ការ ផ្សាយ ប្រចាំ ឆ្នាំ
ការ​រៀន​សូត្រ និង​អំណរ​ដ៏​ជ្រាលជ្រៅ​នៅ​ក្នុង​ព្រះអម្ចាស់


22:22

ការ​រៀន​សូត្រ និង​អំណរ​ដ៏​ជ្រាលជ្រៅ​នៅ​ក្នុង​ព្រះអម្ចាស់

ការ​ចាក់ផ្សាយ​អំពី​ការបំពាក់បំប៉ន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា​ប្រចាំ​ឆ្នាំ • ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧

វា​គឺជា​ពរជ័យ​មួយ​ដើម្បី​និយាយ​ទៅ​កាន់​គ្រួសារ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៅ​ជុំវិញ​ពិភពលោក ។ ខ្ញុំ​ស្រឡាញ់​បងប្អូន​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​បងប្អូន និង​រាល់​កិច្ចការ​ដែល​បាន​បងប្អូន​បាន​ធ្វើ ។ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ ពរជ័យ​របស់​ព្រះអម្ចាស់​កើត​មាន​ដល់​បងប្អូន​នៅ​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​ដែល​មាន​នៅ​ចំពោះ​មុខ​យើង ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ ការ​បង្រៀន ការ​រៀបចំ​ខ្លួន ការ​លើក​ស្ទួយ និង​ការ​ពង្រឹង​ដល់​ជំនាន់​កំពុង​ពេញ​វ័យ​គឺជា​កិច្ចការ​ដ៏​សំខាន់ ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ភាព​បន្ទាន់ និង​ប្រពលភាព​អំពី​កិច្ចការ​នោះ ។ យុវជន និង​យុវមជ្ឈិម​វ័យ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ជួប​ឧបសគ្គ​លំបាកៗ​និង​ឱកាស​ដ៏​អស្ចារ្យ​ជា​ច្រើន ។ ពិភពលោក​នៅ​ជុំវិញ​ពួកគេ​បាន​ពោរ​ពេញ​ដោយ​បច្ចេកវិទ្យា​ដ៏​មាន​ឥទ្ធិពល ដែល​បាន​ប្រើ​សម្រាប់​ការណ៍​ល្អ​ដ៏​ធំ និង​ការណ៍​អាក្រក់​ដែល​គួរ​ឲ្យ​ខ្លាច ។ យុវវ័យ​យើង​ជាច្រើន​រស់​នៅ​ក្នុង​ប្រទេស​ដែល​បាន​រង​ឥទ្ធិពល​ដោយ​សង្គ្រាម និង ពាក្យ​ចចាមអារ៉ាម​អំពី​សង្គ្រាម សកម្មភាព​ភេរវកម្ម អំពើ​ពុក​រលួយ ការ​បំផ្លិច​បំផ្លាញ​ក្រុម​គ្រួសារ ការ​បែង​ចែក​ខាង​នយោបាយ និង​សង្គម និង​ការ​រាតត្បាត​នៃ​ភាព​ទ័ល​ក្រ ជំងឺ និង​ទុរិ្កក្ស ។

ប៉ុន្តែ នៅ​កណ្ដាល​ភាព​ចលាចល និង​ភាព​វឹក​វរ​នេះ ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​រៀបចំ​នគរ និង​រាស្ត្រ​ទ្រង់​សម្រាប់​ការ​យាង​មក​របស់​ទ្រង់ ។ ទ្រង់​កំពុង​កាន់​កាប់​ដោយ​ព្រះចេស្ដា​នៅ​ជុំ​វិញ​ពិភពលោក​ដើម្បី​ប្រមូល​ផ្ដុំ​រាស្ត្រ អ៊ីស្រាអែល​ដែល​បែកខ្ញែក ដើម្បី​ស្ថាបនា​នគរ​របស់​ទ្រង់ និង​ស្ថាបនា​ទីក្រុង​ស៊ី​យ៉ូន ។ ព្រះហស្ដ​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដីមេត្តា​ករុណា​របស់​ទ្រង់​បាន​លាត​សន្ធឹង​ទៅ​កាន់​យុវវ័យ និង​យុវមជ្ឈិម​វ័យ​នៃ​សាសនាចក្រ​របស់​ទ្រង់ ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​ទទួល​ព្រះចេស្ដា​នៃ​ការ​ព្យាបាល ការ​ពង្រឹង និង​ការ​ប្រោស​លោះ​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

សង្គ្រាម​ដ៏​ធំ​រវាង​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់​ដែល​បាន​ចាប់​ផ្ដើម​នៅ​កាល​ពី​ជីវិត​មុន​ផែនដី បន្ត​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ នៅ​ក្នុង​ចម្បាំង​នោះ យុវវ័យ និង​យុវមជ្ឈិម​វ័យ​នៃ​ជំនាន់​កំពុង​ពេញ​វ័យ​នេះ​ពុំ​បាន​លាក់​ខ្លួន​ពួន​សម្ងំ​ក្នុង​ផ្ទះ​ឡើយ ។ ពួកគេ​នៅ​ជួរ​មុខ ហើយ​ពួកគេ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់ ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​បងប្អូន​នៅ​ថ្ងៃ​នេះ ។

បងប្អូន​ស្ថិត​នៅ​ជួរ​មុខ​ជាមួយ​នឹង​ជំនាន់​កំពុង​ពេញ​វ័យ ។ កាល​ខ្ញុំ​គិត​ពី​បងប្អូន និង​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​ជួយ​ដល់​ជីវិត​យុវវ័យ និង​យុវមជ្ឈិម​វ័យ​រាប់​ម៉ឺន​នាក់​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ខ្ញុំ​គិត​ពី​ការ​និមិត្ត​របស់​នីហ្វៃ​អំពី​ជំនាន់​របស់​យើង ៖

« ខ្ញុំ នីហ្វៃ បាន ឃើញ ថា ព្រះ ចេស្ដា នៃ កូន ចៀម នៃ ព្រះ បាន យាង ចុះ មក សណ្ឋិត លើ ពួក បរិសុទ្ធ ក្នុង សាសនាចក្រ នៃ កូន ចៀម ហើយ លើ រាស្ត្រ ដែល នៅ ក្នុង សេចក្ដី សញ្ញា នៃ ព្រះ អម្ចាស់ ដែល បាន ខ្ចាត់ខ្ចាយ ពាសពេញ លើ ផ្ទៃ ផែនដី ហើយ ពួក គេ ប្រដាប់ អាវុធ ដោយ សេចក្ដី សុចរិត និង ដោយ ព្រះ ចេស្ដា នៃ ព្រះ ដោយ សិរី ល្អ ដ៏ អស្ចារ្យ» ។

នីហ្វៃ​ពិពណ៌នា​ពី​ដំណើរ​ការ​ដ៏​ទេវភាព​មួយ​ដែល​បងប្អូន​បាន​ចូល​រួម​តាម​របៀប​មួយ​ដ៏​សំខាន់ ។ កាល​ខ្ញុំ​គិត​ពី​អ្វី​ដែល​បងប្អូន​កំពុង​ធ្វើ​ដើម្បី បង្រៀន​ថ្នាក់​សិក្ខា​សាលា និង​ថ្នាក់​វិទ្យាស្ថាន ខ្ញុំ​សង្ឃឹម​ថា បទគម្ពីរ​នេះ​នឹង​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ។ បងប្អូន​គឺ​ជា​ឧបករណ៍​ក្នុង​ព្រះហស្ដ​របស់​ព្រះ​នៅ​ក្នុង​ដំណើរ​ការ​ដ៏​ទេវភាព​មួយ​ដែល​កូនចៅ​នៃ​សេចក្ដី សញ្ញា​របស់​ទ្រង់​បាន​ពរ​ដោយ​សេចក្ដី​សុចរិត ហើយ​ទទួល​ព្រះចេស្ដា និង​សិរី​ល្អ​របស់​ទ្រង់ ។

នេះ​គឺជា​អ្វី​ដែល​បងប្អូន​ធ្វើ ។ បងប្អូន​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​យុវវ័យ​ដ៏​ឆ្នើម ហើយ​បងប្អូន​ជួយ​ពួកគេ​ឲ្យ​ទទួល​អំណាច​នៃ​ព្រះ​នៅ​ក្នុង​បព្វជិតភាព ព្រះវិហារ​បរិសុទ្ធ ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បទគម្ពីរ​បរិសុទ្ធ សេចក្ដី​សញ្ញា និង​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ ។ វា​គឺជា​ព្រះចេស្ដា​នៃ​ព្រះ ហើយ​ទ្រង់​ប្រទាន​វា​ដល់​បុត្រា​បុត្រី​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ដើម្បី​ពួកគេ​អាច​ស្រឡាញ់ បង្រៀន ហើយ​បម្រើ​ដោយ​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​លើ​ទ្រង់ ដោយ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

ពេល​ខ្លះ វា​ប្រហែល​ជា​មាន​ការ​លំបាក​ដើម្បី​ភ្ជាប់​ការ​និមិត្ត​ដ៏​បំផុស​គំនិត​របស់​នីហ្វៃ​ទៅ​នឹង​ជីវិត​ពិត​នៃ​ថ្នាក់​សិក្ខា​សាលា​របស់​បងប្អូន​នៅ​ម៉ោង ៦:១៥ នាទី​ព្រឹក ឬ​នឹង​ថ្នាក់​វិទ្យាស្ថាន​នៅ​ពេល​យប់​ដែល​មាន​និស្សិត​នៅ​សាកលវិទ្យាល័យ​ជា​ច្រើន​ដែល​នឿយ​ហត់ ។ ខ្ញុំ​ធ្លាប់​ឃើញ​ក្រសែ​ភ្នែក​នៃ​ការងងុយ​ដេក​របស់​ក្មេង​ជំទង់​នៅ​ព្រឹក​ព្រលឹម ។ ហើយ​ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​ពី​ភិនភាគ​នៃ​និស្សិត​នៅ​សាកលវិទ្យាល័យ ។ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​ឃើញ​អ្វី​កើត​ឡើង​ដល់​ក្មេង​ជំទង់ និង​និស្សិត​នៅ​សាកល​វិទ្យាល័យ​ទាំងនោះ ពេល​គ្រូ​បង្រៀន​ម្នាក់​ដែល​ស្រឡាញ់​ពួកគេ​បង្រៀន​ពួកគេ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​ធ្លាប់​ឃើញ​អ្វី​កើត​ឡើង​នៅ​ក្នុង​ដួង​ចិត្ត និង​ព្រលឹង​ពួកគេ នៅ​ពេល​គ្រូបង្រៀន​នោះ​បើក​បទគម្ពីរ​ដ៏​មាន​ឥទ្ធិពល​ប្រាប់​ពួកគេ ហើយ​ជួយ​ពួកគេ​រៀន​យ៉ាង​ស៊ី​ជម្រៅ​តាម​របៀប​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​ដឹង​ពី​រឿង​នោះ ដោយសារ​វា​ជា​អ្វី​ដែល​បាន​កើត​ឡើង​ដល់​កូនចៅ​ខ្ញុំ​គ្រប់​រូប ។ ហើយ​វា​ជា​អ្វី​ដែល​កំពុង​កើត​ឡើង​ដល់​ចៅៗ​របស់​ខ្ញុំ ។

យុវវ័យ និង​យុវមជ្ឈិម​វ័យ​ដែល​បងប្អូន​បង្រៀន​គឺជា​មនុស្ស​ដ៏​អស្ចារ្យ ។ ប៉ុន្តែ​យើង​ត្រូវ​ការ​ពួកគេ​ជា​ច្រើន​ដើម្បី​ទទួល​ពរជ័យ​នៃ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ បម្រើ​បេសកកម្ម រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ បង្កើត​ក្រុម​គ្រួសារ​អស់​កល្ប បម្រើ​ព្រះអម្ចាស់​នៅ​ក្នុង​នគរ​ទ្រង់ ហើយ​ធ្វើ​ជា​ពន្លឺ​ដល់​ពិភពលោក​នេះ—គឺ​ត្រូវ​ការ​ពួកគេ​ជា​ច្រើន​នាក់​ទៀត ។ នោះ​មាន​ន័យ​ថា បងប្អូន​ត្រូវ​តែ​មាន​ភាព​ស្ទាត់​ជំនាញ​ចំពោះ​អ្វី​ដែល​បងប្អូន​ធ្វើ ។ ព្រះអម្ចាស់​ត្រូវការ​ឲ្យ​បងប្អូន​កាន់​តែ​មាន​ឥទ្ធិពល និង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ។

អំណរ​នៅ​ក្នុង​ព្រះអម្ចាស់

នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ចែកចាយ​នឹង​បងប្អូន​នូវ​គំនិត​ខ្លះៗ​ដែល​ខ្ញុំ​សង្ឃឹម​ថា វា​នឹង​ជួយ​បងប្អូន ពេល​បងប្អូន​ស្វែង​រក​ព្រះរាជ​បំណង​របស់​ព្រះ ។ សារលិខិត​របស់​ខ្ញុំ​សាមញ្ញ ៖ យើង​ត្រូវ​ធ្វើ​ច្រើន​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ក្នុង​សាសនាចក្រ​ឲ្យ​ដក​ពិសោធន៍​អំណរ—ជា​អំណរ​ពិត​ប្រាកដ​ខាង​វិញ្ញាណ—ក្នុង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ជឿ​ថា វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ធ្វើ​កិច្ចការ​នោះ​គឺ​តាមរយៈ​ការ​រៀនសូត្រ​ដ៏​ស៊ី​ជម្រៅ​ពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​តាម​របៀប​របស់​ព្រះអម្ចាស់ ។ វា​គឺជា​សាក្សី និង​ទីបន្ទាល់​របស់​ខ្ញុំ​ចំពោះ​បងប្អូន​ថា ការ​រៀនសូត្រ​ស៊ីជម្រៅ​អំពី​គោលលទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​ទៅ​រក​អំណរ​នៅ​ក្នុង​ព្រះអម្ចាស់ ។

ដូច​ប្រធាន ណិលសុន បាន​បង្រៀន​ថា

« បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ អំណរ​ដែល​យើង​មាន​នោះ វា​មាន​ឥទ្ធិពល​តិច​តួច​ចំពោះ​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅលើ ។

« ពេល​យើង​ផ្ដោត​ជីវិត​របស់​យើង​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹងល្អ​របស់​ទ្រង់ យើង​អាច​មាន​នូវ​អំណរ ទោះ​ជា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ​មិន​កើត​ឡើង—នៅ​ក្នុង​ជីវិត​យើង​ក៏​ដោយ ។ អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​អំណរ​ទាំងអស់ ។

នោះ​គឺជា​អំណរ​ដែល​យុវវ័យ​យើង​ត្រូវ​មាន ។ វា​ការពារ​ពួកគេ​ពី​អំពើ​អាក្រក់ លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ជា​មនុស្ស​សុចរិត ធ្វើ​ឲ្យ​ពួកគេ​មាន​បំណង​ចង់​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នឹង​ពួកគេ​ជានិច្ច ហើយ​ខិត​ពួកគេ​ទៅ​ជិត​ព្រះអម្ចាស់ ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​គន្លង​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ជួយ​ដល់​សិស្ស​រក​ឃើញ​អំណរ​នៅ​ក្នុង​ទ្រង់ ៖

« ដូច្នេះ ចូរ​លើក​ពន្លឺ​របស់​អ្នក​រាល់គ្នា​ឡើង ប្រយោជន៍​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក ។ មើល​ចុះ យើង​ជា ពន្លឺ ដែល​អ្នក​រាល់​គ្នា​នឹង​លើក​ឡើង—គឺ​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ ។ មើល​ចុះ អ្នក​រាល់​គ្នា​ឃើញ​ថា យើង​បាន​អធិស្ឋាន​ដល់​ព្រះ​វរបិតា ហើយ​អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើ​បន្ទាល់​ទុក ។

« ហើយ​អ្នក​រាល់​គ្នា​ឃើញ​ថា យើង​មិន​បាន​បញ្ជា​នរណា​មួយ​ក្នុង​ពួក​អ្នក​ឲ្យ​ចេញ​ទៅ​ឡើយ ប៉ុន្តែ​បាន​បញ្ជា​អ្នក​រាល់​គ្នា​ឲ្យ​មក​រក​យើង​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្ទាប ហើយ​ឃើញ​យើង ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដល់​មនុស្ស​លោក​ដែរ ហើយ​អស់​អ្នក​ណា​ដែល​បំបាក់​បញ្ញត្តិ​នេះ គឺ​បណ្ដោយ​ខ្លួន​ឲ្យ​ត្រូវ​ដឹកនាំ​ទៅ​ក្នុង​ការ​ល្បួង​វិញ » ។

ពេល​ព្រះអង្គ​សង្គ្រោះ​បង្ហាញ​អង្គ​ទ្រង់​ដល់​ប្រជាជន​នៅ​ព្រះវិហារ​បរិសុទ្ធ​លើ​ដែនដី​បរិបូរ ទ្រង់​ស្រឡាញ់​ពួកគេ បង្រៀន​ពួកគេ​ពី​គោលលទ្ធិ​របស់​ទ្រង់ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួកគេ ។ ពួកគេ​មាន​អំណរ​ដ៏​ធំ ។ នៅ​ក្នុង​បទគម្ពីរ​នេះ​ព្រះអង្គ​សង្គ្រោះ​បាន​ហៅ​បងប្អូន​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ទ្រង់ ហើយ​ដក​ពិសោធន៍​អំណរ​ទ្រង់​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បន្ទាប់​មក ទ្រង់​បង្គាប់​បងប្អូន​ឲ្យ​យក​អ្វី​ដែល​បងប្អូន​បាន​ឃើញ ហើយ​មាន​អារម្មណ៍​ទៅ​ប្រាប់​ដល់​សិស្ស​របស់​បងប្អូន ៖ ស្រឡាញ់​ពួកគេ បង្រៀន​ពួកគេ​ពី​គោលលទ្ធិ​ទ្រង់ អញ្ជើញ​ពួកគេ​មក​រក​ទ្រង់ ហើយ​ទទួល​អំណរ​ទ្រង់ ។ ប្រសិន​បើ​បងប្អូន​មាន​សេចក្ដីស្រឡាញ់ គោលលទ្ធិ ពន្លឺ និង​អំណរ​របស់​ព្រះគ្រីស្ទ បងប្អូន​អាច​បំផុស​គំនិត ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ស្វែង​រក​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខាង​វិញ្ញាណ​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់ ។

អំណរ និង​ការ​រៀនសូត្រ​ស៊ី​ជម្រៅ

ការ​រៀន​សូត្រ​ដែល​ដឹកនាំ​ទៅ​រក​អំណរ​គឺជា​ការ​រៀន​សូត្រ​ស៊ី​ជម្រៅ​ក្នុង​គោលលទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​វា​ត្រូវ​តែ​ធ្វើ​ឡើង​តាម​របៀប​របស់​ព្រះអម្ចាស់ ។ ការ​រៀន​សូត្រ​ស៊ី​ជម្រៅ​គឺជា​ការរៀន​សូត្រ​ឲ្យ​អស់​ពី​ព្រលឹង—គំនិត ដួងចិត្ត រូបកាយ និង​វិញ្ញាណ​អមតៈ ។ ការ​រៀន​សូត្រ​ស៊ី​ជម្រៅ​បង្កើន​អំណាច​របស់​សិស្ស​ដើម្បី​ធ្វើ​រឿង​បី​យ៉ាង ៖

១.ដឹង ហើយ​យល់

ទីមួយ​គឺ​ដើម្បី​ដឹង ហើយ​យល់ នេះ​គឺជា​ចំណេះដឹង​នៃ​គំនិត និង​ដួង​ចិត្ត ។ ឧទាហរណ៍ ដោយ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សិស្ស​រៀន​ថា សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ​គឺជា​គោលការណ៍​មួយ​នៃ​សកម្មភាព និង​អំណាច ។ តាមរយៈ​សាក្សី​ពី​ព្រះវិញ្ញាណ ពួកគេ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ពិត​នៃ​គោលការណ៍​នោះ ហើយ​ចាប់​ផ្ដើម​មើល​ឃើញ​កាន់​តែ​ច្បាស់ មាន​បំណង​ប្រាថ្នា​កាន់​តែ​ខ្លាំង ហេតុ​ដូច្នោះ​ហើយ​ពួកគេ​យល់​នៅក្នុង​ដួង​ចិត្ត​របស់​ពួកគេ​កាន់​តែ​ពេញ​លេញ​នូវ​ដំណើរការ​នៃ​គោលការណ៍​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

២.ធ្វើ​សកម្មភាព​សុចរិត​ដែល​មាន​ប្រសិទ្ធភាព

ទីពីរ​គឺ​ដើម្បី​ធ្វើ​សកម្មភាព​សុចរិត​ដែល​មាន​ប្រសិទ្ធភាព សិស្ស​រៀន​ពី​របៀប​ដើម្បី​អនុវត្ត​គោលការណ៍​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ជីវិត​របស់​ពួកគេ រួច​ហើយ​ធ្វើ​វា ។ ឧទាហរណ៍ ពួកគេ​អាច​នឹង​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអង្គសង្គ្រោះ​ដើម្បី​មាន​ភាព​ក្លាហាន​ក្នុង​ការ​អញ្ជើញ​មិត្ត​ម្នាក់​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។ នៅ​ពេល​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ទ្រង់ នោះ​ភាព​ជឿ​ជាក់​របស់​ពួកគេ​លើ​ទ្រង់​រីក​ចម្រើន ហើយ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ពួកគេ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ ។

៣.ប្រែ​ក្លាយ​ដូច​ជា​ព្រះវរបិតា​សួគ៌​របស់​យើង

ទីបី​គឺដើម្បី​ប្រែ​ក្លាយ​ដូច​ជា​ព្រះវរបិតា​សួគ៌​របស់​យើង ។ ការ​ប្រែក្លាយ​គឺជា​ដំណើរ​ការ​ផ្លាស់​ប្ដូរ​លក្ខណៈសម្បត្តិ​មួយ និង​និស្ស័យ​របស់​សិស្ស ។ វា​កើត​មាន​តាមរយៈ​ព្រះចេស្ដា​ប្រោសលោះ និង​ពង្រឹង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​អនុវត្ត​តាម​គោលការណ៍​នៃ​សេចក្ដី​ជំនឿលើ​ព្រះអង្គ​សង្គ្រោះ វា​មាន​ន័យ​ថា សិស្ស​ម្នាក់​ប្រែ​ក្លាយ​ជា​មនុស្ស​ម្នាក់​កាន់​តែ​ស្មោះត្រង់ ។ សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ​ក្លាយ​ជា​លក្ខណៈ​មួយ​នៃ​លក្ខណៈសម្បត្តិ​របស់​ពួកគេ ជា​អត្តសញ្ញាណ​ពិត​របស់​ពួកគេ ពេល​ពួកគេ​រីកចម្រើន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ចំណេះដឹង និង​ការ​យល់ដឹង​ពី​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ទ្រង់ ដើម្បី​ធ្វើ​អ្វី​ដែល​ទ្រង់​ចង់​សម្រេច ហើយ​ស្វែង​រក​អំណោយ​ទាន និង​ពរជ័យ​របស់​ទ្រង់​ដើម្បី​ប្រែក្លាយ​ដូច​ជា​ទ្រង់ និង​ព្រះវរបិតា​ទ្រង់ ។

កត្តា​ទាំង​បី​នេះ​នៃ​ការ​រៀនសូត្រ​ស៊ី​ជម្រៅ​ជួយ​ពង្រឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ ការ​ប្រែក្លាយ​ជា​មនុស្ស​ស្មោះ​ត្រង់​ម្នាក់​បង្កើន​សមត្ថភាព​របស់​សិស្ស​ម្នាក់​ឲ្យ​ដឹង ហើយ​យល់ ។ ការ​យល់ដឹង​ស៊ី​ជម្រៅ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព​ច្រើន ដែល​វា​បង្កើត​នូវ​គំនិត​ថ្មី ហើយ​ដឹកនាំ​ទៅ​លក្ខណៈ​សម្បត្តិ​ដ៏​រឹង​មាំ ។ មាន​អំណរ​ដ៏​ធំ​នៅ​ក្នុង​កត្តា​នីមួយៗ​នៃ​ការ​រៀនសូត្រ​ស៊ីជម្រៅ—អំណរ​នៅ​ក្នុង​ការ​យល់ដឹង​ថ្មី អំណរ​ក្នុង​សកម្មភាព​សុចរិត អំណរ​ក្នុង​ការ​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះវរបិតា និង​ព្រះរាជបុត្រា ។

របៀប​របស់​ព្រះអម្ចាស់​ដើម្បី​រៀន​ឲ្យ​ស៊ី​ជម្រៅ

ការ​អញ្ជើញ​ទាំង​បី

របៀប​របស់​ព្រះអម្ចាស់​ដើម្បី​រៀន​ឲ្យ​ស៊ី​ជម្រៅ​គឺ​សាមញ្ញ ប៉ុន្តែ​មាន​ឥទ្ធិពល ។ នេះ​គឺជា​ការ​ពិពណ៌នា​របស់​ព្រះអម្ចាស់​ស្ដីពី​ការ​រៀន​សូត្រ​តាម​របៀប​ទ្រង់ ៖

« បើសិន​ជា​ភ្នែក​របស់​អ្នក​ស្មោះស្ម័គ្រ​ទាំង​ស្រុងទៅ​ចំពោះ​សិរី​ល្អ​របស់​យើង នោះ​រូប​កាយ​អ្នក​ទាំង​មូល​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ » ។

« ប្រុងប្រៀប​ខ្លួន ហើយញែក​ខ្លួន​ជា​បរិសុទ្ធ » ។

« បង្រៀនគ្នា​ទៅ​វិញ​ទៅ​មក​នូវគោល​លទ្ធិ​នៃ​នគរ » ។

« ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​បង្រៀន ហើយ​ព្រះគុណ​របស់​យើង​នឹង​នៅ​ជាមួយអ្នក » ។

« ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​ស្វែងរក ហើយ​បង្រៀនគ្នា​ទៅ​វិញ​ទៅ​មក​នូវ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » ។

« ចូរ​ស្វែងរក​ការរៀនសូត្រ គឺ​ដោយសារ​ការសិក្សា និង ដោយសារ​សេចក្តី​ជំនឿ​ផង » ។១០

« តាំង​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ចូរ​កុំ​ឲ្យ​ទាំងអស់​គ្នា​និយាយ​ព្រម​គ្នា​ឡើយ » ។១១

« ចូរ​និយាយ​ម្នាក់​ម្ដង ហើយ​ចូរ​ឲ្យ​ទាំងអស់​គ្នា​ស្ដាប់ … ទើប​ឲ្យ​ទាំង​អស់​បាន​ស្អាងឡើង​ទាំងអស់គ្នា » ។១២

« ហួស​ពី​អស់​ទាំង​អ្វីៗ​ទៅ​ទៀត ចូរ​បំពាក់​ខ្លួន​ដោយ​ចំណង​នៃ​សេចក្ដី​សប្បុរស » ។១៣

បទគម្ពីរ​ដ៏​មាន​ខ្លឹម​សារ​ទាំង​នេះ​ដក​ស្រង់​មក​ពី​កណ្ឌ​ទី ៨៨​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​បង្ហាញ​ឲ្យ​ស្គាល់​ពី ធាតុ​បី​យ៉ាង​ដែល​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​របៀប​របស់​ព្រះអម្ចាស់​ដើម្បី​រៀន​សូត្រ​ឲ្យ​ស៊ី​ជម្រៅ ។១៤ ទីពីរ​គឺ ការ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី បង្រៀន​គ្នា​ទៅ​វិញ​ទៅមក ក្នុង​ចំណង​នៃ​សេចក្ដី សប្បុរស បាន​ដឹកនាំ​ដោយ​គ្រូ​បង្រៀន​ដ៏​បំផុស​គំនិត​ម្នាក់ បាន​ចូល​រួម​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទីបី​គឺ ការ​ទទួល​វិវរណៈ ការ​បំផុស​គំនិត និង​អំណោយ​ទាន​ខាង​វិញ្ញាណ​ផ្សេង​ទៀត​ដែល​កើត​មាន​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

គ្រូ​បង្រៀន​តាម​របៀប​របស់​ព្រះអម្ចាស់​ដើរ​តួ​បំផុស​គំនិត​យ៉ាង​សកម្ម​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​សិស្ស​ចូល​ប្រឡូក​នៅ​រាល់​ធាតុ​នៃ​ការ​រៀន​សូត្រ​ស៊ី​ជម្រៅ ។ មាន​រឿង​ពីរ​យ៉ាង​ដែល​ចាំបាច់ ៖ ទីមួយ គឺ​ថា​បងប្អូន​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​នឹង​បងប្អូន ហើយ​ថា​បងប្អូន​ស្រឡាញ់​សិស្ស ។

បងប្អូន​មាន​នូវ​ធនធាន​អស្ចារ្យ​មួយ​នៅ​ក្នុង​—ក្បួន​ខ្នាត ការ​បង្រៀន និង​ការ​រៀន​សូត្រ​ដំណឹងល្អ១៥—ដើម្បី​ជួយ​បងប្អូន​បង្រៀន​ដើម្បី​សិស្ស​របស់​អ្នក​នឹង​រៀន​សូត្រ​តាម​របៀប​របស់​ព្រះអម្ចាស់ ។ ដូច្នេះ ខ្ញុំ​មាន​កិច្ចការ​មួយ​ឲ្យ​បងប្អូន​ធ្វើ ៖​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​អាន ហើយ​សិក្សា​ក្បួន​ខ្នាត​នៅ​ក្នុង​កែវ​ភ្នែក​នៃ​ការ​រៀនសូត្រ​ស៊ី​ជម្រៅ ជា​ពិសេស​អំពី​គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​វា​ដឹកនាំ​ទៅ​រក​អំណរ ។ ពេល​បងប្អូន​យល់​ដឹង​ពី​ការ​រៀនសូត្រ​ស៊ី​ជម្រៅ​នោះ ពី​ព្រោះ​អំណរ​គឺជា​គោលបំណង​របស់​បងប្អូន វា​នឹង​ផ្លាស់​ប្ដូរ​របៀប​ដែល​បងប្អូន​អនុវត្ត​គោលការណ៍​ដ៏​មាន​ឥទ្ធិពល​ដែល​មាន​នៅ​ក្នុង​ក្បួនខ្នាត​នោះ ។ ខ្ញុំ​សូម​ផ្ដល់​ឧទាហរណ៍​សាមញ្ញ​បី ( មាន​ច្រើន​ទៀត ) ៖

  • បងប្អូន​នឹង​សុំ​ឲ្យ​សិស្ស​របស់​បងប្អូន​ត្រៀម​ខ្លួន—មក​ថ្នាក់​ដោយ​ត្រៀម​ខ្លួន​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ។

  • បងប្អូន​នឹង​ដាក់​អាទិភាព​ដើម្បី​ជួយ​សិស្ស​បងប្អូន​ឲ្យ​អភិវឌ្ឍ​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ ។

  • បងប្អូន​នឹង​ធ្វើ​ឲ្យ​អំណរ​ក្លាយ​ជា​គោលបំណង​រួម​មួយ​ក្នុង​ថ្នាក់​រៀន​បងប្អូន ហើយ​សិស្ស​នឹង​ចែក​ចាយ​ទីបន្ទាល់​អំពី​អំណរ​ជា​ទៀង​ទាត់ ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​ដឹង​ថា បងប្អូន​បាន​ធ្វើ​នូវ​រឿង​ដ៏​អស្ចារ្យ​ជា​ច្រើន​រួច​ហើយ ដើម្បី​ជួយ​សិស្ស​បងប្អូន​ដាក់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួកគេ ហើយ​ដក​ពិសោធន៍​នូវ​អំណរ​ក្នុង​ទ្រង់ ។ ខ្ញុំ​ដឹង​ពី​ពលិកម្ម និង​ការ​លះបង់​របស់​បងប្អូន ។ ហើយ​ព្រះអម្ចាស់​ទ្រង់​ត្រាស់​ដឹង​ដូច​គ្នា ។

នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​បញ្ចប់​ជាមួយ​នឹង​ការ​អញ្ជើញ​ចំនួន​បី ។ ខ្ញុំ​ដឹង​ថា ប្រសិន​បើ​បងប្អូន​ធ្វើ​តាម​ការ​អញ្ជើញ​ទាំង​នេះ បងប្អូន​នឹង​ជួយ​សិស្ស​បងប្អូន​រៀន​កាន់​តែ​ស៊ី​ជម្រៅ​តាម​របៀប​របស់​ព្រះអម្ចាស់ ហើយ​ដក​ពិសោធន៍​អំណរ​កាន់​តែ​ច្រើន​ក្នុង​ទ្រង់ ។

ការ​អញ្ជើញ​ទី ១៖ អត្តសញ្ញាណ និង​គោលបំណង​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ជួយ​សិស្ស​របស់​បងប្អូន​រៀន​ពី​អត្តសញ្ញាណ​ពិត​របស់​ពួកគេ ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ ទទួល​អារម្មណ៍ ហើយ​ដឹង​ថា ពួកគេ​ពិត​ជា​កូនចៅ​របស់​ព្រះ ជា​បុត្រា​បុត្រី​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អត្ថន័យ និង​ការ​ជាប់​ទាក់​ទិន​នៃ​« ក្រុម​គ្រួសារ ៖​ការ​ប្រកាស​ដល់​ពិភពលោក » នៅ​ពេល​វា​ប្រកាស​ថា សិស្ស​បងប្អូន​ម្នាក់ៗ​« មាន​លក្ខណៈ និង​ជោគវាសនា​ដ៏​ទេវភាព និង​គោលបំណង … អស់​កល្ប​ជានិច្ច​[ មួយ ] » ។១៦

សូម​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​ដក់​ជាប់​ក្នុង​ចិត្ត​ពួកគេ​ថា ពួកគេ​គឺជា​តួអង្គ​ខាង​វិញ្ញាណ​ដែល​កំពុង​មាន​បទពិសោធន៍​មួយ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​រង​ទុក្ខ ហើយ​សុគត​ជំនួស​ពួកគេ ដើម្បី​ពួកគេ​អាច​« រីកចម្រើន​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​នៅ​ទីបញ្ចប់​នឹង​ដឹង​ពី​គោល​បំណង​ដ៏​ទេវភាព​របស់​ពួកគេ ដោយ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ទុក​ជា​មរតក » ។១៧ នោះ​គឺជា​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​ពួកគេ ។ សូម​ជួយ​ធ្វើ​ឲ្យ​ផែនការ​របស់​ទ្រង់​មាន​ភាព​ពិត​ចំពោះ​ពួកគេ ។

សូម​បង្រៀន​ពួកគេ​ថា ពួកគេ​បាន​កើត​មក​ពី​ឪពុក​ម្ដាយ​សួគ៌ា ដើម្បី​រៀន ហើយ​រីក​ចម្រើន ព្រមទាំង​ប្រែក្លាយ​ដូចជា​ពួក​ទ្រង់ ។ ការ​រៀនសូត្រ​គឺជា​កត្តា​សំខាន់​ចំពោះ​គោលបំណង​នៃ​ជីវិត​មុន​ផែនដី និង​ជីវិត​រមែង​ស្លាប់ និង​ចំពោះ​សេចក្ដី​សង្គ្រោះ​ដ៏​អស់កល្ប​របស់​ពួកគេ ។ ពួកគេ​ត្រូវ​រៀន​អំពី​រឿង​របស់​ព្រះ និង​រឿង​នៃ​លោកិយ ដើម្បី​ពួកគេ​អាច​បំពេញ​ព្រះរាជបំណង​របស់​ព្រះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា ការ​រៀន​សូត្រ​គឺ​ចាំបាច់​នៅ​ក្នុង​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះ និង​ជាគោលបំណង​ដ៏​អស់កល្ប​ជានិច្ច និង​ជោគវាសនា​ដ៏​ទេវភាព​របស់​ពួកគេ ។

ការ​អញ្ជើញ​ទី ២ ៖ របៀប​របស់​ព្រះអម្ចាស់​ចំពោះការ​រៀន​ឲ្យ​ស៊ី​ជម្រៅ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ជួយ​សិស្ស​របស់​បងប្អូន​ឲ្យ​រៀន​តាម​របៀប​របស់​ព្រះអម្ចាស់ ។ បងប្អូន​ធ្វើ​កិច្ចការ​នេះ​តាម​រយៈ​គំរូ ។ តាម​របៀប​ដ៏​មាន​ឥទ្ធិពល​មួយ របៀប ដែល​បងប្អូន​បង្រៀន​គឺជា អ្វី ដែល​បងប្អូន​បង្រៀន​ពួកគេ​អំពី​របៀប​រៀន​សូត្រ​របស់​ព្រះអម្ចាស់ ។ ប្រសិន​បើ​បងប្អូន​បង្កើត​បទពិសោធន៍​រៀន​សូត្រ​ឲ្យ​ពួកគេ​តាម​របៀប​របស់​ព្រះអម្ចាស់ ពួកគេ​នឹង​រៀន​តាម​របៀប​របស់​ទ្រង់ ។ ប្រសិន​បើ​បងប្អូន​ពុំ​ធ្វើ​ដូច្នេះ​ទេ នោះ​ពួកគេ​នឹង​ពុំ​រៀន​ឡើយ ។

ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​បង្រៀន​សិស្ស​របស់​បងប្អូន​នូវ​របៀប​រៀន​សូត្រ​របស់​ព្រះអម្ចាស់​តាម​រយៈ​គំរូ​ផ្ទាល់​របស់​បងប្អូន ។ ប៉ុន្តែ​ខ្ញុំ​ក៏​សង្ឃឹម​ថា បងប្អូន​នឹង​បង្រៀន​ពួកគេ​នូវ​របៀប​របស់​ទ្រង់​ដោយ​ផ្ទាល់ និង​ដោយ​មាន​បំណង​ចង់​ដឹង ។ មាន​ឱកាស​អស្ចារ្យ​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នោះ​នៅ​ក្នុង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដែល​មាន​នូវ​គោលការណ៍​ទាំងឡាយ​នៃ « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » បង្រៀន​របៀប​រៀន​សូត្រ​ពិត​ប្រាកដ​របស់​ព្រះអម្ចាស់ ។ ពេល​បងប្អូន​បង្រៀន​គោលការណ៍​ទាំងនោះ​ពេញ​មួយ​ឆ្នាំ បងប្អូន​នឹង​បង្រៀន​ពួកគេ​ពី​របៀប​រៀន​សូត្រ​របស់​ព្រះអម្ចាស់ ។ ការ​បង្រៀន​នោះ​អាច​សម្រេច​បាន​ផង​ដែរ​នៅ​ក្នុង​វគ្គសិក្សា​ដែល​បងប្អូន​បង្រៀន​នៅ​ថ្នាក់​វិទ្យាស្ថាន ។

សូម​ជួយ​សិស្ស​របស់​បងប្អូន​ឲ្យ​ដឹង​ថា របៀប​របស់​ព្រះអម្ចាស់​អនុវត្ត​ចំពោះ​អ្វីៗ​ដែល​ពួកគេ​សិក្សា ។ វិធី​សាស្ត្រ​ជាក់លាក់​ដែល​ពួកគេ​ជួប​ក្នុង​ថ្នាក់​រៀន​ពួកគេ​នៅ​ការអប់រំ​ថ្នាក់​វិទ្យាល័យ ឬ​ថ្នាក់​សាកលវិទ្យាល័យ​នឹង​អាស្រ័យ​ទៅ​លើ​គ្រូបង្រៀន​ដែល​ពួកគេ​មាន ។ ប៉ុន្តែ​សិស្ស​របស់​បងប្អូន​អាច​ចូល​ប្រឡូក​យ៉ាង​សកម្ម ព្យាយាម​ក្នុង​ការ​សិក្សា​របស់​ពួកគេ ហើយ​មាន​ពរ​ជាមួយ​នឹង​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច ។ សូម​អញ្ជើញ​សិស្ស​របស់​បងប្អូន​ឲ្យ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៅ​សាលា​ជាមួយ​នឹង​ពួកគេ ។

ការ​អញ្ជើញ​ទី ៣ ៖​ការ​ប្រែ​ចិត្ត និង​ការ​រៀន​សូត្រ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បង្រៀន​សិស្ស​របស់​បងប្អូន​ថា ការ​ប្រែចិត្ត​គឺជា​កត្តា​សំខាន់​ចំពោះ​ការ​រៀន​សូត្រ​ស៊ីជម្រៅ ។ ការ​ប្រែ​ចិត្ត​គឺជា​ដំណើរ​ការ​របស់​ព្រះអម្ចាស់​សម្រាប់​ការ​រៀនសូត្រ​ផ្ទាល់​ខ្លួន ការ​រីកចម្រើន​ខាង​វិញ្ញាណ និង​ការ​ប្រែ​ក្លាយ​កាន់​តែ​ដូច​ទ្រង់ ។ សិស្ស​របស់​បងប្អូន​រៀន​តាម​របៀប​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះចេស្ដា​ប្រោសលោះ និង​ពង្រឹង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដោយ​បើក​សេចក្ដី​មេត្តាករុណា និង​ព្រះគុណ​របស់​ទ្រង់​ដល់​ពួកគេ ។

សូម​ជួយ​សិស្ស​របស់​បងប្អូន​ឲ្យ​យល់​ថា ការ​ប្រែ​ចិត្ត​គឺជា​ដំណើរ​ការ​ដ៏​ទេវភាព​ដែល​ពួកគេ​អាច​ប្រែក្លាយ​កាន់​តែ​ដូច​ព្រះអង្គ​សង្គ្រោះ​នៅ​គ្រប់​ពេល​បាន ។ ពេល​ខ្លះ ការ​ប្រែ​ចិត្ត​របស់​ពួកគេ​នឹង​ទាក់ទង​អ្វី​ដែល​ពួកគេ​ត្រូវ​ឈប់​ធ្វើ ។ ពេល​ខ្លះ វា​នឹង​ទាក់ទង​អ្វី​មួយ​ដែល​ពួកគេ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ ។ សូម​ជួយ​ពួកគេ​ដឹង​ថា ការ​ប្រែ​ចិត្ត​គឺ​លើស​ពី​ការ​ទូល​ប្រាប់​ព្រះអម្ចាស់ និង​ប៊ីស្សព​របស់​ពួកគេ​ថា ពួកគេ​បាន​ធ្វើ​រឿង​ខុស​ទៅ​ទៀត ។ ការប្រព្រឹត្ត​បាប គឺ​ជា​ការបែរ​ចេញ​ពី​ព្រះអម្ចាស់ ។ ការប្រែចិត្ត គឺ​ជា​ការត្រឡប់​មក​រក​ទ្រង់​វិញ ។ ការប្រែចិត្ត​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដួងចិត្ត និង គំនិត ការផ្លាស់ប្ដូរ​ជីវិត​កែប្រែ​ទៅ​តាម​ស្ថានភាព​ផ្ទាល់​របស់​សិស្ស​បងប្អូន ។

ប៉ុន្តែក៏​សូម​បង្រៀន​ពួកគេ​ថា ការ​ប្រែ​ចិត្ត​អាច​ផ្ដល់​ពរជ័យ​ដល់​ពួកគេ​ជា​បន្ត​បន្ទាប់​ផង​ដែរ ។ វា​គឺជា​របៀប​ដែល​ព្រះអម្ចាស់​ជួយ​ពួកគេ​ឲ្យ​ធ្វើ​រឿង​ដ៏​ប្រសើរ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ វា​តម្រូវ​ឲ្យ​ពួកគេ​ផ្លាស់​ប្ដូរ ហើយ​រីក​ចម្រើន ហើយ​វា​មាន​ន័យ​ថា ពួកគេ​ត្រូវ​ប្រែ​ចិត្ត ងាក​មក​រក​ព្រះអម្ចាស់​ឲ្យ​កាន់​តែ​ពេញ​លេញ ថ្វាយ​ដួង​ចិត្ត​ទាំង​ស្រុង​របស់​ពួកគេ​ចំពោះ​ទ្រង់​គ្រប់​ពេល​វេលា ។ ដំណើរ​ការ​ត្រឡប់​មកវិញ​នោះ និង​ដំណើរ​ការ​នៃ​ការ​ថ្វាយ​នោះ​គឺ​មាន​ពេញ​មួយ​ជីវិត ។ វា​មាន​សារៈសំខាន់​ចំពោះ​ការ​រៀនសូត្រ​ស៊ីជម្រៅ ។

ទីបន្ទាល់

ខ្ញុំ​សូម​ផ្ដល់​ការ​សន្យា​នេះ​ដល់​បងប្អូន​ថា ប្រសិន​បើ​បងប្អូន​បង្រៀន​សិស្ស​របស់​បងប្អូន​ពី​អត្តសញ្ញាណ​ពិត​របស់​ពួកគេ របៀប​រៀន​ឲ្យ​ស៊ី​ជម្រៅ​តាម​របៀប​របស់​ព្រះអម្ចាស់ និង​គោលការណ៍​ទេវភាព​នៃ​ការ​ប្រែ​ចិត្ត នោះ​ពួកគេ​នឹង​រៀន​សូត្រ​ឲ្យ​ស៊ី​ជម្រៅ​ពី​គោលលទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ទ្រង់ និង​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទ្រង់​នឹង​រីកចម្រើន ហើយ​ពួកគេ​នឹង​មាន​អំណរ​ក្នុង​ព្រះអម្ចាស់ ។​ ទាំង​បងប្អូន និង​សិស្ស​របស់​បងប្អូន​នឹង​ទទួល​នូវ​ការសន្យា​ដ៏​អស្ចារ្យ​នេះ​ពី​ព្រះអម្ចាស់ ៖ « ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា យើង​នឹង​រំលែក​ដល់​អ្នក នូវ​ព្រះ​វិញ្ញាណ​របស់​យើង ដែល​នឹង​បំភ្លឺ​គំនិត​របស់​អ្នក​ដែល​នឹង បំពេញ​ព្រលឹង​របស់​អ្នក​ដោយ​សេចក្ដី​អំណរ » ។១៨

ខ្ញុំ​ដឹង​ថា ការ​សន្យា​នោះ​គឺ​ជា​ការពិត ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដល់​បងប្អូន​ថា ព្រះ​ជា​ព្រះវរបិតា​នៃ​យើង​ទ្រង់​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ! នេះ​គឺជា​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ពួក​ទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​នេះ ហើយ​បន្សល់​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បងប្អូន ក្នុងព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។