មើលទៅបុគ្គលម្នាក់ៗ
ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនាប្រចាំឆ្នាំ • ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧
ខ្ញុំមានអំណរគុណចំពោះឱកាសនាថ្ងៃនេះ នៅទីនេះ ដើម្បីចែកចាយក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះអង្គសង្គ្រោះ បងប្អូន និងយុវវ័យ និងយុវមជ្ឈិមវ័យ ដែលយើងមានឯកសិទ្ធិបម្រើ ។
ខ្ញុំចាំនូវសាក្សីដ៏មានអានុភាព ដែលខ្ញុំបានទទួលមកពីព្រះវិញ្ញាណបរិសុទ្ធ ក្នុងនាមជាគ្រូបង្រៀនសិស្សម្នាក់នាគ្រាដំបូង ដែលខ្ញុំបានអានសេចក្ដីថ្លែងដូចខាងក្រោមដោយប្រធាន ប៊យ ឃេ ផាកកឺថា ៖ « ខ្ញុំជឿថាក្នុងកម្រិតណាមួយដែលបងប្អូនកំពុងធ្វើ ស្របតាមបញ្ហា និងទំនួលខុសត្រូវដែលអ្នកមាន រូបអង្គនៃព្រះគ្រីស្ទបានឆ្លាក់នៅលើទឹកមុខរបស់បងប្អូន ។ ហើយរាល់គោលបំណងពិតប្រាកដទាំងអស់ នៅក្នុងថ្នាក់រៀននៅពេលនោះ និងនៅក្នុងការបង្ហាញ និងដោយការបំផុសគំនិតនោះ បងប្អូនគឺជាទ្រង់ ហើយទ្រង់គឺជាបងប្អូន » ។១ គំនិតដែលថា ខ្ញុំមានឯកសិទ្ធិក្នុងការធ្វើជាតំណាងឲ្យព្រះអង្គសង្គ្រោះតាមរយៈទំនួលខុសត្រូវរបស់ខ្ញុំនោះ បានជម្រុញបំណងប្រាថ្នា និងដឹកនាំសេចក្ដីពិតឆ្លងកាត់ការងាររបស់ខ្ញុំនៅក្នុង ស. និង វ. នេះ ។
អែលឌើរ ហ្គង បានបង្រៀនយើងនៅក្នុងល្ងាចមួយជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅកាលពីថ្មីៗនេះថា រឿងមួយដែលធ្វើឲ្យព្រះអង្គសង្គ្រោះក្លាយជាគ្រូបង្រៀនដ៏ឥតខ្ចោះមួយអង្គ គឺសមត្ថភាពរបស់ទ្រង់ក្នុងការបង្រៀនមនុស្ស ៥០០០ នាក់ និងមនុស្សម្នាក់ៗនៅក្នុងពេលតែមួយ ។ គាត់បានមានប្រសាសន៍ថា « នេះគឺជាអព្ភូតហេតុមួយដែលយើងជាគ្រូបង្រៀនស្វែងរក—ដើម្បីបង្រៀនសិស្សយើងក្នុងថ្នាក់ទាំងមូល និងសិស្សម្នាក់ៗ ។ ការណ៍នេះតម្រូវឲ្យមានការបង្រៀនដល់សិស្ស ៥០០០ នាក់ និងសិស្សម្នាក់ៗ ។ ការធ្វើដូច្នោះនាំទៅរកការដោះស្រាយទាំងបញ្ហាទូទៅ និងបំពេញតម្រូវការដល់បុគ្គលម្នាក់ៗ » ។២ តើបងប្អូនធ្លាប់ឆ្ងល់ទេថា តើព្រះអង្គសង្គ្រោះអាចធ្វើការណ៍នោះដោយរបៀបណា ?
ខ្ញុំសូមចែកចាយបទពិសោធន៍មួយដែលខ្ញុំបានមាននៅក្នុងការបង្រៀននាឆ្នាំទីពីរ ពេលដែលព្រះអម្ចាស់បានបង្រៀនខ្ញុំ ដោយជួយឲ្យខ្ញុំឲ្យមើលឃើញពីអត្ថន័យនៃការធ្វើជាតំណាងរបស់ទ្រង់នៅក្នុងថ្នាក់រៀន ។ ខ្ញុំមានសិស្សជាយុវជនម្នាក់ អាយុប្រហែល ១៥ ឆ្នាំ នៅក្នុងថ្នាក់មួយរបស់ខ្ញុំ ។ ខ្ញុំបានដឹងក្នុងរយៈពេលពីរបីថ្ងៃដំបូងថា ខ្ញុំមិនបានមានភាពអំណត់ចំពោះអត្តចរិតដ៏គួរឲ្យស្រឡាញ់របស់គាត់ឡើយ ហើយខ្ញុំបានមានអារម្មណ៍ថា ឆ្នាំសិក្សាឆ្នាំនេះនឹងយូរដោយសារការព្យាយាមដើម្បីអនុវត្តអំណោយទានដែលខ្ញុំមិនមាន ។ ខ្ញុំបានអធិស្ឋានទូលសូមសមត្ថភាពដើម្បីស្រឡាញ់គាត់ និងសិស្សទាំងអស់របស់ខ្ញុំ ។
អំឡុងពេលសប្ដាហ៍ទីពីរនៃការបង្រៀន ខណៈដែលយុវជននេះបានក្រោកឈរឡើងចែកចាយអារម្មណ៍ខាងវិញ្ញាណ ហើយប្រាប់ព័ត៌មានបន្ថែមទៀតអំពីជីវិតរបស់គាត់ នោះខ្ញុំទទួលបានអំណោយទានដើម្បីមើលទៅគាត់ ដូចជាព្រះអម្ចាស់មើលទៅគាត់ ហើយមានអារម្មណ៍ភា្លមៗពីសេចក្ដីស្រឡាញ់ដែលកើនឡើងសម្រាប់គាត់ ។ គាត់បានចែកចាយថា ឪពុកម្ដាយរបស់គាត់បានលែងលះគ្នា ហើយម្ដាយរបស់គាត់មិនគ្រាន់តែបានចាកចេញពីព្រះវិហារប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងប្រឆាំងនឹងព្រះវិហារទៀតផង ។ ខ្ញុំអាចឃើញទុក្ខសោកក្នុងចិត្ត និងការភាន់ភាំងដែលគាត់មាននៅលើទឹកមុខរបស់គាត់ កាលគាត់បានចែកចាយរឿងរបស់គាត់ ។ និយាយតាមត្រង់ ខ្ញុំមិនចាំពីគំនិតខាងវិញ្ញាណដែលគាត់បានចែកចាយនោះទេ ប៉ុន្ដែខ្ញុំចាំពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនដល់ខ្ញុំ ។ គំនិតនោះបានចាក់ក្នុងចិត្តរបស់ខ្ញុំថា « ចូរដោះស្បែកជើងចេញ ពីព្រោះយើងរៀបនឹងប្រទានដល់កូននូវសមត្ថភាពដើម្បីមានឥទ្ធិពលដល់នរណាម្នាក់ ។ យើងទុកចិត្តលើកូនថា កូនជាឥទ្ធិពលនៃស្ដ្រីដ៏ស្មោះត្រង់មួយលើជីវិតរបស់យុវជនរូបនេះ ហើយយើងត្រូវការកូនឲ្យស្រឡាញ់គាត់ ដូចជាយើងស្រឡាញ់គាត់ » ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានផ្លាស់ប្ដូរ ។ ដួងចិត្តរបស់ខ្ញុំបានផ្លាស់ប្ដូរ ។ ខ្ញុំបានមើលទៅគាត់—ពិតជាបានឃើញគាត់—ថាជាបុត្រារបស់ព្រះ ដែលមានសក្ដានុពលមកពីព្រះ អំណោយទានខាងវិញ្ញាណ និងអ្វីជាច្រើនដើម្បីចែកចាយដល់សិស្សក្នុងថ្នាក់យើង ។ អាកប្បកិរិយារបស់គាត់នៅឆមាសនោះមិនបានផ្លាស់ប្ដូរច្រើនទេ ប៉ុន្ដែខ្ញុំបានផ្លាស់ប្ដូរ ។ ហើយនៅក្នុងការផ្លាស់ប្ដូរនោះ យើងបានទទួលនូវបទពិសោធន៍ដ៏អស្ចារ្យខ្លះៗជាមួយគ្នា ។ ខ្ញុំនឹងមានអំណរគុណចំពោះយុវជននេះ និងឱកាសដែលព្រះអម្ចាស់បានប្រទានដល់ខ្ញុំឲ្យចេះផ្លាស់ប្ដូរដួងចិត្ត និងទស្សនវិស័យជារៀងរហូត ។
ខ្ញុំតែងស្ញប់ស្ញែងដល់ព្រះសមត្ថភាពរបស់ព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ ដែលទ្រង់មិនគ្រាន់តែញាណដឹងនោះទេ ប៉ុន្ដែថែមទាំងបំពេញនូវតម្រូវការរបស់បុគ្គលម្នាក់ៗផងដែរ ។ ខ្ញុំដឹងថា ទ្រង់ទតឃើញ យល់ និងញាណដឹងពីរូបខ្ញុំយ៉ាងឥតខ្ចោះ ។ លើសពីនោះ ទ្រង់ស្រឡាញ់ខ្ញុំយ៉ាងល្អឥតខ្ចោះ ។ ខ្ញុំក៏ដឹងផងដែរថា ទ្រង់ទតមកខ្ញុំថាជាបុគ្គលម្នាក់ដែលមានសក្ដានុពលមកពីព្រះ ហើយទ្រង់ញាណដឹងថា ដោយមានជំនួយរបស់ទ្រង់ នោះខ្ញុំនឹងក្លាយដូចជាទ្រង់ ។ ខ្ញុំដឹងថា ទ្រង់មានជំនឿដូចគ្នានោះអំពីបងប្អូនរាល់គ្នា និងយុវជនយុវនារីគ្រប់រូប ដែលមកកាន់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។ ទ្រង់ទតទៅពួកគេដោយឥតចន្លោះ ហើយសព្វព្រះទ័យសង្គ្រោះពួកគេម្នាក់ៗ ។ ទ្រង់ទតឃើញលើសពីអាការៈខាងក្រៅ និងអាកប្បកិរិយារបស់ពួកគេ ហើយទ្រង់រើសដើម្បីផ្ដោតលើគុណសម្បត្តិ និងកម្លាំងដ៏ទេវភាពរបស់ពួកគេ ។ ហើយក្នុងនាមជាគ្រូបង្រៀន ទ្រង់រំពឹងឲ្យយើងធ្វើដូចគ្នានោះ ។
ឆ្នាំនេះ យើងកំពុងណែនាំនូវអាទិភាពថ្មីមួយដែលមានចំណងជើងថា « មើលទៅទ្រង់ » ។ ការផ្ដោតនៃអាទិភាពនេះ គឺសម្រាប់យើងម្នាក់ៗដើម្បីអភិវឌ្ឍសមត្ថភាពដូចជាព្រះគ្រីស្ទដើម្បីមើលឃើញតម្រូវការ កម្លាំង និងសក្ដានុពលមកពីព្រះរបស់សិស្សម្នាក់ៗ ។ ក្ដីសង្ឃឹមរបស់យើងគឺថា យើងម្នាក់ៗនឹងអភិវឌ្ឍ ឬពង្រីកសមត្ថភាពឲ្យដូចជាព្រះគ្រីស្ទដើម្បីមើលហួសពីអ្វីដែលមនុស្សនិយម និងអាការៈខាងក្រៅ និងដើម្បីមើលទៅសិស្សនីមួយៗជាបុគ្គលពិសេសដែលមានសក្ដានុពលមកពីព្រះ ហើយប្រព្រឹត្តដាក់ពួកគេឲ្យសមតាមនោះ ។
សិស្សម្នាក់ៗមកកាន់ថ្នាក់រៀនរបស់់យើងដោយមានកាលៈទេសៈ តម្រូវការ និងឧបសគ្គផ្ទាល់ខ្លួន ដែលវាជះឥទ្ធិពលលើបទពិសោធន៍រៀនសូត្ររបស់ពួកគេ ។ វាសំខាន់ដើម្បីចាំថា ថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថានគឺគ្រាន់តែចំណែកមួយនៃជីវិតរបស់សិស្សប៉ុណ្ណោះ—ជាផ្នែកដ៏សំខាន់មួយ ប៉ុន្ដែវានៅតែជាមួយចំណែក ។ បែបបទក្នុងការរៀន វប្បធម៌ខុសគ្នា ពិការភាព ការញៀន និងការបាត់បង់នរណាម្នាក់ ព្រមទាំងទុក្ខសោកគឺគ្រាន់តែជាកត្តាខ្លះៗដែលអាចប៉ះពាល់ដល់បទពិសោធន៍រៀនសូត្ររបស់សិស្សម្នាក់ ។ កាលៈទេសៈ និងអ្វីដែលមនុស្សនិយមមិនបានបញ្ជាក់ពីសិស្សរបស់យើងនោះទេ ប៉ុន្ដែវាផ្ដល់ឱកាសឲ្យយើងចេះមើលទៅពួកគេ ហើយស្រឡាញ់ពួកគេ ដូចជាព្រះអង្គសង្គ្រោះស្រឡាញ់ពួកគេ ។ យើងមានឯកសិទ្ធិដ៏ពិសិដ្ឋ និងទំនួលខុសត្រូវក្នុងការធ្វើការបន្ថែមទៀត ដើម្បីជួយដល់អស់អ្នកដែលមានបន្ទុកធ្ងន់ ហើយដែលមកកាន់ថ្នាក់ដើម្បីទទួលបានសេចក្ដីសង្ឃឹមដែលព្រះអង្គសង្គ្រោះប្រទានដល់មនុស្សគ្រប់រូប ទោះគាត់អស់សង្ឃឹមក្ដី ។
ក្នុងការសញ្ជឹងគិតពីទំនួលខុសត្រូវដ៏ពិសិដ្ឋដើម្បីមើលទៅបុគ្គលម្នាក់ៗនេះ ខ្ញុំបានរៀនជាច្រើនមកពីការបង្រៀនរបស់សាវកប៉ុលនៅក្នុង កូរិនថូស ទី១ ១២ ។ ខ្ញុំចង់ចែកចាយមេរៀនបី ដែលខ្ញុំបានរៀនមកពីជំពូកនោះ ។
មេរៀនទី ១ ៖ ប៉ុលចាប់ផ្ដើមការបង្រៀនរបស់លោកអំពីរូបកាយនៃព្រះគ្រីស្ទ និងតម្លៃនៃអវយវៈរបស់រូបកាយរៀងខ្លួន ដោយការបង្រៀនអំពីអំណោយទានខាងវិញ្ញាណ ។ នៅពេលខ្ញុំបានសិក្សា ខទី ១–១១ ខ្ញុំបានឆ្ងល់ជាខ្លាំងថាតើគន្លឹះមួយដើម្បីមើលទៅបុគ្គលម្នាក់ៗឲ្យដូចជាព្រះអង្គសង្គ្រោះទតទៅពួកគេនោះ គឺដំបូងត្រូវទទួលស្គាល់ថាពួកគេមានអំណោយទាន និងកម្លាំង ដែលត្រូវតែបានយល់ឃើញ និងប្រើឬ ។ នៅពេលយើងមើលទៅសិស្សរបៀបនេះ នោះយើងនឹងទទួលស្គាល់ និងប្រើកម្លាំងរបស់ពួកគេ ជាជាងផ្ដោតលើភាពទន់ខ្សោយ ឬអាកប្បកិរិយាមិនសមរម្យរបស់ពួកគេ ។ ពេលខ្លះ អាកប្បកិរិយារបស់សិស្សមិនបានបង្ហាញពិតប្រាកដពីតម្លៃរបស់ពួកគេនោះទេ ។ ជំនាញសាមញ្ញមួយនេះដែលគ្រូបង្រៀនអាចអភិវឌ្ឍ គឺឲ្យឈប់មួយភ្លែតពីមុនឆ្លើយតបភ្លាមៗចំពោះមតិ ឬឥរិយាបទរបស់សិស្ស បន្ទាប់មកពិចារណាអំពីហេតុផល « ហេតុអ្វី » ចំនួនពីរបី ដែលសិស្សអាចនឹងឆ្លើយតប ឬធ្វើទង្វើបែបនេះ ។ ការធ្វើដូចនេះ នឹងជួយគ្រូបង្រៀនចៀសវាងពីការធ្វើដោយតក់ក្រហល់ ហើយអាចស្គាល់អំណោយទានខាងវិញ្ញាណរបស់សិស្សបានកាន់តែល្អប្រសើរ ។
ក្នុងការប្រឹងប្រែងដើម្បីចាំពីសក្ដានុពលដ៏ទេវភាពរបស់សិស្សម្នាក់ៗ នោះយើងក៏ត្រូវទទួលស្គាល់ថា កាលៈទេសៈ ឬពិការភាពអាចបង្អាក់បំណង ឬសមត្ថភាពរៀនសូត្ររបស់ពួកគេ ។ ការណ៍នេះតម្រូវឲ្យយើងកែច្នៃបទពិសោធន៍រៀនសូត្រឲ្យបានប្រយ័ត្នប្រយែងជាងមុន ដើម្បីអញ្ជើញ និងបំផុសដល់បុគ្គលម្នាក់ៗឲ្យអនុវត្តសិទ្ធិជ្រើសរើសក្នុងការប្រើអំណោយទានខាងវិញ្ញាណរបស់ពួកគេនៅក្នុងដំណើរការរៀនសូត្រនេះ ។ ដំណើរការនេះមិនងាយស្រួលនោះទេ ប៉ុន្ដែនៅពេលយើងស្វែងរកជំនួយមកពីព្រះអម្ចាស់ នោះទ្រង់នឹងជួយយើងឲ្យដឹងពីរបៀបដែលយើងអាចឈោងទៅជួយកូនចៅរបស់ទ្រង់បាន ។
បទពិសោធន៍មួយដែលខ្ញុំបានមាន នៅពេលខ្ញុំរៀនពីតម្លៃនៃការស្គាល់អំណោយទានខាងវិញ្ញាណដែលមាននៅក្នុងសិស្សរបស់ខ្ញុំនោះ គឺតាមរយៈសិស្សម្នាក់របស់ខ្ញុំដែលមិនចូលចិត្តអានទាំងនៅក្នុង និងនៅក្រៅថ្នាក់ ។ នាងមានទេពកោសល្បដ៏អស្ចារ្យខាងតន្ដ្រី ហើយនៅពេលខ្ញុំអធិស្ឋានអំពីរបៀបដើម្បីជួយនាង នោះព្រះអម្ចាស់បានឆ្លើយតបអ្វីមួយ ដែលខ្ញុំមិនដែលបានសាកល្បងធ្វើពីមុនមក ។ ខ្ញុំបានឲ្យកាលវិភាគមេរៀនទៅនាង ហើយសុំឲ្យនាងរកចម្រៀងមួយសម្រាប់មេរៀននីមួយៗ ដែលអាចចាក់នៅក្នុងថ្នាក់ ដែលនឹងជួយបង្រៀនសេចក្ដីពិតមួយដែលមាននៅក្នុងបណ្ដុំបទគម្ពីរនោះ ។ ការណ៍នេះតម្រូវឲ្យនាងអាននៅក្រៅម៉ោងរៀនដើម្បីរកសេចក្ដីពិត ដូច្នេះនាងអាចរកចម្រៀងមួយបាន ។ វាក៏អនុញ្ញាតឲ្យនាងមានឱកាសដើម្បីថ្លែងទីបន្ទាល់នៅក្នុងថ្នាក់ អំពីអ្វីដែលនាងបានរៀនចេញពីការរៀបចំរបស់នាងដែរ ។ តែក្នុងពេលពីរបីសប្ដាហ៍ ខ្ញុំបានមើលសេចក្ដីស្រឡាញ់របស់សិស្សរូបនេះចំពោះព្រះអង្គសង្គ្រោះរីកលូតលាស់ ហើយការចូលរួមរបស់នាងក្នុងថ្នាក់ក៏រីកចម្រើន ។ បច្ចុប្បន្ន នាងកំពុងបម្រើជាអ្នកផ្សព្វផ្សាយពេញម៉ោងម្នាក់ ហើយមិនគ្រាន់តែអានប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្រៀនបទគម្ពីរ និងចែកចាយអំណោយទាននៃទីបន្ទាល់តាមរយៈតន្ដ្រីរបស់នាង ។
មេរៀនទី ២ ៖ ប៉ុលសង្កត់ធ្ងន់ថា អវយវៈនីមួយៗនៃរាងកាយមានតម្លៃ ។ នៅក្នុង ខ ១៤-១៨ លោកបានបង្រៀនយើងថា ៖
« រូបកាយមិនមែនសុទ្ធតែមានអវយវៈតែមួយទេ គឺមានច្រើនវិញ ។
« បើសិនជាជើងនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាដៃ នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី ?
« ហើយបើសិនជាត្រចៀកនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាភ្នែក នោះតើមិនមែនជាផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី ?
« បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្ដាប់នៅត្រង់ណា ? បើរូបកាយទាំងស្រុងសុទ្ធតែត្រចៀក នោះតើនឹងដឹងក្លិននៅត្រង់ណា ?
« តែព្រះទ្រង់បានដាក់ចុះនូវអវយវៈនីមួយៗក្នុងរូបកាយតាមព្រះហឫទ័យទ្រង់ » ។
ខ្ញុំស្រឡាញ់ការប្រៀបធៀបនៃផ្នែករូបកាយនេះ ដែលផ្នែកមួយៗបំពេញមុខងារខុសគ្នា តែជាតួនាទីដ៏ចាំបាច់ ។ ដៃមិនអាចជំនួសជើងនោះទេ ។ ត្រចៀកមិនអាចជំនួសភ្នែកនោះទេ ។ អវយវៈនីមួយៗមានតួនាទីដ៏ពិសេស និងសំខាន់មួយ ហើយវារួមចំណែកដល់រូបកាយខុសៗគ្នា ។ ការណ៍នេះគឺសំខាន់ចាំបាច់សម្រាប់រូបកាយ ដើម្បីអាចបំពេញតួនាទីយ៉ាងពេញសមត្ថភាព ។
អែលឌើរ ហូឡិន បានប្រើការប្រៀបធៀបខុសពីនេះដើម្បីបង្រៀនពីសេចក្ដីពិតដូចគ្នានេះ ៖ « វាគឺតាមការរៀបចំរបស់ព្រះ ថាសំឡេងទាំងអស់នៅក្នុងក្រុមចម្រៀងរបស់ព្រះគឺពុំដូចគ្នានោះទេ ។ វាមានភាពខុសគ្នា—សំឡេង sopranos សំឡេង altos សំឡេងមនុស្សប្រុស និងសំឡេង basses ដើម្បីធ្វើឲ្យតន្ត្រីពិរោះរណ្ដំ ។… នៅពេលយើងបង្អាប់ភាពពិសេសរបស់យើង ឬព្យាយាមអនុលោមទៅតាមការកំណត់បែបផែនដែលប្រឌិតឡើង…នោះយើងបាត់បង់ភាពក្រអួនក្រអៅនៃសំឡេងចម្រុះ ដែលព្រះសព្វព្រះទ័យចង់បាន ពេលទ្រង់បានបង្កបង្កើតពិភពលោកនៃភាពចម្រុះគ្នានេះឡើង » ។៣
ដើម្បីជួយសិស្សម្នាក់ៗឲ្យក្លាយជា « ប្រែចិត្តជឿ… ខណៈពួកគេនៅជាមួយនឹងយើង » ៤ ឲ្យមានប្រសិទ្ធភាព នោះយើងត្រូវជឿថា សិស្សម្នាក់ៗមានតម្លៃ និងធ្វើសកម្មភាពឲ្យសមតាមនោះ ។ កាលគិតពីសេចក្ដីពិតទាំងនេះ ខ្ញុំសូមអញ្ជើញបងប្អូនរាល់គ្នាឲ្យសួរខ្លួនឯងនូវសំណួរទាំងពីរនេះ ៖ ទីមួយ « តើខ្ញុំជឿដោយស្មោះត្រង់ថា សិស្សម្នាក់ៗរបស់ខ្ញុំមានតម្លៃ ហើយអាចក្លាយជាសមាជិកដែលចូលរួមចំណែកម្នាក់ដែរឬទេ ? » ទីពីរ « តើសកម្មភាពរបស់ខ្ញុំបង្ហាញពីជំនឿនោះទេ ? »
ខ្ញុំអធិស្ឋានថា ព្រះអម្ចាស់នឹងជួយយើងឲ្យបានដឹកនាំដោយជំនឿនេះកាន់តែខ្លាំង ។
មេរៀនទី ៣ ៖ ប៉ុលបង្រៀនថា យើងគួរតែបង្ហាញពីការយកចិត្តទុកដាក់ដូចគ្នាចំពោះសមាជិកនីមួយៗ ។ លោកមានប្រសាសន៍ថា « ដើម្បីមិនឲ្យមានសេចក្ដីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មានបានជួយគាំពារគ្នាទៅវិញទៅមក » ។៥
នេះគឺជាខគម្ពីរមួយនៃការឆ្លុះបញ្ចាំងពីខ្លួនឯងដ៏មានអានុភាព ៖ តើខ្ញុំផ្ដល់ « ការជួយគាំពារគ្នា » ដល់សិស្សម្នាក់ៗដែរឬទេ ? តើខ្ញុំផ្ដោតលើសិស្សដែលមើលទៅរួមចំណែកក្នុងថ្នាក់តាមរបៀបច្បាស់ខ្លាំងជាងសិស្សដទៃឬទេ ? តើវាងាយស្រួលជាងសម្រាប់ខ្ញុំឬ ដើម្បីស្រឡាញ់សិស្ស ដែលលើកដៃពួកគេ ហើយតែងត្រៀមបទគម្ពីររបស់ពួកគេជាស្រេច ដើម្បីចែកចាយថ្លែងទីបន្ទាល់ និងមតិដ៏មានអត្ថន័យ ? តើវាងាយស្រួលជាងសម្រាប់ខ្ញុំឬ ដើម្បីផ្ដល់ក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់សិស្សដែលស្រឡាញ់ខ្ញុំ ដែលស្រឡាញ់សិស្សក្នុងថ្នាក់ ដែលមករៀនទាន់ម៉ោង និងមិនបានមករៀនតែពេលមានជំងឺធ្ងន់ធ្ងរឬ ? តើសិស្សផ្សេងទៀតកត់សម្គាល់ទេ នៅពេលខ្ញុំមិនបានផ្ដល់ « ការជួយគាំពារគ្នា » ដល់សិស្សនីមួយៗ ? ហើយតើការណ៍នោះប៉ះពាល់ដល់បរិយាកាសនៃសេចក្ដីស្រឡាញ់ ការគោរព និងគោលបំណងនៅក្នុងថ្នាក់រៀនខ្ញុំយ៉ាងដូចម្ដេច ? សិស្សហាក់មើលឃើញ និងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដូចជាព្រះអង្គសង្គ្រោះប្រព្រឹត្ត នៅពេលយើងម្នាក់ៗធ្វើជាគំរូសម្រាប់ពួកគេ ។
នៅពេលយើងខិតខំធ្វើជាតំណាងឲ្យព្រះអង្គសង្គ្រោះនៅក្នុងការបង្រៀនរបស់យើង និងអភិវឌ្ឍសមត្ថភាពដើម្បីមើលដូចជាទ្រង់ទត នោះយើងត្រូវចាំថា (១) សិស្សទាំងអស់មានអំណោយទានខាងវិញ្ញាណដើម្បីរួមចំណែក (២) សមាជិកគ្រប់គ្នាមានតម្លៃ និង (៣) យើងត្រូវបង្ហាញ « ការជួយគាំពារគ្នា » សម្រាប់សមាជិកម្នាក់ៗ ។
ខ្ញុំចង់ចែកចាយមេរៀនបន្ថែមមួយទៀត ដែលខ្ញុំបានរៀន កាលខ្ញុំបានសញ្ជឹងគិតពីតម្រូវការសម្រាប់អាទិភាពនេះ ។ នៅក្នុងជំនាន់របស់យើង អារក្ស « តែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន » ។៦ ពីព្រោះវាគឺជាអ្នកដែលលួចអត្តសញ្ញាណផ្ទាល់របស់មនុស្ស វាបន្ដស្វែងរកលួចបុគ្គលដែលមានអត្តសញ្ញាណដ៏ទេវភាព និងមានទំនាក់ទំនងជាមួយស្ថានសួគ៌ ។ យើងត្រូវតែអភិវឌ្ឍសមត្ថភាពដើម្បីមើលដូចជាព្រះអង្គសង្គ្រោះទតមើល ដើម្បីឲ្យយើងអាចជួយអ្នកដទៃឲ្យយល់ពីសក្ដានុពលមកពីព្រះរបស់ពួកគេ និងមានភក្ដីភាពចំពោះព្រះអម្ចាស់នៅក្នុងពិភពលោកដ៏ច្របូកច្របល់មួយ ដែលរាប់ « សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត » ។៧
វីរនារីក្នុងព្រះគម្ពីរដ៏អស្ចារ្យមួយរបស់ខ្ញុំ ដែលជាគំរូដ៏ល្អក្រៃលែងអំពីសមត្ថភាពនេះគឺ អ័ប៊ីកែល ។ នាងត្រូវបានពិពណ៌នានៅក្នុងព្រះគម្ពីរសញ្ញាចាស់ថាជា « ស្ដ្រីប្រកបដោយប្រាជ្ញា ទាំងរូបក៏ស្រស់បស់ល្អ » ។៨ នាងបានរៀបការនឹង ណាបាល ជាបុរស « ដែលធ្វើអាក្រក់ » ។៩ បន្ទាប់ពីណាបាលប្រមាថ និងបដិសេធមិនជួយដាវីឌមក ដាវីឌបានប្រមូលមនុស្សរបស់លោកដោយមានបំណងឲ្យសម្លាប់ណាបាល និងគ្រួសាររបស់គាត់ ។ នៅពេលអ្នកបម្រើរបស់ណាបាលប្រាប់អ័ប៊ីកែលអំពីគ្រោះថ្នាក់ដែលជិតកើតឡើងនេះ នោះនាងប្រញាប់ប្រមូលរបស់របរ និងចេញទៅជួបនឹងដាវីឌភ្លាម ។
កាលកំពុងជួបដាវីឌនោះ អ័ប៊ីកែលឱនក្បាលចុះចំពោះមុខដាវីឌ ហើយជានិមិត្តសញ្ញានៃព្រះគ្រីស្ទនោះ នាងបានទទួលយកទំនួលខុសត្រូវចំពោះកំហឹងដែលនាងមិនបានប្រព្រឹត្ត ហើយអង្វរសុំការអភ័យទោសពីលោក ។១០ តើអ័ប៊ីកែលមើលឃើញអ្វីនៅក្នុង ណាបាល ដែលជម្រុញឲ្យនាងការពារគាត់នោះ ?
តើនាងបានឃើញអ្វីនៅក្នុងដាវីឌ ដែលបណ្ដាលឲ្យនាងនិយាយថា ៖ « សូមអត់ទោសសេចក្ដីរំលងនេះដល់បាវស្រីរបស់លោកផង ត្បិតព្រះយេហូវ៉ាទ្រង់នឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំឲ្យមាំមួនឡើងជាពិតប្រាកដ ពីព្រោះលោកម្ចាស់នៃខ្ញុំតែធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្ដីអាក្រក់ណានៅក្នុងលោកម្ចាស់ឡើយ គ្រប់មួយជីវិតរបស់លោក ? » ១១
ហេតុអ្វីនាងបានជ្រើសរើសរំឭកដល់ដាវីឌ ថាលោកជានរណា និងពីសេចក្ដីសន្យាដែលព្រះអម្ចាស់បានធ្វើនៅក្នុងគ្រាដ៏សំខាន់បែបនោះ ? តើទង្វើនៃសេចក្ដីជំនឿរបស់នាងបានមានឥទ្ធិពលអ្វីខ្លះ ?
ខ្ញុំស្រឡាញ់ចម្លើយរបស់ដាវីឌទៅកាន់នាង នៅពេលលោកប្រកាស ៖
« សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែលទ្រង់បានចាត់អ្នកឲ្យមកជួបនឹងខ្ញុំនៅថ្ងៃនេះ ៖
« ហើយសូមពរដល់ប្រាជ្ញារបស់អ្នក និងដល់ខ្លួនអ្នកផង ដោយព្រោះអ្នកបានឃាត់មិនឲ្យខ្ញុំកំចាយឈាម ហើយមិនឲ្យសងសឹកដល់គេដោយដៃខ្លួនខ្ញុំនៅថ្ងៃនេះ » ។១២
ខ្ញុំជឿថា នៅក្នុងពេលនោះ ដែលវារំឭកខ្ញុំដល់ការសន្យារបស់ប្រធាន ផាកកឺ ថា អ័ប៊ីកែលបានមាន « ព្រះភ័ក្រ្ដរបស់ព្រះគ្រីស្ទ…ឆ្លាក់នៅលើ[ ទឹកមុខរបស់នាង ] ។ ហើយរាល់គោលបំណងពិតប្រាកដទាំងអស់ នៅក្នុងថ្នាក់រៀននៅពេលនោះ និងនៅក្នុងការបង្ហាញ និងដោយការបំផុសគំនិតនោះ [ នាងគឺជាទ្រង់ ហើយទ្រង់គឺជានាង ] » ។១៣
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងមានឱកាសសាមញ្ញៗ ដើម្បីមើលទៅអ្នកដទៃដូចជាទ្រង់ទតទៅពួកគេ ហើយជួយពួកគេឲ្យឃើញពីទេវភាពនៅក្នុងខ្លួនពួកគេ ។
ពាក្យសម្ដីមិនអាចបង្ហាញពីសេចក្ដីស្រឡាញ់ និងការដឹងគុណដែលខ្ញុំមានចំពោះអស់អ្នកដែលបានបង្ហាញចរិតដូចជាព្រះគ្រីស្ទនេះនៅក្នុងជីវិតរបស់ខ្ញុំបានឡើយ ។ ជាពិសេសបំផុតនោះគឺជាអ្នកម្ដាយដូចជាទេវតារបស់ខ្ញុំ ដែលតែងមើលមកខ្ញុំថា ជាបុគ្គលម្នាក់ដែលមានសក្ដានុពលមកពីព្រះ និងមានអំណោយទានខាងវិញ្ញាណ ។ គាត់តែងតែមើលឃើញខ្ញុំថាជាអ្នករួមចំណែក—ទោះជាពេលខ្ញុំមិនបានធ្វើដូច្នោះក្ដី—ហើយគាត់បានធ្វើការដោយឥតនឿយហត់ដើម្បីជួយខ្ញុំឲ្យអភិវឌ្ឍសក្ដានុពលភាពនោះ ។ ខ្ញុំមានអ្នកដឹកនាំបព្វជិតភាព ដែលបាននាំមកនូវក្ដីសង្ឃឹមក្នុងជីវិតរបស់ខ្ញុំដោយផ្ទេរនូវសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌មកខ្ញុំ ហើយរំឭកខ្ញុំពីតម្លៃរបស់ខ្ញុំ ។ គ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានផ្ទាល់ខ្លួនរបស់ខ្ញុំ—ដែលបងប្អូនជាច្រើនបានមើលនៅថ្ងៃនេះ—បានឃើញអ្វីមួយនៅក្នុងខ្លួនខ្ញុំ ដែលខ្ញុំពុំអាចមើលឃើញដោយខ្លួនឯង ។ ការងាររបស់ខ្ញុំបានរីកចម្រើនយ៉ាងស្រស់ត្រកាលដោយសារបុរស និងស្ដ្រីដែលបានលើកខ្ញុំឡើង និងបានដឹកនាំខ្ញុំទៅកាន់ព្រះអង្គសង្គ្រោះ តាមរយៈគំរូរបស់ពួកគាត់ក្នុងការមើលទៅបុគ្គលម្នាក់ៗ ។
ខ្ញុំមានអំណរដ៏អស់កល្បចំពោះរបៀប ដែលព្រះអម្ចាស់បន្ដបង្ហាញដល់ខ្ញុំថា ទ្រង់ទតមកខ្ញុំជាបុគ្គលម្នាក់ដែលមានភាពសាកសម និងមានតម្លៃ ។ ទ្រង់បានប្រទានពរដល់ខ្ញុំនូវអំណោយទាន និងផ្ដល់នូវឱកាសជាច្រើនសម្រាប់ខ្ញុំដើម្បីប្រើអំណោយទានទាំងនោះដើម្បីជួយដល់អ្នកដទៃឲ្យក្លាយដូចជាទ្រង់ ។ ហើយខ្ញុំដឹងថា ទ្រង់ក៏ធ្វើដូច្នោះដែរសម្រាប់បងប្អូនគ្រប់គ្នា និងសម្រាប់សិស្សរបស់យើងគ្រប់រូប ។
ពីរបីខែកន្លងទៅ ខ្ញុំបានទទួលបទពិសោធន៍ដ៏ល្អមួយ ពេលសិក្សាព្រះគម្ពីរដោយផ្ដោតលើរបៀបដែលព្រះអង្គសង្គ្រោះទតមើលបុគ្គលម្នាក់ៗ និងបង្រៀនស្របតាមទស្សនវិស័យនោះ ។ ការរៀនដោយផ្ទាល់ពីទ្រង់បានផ្លាស់ប្ដូរខ្ញុំ ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យចាប់យកឱកាសដូចគ្នានេះ ។ ទ្រង់គឺជាគំរូដ៏ឥតខ្ចោះ ។ យើងមានគំរូដ៏ច្រើនរាប់មិនអស់ពីរបៀបដែលទ្រង់បានកែច្នៃបទពិសោធន៍រៀនសូត្រ និងមេរៀនទាំងឡាយឲ្យបំពេញតាមសេចក្ដីត្រូវការរបស់បុគ្គល ហើយជួយអ្នកដែលទ្រង់បានបង្រៀនឲ្យយល់ពីសក្ដានុពលមកពីព្រះរបស់ពួកគេកាន់តែប្រសើរ ។
មិត្តជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំអធិស្ឋានថា ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌នឹងបន្ដបង្កើនសមត្ថភាពរបស់យើងម្នាក់ៗ ដើម្បីមើលដូចជាទ្រង់ទត ដើម្បីស្រឡាញ់ដូចជាទ្រង់ស្រឡាញ់ ហើយដើម្បីធ្វើដូចជាទ្រង់នឹងធ្វើដែរ ។ ខ្ញុំសូមអធិស្ឋានថា យើងនឹងស្វែងរកអំណោយទាននេះ ហើយរកឃើញរបៀបដើម្បីទទួលបាន ឬពង្រឹងវា ។ ខ្ញុំអធិស្ឋានថា យើងនឹងបន្ដខិតខំឆ្លាក់ព្រះភ័ក្រ្ដរបស់ព្រះអង្គសង្គ្រោះនៅលើទឹកមុខរបស់យើង នៅពេលយើងឈរពីមុខសិស្សរបស់យើងរាល់ថ្ងៃ ។ ខ្ញុំដឹងថា យើងអាចអភិវឌ្ឍអំណោយទាននេះបាន នៅពេលយើងស្វែងរកជំនួយពីទ្រង់ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2017 by Intellectual Reserve, Inc. All rights reserved. អនុមតិជាភាសាអង់គ្លេស ៖ ៥/១៧ ។ អនុមតិបកប្រែ ៖ ៥/១៧ ។ ការបកប្រែនៃ « See the One » ។ Cambodian ។ PD60004121 258