![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F57%2Fff%2F57ff38cede608f06bda5ba25738bb276326b5ba4%2F57ff38cede608f06bda5ba25738bb276326b5ba4.jpeg/full/!250,/0/default)
ការផ្លាស់ប្រែចិត្តជឿរបស់កូនចៅព្រះ
ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនាប្រចាំឆ្នាំ • ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧
ខ្ញុំរំភើបចិត្តណាស់ដែលបានចូលរួមក្នុងការចាក់ផ្សាយធម្មនិដ្ឋាននាថ្ងៃនេះជាមួយនឹងបងប្អូនដែលដឹកនាំ និងបង្រៀននៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា និងដៃគូជាទីស្រឡាញ់របស់បងប្អូន ។ ពួកយើងបានជួបនឹងបងប្អូនជាច្រើននៅទូទាំងពិភពលោក ហើយបងប្អូនគឺអស្ចារ្យណាស់ ។ ខ្ញុំជឿថាមានមូលហេតុខ្លះៗអំពីរឿងនោះ ។ ទីមួយ សាសនាចក្រពុំគ្រាន់តែរើសបុគ្គលដែលមានសមត្ថភាព ដែលសក្ដិសមមានបណ្ណចូលព្រះវិហារបរិសុទ្ធប៉ុណ្ណោះទេប៉ុន្ដែក៏ត្រូវមានសមត្ថភាពបង្រៀន ហើយត្រូវបានចេញអនុសាសន៍ និងអនុម័តមកពីកម្រិតផ្សេងៗរួមទាំងដោយក្រុមប្រឹក្សាអប់រំផងដែរ ។ បងប្អូនដែលជាគ្រូបង្រៀនត្រូវបានហៅដោយវួដ អាចនឹងពុំមានការវាយតម្លៃដូចគ្នានឹងបុគ្គលិកក្នុងសាសនាចក្រនោះទេ ប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំ ពួកអ្នកដឹកនាំក្នុងមូលដ្ឋានហៅអ្នកដែលល្អបំផុតឲ្យបង្រៀននៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។ ទីពីរ បងប្អូនជ្រមុជខ្លួនទៅក្នុងគោលលទ្ធិនៃព្រះគ្រីស្ទ ដែលនីហ្វៃប្រកាសថាជា « គឺជាគោលលទ្ធិតែមួយ ហើយពិតនៃព្រះវរបិតា និងព្រះរាជបុត្រា ហើយនឹងព្រះវិញ្ញាណបរិសុទ្ធ » ។១ ការបង្រៀនគោលលទ្ធិនេះ ផ្ដល់នូវការលើកទឹកចិត្តឲ្យរស់នៅតាមគោលលទ្ធិនេះជានិច្ច ហើយនោះជាហេតុផលដែលបងប្អូនល្អខ្លាំងណាស់ ។ សូមបន្ដធ្វើដូច្នោះ !
យើងគឺជាគ្រួសារថ្នាក់សិក្ខាសាលា ! ខ្ញុំត្រូវបានហៅឲ្យធ្វើជាប្រធានស្ដេក ហូណូលូលូ រដ្ឋហាវ៉ៃ កាលពី ៣២ ឆ្នាំកន្លងទៅ ។ កាលនោះកូនពៅរបស់យើងមានអាយុ ១៨ ខែ ហើយកូនច្បងក្នុងចំណោមកូនទាំងបួននាក់របស់យើងមានអាយុ ១១ ឆ្នាំ ។ ខ្ញុំជាប់រវល់ក្នុងអាជីពដ៏មមាញឹក ហើយវាហាក់ដូចជាយើងពុំអាចធ្វើអ្វីផ្សេងទៀតបាន ។ បន្ទាប់មក អ្នកសម្របសម្រួលថ្នាក់សិក្ខាសាលាស្ដេករបស់យើងបានមកជួបខ្ញុំ ហើយសុំដោយស្ទាក់ស្ទើរ ពីព្រោះតែស្ថានភាពគ្រួសារយើងនៅក្មេងខ្ចី ថា « តើលោកគិតថា អាចទៅរួចទេ បើស៊ីស្ទើរ ហលស្ត្រម អាច បង្រៀនថ្នាក់សិក្ខាសាលានោះ ? » មែនហើយ យើងពុំទម្លាប់បដិសេធការហៅបម្រើទេ ដូច្នោះពួកយើងបានដកដង្ហើមធំ ហើយឆ្លើយថា « បាន » ។
រឿងនោះបានចាប់ផ្ដើមជាពេលមួយដែលមានតម្រូវការខ្លាំង ប៉ុន្តែក៏ជាគ្រាដ៏មានរង្វាន់ដ៏ធំសម្រាប់គ្រួសាររបស់យើងផងដែរ ។ ភរិយារបស់ខ្ញុំ ឌាយអាន បានក្រោកឡើងនៅម៉ោង ៤:៣០ ព្រឹករាល់ថ្ងៃដើម្បីរៀបចំសម្រាប់ថ្នាក់សិក្ខាសាលានៅម៉ោង ៦:០០ ព្រឹក ។ វាក៏តម្រូវឲ្យខ្ញុំដាស់កូនៗ ជួយងូតទឹក ហើយស្លៀកពាក់ឲ្យពួកគេ រៀបចំអាហារពេលព្រឹក និងត្រៀមអ្វីៗផ្សេងទៀត ឲ្យរួចរាល់ ពេលដែល ឌាយអាន មកដល់ផ្ទះវិញនៅម៉ោង ៧:០០ ព្រឹក ។ ខ្ញុំអាចចេញទៅធ្វើការ ហើយគាត់អាចនាំកូនធំៗទៅសាលារៀន ។
វាបានក្លាយជាទម្លាប់របស់យើងអស់រយៈពេលប្រាំបីឆ្នាំ រហូតដល់ ឌាយអាន ត្រូវបានហៅជាប្រធានយុវនារី ។ រយៈពេលប្រាំឆ្នាំក្រោយមក អ្នកសម្របសម្រួលថ្នាក់សិក្ខាសាលាបានមកគោះទ្វាររបស់យើងម្ដងទៀត ដោយអង្វរថា « ពួកយើងមានបញ្ហាលំបាកខ្លាំងជាមួយនឹងថ្នាក់មនុស្សធំ តើស៊ីស្ទើរហលស្ត្រមអាចបង្រៀនថ្នាក់សិក្ខាសាលាម្ដងទៀតបានឬទេ ? » ដូច្នេះរយៈពេលបីឆ្នាំទៀតត្រូវបានបន្ថែមទៅលើរយៈពេលប្រាំបីឆ្នាំនោះ ហើយវាទាល់តែប្រធានហ៊ីងគ្លីហៅគាត់ឲ្យបម្រើ ទើបគាត់ត្រូវបានដោះលែងពីគ្រូថ្នាក់សិក្ខាសាលា ។ ខ្ញុំត្រូវបានហៅជាអ្នកមានសិទ្ធិអំណាចទូទៅមួយរូប ហើយពួកយើងត្រូវបានបញ្ជូនឲ្យទៅប្រទេសជប៉ុន ជាកិច្ចចាត់តាំងដំបូងរបស់ពួកយើង ។ ដូច្នេះបងប្អូនដែលជាគ្រូបង្រៀនត្រូវបានហៅ ចូរប្រយ័ត្នកុំសង្ឃឹមថាត្រូវបានដោះលែងឡើយ—បងប្អូននឹងមិនដឹងថាវានឹងទៅជាយ៉ាងណានោះទេ !
មែនហើយ យើងក្រឡេកមើលទៅគ្រាដ៏លំបាក ចលាចល រញ៉េរញ៉ៃនោះដោយក្ដីរីករាយ និងអំណរគុណ ។ ឌាយអាន ពិតជាស្រឡាញ់សិស្សថ្នាក់សិក្ខាសាលារបស់នាងណាស់ ( ហើយពួកគេក៏ស្រឡាញ់នាងដែរ ) ។ នាងក៏បានបង្រៀនកូនៗរបស់យើងក្នុងថ្នាក់សិក្ខាសាលាផងដែរ ហើយនឹងក្មួយប្រុសក្មួយស្រីរបស់យើង ដែលឥឡូវមានម្នាក់ជានាយកថ្នាក់វិទ្យាស្ថាន ហើយខ្ញុំសង្ឃឹមថា គាត់ចូលរួមក្នុងការចាក់ផ្សាយនេះ ។ បន្ថែមលើនោះ ការបង្រៀនដ៏ខ្លាំងនេះបានជួយឲ្យចំណេះដឹងខាងដំណឹងល្អ និងទីបន្ទាល់របស់ ឌាយអាន កាន់តែស៊ីជម្រៅ—ជាអ្វីដែលមានប្រយោជន៍ដល់ខ្ញុំ និងគ្រួសារយើងយ៉ាងខ្លាំង ។ វាក៏ « អនុញ្ញាត » ឲ្យខ្ញុំនៅជាមួយកូនៗរបស់យើង ជាពេលតែមួយគត់ដែលខ្ញុំមានជាប្រចាំ—គឺពេលព្រឹកព្រលឹមរាល់ថ្ងៃនោះ ។ នោះគឺជាពរជ័យដ៏សំខាន់មួយចំពោះខ្ញុំ ហើយខ្ញុំជឿថាក៏ចំពោះកូនៗយើងផងដែរ ។ ដូច្នេះ បងប្អូនឃើញទេ បន្ទុកដ៏ធំបំផុតមួយចំនួនរបស់យើងពិតជាក្លាយទៅជាពរជ័យដ៏មហិមាបំផុតរបស់យើង ។
នៅថ្ងៃនេះ ខ្ញុំរីករាយដើម្បីនៅជាមួយនឹងបងប្អូនសហការីដែលខ្ញុំគោរពដ៏ខ្ពង់ខ្ពស់ ។ ក្នុងនាមជាសមាជិកម្នាក់នៃក្រុមប្រឹក្សាអប់រំ និងគណៈកម្មការប្រតិបត្តិនៃក្រុមប្រឹក្សា ខ្ញុំជួបនឹងអែលឌើរ គីម ប៊ី ក្លាក ពីរដងរៀងរាល់ខែ លោកជាអភិបាលដ៏ល្អរបស់យើង ហើយ ឆាត អេច វិប ដែលជាអ្នកគ្រប់គ្រងដ៏ល្អនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ។ បងប្អូនដែលធ្វើការ ឬបម្រើក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានគឺត្រូវបានដឹកនាំយ៉ាងល្អ ។ ដូចបងប្អូនភាគច្រើនបានដឹងហើយ ក្រុមប្រឹក្សាអប់រំសាសនាចក្រ មានប្រធាន ថូម៉ាស អេស ម៉នសុន ជាប្រធាន ហើយប្រធាន ហិនរី ប៊ី អាវរិង និង ប្រធាន ឌៀថើរ អេហ្វ ដុហ្វ ។ អែលឌើរ ដាល្លិន អេក អូក ក៏ជាសមាជិកនៃក្រុមប្រឹក្សាមួយរូបដែរ និងជាប្រធានគណៈកម្មការប្រតិបត្តិ ។ សមាជិកបន្ថែមនៃក្រុមប្រឹក្សា និងគណៈកម្មការប្រតិបត្តិមានអែលឌើរ ជែហ្វ្រី អ័រ ហូឡិន, ស៊ីស្ទើរ ជេន ប៊ី ប៊ីងហាំ និង ស៊ីស្ទើរ បូនី អិល អូស្ការសុន ។ ខ្ញុំនៅតែអស្ចារ្យអំពីអាទិភាព និងធនធាននានាដែលបានផ្ដល់ទៅឲ្យការអប់រំនៅក្នុងសាសនាចក្រ ។
ឥឡូវខ្ញុំចង់ចែកចាយគំនិតខ្លះៗជាមួយបងប្អូនដែលមានតួនាទីដ៏សំខាន់មួយនៅក្នុងការអប់រំខាងវិញ្ញាណដល់យុវវ័យក្នុងសាសនាចក្រ ។ ខ្ញុំបានយោងទៅគោលលទ្ធិនៃព្រះគ្រីស្ទដ៏អស្ចារ្យរួចហើយ ។ តើសាសនាចក្រនេះជួយដល់សមាជិកឲ្យយល់ និងរស់នៅតាមគោលលទ្ធិនេះយ៉ាងដូចម្ដេច ? របៀបមួយទៀតក្នុងការសួរសំណួរនេះគឺថា « តើអាទិភាពរបស់ពួកសាវកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានអ្វីខ្លះ ? »
របៀបមួយដើម្បីរៀនអំពីអាទិភាពទាំងនេះ គឺត្រូវយល់ពី « កិច្ចការនៃសេចក្តីសង្រ្គោះ » ។ និយមន័យដ៏ច្បាស់បំផុតនៃ កិច្ចការនៃសេចក្តីសង្រ្គោះ គឺនៅក្នុង ក្បួនខ្នាតភាគ ២ ។ សូមចងចាំថា ក្បួនខ្នាតសាសនាចក្រត្រូវបានអនុម័តដោយគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ វាចែង ៖ « សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានបញ្ជូនចេញទៅ ‹ ដើម្បីធ្វើការងារនៅក្នុងចម្ការទំពាំងបាយជូររបស់ទ្រង់សម្រាប់សេចក្តីសង្គ្រោះដល់ព្រលឹងនៃមនុស្សលោក › ( គ. និង ស. ១៣៨:៥៦) ។ កិច្ចការនៃសេចក្ដីសង្គ្រោះនេះរួមមានកិច្ចការផ្សព្វផ្សាយសាសនារបស់សមាជិក ការថែរក្សាអ្នកផ្លាស់ប្រែចិត្តជឿ ការធ្វើឲ្យសមាជិកមិនសូវសកម្មឲ្យសកម្មឡើងវិញ កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងការបង្រៀនដំណឹងល្អ » ។២
គំនិតយោបល់ផ្សេងទៀតនៅក្នុងអាទិភាពទាំងនេះ គឺសេចក្ដីថ្លែងនៅក្នុងក្បួនខ្នាតសាសនាចក្រនៅក្រោមចំណងជើងថា « គោលបំណងនៃសាសនាចក្រ » ។ វាអាន ៖ « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានរៀបចំឡើងដោយព្រះដើម្បីជួយដល់កិច្ចការរបស់ទ្រង់ នៅក្នុងការនាំមកនូវសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងដល់កូនចៅរបស់ទ្រង់ ។ សាសនាចក្រអញ្ជើញមនុស្សទាំងអស់ឲ្យ ‹ មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះក្នុងទ្រង់ › (មរ៉ូណៃ ១០:៣២ សូមមើលផងដែរ គ. និង ស. ២០:៥៩) ។ ការអញ្ជើញឲ្យមករកព្រះគ្រីស្ទមានចំពោះអ្នកទាំងអស់ដែលបានរស់នៅ ឬដែលនឹងរស់នៅលើផែនដីនេះ » ។៣
ក្បួនខ្នាតនេះចែងបន្ថែមទៀតថា « នៅក្នុងការបំពេញគោលបំណងរបស់សាសនាចក្រ ដើម្បីជួយដល់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារឲ្យមានលក្ខណៈសម្បត្តិទទួលបានភាពតម្កើងឡើង នោះសាសនាចក្រផ្ដោតទៅលើការទទួលខុសត្រូវ ដែលបានចាត់តាំងដ៏ទេវភាព ។ ការទទួលខុសត្រូវទាំងនេះ រួមមាន ការជួយដល់សមាជិកឲ្យរស់នៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ការប្រមូលពួកសាសន៍អ៊ីស្រាអែល តាមរយៈកិច្ចការផ្សព្វផ្សាយសាសនា ការមើលថែដល់ជនទ័លក្រ និងជនទុរគត៌ និងការធ្វើឲ្យមរណជនទទួលបានសេចក្ដីសង្គ្រោះ តាមរយៈការសាងសង់ព្រះវិហារបរិសុទ្ធ និងការធ្វើពិធីបរិសុទ្ធជំនួសទាំងឡាយ » ។៤
ហេតុដូច្នោះ « កិច្ចការនៃសេចក្ដីសង្គ្រោះ » និង « ការទទួលខុសត្រូវដែលបានចាត់តាំងដ៏ទេវភាព » ទាំងនេះមានសារសំខាន់ដូចគ្នា ហើយគួរតែដឹកនាំអ្វីៗគ្រប់យ៉ាងដែលយើងធ្វើនៅក្នុងសាសនាចក្រ រួមទាំង ( ប្រហែលជាពិសេស ) ការបង្រៀនយុវវ័យរបស់យើង ។
ទីបំផុត អ្វីៗគ្រប់យ៉ាងដែលយើងធ្វើ—សម្រាប់ខ្លួនយើង គ្រួសារយើង និងតំណែងបច្ចុប្បន្នរបស់បងប្អូន—គឺដើម្បីបង្រៀន « កិច្ចការនៃសេចក្តីសង្រ្គោះ » និង « ការទទួលខុសត្រូវ ដែលបានចាត់តាំងដ៏ទេវភាព » ដើម្បីជួយនៅក្នុងការផ្លាស់ប្រែចិត្តជឿនៃបុត្រា និងបុត្រីទាំងឡាយរបស់ព្រះ ។ គឺត្រូវបង្រៀនដូចជា អើរ៉ុន និងបងប្អូនប្រុសរបស់គាត់ អាំម៉ូន អុមើរ និងអោមណៃ—ដើម្បីបង្រៀន « ស្របតាមវិញ្ញាណនៃវិវរណៈ និងវិញ្ញាណនៃការព្យាករណ៍ និងព្រះចេស្ដានៃព្រះ » ដើម្បីឲ្យអ្នកណាដែលជឿ « តាមការផ្សាយរបស់ [ បងប្អូន ] ហើយបានប្រែចិត្តជឿដល់ព្រះអម្ចាស់ នោះ [ នឹង ] ពុំបោះបង់ចោល…ឡើយ » ។៥
ដូចដែលគណៈប្រធានទីមួយបានថ្លែងទៅកាន់ឪពុកម្ដាយ និងអ្នកដឹកនាំយុវវ័យថា « អ្នកត្រូវបានហៅដោយព្រះអម្ចាស់ដើម្បីជួយយុវវ័យឲ្យប្រែចិត្តជឿទៅលើដំណឹងល្អ » ។៦ តាមរយៈការធ្វើតាមរបៀបដែលព្រះអង្គសង្គ្រោះបានបង្រៀន នោះយើងមានទំនុកចិត្តថា យុវវ័យរបស់យើងនឹងរៀនបានកាន់តែជ្រៅជ្រះបន្ថែម ដែលនឹងនាំទៅរកការផ្លាស់ប្រែចិត្តជឿ ។
ហេតុដូច្នេះ ការអប់រំយុវវ័យរបស់យើងគឺពុំគ្រាន់តែបង្រៀនពួកគេអំពីប្រវត្តិសាស្ត្រទេ តែក៏បង្រៀនពួកគេអំពីគោលលទ្ធិដែលបំផុសគំនិតពួកគេឲ្យធ្វើសកម្មភាពផងដែរ ។ តួនាទីរបស់យើងគឺត្រូវ « ទៅជាគ្រឿងឧបករណ៍មួយនៅក្នុងព្រះហស្តនៃព្រះ » ៧ ដើម្បីកុំឲ្យពួកគេគ្រាន់តែស្ដាប់ឮប៉ុណ្ណោះទេ ប៉ុន្តែឲ្យពួកគេក៏អាចទទួលអារម្មណ៍ដឹង បន្ទាប់មកពួកគេអាច ធ្វើវាផងដែរ ។ តួនាទីរបស់យើងគឺដើម្បី « បង្គាប់ ហើយស្អាងគ្នាទៅវិញទៅមក » ៨ដើម្បីយើងនឹង « ត្រូវចង [ ខ្លួនយើង ] ដើម្បីប្រព្រឹត្តក្នុងបរិសុទ្ធភាពគ្រប់យ៉ាង » ។៩ តួនាទីរបស់យើងគឺ ដើម្បីបង្រៀន « សេចក្ដីជំនឿចំពោះការប្រែចិត្ត » ។១០
តើការបង្រៀនរបៀបនេះនឹងបានសម្រេចយ៉ាងល្អបំផុតយ៉ាងដូចម្ដេច ? លំនាំដែលបានស្ថាបនាឡើងនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់គឺថា យើងពិតជាចូលរួមពេញលេញនៅក្នុងការថ្វាយបង្គំជាសាធារណៈ ការថ្វាយបង្គំជាគ្រួសារ និងការថ្វាយបង្គំផ្ទាល់ខ្លួន ។ ខ្ញុំសូមពន្យល់បន្ថែមអំពីធាតុនីមួយៗ ។
ការថ្វាយបង្គំជាសាធារណៈ
ការថ្វាយបង្គំជាសាធារណៈ គឺនៅពេលយើងជួបជុំគ្នាជាកូនចៅនៃព្រះ ជាបងប្អូនប្រុសស្រី ជាសហគមន៍នៃពួកបរិសុទ្ធមួយ ។ ការប្រជុំទាំងនេះពេលខ្លះធំ ដូចជាសន្និសីទស្ដេក ឬសន្និសីទទូទៅជាដើម ឬពេលខ្លះតូច ដូចជាការប្រជុំកូរ៉ុម ឬយុវនារី ឬសមាគមសង្គ្រោះ ឬថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថាន ។ ការជួបជុំធម្មនិដ្ឋានរបស់យើងថ្ងៃនេះ គឺមានទម្រង់ជាការថ្វាយបង្គំជាសាធារណៈ ។ នៅក្នុងការប្រជុំនីមួយៗទាំងនេះ យើងអធិស្ឋាន យើងបង្រៀន យើងថ្លែងទីបន្ទាល់ ហើយយើងស្អាងគ្នា—ដែលទាំងអស់គ្នាមានគោលបំណងដើម្បីបង្កើនការយល់ដឹងរបស់យើងអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មក យើងមានការទទួលខុសត្រូវដើម្បីបកប្រែចំណេះដឹងដែលចម្រើនឡើងនោះឲ្យទៅជាប្រាជ្ញា—ដើម្បីបន្ដបង្រួមចន្លោះរវាងអ្វីដែលយើងស្គាល់ និងរបៀបដែលយើងរស់នៅ ។
ការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ គឺជាទម្រង់ការថ្វាយបង្គំជាសាធារណៈដ៏ពិសិដ្ឋមួយ ដោយសារវាទាក់ទងនឹងពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទំាងឡាយ ដែលភ្ជាប់យើងទៅនឹងព្រះដោយផ្ទាល់ ។ តើទំនាក់ទំនងរបស់បងប្អូនទៅនឹងព្រះវិហារបរិសុទ្ធ និងសេចក្ដីសញ្ញានានារបស់បងប្អូនស្អិតរមួតនឹងគ្នាឬទេ ? តើបងប្អូនប្រើទម្រង់ការថ្វាយបង្គំជាសាធារណៈដ៏ពិសិដ្ឋនេះជាទៀងទាត់ដើម្បីពង្រឹងដល់ចំណេះដឹង និងប្រាជ្ញារបស់បងប្អូនឬទេ ? តើបងប្អូនកំពុងជួយដល់អ្នកទាំងឡាយដែលបងប្អូនបង្រៀនឲ្យភ្ជាប់ទៅនឹងព្រះវិហារបរិសុទ្ធឬទេ ? តើបងប្អូនលើកទឹកចិត្តដល់យុវវ័យរបស់យើងឲ្យមានភាពសក្ដិសម ហើយកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធប្រើប្រាស់មានកំណត់ ហើយប្រើវាតាមកន្លែងដែលអាចធ្វើទៅបានដែរឬទេ ? ការចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះតាមរយៈការស្រាវជ្រាវឈ្មោះគ្រួសារ ហើយទៅព្រះវិហារបរិសុទ្ធដើម្បីធ្វើបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់ជីដូនជីតារបស់ពួកគេ ផ្ដល់ឱកាសដើម្បីទទួលបានការដឹកនាំខាងវិញ្ញាណ ។
ការប្រជុំថ្វាយបង្គំជាសាធារណៈដ៏សំខាន់បំផុតរបស់យើង យ៉ាងហោចណាស់នៅក្រៅព្រះវិហារបរិសុទ្ធ គឺជាការប្រជុំសាក្រាម៉ង់ ។ បន្ថែមទៅលើសកម្មភាពប្រកបដោយការថ្វាយបង្គំដែលជាចំណែកក្នុងការប្រជុំភាគច្រើនបំផុត ពិធីនេះផ្ដោតទៅលើការរស់នៅតាមពិធីបរិសុទ្ធដ៏រស់រវើកនៃពិធីសាក្រាម៉ង់ ។ នៅពេលយើងចាប់ផ្ដើម និងបញ្ចប់ការប្រជុំ ជាពិសេសនៅពេលរៀបចំទទួលទានសាក្រាម៉ង់ដ៏បរិសុទ្ធនេះ នោះយើងច្រៀង ហើយយើងអធិស្ឋាន ។ តើយើងបានចូលរួមពេញលេញឬទេ ? តើគំនិត និងដួងចិត្តរបស់យើងនៅទីនោះឬទេ ឬវានៅកន្លែងណាផ្សេង ? តើទូរសព្ទដៃរបស់យើងត្រូវបានបិទឬទេ ឬតើយើងផ្ញើសារ ហើយធ្វីត ( ឬសម្រាប់យើងជាមនុស្សចាស់ ផ្ញើអ៊ីម៉ែល ) អំឡុងពិធីបរិសុទ្ធ ឬអំឡុងផ្នែកណាមួយនៃការប្រជុំនេះឬទេ ? នៅពេលអ្នកឡើងនិយាយកំពុងនិយាយ ជាពិសេសបើពួកគេជាអ្នកនិយាយមិនសូវល្អ តើយើងមិនស្ដាប់ទាំងឆ្មើងឆ្មៃ ដោយគិតថា « ខ្ញុំបានស្ដាប់ឮវាពីមុនរួចហើយ » ឬទេ ?
ប្រសិនបើយើងឆ្គាំឆ្គងនឹងកំហុសណាមួយនៃកំហុសទាំងនេះ តើអ្វីដែលយើងធ្វើកំពុងកាត់បន្ថយ—ប្រហែលជាលុបចោល—ដើម្បីឲ្យព្រះវិញ្ញាណមានទំនាក់ទំនងនឹងយើងឬទេ ។ បន្ទាប់មក យើងងឿងឆ្ងល់ថា ហេតុអ្វីបានជាយើងមិនត្រូវបានស្អាងដោយពិធីសាក្រាម៉ង់ និងការប្រជុំសាសនាចក្រដទៃទៀតដូច្នេះ ?
ការថ្វាយបង្គំជាសាធារណៈ គឺជាឱកាសដ៏ល្អមួយដើម្បីជួយយើងទាំងអស់គ្នា រួមទាំងយុវវ័យ ឲ្យដើរតាមផ្លូវនៃការផ្លាស់ប្រែចិត្តជឿ ។
ការថ្វាយបង្គំជាគ្រួសារ
ការថ្វាយបង្គំជាសាធារណៈគួរតែលើកកម្ពស់ដល់ការថ្វាយបង្គំជាគ្រួសារ ។ នៅឆ្នាំ ១៩៩៩ គណៈប្រធានទីមួយបានទូន្មានដល់ឪពុកម្ដាយ និងកូនៗថា « ឲ្យដាក់អាទិភាពខ្ពស់បំផុតទៅលើការអធិស្ឋានជាគ្រួសារ រាត្រីជួបជុំក្រុមគ្រួសារ ការសិក្សា និង ការបង្រៀនដំណឹងល្អ ហើយនឹងសកម្មភាពជាគ្រួសារល្អៗ ។ ទោះជាមានតម្រូវការ ឬ សកម្មភាពដទៃទៀតដែលមើលទៅហាក់ដូចជាសក្តិសម និង ត្រឹមត្រូវក៏ដោយ ក៏មិនត្រូវអនុញ្ញាតឲ្យវាមកជំនួសកាតព្វកិច្ចដែលបានចាត់មកពីព្រះនោះឡើយ មានតែឪពុកម្តាយប៉ុណ្ណោះ ទើបអាចធ្វើបានដោយសក្តិសម » ។១១ ប្រាកដណាស់ គោលការណ៍ដូចគ្នានេះត្រូវបានបង្រៀនដដែលៗដោយអ្នកដឹកនាំសាសនាចក្រជាច្រើន តាមរបៀបជាច្រើនរាប់មិនអស់ និងអស់ជាច្រើនឆ្នាំមកហើយ ។
យើងរស់នៅក្នុងពិភពលោកដ៏រវល់មួយ ។ ពេលធ្វើដំណើរនៅទូទាំងសាសនាចក្រ ពេលខ្លះខ្ញុំបានសួរថ្នាក់ដឹកនាំក្នុងតំបន់ស្ងាត់ៗ—ហើយពួកគាត់ជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ល្អ—ថា តើលោកធ្វើការអធិស្ឋានជាគ្រួសារ និងមានរាត្រីជួបជុំក្រុមគ្រួសារឬទេ ? តើលោកអ្នកសិក្សាដំណឹងល្អជាគ្រួសារឬទេ ? ជាញឹកញាប់ ខ្ញុំបានទទួលនូវទឹកមុខខ្មាស់អៀន ហើយពន្យល់ថា « ពួកយើងរវល់ខ្លាំងពេក ។ សាលារៀន និងសកម្មភាពបន្ថែមទៀតរបស់កូនៗយើង មេរៀនខាងតន្ត្រី និងមេរៀនផ្សេងៗ កាលវិភាគសង្គម និងមុខងារក្នុងសាសនាចក្របានធ្វើឲ្យពួកគេស្ទើរតែគ្មានពេលទំនេរ ។ ប្ដី/ប្រពន្ធខ្ញុំ និងខ្ញុំមានការងារ ព្រះវិហារ និងការតាំងចិត្តដទៃទៀតត្រូវធ្វើ ។ យើងកម្របានជួបជុំគ្នាជាក្រុមគ្រួសារណាស់ » ។ ស្មារតីនៃការប្រឹក្សារបស់គណៈប្រធានទីមួយគឺថា ប្រសិនបើយើងរវល់នឹងធ្វើការល្អខ្លាំងពេក រហូតដល់យើងគ្មានពេលសម្រាប់រឿងសំខាន់ នោះយើងត្រូវតែរកដំណោះស្រាយ ។
នៅពេលកូនៗត្រូវបានបីបាច់ដោយឪពុកម្ដាយដែលផ្លាស់ប្រែចិត្តជឿ ដែលបានស្ថាបនានៅលើលំនាំនៃការថ្វាយបង្គំជាគ្រួសារ នោះពួកគេនឹងទំនងជាទទួលដឹងពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធច្រើនជាង ខណៈពេលពួកគេនៅក្មេង ហើយបន្ទាប់មក ពួកគេនឹងធ្វើតាមគំរូសុចរិតនេះជារៀងរហូត ។ បន្ទាប់មក ការបង្រៀនរបស់យើងនៅក្នុងសាសនាចក្រដើរតួត្រឹមត្រូវក្នុងនាមជាប្រព័ន្ធទ្រទ្រង់ចំពោះការបង្រៀនដែលបានធ្វើឡើងនៅក្នុងគ្រួសារ ។
ក្រៅពីការថ្វាយបង្គំដោយខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពនៅក្នុងគ្រួសារផ្ទាល់របស់យើង គ្រូបង្រៀនយុវវ័យចាំបាច់លើកទឹកចិត្តដោយត្រឹមត្រូវ និងប្រយ័ត្នប្រយែងដើម្បីឲ្យមានការថ្វាយបង្គំនៅក្នុងគ្រួសារសិស្សៗរបស់យើង ។ ព្រោះសិស្សខ្លះមកពីក្រុមគ្រួសារដែលអនុវត្តដូច្នេះរួចហើយ ហើយបងប្អូនអាចគ្រាន់តែបន្ដដាស់តឿន ហើយអរសាទរដោយស្ងាត់ៗទៅបានហើយ ។ សម្រាប់អ្នកដទៃទៀត វាពុំអាចកើតឡើងទេដោយសារមូលហេតុផ្សេងៗ—អាចមកពីសិស្សនោះជាសមាជិកតែម្នាក់ឯងក្នុងសាសនាចក្រក្នុងគ្រួសារពួកគេ ( ឬជាសមាជិកសកម្មតែម្នាក់ឯង ) ព្រោះចំពោះពួកគេ ក៏មានការចូលរួមប្រជុំព្រះវិហារជាទៀងទាត់ជាផ្នែកនៃគ្រួសារមួយដែរ ប៉ុន្តែគេពុំទាន់យល់ពីសារៈសំខាន់នៃការថ្វាយបង្គំជាគ្រួសារនៅ ឡើយ ។ ដោយពុំធ្វើការប៉ាន់ស្មានអំពីសិទ្ធិអំណាច និងការទទួលខុសត្រូវរបស់អ្នកដឹកនាំបព្វជិតភាព និងឪពុកម្ដាយ សូមគ្រាន់តែធ្វើគំរូ ហើយបង្រៀនលំនាំដ៏សុចរិត និងជួយយុវវ័យយើងឲ្យរកឃើញរបៀបដែលពួកគេអាចធ្វើជាធនធានមួយនៃការបំផុសគំនិតដល់ក្រុមគ្រួសាររបស់ពួកគេ ដើម្បីបង្កើតទម្លាប់នៃការថ្វាយបង្គំដោយខ្ជាប់ខ្ជួនបានហើយ ។
ការថ្វាយបង្គំផ្ទាល់ខ្លួន
ទីបំផុត ការផ្លាស់ប្រែចិត្តជឿគឺជារឿងបុគ្គលផ្ទាល់ខ្លួន ។ ការថ្វាយបង្គំជាសាធារណៈដឹកនាំយើងទៅរកការថ្វាយបង្គំជាគ្រួសារ ដែលដឹកនាំយើងទៅរកការថ្វាយបង្គំផ្ទាល់ខ្លួន ។ រឿងនេះរួមមានទាំងការអធិស្ឋានផ្ទាល់ខ្លួន ការសិក្សាដំណឹងល្អផ្ទាល់ខ្លួន និងការពិចារណាផ្ទាល់ខ្លួនអំពីទំនាក់ទំនងរបស់មនុស្សម្នាក់នឹងព្រះ ។ « ដ្បិតតើមនុស្សនឹងស្គាល់ចៅហ្វាយ…ដែលជាអ្នកចម្លែកចំពោះមនុស្សនោះ ហើយនៅឆ្ងាយពីសតិអារម្មណ៍ និងបំណងនៃដួងចិត្តខ្លួនដូចម្ដេចបាន ? » ១២
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាននិយាយថា « សារៈសំខាន់នៃការមានញាណដ៏ពិសិដ្ឋគឺសាមញ្ញដូចនេះថា—ប្រសិនបើមនុស្សម្នាក់ពុំមានអំណរគុណចំពោះរឿងពិសិដ្ឋទេ នោះគាត់នឹងបាត់បង់វា ។ កាលមនុស្សម្នាក់អវត្តមាននៃអារម្មណ៍គារវភាព មនុស្សនោះនឹងកាន់តែមិនរវល់នៅក្នុងឥរិយាបទ និងសកម្មភាពខ្លួន ។ គាត់នឹងរសាត់ចេញពីចំណតដែលសេចក្ដីសញ្ញារបស់គាត់នឹងព្រះអាចទប់គាត់បាន ។ អារម្មណ៍របស់គាត់អំពីការទទួលខុសត្រូវចំពោះព្រះនឹងរលាយបាត់ ហើយក្រោយមកបំភ្លេចសូន្យសុង ។ ហេតុដូច្នោះហើយ គាត់នឹងខ្វល់តែអំពីភាពសុខស្រួលផ្ទាល់ខ្លួន ហើយស្កប់ស្កល់នឹងការស្រេកឃ្លានដែលពុំអាចគ្រប់គ្រងបានរបស់គាត់ ។ ទីបញ្ចប់ គាត់នឹងស្អប់រឿងពិសិដ្ឋទាំងឡាយ សូម្បីតែព្រះផង ក្រោយមកគាត់នឹងស្អប់ខ្លួនឯង » ។១៣
យើងបានយល់ថា អ្នកព្យាករដ៏មហិមាបំផុតអំពីជោគជ័យខាងវិញ្ញាណ ( ដែលវាស់វែងដោយការតែងតាំងបព្វជិតភាពមិលគីស្សាដែក ការទទួលអំណោយទានពិសិដ្ឋ ការបម្រើបេសកកម្ម ការរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ និងការចិញ្ចឹមគ្រួសារដោយសុចរិត ) គឺសម្រាប់យុវជន ឬយុវនារីដើម្បីមានបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួននៅក្នុងយុវវ័យរបស់ពួកគេ—ដើម្បីពួកគេ ដឹង អំពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ វាលើសពីការគ្រាន់តែសកម្មនៅក្នុងសាសនាចក្រទៅទៀត វាគឺជាការសកម្មនៅក្នុងដំណឹងល្អ !
គោលដៅរបស់បងប្អូនសម្រាប់ថ្នាក់នីមួយៗដែលបងប្អូនបង្រៀន ការពិភាក្សានីមួយៗដែលបងប្អូនដឹកនាំ ការប្រាស្រ័យទាក់ទងដែលអ្នកមាន គឺដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើជាគ្រូបង្រៀនដ៏ពិត ។ ដូចព្រះអង្គសង្គ្រោះបានបង្រៀនថា « តែព្រះដ៏ជាជំនួយគឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នាពីគ្រប់សេចក្តីទំាងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ » ។១៤ ព្រះវិញ្ញាណបរិសុទ្ធមានសមត្ថភាពដើម្បីធ្វើឲ្យសារលិខិតត្រូវនឹងបុគ្គលម្នាក់ៗ ដើម្បី « ត្រូវបានបំភ្លឺដោយព្រះវិញ្ញាណនៃសេចក្ដីពិត » ។១៥ ដូច្នេះ នៅពេលយើងបង្រៀនអំពីកិច្ចការនៃសេចក្ដីសង្គ្រោះ និងការទទួលខុសត្រូវ ដែលត្រូវបានតែងតាំងដ៏ទេវភាព នោះយើងធ្វើដូច្នោះតាមរបៀបមួយដែលស្អាងគ្នា លើកតម្កើង បំផុសគំនិត ដែលដឹកនាំអ្នកទាំងឡាយដែលយើងបង្រៀនឲ្យពង្រឹងសេចក្ដីជំនឿទៅលើព្រះវរបិតាសួគ៌ និងទៅលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
ចំពោះបងប្អូនដែលជាអ្នកអប់រំខាងសាសនាដ៏អស្ចារ្យ ពួកយើងសូមនិយាយថា អរគុណ ! អរគុណ ! អរគុណ ! ជំនួសឲ្យថ្នាក់ដឹកនាំសាសនាចក្រ យើងសូមអរគុណ ! សូមរស់នៅក្នុងជីវិតដែលមានភាពសក្ដិសមផ្ទាល់ខ្លួន មើលថែក្រុមគ្រួសារបងប្អូន ហើយបម្រើដល់ព្រះអម្ចាស់ —ជាពិសេសយកចិត្តទុកដាក់ចំពោះជំនាន់ដែលកំពុងពេញវ័យដ៏មានតម្លៃនេះ ។ ការចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងការទទួលខុសត្រូវដែលបានតែងតាំងដ៏ទេវភាពនៅក្រោមការដឹកនាំរបស់សាវក និងកូនសោទាំងឡាយ នឹងជួយលើកកម្ពស់ ហើយជម្រុញទឹកចិត្តរបស់យើង ។
ខ្ញុំសូមប្រកាសអំពីមហិទ្ធិឬទ្ធិនៃកេរដំណែលពីស្ថានសួគ៌របស់យើង និងសមត្ថភាពរបស់យើងដើម្បីទទួល « បានជីវិតដ៏នៅអស់កល្បជានិច្ច គឺជាអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ » ។១៦ ខ្ញុំធ្វើជាសាក្សីរបស់ព្រះយេហូវ៉ាដ៏មហិមា ប្រសូតជាព្រះយេស៊ូវ មានព្រះនាមថា ព្រះយេស៊ូវជាព្រះគ្រីស្ទ « ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ » ។១៧ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីដង្វាយធួនដ៏ពុំអាចប្រៀបផ្ទឹមរបស់ទ្រង់ ដែលមានសម្រាប់យើងម្នាក់ៗ និងអ្នកទាំងឡាយដែលយើងបង្រៀននីមួយៗដើម្បីយកឈ្នះលើលោកិយ—ដើម្បីឆ្លងកាត់ស្ថានភាពដ៏លំបាកបំផុតនៃផែនដីដោយ « មានការភ្លឺថ្លានៃសេចក្តីសង្ឃឹមដ៏ឥតខ្ចោះ » ។១៨ យើងទាំងអស់គ្នាមានអ្វីគ្រប់យ៉ាងដែលយើងត្រូវការដើម្បីជួយយើងឲ្យស្ដាប់ ទទួលអារម្មណ៍ដឹង និងធ្វើ ដោយនូវពរជ័យនៃដំណឹងល្អ និងព្រះវិហារដែលបានស្ដារឡើងវិញនេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2017 by Intellectual Reserve, Inc. All rights reserved. អនុមតិជាភាសាអង់គ្លេស ៖ ៥/១៧ ។ អនុមតិបកប្រែ ៖ ៥/១៧ ។ ការបកប្រែនៃ « The Conversion of the Children of God » ។ Cambodian ។ PD60004121 258