ការ ផ្សាយ ប្រចាំ ឆ្នាំ
សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​នៃ​សកម្មភាព និង អំណាច


20:21

សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​នៃ​សកម្មភាព និង អំណាច

ការ​ចាក់ផ្សាយ​អំពីការ​បំពាក់បំប៉ន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំ​ឆ្នាំ • ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧

ជានិច្ចកាល​ខ្ញុំ​ទន្ទឹង​ចាំ​ជួបជុំ​នឹង​បងប្អូន​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ដ៏​សំខាន់​នេះ ។ ក្នុងការ​រៀបចំ​សម្រាប់​ការ​ប្រជុំ​នេះ ខ្ញុំ​បាន​ទូលអង្វរ​ចំពោះ​ព្រះអម្ចាស់​ដើម្បី​ដឹង​នូវ​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ធ្វើ​សម្រាប់​កូនចៅ​របស់​ទ្រង់ ដែល​អង្គុយ​នៅ​ក្នុង​ថ្នាក់​រៀន និង​គេហដ្ឋាន​របស់​យើង ។ នៅគ្រា​ស្ងប់ស្ងាត់​មួយ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ការ​យល់ព្រម​របស់​ទ្រង់​ចំពោះ​ការ​ខិតខំ​ដ៏​មិន​ចេះ​នឿយហត់ និង​ការលះបង់​រាប់​មិន​អស់​របស់​បងប្អូន ។ ខ្ញុំ​ក៏​ទទួល​អារម្មណ៍​មួយ​ដឹង​ថា ទ្រង់​សព្វព្រះទ័យ​ប្រទាន​ពរ​ដល់​បងប្អូន និង​គ្រួសារ​បងប្អូន​ខ្លាំង​ប៉ុណ្ណា​ផងដែរ ។ ហើយ​ខ្ញុំ​បាន​ដឹង​ពី​ព្រះរាជបំណង​ទ្រង់​ក្នុង​ការ​ប្រទានពរ​ដល់​សិស្ស​របស់​បងប្អូន​នូវ​ក្ដីស្រឡាញ់ និង​ទីបន្ទាល់​អំពី​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់​ផងដែរ ។

កិច្ចការ​នេះ​ពុំ​អាច​សម្រេច​ទៅ​បាន​តែ​ជាមួយ​កម្មវិធី កម្មវិធី​សិក្សា ការ​បំពាក់បំប៉ន ឬ​បច្ចេកវិទ្យា​ដែល​កាន់តែ​ល្អ​ប្រសើរ​ប៉ុណ្ណោះ​ទេ ពីព្រោះ​អ្វីៗ​ទាំង​នោះ នឹង​ពុំ​អាច​ដាក់​ជំនួស​ឲ្យ​ការពាល់​ដោយ​ព្រះអង្គុលី​ដ៏​ប្រកប​ដោយ​អព្ភូតហេតុ​ពី​ស្ថានសួគ៌​នៅក្នុង​ជីវិត​របស់​សិស្សៗ​យើង​នោះ​ទេ ។ អ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន គឺ​នឹង​មាន​អំណោយទាន​មួយ​មក​ពី​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង ហើយ​នឹង​តម្រូវ​ឲ្យ​ព្រះចេស្ដា​របស់​ទ្រង់​ធ្វើ​អព្ភូតហេតុ​នៅក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​ប៉ុណ្ណោះ ។

អ្វី​ដែល​នឹង​តម្រូវ​ពី​យើង​គឺ ការ​អនុវត្ត​សេចក្ដីជំនឿ​កាន់តែ​ខ្លាំងឡើង ដោយ​សារ​សេចក្ដីជំនឿ​កើត​មាន​មុន​អព្ភូតហេតុ​គ្រប់​យ៉ាង ។ អែលឌើរ ដាល្លីន អេក អូក បាន​មាន​ប្រសាសន៍​ថា « សេចក្ដីជំនឿ​ដែល​ពុំ​មាន​សកម្មភាព គឺ​ស្លាប់ ។ ប៉ុន្ដែ [ ក្រោយ​មក​លោក​បន្ថែម​ថា ] សកម្មភាព​ដោយ​គ្មាន​សេចក្ដីជំនឿ គឺ​ជា​សេចក្ដីស្លាប់​កាន់តែ​ធ្ងន់ធ្ងរ » ។ ម្យ៉ាងទៀត កិច្ចការ​ដែល​យើង​ខិតខំ​ទាំង​អម្បាលម៉ាន នឹង​មិន​បាន​ផល​ដែល​យើង​ប្រាថ្នា​ទេ ប្រសិន​បើ​កិច្ចការ​នោះ​ធ្វើ​ឡើង​ដោយ​គ្មាន​សេចក្ដីជំនឿ​នោះ ។ នោះ​គឺ​ដោយសារ​តែ​សេចក្ដីជំនឿ គឺ​មាន​ទាំង​គោលការណ៍​នៃ​សកម្មភាព និង​គោលការណ៍​នៃ​អំណាច ។ ការ​ចម្រើន​ជំនឿ​ជារួម​របស់​យើង នឹង​ជា​សញ្ញា​មួយ​ចំពោះ​ព្រះអម្ចាស់​ថា យើង​ពឹងផ្អែក​ទៅលើ​ទ្រង់ ហើយ​ទុកចិត្ត​ទៅលើ​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​បំផុស​គំនិត ផ្លាស់ប្រែចិត្ត​ជឿ ពង្រឹង រៀបចំ និង​ការពារ​ដល់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ។ ការ​ចម្រើន​សេចក្ដីជំនឿ​ទៅលើ​ព្រះអង្គសង្គ្រោះ នឹង​ពង្រឹង​ដល់​ការ​បង្រៀន​របស់​យើង ការ​អញ្ជើញ​ដល់​យុវវ័យ និង​យុមជ្ឈិមវ័យ​របស់​យើង​ឲ្យ​មក​ចូលរួម​ក្នុង​ថ្នាក់សិក្ខាសាលា ឬ​ថ្នាក់វិទ្យាស្ថាន ឬ​អាន​ព្រះគម្ពីរ ព្រមទាំង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ឪពុក​ម្ដាយ និង​ថ្នាក់ដឹកនាំ​បព្វជិតភាព ។ ដូច្នេះ នៅក្នុង​សប្ដាហ៍ និង​ខែ​ខាង​មុខៗ តើ​បងប្អូន​យល់​ព្រម​ចូលរួម​នឹង​ខ្ញុំ​ដើម្បី​ទូលសូម​ដល់​ព្រះវរបិតាសួគ៌​របស់​យើង​ដើម្បី​ចម្រើន​ជំនឿ​របស់​យើង​ឬទេ ? ខ្ញុំ​ជឿ​ថា ទ្រង់​គង់​ត្រៀម​នៅ​ជាស្រេច​ដើម្បី​ជួយ ប្រសិន​បើ​យើង​នឹង​សូម ។

ការអនុវត្ត​សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​នៃ​សកម្មភាព

យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ការអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះ តម្រូវ​ឲ្យ​យើង​មាន « គំនិត​ត្រឹមត្រូវអំពី​ចរិតលក្ខណៈ​ ភាពល្អ​ឥតខ្ចោះ និង​អកប្បកិរិយា​របស់​ទ្រង់ » និង « ចំណេះដឹង​ដែលថា​ដំណើរ​ជីវិត​ដែល [ យើង ] កំពុង​ពុះពារ​នោះ គឺ​ស្របតាម​ព្រះទ័យ​របស់​ទ្រង់ » ។​ ការ​ចាំបាច់​ទាំង​ពីរ​នេះ តម្រូវ​ឲ្យ​យើង​អនុវត្ត​សេចក្ដីជំនឿ​ជា​គោលការណ៍​នៃ​សកម្មភាព ។

នៅ​ក្នុង​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​របៀប​មួយ​ដែល​យើង​អាច​ធ្វើ​នូវ​តម្រូវ​ការ​ទីមួយ​នៃ​តម្រូវការ​ទាំងពីរ​នេះ​បាន ៖

« កាលណា​យើង​កាន់តែ​ដឹង​អំពី​ការ​បម្រើ និង​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ—នោះ​យើង​កាន់តែ​យល់​ពី​គោលលទ្ធិ​របស់​ទ្រង់ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង—យើង​កាន់តែ​ដឹង​ថា ទ្រង់​អាច​ប្រទាន​ព្រះចេស្ដា​ដែល​យើង​ត្រូវ​ការ​សម្រាប់​ជីវិត​យើង ។

« កាល​ពី​ដើម​ឆ្នាំ​នេះ ខ្ញុំ​បានសុំ​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ​ឲ្យ​ថ្វាយ​មួយ​ផ្នែក​នៃ​ពេលវេលា​របស់​ពួកគេ​រាល់​សប្ដាហ៍​ដើម្បី​សិក្សា​អ្វីៗ​គ្រប់យ៉ាង​ ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល និង​បាន​ធ្វើ ដូច​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ ។ ខ្ញុំ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​សេចក្ដីយោង​បទគម្ពីរ​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ការណែនាំ​តាម​ប្រធានបទ ឲ្យ​ទៅជា​កម្មវិធី​សិក្សា​សំខាន់​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

« ខ្ញុំ​បាន​ផ្ដល់​សំណូម​ពរ​នោះ ដោយសារ​ខ្ញុំ​បាន​ទទួល​យក​វាខ្លួន​ឯង​រួច​ហើយ ។ ខ្ញុំ​បាន​អាន ហើយ​គូស​បន្ទាត់​ពី​ក្រោម គ្រប់ ខគម្ពីរ​ដែល​ប្រាប់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដូច​បាន​រៀបរាប់​ក្រោម​ចំណងជើង​រង​ចំនួន ៥៧ នៅក្នុង​ការ​ណែនាំ​តាម​ប្រធានបទ ។ នៅពេល​ខ្ញុំ​បាន​បញ្ចប់​លំហាត់​ដ៏​រំភើប​នោះ​ហើយ ភរិយា​របស់​ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា​តើ​វា​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​យ៉ាង​ណា​ខ្លះ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា « បង​ជា​មនុស្ស​ផ្សេង​ម្នាក់ ! » 

ខ្ញុំ​ចង់​រំឭក​បងប្អូន​អំពី​ការ​អញ្ជើញ​នេះ ដោយសារ​ខ្ញុំ​បាន​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​សិក្សាដែល​ផ្ដោត​នេះ​ដោយផ្ទាល់ ហើយ​ដឹង​ថា កាលណា​យើង​កាន់តែ​យល់ និង​ស្រឡាញ់​ព្រះអង្គសង្គ្រោះ នោះ​ជំនឿ​របស់​យើង​ទៅលើ​ទ្រង់​នឹង​កាន់តែ​រីកចម្រើន ។

ដូច​ខ្ញុំ​បាន​ថ្លែង​ពី​ខាង​ដើម នៅពេល​ព្យាការី យ៉ូសែប បាន​បង្រៀន ធាតុ​ដ៏​សំខាន់​មួយ​ទៀត​អំពី​សេចក្ដីជំនឿ គឺ​ការ​រៀន​ដាក់​ជីវិត​របស់​យើង​ឲ្យ​ស្របទៅ​នឹង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។ ដើម្បី​បង្ហាញ​ពី​រឿង​នេះ ខ្ញុំ​សូម​ចែកចាយ​នឹង​បងប្អូន​នូវ​ឧទាហរណ៍​មួយ ដែល​ម្ដាយៗ​នៅទីនេះ​នឹង​ដឹង ៖

សេឡេស្តេ ដាវីស ជា​ម្ដាយ​វ័យ​ក្មេង​ម្នាក់​ដែល​មាន​កូន​បីនាក់ ហើយ​ជារឿយៗ​កូនតូច​ជាងគេ​នឹង​ភ្ញាក់ឡើង​រាល់​យប់ ។ គាត់​ចាប់​ផ្ដើម​អធិស្ឋាន​សូម​ឲ្យ​នាង និង​ទារក​តូច​របស់​នាង អាច​ដេក​បាន ។ ប៉ុន្តែ​ការ​អធិស្ឋាន​របស់​គាត់​ហាក់​ដូចជា​ពុំ​ទទួល​បាន​ចម្លើយ​សោះ ។ រឿង​នេះ​បណ្ដាល​ឲ្យ​នាង​ចង់​យល់​ពីការ​អធិស្ឋាន​បន្ថែម​ទៀត ហើយ​ថា​ហេតុអ្វី​បាន​ជា​នាង​ពុំ​ទទួល​បាន​ពរជ័យ​ឲ្យ​បាន​ធូរស្បើយ​សោះ ។ នាង​បាន​រៀន​មកពី​Bible Dictionaryថា « យើង​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​របស់​ព្រះគ្រីស្ទ នៅពេល​គំនិត​របស់​យើង គឺជា​គំនិត​របស់​ព្រះគ្រីស្ទ ហើយ​ក្ដី​ប្រាថ្នា​របស់​យើង ជា​ក្ដីប្រាថ្នា​របស់​ព្រះគ្រីស្ទ ។ … រួចហើយ​យើង​ទូលសុំ​នូវ​អ្វី​ៗ​ដែល​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​ព្រះ​អាច​ប្រទាន ។ ការអធិស្ឋាន​ជា​ច្រើន​នៅ​តែ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ ពី​ព្រោះ​អ្វីៗ​ទាំង​នេះ​មិន​នៅ​ក្នុង​ព្រះ​នាម​របស់​ព្រះ​គ្រីស្ទ ទាល់​តែ​សោះ វាពុំ​មែន​ជា​តំណាង​នៃ​គំនិត​របស់​ទ្រង់ ប៉ុន្តែ​ដុះ​ចេញ​មក​ពី​ចិត្ត​កំណាញ់​នៃ​ដួង​ចិត្ត​របស់​មនុស្ស » ។

ដូច្នេះ សេឡេស្តេ បាន​សម្រេច​ចិត្ត​ធ្វើ​បញ្ជី​នៃ​អ្វីៗ​ដែល​នាង​កំពុង​អធិស្ឋាន​សូម ។ ពេល​ធ្វើ​បញ្ជី​នេះ នាង​បាន​ដឹង​ថា ការ​អធិស្ឋាន​របស់​នាង​គឺ​ទទូច​អង្វរ​ជា​ចម្បង​សូម​ឲ្យ​ព្រះវរបិតាសួគ៌​ប្រទាន​នូវ​អ្វី​ដែល​នាងចង់​បាន ដែល​ឲ្យ​ទ្រង់​ផ្លាស់​ប្រែ​ស្ថានភាព​របស់​នាង ។ បន្ទាប់មក​នាង​បាន​សម្រេច​ចិត្ត​ធ្វើ​បញ្ជី​មួយទៀត សរសេរ​នូវ​អ្វីៗ​ដែល​នាង​ដឹង​ច្បាស់​ថា​ព្រះវរបិតាសួគ៌​ចង់​ប្រទាន​ឲ្យ​នាង ។ ប្រាកដ​ណាស់ បញ្ជី​ទាំងពីរ​នោះ​គឺ​ពុំ​ខុសគ្នា​ទាំង​ស្រុង​ទេ—ទ្រង់​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​រីករាយ ។ ប៉ុន្តែ​លំហាត់​តូច​មួយ​នេះ បង្រៀន​អំពី​សេចក្ដីពិត​ដ៏​សំខាន់​មួយ ។ ខណៈ​ដែល​នាង​ចង់​ផ្លាស់ប្ដូរ​ស្ថានភាព​របស់​នាង ទ្រង់​សព្វព្រះទ័យ​ចង់​ផ្លាស់ប្ដូរ នាង ។ ដូច្នេះ​នាង​បាន​សម្រេច​ចិត្ត​សម្រួល​របៀប​របស់​នាង​ក្នុងការអធិស្ឋាន ដើម្បី​ឲ្យ​ស្រប​ទៅនឹង​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​របស់​នាង​កាន់តែ​ល្អ​ប្រសើរ ។ នាង​បាន​សរសេរ​ថា ៖

« ខ្ញុំ​បាន​បង្កើត​ជា​រូបមន្ដ​តូច​មួយ​ដើម្បី​ជួយ​ខ្ញុំ​ក្នុងការ​អធិស្ឋាន​របស់​ខ្ញុំ ។ វា​សាមញ្ញ​ដូចនេះ—នៅពេល​អ្នក​ទូលសូម​អ្វី​មួយ​ដែល​អ្នក​ចង់​បាន ហើយ​អ្នក​មិន​ដឹង​ច្បាស់​ថា​វា​គឺជា​អ្វី​ដែល​ព្រះ​សព្វព្រះទ័យ​ប្រទាន​ឲ្យ​អ្នក សូម​ដាក់​ឃ្លា​ថា ‹ បើ​មិន​ដូច្នោះ​ទេ › ហើយ​បន្ទាប់មក​បន្ថែម​អ្វី​ដែល​អ្នក​ដឹង​ប្រាកដ​ថា​ព្រះ​នឹង​ប្រទាន​ដល់​អ្នក ។

« ឧទាហរណ៍ ៖ ‹ [ ព្រះវរបិតាសួគ៌ ] សូម ជួយ​ទូលបង្គំ​ទទួល​បាន​ដំណេក​ខ្លះៗ​នា​យប់​នេះ បើ​មិន​ដូច្នោះ​ទេ សូម​ជួយ​ទូលបង្គំ​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​បាន​រីករាយ ហើយ​ឧស្សាហ៍​ធ្វើ​ការ​ផង › ។ ‹ [ ព្រះវរបិតាសួគ៌ ] សូម​ប្រទាន​ពរ​ដល់​កូន​តូច​របស់​ទូលបង្គំ​ឲ្យ​យក​ឈ្នះ​លើ​ជំងឺ​នេះ ហើយ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ផង បើ​មិន​ដូច្នោះ​ទេ សូម​ជួយ​ពួក​យើង​ឲ្យ​ទុកចិត្ត​ទៅលើ​ទ្រង់ ហើយ​មាន​ចិត្ត​អត់ធ្មត់​ចំពោះ​គ្នា​ទៅវិញ​ទៅមក › ។ ‹ [ ព្រះវរបិតាសួគ៌ ] សូម​ប្រទានពរ​ថា​ទូលបង្គំ​នឹង​ត្រូវ​បាន​ក្រុម​មិត្ត​ភក្ដិ​រាប់រក បើ​មិន​ដូច្នោះ​ទេ ទោះជា​ទូលបង្គំ​មាន​អារម្មណ៍​ថា​គេ​មិនរាប់​រក សូម​ជួយ​ទូលបង្គំ​មាន​ចិត្ត​ល្អ និង​សប្បុរស ›» ។ 

នាង​បន្ដថា ៖

« ខ្ញុំ​បាន​សាកល្បង​ដូច្នេះ​ប្រហែល​ជា​មួយ​ឆ្នាំ​ហើយ​ឥឡូវ ហើយ​ខ្ញុំ​អាច​និយាយ​ថា​កម្រិត​នៃ​ភាព​ជោគជ័យ​ក្នុង​ការ​អធិស្ឋាន​របស់​ខ្ញុំ គឺ​ឡើង​ស្រឺតៗ​តែ​ម្ដង ។ …

« នៅទី​បំផុត ខ្ញុំ​មាន​អារម្មណ៍​ថា ដូចជា​ខ្ញុំ​កំពុង​បំពេញ​គោលបំណង​ពិត​នៃ​ការ​អធិស្ឋាន ដែល​ពុំ​មែនជា​ការ​ចរចា​អំពី​បំណង​ប្រាថ្នា​របស់​ខ្ញុំ ប៉ុន្តែ​ជា​ការ​ដាក់​ខ្លួន​ខ្ញុំ​ឲ្យ​ស្រប​នឹង​ព្រះ ។ …

« អត្ថប្រយោជន៍​ដែល​ពុំ​រំពឹងទុក​នោះ​គឺ​ថា ខ្ញុំ​ពុំ​ភ័យ​ខ្លាច​នឹង​ស្ថានភាព​លំបាកៗ ឬ​ខ្លាច​ថា​មិន​ទទួល​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​បានដូចពីមុន ពីព្រោះ​ខ្ញុំ​បាន​មើល​ឃើញ ហើយ​ដឹង​ថា​ព្រះ​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ—ទាំង​បំណងប្រាថ្នា​របស់ខ្ញុំ និង ‹ បើ​មិន​ដូច្នោះ​ទេ › របស់​ខ្ញុំ » ។

បទពិសោធន៍​របស់ សេឡេស្តេ ជួយ​ផ្ដល់​ជា​លំនាំ​មួយ​ដែល​អាច​ជួយ​យើង​ជាមួយ​នឹង​ការ​អធិស្ឋាន​របស់​យើង និង​ការខិតខំ​របស់​យើង​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​ជា​គោលការណ៍​នៃ​សកម្មភាព ។ សូម​ស្ដាប់​ឲ្យ​ច្បាស់​ថា សេចក្ដីជំនឿ​ពុំ​ដក​យក​សិទ្ធិ​ជ្រើសរើស​របស់​កូនចៅ ឬ​សិស្ស​របស់​យើង​នោះទេ ហើយ​វា​នឹង​ពុំ​ដកនូវ​ការ​សាកល្បង និង​ឧបសគ្គ​ទាំងអស់​ចេញ​ពីជីវិត​យើង​ដែរ ។ ប៉ុន្តែ​វា​អាច​ជួយ​យើង​ស៊ូទ្រាំ​បាន​ល្អ ហើយ​រៀន​ពី​ស្ថានភាព​លំបាកៗ​ទាំង​នោះ ។ វា​ក៏​នឹង​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​មើល​ទៅ​សិស្ស​របស់​យើង ( កូនចៅរបស់​យើង ) និង​របៀប​ដែល​យើង​អធិស្ឋាន​សម្រាប់​ពួកគេ​ផងដែរ ។ វា​នឹង​ផ្លាស់ប្ដូរ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​យើង​នៅក្នុង​ថ្នាក់​រៀន និង​ក្នុងផ្ទះ​របស់​យើង ។ វា​នឹង​ជួយ​យើង​ឈរ​ដោយ​ក្ដីសង្ឃឹម សុភមង្គល និង​សុទិដ្ឋិនិយម​នៅក្នុង​លោកិយ​ដ៏​ងងឹត​មួយ​នេះ ។ វា​នឹង​បង្កើត​ជា​ឱកាស​សម្រាប់​វិវរណៈ​ផ្ទាល់ខ្លួន ហើយ​នាំ​អំណាច​មក​ក្នុង​ការ​បង្រៀន​របស់​យើង ។ វា​នឹង​នាំ​ទីបន្ទាល់​របស់​យើង​ចាក់​ចូល​ទៅ​ក្នុង​ដួងចិត្ត​នៃ​អ្នកទាំងឡាយ​ដែល​យើង​ស្រឡាញ់ ។

សេចក្ដីជំនឿ​ពិត​លុប​បំបាត់​នូវ​ការដោះសា ។ វា​នាំ​ទៅរក​ការពិនិត្យ​ពិច័យ​លើ​ខ្លួនឯង ដែល​ដឹកនាំ​ទៅ​រក​ការ​ប្រែចិត្ត​ដោយ​ស្មោះ និង​ការរីកចម្រើន​ប្រកប​ដោយ​អត្ថន័យ ។ វា​ជម្រុញ​ឲ្យ​យើង​ចៀស​ផុត​ពី​អន្ទាក់​នៃ​ការ​រំពឹង​ថា​រកឃើញ​ដំណោះ​ស្រាយ​តែ​ពេល​ដែល​អ្នក​ដទៃ​ផ្លាស់ប្ដូរ ដូចជា​នៅពេល​យើង​និយាយ​រឿង​ដូចជា « ប្រសិន​បើ​មាន​ការ​ជួយ​គាំទ្រ​ច្រើន​មកពី​ឪពុក​ម្ដាយ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ នោះ​រឿង​នានា​នឹង​បានល្អ​ប្រសើរ​ជាង » ។ របៀប​នោះ​ពុំពឹង​ផ្អែក​ទៅលើ​ព្រះអង្គសង្គ្រោះ​នោះទេ ហេតុដូច្នោះ​ហើយ យើង​នឹង​ពុំ​ទទួល​បាន​ព្រះចេស្ដារ​ទ្រង់​នោះ​ទេ ។ វា​នឹង​ពុំ​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​ដែល​យើង​ត្រូវការ​នោះដែរ ។ យើង​មាន ហើយ​យើង​មាន​ល្មម​គ្រប់​គ្រាន់​ដើម្បី​សម្រេច​នូវកិច្ចការ​របស់​ព្រះអម្ចាស់ ប្រសិន​បើ​យើង​មាន​ជំនឿ​ល្មម​គ្រប់គ្រាន់​ដើម្បី​ទូល​សូម​ទ្រង់​ដោយ​ស្មោះ​ដើម្បី​ផ្លាស់ប្ដូរ​យើង ហើយ​សូន្យ​យើង​ឲ្យ​ក្លាយជា​ឧបករណ៍​នៅក្នុង​ព្រះហត្ថ​របស់​ទ្រង់ ។

រឿង​នេះ​ជា​ការ​ពិត​នៅពេល​យើង​មាន​អារម្មណ៍​ពុំល្អ​គ្រប់គ្រាន់ ហើយ​លើសលប់​នោះ ។ ខ្ញុំ​បាន​រៀន​មេរៀន​នេះ​កាល​ពី​យុវវ័យ​ពេល​កំពុង​រៀបចំ​ទៅ​បេសកកម្ម ។ ខ្ញុំ​តែងតែ​គិត​ថា​ខ្ញុំ​នឹង​បម្រើ ប៉ុន្តែ​នៅក្នុង​វ័យ​ក្មេង​ខ្ចី​របស់​ខ្ញុំ វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច ពេល​គិត​ពី​វា ។ ខ្ញុំ​ពុំ​ហាន​និយាយ​នៅ​ចំពោះ​មនុស្ស​ទេ ។ ខ្ញុំ​មាន​ម្ដាយ​មីង​ម្នាក់​ដែល​នៅ​តែ​និយាយ​ថា គាត់​មើល​ពុំ​ឃើញ​ភ្នែក​របស់​ខ្ញុំ​ទេ រហូត​ដល់​ខ្ញុំ​ពេញ​វ័យ ដោយសារ​តែ​ខ្ញុំ​ដើរ​ឈ្ងោក​មុខ​រហូត ។ នៅ​មធ្យម​សិក្សា​ខ្ញុំ​ទទួល​បាន​ពិន្ទុ D នៅក្នុង​ថ្នាក់​សម្ដែង ជា​ពិន្ទុ​បាន​ត្រឹម​តែ​មួយ​ជាប់ ។ ជា​ធម្មតា​ខ្ញុំ​ពុំ​ហ៊ាន​ឈរ​នៅ​ចំពោះ​មុខ​សិស្ស​ផ្សេងៗ​ក្នុង​ថ្នាក់ទេ ទោះជា​អាន​នាដកថា​ដែល​បាន​រៀបទុក ដោយ​គ្រូបង្រៀន​របស់​ខ្ញុំ​ក្ដី ។

បន្ទាប់ពី​ខ្ញុំ​បាន​ទទួល​ការ​ហៅ​បេសកកម្ម​របស់​ខ្ញុំ​ទៅ​ប្រទេស​ម៊ិកស៊ិក ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យ​និយាយ​នៅក្នុង​ការ​ប្រជុំ​ពិសេស​សម្រាប់​យុវវ័យ​ជាមួយ​នឹង​បងប្រុស​ខ្ញុំ ។ ខ្ញុំ​បាន​និយាយ​ប្រាំ​នាទី ហើយ​សល់​ប៉ុន្មាន​គាត់​និយាយ​ទាំងអស់ ។ ខ្ញុំ​ពុំគិត​ថា​វា​បំភ្លើស​ដែល​និយាយ​ថា ការ​និយាយ​របស់​ខ្ញុំ​នាពេល​នោះ​គឺជា​ការ​និយាយ​ដ៏​អាក្រក់​បំផុត​ដែល​ធ្លាប់​និយាយ​ក្នុង​ការប្រជុំ ឬ​ក្នុង​ព្រះវិហារ ។ នៅពេល​ការប្រជុំ​បញ្ចប់ មាន​យុវវ័យ​ជាច្រើន​បាន​តម្រង់​ជួរ​គ្នា​ចាប់ដៃ​បងប្រុស​ខ្ញុំ ។ មាន​ម្នាក់​បាន​ងាក​មក​ខ្ញុំ​ពី​ក្នុង​ជួរ​នោះ ហើយ​បាន​និយាយ​មក​ខ្ញុំ​ថា « អរគុណ ។ នោះ​គឺ​ជា​ការ​និយាយ​ដ៏​ល្អ » ។ ខ្ញុំ​គិត​ថា « អ្នក​ចិត្ត​ល្អ​ណាស់ ប៉ុន្តែ​អ្នក​និយាយ​កុហក​ទេ » ។ ខ្ញុំ​បាន​ត្រឡប់​ទៅផ្ទះ​ទាំង​បាក់​ទឹកចិត្ត ងឿង​ឆ្ងល់​ថា​តើ​ខ្ញុំ​អាច​បម្រើ​បេសកកម្ម​បាន​យ៉ាង​ណា​ទៅ ។ ខ្ញុំ​ពុំ​មាន​អារម្មណ៍​ថា​ចេះ​ល្មម​គ្រប់គ្រាន់​ដើម្បី​បង្រៀន​ដំណឹងល្អ​ជា​ភាសា​អង់គ្លេស​ផង ទំរាំ​ទៅ​បង្រៀន​ជា​ភាសា​អេស្ប៉ាញ​ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​រៀន​ទៀត​នោះ ។

ប៉ុន្មានថ្ងៃ​ក្រោយមក ដោយសារ​ខ្ញុំ​ចេះ​តែ​នៅ​មាន​អារម្មណ៍​នោះ​ដក់​ធ្ងន់​ក្នុង​ចិត្ត ខ្ញុំ​បាន​បើក​គម្ពីរ ហើយ​អាន​រឿង​របស់​ហេណុក ។ កាល​ហេណុក​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ហៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត ក្នុង​ខ ៣១ និយាយ​ថា « នោះ​គាត់​ក៏​ក្រាប​ខ្លួន​ទៅ​ដល់​ដី នៅ​ចំពោះ​ព្រះ​អម្ចាស់ ហើយ​ទូល​ចំពោះ​ព្រះអម្ចាស់ថា ៖ ហេតុអ្វី​បាន​ជា​ទូល​បង្គំ​ទទួល​ការ​ប្រណី​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​អង្គ ហើយ​ទូល​បង្គំ​គ្រាន់តែ​ជា​ក្មេង​តូច​មួយ ហើយ​ប្រជាជន ទាំង​អស់​គ្នា​ស្អប់​ទូល​បង្គំ ដ្បិត​ទូល​បង្គំ​មាន​មាត់​រឹង ម្ដេច​ឡើយ​ក៏​ទូល​បង្គំ​ជា​អ្នក​បម្រើ​ទ្រង់ » ? ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដោយ​ស្រទន់​តប​ទៅ​ហេណុក​ដែល​សង្ស័យ​លើ​ខ្លួន​ឯង ហើយ​ខ្វះ​ទំនុកចិត្ត​នៅក្នុងការ​ហៅ​បម្រើ​របស់​គាត់ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​នូវ​ចម្លើយ​អះអាង​ដ៏​ល្អ​ ដែល​មាន​នៅក្នុង​ខ ៣៤​ថា « មើល​ចុះ ព្រះវិញ្ញាណ​របស់​យើង​កំពុង​តែ​ស្ថិត​នៅ​លើ​អ្នក ហេតុដូច្នោះ​ហើយ គ្រប់​អស់ទាំង​ពាក្យ​សម្ដី​របស់​អ្នក យើង​នឹង​រាប់​ជាសុចរិត ហើយ​ភ្នំ​ទាំងឡាយ​នឹង​គេច​ចេញ​ពី​មុខ​អ្នក ហើយ​ទន្លេ​ទាំងឡាយ​នឹង​បែរចេញ​ពី​ដំណើរ​វា ហើយ​អ្នក​នឹង​នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុដូច្នោះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ » ។

ប៉ុន្តែ​ត្រូវ​បាន​បំផុសគំនិត​ដោយ​ពាក្យសម្ដី​ទាំងនោះ ទាំងភាព​ភ័យខ្លាច ការ​មិនប្រាកដ​ក្នុងខ្លួន និង​ការ​រៀបចំ​មិន​ល្អ​របស់​ខ្ញុំ​សម្រាប់​អ្វី​ដែល​នឹង​កើត​មាន​នៅ​ខាង​មុខ នោះ​ខ្ញុំ​បាន​ឡើង​ជិះ​យន្ដហោះ​ជា​លើក​ដំបូង​ក្នុង​ជីវិត ហោះ​ហើរ​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក​ដើម្បី​បម្រើ ។ នៅទីនោះ ខ្ញុំ​បាន​រៀន​ថា ប្រសិន​បើ​យើង​មាន​ឆន្ទៈ យើង​គឺ​ពិតជា​អាច​ដើរ​ជាមួយ​នឹង​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​រៀន​ថា អ្វី​ដែល​ប្រធាន អេសរ៉ា ថាហ្វ បែនសិន បាន​មាន​ប្រសាសន៍​គឺជា​ការ​ពិត ៖ « បុរស​ស្ត្រី​ដែល​បង្វែរ​ជីវិត​របស់​ពួកគេ​ទៅរក​ព្រះ នឹង​រកឃើញ​ថា​ទ្រង់​អាច​ធ្វើ​ឲ្យ​រឿង​ជាច្រើន​កើត​ចេញ​ពី​ជីវិត​របស់​ពួកគេ ជាជាង​ពួកគេ​ធ្វើ​ដោយ​ខ្លួន​ឯង » ។

ការអនុវត្ត​សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​នៃ​សកម្មភាព

ចេញ​មកពី​រឿង​របស់​ហេណុក ខ្ញុំ​ក៏​បាន​រៀន​អ្វី​មួយ​ផ្សេង​ទៀត​អំពី​សេចក្ដីជំនឿ ។ សូម​ស្ដាប់​ការ​ពិពណ៌នា​អំពី​អ្វី​ដែល​ប្រែក្លាយ​យុវជន​នេះ ដែល​និយាយ​យឺតៗ ហើយ​ដែល​មនុស្ស​ស្អប់​នោះ ។ ម៉ូសេ ៧:១៣អាន​ថា « ហើយ​សេចក្ដីជំនឿ​របស់​ហេណុក​គឺ​ធំ​ណាស់​ហ្ន៎ ដែល​គាត់​បាន​ដឹកនាំ​ប្រជាជន​នៃ​ព្រះ ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​គេ​បាន​មក​ធ្វើ​ចម្បាំង​ប្រឆាំង​នឹង​ពួកគេ ហើយ​គាត់​បាន​ពោល​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ហើយ​ផែនដី​ក៏​កក្រើក ហើយ​ភ្នំ​ទាំងឡាយ​រត់​ចេញ​គឺ​ស្របតាម​បញ្ជា​របស់​គាត់ ហើយ​ទន្លេ​ដែល​មាន​ទឹក​ទាំង​ប៉ុន្មាន​ត្រូវ​បាន​បែរ​ចេញ​ពី​ដំណើរ​វា ហើយ​សូរ​សិង្ហ​គ្រហឹម​បាន​ឮ​ចេញ​ពី​ទីរហោស្ថាន ហើយ​សាសន៍​ទាំងអស់​បាន​ភ័យ​ខ្លាច​ជា​ខ្លាំង ព្រោះ ពាក្យ​សម្ដី​ របស់​ហេណុក​មាន​អានុភាព​ណាស់ ហើយ​អំណាច​ខាង ភាសា នៃ​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​គាត់ នោះ​ធំ​ដ៏​ក្រៃលែង » ។១០ នោះ​ស្ដាប់​ទៅ​ពុំ​ដូចជា​ក្មេងប្រុស​ដែល​និយាយ​យឺតៗ​នោះ​ទេ ។ វា​ស្ដាប់​ទៅ​ដូចជា​បុរស​នៃ​សេចក្ដីជំនឿ ដែល​ដើរ​ជា​មួយ​ព្រះអម្ចាស់ បាន​រំកិល​ភ្នំ​ចេញ ។

ពេល​ខ្លះ យើង​ប្រើ​ឃ្លា « ដកការ​សន្ទនា » ឬ « ដក​ម្ជុល » តំណាង​ឲ្យ​ការ​កែលម្អ​ដែល​ចាំបាច់​តូចៗ ប៉ុន្តែ​ព្រះអម្ចាស់​ពុំ​បាន​អញ្ជើញ​យើង​ឲ្យ​ដក​ម្ជុល​នោះ​ទេ ។ ទ្រង់​បាន​អញ្ជើញ​យើង​ឲ្យ​រើ​ភ្នំ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « បើ​មាន​សេចក្តី​ជំនឿ ដូច​គ្រាប់​ពូជ​មួយ​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ទី​នោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ » ។១១

ជំនឿ​ដើម្បី​រំកិល​ភ្នំ​នេះ—ទោះជា​ភ្នំ​ទាំងនោះ​គឺ​ជា​ន័យ​ត្រង់ ឬ​ន័យ​ធៀប​ក្ដី—គឺ​ជា​សេចក្ដីជំនឿ​មួយ​កម្រិត​ទៀត ។ ដូចជា​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសុន បាន​បង្រៀន ៖

« [ មាន ] សេចក្ដីជំនឿ​មួយ​កម្រិត​ដែល​មាន​នូវ​ការ​អះអាង​ខាង​វិញ្ញាណ ហើយ​ដែល​បង្កើត​ជា​កិច្ចការ​ល្អ ជាពិសេស​បំផុត​នោះ ការ​គោរព​ប្រតិបត្តិ​ចំពោះ​គោលការណ៍ និង​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ នេះ​គឺ​ជា​សេចក្ដីជំនឿ​ពិត​ទៅលើ​ព្រះគ្រីស្ទ ។…

« ទោះ​ជាយ៉ាង​ណា​ក៏​ដោយ មាន​សេចក្ដីជំនឿ​មួយ​កម្រិត​ពុំ​គ្រាន់តែ​គ្រប់គ្រង​លើ​ឥរិយាបទ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ [ វា ] មាន​អំណាច​ដើម្បី​ផ្លាស់ប្ដូរ​យើង ហើយ​ធ្វើ​ឲ្យ​រឿង​ជាច្រើន​កើត​ឡើង ដែល​ពុំ​អាច​មាន​ផ្លូវ​ណា​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​កើត​ឡើង​[ ផង​ដែរ ] ។ ខ្ញុំ​និយាយ​អំពី សេចក្ដីជំនឿ គឺ​វា​ពុំ​គ្រាន់​តែ​ជា​គោលការណ៍​នៃ​សកម្មភាព ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា ជា​គោលការណ៍​នៃ​អំណាច​ផងដែរ » ។១២

នេះ​គឺជា​ប្រភេទ​សេចក្ដីជំនឿ​ដែល​បាន​ពិពណ៌នា​នៅក្នុង ហេព្រើរ ១១ ដែល​ត្រូវ​បាន​ប្រើ​ដោយ ហេណុក អ័ប្រាហាំ សារ៉ា និង​ម៉ូសេ ។ នេះ​គឺជា​សេចក្ដីជំនឿ​ដែល​ពួកព្យាការី « បាន​ឈ្នះ​នគរ​ដទៃ បាន​សម្រេច​ការ​សុចរិត បាន​ទទួល​សេចក្ដីសន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កម្លាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ… [ ហើយ​ដែល ] ពួក​ស្រីៗ​បាន​ទទួល​មនុស្ស​ស្លាប់​របស់​ខ្លួន​មក ដោយ​រស់​ពី​ស្លាប់​ឡើង​វិញ » ។១៣

នេះ​គឺជា​ប្រភេទ​ជំនឿ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​អេធើរ ១២ សំដៅ​ទៅ​លើ អាលម៉ា អាម៉ូលេក នីហ្វៃ លីហៃ និង​អាម៉ូន ។១៤ វា​គឺជា​សេចក្ដីជំនឿ​ដែល​បាន​បង្ហាញ​ដោយ « បង​របស់​យ៉ារ៉េឌ [ ដែល ] បាន​និយាយ​ទៅកាន់​ភ្នំ​ស៊ីរិន​ថា ចូរ​រើ​ចេញ—ហើយ​ភ្នំ​ក៏​រើ​ចេញ​ទៅ ។ ហើយ​បើ​សិនជា​លោក​ពុំ​មាន​សេចក្ដីជំនឿ​ទេ នោះ​ភ្នំ​ពុំ​រើ​ចេញ​ឡើយ » ។១៥ នៅ​ទីបំផុត « ហើយ​មាន​មនុស្ស​ជា​ច្រើន ដែល​មាន​សេចក្ដីជំនឿ​ដ៏​ខ្លាំង​ទាំង​មុន​ព្រះគ្រីស្ទ​ទ្រង់​យាង​មក​ម្ល៉េះ គេ​មិន​អាច​ត្រូវ​បិទបាំង​ពីក្នុង​វាំងនន​បាន​ទេ »—ហើយ​បន្ទាប់​មក​ស្ដាប់​ឃ្លានេះ— « តែ​ឃើញ​យ៉ាង​ពិត ដោយ​ភ្នែក​របស់​ពួកគេ​នូវ​ការណ៍​ទាំងឡាយ​ដែល​ពួកគេ​ធ្លាប់​បាន​ឃើញ ដោយ​ភ្នែក​នៃ​សេចក្ដីជំនឿ ហើយ​ពួកគេ​បាន​អររីករាយ » ។១៦

ទាំង​នេះ​គឺជា​ការ​បង្ហាញ​ដែល​គួរ​ឲ្យចងចាំ​ទាំងអស់​អំពី​សេចក្ដីជំនឿ​ជា​គោលការណ៍​នៃ​អំណាច ។ ប៉ុន្តែ​ឧទាហរណ៍​ពីមុន មាន​ភាពអស្ចារ្យ​ជា​ពិសេស​ចំពោះ​ខ្ញុំ ។ ដំបូង​ពួកគេ​មើល​ឃើញ​រឿង​ទាំង​នេះ​ដោយ​កែវភ្នែក​នៃ​សេចក្ដីជំនឿ ពី​មុន​ពួកគេ​មើល​ឃើញ​ដោយ​កែវភ្នែក​ខាង​សាច់ឈាម​របស់​ពួកគេ ។ មាន​ឧទាហរណ៍​ក្នុង​សម័យ​ទំនើប​ដ៏​សំខាន់​មួយ​អំពី​រឿង​នេះ​មកពី​ប្រធាន ព្រិកហាំ យ៉ង់ ។ នៅ​ពេល​សំដៅ​ទៅ​លើ​ទឹកដី​ដែល​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក​តាំង​នៅ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មិន​សូវ​បាន​និយាយ​ច្រើន​អំពី​វិវរណៈ ឬ​ការនិមិត្ត​ទេ ប៉ុន្តែ​វា​ល្មម​គ្រប់គ្រាន់​ដើម្បី​និយាយ​ថា… ខ្ញុំធ្លាប់​នៅទីនេះ ហើយ​បាន​ឃើញ​ព្រះវិហារ​បរិសុទ្ធ​ជា​វិញ្ញាណ ។…ខ្ញុំ​ពុំ​ធ្លាប់​មើល​ទៅ​ទឹកដី​នោះ​ទេ ប៉ុន្តែ​មាន​ការ​និមិត្ត​អំពី​វា​នៅ​ទីនោះ » ។១៧

ដើម្បី​មាន​ការនិមិត្ត​អំពី​អ្វី​ដែល​អាច​កើត​មាន​ឡើង អំពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ គឺ​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​ការអនុវត្ត​សេចក្ដីជំនឿ ដែល​ជា​គោលការណ៍​នៃ​អំណាច ។

តើ​យើង​អាច​មើល​ឃើញ​អព្ភូតហេតុ ដែល​យើង​ត្រូវការ​ដោយ​កែវភ្នែក​នៃ​សេចក្ដីជំនឿ​របស់​យើង​ឬ​ទេ ? តើអ្នក​អាច​មើល​ឃើញ​ខ្លួន​អ្នក​កំពុង​បង្រៀន​នៅក្នុង​ថ្នាក់​ដែល​ទុកចិត្ត​ខ្លាំង​ទៅលើ​ព្រះអម្ចាស់ ព្រះបន្ទូល​របស់​ទ្រង់ និង​សិស្ស​របស់​អ្នក​ឬ​ទេ ? តើ​អ្នក​អាច​មើល​ឃើញ​សិស្ស​របស់​អ្នក​ចាក​ចេញ​ពី​ថ្នាក់​រៀន​ទៅ​កាន់តែ​មាន​ការ​ពឹង​ផ្អែក​ទៅលើ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន កាន់តែ​ទប់ទល់​នឹង​អំពើបាប ហើយ​កាន់តែ​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​នូវ​អ្វី​ទាំងអស់​ដែល​ព្រះអម្ចាស់​កំពុង​សុំ​ពី​ពួកគេ​ដែរ​ឬ​ទេ ? ហើយ​តើ​អ្នក​អាច​មើល​ដោយ​កែវភ្នែក​នៃ​សេចក្ដីជំនឿ​របស់​អ្នក ឃើញ​មនុស្ស​វ័យក្មេង​កាន់តែ​ច្រើន ទាំង​សមាជិក និង​ពុំ​មែនជា​សមាជិក ឆ្លើយតប​ចំពោះ​ការ​អញ្ជើញ​របស់​យើង​ឲ្យ​មក ហើយ​ចូលរួម​នៅក្នុង​អព្ភូតហេតុ​នេះ​ឬទេ ? តើ​ព្រះអម្ចាស់​អាច​ធ្វើ​អ្វីខ្លះ ប្រសិន​បើ​យើង​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង​ជារួម ទាំង​ជា​គោលការណ៍​នៃ​សកម្មភាព និង​ជា​គោលការណ៍​នៃ​អំណាច ?

« ព្រះយេហូវ៉ា​គង់​នៅ​ខាង​យើង​រាល់​គ្នា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ » ។

ពីមុន​ខ្ញុំ​បញ្ចប់ ខ្ញុំ​ចង់​ចែកចាយ​ឧទាហរណ៍​ចុង​ក្រោយគេ​មួយ ។ នៅ​ក្នុង​ការិយាល័យ​របស់​ខ្ញុំ ខ្ញុំ​មាន​រូប​ចម្លាក់​ដើម​អូលីវ​ធ្វើ​ពីឈើ ដែល​បង្ហាញ​ពី​ដំណើរ​រឿង​ក្នុង​បទគម្ពីរ​ដែល​ខ្ញុំ​ចូលចិត្ត ហើយ​វាជា​ការ​រំឭក​ដល់​ខ្ញុំ​ជាប្រចាំ​អំពី​តម្រូវ​ការ​ដើម្បី​មាន​សេចក្ដី​ជំនឿ ។ វា​គឺជា​ការ​បរិយាយ​អំពី​កាលែប និង​យ៉ូស្វេ ដែល​ត្រូវ​បាន​ចាត់​ដោយ​ម៉ូសេ ឲ្យ​ទៅ​ស្វែងរក​ដែនដី​កាណាន ព្រម​ជាមួយ​នឹង​បុរស ១០ នាក់​ផ្សេង​ទៀត រួច​ហើយ​ត្រឡប់​មក​វិញ​ដើម្បី​រាយការណ៍ ។ បុរស ១០ នាក់​នោះ​បាន​ត្រឡប់​មក​វិញ​ហើយ​និយាយ​ថា « មនុស្ស​នៅ​ស្រុក​នោះ គេ​ខ្លាំង​ពូកែ​ណាស់ ទីក្រុង​របស់​គេ​មាន​កំផែង ហើយ​ក៏​ធំ​ណាស់​ផង » ។១៨

ឯ​កាលែប លោក ឲ្យ បណ្តាជន នៅ ស្ងៀម ចំពោះ មុខ ម៉ូសេ រួច និយាយ ថា ចូរ យើង ឡើង ទៅ ចាប់ យក ស្រុក នោះ ជា ប្រញាប់ កុំ ខាន ដ្បិត យើង អាច នឹង យក បាន ដោយ ស្រួល ។

« ប៉ុន្តែ​មនុស្ស​ដែល​បាន​ឡើង​ទៅ​ជា​មួយ​គ្នា គេ​ប្រកែក​ថា​យើង​ពុំ​អាច​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​យើង​ណាស់ » ។១៩

ដោយ​សារ​តែ​ការ​ខ្វះ​សេចក្ដីជំនឿ​របស់​ពួកគេ « បាន​បង្កបង្កើត​រឿង​អាក្រក់​ពី​ស្រុក…នោះ ដោយ​ប្រាប់​… ថា​មនុស្ស​ដែល​យើង​ឃើញ​ទាំង​ប៉ុន្មាន ក៏​សុទ្ធ​តែ​មាន​មាឌ​ធំៗ… យើង​មើល​ទៅ​ខ្លួន​យើង​ដូចជា​កណ្ដូប » ។២០

ប៉ុន្តែ​យ៉ូស្វេ និងកាលែប បាន​តបថា « ព្រះយេហូវ៉ា​គង់​នៅ​ខាង​យើង​រាល់​គ្នា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ » ។២១

ប៉ុន្តែ​មនុស្ស​ដែល​ដូចជា​អ្នកនាំសារ​ទាំង ១០ នាក់​ដែល​គ្មាន​ជំនឿ​នោះ ពុំ​អាច​មើល​ឃើញ​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ធ្វើ​ទេ ហើយ​នឹង​មិន​ធ្វើ​តាម​យ៉ូស្វេ និង​កាលែប​ដែរ ។ ដោយសារ​តែ​ការ​ខ្វះសេចក្ដី​ជំនឿ​នេះ មនុស្ស​បាន​ដើរ​វង្វេង​នៅក្នុង​ទីរហោស្ថាន​អស់ ៣៩ ឆ្នាំ​ទៀត ។ មក​ពី​ក្រុម​ដើម​នោះ មាន​តែ​យ៉ូស្វេ និង​កាលែប​ប៉ុណ្ណោះ ដែល​នៅ​រស់រាន​មាន​ជីវិត ហើយ​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​ដែនដី​សន្យា ។ អ្នក​អាច​នៅ​ចាំ​ពាក្យ​ដ៏​ល្បី​របស់​កាលែប នៅពេល​គាត់ និង​យ៉ូស្វេ ឈរ​ចំពោះ​មុខ​ភ្នំ​ហេប្រុន ជា​កន្លែង​ដែល​ពួកគេ​ស្វែងរក​ជា​ច្រើន​ឆ្នាំ​មុន​មក​នោះ ។ កាលែប​បាន​និយាយ​ថា ៖

« សព្វ​ថ្ងៃ​នេះ​ខ្ញុំ​នៅ​តែ​មាន​កំឡាំង ដូច​ក្នុង​កាល​ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​នៅ​ឡើយ ។…

« ដូច្នេះ​សូម​ឲ្យ​ស្រុក​ភ្នំ​នេះ ដែល​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​នៅ​គ្រា​នោះ​មក​ខ្ញុំ​ចុះ » ។២២

ដោយសារ​តែ​សេចក្ដីជំនឿ​នេះ គាត់ និង​គ្រួសារ​គាត់​រាប់​ជំនាន់​បាន​គ្រង​ភ្នំ​របស់​គាត់​នៅ​លើ​ដែនដី​សន្យា ។

មាន​បញ្ហា​ជា​ច្រើន​នៅ​ខាង​មុខ ។ យើង​អាច​ត្រូវ​បាន​ល្បួង​ឲ្យ​មាន​ការ​សង្ស័យ ហើយ​នាំ​របាយការណ៍​អាក្រក់​ដែល​ពេញ​ដោយភាព​ភ័យខ្លាច និង​ការសង្ស័យ​មក​វិញ ។ ការខ្វះ​ទំនុក​ចិត្ត​ទៅលើ​ព្រះអម្ចាស់​នឹង​ពុំ​នាំ​យើង​ទៅដល់​ដែនដី​សន្យា​ឡើយ ។ ដូចជា​កាលែប និង​យ៉ូស្វេ យើង​ត្រូវ​តែ​បណ្ដេញ​សេចក្ដីភ័យ​ខ្លាច​យើង​ចេញ ហើយ​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង​ដើម្បី​ប្រកាស​ពរជ័យ​ដែល​ទ្រង់​រង់ចាំ​ប្រទាន​ឲ្យ​យើង ។ យើង​ត្រូវ​តែ​មើល​គ្រប់​ឧបសគ្គ និង​ការ​សាកល្បង​នៅក្នុង​ជីវិត​របស់​យើង​ថា​ជា​ឱកាស​ដើម្បី​ចាក់​ឬស​សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​ព្រះអម្ចាស់ អាច​នឹង​ធ្វើ​អ្វីខ្លះ ប្រសិន​បើ​យើង​ជំនួស​ភាពភ័យខ្លាច និង​ការ​សង្ស័យ​ជាមួយ​នឹង​ក្ដីសង្ឃឹម និង​ក្ដីជំនឿ​នោះ ? ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​មិន​ត្រឹមតែ​ដក​ម្ចុល​ចេញ​ទេ ប៉ុន្តែ​ថែមទាំង​ដក​ភ្នំ​ចេញ​ផង—ដើម្បី​ឲ្យ​អព្ភូតហេតុ​ទាំងឡាយ នឹង​កើត​ឡើង​នៅក្នុង​ជីវិត​នៃ​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ ។ ខណៈ​ដែល​សេចក្ដីជំនឿ​របស់​យើង​កើតឡើង នោះ​សេចក្ដីជំនឿ​របស់​មនុស្ស​ទាំងឡាយ​ដែល​យើង​បង្រៀន​ក៏​នឹង​កើន​ឡើង​ដែរ ។ ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​របស់​យើង​នឹង​ប្រទានពរ​ដល់​អ្នក ហើយ​ទ្រង់​នឹង​ប្រទានពរ​ដល់​សិស្ស​របស់​យើង នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះរាជបុត្រា​ជា​ទីស្រឡាញ់ និង​ឥតខ្ចោះ​របស់​ទ្រង់ ជា​ព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ និង​អង្គ​រំដោះ​ពិភលោក​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ដាល្លិន អេក អូក « Challenges to the Mission of Brigham Young University » ( BYU Leadership Conference ថ្ងៃទី ២១ ខែ​មេសា ឆ្នាំ ២០១៧ » ទំព័រ ៨ ។

  2. Lectures on Faith( ឆ្នាំ ១៩៨៥) ទំព័រ ៣៨; the Lectures on Faithត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្យាការី​យ៉ូសែប ស្ម៊ធី ។

  3. សេចក្ដីជំនឿ គឺជា​អំណោយទាន​មួយ​ដែល​ព្រះ​បាន​ប្រទាន ប្រៀបដូចជា​រង្វាន់​មួយ​សម្រាប់​ភាពសុចរិត​ផ្ទាល់ខ្លួន​ដូច្នោះ​ដែរ ។ វា​តែងតែ​ត្រូវបាន​ប្រទាន​មក នៅពេល​ដែល​សេចក្ដីសុចរិត​កើតមាន ហើយ​កាលណា​ការគោរព​តាម​ច្បាប់​របស់​ព្រះ​កាន់តែ​ខ្លាំង នោះ​ការប្រសិទ្ធពរ​ដល់​សេចក្ដីជំនឿ​កាន់តែ​ធំ​ឡើង » ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Mormon Doctrine,បាន​កែសម្រួល​លើកទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២៦៤ ) ។

  4. រ័សុល អិម ណិលសុន «Drawing the Power of Jesus Christ into Our Lives» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩ ។

  5. Bible Dictionary, “Prayer.”

  6. Celeste Davis «How to Pray in a Way God Can Answer » ថ្ងៃ​ទី ១២ ខែ មេសា ឆ្នាំ ២០១៦ blog.lds.org ។

  7. ម៉ូសេ ៦:៣១ ។

  8. ម៉ូសេ ៦:៣៤ ។

  9. អេសរ៉ា ថាហ្វ បែនសិន « Jesus Christ—Gifts and Expectations »Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ៤ ។

  10. ម៉ូសេ ១:១៣ ការគូសបញ្ជាក់​បាន​បន្ថែម ។

  11. ម៉ាថាយ ១៧:២០ ។

  12. ឌី ថត គ្រីស្តូហ្វឺសិន «Building Faith in Christ» Ensign ខែ កញ្ញា ឆ្នាំ ២០១២ ទំព័រ ៥៥ សូម​មើល​ផងដែរ​មរ៉ូណៃ ៧:៣៣ ។

  13. ហេព្រើរ ១១:៣៣-៣៥ ។

  14. សូម​មើល អេធើរ ១២:១៣–១៥ ។

  15. អេធើរ ១២:៣០ ។

  16. អេធើរ ១២:១៩ ។

  17. ព្រិកហាំ យ៉ង់ « Minutes of the General Conference » Deseret News ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៨៥៣ ទំព័រ ១៥០ ។

  18. ជនគណនា ១៣:២៨ ។

  19. ជនគណនា ១៣:៣០–៣១ ។

  20. ជនគណនា ១៣:៣២–៣៣ ។

  21. ជនគណនា ១៤:៩ ។

  22. យ៉ូស្វេ ១៤:១១-១២ ។