ការ ផ្សាយ ប្រចាំ ឆ្នាំ
អំណាច​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន


2:3

អំណាច​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន

ការចាក់ផ្សាយ​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ឆ្នាំ ២០១៩ • ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ • សាលប្រជុំ​នៃ​អគារ​ការិយាល័យ​សាសនាចក្រ​ជាន់​ផ្ទាល់​ដី

មុន​នឹង​ខ្ញុំ​ចាប់ផ្ដើម​សុន្ទរកថា​របស់​ខ្ញុំ​ថ្ងៃ​នេះ ខ្ញុំ​សូម​បង្ហាញ​នូវ​ការដឹង​គុណ និង​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បងប្អូន ។ វា​ជា​អំណរ​មួយ​ក្នុង​ការចូលរួម​ជាមួយ​នឹង​បងប្អូន​នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​ជួយ​ដល់​ជំនាន់​ដែល​កំពុង​ធំ​ឡើង ឲ្យ​រៀន​កាន់តែ​ជ្រៅជ្រះ​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ហើយ​អធិស្ឋានសូម​ឲ្យ​ពរជ័យ​របស់​ព្រះអម្ចាស់​មាន​ដល់​បងប្អូន និង​គ្រួសារ​បងប្អូន ។

ថ្ងៃ​នេះ ខ្ញុំ​ចង់​និយាយ​អំពី​គំរូ​បី​នៃ​វិវរណៈ​ផ្ទាល់ខ្លួន​នៅក្នុង​ព្រះគម្ពីរ​មរមន ៖

ទីមួយ បញ្ជី​ពិសិដ្ឋ​ទាំងឡាយ​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ផែនការ​របស់​ព្រះវរបិតា ។ ទីពីរ ទីបន្ទាល់​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ធ្វើ​ឲ្យ​មាន​ការប្រែចិត្ត​ជឿ​កាន់តែ​ជ្រាលជ្រៅ​ទៅលើ​ទ្រង់ ។ ទីបី ពួកព្យាការី​​នៅរស់​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ក្រោក​ឡើង​ប្រឆាំង​នឹង​ការណ៍​អាក្រក់ ។

គំរូ​ទាំងនេះ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ជាក់ច្បាស់ និង​ប្រកប​ដោយ​អំណាច​នៅក្នុង​ព្រះគម្ពីរ​មរមន ព្រោះ​គំរូ​ទាំងនេះ​សំខាន់​ណាស់​—ថែមទាំង​ចាំបាច់​ផង—ដល់​ការបង្កើន​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​លើ​ទ្រង់​កាន់តែ​ជ្រាលជ្រៅ​នៅក្នុង​ជំនាន់​របស់​យើង ។

យើង​រស់នៅ​ក្នុង​ជំនាន់​មួយ​ដែល​បុរស និង​ស្ត្រី​ទុច្ចរិត ហើយ​ដើរ​ផ្លូវ​ខុសកំពុង​តែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​បញ្ចុះបញ្ចូល​ជំនាន់​ដែល​កំពុង​ធំ​ឡើង​ឲ្យ​ជឿ​ថា ការណ៍​ល្អ​ជា​ការណ៍​អាក្រក់ ហើយ​ការណ៍​អាក្រក់​ជា​ការណ៍​ល្អ​វិញ ។ ពួកគេ​ប្រើ​វិធីសាស្ត្រ​ដូច​ជា សេរេម នីហូរ និង​កូរីហូរ នៅក្នុង​ព្រះគម្ពីរ​មរមន—ការប្រកែក​ដ៏​ប៉ិន​ប្រសព្វ គំនិត​បញ្ជោរ ព្រមទាំង​ស្លាក​សញ្ញា និង​រូបភាព​ដែល​បាន​រចនា​យ៉ាង​ប្រុងប្រយ័ត្ន—ដើម្បី​បង្កើត​គោលលទ្ធិ​ក្លែងក្លាយ​អំពី​ទំនាក់ទំនង​របស់​យើង​នឹង​ព្រះ ក្ដីស្រឡាញ់ ការអត់ធ្មត់ អាពាហ៍ពិពាហ៍ អត្តសញ្ញាណ​ដ៏​អស់កល្ប ក្រុមគ្រួសារ និង​អ្វីៗ​ជា​ច្រើន​ទៀត ។ មនោគមវិជ្ជា និង​គោលលទ្ធិ​របស់​មនុស្ស​ទាំងនេះ​ជា​ច្រើន​មាន​នូវ « ឫកពា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ ប៉ុន្តែ [ ពួកគេ​ទាំង​អស់​គ្នា ] មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ចេស្ដា ដែល​មក​ដោយ​ការគោរព ប្រតិបត្តិ​នោះ​ទេ » ។

សិស្ស​របស់​យើង​ប្រឈមមុខ​នឹង​សារដំណឹង​បែបនេះ​គ្រប់​នាទី​ជា​រៀងរាល់​ថ្ងៃ ហើយ​ពួកគេ​ត្រូវការ​វិវរណៈ​ផ្ទាល់​ខ្លួន​ដើម្បី​ពង្រឹង​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ធ្វើ​ឲ្យ​ការ​ប្រែចិត្ត​ជឿ​របស់ពួកគេ​លើ​ទ្រង់​កាន់​តែ​ជ្រាលជ្រៅ ។ ខ្ញុំ​សង្ឃឹម ហើយ​អធិស្ឋាន​ថា បងប្អូន​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​នៅក្នុង​អំណាច​របស់​បងប្អូន ដើម្បី​ជួយ​សិស្ស​របស់​យើង​ឲ្យ​រៀន​ពី​គំរូ​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន​ទាំងនេះ​ឲ្យ​បាន​ជ្រៅជ្រះ ។

បញ្ជី​ពិសិដ្ឋ​ទាំងឡាយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ

​ខ្ញុំចាប់ផ្ដើម​នឹង​បញ្ជី​ពិសិដ្ឋ​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នេះ​ជា​ប្រធានបទ​ដែល​មាន​ពេញ​ក្នុង​ព្រះគម្ពីរ​មរមន ។ វា​បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​ផ្ទាំង​លង្ហិន ។

បទពិសោធន៍​របស់​នីហ្វៃ​ជាមួយ​នឹង​ឡាបាន់ គឺជា​ព្រឹត្តិការណ៍ទើបចាប់​ផ្ដើម​មួយ​នៅក្នុង​ជីវិត​លោក ។ នីហ្វៃ​បាន​រៀន​ថា​បញ្ជី​ទាំងនោះ​សំខាន់​យ៉ាង​ណា​ចំពោះ​លោក និង​គ្រួសារ​លោក ៖ « នេះ​គឺ​ជា​ប្រាជ្ញា​នៅ​ក្នុង​ព្រះ ដែល​យើង​ត្រូវ​តែ​យក​បញ្ជី​ទាំង​នេះ​មក​ឲ្យ​បាន ដើម្បី​ឲ្យ​យើង​អាច​ថែរក្សា​នូវ​ភាសា​របស់​ពួក​អយ្យកោ​យើង ... ហើយ​ក៏​ដើម្បី​ឲ្យ​យើង​អាច​រក្សា​នូវ​ពាក្យ​ពេចន៍​ទាំង​ឡាយ ដែល​បាន​ពោល​ដោយ​មាត់​នៃ​គ្រប់​ទាំង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ » ។

ផ្ទាំង​លង្ហិន​មាន​នូវ​ឥទ្ធិពល​យ៉ាងជ្រាលជ្រៅ​លើ​ការអភិវឌ្ឍ​ខាង​វិញ្ញាណ ខាង​សាសនា និង​ខាង​សង្គម​របស់​ប្រជាជន​នីហ្វៃ ។ ផ្ទាំង​ទាំងនោះ​បាន​ក្លាយ​ជា​ប្រភព​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន និង​ជា​ការព្យាករ​ដ៏​រុងរឿង​នៃ​ការយាង​មក​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ។ វា​ក៏​បាន​ថ្លែង​នូវ​ទីបន្ទាល់​ដ៏​មាន​អានុភាព​អំពី​ផែនការ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​ផងដែរ ។ ព្យាការី​ដ៏​បរិសុទ្ធ​ទាំងឡាយ​នៅក្នុង​ផ្ទាំង​លង្ហិន​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះមែស៊ី​នឹង​ធ្វើ​ដង្វាយ​ធួន​សម្រាប់​អំពើ​បាប​នៃ​ពិភពលោក រងទុក្ខ ហើយ​សុគត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដោយ​ឈ្នះ​លើ​អំពើ​បាប និង​ក្ដី​ស្លាប់ ។

ផ្ទាំង​លង្ហិន​ក៏​មាន​នូវ​សេចក្ដី​សញ្ញា​ទាំងឡាយ​របស់​ព្រះវរបិតា​ជាមួយ​នឹង​អ័ប្រាហាំ ព្រម​ទាំង​វង្ស​អ៊ីស្រាអែល​ទាំងអស់​ផងដែរ ។ លីហៃ​បាន​រកឃើញ​ថា លោក​ជា​ពូជពង្ស​របស់​យ៉ូសែប ហើយ​ថា​ពូជពង្ស​របស់​លោក​នឹង​ជា​កូនចៅ​នៃ​សេចក្ដី​សញ្ញា គ្រង​មរតក​នៃ​សេចក្ដី​សន្យា​ទាំងអស់​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​នឹង​អ័ប្រាហាំ រួម​ទាំង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ​ផងដែរ ។

លីហៃ​បាន​ប្រើ​ផ្ទាំង​លង្ហិន​ដើម្បី​បង្រៀន​កូន​ចៅ​លោក​អំពី​ព្រះអង្គ​សង្គ្រោះ និង​សេចក្ដី​សញ្ញា​ដែល​ព្រះវរបិតា​បាន​ធ្វើ​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល ។ នីហ្វៃ និង​ប្អូនប្រុស​លោក​គឺ​យ៉ាកុប បាន​បន្ត​អនុវត្ត ហើយ​ក្រោយមក​បាន​បន្ថែម​បញ្ជី​របស់​ពួកលោក​ផ្ទាល់​តាម​បញ្ជា​ពី​ព្រះអម្ចាស់ ។ នីហ្វៃ​ពិត​ជា​បាន​ប្រែ​ចិត្ត​ជឿ​ដល់​សារៈសំខាន់​នៃ​ការរក្សា​បញ្ជី​ជា​អចិន្ត្រៃយ៍ ជាពិសេស​អ្វី​ដែល​ពិសិដ្ឋ ។

ចេញ​ពីគ្រឹះ​នៃ​ជំនាន់​មុនៗ​នៅក្នុង​ដែនដី​សន្យា នោះ​ប្រជាជន​នីហ្វៃ​បាន​អភិវឌ្ឍ​នូវ​វប្បធម៌​មួយ​ដែល​បាន​ចែង​ថា ការរក្សាទុក អាន និង​បង្រៀន​ចេញពី​បញ្ជី​ពិសិដ្ឋ ជា​ការទទួល​ខុសត្រូវ​មួយ​ដ៏​ខ្ពស់ និង​បរិសុទ្ធ ។ ជាមួយ​នឹង​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការតាំងចិត្ត​ស្រឡាញ់ និង​ថែរក្សា​ព្រះបន្ទូល​របស់​ទ្រង់ នោះ​ប្រជាជន​នីហ្វៃ​បាន​ក្លាយ​ជា​សង្គម​មួយ​នៃ​អ្នក​រក្សា​ទុក អ្នក​អាន និង​អ្នក​បង្រៀន​បញ្ជី​ដ៏​ពិសិដ្ឋ ។ បញ្ជី​ជា​ផ្លូវការ​ទាំងឡាយ​ត្រូវបាន​រក្សា​ទុក​នៅក្នុង​ផ្ទាំង​ទាំងឡាយ តែ​យូរៗ​ទៅ ប្រជាជន​នីហ្វៃ​បាន​អភិវឌ្ឍ​ប្រព័ន្ធ​បោះពុម្ព​មួយ​ដើម្បី​ឲ្យ​បញ្ជី​ពិសិដ្ឋ​ទាំងឡាយ​អាច​ថតចម្លង​បាន និង​សរសេរ​បាន​នៅលើ​ផ្ទាំង​ដែល​ស្រាល​ជាង ហើយ​ផ្សព្វផ្សាយ​បាន​ទូលំ​ទូលាយ​ជាង ។

ការផ្សព្វផ្សាយ​ទូលំ​ទូលាយ​ពី​បញ្ជី​ពិសិដ្ឋ​ទាំងឡាយ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​មាន​លទ្ធភាព​បង្រៀន​ដល់​កូនៗ​ពួកគេ​នូវ​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ និង​អាច​ឲ្យ​កូនៗ​ពួកគេ​បង្រៀន​កូនៗ​ពួកគេ​តទៀត​ជា​ច្រើន​សតវត្ស ។១០ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ដូច​ជា​បុត្រា​ទាំងឡាយ​របស់​ម៉ូសាយ អាច​យក​បញ្ជី​ទាំងនោះ​ជាមួយ​ពួកគេ ហើយ​ប្រើ​វា​ដើម្បី​បង្រៀន​ដល់​ពួក​លេមិន​ដោយ​ទទួល​បាន​លទ្ធផល​ដ៏​ប្រសើរ ។១១ ដូច​អាលម៉ា​បាន​បង្រៀន​ហេលេមិន បញ្ជី​ពិសិដ្ឋ​ទាំងឡាយ​បង្កើត​នូវ​បទពិសោធន៍​ប្រកប​ដោយ​វិវរណៈ​មួយ​ដែល « ពង្រីក​ស្មារតី​របស់​ប្រជាជន​នេះ មែន​ហើយ ... បាន​នាំ [ ពួកលេមិន​រាប់​ពាន់​នាក់ ] ឲ្យ​ស្គាល់​ព្រះអម្ចាស់​ជា​ព្រះ​របស់​គេ ហើយ​ដើម្បី​អរ​រីករាយ​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ » ។១២

ការរីករាយ​នេះ​បាន​ទៅដល់​កម្រិត​ខ្ពស់​មួយ​ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​យាង​មក​ជួប​ប្រជាជន​នៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ដែនដី​បរិបូរណ៍ ។១៣ យើង​មាន​នូវ​សាក្សី​ដ៏​អស្ចារ្យ គួរឱ្យ​ទាក់ទាញ​ទាំងនេះ​អំពី​ពលិកម្ម​ធួន និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​នៅក្នុង​ព្រះគម្ពីរ​មរមន​នៅ​សព្វ​ថ្ងៃ​នេះ តាមរយៈ​ព្រះគុណ អំណោយ និង​ព្រះចេស្ដា​នៃ​ព្រះ ។១៤ ដូច​ពួកសាសន៍​នីហ្វៃ​ដែរ និង​ដោយសារ​ពួកគេ យើង​មាន​នូវ​បញ្ជី​ពិសិដ្ឋ​ទាំងឡាយ​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា ។ ដូច​អាលម៉ា​បាន​ព្យាករ​ដល់​កូនប្រុស​លោក​គឺ​ហេលេមិន​ជា​យូរ​លង់​មកហើយ ព្រះអម្ចាស់​« [បាន]ថែ​រក្សា​វត្ថុ​ទាំង​នេះ សម្រាប់​ប្រយោជន៍​ដ៏​វាងវៃ​មួយ​ដែល​នៅ​ក្នុង​ទ្រង់ ដើម្បី​ទ្រង់​អាច​បង្ហាញ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដល់​ពួក​ជំនាន់​ក្រោយ » ។១៥

ជំនាន់​ក្រោយ​នោះ​គឺ​ពេល​ឥឡូវ​នេះ​ឯង ។ ព្រះអម្ចាស់​កំពុង​បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់​ដល់​ជំនាន់​ដែល​កំពុង​ធំ​ឡើង​នៅក្នុង​របៀប​ដ៏​អស្ចារ្យ​មួយ ។ ពេល​យើង​បង្រៀន​ដំណឹងល្អ​ដ៏​ពេញលេញ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​មរមន សិស្ស​របស់​យើង​អាច​ទទួល​អារម្មណ៍​ពី​អំណាច​នោះ ។ ពេល​សិស្ស​របស់​យើង​ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​តាម​រយៈ​ការទទួលទាន​នូវ​ព្រះគម្ពីរ​មរមន នោះ​វា​នឹង​មាន​អត្ថន័យ​ចំពោះ​ពួកគេ​ដូច​ជា​ផ្ទាំង​លង្ហិន​បាន​មាន​សម្រាប់​ប្រជាជន​នីហ្វៃ​ដូច្នោះ​ដែរ—ជា​សាក្សី​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះចេស្ដា​ដ៏​ប្រោសលោះ​របស់​ទ្រង់ និង​ជា​ប្រភព​មួយ​នៃ​វិវរណៈ និង​អំណរ​ផ្ទាល់​ខ្លួន ។

ទីបន្ទាល់​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ធ្វើ​ឲ្យ​មាន​ការប្រែចិត្ត​ជឿ​កាន់តែ​ជ្រាលជ្រៅ​លើ​ទ្រង់

ឥឡូវ យើង​បែរទៅ​រក​ព្រះវិញ្ញាណបរិសុទ្ធ ។ ការធ្វើ​ដំណើរ​របស់​លីហៃ​ទៅ​ដែនដី​សន្យា​ជា​ការធ្វើ​ដំណើរ​នៃ​អំណាច​ខាង​វិញ្ញាណ​មួយ ។ វា​ជា​ពេល​មួយ​ដែល​ព្រះអម្ចាស់​បាន​បង្រៀន បាន​ដឹកនាំ និង​លួងលោម​ដល់​លីហៃ សារ៉ាយ និង​កូនៗ​ទាំងអស់​របស់​ពួកគាត់​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ តាមរយៈ​ការបំផុស​គំនិត សុបិន្ត និង​ការនិមិត្ត​ទាំងឡាយ ព្រះសូរសៀង​របស់​ទ្រង់​ផ្ទាល់ ព្រម​ទាំង​ការលេច​មក​របស់​សារទូត​ស្ថានសួគ៌ ។ នីហ្វៃ​បាន​ប្រកាស​ថា ពរជ័យ​នៃ​អំណាច​ខាង​វិញ្ញាណ​ទាំងនេះ​បាន​មក « ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​អំណោយទាន​នៃ​ព្រះ​ដល់​អស់​អ្នក​ណា ដែល​ព្យាយាម​ស្វែងរក​ទ្រង់ » ។១៦

នីហ្វៃ​ពិត​ជា​បាន​ស្វែងរក​ព្រះអម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​ដ៏​អស្ចារ្យ​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដំណើរ​ស្វែងរក​របស់​លោក​ដើម្បី​ដឹង​ដោយ​ខ្លួនឯង បាន​ទុក​ជា​គំរូ​មួយ​ដែល​យើង​អាច​មើល​ឃើញនៅ​ពេញ​ទាំង​ព្រះគម្ពីរ​មរមន ។ នីហ្វៃ​បាន​ « មាន​ចិត្ត​មោះមុត​ចង់​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ » ។១៧ ចិត្ត​មោះមុត​នោះ​ដំណើរការ​នៅក្នុង​ចិត្ត​លោក ហើយ​លោក « បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់ »១៨ នៅក្នុង​ការអធិស្ឋាន​ដោយ​បំណង​ពិត ។ ក្នុង​ដំណើរ​ស្វែងរក​របស់​លោក ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅនីហ្វៃ​ថា « អ្នក​មាន​ពរ​ហើយ ដោយសារ​សេចក្ដី​ជំនឿ​របស់​អ្នក ព្រោះ​អ្នក​បាន​ព្យាយាម​ស្វែងរក​យើង​ដោយ​មាន​ចិត្ត​សុភាព​រាបសា » ។១៩

​ដូច្នេះ​​នេះ​ជា​គំរូ ៖ បំណង​ប្រាថ្នា​ដើម្បី​ដឹង ការអធិស្ឋាន​ដ៏​ក្លៀវក្លា​ចេញ​ពី​ចិត្ត ការស្វែងរក​ដោយ​ឧស្សាហ៍​ព្យាយាម​ដោយ​រាបសា និង​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។២០ យើង​ឃើញ​គំរូ​នេះ​នៅក្នុង​ជីវិត​អេណុស អាលម៉ា បុត្រា​ទាំងឡាយ​របស់​ម៉ូសាយ ស្ដេច​ឡាម៉ូណៃ និង​បិតា​ទ្រង់ ប្រជាជន​របស់​អាំម៉ូន ហេលេមិន និង​ពួក​ពលទ័ព​កំឡោះ ព្រមទាំង​អ្នក​ដទៃ​ច្រើន​ទៀត ។២១ តាមពិត​ទៅ ក្នុង​គ្រា​សុចរិត​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ និង​លេមិន វិវរណៈ​ផ្ទាល់​ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​ពាសពេញ​ក្នុង​ចំណោម​ពួកគេ ។២២

កាល​ដែល​ពួក​នីហ្វៃ និង​ពួកលេមិន​ដ៏​ស្មោះត្រង់​បាន​អនុវត្ត—ហើយ​បាន​សរសេរ​ទុក—នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​បង្ហាញ​ដល់​ពួកគេ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ពួកគេ​បន្ថែម​ទៀត ។ ដោយសារ​ពួកគេ​បាន​ផ្ដល់​តម្លៃ​យ៉ាង​ខ្ពង់ខ្ពស់២៣​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកគេ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដែល​កាន់តែ​កើន​ឡើង​ទៅ​លើ​ទ្រង់ ការប្រែចិត្ត​ជឿ​កាន់តែ​ជ្រាលជ្រៅ និង​វិញ្ញាណ​នៃ​វិវរណៈ ។ សមត្ថភាព​របស់​ពួកគេ​ក្នុង​ការទទួល​វិវរណៈ​បាន​ចម្រើន​ឡើង តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

បទពិសោធន៍​របស់​អាលម៉ា​គឺ​ជា​ឧទាហរណ៍​ល្អ​មួយ​អំពី​គំរូ​នេះ ។ លោកចងចាំ​ថា លោក​បាន​ឃើញ​ពួក​ទេវតា ហើយ​បាន​ទទួល​ការនិមិត្ត​ដ៏​អស្ចារ្យ ហើយ​លោក​នៅតែ​បន្ត​ស្វែងរក​ទីបន្ទាល់​នៃ​ព្រះវិញ្ញាណ​ពី​ព្រះអម្ចាស់ ៖ « មើល​ចុះ ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដឹង​រឿង​ដែល​ខ្ញុំ​បាន​និយាយ​ទាំង​អំបាលម៉ាន​នេះ​ថា​ជា​រឿង​ពិត ។ ហើយ​តើ​អ្នករាល់គ្នា​គិត​ស្មានថា ខ្ញុំ​ដឹង​រឿងទាំងនេះ​យ៉ាងប្រាកដ​ដូចម្ដេច​ដែរ ?

« មើលចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា រឿង​ទាំងនេះ​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​ទ្រង់​បាន​ប្រាប់​ដល់​ខ្ញុំ ។ មើលចុះ ខ្ញុំ​បាន​តម​អាហារ ហើយ​បាន​អធិស្ឋាន​ជាច្រើន​ថ្ងៃ​ដើម្បី​ខ្ញុំ​អាច​ដឹង​នូវ​រឿង​ទាំងនេះ​ដោយ​ខ្លួន​ខ្ញុំ ។ ហើយ​ឥឡូវ​នេះ ខ្ញុំ​ដឹង​រឿង​ទាំងនោះ​ដោយ​ខ្លួន​ខ្ញុំ​ថា​ជា​រឿង​ពិត ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​បាន​សម្ដែង​ប្រាប់​ខ្ញុំ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហើយ​នេះ​គឺជា​វិញ្ញាណ​នៃ​វិវរណៈ​ដែល​មាន​នៅ​ក្នុង​ខ្លួន​ខ្ញុំ » ។២៤ ( បិទ​ការ​ដកស្រង់ ) ។

ទីបន្ទាល់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​លើ​ប្រជាជន​នីហ្វៃ និង​សង្គម​ដែល​ពួកគេ​បាន​រស់​នៅ ។២៥ ពុំ​មាន​ឧទាហរណ៍​ណា​ល្អ​ជាង​បេសកកម្ម​របស់​ពួក​បុត្រា​របស់​ម៉ូសាយ​ទៅ​កាន់​ពួក​លេមិន ៩១ ឆ្នាំ​មុន​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ តាមរយៈ​ការស្រាវជ្រាវ​ព្រះគម្ពីរ​ដ៏​ឧស្សាហ៍ ការតម​អាហារ និង​ការអធិស្ឋាន នោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​ទាំងនេះ​បាន « ប្រកប​ដោយ​វិញ្ញាណ​នៃ​ការព្យាករ និង​វិញ្ញាណ​នៃ​វិវរណៈ » ។២៦

កិច្ចការ​របស់​ពួកគេ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន​បាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ដំណើរ​ប្រវត្តិសាស្ត្រ​ពួក​សាសន៍​នីហ្វៃ និង​លេមិន ។ ជា​លើក​ទីមួយ​ក្នុង​រយៈពេល ៥០០ ឆ្នាំ « [ ពួក​សាសន៍​លេមិន ] រាប់​ពាន់​នាក់​ត្រូវ​បាន​នាំ​មក​ឲ្យ​ស្គាល់​ព្រះ​អម្ចាស់ ... ហើយ​ពួក​គេ​ត្រូវ​បាន​បង្រៀន​ពី​បញ្ជី​ទាំង​ឡាយ និង​សេចក្ដី​ព្យាករណ៍​ទាំង​ឡាយ » ។២៧ ការពិពណ៌នា​របស់​មរមន​អំពី​បទពិសោធន៍​នេះ គឺជា​ការសន្យា​ដ៏​ព្យាករណ៍​ពី​អ្វី​ដែល​អាច​កើតឡើង​ដល់​បុត្រា​បុត្រី​នៃ​ព្រះ​ណា​ដែល​ធ្វើ​តាម​គំរូ​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ៖ « មនុស្ស​ជា​ច្រើន ដែល​ត្រូវ​បាន​នាំ​មក​ឲ្យ​ស្គាល់​សេចក្ដី​ពិត តាម​រយៈ​ការផ្សាយ​របស់​អាំម៉ូន និង​បង​ប្អូន​លោក ស្រប​តាម​វិញ្ញាណ​នៃ​វិវរណៈ និង​វិញ្ញាណ​នៃ​ការព្យាករ និង​ព្រះ​ចេស្ដា​នៃ​ព្រះ ដែល​សម្ដែង​អព្ភូតហេតុ​នៅ​ក្នុង​ពួក​គេ ... ហើយ​បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ នោះ​ពួក​គេ​ពុំ​បោះបង់​ចោល​សាសនា​ឡើយ » ។២៨

បងប្អូនប្រុសស្រី នេះ​គឺជា​ទីបន្ទាល់ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ពង្រឹង​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​លើ​ទ្រង់​បាន​ជ្រាលជ្រៅ ។

ពួកព្យាការី​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទប់ទល់​នឹង​ការណ៍​អាក្រក់

គំរូ​ទីបី​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន​គឺ​ពួក​ព្យាការី​ដែល​នៅ​រស់ ដែល​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​អំណាច និង​សិទ្ធិអំណាច​ដើម្បី​និយាយ​ថា « ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា » នៅក្នុង​គ្រា​ពិត​ប្រាកដ​ទៅដល់​មនុស្ស​ទាំង​អស់​គ្នា ។ នេះ​ជា​គំរូ​នៃ​ការព្យាករ​ដ៏​អស្ចារ្យ ដែល​យើង​ឃើញ​នៅ​ពាសពេញ​ព្រះគម្ពីរ​មរមន ៖ ពួកព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ បង្រៀន​ដំណឹងល្អ​ទ្រង់ ហៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត ហើយ​ព្រមាន និង​ទប់ទប់​នឹង​ការណ៍​អាក្រក់​នៅ​ជំនាន់​របស់​ពួក​លោក ។២៩ តាមរយៈ​វិវរណៈ ជា​ពិសេស​ពី​ពួក​ទេវតា នោះ​ព្យាការីក្នុង​ព្រះគម្ពីរ​មរមន​បាន​ផ្ដល់​ដល់​យើង​នូវ​ការយល់ដឹង​ដ៏​ជ្រាលជ្រៅ និង​អស្ចារ្យ​អំពី​ព្រះយេស៊ូវគ្រីស្ទ គោលលទ្ធិ​របស់​ទ្រង់ និង​ដង្វាយធួន​ទ្រង់ ។៣០

ពួកព្យាការី​មាន​ភាពម៉ឺងម៉ាត់ និង​និយាយ​ត្រង់ៗ​នៅក្នុង​ការហៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត ។ ហេតុ​ដូច្នេះ​ហើយ យើង​មាន​ការបង្រៀន​ដ៏​អស្ចារ្យ​នៅក្នុង​ព្រះគម្ពីរ​មរមន​អំពី​ការប្រែចិត្ត​មកពី នីហ្វៃ យ៉ាកុប ស្ដេច​បេនយ៉ាមីន អាលម៉ា អាម៉ូលេក ពួកបុត្រា​របស់​ម៉ូសាយ មេទ័ព​មរ៉ូណៃ មរមន និង​មរ៉ូណៃ ។៣១ ពួក​ព្យាការី​ដ៏​អស្ចារ្យ​ទាំងនេះ​បាន​បង្រៀន​ពី​ភាពច្បាស់លាស់ ចំៗ សេចក្ដី​ស្រឡាញ់ និង​ក្ដីសង្ឃឹម ។ ការបង្រៀន​របស់​ពួកលោក​នៅតែ​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

  • « តើ​អ្នក​រាល់​គ្នា​បាន​កើត​មក​ពី​ព្រះ​នៅ​ក្នុង​វិញ្ញាណ​ហើយ​ឬ​នៅ ? »៣២

  • « បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ចាប់​អារម្មណ៍​ចង់ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​រាល់​គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ​ឥឡូវ​នេះ​ទេ ? »៣៣

  • « តើ​អ្នក​រាល់​គ្នា​បាន​រលាស់​ចោល​នូវ​ការ​ឆ្មើងឆ្មៃ​របស់​អ្នក​ហើយ​ឬ ? »៣៤

  • « ចូរ​ប្រែចិត្ត​ចុះ ចូរ​ប្រែចិត្ត​ចុះ ដ្បិត​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​បន្ទូល​ថា​ដូច្នោះ! ... ទ្រង់​បាន​អញ្ជើញ​មនុស្ស​លោក​ទាំង​អស់ ដ្បិត​ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​បាន​លាតសន្ធឹង​មក​រក​គេ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ប្រែចិត្ត​ចុះ នោះ​យើង​នឹង​ទទួល​អ្នក » ។៣៥

ពួក​ព្យាការីក្នុង​ព្រះគម្ពីរ​មរមន​បាន​ក្រោកឡើង​ទប់ទល់​នឹង​មនុស្ស​អាក្រក់​ដែល​ព្យាយាម​ទាញ​មនុស្ស​ចេញ​ពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បំផ្លាញ​សាសនាចក្រ ។ មនុស្ស​ដូច​ជា សេរេម នីហូរ អាំលីសៃ កូរីហូរ អាម៉ាលិកាយ និង​ជា​ច្រើន​នាក់​ទៀត ត្រូវបាន​ដឹកនាំ​ដោយ​មារ​សត្រូវ​ឲ្យបំភាន់ និង​បញ្ឆោត​យ៉ាង​ស្ទាត់​ជំនាញ ។៣៦ ពួកគេ​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​ពី​ភាសា ហើយ​បាន​ប្រើ​ការបញ្ឆោត ឬ​ការប្រកែក​ដ៏​ប៉ិន​ប្រសព្វ ដើម្បី​ធ្វើ​ឲ្យ​ការណ៍​ល្អ​មើល​ទៅ​ដូច​ជា​ការណ៍​អាក្រក់ ហើយ​ការណ៍​អាក្រក់​មើល​ទៅ​ដូច​ជា​ការណ៍​ល្អ ។

ពួកគេ​បាន​បញ្ជោរ​ប្រជាជន ដោយ​ទាក់ទាញ​ដល់​ភាពឥត​ប្រយោជន៍ អំនួត តណ្ហា​របស់​ពួកគេ​ដើម្បី​បាន​អំណាច និង​បំណង​ប្រាថ្នា​ដើម្បី​បំពេញ​ចំណង់​ចង់​បាន​របស់​ពួកគេ ។ ព្រះគម្ពីរ​ថ្លែង​ថា ពួកគេ​មាន « កលល្បិច​នៃ​សម្ដី​ជា​ច្រើន​ដោយ​អំណាច​នៃ​អារក្ស »៣៧ និង « បាន​ដំឡើង​សំឡេង ដោយ​និយាយ​ពាក្យ​ក្រអោង » ។៣៨ ថ្វីបើ​ការបង្រៀន ការប្រកែក និង​ការសន្យា​ទាំងអស់​នេះ​ខុស​ឆ្គង​ក្ដី ក៏​វា​មាន​ភាពទាក់ទាញ​ណាស់​ដល់​មនុស្ស​លោកិយ ហើយ​មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង ហើយ​ចាកចេញ​ពី​សាសនាចក្រ ហើយ​វង្វេង​ផ្លូវ​ ទាល់តែ​ពួកព្យាការី​បាន​ក្រោក​ឡើង​រិះគន់ និង​ទាស់​នឹង​ការណ៍​អាក្រក់ ។៣៩

ឥឡូវ នៅពេល​ពាក្យ​សម្ដី​ព្យាការី​ពុំ​បាន​ប្រកាស​គ្រប់គ្រាន់ នោះ​មនុស្ស​អាក្រក់​បង្ក​ឲ្យ​មាន​ជា​ភាវរកម្ម ឃាតកម្ម និង​ការឆក់ប្លន់ ហើយ​បង្កើត​ប័ក្សព័ន្ធ​សម្ងាត់ ដើម្បី​លាក់បាំង​អំពើ​អាក្រក់​របស់​ពួកគេ ។៤០

ពួក​ព្យាការី​បាន​ក្រោក​ឡើង​ទាស់​នឹង​ទម្រង់​នៃ​ការអាក្រក់​ទាំងនេះ​ជាមួយ​នឹង​ព្រះបន្ទូល​នៃ​ព្រះ​ដ៏​ច្បាស់ និង​សាមញ្ញ ជាមួយ​នឹង​ទីបន្ទាល់​របស់​ពួកលោក​ដែល​ថ្លែង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រមទាំង​ដោយ​អព្ភូតហេតុ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ព្រះហស្ដ​នៃ​ព្រះអម្ចាស់ ។ ដូច​យ៉ាកុប​បាន​មាន​ប្រសាសន៍​ពី​ជំនួប​របស់​លោក​នឹង​សេរេម « ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ស្រោច​ព្រះ​វិញ្ញាណ​របស់​ទ្រង់​មក​លើ​ព្រលឹង​ខ្ញុំ ដរាប​ដល់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​គាត់​ជ្រប់​មុខ​ចំពោះ​គ្រប់​ទាំង​ពាក្យ​របស់​គាត់ » ។៤១

ពួកព្យាការី​នៅរស់​ថ្លែង​ជំនួស​ព្រះ​នៅ​ជំនាន់​យើង​នេះ ។ ពេល​យើង​ឮ​ពាក្យ​សម្ដី​របស់​ពួកលោក​ជាមួយ​នឹង​ព្រះវិញ្ញាណ យើង​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន រួម​ទាំង​វិវរណៈ​ដែល​បញ្ជាក់​ថា អ្វី​ដែល​ព្យាការី​បាន​ថ្លែង​គឺ​ពិត ។៤២ ពេល​យើង​បង្រៀន​សិស្ស​របស់​យើង​ឲ្យ​ស្វែងរក​ពាក្យ​សម្ដី​របស់​ព្យាការី​នៅ​រស់​ចំពោះ​សំណួរ​របស់​ពួកគេ នោះ​យើង​ដឹកនាំ​ពួកគេ​ទៅកាន់​ប្រភព​ដ៏​មាន​អានុភាព​មួយ​នៃ​សេចក្ដី​ពិត​ដែល​បាន​បើក​សម្ដែង ។​ សិស្ស​របស់​យើង​រៀន​ថា វិវរណៈ​ផ្ទាល់​ខ្លួន​ហូរ​ចូល​ក្នុង​ជីវិត​ពួកគេ ពេល​ពួកគេ​ធ្វើ​តាម​ពួកព្យាការី​នៅរស់ ដែល​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ក្រោកឡើង​ទាស់​នឹង​ការណ៍​អាក្រក់ ។៤៣

ការរៀន​ឲ្យបាន​ស៊ី​ជម្រៅ​ពី​គោលការណ៍​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន

បងប្អូនប្រុសស្រី យើង​បាន​ពិចារណា​ជាមួយ​គ្នា​ពី​វិវរណៈ​ផ្ទាល់ខ្លួន តាមរយៈ​បញ្ជី​ដ៏​ពិសិដ្ឋ ទីបន្ទាល់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ព្យាការី​នៅរស់ ដែល​បាន​លើកឡើង​យ៉ាង​មាន​អានុភាព​នៅក្នុង​ព្រះគម្ពីរ​មរមន ។៤៤ យើង​បាន​ពិចារណា​ពី​ចំណុច​ទាំងនោះ​ដោយ​ឡែក​ពី​គ្នា ប៉ុន្តែ​វា​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជ្រាលជ្រៅ ។ តាមពិត​ទៅ ចំណុច​ទាំងនោះ​ជា​ផ្នែក​នៃ « [ ការ ] បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ » ដ៏​អស្ចារ្យ ៤៥ នៅក្នុង​ជំនាន់​នេះ ។

គំរូ​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន​ទាំងនេះ​រួម​គ្នា​ថ្លែង​ទីបន្ទាល់​ ពង្រឹង​សេចក្ដី​ជំនឿ​លើ និង​ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​កាន់តែ​ជ្រាលជ្រៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សិស្ស​របស់​យើងចាំបាច់​ត្រូវ​រៀន​ឲ្យ​ជ្រៅជ្រះ​អំពី​គោលការណ៍​នៃ​ការ​មាន​វិវរណៈ​ផ្ទាល់ខ្លួន​ដើម្បី និង​យល់ដឹង​នៅ​ក្នុង​គំនិត និង​ដួងចិត្ត​របស់ពួកគេ ។ ពួកគេ​ចាំបាច់​ត្រូវ​ដឹង​អំពី​របៀប​ដើម្បី​ធ្វើ​សកម្មភាព​សុចរិត​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ទទួល​បាន​វិវរណៈ ហើយ​ពួកគេ​ចាំបាច់​ត្រូវ​រីកចម្រើន​នៅក្នុងគោលការណ៍​នៃ​វិវរណៈ ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្គ្រោះ​របស់ពួកគេ គឺ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែខ្លាំង​ឡើងៗ ។

ឥឡូវ ខ្ញុំ​សូម​ផ្ដល់​យោបល់​មួយ​ចំនួន ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​បង្រៀន​សិស្ស​របស់អ្នក ពេល​ពួកគេ​ព្យាយាម​រៀន​ឲ្យ​បាន​ជ្រៅជ្រះ​ពី​គោលការណ៍​ដ៏​អស់កល្ប​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន ។

ទីមួយ វិវរណៈ​ផ្ទាល់​ខ្លួន​គឺ​ជា​រឿង​ផ្ទាល់​ខ្លួន ។

ប្រសិន​បើ​សិស្ស​របស់​បងប្អូន​នឹង​ផ្ដោត​ដួងចិត្ត និង​គំនិត​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ នោះ​ពួកគេ​នឹង​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​របស់​ទ្រង់ រីករាយ​នឹង​ដំណឹងល្អ​ទ្រង់ និង​ខិត​កាន់តែ​ជិត​ទ្រង់ ។ បំណង​ប្រាថ្នាមួយ​​ដើម្បី​ស្ដាប់​ព្រះសូរសៀង​ទ្រង់ និង​ទទួល​ពន្លឺ​ទ្រង់​នឹង​រីកលូតលាស់​ឡើង​នៅក្នុង​ចិត្ត​ពួកគេ ។។ វិវរណៈ​ផ្ទាល់ខ្លួន​គឺ​ជាឯកជន ។ ព្រះអម្ចាស់​ដឹង​ថា​សិស្ស​របស់​យើង​យ៉ាង​ជិតស្និត និង​ដោយផ្ទាល់ ។ ទ្រង់​នឹង​មានបន្ទូល​ទៅកាន់ពួកគេ​ដោយផ្ទាល់​ដោយ​ក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ ក្ដីអាណិតអាសូរ និង​ចំណេះដឹង​អំពី​អ្វី​ដែល​ពួកគេ​ត្រូវការ ។ វិវរណៈ​កើតមាន​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែ​វា​គឺ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ។ ទ្រង់​ស្រឡាញ់ ។ ទ្រង់​មាន​បន្ទូល ។ ទ្រង់​ដឹកនាំ ។ ទ្រង់​ការពារ ។ វា​គឺជា​រឿង​ផ្ទាល់ខ្លួន ។

ទីពីរ សិស្ស​ទាំងអស់​របស់​យើង​មាន​សមត្ថភាព​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ។

វិវរណៈ​ផ្ទាល់​ខ្លួន​កើតឡើង​ពី​ព្រះវិញ្ញាណ​ទៅ​វិញ្ញាណ វា​ជា​ការប្រាស្រ័យ​ទាក់ទង​ដ៏​ទេវភាព​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៅកាន់​វិញ្ញាណ​ដ៏​អស់កល្ប​នៃ​សិស្ស​របស់​យើង ។៤៦ សិស្ស​យើង​គ្រប់​រូប​មាន​សមត្ថភាព​នៅ​ខាង​ក្នុង​ខ្លួន​គេ​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​ពី​ព្រះ ។ វា​ដំណើរការ​ទៅតាម​ច្បាប់​ដ៏​ទេវភាព ។ វា​ត្រូវការ​ការខិតខំ—ការស្វែងរក​វិវរណៈ​ដោយ​ឧស្សាហ៍​នៅក្នុង​ការអធិស្ឋាន ការតម​អាហារ ការសិក្សា ការស្ដាប់ ការសរសេរ និង​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ នេះ​គឺ​ជា​កិច្ចការ—និង​សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន—ដែល​បើក​បណ្ដាញ​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន ដែល​ពួកគេ​ទាំងអស់គ្នា​មាន ។

ទីបី សមត្ថភាព​សិស្ស​យើង​ដើម្បី​ទទួល​វិវរណៈ​អាច ហើយ​ត្រូវតែ​រីក​លូតលាស់ ។

សមត្ថភាព​របស់​សិស្ស​យើង​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​អាច​រីក​លូតលាស់​បាន ។ តាមពិត​ទៅ វា​ត្រូវតែ​រីក​លូតលាស់ ប្រសិន​បើ​ពួកគេ​ត្រូវ​រស់រាន​ខាង​វិញ្ញាណ ហើយ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ ។ នោះ​គឺ​ជា​ការ​ពិត​សម្រាប់​យើងផងដែរ ។ នេះ​ជា​មូលហេតុ​ដែល​ប្រធាន ណិលសុន បាន​ទទូច និង​អង្វរ​ពួកគេ ( និង​យើង ) ឲ្យ « ពង្រីក​សមត្ថភាព​ខាងវិញ្ញាណ​របស់​យើង​ដើម្បី​ទទួល​បាន​វិវរណៈ » ។៤៧ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « ដោយ​ការរៀន​សូត្រ និង​យល់​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ នោះ [ សិស្ស​របស់​យើង ] អាច​រីក​លូតលាស់​នៅក្នុង​គោលការណ៍​នៃ​វិវរណៈ រហូត​ទាល់ [ ពួកគេ ] ក្លាយ​ជា​ឥតខ្ចោះ​នៅក្នុង​ព្រះគ្រីស្ទ​យេស៊ូវ » ។៤៨

ទីបញ្ចប់ មិន​ត្រូវ​មើល​ស្រាល​លើ​អំណាច​នៃ​វិវរណៈ​នៃ​ការធ្វើ​តាម​ព្យាការី​ឡើយ ។

សិស្ស​របស់​យើង​រស់នៅ​ក្នុង​គ្រា​ដ៏​ស្រស់​បំព្រង តែ​លំបាក​មួយ ។ ពួកគេ​នឹង​មានការ​ការពារ ហើយ​មានពរ ហើយ​វិវរណៈ​នឹង​ហូរ​ចូល​ទៅក្នុង​ជីវិត​ពួកគេ ប្រសិន​បើ​ពួកគេ​នឹង​ធ្វើ​តាម​ការប្រឹក្សា និង​ការអញ្ជើញ​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ ។ ព្យាការី​ថ្លែង​ជំនួស​ព្រះអម្ចាស់ ។ នេះ​គឺជា​ឧទាហរណ៍​ថ្មីៗ​មួយ៖ ​ក្នុង​ការថ្លែង​ទៅកាន់​សិស្ស​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​សរសេរ​ថា « សមត្ថភាព​របស់​បងប្អូន​ក្នុង​ការមាន​ឥទ្ធិពល​ទៅលើ​ពិភពលោក​កាន់តែ​ខ្លាំង​ឡើង​ជាង​ជំនាន់​មុនៗ គឺពឹង​ផ្អែក​ទាំងស្រុង​ទៅលើ​កម្រិត​នៃ​ការលះបង់​របស់​បងប្អូន​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។ បងប្អូន​ម្នាក់ៗ​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ជួយ​បង្រៀន​ដំណឹងល្អ​នៅក្នុង​ផ្ទះ​របស់​បងប្អូន​ដល់​អស់​អ្នក​ដែល​បងប្អូន​រស់នៅ​ជា​មួយ ។ ថ្នាក់​សិក្ខា​សាលា និង​វិទ្យាស្ថាន​នឹង​ជួយ​បងប្អូន​ដើម្បី​ជួសជុល​ផ្ទះ​របស់​បងប្អូន​ឲ្យ​ក្លាយ​ជា​ជម្រក​នៃ​សេចក្ដី​ជំនឿ—ជា​កន្លែង​មួយ​ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​បង្រៀន រៀន រស់នៅ​តាម និង​ស្រឡាញ់ » ។៤៩

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ សូម​ជួយ​សិស្ស​របស់​យើង​ឲ្យ​ធ្វើតាម​ព្យាការី ។ បង្រៀន​ពួកគេ​ឲ្យ​គាំទ្រ​ឪពុក​ម្ដាយ​របស់​ពួកគេ នៅក្នុង​ការធ្វើ​ឲ្យ​គេហដ្ឋាន​របស់​ពួកគេ​ផ្ដោត​ទៅលើ​ការរៀន​ដំណឹងល្អ ។ បង្រៀន​ពួកគេ​ឲ្យ​ចែកចាយ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់ និង​ដំណឹងល្អ​របស់​ទ្រង់ ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្ដិ ។ កាលដែល​ពួកគេ​ធ្វើ​ដូច្នោះ នោះ​ពួកគេ​នឹង​ទទួល « វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ ...ដែល​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។៥០ ពួកគេ​នឹង​ក្លាយ​ដូច​ជា​ពលទ័ព​ហេលេមិន ជា​អ្នក​បំផុស​គំនិត​ដល់​មនុស្ស​ទាំងអស់​ដែល​ស្គាល់​ពួកគេ ជាពិសេស​ដល់​ពួកអ្នក​ដែល​នៅក្នុង​ផ្ទះ​គេ​ផ្ទាល់ ។

សាក្សី

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ពី​ព្រះវរបិតា​ដ៏​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​យើង ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះ​ប្រោសលោះ​របស់​យើង ។ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​កិច្ចការ​នៅ​ក្នុង​ជីវិត​យើង ។ ស្ថានសួគ៌​បើកចំហរ ។ នេះ​ជា​ថ្ងៃ​នៃ​អព្ភូតហេតុ​មួយ ថ្ងៃ​នៃ​វិវរណៈ​ដោយ​ព្រះចេស្ដា​នៃ « ព្រះ​វិញ្ញាណ ... ត្រូវ​បាន​ចាត់​ឲ្យ​មក​ដោយ​សារ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ » ។៥១ ខ្ញុំ​ដឹង​ថា នោះ​គឺ​ជា​ការពិត ។ សូម​ឲ្យ​យើង​ម្នាក់ៗ​ស្វែងរក​វិវរណៈ​ពី​ព្រះអម្ចាស់ ដើម្បី​ជួយ​សិស្ស​យើង​ម្នាក់ៗ គ្រប់ៗគ្នា រៀន​ឲ្យ​បាន​ជ្រៅជ្រះ​ពី​គោលការណ៍​ដ៏​រុងរឿង​នេះ ហើយ​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​នៅក្នុង​ជីវិត​ពួកគេ​នៅ​ពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។

ក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូ​វគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. គំរូ​ទាំង​បី​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​នៅក្នុង​គ្រួសារ​របស់​លីហៃ អំឡុង​ការធ្វើ​ដំណើរ​របស់​ពួកគេ​ទៅកាន់​ដែនដី​សន្យា ។ លីហៃ​ជា​ព្យាការី​មួយ​រូប ហើយ​បាន​ព្យាករ​ដល់​គ្រួសារ​លោក ៖ លោក​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ បាន​ហៅ​ពួកគេ​ឲ្យ​ប្រែចិត្ត និង​បាន​ប្រយុទ្ធ​នឹង​ការណ៍​អាក្រក់​ក្នុង​ចំណោម​ពួកគេ ។ នីហ្វៃ​បាន​ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​ដូច​ជា​ឪពុក​របស់​លោក ហើយ​បាន​ទទួល​វា​តាមរយៈ​សុបិន្ត និង​ការនិមិត្ត​ទាំងឡាយ នៅក្នុង​ការខ្សឹប​ពី​ព្រះវិញ្ញាណ នៅក្នុង​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ និង​នៅក្នុង​ការបម្រើ​របស់​ពួក​ទេវតា ។ ហើយ​ពួកលោក​បាន​មាន​បញ្ជី​ដ៏​ពិសិដ្ឋ​នៅលើ​ផ្ទាំង​លង្ហិន​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  2. សូមមើល យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:១៩ ។

  3. នីហ្វៃ​បញ្ជាក់​យ៉ាង​ច្បាស់​ថា លីហៃ​ជា​ឪពុក​របស់​លោក​ជា​បុរស​មាន​ចំណេះវិជ្ជា និង​ចេះ​ភាសា ។ នៅ​ខាង​ដើម​នៃ​បញ្ជី​របស់​លោក នីហ្វៃ​ថ្លែង​ថា « ខ្ញុំ​នីហ្វៃ ដោយ​បាន​កើត​មក​ពី​ឪពុក​ម្ដាយ​ល្អ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​ត្រូវបាន​បង្រៀន​ខ្លះៗ​នូវ​អស់​ទាំង​ចំណេះវិជ្ជា​របស់​ឪពុក​ខ្ញុំ ... ខ្ញុំ​ធ្វើបញ្ជី​មួយ​នៅ​ក្នុងភាសា​របស់​ឪពុក​ខ្ញុំ ដែល​មាន​រួម​ទាំង​ចំណេះវិជ្ជា​នៃ​ពួក​សាសន៍​យូដា និង​ភាសា​របស់​ពួក​សាសន៍​អេស៊ីព្ទ ។ ... ខ្ញុំ នីហ្វៃ មិន​រៀបរាប់​ឲ្យ​អស់​នូវ​ដំណើរ​រឿង ដែល​ឪពុក​ខ្ញុំ​បាន​សរសេរ​ទេ » ( នីហ្វៃទី១ ១:១–២, ១៦ ) ។

    លីហៃ​ជា​បុរស​មាន​ចំណេះ ដែល​បាន​សរសេរ​បញ្ជី​ផ្ទាល់​របស់​លោក​ពី​សុបិន្ត និង​ការនិមិត្ត និង​ការព្យាករ​របស់​លោក ។ ទោះយ៉ាងណា ព្រះអម្ចាស់​បាន​បញ្ជា​លោក​ឲ្យ​បញ្ជូន​កូន​ប្រុសៗ របស់​លោក​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ។

  4. នីហ្វៃទី១ ៣:១៩–២០ ។

  5. សូមមើល នីហ្វៃទី១ ១៩:១០ សម្រាប់​ឧទាហរណ៍​នៃ​ការសរសេរ​ទាំងឡាយ​របស់​ពួកព្យាការី​ដែល​មាន​នៅក្នុង​ផ្ទាំង​លង្ហិន ដែល​ពុំ​មាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។

  6. សូមមើល នីហ្វៃទី១ ៦:៤; នីហ្វៃទី១ ១៩:១, ២១ ។ ផ្ទាំង​លង្ហិន​បន្ត​ជា​ប្រភព​មួយ​នៃ​ការយល់ដឹង និង​វិវរណៈ​អស់ពេញ​ទាំង​ប្រវត្តិសាស្ត្រ​របស់​សាសន៍​នីហ្វៃ ។ ដោយ​សរសេរ ១០០០ ឆ្នាំ​បន្ទាប់​ពី​លីហៃ នោះ​មរ៉ូណៃ​បាន​ដកស្រង់​អេសាយ​ចេញ​ពី​ផ្ទាំង​លង្ហិន​អំពី​សេចក្ដី​សញ្ញា​របស់​ព្រះវរបិតា ហើយ​បាន​លើក​ឡើង​ពី​ព្រះចេស្ដា​ដ៏​ប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ « ចូរ​ភ្ញាក់​ឡើង និង​ចូរ​ក្រោក​ឡើង​ពី​ធូលី​ដី ឱ​ក្រុង​យេរូសាឡិម​អើយ មែន​ហើយ ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ... ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​នៃ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​បាន​ធ្វើ​ដល់​អ្នក​អាច​បាន​បំពេញ ។

    « មែន​ហើយ ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​ចុះ » ( មរ៉ូណៃ ១០:៣១–៣២ ) ។

  7. សូមមើល នីហ្វៃទី១ ៦:៤; ១៩:២១ ។

  8. សារៈសំខាន់​នៃ​ភាសា និង​ចំណេះ​វិជ្ជា—ជា​សមត្ថភាព​ក្នុង​ការអាន និង​សរសេរ និង​រក្សា​បញ្ជី​ទាំងឡាយ—ត្រូវបាន​ជ្រួតជ្រាប​យ៉ាង​ជ្រៅ​នៅក្នុង​សង្គម​របស់​សាសន៍​នីហ្វៃ ដែល​សូម្បី​តែ​ពួក​អ្នក​មិន​ជឿ​ក៏​បាន​អភិវឌ្ឍ​នូវ​សមត្ថភាព​នោះ​ដែរ ។ ឧទាហរណ៍ អាមូឡុន ជា​សង្ឃ​ទុច្ចរិត​ម្នាក់​របស់​ស្ដេច​ណូអេ បាន​ក្លាយ​ជា​គ្រូបង្រៀន​ដល់​ពួក​សាសន៍​លេមិន ហើយ​បាន​បង្រៀន​ពួកគេ​ឲ្យ​អាន និង​សរសេរ និង​រក្សា​បញ្ជី​ទាំងឡាយ ។ សូម្បី​តែ​ពួក​ចោរ​កាឌីអានតុន​ក៏​អាន និង​សរសេរ​សំបុត្រ​ដែរ ។ ជាង​នោះ​ទៀត ការបង្កើត​សង្គម​មួយ​នៃ​អ្នក​រក្សា និង​អ្នក​អាន​បញ្ជី​ទាំងឡាយ ហើយ​គ្រូបង្រៀន​គឺ​សំខាន់​ខ្លាំងណាស់​ដល់​ការអភិវឌ្ឍ​ច្បាប់​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ​អំឡុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ។ បញ្ជី​ទាំងឡាយ និង​ការរក្សា​បញ្ជី ក៏​ដូច​ជា​ការអាន និង​ការបង្រៀន គឺ​ជា​របៀប​ដ៏​សំខាន់​មួយ​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​ប្រជាជន​នីហ្វៃ​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ មាន​គំរូ​មួយ​នៅក្នុង​បទពិសោធន៍​នោះ​សម្រាប់​យើង​នៅក្នុង​ជំនាន់​យើង​នេះ ។

  9. យើង​ឃើញ​បញ្ជី​ទាំងនោះ​នៅក្នុង​សកម្មភាព​នៅក្នុង​សុន្ទរកថា​របស់​ស្ដេច​បេនយ៉ាមីន ពេល​ទ្រង់​បាន​ឲ្យ​គេ​សរសេរ​បន្ទូល​របស់​ទ្រង់ ហើយ​ចែកចាយ​ទៅ​ប្រជាជន​ទ្រង់​ដែល​មិន​បាន​ឮ​ទ្រង់ ។ យើង​ឃើញ​វា ពេល​អ័ប៊ីណាដៃ​បាន​អាន​ចេញពី​ផ្ទាំង​លង្ហិន​នូវ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់​ទៅកាន់​ពួកសង្ឃ​ទុច្ចរិត​របស់​ស្ដេច​ណូអេ ។ យើង​ឃើញ​វា​ផងដែរ​ក្នុង​ចំណោម​ពួក​អ្នក​នៅ​អាំម៉ូណៃហា ដែល​ជា​អ្នក​បាន​ជឿ​ដល់​អាលម៉ា និង​អាមូលេក ហើយ​ជា​អ្នក​ដែល « បាន​ចាប់​ផ្ដើម​ប្រែចិត្ត ហើយ​ពិចារណា​មើល​បទគម្ពីរ​ទាំង​ឡាយ » ( អាលម៉ា ១៤:១ ) ។ ស្ត្រី និង​កូនៗ​របស់​ពួក​អ្នក​ជឿ រួម​ជាមួយ​នឹង « បញ្ជី​ទាំង​ឡាយ​របស់​ជន​ទាំង​នោះ ដែល​មាន​ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​ឡាយ » ( អាលម៉ា ១៤:៨ ) ត្រូវបាន​គេ​បោះ​ចូល​ទៅក្នុង​ភ្លើង​បំផ្លាញ​ចោល ។

  10. សូមមើល ម៉ូសាយ ១:២–៥ ។

  11. សូមមើល អាលម៉ា ១៨:៣៦ កន្លែង​ដែល​អាំម៉ូន « លាតត្រដាង​នៅ​ចំពោះ [ ស្ដេច​ឡាម៉ូណៃ ] នូវ​បញ្ជី​ទាំង​ឡាយ និង​បទគម្ពីរ​ទាំង​ឡាយ » ។

  12. សូមមើល អាលម៉ា ៣៧:៨–៩ ។

  13. សូម​មើល នីហ្វៃទី៣ ១១:៨–១៧ ។ ប្រជាជន​ពោរពេញ​ដោយ​អំណរ ហើយ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅ​រាត្រី​នោះ និង​សម្រាប់​ជា​ច្រើន​ជំនាន់​បន្ទាប់​ពី​នោះ ។ នីហ្វៃ ជា​ចៅលួត​របស់​អាលម៉ា​ជា​កូន បាន​កត់ត្រា​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​ទាំងនោះ ហើយ​កំណត់​ត្រា​ទាំងនោះ​បង្កើត​ឲ្យ​មាន​ជា​សាក្សី​ដ៏​អស្ចារ្យ​អំពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ការបូជា​ដ៏​ធួន​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។

  14. ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប​ថា លោក​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​អំណាច​ដើម្បី​បកប្រែ​ព្រះគម្ពីរ​មរមន​ដោយ « សេចក្ដី​មេត្តាករុណា​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:២៩ ) ។ នៅ​ចុងបញ្ចប់​នៃ​ជីវិត​លោក នីហ្វៃ​បាន​ចេញ​នូវ​ការហៅ​បញ្ជាក់​ដើម្បី​រក្សា​ជារតនសម្បត្តិ​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ ការហៅ​នោះ​បាន​បន្ត​អស់​ជា​ច្រើន​សតវត្ស​នៃ​ប្រវត្តិសាស្ត្រ​សាសន៍​នីហ្វៃ​នៅក្នុង​គេហដ្ឋាន ទីជម្រក និង​នៅក្នុង​ការបង្រៀន​របស់​ពួក​ព្យាការី ។ វា​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព​នៅក្នុង​ចិត្ត​យើង​ជាមួយ​នឹង​ការសន្យា​ដ៏​បំផុស​គំនិត​របស់​វា ៖ « ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើសិន​ជា​អ្នក​រាល់​គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួល​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ​នោះ​ព្រះវរបិតា​ទ្រង់​មាន​ព្រះបន្ទូល​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( នីហ្វៃទី២ ៣១:២០ បន្ថែម​អក្សរ​ទ្រេត ) ។

  15. អាលម៉ា ៣៧:១៨; សូមមើល​ផងដែរ អាលម៉ា ៣៧:១៤–១៩ ។ ផ្ទាំងលង្ហិន​ត្រូវបាន​រក្សា​ទុក ហើយ​នៅក្នុង​ការថែ​រក្សា​របស់​មរ៉ូណៃ ។ ដាវីឌ វិតមើរ បាន​ថ្លែង​ទីបន្ទាល់​ដែល​ពិត​នៅក្នុង​ការសម្ភាស​ក្នុង​ឆ្នាំ ១៨៧៨ មួយ​ជាមួយ យ៉ូសែប អេហ្វ ស្ម៊ីធ និង អួរសុន ប្រាត្ត នៅ រីចម៉ុន រដ្ឋ​មិសសួរី ៖ « យ៉ូសែប អូលីវើរ និង​ខ្លួន​ខ្ញុំ យើង​មិន​ត្រឹម​តែ​បាន​ឃើញ​ផ្ទាំង​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ឃើញ​ផ្ទាំងលង្ហិន ផ្ទាំង​ទាំងឡាយ​នៃ​គម្ពីរ​អេធើរ ... និង​ផ្ទាំង​ជា​ច្រើន​ផ្សេង​ទៀត​ផងដែរ ។ ការពិត​នោះ​គឺ​ថា ពេល​ដែល​យ៉ូសែប អូលីវើរ និង​ខ្ញុំ កំពុង​តែ​អង្គុយ​នៅ​ទីនេះ​នៅលើ​គល់​ឈើ នោះ​យើង​ត្រូវបាន​គ្រប​ដណ្ដប់​ដោយ​ពន្លឺ វា​មិន​មែន​ដូច​ជា​ពន្លឺ​ព្រះអាទិត្យ​នោះ​ទេ ... តែ​វា​ជា​ពន្លឺ​ដ៏​រុងរឿង ហើយ​ស្រស់​ស្អាត ។ ... នៅ​ទី​នោះ​វា​ហាក់​ដូច​ជា​មាន​តុមួយ​លេច​ឡើង​ដោយ​មាន​បញ្ជី ឬ​ផ្ទាំង​ជា​ច្រើន​ក្រៅ​ពី​ផ្ទាំង​នៃ​ព្រះគម្ពីរ​មរមន​នៅលើ​នោះ ហើយ​ក៏​មាន​ដាវ​របស់​ឡាបាន់ ប្រដាប់​នាំ​ផ្លូវ ដែល​ជា​ដុំ​មូល​ដែល​លីហៃ​បាន​មាន និង​ប្រដាប់​បកប្រែ ។ ខ្ញុំ​បាន​ឃើញ​របស់​ទាំងអស់​នោះ​ច្បាស់​ដូច​ជា​ខ្ញុំ​ឃើញ​គ្រែ​នេះ​អញ្ចឹង ... ហើយ​ខ្ញុំ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​យ៉ាង​ច្បាស់​ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ឮ​អ្វីៗ​នៅ​ជីវិត​ខ្ញុំ​ប្រកាស​ថា បញ្ជី​ទាំងឡាយ​នៃ​ផ្ទាំង​នៃ​ព្រះគម្ពីរ​មរមន​គឺ​ត្រូវបាន​បកប្រែ​ដោយ​អំណោយ និង​ព្រះចេស្ដា​នៃ​ព្រះ » ( ដាវីឌ វិតមើរ នៅក្នុង​សំបុត្រ​របស់ យ៉ូសែប អេហ្វ ស្ម៊ីធ ទៅកាន់ យ៉ូហាន ថេលើរ នៅ​ថ្ងៃ​ទី ១៧ ឆ្នាំ ១៨៧៨ ឯកសារ​របស់​យ៉ូសែប អេហ្វ ស្ម៊ីធ ឆ្នាំ ១៨៥៤–១៩១៨ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ទីក្រុង​សលត៍​លេក ទំព័រ ៨–៩ ) ។

  16. នីហ្វៃទី​១ ១០:១៧ ។ នៅក្នុង​នីហ្វៃទី២ នីហ្វៃ​ពិពណ៌នា​ពី​របៀប​មនុស្ស​ម្នាក់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​បាន​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ថាតើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​អ្វី « ដ្បិតទ្វារ​ដែល​អ្នក​រាល់គ្នា​ត្រូវ​ចូល​នោះ គឺជា​ការប្រែចិត្ត និង បុណ្យ​ជ្រមុជ​ដោយ​ទឹក ហើយ​បន្ទាប់​មក​គឺជា​ការផ្ដាច់​បាប​ទាំងឡាយ​របស់​អ្នក​ដោយ​ភ្លើង និង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ... ហើយ​នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នៅ​លើ​ផ្លូវតូច ហើយ​ចង្អៀត​នោះ ដែល​នាំ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ... អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​បន្ទាល់​អំពី​ព្រះ​វរបិតា និង​អំពី​ព្រះ​រាជ​បុត្រា ចំពោះ​ការ​បំពេញ​នូវ​សេចក្ដី​សន្យា​ដែល​ទ្រង់​បាន​ធ្វើ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ចូល​តាម​ផ្លូវ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ទទួល » ( នីហ្វៃ​ទី២ ៣១:១៧–១៨ ) ។

    « បើ​សិន​ជា​អ្នក​រាល់​គ្នា នឹង​ចូល​ទៅ​តាម​ផ្លូវ​នោះ ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក នូវ​គ្រប់​អ្វី​ទាំង​អស់ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃ​ទី២ ៣២:៥ ) ។

  17. នីហ្វៃទី​១ ២:១៦ ។

  18. នីហ្វៃទី​១ ២:១៦ ។

  19. នីហ្វៃទី​១ ២:១៩ ។

  20. គំរូ​នេះ​គឺជា​ភស្ដុតាង​ក្នុង​បទពិសោធន៍​ជា​ច្រើន​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ សូម​ធ្វើ​ការ​ពិចារណា​ដូច​ខាងក្រោម ៖

    ការមាន​ចិត្ត​ចង់​ដឹង​ដោយ​ខ្លួន​យើង

    ការមាន​ចិត្ត​ចង់​ដឹង​សេចក្ដី​ពិត ដើម្បី​ទទួល​ចម្លើយ ដើម្បី​ទទួល​ការណែនាំ ឬ​ការលួងលោម ឬ​ការអត់ទោស ជាញឹកញាប់​ត្រូវបាន​បណ្ដាល​ឲ្យ​កើត​មាន​ដោយ​ព្រះបន្ទូល​នៃ​ព្រះ ដែល​ជំរុញ​ឲ្យ​មាន​ការស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន ។ នីហ្វៃ​បាន « មាន​ចិត្ត​មោះមុត​ចង់​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ » ( នីហ្វៃទី១ ២:១៦ ) ។ « ព្រលឹង​ស្រេកឃ្លាន » របស់​អេណុស​ដើម្បី​បាន​ការអត់ទោស ( អេណុស ១:៤ ) ។ អាលម៉ា​បាន​យំ​ក្នុង​ចិត្ត​លោក​ថា « ឱ ព្រះ​យេស៊ូវ​អើយ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ទូលបង្គំ​ផង » ( អាលម៉ា ៣៦:១៨ ) ។ នេះ​គឺ​ជា​ចិត្ត​ប្រាថ្នា​ដ៏​ពិត​ដើម្បី​ទទួល​បាន​វិវរណៈ​មក​ពី​ព្រះ ។

    អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត

    ចិត្ត​ប្រាថ្នា​ដ៏​ពិត​នាំ​ទៅកាន់​ការអធិស្ឋាន ជា​ញឹកញាប់​នៅក្នុង​កន្លែង​ស្ងប់ស្ងាត់ ។ យើង​ស្វែងរក​វិវរណៈ​ពី​ព្រះវរបិតាសួគ៌ ហើយ​យើង​ធ្វើ​ដូច្នោះ​ជាមួយ​នឹង​ការអធិស្ឋាន​ចេញ​ពី​ចិត្ត ដោយ​ថ្លែង​ពី​ចិត្ត​ប្រាថ្នា​ចង់​ដឹង ។ វា​គឺជា​ការអធិស្ឋាន​ដោយ​ចេតនា​ពិត​ដើម្បី​អនុវត្ត​នូវ​អ្វី​ដែល​យើង​ទទួល ។ ការអធិស្ឋាន​បែបនោះ​ត្រូវបាន​ធ្វើ​ឡើយ​ដោយ​នីហ្វៃ អេណុស អាលម៉ា បុត្រា​របស់​ម៉ូសាយ និង​ហេលេមិន ព្រមទាំង​ពួក​ពលទ័ព​កំឡោះ​របស់​លោក ( សូមមើល នីហ្វៃទី១ ២:១៦; អេណុស ១:៤; អាលម៉ា ១៧:៣; អាលម៉ា ៥៨:១០–១២ ) ។

    ឧស្សាហ៍​ព្យាយាម​ក្នុង​ការស្វែងរក

    ការស្វែងរក​វិវរណៈ​តម្រូវ​ឲ្យ​មាន​ភាពឧស្សាហ៍​ព្យាយាម​ក្នុង​ការស្រាវជ្រាវ ។ សូម​គិត​អំពី​អាលម៉ា​ដែល « តមអាហារ ហើយ​បាន​អធិស្ឋាន​ជាច្រើន​ថ្ងៃ​ដើម្បី [ លោក ] អាច​ដឹង​នូវ​រឿង​ទាំងនេះ​ដោយ [ ខ្លួន​លោក ] » ( អាលម៉ា ៥:៤៦ ) ។ ភាពឧស្សាហ៍​ព្យាយាម​ក្នុង​ការស្វែងរក​វិវរណៈ មានន័យ​ថា​ការស្រាវជ្រាវ​ព្រះគម្ពីរ សញ្ជឹងគិត អធិស្ឋាន និង​តម​អាហារ អំពី​អ្វី​ដែល​យើង​អាន និង​រៀន ។ វា​មានន័យ​ថា ការទៅរក​ព្រះវរបិតាសួគ៌​ជា​ញឹកញាប់ ហើយ​ទុកចិត្ត​លើ​ពេលវេលា​របស់​ទ្រង់ ។

  21. ដូច​យ៉ាកុប​បាន​បង្រៀន​ថា អំណោយទាន​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​នាំ​មក​នូវ​អំណោយ​ទាន​ខាង​វិញ្ញាណ​ផងដែរ ហើយ​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ធ្វើ​ឲ្យ​ការប្រែចិត្ត​កាន់តែ​ជ្រាលជ្រៅ​ទៅលើ​ព្រះអម្ចាស់ ៖ « ហេតុដូច្នេះ​ហើយ យើង​ពិចារណា​អំពី​សេចក្តី​ព្យាករណ៍​នៃ​ពួក​ព្យាការី ហើយ​យើង​មាន​វិវរណៈ​ទាំងឡាយ និង​វិញ្ញាណ​នៃ​ការព្យាករណ៍ ហើយ​ដោយ​មាន​ទីបន្ទាល់​អស់​ទាំងនេះ ទើប​យើង​ទទួល​បាន​សេចក្តី​សង្ឃឹម ហើយ​សេចក្តី​ជំនឿ​របស់​យើង​ក៏​ឥត​ញាប់ញ័រ​ដែរ ដរាប​ដល់​យើង​ច្បាស់​ជា​អាច​បញ្ជា​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ ហើយ​គ្រប់​ទាំង​ដើមឈើ ឬ​ក៏​ភ្នំ ហើយនិង​ទឹក​រលក​នៅ​ក្នុង​សមុទ្រ​ក៏​ធ្វើ​តាម​បញ្ជា​យើង​ដែរ ។

    « ទោះជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្ហាញ​យើង​នូវ​ភាពទន់ខ្សោយ​របស់​យើង ដើម្បី​អោយ​យើង​ដឹង​ថា គឺ​ដោយសារ​ព្រះគុណ និង​ការបន្ទាប​ខ្លួន​ដ៏​មហិមា​របស់​ទ្រង់​ចំពោះ​កូន​ចៅ​មនុស្ស ទើប​យើង​មាន​អំណាច​ដើម្បី​ធ្វើ​នូវ​កិច្ចការ​ទាំងនេះ​បាន » ( យ៉ាកុប ៤:៦–៧ ) ។

  22. នោះ​ជា​ការពិត​ចំពោះ​របៀប​ទាំងអស់​ដែល​ព្រះអម្ចាស់​បាន​ទាក់ទង​ជាមួយ​ប្រជារាស្ត្រ​ទ្រង់ ។ ឧទាហរណ៍ ការងារ​បម្រើ​របស់​ពួកទេវតា​គឺ​ជា​រឿង​ធម្មតា​ចំពោះ​ពួក​អ្នក​សុចរិត ។ អាលម៉ា​បាន​ប្រកាស​ថា « ត្បិត​មើល​ចុះ ពួក​ទេវតា​កំពុងតែ​ប្រកាស [ ការប្រែចិត្ត ] ប្រាប់​ដល់​មនុស្ស​ជា​ច្រើន នៅ​ពេល​នេះ​នៅ​ក្នុង​ដែនដី​យើង » ( អាលម៉ា ១៣:២៤ ) ។ មិនយូរ​ប៉ុន្មាន​មុន​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ « ពួក​ទេវតា​បាន​លេច​មក​ឯ​មនុស្ស និង​ពួក​អ្នក​ប្រាជ្ញ ហើយ​បាន​ប្រកាស​ដល់​ពួក​គេ នូវ​ដំណឹង​ដ៏​រីករាយ​អំពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » ( ហេលេមិន ១៦:១៤ ) ។

  23. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៥ ។

  24. អាលម៉ា ៥:៤៥–៤៦ ។

  25. ពេល​លោក​បាន​បង្រៀន​ដល់​ប្រជាជន​អាំម៉ូណៃហា នោះ​អាលម៉ា​បាន​សង្ខេប​ពី​ពរជ័យ​ដ៏​អស្ចារ្យ​ទាំងឡាយ​ដែល​ប្រជាជន​នីហ្វៃ​បាន​រីករាយ និង​លក្ខណៈ​នៃ​សហគមន៍​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះអម្ចាស់​បាន​បង្កើត​ឡើង​ក្នុង​ចំណោម​ពួកគេ ។ អាលម៉ា ៩:២០–២២ ថ្លែង​ថា ពួកគេ​ជា « ប្រជាជន​ដ៏​សំណព្វ​ជា​ខ្លាំង​នៃ​ព្រះ » « បាន​ដឹង​នូវ​កិច្ចការ​ទាំង​អស់ ស្រប​តាម​ការ​ប៉ង​ប្រាថ្នា​ទាំង​ឡាយ​របស់​គេ និង​សេចក្ដី​ជំនឿ និង​ការ​អធិស្ឋាន​របស់​គេ​នូវ​អ្វី​ដែល​បាន​កន្លង​ផុត​ទៅ អ្វី​ដែល​មាន និង​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​ថ្ងៃ​មុខ » ត្រូវបាន « ព្រះ​វិញ្ញាណ​នៃ​ព្រះ​យាង​មក​ជួប ... បាន​សន្ទនា​ជាមួយ​នឹង​ពួក​ទេវតា ហើយ​បាន​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​មក​រក » ហើយ​បាន​មាន « វិញ្ញាណ​ខាង​ការព្យាករ និង​វិញ្ញាណ​នៃ​វិវរណៈ និង​អំណោយទាន​ជាច្រើន​ផង » ។

  26. អាលម៉ា ១៧:៣; សូមមើល​ផងដែរ អាលម៉ា ១៧:១–៣ ។

  27. អាលម៉ា ២៣:៥; សូមមើល​ផងដែរ អាលម៉ា ២៣:៥–៧ ។

  28. អាលម៉ា ២៣:៦ ។

  29. នៅទីនេះ​យើង​ផ្ដោត​លើ​តួនាទី​របស់​ពួកព្យាការី ប៉ុន្តែ​ទទួល​ស្គាល់​ថា​ព្យាការី​ជា​អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ផងដែរ ។ ដូច​អាំម៉ូន​បាន​បង្រៀន​ថា « អ្នក​មើល​ឆុត គឺជា​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ព្យាការី​ផង​ដែរ ... អ្នក​មើល​ឆុត​អាច​ដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​កន្លង​មកហើយ និង ការណ៍​ទាំងឡាយ​ដែល​នឹង​កើត​ឡើង​នៅពេល​ខាង​មុខផង ហើយ​ដោយសារ​ប្រដាប់​បកប្រែ​ទាំង​នេះ ទើប​គ្រប់​ការណ៍​ទាំងអស់​ត្រូវបាន​បើក​ឲ្យ​ឃើញ ឬ និយាយ​ម្យ៉ាង​ទៀត​ថា ការណ៍​សម្ងាត់​ទាំងឡាយ​នឹង​ត្រូវ​បាន​សម្តែង​ឲ្យ​ដឹង ហើយ​ការណ៍​លាក់កំបាំង​ទាំងឡាយ​នឹង​ត្រូវបាន​ចេញ​មក​ឯ​ពន្លឺ ហើយ​ការណ៍​ទាំងឡាយ​ដែល​គ្មាន​គេដឹង នោះ​ក៏​នឹង​ត្រូវបាន​ធ្វើ​ឲ្យ​ដឹង ដោយសារ​វត្ថុ​ទាំង​នោះ ហើយ​ការណ៍​ទាំងឡាយ​ក៏​នឹង​ត្រូវ​ធ្វើ​ឲ្យ​ដឹង​ដោយសារ​វត្ថុ​ទាំង​នោះ​ដែរ បើ​ពុំនោះ​សោត​ទេ នឹង​ពុំ​មាន​នរណា​អាច​ដឹង​បាន​ឡើយ » ( ម៉ូសាយ ៨:១៦–១៧ ) ។

  30. ពួកលោក​បាន​ធ្វើ​ដូច្នោះ​ជាមួយ​នឹង​អំណាច​ខាង​វិញ្ញាណ រហូត​ទាល់តែ​សារលិខិត​បាន​ជ្រាប​ចូល​ក្នុង​ដួងចិត្ត​របស់​មនុស្ស​ដែល​បាន​រៀបចំ​ដើម្បី​ស្ដាប់​ឮ ។ ក្នុង​ប្រវត្តិសាស្ត្រ​ជាង ១០០០ ឆ្នាំ​មក​នេះ យើង​បានអាន​ពី​ប្រជាជន​ដែល « បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ » ( នីហ្វៃទី១ ៥:១; ម៉ូសាយ ៤:៣ ) ប្រជាជន​ដែល « ព្រលឹង​របស់​គេ​បាន​ចែង​ចាំង ដោយ​ពន្លឺ​នៃ​ព្រះ​បន្ទូល​ដ៏​អស់​កល្ប​ជានិច្ច​ដែរ » ( អាលម៉ា ៥:៧ ) និង​ប្រជាជន​ដែល « ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រោស​លោះ ... បាន​កើត​មក​ពី​ព្រះ​វិញ្ញាណ » ( ម៉ូសាយ ២៧:២៤ ) ។ នៅក្នុង​ឧកាស​ជា​ច្រើន « មាន​មនុស្ស​រាប់​ពាន់ បាន​ចូល​រួម​ក្នុង​សាសនាចក្រ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែ​ចិត្ត » ( ហេលេមិន ៣:២៤ ) ។ សម្រាប់​ឧទាហរណ៍​អំពី​តួនាទី​របស់​ពួកទេវតា​នៅក្នុង​វិវរណៈ​ដល់​ពួកព្យាការី ដែល​ធ្វើ​ឲ្យ​ការចេះដឹង​របស់​យើង​បាន​ជ្រៅជ្រះ​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ សូមមើល ម៉ូសាយ ៣ ។

  31. សូមមើល នីហ្វៃទី២ ៣១; យ៉ាកុប ២; ម៉ូសាយ ៣; អាលម៉ា ៥; អាលម៉ា ១៨; អាលម៉ា ៣៤; អាលម៉ា ៤៦; មរ៉ូណៃ ៧; មរ៉ូណៃ ៨; មរ៉ូណៃ ១០ ។

  32. អាលម៉ា ៥:១៤ ។

  33. អាលម៉ា ៥:២៦ ។

  34. អាលម៉ា ៥:២៨ ។

  35. អាលម៉ា ៥:៣២–៣៣ ។

  36. សូមមើល យ៉ាកុប ៧:១–២០ ( សេរេម ); អាលម៉ា ១:៣–១៥ ( នីហូរ ); អាលម៉ា ២:១–៣១ ( អាំលីសៃ ); អាលម៉ា ៣០:៣–៥៩ ( កូរីហូរ ); អាលម៉ា ៤៦:៣–១១ ( អាម៉ាលិកាយ ) ។

  37. សូមមើល យ៉ាកុប ៧:៤ ។

  38. សូមមើល អាលម៉ា ៣០:៣១ ។

  39. កាលដែល​ពេលវេលា​នៃ​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ខិត​ជិត​មក​ដល់ នោះ​មនុស្ស​អាក្រក់​បាន​បន្ត​ធ្វើ​អាក្រក់​កាន់តែ​ខ្លាំង​ឡើង—ពួកគេ​បាន​បង្កើត​ប័ក្សព័ន្ធ​សម្ងាត់ ( សូមមើល ហេលេមិន ១:៩–១២; ហេលេមិន ២:៤–៥ ) ។ នៅក្នុង​ដំណើរ​ការ​កាល​ពី​បុរាណ ត្រឡប់​ទៅ​ឯ​ជំនាន់​របស់​អ័ដាម និង​អេវ៉ា នោះ​ពួក​មនុស្ស​អាក្រក់​ទាំងនេះ​បាន​បង្កើត​ក្រុម​ដែល​ស្វែងរក​ចង់បាន​អំណាច ប្រមូល​ភោគទ្រព្យ និង​បំផ្លាញ​សាសនាចក្រ ព្រមទាំង​រដ្ឋាភិបាល ដោយ​ការធ្វើឃាត និង​ការប្លន់​ដោយ​សម្ងាត់ ។ អាវុធ​របស់​ពួកគេ​មិន​មែន​ជា​ពាក្យ​សម្ដី​ទេ តែ​ជា​ព្រនង់ ដាវ និង​កាំបិត ។ ពួកគេ​ត្រូវបាន​ការពារ​ដោយ​សម្បថ និង​សេចក្ដី​សញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​គ្នា​ទៅវិញ​ទៅ​មក​ដើម្បី​រក្សា​កិច្ចការ​អាក្រក់​របស់​ពួកគេ​ជា​សម្ងាត់ ដោយ​ដាក់​ពិន័យ​ដល់​ស្លាប់​បើ​មាន​នរណា​ម្នាក់​បំពាន ( សូមមើល ហេលេមិន ៦:២០–៣៣; នីហ្វៃទី៣ ១:២៧–៣០ ) ។

  40. សូមមើល ហេលេមិន ១:៩–១២; ហេលេមិន ២:៤–៥; ហេលេមិន ៦:២០–៣៣; នីហ្វៃទី៣ ១:២៧–៣០ ។

  41. សូម​មើល យ៉ាកុប ៧:៨ ។

  42. សម្រាប់​ការពិភាក្សា​ពី​គោលការណ៍​នេះ សូមមើល ហិនរី ប៊ី. អាវរិង « Continuing Revelation » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧០–៧៣ ។

  43. នេះ​ជា​អត្ថន័យ​នៃ​សារលិខិត​របស់​ព្រះអម្ចាស់​ចំពោះ យ៉ូសែប ស្ម៊ីធ ៖ « អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ ហើយ​អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់តែ​ខ្លាំង​ឡើងៗ​រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៤ ) ។ ទោះ​ជា​ប្រជាជន​នីហ្វៃ​មិន​តែងតែ​សុចរិត​ក្ដី ហើយ​ទោះ​ជា​តែងតែ​មាន​អ្នកប្រឆាំង​ក្ដី ក៏​ពួក​ព្យាការី​បាន​រក្សា​នូវ​អណ្ដាត​ភ្លើង​នៃ​សេចក្ដី​ជំនឿ​ឲ្យ​ឆេះ​យ៉ាង​ចែងចាំង​ដែរ ។ ជាមួយ​នឹង​ភាពក្លាហាន និង​អំណាច​នៃ​វិវរណៈ ពួកលោក​បានប្រមូលផ្តុំ​ប្រជាជន​នៃ​សេចក្ដី​ជំនឿ​ដែល​បាក់ទឹកចិត្ត និង​ត្រូវគេ​ធ្វើ​ទុក្ខ​បុកម្នេញ ។ ពួកលោក​បាន​ជួយ​មនុស្ស​ជាច្រើន​ឲ្យ​ពឹងផ្អែក​ជីវិត​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ដែល​នាំ​ពួកគេ ឬ​នាំ​ពួកគេ​ត្រឡប់​ទៅរក​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​វិញ ។

  44. សិស្ស​របស់​យើង​អាច​អាន និង​ឃើញ​ពី​របៀប​ដែល​ប្រជាជន​នីហ្វៃ និង​លេមិន​ត្រូវបាន​ប្រទាន​ពរ​ដោយ​មាន​បញ្ជី​ពិសិដ្ឋ​ទាំងឡាយ វិវរណៈ​ផ្ទាល់​ខ្លួន និង​ព្យាការី​ដែល​នៅរស់ ។ នៅ​គ្រា​ដែល​សិស្ស​របស់​យើង​អាន​អំពី​ពរជ័យ​ដ៏​អស្ចារ្យ​ទាំងនេះ នោះ​ពួកគេ​អាច​ដក​ពិសោធន៍​ពី​ការណ៍​ទាំងនោះ​ដោយ​ខ្លួនឯង ប្រសិន​បើ​ពួកគេ​ឱបក្រសោប​ការណ៍​ទាំងនោះ ។ តាមរយៈ​ការសិក្សា និង​ការស្រាវជ្រាវ​នៅក្នុង​ព្រះគម្ពីរ​មរមន ព្រមទាំង​ការអធិស្ឋាន​ដើម្បី​បាន​ការដឹកនាំ​ខាង​វិញ្ញាណ នោះ​សិស្ស​របស់​យើង​អាច​ទទួល​បាន​ចំណេះដឹង និង​ការយល់ដឹង​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​របស់​ព្រះវរបិតា ពួកគេ​អាច​រៀន​ពី​របៀប​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ហើយ​ពួកគេ​អាច​ទទួល​បាន​នូវ​សាក្សី​មួយ​ថា អ្វី​ដែល​ពួកគេ​អាន​គឺ​ជា​ការពិត—ទាំងអស់​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  45. សូមមើល អេភេសូ ១:១០ ។

  46. យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ខណៈ​យើង​នៅក្នុង​ជីវិត​រមែងស្លាប់ វិវរណៈ​ផ្ទាល់​ខ្លួន​មក « កាន់​វិញ្ញាណ​របស់​យើង​យ៉ាង​ជាក់ច្បាស់ ដូច​ជា​យើង​គ្មាន​រូបកាយ​សោះ » ( Teachings of the Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៧៥ ) ។

  47. រ័សុល អិម. ណិលសុន « Revelation for the Church, Revelation for Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ។

  48. Teachings of the Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ១៣២ ។

  49. ទំព័រ Instagram របស់​ប្រធាន រ័សុល អិម ណិលសុន បាន​សរសេរ​នៅ ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៩ ។ សំណេរ​នេះ​ប្រកាស​ថា ការផ្លាស់ប្ដូរ​ទាំងឡាយ​ដល់​កាលវិភាគ និង​កម្មវិធី​សិក្សា​ថ្នាក់​សិក្សា​សាលា ចាប់ផ្ដើម​នៅក្នុង​ខែ មករា ឆ្នាំ ២០២០ ។

  50. គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១ ។

  51. គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២៧ ។