើង​ត្រូវ​សួរ​សំណួរ​ពីរ​ដល់​ខ្លួន​ឯង ។ ខ្ញុំ​ជឿ​ថា ទាំងនេះ​គឺ​ជា​សំណួរ​ដែល​ចម្លើយ​របស់​វា នឹង​នាំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​រៀបចំ​សម្រាប់​អ្វី​នៅ​ចាំ​ខាង​មុខ ។ នេះ​ជា​សំណួរ​ទាំងនោះ ៖ (១) តើ​អ្វីខ្លះ​ដែល​ខ្ញុំ​កំពុង​ធ្វើ ​ដែលខ្ញុំ​គួរតែ​បញ្ឈប់ធ្វើវា​ ? និង (២) តើ​អ្វី​ខ្លះ​ដែល​ខ្ញុំ​មិន​បានធ្វើ ដែល​ខ្ញុំ​គួរតែ​ចាប់​ផ្ដើម​ធ្វើវា ?

ពេល​យើង​បាន​សួរ​សំណួរ​ទាំងនោះ​ក្នុង​ការអធិស្ឋាន យើង​បាន​ទទួល​ចម្លើយ​ជាក់លាក់​ណាស់ ។ យើង​បាន​ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​ចំណាយ​ពេល​វេលា​របស់​យើង ប្រព័ន្ធ​កម្សាន្ត​អ្វី​ខ្លះ​​ដែល​យើង​អនុញ្ញាត​ឲ្យ​មាន​ក្នុង​ផ្ទះ​យើង របៀប​ដែល​យើង​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ របៀប​ដែល​យើង​សិក្សា​ព្រះគម្ពីរ របៀប​ដែល​យើង​បម្រើ​ព្រះអម្ចាស់ និង​រឿង​ជា​ច្រើន​ទៀត ។ យើង​ត្រូវតែ​បង្កើន​ជីវភាព​ខាង​វិញ្ញាណ​របស់​យើង ។ តាមរយៈ​ដំណើរការ​នៃ​ការប្រែចិត្ត​នេះ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​បាន​លូក​ព្រហស្ដ​មក ហើយ​ផ្លាស់​ប្ដូរ​ជីវិត​យើង ។ យើង​បាន​ទទួល​អារម្មណ៍​នៃ​ក្ដី​មេត្តា ព្រះគុណ ក្ដី​ស្រឡាញ់ និង​ព្រះចេស្ដា​របស់​ទ្រង់ ។ តាមរយៈ​ព្រះចេស្ដា​ដ៏​ឥត​ប្រៀប​ផ្ទឹម​បាន​របស់​ទ្រង់ នោះ​ទ្រង់​បាន​ផ្លាស់​ប្តូរ​ដួងចិត្ត និង​គំនិត​យើង ហើយ​ទ្រង់​បាន​លើក​យើង​ឡើង​ទៅ​ឯ​ទ្រង់ ។ ខ្ញុំ​ដឹង​ថា បើ​យើង​មិន​បាន​ស្ដាប់​តាម និង​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​បាន​ទទួល​ទេ​នេះ នោះ​ខ្ញុំ​នឹង​ពុំ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ ប៊ីវ៉ាយយូ–អៃដាហូ ហើយ​ខ្ញុំ​នឹង​មិន​បាន​ឈរ​នៅ​ទី​នេះ​ពី​មុខ​ប្អូនៗ នៅ​ថ្ងៃ​នេះ​ទេ ។ វា​ជា​ចំនុច​ត្រឡប់​ក្នុង​ជីវិត​យើង ។

ប្អូនៗ​ប្រុសស្រី ខ្ញុំ​ដឹង​ថា ខ្ញុំ​កំពុង​និយាយ​ទៅកាន់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ស្មោះត្រង់ និង​រក្សា​សេចក្ដី​សញ្ញា ។ ខ្ញុំ​ដឹង​ថា បងប្អូន​ល្អ ហើយ​ធ្វើ​បាន​ល្អ​ណាស់​ទៅលើ​អ្វី​ដែល​បងប្អូន​ធ្វើ ។ តែ​ខ្ញុំ​ដឹង ដោយ​ចេញ​ពី​បទពិសោធន៍​របស់​ខ្ញុំ​ថា យើង​ត្រូវ​សួរ​ខ្លួន​យើង​នូវ​សំណួរ​ទាំងពីរ​នេះ​ជា​ទៀងទាត់ ។ យើង​ត្រូវ​ផ្លាស់​ប្ដូរ ហើយ​ប្រែចិត្ត ដើម្បី​ឲ្យ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ អាច​មាន​ប្រសិទ្ធ​ភាព​កាន់​ខ្លាំង​​ក្នុង​ជីវិត​យើង ។ បើ​យើង​ធ្វើ​ដូច្នោះ ព្រះបិតាសួគ៌​យើង​នឹង​ប្រទានពរ​យើង​ជាមួយ​នឹង​អំណាច​ខាង​វិញ្ញាណ​កាន់តែ​ធំធេង​ទៀត ។ ខ្ញុំ​ដឹង​ថា នេះ​ជា​ការពិត ។

ហើយ​ខ្ញុំ​ជឿ​ថា នោះ​ជា​គន្លឹះ​ទាំងអស់​ឆ្ពោះ​ទៅកាន់​ការទទួល​បាន​ឱកាស​អស្ចារ្យ​នានា និង​ទំនួល​ខុសត្រូវ​ដែល​នៅ​ចាំ​ខាង​មុខ​យើង ។ មាន​ការណ៍​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ ។ យើង​នឹង​ត្រូវ​គិត​ឲ្យ​ហ្មត់ចត់ ហើយ​ដាក់​ផែនការ និង​ធ្វើ​ការ ហើយ​ប្រឹក្សា ព្រមទាំង​រៀបចំ ដើម្បី​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ។ ប៉ុន្តែវា​នឹង​ជា​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នឹង​នាំ​មក​នូវ​ការរៀនសូត្រ​ជ្រាលជ្រៅ ការយល់ដឹង​កាន់តែ​អស្ចារ្យ និង​អំណាច​ដ៏​ប្រោសលោះ និង​ពង្រឹង​របស់​ព្រះគ្រីស្ទ នៅក្នុង​ជីវិត​ពួក​សិស្ស​យើង ។

ជំនាន់​ដែល​កំពុង​ពេញ​វ័យ​នេះ ត្រូវការ​សេចក្ដី​ពិត​ច្បាស់លាស់ និង​សាមញ្ញ​នៃ​ដំណឹងល្អ ដែល​ត្រូវបាន​បង្រៀន និង​រៀន​ដោយសេច​ក្ដី​ស្រឡាញ់​ដ៏ច្រើន ដោយ​អំណាច​ខាង​វិញ្ញាណ​ដែល​កាន់តែ​ធំធេង និង​ដោយ​ឥទ្ធិពល​កាន់តែ​ជ្រាលជ្រៅ​នៅក្នុង​ជីវិត​ពួកគេ ។ ខ្ញុំ​ជឿ​ថា ឥទ្ធិពល​នេះ នឹង​បាន​មក​ដោយ​ព្រោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​នឹង​ចាក់​ឫស​កាន់តែ​រឹងមាំ​នៅក្នុង​ដួងចិត្ត និង​គំនិត​យើង ហើយ​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង ។ ជីវិត​យើង​នឹង​ឆ្លុះ​បញ្ជាំង​កាន់តែ​ពេញលេញ​អំពី​ការបង្រៀន​នៃ​ព្រះអង្គ​សង្គ្រោះ ។ ពេលនោះ—ពេល​ដែល​យើង​ចាត់ចែង​កម្មវិធី ឬ​បង្កើត​ជា​កម្មវិធី​សិក្សា ឬ​អនុវត្ត​វិធីសាស្ត្រ​ថ្មី ឬ​ជួល ឬ​ហៅ និង​បំពាក់​បំប៉ន​គ្រូ​ថ្មីៗ ឬ​ទូន្មាន​សិស្ស ឬ​ដាក់​ផែនការ​សម្រាប់​អគារ​ថ្មី ឬ​បើក​តំបន់​ថ្មី ឬ​ដើរ​ទៅក្នុង​ថ្នាក់​រៀន ដើម្បី​បង្រៀន​បុត្រា​បុត្រី​ព្រះ—យើង​នឹង​ទទួល​វិវរណៈ​ដែល​យើង​ត្រូវការ ហើយ​យើង​នឹង​ធ្វើ​កិច្ចការ​នោះ ដោយ​ក្ដី​ស្រឡាញ់​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ជំនាន់​ដែល​កំពុង​ពេញ​វ័យ នឹង​រៀន​ជ្រាលជ្រៅ ហើយ​ពួកគេ​នឹង​ក្រោក​ឡើង !

យើង​ដឹង​ថា ការណ៍​នេះ​នឹង​កើត​ឡើង ។ យើង​ដឹង​ពី​លទ្ធផល​វា ។ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ នឹង​យាង​មក ហើយ​រាស្ត្រ និង​សាសនាចក្រ​ទ្រង់​នឹង​ត្រូវបាន​រៀបចំ​ជា​ស្រេច​ដើម្បី​ទទួល​ទ្រង់ ។

ពេល​ខ្ញុំ​គិត​ពី​បងប្អូន និង​អ្វី​ដែល​បងប្អូន​កំពុង​ធ្វើ​ក្នុង​នគរ​ព្រះ ខ្ញុំ​គិត​អំពី​ផ្ទាំង​គំនូរ​ដ៏​អស្ចារ្យ​នៅក្នុង នីហ្វៃទី ៣   ១៧ ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រមូល​កូនក្មេង​ជុំ​វិញ​ទ្រង់ ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្រមៃ​មើល​ពី​រឿង​នោះ​នៅក្នុង​គំនិត​អ្នក ពីព្រោះ​អ្នក​នៅក្នុង​រឿង​នោះ ។ ឪពុក​ម្ដាយ​នាំ​កូនៗ​ដ៏​មាន​តម្លៃ​របស់​ពួកគេ​មកឯ​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​ប្រមូល​ពួកគេ​ជុំ​វិញ​ទ្រង់ ទ្រង់គង់​នៅ​កណ្ដាល ។ ទ្រង់​អធិស្ឋាន​សម្រាប់​ពួកគេ និង​ឪពុក​ម្ដាយ​ពួកគេ​ក្នុង​របៀប​ដ៏​អស្ចារ្យ​មួយ ហើយ​ទ្រង់​ប្រទានពរ​កូនក្មេង​ម្នាក់​ម្ដងៗ ។ បន្ទាប់​មក ពួក​ទេវតា​បាន​យាង​ចុះ​មក​ពី​ស្ថានសួគ៌ « ហាក់បី​ដូច​ជា​នៅ​កណ្ដាល​ភ្លើង »១៦ ហើយ​បម្រើ​ដល់​កូនក្មេង ហើយ​ភ្លើង​ដ៏​បរិសុទ្ធ​ហ៊ុំ​ព័ទ្ធ​កូនក្មេង ។

ក្នុង​ន័យ​ដ៏​មាន​ចេស្ដា​មួយ នេះ​ជា​អ្វី​ដែល​យើង​ធ្វើ​ក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។ ពិតណាស់ នេះ​ជា​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ។ ឪពុក​ម្ដាយ​នាំ​កូនៗ​របស់​ពួកគេ​មក​ឲ្យ​យើង ។ ព្រះអង្គ​សង្គ្រោះគង់​​នៅ​កណ្ដាល ជា​ចំណុច​សំខាន់​បំផុត​នៃ​អ្វី​គ្រប់​យ៉ាង​ដែល​កើតឡើង​ចំពោះ​កូនៗ ។ ទ្រង់​អធិស្ឋាន​សម្រាប់​ពួកគេ និង​យើង ទ្រង់​ជា​ព្រះគាំទ្រ​របស់​យើង​ជាមួយ​ព្រះវរបិតា ។ យើង​ជា​ពួក​ទេវតា—អ្នក​ជា​ពួក​ទេវតា—ជា​អ្នក​ដែល​មក​បម្រើ​ដល់​កូនៗ​ទាំងនោះ​នៅក្នុង​ភ្លើង​ដ៏​បរិសុទ្ធ ។ ប្អូនៗ​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ យើង​ត្រូវ​ប្រែ​ក្លាយ​ដូចជា​ពួកទេវតា​នោះ ។

ហើយនោះ​ជា​អ្វី​ដែល​​យើង​នឹងប្រែ​ក្លាយ​ដូច​នោះ ដោយ​សារ​មាន​ព្រះ​មួយ​អង្គ​នៅ​ស្ថានសួគ៌ ។ ទ្រង់​ជា​ព្រះវរបិតា​យើង ។ ព្រះបុត្រា​ទ្រង់ គឺ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​ប្រោសលោះ​របស់​មនុស្ស​លោក​ទាំងអស់ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ! ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ខ្ញុំ​បាន​ឃើញ​កិច្ចការ​ទ្រង់ ខ្ញុំ​ស្គាល់​ក្ដី​មេត្តា​ករុណា និង​ព្រះគុណ​ទ្រង់ ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​ទ្រង់ ។ ទ្រង់​មាន​គ្រប់​អស់​ទាំង​ព្រះចេស្ដា ដើម្បី​សម្អាត​យើង​ពី​អំពី​បាប ផ្លាស់​ប្ដូរ​ដួងចិត្ត​យើង និង​លើក​យើង​ឡើង ហើយ​ពង្រឹង​យើង​ឲ្យ​ក្លាយ​ជា​អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ប្រែ​ក្លាយ ។ ខ្ញុំ​ដឹង​ថា បើ​យើង​បែរ​ទៅ​រក​ព្រះគ្រីស្ទ ដែល​ទ្រង់​តែងតែ​គង់នៅ​​ដោយ​ឈោង​ព្រះហស្ដ​ទ្រង់​មក​យើង ទ្រង់​នឹង​ប្រទាន​ពរ​យើង​ឲ្យប្រែ​​ក្លាយជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង ហើយ​ធ្វើ​ឲ្យ​បានកាន់តែ​ច្រើន​ជាង​នេះ នៅក្នុង​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​សម្គាល់

  1. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០០:១៦ ។

  2. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០១:៦៤ ។

  3. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៦:៣១ ។

  4. ថូម៉ាស អេស ម៉នសុន « Looking Back and Moving Forward »Ensign​ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩០ ។

  5. ថូម៉ាស អេស ម៉នសុន « True Shepherds » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៦៨ ។

  6. ថូម៉ាស អេស. ម៉នសុន «Willing and Worthy to Serve»  Ensignឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៦៩។

  7. ថូម៉ាស អេស. ម៉នសុន «Welcome to Conference»  Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤-៥។

  8. ថូម៉ាស អេស ម៉នសុន « Come, All Ye Sons of God »Ensign​ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៦៦ ។

  9. ថូម៉ាស អេស ម៉នសុន « Welcome to Conference » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤ ។

  10. ថូម៉ាស អេ ម៉នសុន “To the Rescue,” Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៤៩ ។

  11. ថូម៉ាស អេស ម៉នសុន « Be of Good Cheer »Ensign​ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩២ ។

  12. គីម ប៊ី ក្លាក « Learning and Teaching: To Know, to Do, and to Become » (remarks to faculty at faculty meeting, BYU–Idaho, ថ្ងៃទី ៦ ខែ​កញ្ញា ឆ្នាំ​២០១១), byui.edu/presentations ។

  13. រ័សុល អិម ណិលសុន “Face the Future with Faith,” EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៣៥–៣៦ ។

  14. អេភេសូរ ៦:១២

  15. អេភេសូរ ៦:១០-១១

  16. នីហ្វៃទី ៣ ២០:២៥ ។

បោះពុម្ព