បានពោរពេញទៅដោយសេចក្ដីអំណរ
ការចាក់ផ្សាយការបំពាក់បំប៉នប្រចាំឆ្នាំនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា • ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧
កាលពីពីរឆ្នាំមុន អភិបាលរបស់យើង អែលឌើរ គីម ប៊ី ក្លាក បានបង្រៀនយើងចេញពីនីហ្វៃទី៣ អំពីពួកទេវតា និងកុមារដែលត្រូវបានហ៊ុមព័ទ្ធដោយភ្លើង ។ លោកបានបង្រៀនថា ក្នុងនាមជាអ្នកអប់រំខាងសាសនា យើងក៏គួរតែត្រូវបានហ៊ុមព័ទ្ធដោយភ្លើងដ៏បរិសុទ្ធផងដែរ ។១ ដូចបងប្អូនដឹងហើយថា មានដំណើររឿងមួយទៀតនៅក្នុងព្រះគម្ពីរមរមន អំពីបុគ្គលទាំងឡាយដែលត្រូវបានហ៊ុមព័ទ្ធដោយអណ្ដាតភ្លើងសួគ៌ា ។ លីហៃ និងនីហ្វៃ ត្រូវបានបោះចូលទៅក្នុងគុក ហើយដំណើររឿងនោះតំណាលថា ៖
« ពួកគេហាក់បីដូចជានៅក្នុងកណ្ដាលអណ្ដាតភ្លើង ។…
« ហើយមើលចុះ ព្រះវិញ្ញាណបរិសុទ្ធនៃព្រះ ទ្រង់បានយាងចុះមកពីស្ថានសួគ៌ … ហើយពួកគេហាក់បីដូចជាបានពោរពេញទៅដោយភ្លើង » ។២
ដំណើររឿងនោះក៏បានថ្លែងដែរថា « ហើយពួកគេបានពោរពេញទៅដោយសេចក្ដីអំណរ ដែលមិនអាចនិយាយបាន ហើយពោរពេញទៅដោយសិរីល្អ » ។៣
សាររបស់ខ្ញុំថ្ងៃនេះគឺថា ៖ ក្នុងនាមជាអ្នកអប់រំខាងសាសនា យើងពុំគួរគ្រាន់តែត្រូវហ៊ុមព័ទ្ធដោយភ្លើងប៉ុណ្ណោះទេ តែថែមទាំងគួរបានពោរពេញទៅដោយសេចក្ដីអំណរផងដែរ ។ សិស្សគួររៀននៅក្នុងថ្នាក់រៀនអំពី « ផែនការនៃសុភមង្គល » ប៉ុន្តែពួកគេក៏គួរមើលឃើញភស្ដុតាងនៅក្នុងយើងផងដែរថា ផែនការនោះពិតជាមានប្រសិទ្ធិភាពមែន—ថាការរស់នៅតាមដំណឹងល្អនាំមកនូវអំណរ ។ នៅក្នុងសុបិនអំពីដើមឈើជីវិត លីហៃ បានបោយដៃហៅគ្រួសាររបស់លោកឲ្យមកទទួលទានផ្លែឈើដែល « ធ្វើឲ្យមនុស្សសប្បាយរីករាយ » ។៤ ការអញ្ជើញរបស់លោកមាននូវអំណាច និងសភាវៈនៃការពិត ព្រោះលោកបានមានប្រសាសន៍ចេញពីបទពិសោធន៍ ។ លោកបានទទួលទាន ហើយបានទទួលអារម្មណ៍នៃអំណរនោះដោយខ្លួនលោកផ្ទាល់ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមានប្រសាសន៍ថា « វាសំខាន់ណាស់ដើម្បីមានភាពរីករាយនៅក្នុងកិច្ចការនេះ ។ យើងមានមនុស្សស្រពាប់ស្រពោនជាច្រើននៅក្នុងសាសនាចក្រ ខ្ញុំគិតថា ព្រោះពួកគេមិនបានយល់ថា នេះគឺជាដំណឹងល្អនៃសុភមង្គល » ។៥ យើងអាចមានសុភមង្គលដែលប្រធាន ហ៊ិងគ្លី បានមានប្រសាសន៍នោះ ដោយការទទួលបានព្រះវិញ្ញាណនៅក្នុងជីវិតយើង ហើយដូចដែលព្រះគម្ពីរថា គឺរស់នៅ « តាមរបៀបនៃសុភមង្គល » ។៦
សម្រាប់ជាការពិចារណារបស់បងប្អូន ខ្ញុំចង់ផ្ដល់នូវគោលការណ៍ខ្លះៗដែលបានជួយខ្ញុំ ក្នុងនាមជាអ្នកអប់រំខាងសាសនា គឺរស់នៅ « តាមរបៀបនៃសុភមង្គល » ។ ទាំងនោះមិនមានអ្វីជ្រាលជ្រៅ ឬជាគំនិតថ្មីនោះទេ ហើយខ្ញុំលើកឡើងនេះក្នុងក្ដីសង្ឃឹមថានឹងជួយដល់នរណាម្នាក់ឲ្យរស់នៅ និងបង្រៀនដោយអំណរកាន់តែច្រើនឡើង ។ ខ្ញុំមិនគ្រាន់តែនិយាយដល់បងប្អូនទាំងឡាយដែលមានវិជ្ជាជីវៈជាអ្នកអប់រំខាងសាសនានោះទេ ប៉ុន្តែក៏ចំពោះបងប្អូនទាំងឡាយដែលរស់នៅក្នុងនាមជាអ្នកអប់រំខាងសាសនាដែល « បានហៅ » តែមួយរដូវកាលនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានផងដែរ ។
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានអានសម្ដីដកស្រង់ដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដែលបានធ្វើឲ្យចិត្តខ្ញុំមិនស្រណុកឡើយ ។ លោកបានមានប្រសាសន៍ថា « ចូរយើងតោងជាប់នូវសុភមង្គលនៅថ្ងៃនេះ ដ្បិតចូរដឹងថា បើអ្នកមិនសប្បាយរីករាយនៅថ្ងៃនេះទេ នោះអ្នកអាចនឹងមិនដែលមានភាពរីករាយឡើយ » ។៧
ខ្ញុំបានគិតថា រឿងនោះមិនត្រឹមត្រូវទេ ។ ចុះការប្រែចិត្តវិញនោះ ? បើខ្ញុំមិនសប្បាយចិត្តនៅថ្ងៃនេះ តើខ្ញុំមិនអាចធ្វើអ្វីមួយដើម្បីផ្លាស់ប្ដូរវាទេឬអី ? ខ្ញុំបានគិតពីវាបន្ថែមទៀត ហើយខ្ញុំជឿថាបំណងនៃសាររបស់ប្រធាន ឃឹមបឹល គឺ ៖ បើអ្នកមិនសប្បាយចិត្ត ហើយជឿថា អ្នកអាចសប្បាយចិត្តបាន ប្រសិនបើស្ថានភាពរបស់អ្នកផ្សេងពីនេះ នោះអ្នកអាចនឹងមិនដែលសប្បាយចិត្តទេ ព្រោះថាភាពរីករាយមិនបានភ្ជាប់ទៅនឹងស្ថានភាពរបស់អ្នកឡើយ ។ អ្នកនិពន្ធមួយរូបបានបញ្ហាងវាតាមរបៀបនេះថា ៖
« យើងមានភាពទោរទន់ជឿថាបើយើងនៅកន្លែងផ្សេងទៀត—ដូចជាទៅលំហែកាយ នៅជាមួយដៃគូផ្សេងទៀត មានការងារផ្សេង មានផ្ទះផ្សេង កាលៈទេសៈផ្សេង—នោះយើងនឹងមានភាពរីករាយ និងពេញចិត្តជាង ។ វាមិនអញ្ចឹងទេ !
សេចក្ដីពិតនោះគឺថា ប្រសិនបើបងប្អូនមានទម្លាប់ផ្នត់គំនិតបន្តុះបង្អាប់ … ឬបើបងប្អូនប្រាថ្នាជាប់ជានិច្ចចង់បានអ្វីៗផ្សេងពីនេះ នោះភាពទោរទន់ដូចគ្នាទាំងនេះនឹងតាមបងប្អូន គ្រប់ទីកន្លែងដែលបងប្អូនទៅ » ។៨
លេមិន និងលេមយួលបានជឿថា សុភមង្គលរបស់ពួកគេត្រូវបានចងភ្ជាប់ទៅនឹងកាលៈទេសៈផ្សេងៗ—ជាពិសេសគឺកាលៈទេសៈទាំងឡាយដែលនឹងធ្វើឲ្យពួកគេមានភាពសុខស្រួល ។ និយាយដល់ការធ្វើដំណើរក្នុងទីរហាស្ថានរបស់ខ្លួន នោះពួកគេបាននិយាយថា ៖
« [ ប្រពន្ធយើង ] បានបង្កើតកូននៅក្នុងទីរហោស្ថាន ហើយរងទុក្ខគ្រប់យ៉ាង លើកលែងតែសេចក្ដីស្លាប់ ហើយប្រសិនបើគេបានស្លាប់មុនពេលចាកចេញពីក្រុងយេរូសាឡិម នោះគឺជាការប្រសើរជាងត្រូវរងទុក្ខសេចក្ដីវេទនាបែបនេះ ។
« មើលចុះ ប៉ុន្មានឆ្នាំមកហើយនេះ យើងបានរងទុក្ខនៅក្នុងទីរហោស្ថាន គឺជារយៈពេលនោះ ដែលយើងអាចត្រេកអរនឹងទ្រព្យសម្បត្តិរបស់យើង និងដែនដីនៃកេរអាកររបស់យើង មែនហើយ ហើយយើងអាចមានសេចក្ដីសុខ សប្បាយ » ។៩
ខ្ញុំបានរៀនថា សុភមង្គលរបស់ខ្ញុំពុំបានចងភ្ជាប់នឹងកន្លែងដែលខ្ញុំរស់នៅ ការចាត់តាំងដែលខ្ញុំមាន អ្នកដែលខ្ញុំធ្វើការជាមួយ សិស្សដែលខ្ញុំមាន ឬឱកាសដែលមិនមានដល់ខ្ញុំនោះទេ ។ ខ្ញុំមិនមែនកំពុងផ្ដល់យោបល់ថា ការមាន « ឥរិយាបទល្អ » នឹងធ្វើឲ្យឧបសគ្គរបស់អ្នកចេញឆ្ងាយ ហើយជីវិតពោរពេញដោយភាពភ្លឺថ្លានោះទេ ។ កាលៈទេសៈដែលយើងជួបនៅពេលខ្លះ អាចជារឿងដ៏សោកសៅក្រៃលែង និងស្ទើរតែមិនអាចទ្រាំទ្របាន ។ ប៉ុន្តែខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំថា សូម្បីតែនៅក្នុងកាលៈទេសៈទាំងនោះក៏ដោយ ក៏អាចមាននូវវិញ្ញាណ និងទស្សនវិស័យដែលបានបញ្ជូនពីស្ថានសួគ៌ដែលអាចធ្វើឲ្យជីវិតមានអំណរដែរ ។
ខមួយនៅក្នុងព្រះគម្ពីរអាលម៉ាថ្លែងថា « ហើយនេះគឺជាដំណើររឿងរបស់អាំម៉ូន និងបងប្អូនលោក ការធ្វើដំណើរទាំងឡាយរបស់គេនៅឯដែនដីនីហ្វៃ ការរងទុក្ខទាំងឡាយរបស់គេនៅដែនដីនោះ ការទុក្ខសោកទាំងឡាយរបស់គេ និងទុក្ខវេទនាទាំងឡាយរបស់គេ និងសេចក្ដីអំណររបស់គេ ដ៏មិនអាចថ្លែងអស់បាន » ។១០ការរងទុក្ខ និងអំណរគឺមិនដាច់ចេញពីគ្នាឡើយ ។ ក្នុងនាមជាគ្រូបង្រៀនដែលត្រូវបានហៅ បងប្អូនអាចនឹងប្រាថ្នាថា បងប្អូនមានការហៅផ្សេងពីនេះ ។ ក្នុងនាមជាគ្រូបង្រៀនដែលទទួលបានកម្រៃ បងប្អូនអាចនឹងប្រាថ្នាថា បងប្អូនមានការចាត់តាំងផ្សេងពីនេះ ។ វាមិនជាអ្វីទេក្នុងការប្រាថ្នាបែបនោះ ប៉ុន្តែសូមចាំថា សុភមង្គលរបស់បងប្អូន មិនត្រូវបានចងភ្ជាប់ទៅនឹងការដែលក្ដីប្រាថ្នារបស់បងប្អូនក្លាយជាការពិតនោះទេ ។ សុភមង្គលគឺជាទម្រង់នៃការធ្វើដំណើរ មិនមែនជាទិសដៅនោះទេ ។ បើបងប្អូនរស់នៅដោយគិតថាវាជាទិសដៅមួយ នោះបងប្អូនអាចនឹងមិនដែលបានរីករាយនោះទេ ។
មិនថាក្នុងកាលៈទេសៈណាទេ តើមនុស្សម្នាក់អាចស្វែងរកសុភមង្គលបានយ៉ាងដូចម្ដេច ? ខ្ញុំមិនដឹងពីចម្លើយទាំងអស់ទេ ប៉ុន្តែខ្ញុំសូមផ្ដល់ចម្លើយដ៏សំខាន់មួយគឺ ៖ ការដឹងគុណគឺជាកត្តាមួយដ៏សំខាន់ក្នុងការរស់នៅ « តាមរបៀបនៃសុភមង្គល » ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានមានប្រសាសន៍ថា
« ខ្ញុំសូមផ្ដល់យោបល់ថា ជំនួសឲ្យការមានអំណរគុណសម្រាប់របស់របរទាំងឡាយ សូមយើងផ្ដោតលើការមានអំណរគុណក្នុងកាលៈទេសៈទាំងឡាយរបស់យើងវិញ—មិនថាវាជាអ្វីក៏ដោយ ។…
« ការដឹងគុណប្រភេទនេះនឹងផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងដែលកំពុងកើតជុំវិញយើង ។… វានឹងរីកយ៉ាងស្រស់បំព្រងនៅក្នុងទីវាលទឹកកកនារដូវរងា ដូចជាវារីកយ៉ាងស្រស់បំព្រងនៅក្នុងរដូវក្ដៅដ៏កក់ក្ដៅដ៏រីករាយដែរ ។…
« ការដឹងគុណ ក្នុង កាលៈទេសៈនានារបស់យើង គឺជាទង្វើនៃសេចក្ដីជំនឿទៅលើព្រះ ។…
« ការដឹងគុណដ៏ពិតជាការបង្ហាញពីសេចក្ដីសង្ឃឹម និង ទីបន្ទាល់ » ។១១
ខ្ញុំសូមផ្ដល់នូវគោលការណ៍មួយទៀត ដែលបានជួយខ្ញុំឲ្យរស់នៅ និងបង្រៀនដោយក្ដីអំណរកាន់តែច្រើន ។ ពីរបីឆ្នាំដំបូងក្នុងការងាររបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តចាកចេញពីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។ ខ្ញុំបានសម្រេចចិត្តដូចនោះ ព្រោះខ្ញុំបានគិតថា ខ្ញុំមិនមែនជាគ្រូដ៏ល្អដូចជាគ្រូឯទៀតដែលខ្ញុំបានឃើញនៅជុំវិញខ្លួនខ្ញុំនោះទេ ។ ខ្ញុំបានឃើញគ្រូបង្រៀនដែលគួរឲ្យចាប់អារម្មណ៍ មានការយល់ដឹងខ្ពស់ កំប្លែង និងមានទំនុកចិត្ត—ហើយខ្ញុំបានឃើញថាខ្ញុំមានចំណុចទាំងនេះតិចតួចណាស់នៅក្នុងខ្លួនខ្ញុំ ។ នៅទីបំផុត ខ្ញុំមិនបានចាកចេញពីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានទេ តែខ្ញុំបានបន្តពុះពារនៅក្នុងចិត្ត ខណៈដែលខ្ញុំបានឆ្ងល់ថាតើបុគ្គលិកលក្ខណៈរបស់ខ្ញុំអាចបង្រៀន ហើយជួយពួកយុវវ័យដោយមានប្រសិទ្ធិភាពឬយ៉ាងណានោះ ។
ស៊ីស្ទើរ ប៉ាទ្រីស្សា ហូឡិន ដែលជាភរិយារបស់អែលឌើរ ជែហ្វ្រី អរ ហូឡិនបាននិយាយអំពីបុគ្គលិកលក្ខណៈពិសេសរបស់យើងដូចនេះ ថា ៖
« ព្រះវរបិតាសួគ៌របស់យើងត្រូវការយើងដែលជាខ្លួនឯង និងត្រូវការយើងដែលកំពុងតែប្រែក្លាយទៅជានោះ ។ ទ្រង់មានព្រះបំណងបង្កើតយើងមកខុសៗគ្នា ដូច្នេះសូម្បីតែជាមួយនឹងភាពមិនឥតខ្ចោះរបស់យើង ក៏យើងអាចបំពេញគោលបំណងទាំងឡាយរបស់ទ្រង់បានដែរ ។ ការឈឺចាប់ដ៏ធំបំផុតរបស់ខ្ញុំកើតឡើង នៅពេលដែលខ្ញុំមានអារម្មណ៍ថាត្រូវតែធ្វើឲ្យដូចនឹងអ្វីដែលអ្នកផ្សេងទៀតកំពុងធ្វើ ឬអ្វីដែលខ្ញុំគិតថាអ្នកផ្សេងទៀតរំពឹងចង់បានពីខ្ញុំ ។ ខ្ញុំសប្បាយបំផុត នៅពេលខ្ញុំមានអារម្មណ៍ស្ងប់សុខជាមួយនឹងខ្លួនឯង ហើយព្យាយាមធ្វើអ្វីដែលព្រះវរបិតាសួគ៌របស់ខ្ញុំ និងខ្លួនខ្ញុំផ្ទាល់រំពឹងខ្ញុំប្រែក្លាយនោះ ។
អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានព្យាយាមគិតស្ទង់ពីគំនិតដ៏ជ្រាលជ្រៅស្ងាត់ស្ងៀម និងដ៏យល់ចិត្តរបស់ផាត ហូឡិន ទៅនឹង ជែហ្វ ហូឡិន ដែលមាំមួន សារទរ រួសរាយរាក់ទាក់ និង មាន ថាមពល និងអ្នកផ្សេងទៀតដែលមានគុណសម្បត្តិដូចគ្នានោះ ។ ខ្ញុំបានរៀនតាមរយៈការបរាជ័យដ៏គួរឲ្យនឿយណាយជាច្រើនថា បងប្អូនមិនអាចមានក្ដីអំណរនៅក្នុងការសារទរទេ បើបងប្អូនមិនមែនជាមនុស្សសារទរនោះ ។ វាគឺជាពាក្យដែលបញ្ច្រាសគ្នា ។ ខ្ញុំបានឈប់មើលមកខ្លួនឯងថាជាមនុស្សដែលមានគុណវិបត្ត ។… ការឈប់ធ្វើបែបនេះធ្វើឲ្យខ្ញុំមានសេរីភាពដើម្បីក្រសោប និងរីករាយនៅក្នុងរបៀប និងបុគ្គលិកលក្ខណៈរបស់ខ្លួនខ្ញុំផ្ទាល់ ។…
« ទោះដោយរបៀបណា នៅកន្លែងណាក្តី នោះព្រះអម្ចាស់ ‹ ធ្វើឲ្យខ្ញុំយល់ › ថា បុគ្គលិកលក្ខណៈរបស់ខ្ញុំត្រូវបានបង្កើតឡើងមក ដើម្បីឲ្យសមនឹងបេសកកម្ម និងទេពកោសល្យដែលទ្រង់ប្រទានដល់ខ្ញុំ ។… ខ្ញុំបានឃើញថា ខ្ញុំមានប្រភពនៃថាមពលដែលមិនបានប្រាប់ពីមុនមកយ៉ាងបរិបូរដើម្បីធ្វើឲ្យខ្ញុំជាខ្លួនខ្ញុំ ។ ប៉ុន្តែគ្រាដែលខ្ញុំបណ្ដោយខ្លួនទៅក្នុងការត្រាប់តាមអ្នកជិតខាងខ្ញុំ ខ្ញុំមានអារម្មណ៍ថាត្រូវកាច់បំបាក់ និងហត់នឿយ ហើយឃើញថាខ្លួនឯងហែលបញ្រ្ចាសទឹកជារៀងរហូត ។ ពេលយើងបង្អាក់ដល់ផែនការរបស់ព្រះចំពោះយើង នោះយើងដកហូតការចូលរួមចំណែកដ៏ពិសេសរបស់យើងចេញពីពិភពលោកនេះ និងនគររបស់ព្រះ » ។១២
ក្នុងការធ្វើជាខ្លួនឯង ខ្ញុំសូមផ្ដល់ការដាស់តឿនពីរ ។ ទីមួយ ខ្ញុំមិនមែនកំពុងតែផ្ដល់យោបល់ថា យើងរស់នៅជាមួយនឹងឥរិយាបទដែលថា « ខ្ញុំគឺអញ្ចឹង » ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺ ជាដំណឹងល្អនៃការផ្លាស់ប្ដូរ » ។១៣ ខ្ញុំគប្បីតាមរកមតិកែលម្អយ៉ាងខ្នះខ្នែងពីអ្នកដឹកនាំរបស់ខ្ញុំពីរបៀបដែលខ្ញុំអាចផ្លាស់ប្ដូរ និងតម្រង់បុគ្គលិកលក្ខណៈ និងការខិតខំរបស់ខ្ញុំទៅក្នុងការសម្រេចបានគោលដៅរបស់យើងឲ្យបានកាន់តែប្រសើរ ។ សំខាន់ជាងនោះទៀត ខ្ញុំមានបញ្ញត្តិដែលបានប្រទានមកពីព្រះគ្រីស្ទផ្ទាល់ ដែលថាខ្ញុំត្រូវប្រែក្លាយដូចជាទ្រង់ ។ ប៉ុន្តែខ្ញុំមិនបាច់ក្លាយដូចជាគ្រូផ្សេងទៀតនោះទេ ។ ដោយត្រូវបានពង្រីកដោយអំណោយទាននៃព្រះវិញ្ញាណ នោះបុគ្គលិកលក្ខណៈរបស់ខ្ញុំអាចធ្វើឲ្យមានការចូលរួមចំណែកជាពិសេសមួយដល់កិច្ចការនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។
ការដាស់តឿនទីពីរគឺ ពេលខ្ញុំមកកាន់ការិយាល័យកណ្ដាលដំបូងដើម្បីទទួលការចាត់តាំងថ្មីមួយ អ្នកគ្រប់គ្រងរបស់យើងនៅពេលនោះគឺ អែលឌើរ ផល វី ចនសុន ដែលបានអញ្ជើញខ្ញុំឲ្យទៅកាន់ការិយាល័យរបស់លោកដើម្បីទទួលការណែនាំ និងការប្រឹក្សាមួយចំនួន ។ ក្នុងចំណោមការណែនាំផ្សេងៗទៀត លោកបានមានប្រសាសន៍ថា « កុំកំណត់ខ្លួនឯង » ។ ខ្ញុំបានយល់ថា វាមានន័យថា ប្រសិនបើខ្ញុំកំណត់ខ្លួនឯងសម្រាប់ព្រះអម្ចាស់ពីរបៀបដែលទ្រង់អាចប្រើប្រាស់ខ្ញុំយ៉ាងល្អបំផុតនៅក្នុងការសម្រេចកិច្ចការរបស់ទ្រង់ នោះខ្ញុំអាចនឹងកំណត់ឱកាសខ្លួនឯងពីការលូតលាស់ និងការបម្រើ ។
ជាអកុសល ខ្ញុំមានកង្វល់ចំពោះរឿងដែលលោកបានដាស់តឿនខ្ញុំកុំឲ្យធ្វើនោះតែម្ដង ។ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពនៅក្នុងការចាត់តាំងខាងការងាររដ្ឋបាលដែលលោកបានសុំខ្ញុំឲ្យបំពេញ ប៉ុន្តែខ្ញុំបានរអ៊ូរទាំនៅក្នុងចិត្តខ្ញុំ ។ ខ្ញុំបានប្រាប់ខ្លួនឯងថា « ខ្ញុំមិនមែនជាអ្នកគ្រប់គ្រងទេ » ។ « ខ្ញុំគឺជាគ្រូបង្រៀន ។ ខ្ញុំគួរតែនៅក្នុងថ្នាក់រៀន មិនមែនអង្គុយនៅក្នុងការប្រជុំទាំងឡាយទេ » ។ វាជាដំណើរការដ៏វែង និងឈឺចាប់មុនពេលដែលខ្ញុំបានរៀនថាបំណងប្រាថ្នាខាងវិជ្ជាជីវៈរបស់ខ្ញុំដើម្បីបង្រៀន គឺគ្រាន់តែជាការបិទបាំងបំណងប្រាថ្នាដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ។ ការចំណាយពេលរបស់បងប្អូនជាមួយពួកសិស្ស និងព្រះគម្ពីរគឺមានតម្លៃណាស់ ។ ការចំណាយពេលរបស់បងប្អូននៅក្នុងការប្រជុំពិភាក្សាអំពីគោលនយោបាយ គឺមិនសូវជាសំខាន់ប៉ុន្មានទេ ។ ប៉ុន្ដែនោះមិនមែនជាបញ្ហានោះទេ ។ តើខ្ញុំធ្វើកិច្ចការនេះសម្រាប់រង្វាន់ និងការបំពេញផ្ទាល់ខ្លួន ឬខ្ញុំធ្វើវាជាមួយនឹងភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អនៃព្រះ និងដោយគោលបំណង ?
ខ្ញុំសង្ឃឹមថា បងប្អូននឹងឆ្លាតវៃជាងខ្ញុំ ហើយនឹងមិនកំណត់ខ្លួនឯង និងរបៀបដែលបងប្អូនត្រូវបានប្រើប្រាស់ ។ មានសុភមង្គលតែមួយគត់ដែលបានមកដោយការចុះចូលទៅនឹងព្រះរាជបំណងរបស់ព្រះវរបិតា ដូចជាព្រះអង្គសង្គ្រោះបានបង្រៀន និងបង្ហាញយើងជារឿយៗ ។
ការចុះចូលនេះដឹកនាំខ្ញុំទៅកាន់យោបល់មួយទៀតដែលអាចជួយយើងឲ្យ « រស់នៅតាមរបៀបនៃសុភមង្គល » ក្នុងនាមជាអ្នកអប់រំខាងសាសនា ។ ខ្ញុំមានទំនុកចិត្តថា ពួកយើងភាគច្រើនចង់ចុះចូលនឹងព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌យើងដោយសុទ្ធចិត្ត ។ វាកាន់តែពិបាកនៅពេលយើងត្រូវបានសុំឲ្យចុះចូលនឹងជីវិតរមែងស្លាប់នៅលើផែនដីនេះ ដែលព្រះអម្ចាស់ប្រើប្រាស់ដើម្បីដឹកនាំកិច្ចការរបស់ទ្រង់ ទាំងនៅក្នុងវួដ ស្តេក ឬថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។ ខ្ញុំបានស្គាល់គ្រូបង្រៀនដែលមានសមត្ថភាពខ្លាំងពូកែនៅក្នុងការងាររបស់ខ្ញុំ ដែលបានអន់ចិត្តនឹងសកម្មភាពរបស់អ្នកដឹកនាំម្នាក់ ឬនឹងគោលនយោបាយមួយដែលពួកគេមិនយល់ស្របជាមួយ ។ មិនថាភាពអយុត្តិធម៌ទាំងនោះជាការពិត ឬជាការគិតនោះទេ ក៏គ្រូទាំងនេះបានការពារ និងបីបាច់ការឈឺចាប់របស់ខ្លួន—ធ្វើអ្វីៗទាំងអស់ដើម្បីជាថ្នូរនឹងសុភមង្គលផ្ទាល់ខ្លួនរបស់ពួកគេ ។ ការឈឺចាប់របស់ពួកគេតែងប្រែទៅជាភាពជូរចត់ ដែលបន្ទាប់មកវាដឹកនាំទៅការវិវាទនឹងអ្នកផ្សេងទៀត ជាពិសេសជាមួយអ្នកគ្រប់គ្រងគេ ។
មានម្ដង អែលឌើរ នែល អេ ម៉ាក់ស្វែល បានសរសេរថា « ជីវិតក្នុងសាសនាចក្រនេះ [ ហើយខ្ញុំសូមបន្ថែមថា ជីវិតនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ] មានន័យថា ការដកពិសោធន៍ភាពផ្សេងៗគ្នានៃអ្នកដឹកនាំ ដែលអ្នកដឹកនាំទាំងអស់មិនសុទ្ធតែឈ្លាសវៃ មានភាពចាស់ទុំ និងស្ទាត់ជំនាញនោះទេ ។ ការពិតទៅ ពួកយើងខ្លះគឺរង្គោះរង្គើ និងឆ្កាំឆ្គង ។ ការដុសខាត់មួយចំនួនដែលយើងដកពិសោធន៍ តាមពិតទៅជាលទ្ធផលនៃការសង្កៀតចិត្តទាស់នឹងគ្នាទៅវិញទៅមក ។ ការអត់ធ្មត់ និងសេចក្ដីស្រឡាញ់គឺចាំបាច់ណាស់ក្នុងកាលៈទេសៈបែបនោះ ! » ។១៤
ខ្ញុំមិនអាចសង្កត់ធ្ងន់គ្រប់គ្រាន់ថា « ការអត់ធ្មត់ និងសេចក្ដីស្រឡាញ់ » សំខាន់ខ្លាំងប៉ុណ្ណានោះទេសម្រាប់អ្នកអប់រំខាងសាសនាមួយរូប ។ ការអត់ធ្មត់ និងសេចក្ដីស្រឡាញ់គឺសំខាន់សម្រាប់ការស្វែងរកសុភមង្គល និងការបង្រៀនដោយព្រះវិញ្ញាណ ។
ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានមានប្រសាសន៍ថា « មនុស្សម្នាក់ដែលនិយាយថាគាត់នឹងគាំទ្រដល់ប្រធានសាសនាចក្រ ឬអ្នកមានសិទ្ធិអំណាចទូទៅ ប៉ុន្តែមិនគាំទ្រដល់ប៊ីស្សពរបស់ខ្លួន នោះកំពុងបោកបញ្ឆោតខ្លួនឯងហើយ ។ អ្នកដែលមិនគាំទ្រដល់ប៊ីស្សពក្នុងវួដរបស់ខ្លួន និងប្រធានស្តេករបស់គាត់ នឹងមិនគាំទ្រដល់ប្រធានសាសនាចក្រនោះទេ » ។១៥
ពេលវេលាមិនអនុញ្ញាតឲ្យមានការពន្យល់បន្ថែមនោះទេ ប៉ុន្តែមានគោលការណ៍មួយនៅក្នុងសេចក្ដីថ្លែងការណ៍ដែលខ្ញុំជឿថាអនុវត្តបានចំពោះអ្នកអប់រំខាងសាសនា និងទំនាក់ទំនងរបស់ពួកគេជាមួយអស់អ្នកដែលត្រូវបានចាត់ឲ្យដឹកនាំពួកគាត់ ។ ប្រសិនបើបងប្អូនណាម្នាក់មានអារម្មណ៍មិនល្អចំពោះការគ្រប់គ្រង ចំពោះអ្នកដឹកនាំ ឬគោលនយោបាយជាក់លាក់ណាមួយ ឬដោយសារត្រូវគេមើលរំលង ឬត្រូវបានពិនិត្យមើលដិតដល់ពេក នោះខ្ញុំសូមអង្វរនឹងបងប្អូនឲ្យបំភ្លេចវាចោលទៅ ដើម្បីជាប្រយោជន៍ដល់ខ្លួនបងប្អូនផ្ទាល់ ។ សុភមង្គលនឹងតែងតែគេចចេញពីបុគ្គលដែលមិនអភ័យទោស ដែលធ្វើឲ្យរាលដាលភាពទោមនស្សរបស់ខ្លួនទៅលើអ្នកដទៃ ឬដែលចិញ្ចឹមចិត្តវិវាទ ។
ឥឡូវនេះ គឺយោបល់ចុងក្រោយរបស់ខ្ញុំ ។ ប៉ុន្មានម៉ោងមុនពេលការសុគតរបស់ព្រះអង្គសង្គ្រោះ ទ្រង់បានលាងជើងឲ្យពួកសាវក ហើយបានមានបន្ទូលថា
« ដូច្នេះ បើខ្ញុំដែលជាព្រះអម្ចាស់ ហើយជាគ្រូបានលាងជើងឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើងដល់គ្នានឹងគ្នាដែរ ។…
« បើអ្នករាល់គ្នាដឹងសេចក្តីទាំងនេះ ហើយប្រព្រឹត្តតាម នោះមានពរហើយ » ។១៦
សុភមង្គលជាច្រើនដែលយើងអាចជួបនៅក្នុងជីវិតនឹងបានមកពេលដែលយើងបំភ្លេចខ្លួនយើង ហើយផ្ដោតគំនិត និងការបម្រើរបស់យើងដល់អ្នកដទៃ ។ សម្រាប់អ្នកអប់រំខាងសាសនា មាននូវសុភមង្គលដ៏អស្ចារ្យដែលអាចរកបាន ពេលយើងផ្ដោតគំនិត បំណងប្រាថ្នា និងការខិតខំរបស់យើងទៅលើការផ្ដល់ពរជ័យដល់សិស្សរបស់យើង ។ និយាយដល់អ្នកអប់រំខាងសាសនា មានម្ដងនោះ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍ថា ការលូតលាស់ និងការអភិវឌ្ឍរបស់យុវវ័យរបស់យើងគប្បីជា « ការមមៃដ៏ធំ និងប្រសើរក្រៃលែង » ។១៧ បើការផ្ដោតរបស់យើងបែរចេញពីសិស្សរបស់យើង ហើយចាប់ផ្ដើមផ្ដោតលើតម្រូវការ ភាពសុខស្រួល ការបំពេញ ឬភាពល្បីល្បាញរបស់ខ្លួនយើងផ្ទាល់ នោះនឹងមានការបាត់បង់ដ៏ច្រើននៅក្នុងអំណាចដើម្បីបង្រៀនដោយប្រសិទ្ធិភាពរបស់យើង មិនទាំងលើកឡើងពីការបាត់បង់សេចក្ដីសុខផ្ទាល់ខ្លួនរបស់យើងផង ។
ហែរី អិមើរសុន ហ្វសឌីក ជាគ្រូគង្វាលប្រូតេស្តង់ម្នាក់នៅសតវត្សចុងក្រោយនេះ បានសរសេរថា « ពួកគ្រីស្ទានមួយចំនួនស្ពាយសាសនារបស់ពួកគេនៅលើខ្នង ។ វាជាកញ្ចប់នៃជំនឿ និងការអនុវត្តដែលពួកគេត្រូវតែស្ពាយ ។ ពេលខ្លះវាធ្ងន់ ហើយពួកគេក៏សុខចិត្តដាក់វាចុះ ប៉ុន្តែនោះមានន័យថាជាការសម្រាកមួយពីទំនៀមទម្លាប់ចាស់ ដូច្នេះពួកគេក៏ស្ពាយវាម្ដងទៀត ។ ប៉ុន្តែពួកគ្រីស្ទានដ៏ពិតពុំស្ពាយសាសនារបស់ខ្លួនឡើយ សាសនារបស់ពួកគេស្ពាយគេវិញ ។ វាពុំមែនជាបន្ទុកនោះទេ តែវាស្លាប ។ វាលើកពួកគេឡើង វាឃើញពួកគេនៅកន្លែងពិបាក វាធ្វើឲ្យសាកលលោកនេះហាក់រួសរាយ ជីវិតពោរពេញដោយគោលបំណង ក្ដីសង្ឃឹមពិត ហើយការលះបង់ដែលសមនឹងតម្លៃ ។ វាធ្វើឲ្យពួកគេមានសេរីភាពពីការភ័យខ្លាច អាសារភាព ការបាក់ទឹកចិត្ត និងអំពើបាប—ដែលជាអ្នកធ្វើឲ្យព្រលឹងមនុស្សក្លាយជាទាសករដ៏ធំ ។ អ្នកអាចស្គាល់ពួកគ្រីស្ទានពិតម្នាក់ ពេលដែលអ្នកឃើញគាត់ ដោយសារភាពក្លៀវក្លារីករាយរបស់គាត់ » ។១៨
វាជាក្ដីសង្ឃឹម និងជាការអធិស្ឋានរបស់ខ្ញុំសម្រាប់បងប្អូនគ្រប់គ្នា ថាការពិតដំណឹងល្អគឺជាស្លាប ហើយមិនមែនជាបន្ទុក ថាបងប្អូនអាចត្រូវបានហ៊ុមព័ទ្ធដោយភ្លើង និងបានពោរពេញដោយអំណរ ហើយថាសុភមង្គលបងប្អូនផ្ទាល់នឹងអញ្ជើញអ្នកផ្សេងទៀតឲ្យស្វែងរក និងធ្វើតាមប្រភពនៃសុភមង្គលរបស់បងប្អូនដែរ ដែលជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់គឺជាអង្គដែលរីករាយបំផុតដែលធ្លាប់យាងមកលើផែនដីនេះ ហើយទ្រង់អញ្ជើញយើងឲ្យដើរតាមទ្រង់នៅក្នុងការរស់នៅ « តាមរបៀបនៃសុភមង្គល » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2017 by Intellectual Reserve, Inc. All rights reserved. អនុមតិជាភាសាអង់គ្លេស ៖ ៥/១៧ ។ អនុមតិបកប្រែ ៖ ៥/១៧ ។ ការបកប្រៃនៃ « Filled with Joy » ។ Cambodian ។ PD60004121 258