![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2Fe9%2F9e%2Fe99e8f40d51ee182953c8b2cda8cd06f8a87f90d%2Fe99e8f40d51ee182953c8b2cda8cd06f8a87f90d.jpeg/full/!250,/0/default)
ក្នុងពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ
ការចាក់ផ្សាយការបំពាក់បំប៉នប្រព័ន្ធអប់រំសាសនាចក្រឆ្នាំ ២០១៩•នៅអគារការិយាល័យសាសនាចក្រ ជាន់សាលប្រជុំដ៏ធំ
បងប្អូនប្រុសស្រី នេះជាអំណរមួយដើម្បីនៅជាមួយបងប្អូននៅថ្ងៃនេះ ។
យើងមានពរដែលបានស្តាប់ប្រសាសន៍បងប្រុស ឆាដ វិប ។ វាអស្ចារ្យណាស់ដែលព្រះអម្ចាស់ស្រឡាញ់យើងយ៉ាងខ្លាំង ។ ប្រធានបទនៃសេចក្តីស្រឡាញ់នេះបានបំផុសចិត្តរបស់បងប្រុស ឆាដ វិប និងខ្ញុំផងដែរ ។ វាគួរឲ្យចាប់អារម្មណ៍អំពីរបៀបដែលយើងនិយាយអំពីរឿងនេះបន្តបន្ទាប់គ្នា ។ ខ្ញុំសង្ឃឹមថា អ្នកអាចចំណាយពេលបន្តិចកត់ចំណាប់អារម្មណ៍ដែលអ្នកទទួលបានថ្ងៃនេះអំពីប្រធានបទនៃសេចក្តីស្រឡាញ់ ។
ខ្ញុំក៏ចង់សម្តែងនូវការដឹងគុណដ៏ជាខ្លាំងចំពោះ អែលឌើរ គីម ប៊ី ក្លាក និងបងប្រុស ឆាត វិប ដែលបានធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណជាប់ជានិច្ច និងអធិស្ឋានទូលអង្វរសូមភាពរឹងមាំសម្រាប់យុវវ័យរបស់យើង ។ នៅពេលដែលយើងបានទទួលការព្យាករដែលសង្កត់ធ្ងន់ទៅលើការសិក្សាដំណឹងល្អដោយផ្ដោតទៅលើគេហដ្ឋាន បងប្រុសដ៏ស្មោះត្រង់ទាំងនេះបានសួរថា « តើយុវជនអាចក្លាយជាឧបករណ៏ដ៏អស្ចារ្យ នៅក្នុងការពង្រឹងគេហដ្ឋានរបៀបណា ? » អ្នកទាំងអស់គ្នាបានដឹងអំពីអ្វីកើតមានឡើងបន្ទាប់ទៀត ។ ពួកគេបានធ្វើការជាមួយកាលវិភាគសាលាផ្សេងៗគ្នាចំនួនដប់មួយនៅទូទាំងពិភពលោក ដើម្បីបញ្ចូលកម្មវិធីថ្នាក់សិក្ខាសាលា ជាមួយព្រះគម្ពីរ ដែលបានប្រើរាល់ឆ្នាំសម្រាប់កម្មវិធីសិក្សា ចូរមកតាមខ្ញុំ ។ ការបំផុសគំនិតផ្លាស់ប្តូរនេះ គឺពិតជាអព្ភូតហេតុ !
ខ្ញុំរំភើបចិត្តណាស់ពេលដែលស្រមៃថា យុវវ័យ និង យុវមជ្ឈិមវ័យ កំពុងនាំយកសេចក្តីពិតនៃដំណឹងល្អពីថ្នាក់រៀនទៅកាន់គេហដ្ឋានរបស់ពួកគេ ។ ពួកគេនឹងបង្កើននូវទំនុកចិត្តទាំងការយល់ដឹងផ្ទាល់ខ្លួន និងសមត្ថភាពរបស់ពួកគេក្នុងការចែកចាយដំណឹងល្អ ។ ការស្តាប់ឮសម្លេងរបស់ពួកគេផ្ទាល់ក្នុងការប្រកាសសេចក្តីពិតរបស់ព្រះអង្គសង្គ្រោះ នឹងបន្តក្លាយជាការស្ថាបនាបទពិសោធន៏នៃទីបន្ទាល់ប្រកបដោយព្រះចេស្តា ។
ខ្ញុំមានអំណរគុណណាស់សម្រាប់ការស្តារឡើងវិញនៃដំណឹងល្អ និងសម្រាប់រដូវកាលនៃការលូតលាស់ដ៏រុងរឿងនេះ ។
ខ្ញុំក៏សូមសម្តែងការថ្លែងអំណរគុណចំពោះភរិយាពួកលោក និងអ្នកដែលជួយជ្រោមជ្រែងដល់គ្រូបង្រៀនដ៏អស្ចារ្យទាំងនេះ អរគុណចំពោះអ្នកដែលបានស្តាប់គំនិតមេរៀន អរគុណអ្នកទាំងឡាយដែលបានចែកចាយរឿងផ្ទាល់ខ្លួន ( សង្ឃឹមថាដោយមានការអនុញ្ញាតរបស់អ្នក ) និងអរគុណអ្នកទាំងឡាយដែលបានស្រាវជ្រាវប្រើប្រាស់ឧបករណ៍សម្រាប់ មេរៀនពីធនធានក្នុងចង្ក្រានបាយ និងក្នុងយាន្តដ្ឋាន ។ ខ្ញុំសង្ឃឹមថា បងប្អូន នឹងមិនមើលស្រាល ឥទ្ធិពលរបស់បងប្អូនឡើយ ។
ឃ្លាមួយនិយាយថា « អាពាហ៏ពិពាហ៏គឺជាប្រធានបទសំខាន់…ដែលឆ្លើយតបក្នុងគ្រប់ស្ថានភាពនៃការបង្រៀនទាំងអស់ ។… នៅពេលដែលមនុស្សរៀបការនឹងគ្នា ពួកគេដឹង ហើយយល់ព្រមរៀនពីគ្នាទៅវិញទៅមក » ។១ ស្វាមីរបស់ខ្ញុំ ដេរិក គឺជាអ្នកគ្រាំទដ៏ជាទីទុកចិត្ត និងជាឥទ្ធិពលរបស់ខ្ញុំ—ជាគ្រូបង្រៀនក្នុងក្រុមខ្ញុំ—ទោះបីជាពេលខ្លះ គាត់កម្រនឹងឈរក្បែខ្ញុំក្នុងឱកាសនៃការបង្រៀនរបស់ខ្ញុំក្តី ។ កាលដែលអ្នកប្រឹក្សា និងរៀនជាមួយគ្នា យុវមជ្ឈិមវ័យ យុវវ័យ និងក្រុមគ្រួសារពួកគេ នឹងបានទទួលពរជ័យដោយឥទ្ធិពលរបស់អ្នក ។ អ្នកគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចការដ៏អស្ចារ្យ ។
សារលិខិតរបស់ខ្ញុំថ្ងៃនេះចាប់ផ្តើមជាមួយនឹងឃ្លាមួយនៃបទចម្រៀងថ្នាក់កុមារដែលយើងស្គាល់ ។ ខ្ញុំនឹងចាប់ផ្តើម ហើយអ្នកនឹងបញ្ចប់ ។ « ប្រាប់ខ្ញុំឲ្យដើរ … »
«… ក្នុងពន្លឺនៃព្រះអង្គ ។
« ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺនៃព្រះអង្គ » ។ ២ គោលការណ៍ទាំងពីរ ពន្លឺ និង ក្តីស្រឡាញ់ បានដក់ជាប់ក្នុងសតិអារម្មណ៏របស់ខ្ញុំ និងជាដៃគូដែលបានធ្វើដំណើរជាមួយខ្ញុំ ពេលដែលខ្ញុំពិចារណាអំពីពេលវេលាដែលយើងបាននៅជាមួយគ្នាថ្ងៃនេះ ។ ពាក្យពេចន៏ទាំងនេះក៏បានប្រាកដឡើងនៅបន្ទាត់ដំបូងក្នុងសន្ទរកថារបស់ប្រធាន ហិនរី ប៊ី អាវរិង ពេលលោកបានមានប្រសាសន៏ថា « សេចក្តីសង្ឃឹមរបស់ខ្ញុំ ចំពោះបងប្អូននៅថ្ងៃនេះគឺថា យើងទាំងអស់គ្នាអាចទទួលអារម្មណ៏នៃសេចក្តីស្រឡាញ់ និងពន្លឺពីព្រះ » ។៣ វាសាមញ្ញប៉ុន្តែជាបំណងប្រាថ្នាដ៏ប្រកបដោយអានុភាព ដើម្បីចាប់ផ្តើមថ្នាក់រៀននិមួយៗ ។ ក្តីសង្ឃឹមរបស់ខ្ញុំគឺថា សិស្សគ្រប់រូប នឹងទទួលអារម្មណ៏នៃសេចក្តីស្រឡាញ់ និងពន្លឺពីព្រះ ។ សេចក្តីសន្យាដ៏អស្ចារ្យអស់កល្បជានិច្ចគឺរង់ចាំពួកគេ និងគ្រួសារពួកគេ កាលដែលពួកគេបានរៀនទទួលអារម្មណ៏នៃពន្លឺ និងសេចក្តីស្រឡាញ់របស់ទ្រង់ ។
ខ្ញុំបានសួរកូនប្រុសរបស់ខ្ញុំ ដាល្លិន « តើអ្វីដែលសំខាន់បំផុតចំពោះកូនក្នុងថ្នាក់សិក្ខាសាលា ? » ខ្ញុំរំពឹងថា ចម្លើយនោះគឺចំណេះចំណានខាងគោលលទ្ធិ ឬការបញ្ចប់ការអានព្រះគម្ពីរមរមន ។ ខ្ញុំភ្ញាក់ផ្អើលដែលបានឮចម្លើយតបចេញពីគំនិតគាត់ ។
« គ្រូបង្រៀន » ។
ខ្ញុំបានសួរ « គ្រូបង្រៀន ? » ។
គាត់បានពន្យល់ថា « យើងអាចមើលឃើញគ្រូបង្រៀនមួយចំនួនថា គាត់ពិតជាស្រឡាញ់យើង » ។
បទពិសោធន៏នេះអាចបញ្ជាក់ប្រាប់ខ្ញុំថា ឥទ្ធិពលនៃសេចក្តីស្រឡាញ់ជានិរន្ត៏គឺមាននៅក្នុងដួងចិត្តរបស់បុគ្គលម្នាក់ៗ ។
អ្នកមានក្តីអំណរក្នុងការបង្រៀនយុវវ័យ និងយុវមជ្ឈិមវ័យដ៏អស្ចារ្យនៃសាសនាចក្រទាំងនេះ និងឈរជាសាក្សី ចំពោះសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកគេ ។ ខ្ញុំស្រឡាញ់ពួកគេ ហើយខ្ញុំដឹងថា អ្នកក៏ស្រឡាញ់ពួកគេផងដែរ ។ វាប្រាកដដូចជាអ្វីដែលប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៏ថាព្រះវរបិតាសួគ៌របស់យើង « ពួកវិញ្ញាណដ៏អស្ចារ្យៗបំផុត…ជាក្រុមដ៏ល្អបំផុតរបស់ទ្រង់ —[ រក្សា ] សម្រាប់ដំណាក់កាលចុងក្រោយនេះ » ។៤
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានក្លាយជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាមួយរយៈពេលខ្លី ។ ក្នុងចិត្តរបស់ខ្ញុំ ប្អូនៗគឺពិតជាគួរឲ្យស្រឡាញ់ណាស់ ហើយខ្ញុំបានយល់ដឹងពីការទទួលខុសត្រូវរបស់ប្អូនៗបន្តិចបន្តួច ។ នៅក្នុងឆ្នាំ ២០០៨ ខ្ញុំត្រូវបានហៅជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា ពេលព្រឹកព្រលឹមនៅក្នុងរដ្ឋយូថាហ៍ ។ នៅពេលប្រធានស្តេកហៅខ្ញុំ ខ្ញុំបានគិតថា « តើពួកលោកមិនមានគ្រូបង្រៀនពេញម៉ោង នៅក្នុងរដ្ឋយូថាហ៏ទេឬ ? » អរគុណណាស់ ដែលខ្ញុំមិនបាននិយាយចេញនូវអ្វីដែលខ្ញុំបានគិតពេលនោះ ហើយផ្ទុយទៅវិញ ខ្ញុំបានទទួលខុសត្រូវកាន់កូនសោមួយឈុតត្រូវចាក់សោបើកអគារថ្នាក់សិក្ខាសាលាជារៀងរាល់ព្រឹកនៅម៉ោង ៥: ៤៥ នាទី ។ ខ្ញុំសូមប្រាប់ថា រដូវរងារនៅរដ្ឋយូថាហ៏ រងារណាស់នៅម៉ោង ៥: ៤៥ នាទី ព្រឹក ។
បទពិសោធន៏អំឡុងពេលការបង្រៀនថ្នាក់សិក្ខាសាលារបស់ខ្ញុំ វាបានបញ្ចាក់ដល់ខ្ញុំយ៉ាងច្បាស់ថា តើព្រះអម្ចាស់ស្រឡាញ់សិស្សម្នាក់ៗរបស់ទ្រង់ប៉ុណ្ណា ។ ខ្ញុំបានដឹងថាវាគឺជាភព្វ័សំណាងណាស់ដែលយុវវ័យមួយចំនួនមានឪពុកម្ដាយជាទីស្រឡាញ់ និងស្មោះត្រង់ ។ ខ្ញុំក៏បានដឹងពីយុវវ័យមួយចំនួន ដែលមិនបានទទួលសេចក្តីស្រឡាញ់ និងការយកចិត្តទុក្ខដាក់ដែលពួកគេត្រូវការ ហើយពួកគេអស់សង្ឃឹមយ៉ាងខ្លាំង ។ យើងក៏រកឃើញការចង់បានសេចក្តីស្រឡាញ់យ៉ាងខ្លាំង ដូចគ្នាចំពោះយុវមជ្ឈិមវ័យនៅលីវរបស់យើង ។
ខ្ញុំបានដឹង ខ្ញុំទទួលស្គាល់ថា ចរិកលក្ខណៈដ៏សំខាន់បំផុតរបស់គ្រូបង្រៀន គឺសមត្ថភាពក្នុងការស្រឡាញ់— ដូចជាសេចក្តីស្រឡាញ់ដែលយ៉ូហានថ្លែងថា ៖ « យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់នោះឈ្មោះថាមកពីព្រះហើយក៏ស្គាល់ទ្រង់ដែរ ។ តែអ្នកណាដែលគ្មានសេចក្តី ស្រឡាញ់នោះមិនស្គាល់ ព្រះវិញពីព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់នោះឯង ។៥
ក្នុងនាមជាគ្រូបង្រៀនម្នាក់ គោលដៅដ៏សំខាន់បំផុតរបស់យើងគួរតែបង្កើនសេចក្តីស្រឡាញ់ចំពោះព្រះ ហើយបង្ហាញសេចក្តីស្រឡាញ់របស់ព្រះចំពោះយុវវ័យ និងយុវមជ្ឈិមវ័យដែលយើងត្រូវបានហៅឲ្យបង្រៀន ។
មាននូវអំណាចដ៏អស្ចារ្យនៅក្នុង សេចក្តីស្រឡាញ់របស់ព្រះ ។ ខ្ញុំសូមបែងចែកសេចក្តីស្រឡាញ់នេះជាបីផ្នែក ៖ គឺក្តីស្រឡាញ់ក្នុងជីវិតរបស់យើង សេចក្តីស្រឡាញ់ក្នុងគេហដ្ឋានរបស់យើង និងសេចក្តីស្រឡាញ់ក្នុងថ្នាក់របស់យើង ។
ទីមួយ អំណាចនៃសេចក្តីស្រឡាញ់ក្នុងជីវិតរបស់យើងផ្ទាល់ ។ វាចាំបាច់ណាស់ដែលយើងត្រូវជឿ និងទុកចិត្តថា ព្រះស្រឡាញ់យើង ។ សិស្សរបស់យើងនឹងមិនទទួលអារម្មណ៏នៃ សេចក្តីស្រឡាញ់ពីព្រះអម្ចាស់ លើកលែងតែយើងទទួលអារម្មណ៏នៃសេចក្តីស្រឡាញ់ពីព្រះអម្ចាស់សម្រាប់ខ្លួនរបស់យើង ជាមុនសិន ។ ខ្ញុំស្ញប់ស្ញែងចំពោះព្រះគម្ពីរនេះ « ដ្បិតព្រះ ទ្រង់ ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។៦ តើយើងបានពិចារណា និងទទួលអារម្មណ៏ថាវាចាំបាច់សម្រាប់សេចក្តីស្រឡាញ់នេះឬទេ ? ពេលខ្លះខ្ញុំងឿងឆ្ងល់ ប្រសិនបើយើងបានស្វែងរកអារម្មណ៏នៃសេចក្តីស្រឡាញ់នោះគ្រប់គ្រាន់ឬទេ ។ តើយើងស្គាល់ខ្លួនយើងជានរណា និងតើយើងជាកម្មសិទ្ធរបស់អ្នកណា ?៧ ខ្ញុំសូមអញ្ជើញប្អូនៗឲ្យសួរទ្រង់ដោយរាបសា អធិស្ឋានដោយស្មោះត្រង់ សម្រាប់ជំនួយ ដើម្បីទទួលបានអារម្មណ៏នៃសេចក្តីស្រឡាញ់ដ៏ទេវភាពសម្រាប់ប្អូនៗ ។
សិទ្ធិអ្នកនិពន្ធ ស៊ីម៉ូន ឌូវី ២០១៩ Permission Altus Fine Art
ពីព្រោះពិភពលោកនេះថោកទាប បំភាន់ និង មានសេចក្តីត្រូវការ វាអាចងាយស្រួលនឹងកាត់ផ្តាច់ចេញ ហើយមិនដឹងត្រូវឈប់នៅកន្លែងណា ។ វាសំខាន់ខ្លាំងណាស់ដែលយើង ទទួលនឹមទ្រង់មកលើយើង ៨ ហើយស្វែងរកអារម្មណ៏នៃសេចក្តីស្រឡាញ់ពីទ្រង់ ។ នៅពេលយើងខិតខំធ្វើនូវកិច្ចការនេះ នោះទ្រង់នឹងចាក់ស្រោចសេចក្តីស្រឡាញ់របស់ទ្រង់យ៉ាងបរិបូរណ៍ក្រៃលែង ។
ទីពីរ សេចក្តីស្រឡាញ់របស់ព្រះត្រូវតែនៅក្នុងគេហដ្ឋានរបស់យើង ។ ខ្ញុំសូមបង្ហាញគោលការណ៍នេះតាមរយៈដំណើររឿងមួយ ។ ល្ងាចមួយស្វាមីរបស់ខ្ញុំដេរីក និងខ្ញុំ មិនចុះសម្រុងគ្នារឿងមួយ ។ យើងបានចូលដេកទាំងមិនបានដោះស្រាយបញ្ហានោះ ទោះយ៉ាងណាខ្ញុំដឹងថាខ្ញុំជាអ្នកត្រូវ ។
នៅព្រឹកបន្ទាប់ ខ្ញុំលុតជង្គង់អធិស្ឋាន ទូលសូមឲ្យមានព្រះវិញ្ញាណជាបរិបូរ សម្រាប់ការរៀបចំបង្រៀនថ្នាក់សិក្ខាសាលារបស់ខ្ញុំ ។ ខ្ញុំទូលថា សូមឲ្យយុវវ័យមានអារម្មណ៏នៃក្តីស្រឡាញ់របស់ព្រះម្ចាស់តាមរយៈខ្ញុំ ។ អំឡុងពេលដែលខ្ញុំត្រៀមខ្លួនសម្រាប់ថ្ងៃនោះ គំនិតរបស់ខ្ញុំវិលវល់គិតឃើញតែរឿងដែលមិនចុះសម្រុងគ្នា កាលពីយប់មិញនោះ ។ ពេលដែលខ្ញុំចូលឡានដោយភាពឆ្មើងឆ្មៃនៅក្នុងចិត្ត និងដោយយល់ឃើញថាខ្ញុំជាអ្នកត្រូវ ខ្ញុំដឹងថាខ្ញុំនៅតែអាចបង្រៀន និងនៅតែមានសេចក្តីស្រឡាញ់ពីព្រះវិញ្ញាណ ។ ខ្ញុំនៅតែបន្តទូលសូមការណែនាំដ៏ទេវភាព ពេលដែលខ្ញុំកំពុងបើកឡានទៅកាន់អគារថ្នាក់សិក្ខាសាលា ។ នៅតាមផ្លូវខ្ញុំនៅតែជឿជាក់មានទំនុកចិត្តលើខ្លួនឯង នៅតែគិតថាខ្លួនត្រូវ ខ្ញុំត្រូវបានល្បួងជាជានិច្ចមិនឲ្យអើពើរនឹងសំឡេងនៃព្រះវិញ្ញាណ ។ ទោះជាខ្ញុំគិតថាខ្លួនល្អយ៉ាងណាក្តី ព្រះវិញ្ញាណបានខ្សឹបប្រាប់ខ្ញុំ « ឲ្យត្រឡប់ទៅវិញ ។ ហើយនិយាយពាក្យសុំទោស ។ ទោះជានរណាជាអ្នកត្រូវក្តីត្រូវប្រែចិត្ត ហើយ ធ្វើឲ្យត្រូវវិញ » ។
«ចឹងក៏បាន !» យ៉ាងណាខ្ញុំបានទន់ចិត្ត ហើយបានបត់ឡានត្រឡប់មកវិញ ។ ខ្ញុំបានដើរចូលក្នុងបន្ទប់គេង ក្រឡេកមើលនាឡិកាម៉ោង ៥:២០ នាទីព្រឹក ហើយស្វាមីជាទីស្រឡាញ់របស់ខ្ញុំដេរីកកំពុងគេងនៅឡើយ ។ ចិត្តរបស់ខ្ញុំចាប់ផ្តើមទន់ភ្លន់ ពេលខ្ញុំដើរចូលលបៗនិយាយតិចៗថា « ដេរិក អូនសុំទោសចំពោះរឿងដែលកើតឡើងកាលពីយប់មិញ » ។ ឥឡូវនេះជារឿងធម្មតារបស់ដេរិក គាត់បានថ្លែងដោយស្រទន់ថា « បងបានអភ័យទោស ហើយបំភ្លេចរឿងនោះហើយ » ។ ចិត្តរបស់ខ្ញុំរំភើបដោយសេចក្តីស្រឡាញ់ និងមានអារម្មណ៏ទទួលក្តីមេត្តាដ៏មហិមាពីព្រះអម្ចាស់ ។
មាននូវសេចក្តីស្រឡាញ់ និងព្រះវិញ្ញាណដ៏ច្រើនសន្ធឹក នៅក្នុងថ្នាក់នាថ្ងៃនោះ ។ សេចក្តីស្រឡាញ់នៅក្នុងគេហដ្ខានមានឥទ្ធិពល ហួសពីជញ្ជាំងផ្ទះរបស់យើង ។
ហើយទីបី គ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានមានឱកាសពិសេសក្នុងការចែកចាយសេចក្តីស្រឡាញ់របស់ព្រះ ។ ក្នុងថ្នាក់របស់អ្នកគឺជាឱកាសដើម្បីស្រឡាញ់ បុគ្គលម្នាក់ៗ ។ ខ្ញុំមិនបានបង្រៀនថ្នាក់ដែលមានសិស្សចំនួន ៣៤ នាក់នោះទេ គឺខ្ញុំបង្រៀនបុគ្គលដ៏គួរឲ្យស្រឡា្ញញ់ ៣៤ នាក់ ។ ខ្ញុំគិតថានេះគឺជាសេចក្តីស្រឡាញ់ដែលកូនប្រុសរបស់ខ្ញុំដាល្លិន បានទទួល—វាមិនមែនគ្រាន់តែជាសេចក្តីស្រឡាញ់ចំពោះថ្នាក់ទាំងមូលនោះទេ ប៉ុន្តែជាអារម្មណ៍នៃការដឹងពីក្តីស្រឡាញ់ចំពោះបុគ្គលម្នាក់ៗផ្ទាល់ ។ នោះគឺជារបៀបនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។ ដើម្បីពិតជាស្រឡាញ់សិស្សរបស់យើងពិត យើងត្រូវមើលទៅពួកគេដូចជាព្រះវរបិតាសួគ៌ ទ្រង់ទតឃើញពួកគេ ។ តើទ្រង់ស្រឡាញ់អ្វីខ្លះអំពីពួកគេម្នាក់ៗ ? តើអំណោយទានអ្វីខ្លះដែលទ្រង់ប្រទានដល់ពួកគេ ? តើសក្តានុពលអ្វីខ្លះដែលទ្រង់ឃើញនៅក្នុងពួកគេ ? តាមរយៈការស្រឡាញ់ពួកគេពិតប្រាកដ នោះយើងនឹងអាចជួយនាំពួកគេមករកព្រះអង្គសង្គ្រោះបាន ។
នៅពេលដែលយើងចងចាំថា ព្រះគ្រីស្ទគឺជាប្រភពនៃសេចក្តីស្រឡាញ់គ្រប់យ៉ាង នោះយើងនឹងរកទ្រង់ ដើម្បីបង្កើនអារម្មណ៏នៃសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងទាំងក្នុងគេហដ្ឋាន និងក្នុងថ្នាក់របស់យើង ។ យើងមិនអាចផលិតសេចក្តីស្រឡាញ់បានទេ—វាកើតមានតែតាមរយៈទ្រង់ចំពោះយើង និងតាមរយៈយើងប៉ុណ្ណោះ ។ នៅក្នុងគម្ពីរមរ៉ូណៃ យើងត្រូវបានបង្រៀនថា « ចូរអធិស្ឋានដល់ព្រះវរបិតាដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះដែលទ្រង់បានប្រទានដល់អស់អ្នកណាដែលជាអ្នកដើរតាមដ៏ពិតនៃព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ » ។៩ ខ្ញុំសូមអធិស្ឋានសុំឲ្យយើងទទួលយកការអញ្ជើញរបស់មរ៉ូណៃ ។
ប្រធានអាវរិងអញ្ជើញយើងឲ្យទទួលទាំងអារម្មណ៏នៃ « សេចក្តីស្រឡាញ់ និងពន្លឺពីព្រះ » ។១០ វាងាយស្រួលក្នុងការគិតពិចារណាអំពីសេចក្តីស្រឡាញ់ និងពន្លឺរួមគ្នានៅពេលដែលយើងចងចាំថា ទ្រង់មិនត្រឹមតែជាប្រភពនៃគ្រប់ទាំងសេចក្តីស្រឡាញ់ប៉ុណ្ណោះទេ តែទ្រង់ក៏ជាពន្លឺផងដែរ ។ ព្រះយេស៊ូវគ្រីស្ទផ្ទាល់បានថ្លែងទីបន្ទាល់ថា « យើងជាពន្លឺ ហើយជាជីវិតនៃពិភពលោក » ។១១ នៅពេលយើងខិតទៅកាន់តែជិតនឹងទ្រង់ នោះទ្រង់នឹងបើកសម្តែងពន្លឺ សេចក្តីពិត និងសេចក្តីស្រឡាញ់បន្ថែមទៀតដល់យើង ។
ឥឡូវ ចូរយើងរំឮកដោយសង្ខេបលើបីចំណុចនៃសេចក្តីស្រឡាញ់ដែលយើងបានពិភាក្សា និងពិចារណាពីឥទ្ធិពលទាំងលើសេចក្តីស្រឡាញ់ និងពន្លឺ ។
-
នៅពេលដែលអ្នកទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះ នៅក្នុងជីវិតរបស់អ្នកផ្ទាល់ តើពន្លឺអ្វីនឹងបានមក ? តើទស្សនៈវិស័យ និងចំណេះដឹងអ្វីដែលអ្នកបានទទួលផ្ទាល់ខ្លួន ?
-
តើការរីកចម្រើនអ្វីខ្លះដែលចូលមកក្នុងចំណងអាពាហ៏ពិពាហ៏ និងគ្រួសាររបស់អ្នក ពេលដែលអ្នកទទួលអារម្មណ៏នៃសេចក្តីស្រឡាញ់ និងបទពិសោធន៏នៃការបង្កើនពន្លឺរបស់ព្រះ ?
-
នៅក្នុងថ្នាក់របស់អ្នក ពេលដែលសិស្សអ្នកទទួលអារម្មណ៏នៃក្តីស្រឡាញ់របស់ព្រះតាមរយៈអ្នក តើពន្លឺអ្វីនឹងចូលមកក្នុងជីវិតពួកគេ ? តើពួកគេនឹងរីកចម្រើនហើយផ្លាស់ប្តូរយ៉ាងណា ?
-
តើភាពងងឹតនឹងរលាយបាត់ដោយរបៀបណា នៅពេលដែលពួកស្គាល់ និងចេះស្វែងរកពន្លឺផ្ទាល់ខ្លួននោះ ?
សិទ្ធិអ្នកនិពន្ធ ស៊ីម៉ូន ឌូវី ២០១៩ Permission Altus Fine Art
តើវាមិនភ្ញាក់ផ្អើលទេឬ ដែលព្យាការីរបស់យើង ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើង« ឲ្យចម្រើនសមត្ថភាពខាងវិញ្ញាណ [ របស់យើង ] ដើម្បីទទួលបានវិវរណៈ » ។១២ នៅពេលយើងទទួលអារម្មណ៏នៃសេចក្តីស្រឡាញ់ពីព្រះគឺយើងពោរពេញដោយពន្លឺ និងសេចក្តីសង្ឃឹមរបស់ទ្រង់ ។ ពេលយើងស្វែងរកពន្លឺ និងការបំផុសគំនិតរបស់ព្រះ នោះយើងនឹងទទួលអារម្មណ៏នៃសេចក្តីស្រឡាញ់ដ៏ធំមហិមានៃទ្រង់ ។ នេះគឺជាធាតុផ្សំគ្នាមួយដ៏អស្ចារ្យម៉្លេះ ។
បទពិសោធន៏នៃការបង្រៀននៅពេលព្រឹកព្រលឹមរបស់ខ្ញុំ គឺមានជាមួយបុរសស្មោះត្រង់ម្នាក់ឈ្មោះ ចន ឡាន់ ។ អ្នកដែលមានក្តីជំនឿ ( ខ្លួនប្រាណ ) ដ៏ធំសម្បើមម្នាក់នេះបានបង្រៀនខ្ញុំអំពីភាពជាដៃគូនៃសេចក្តីស្រឡាញ់ និងពន្លឺ ។ ខ្ញុំសូមចែកចាយគំរូពីរជាមួយអ្នកនាថ្ងៃនេះ ។
សិស្សម្នាក់ដែលរៀនថ្នាក់សិក្ខាសាលាពេលព្រឹករបស់យើង ហាក់ដូចជាមានឧបសគ្គបន្តិចបន្តួច ។ ប្រតិកម្មរបស់ខ្ញុំនៅគ្រានោះគឺក្រឡាប់ភ្នែក ។ ទោះជាយ៉ាងណាចនជ្រើសរើសស្វែងរកសេចក្តីស្រឡាញ់ និង ពន្លឺ ។ នៅពេលដែលយើងជួបគ្នាផ្តល់ដំបូន្មានអំពីសិស្សជាក់លាក់នោះចន ចាប់ផ្តើមដោយនិយាយថា « ខ្ញុំបានអធិស្ឋានពីគាត់យប់មិញ » ។ ពេលចាប់ផ្តើម វាហាក់ដូចជាការជួបធម្មតា តែឃ្លានោះបានធ្វើឲ្យសញ្ចឹងគិតមួយសន្ទុះ ។ ដោយ ចន បាននាំយកឈ្មោះយុវជនម្នាក់នេះចូលក្នុងគេដ្ឋានរបស់គាត់ ជាកន្លែងដែលពេញដោយក្តីស្រឡាញ់ ហើយបានទូលសូមព្រះវរបិតាសួគ៌ពីរបៀបដែលគាត់អាចស្គាល់ និងយល់ដឹងពីសិស្សមា្នក់នេះកាន់តែប្រសើរ ។ ដើម្បីស្រឡាញ់សិស្សរបស់យើង ជាពិសេសស្រឡាញ់ពួកគេដូចព្រះអម្ចាស់តម្រូវឲ្យមានការស្វែងរក និងធ្វើតាមវិវរណៈ ។
ខ្ញុំនឹងចែកចាយដំណើររឿងទីពីរមកពីសម្តីរបស់ចនថា ៖
« ព្រះអម្ចាស់ពិតជាជ្រាបដឹងពីសិស្សរបស់ទ្រង់ ។ ខ្ញុំនៅចាំយុវជនម្នាក់ដែលកំពុងតែមានបញ្ហា ។ ខ្ញុំមិនអើពើរនឹងរឿងនេះជាច្រើនខែ តាមពិតទៅគាត់ពិតជាឈឺចាប់ណាស់ ។
« ខ្ញុំបានរៀបចំមេរៀនមួយ ហើយខ្ញុំពិតជារំភើបខ្លាំងណាស់ពីរបៀបដែលការណ៏គ្រប់យ៉ាងកើតឡើងរួមគ្នា ។ ខ្ញុំបានត្រៀមឧបករណ៍មួយដើម្បីមកបង្ហាញក្នុងមេរៀនដ៏អស្ចារ្យមួយ ។ ពេលដែលខ្ញុំមកដល់អគារថ្នាក់សិក្ខាសាលា ព្រះវិញ្ញាណបំផុសគំនិតខ្ញុំថា « ចនអ្នកត្រូវបង្រៀនអំពីការអធិស្ឋាន » ។ ការអធិស្ឋាន ? ខ្ញុំពិតជាចង់បង្រៀន មេរៀន ដ៏អស្ចារ្យរបស់ខ្ញុំណាស់ ។ ខ្ញុំមិនបានរៀបចំមេរៀនអំពីការអធិស្ឋានទេ ។
« ខ្ញុំបានឈរនៅមុខថ្នាក់ ហើយនិយាយថា ‹ គ្រូមិនដឹងថា អ្នកណាត្រូវការមេរៀននេះថ្ងៃនេះទេ ប៉ុន្តែគ្រូនឹងផ្លាស់ប្តូរមេរៀន ។ មនុស្សម្នាក់នៅក្នុងបន្ទប់នេះត្រូវការឲ្យពួកយើងនិយាយអំពីការអធិស្ឋាន › ។ មេរៀនដ៏សាមញ្ញនេះចាប់ផ្តើមជាមួយសំណួរថា ‹ ហេតុអ្វីយើងត្រូវអធិស្ឋាន ? › »
នៅយប់នោះមានសំឡេងគោះទ្វារផ្ទះរបស់ចន ។ នៅមុខមាត់ទ្វារមានមនុស្សម្នាក់បានឈរ ចែកចាយរឿងរ៉ាវរបស់គាត់ទាំងអស់ ។ ច្បាស់ណាស់ នៅយប់ម្សិលមិញ សិស្សដែលមានបញ្ហារបស់ ចន បានទទួលការអញ្ជើញមួយពីសង្សារគាត់—នាងសូមឲ្យគាត់អធិស្ឋានដើម្បីដឹងថា ប្រសិនបើសាសនាចក្រនេះជាសាសនាពិតឬទេ ។ ដូច្នេះការអញ្ជើញរបស់នាងពាក់ពន្ធ័នឹងមេរៀនដែលមិនបានព្រៀងទុកអំពីការអធិស្ឋានរបស់បងប្រុស ឡាន់ ដើម្បីដឹកនាំឲ្យយុវជនម្នាក់នេះធ្វើសកម្មភាព ។ កន្លងមក ចន បានធ្វើជាសាក្សីចំពោះការផ្លាស់ប្តូរនៃសិស្សរបស់គាត់ ដោយឃើញគេទទួលបានទីបន្ទាល់រឹងមាំអំពីការស្តារឡើងវិញនៃដំណឹងល្អ ហើយនៅទីបំផុតក៏បានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ជាមួយមិត្តស្រីដែលពេញដោយសេចក្តីជំនឿ និងក្លាហ៊ានម្នាក់នោះនៅក្នុងព្រះវិហារបរិសុទ្ធ ។
យើងកម្រនឹងបានរៀនណាស់ ហេតុអ្វីកើតមានចំណាប់អារម្មណ៏បែបនេះ ប៉ុន្តែប្រសិនបើយើងមានទំនុកចិត្តទៅលើសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ ដែលមានចំពោះសិស្សរបស់យើង នោះយើងអាចអនុវត្តវិវរណៈដែលប្រកបដោយព្រះចេស្តា និងពន្លឺដែលទ្រង់ប្រទានដល់បុត្រាបុត្រីសំណព្វរបស់ទ្រង់ ។
នៅពេលយើងស្វែងរកវិវរណៈដើម្បីអាចស្រឡាញ់ដូចព្រះ យើងត្រូវបានដឹកនាំឲ្យឈោងទៅរក និងបង្រៀនសិស្សម្នាក់ៗផ្ទាល់ ។ លទ្ធផលគឺមានលក្ខណៈផ្ទាល់ខ្លួនណាស់ ។ ព្រះអម្ចាស់បានបង្ហាញពីការទទួលបានវិវរណៈផ្ទាល់ខ្លួននេះ ជាមួយនឹង នីហ្វៃ នៅពេលដែលគាត់ខិតខំស្វែងរកដើម្បីទទួលបានផ្ទាំងចំណារ ។ នីហ្វៃបានថ្លែងទីបន្ទាល់ថា « ហើយខ្ញុំត្រូវបាននាំទៅដោយព្រះវិញ្ញាណដោយមិនដឹងជាមុនសោះឡើយថា តើខ្ញុំនឹងត្រូវធ្វើអ្វីខ្លះ ។ ទោះយ៉ាងណាក៏ដោយ គង់តែខ្ញុំដើរតម្រង់ទៅមុខ » ។១៣
ឡាបាន់រារាំងមិនឲ្យផ្ទាំងចំណារទៅនីហ្វៃ ។ នីហ្វៃបានទទួលការដឹកនាំពីព្រះអម្ចាស់ឲ្យសម្លាប់ឡាបាន់ ។ គាត់គោរពទាំងក្តីថប់បារម្ភ ។ នៅយប់ដដែលនោះ សូរាំក៏បានរារាំងនីហ្វៃមិនឲ្យយកផ្ទាំងចំណារទេ ។ ដូច្នេះហេតុអ្វីនីហ្វៃមិនអនុវត្តវិវរណៈដូចគ្នាសម្លាប់ សូរាំ ដូចដែលគាត់បានសម្លាប់ឡាបាន់ដែរ ? ហេតុអ្វីនីហ្វៃមិនដកដាវម្តងទៀត ?
ព្រះអម្ចាស់ស្គាល់សូរាំ ហើយនីហ្វៃស្គាល់ព្រះអម្ចាស់ ហើយទុកចិត្តទៅលើការដឹកនាំរបស់ព្រះវិញ្ញាណ ។ ព្រះអម្ចាស់បានជ្រាបថា សូរាំនឹងក្លាយជា « មិត្តដ៏ពិត…នីហ្វៃ » ។ ១៤ តើយើងមិនមានអំណរគុណទេឬ ដែលដំបូងឡើយនីហ្វៃបានស្វែងរកវិវរណៈផ្ទាល់ខ្លួន ហើយត្រូវបាន « នាំទៅដោយព្រះវិញ្ញាណ ? » ។១៥
ក្នុងនាមជាគ្រូបង្រៀនម្នាក់ វាប្រហែលជាមានអារម្មណ៏ថាពិបាកក្នុងការស្ពាយការទទួលខុសត្រូវ ដើម្បីទទួលអារម្មណ៏នៃសេចក្តីស្រឡាញ់របស់ព្រះសម្រាប់សិស្សម្នាក់ៗ និងទទួលវិវរណៈដើម្បីដឹងពីរបៀបជួយបុគ្គលម្នាក់ៗ ។ វាគឺជាការលួងលោមចិត្តក្នុងការគិតថាការហៅរបស់យើង និងការទទួលខុសត្រូវរបស់យើងគឺដូចជាភាពជាដៃគូជាមួយព្រះគ្រីស្ទ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានសូមឲ្យយើង « ធ្វើការរួមគ្នាជាមួយព្រះអម្ចាស់នៃចម្ការទំពាំងបាយជូរដើម្បីជួយដល់ព្រះ និងព្រះវរបិតារបស់យើងឆ្លើយតបនឹងការអធិស្ឋាន ផ្ដល់ការលួងលោមចិត្ត ជូតទឹកភ្នែក និងពង្រឹងជង្គង់ដែលញ័រ ។ បើយើងនឹងធ្វើដូចនោះ យើងនឹងកាន់តែក្លាយជាសិស្ស [ និង ជាគ្រូបង្រៀនពិត ] នៃព្រះគ្រីស្ទ ដែលយើងចង់ប្រែក្លាយ » ។១៦
យុវវ័យ និងយុវមជ្ឈិមវ័យរបស់យើងត្រូវការទទួលអារម្មណ៏នៃការដឹង និងបែរមកជឿទុកចិត្តលើសេចក្តីស្រឡាញ់ និងពន្លឺរបស់ព្រះអម្ចាស់ ។ នៅពេលអ្នកអនុញ្ញាតិ នោះសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះនឹងកើតមានដល់សិស្សអ្នកតាមរយៈអ្នក ។ ហើយនៅពេលដែលសិស្សរបស់អ្នកទទួលអារម្មណ៏នៃក្តីស្រឡាញ់ពីទ្រង់ នោះពួកគេនឹងចាប់ផ្តើមយល់ដឹង និងទទួលវិវរណៈផ្ទាល់ខ្លួន ។ ពួកគេនឹងរកឃើញតើវាមានន័យដូចម្តេចដើម្បីក្នុងពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ » ។១៧ ខ្ញុំថ្លែងទីបន្ទាល់ថា ក្តីស្រឡាញ់ និងពន្លឺនេះនឹងជួយពួកគេឲ្យប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង ហើយដើរនៅលើផ្លូវនៃសេចក្តីសញ្ញាត្រឡប់ទៅកាន់ពួកទ្រង់វិញ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2019 by Intellectual Reserve, Inc. All rights reserved. កំណែ ៖ ៥/១៩ ។ ការបកប្រែនៃ « In the Light of His Love » ។ Cambodian ។ PD60009021 258