« នីហ្វៃទី២ ១២–១៥ ៖ ‹ ហេតុការណ៍នឹងកើតឡើងថា នៅគ្រាចុងក្រោយបង្អស់ › » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ១២–១៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ១២–១៥
« ហេតុការណ៍នឹងកើតឡើងថា នៅគ្រាចុងក្រោយបង្អស់ »
តើអ្នកបានរកឃើញថាព្យាការីមួយចំនួនបានមានប្រសាសន៍ បង្រៀន ឬសរសេរតាមរបៀបមួយដែលរំជួលដល់ព្រលឹងរបស់អ្នកដែរឬទេ ? សម្រាប់នីហ្វៃ គឺអេសាយបានរំជួលដល់ព្រលឹងលោក ។ នីហ្វៃបានសរសរ « ព្រោះព្រលឹងខ្ញុំត្រេកអរចំពោះពាក្យពេចន៍របស់លោក » ( នីហ្វៃទី២ ១១:២ ) ។ អ្នកក៏អាចត្រេកអរនឹងអ្វីដែលព្រះអម្ចាស់បានបើកសម្តែងអំពីថ្ងៃចុងក្រោយតាមរយៈអេសាយដែរ ។ មេរៀននេះអាចជួយអ្នកយល់ពីការព្យាករណ៍ជានិមិត្តរូបរបស់អេសាយ ហើយសញ្ជឹងគិតពីរបៀបដែលការព្យាករណ៍ទាំងនោះអាចជួយអ្នកក្នុងជីវិតរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ល្អបំផុត និងអាក្រក់បំផុត
ព្រះអម្ចាស់បានបើកសម្ដែងទាំងពរជ័យ និងការព្រមានអំពីការរស់នៅក្នុងថ្ងៃចុងក្រោយដល់ព្យាការីពីបុរាណជាច្រើននាក់ ។ ព្យាការីម្នាក់ក្នុងចំណោមព្យាការីទាំងនោះគឺ ព្យាការីអេសាយក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានរស់នៅក្នុងក្រុងយេរូសាឡិមជាង ១០០ ឆ្នាំមុនលីហៃ និងក្រុមគ្រួសាររបស់លោក ។ នីហ្វៃបានដឹងថា អេសាយជាសាក្សីពិសេសម្នាក់នៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី២ ១១:២ ) ហើយរីករាយជាខ្លាំងចំពោះពាក្យសម្ដីរបស់លោក ដែលលោកបានចំណាយពេលដើម្បីបញ្ចូលការព្យាករណ៍របស់អេសាយក្នុងបញ្ជីផ្ទាល់ខ្លួនរបស់លោកជាច្រើន ។
សូមសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ។ អ្នកនឹងត្រឡប់មកសំណួរទាំងនេះម្តងទៀតនៅចុងបញ្ចប់នៃមេរៀននេះ ។
-
ហេតុអ្វីព្រះអម្ចាស់អាចបើកសម្តែងពរជ័យ និងការព្រមានអំពីថ្ងៃចុងក្រោយដល់យើង ?
-
តើការណ៍នេះបង្រៀនអ្នកអំពីទ្រង់យ៉ាងដូចម្តេច ?
-
តើការដឹងរឿងទាំងនេះអាចជួយអ្នកដោយរបៀបណា
សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឆ្លើយសំណួរទាំងនេះនៅក្នុងមេរៀននេះទាំងមូល ។
បញ្ហាប្រឈមនៃសម័យកាលរបស់យើង
អេសាយបានព្រមានយើងអំពីឥរិយាបថ និងការប្រព្រឹត្តិខ្លះនៅថ្ងៃចុងក្រោយ ។ សូមអានវគ្គខគម្ពីរខាងក្រោម ដោយរកមើលអ្វីដែលអេសាយបានព្យាករណ៍ ។
-
នីហ្វៃទី២ ១២:៧–១១ ( ចិត្តឆ្មើងឆ្មៃ សំដៅទៅលើភាពឆ្មើងឆ្មៃ និងភាពកំណាញ់ សំដៅទៅលើការខ្វះសេចក្តីថ្លៃថ្នូរ ឬជាមនុស្សកម្រិតទាប ) ។
-
នីហ្វៃទី២ ១៣:៥, ៩, ១៥–១៧ ( ក្រុងសូដុំម ជាកន្លែងនៃអំពើទុច្ចរិត និងអសីលធម៌ ។ ផាត់ មានន័យថា តណ្ហា ) ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ ?
-
តើមានឧទាហរណ៍មួយចំនួនណាខ្លះពីរឿងទាំងនេះនៅក្នុងពិភពលោកសព្វថ្ងៃនេះ ?
-
ហេតុអ្វីវាជាពរជ័យដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់យើងឲ្យប្រយ័ត្នចំពោះរឿងទាំងនេះ ?
នៅពេលអ្នកបន្តការសិក្សារបស់អ្នក សូមរកមើលពរជ័យដែលព្រះអម្ចាស់បានប្រទានសម្រាប់ថ្ងៃចុងក្រោយនេះ ។ សូមសញ្ជឹងគិតពីរបៀបដែលពរជ័យទាំងនេះអាចនឹងជួយយើង នៅពេលយើងប្រឈមមុខនឹងឧបសគ្គដែលអេសាយបានឃើញជាមុន ។
ភ្នំនៃព្រះដំណាក់របស់ព្រះអម្ចាស់
អេសាយបានប្រើនិមិត្តរូបជាច្រើននៅក្នុងការព្យាករណ៍របស់លោក ។ ការសញ្ជឹងគិតអំពីអ្វីដែលនិមិត្តរូបទាំងនេះតំណាងឲ្យ អាចជួយអ្នកឲ្យរកឃើញអត្ថន័យផ្ទាល់ខ្លួនពីព្រះគម្ពីរ ។
សូមអាន នីហ្វៃទី២ ១២:១–៣ ដោយស្វែងរកនិមិត្តរូបចម្បងដែលអេសាយបានប្រើដើម្បីបង្រៀនអំពីអ្វីដែលនឹង « កើតឡើង នៅគ្រាចុងក្រោយបង្អស់ » ( នីហ្វៃទី២ ១២:២ ) ។
-
តើអ្នកគិតថា « ភ្នំជាទីសាងព្រះវិហារនៃព្រះអម្ចាស់ » សំដៅទៅលើអ្វី ? ហេតុអ្វី ?
វាអាចមានប្រយោជន៍ក្នុងការសញ្ជឹងគិតថា តើនិមិត្តរូបមួយនៅក្នុងករណីនេះភ្នំមួយ មានសារៈសំខាន់ក្នុងបទគម្ពីរផ្សេងទៀតឬអត់ ។ ឧទាហរណ៍ ៖ ម៉ូសេ និងព្យាការីផ្សេងទៀតបានទៅភ្នំមួយដើម្បីស្គាល់ព្រះអម្ចាស់ ហើយទទួលការណែនាំពីទ្រង់ ( សូមមើល និក្ខមនំ ៣; ២០ ) ។ ជួនកាល ភ្នំមានគោលបំណងស្រដៀងនឹងព្រះវិហារបរិសុទ្ធ ។
-
តើភ្នំដូចជាព្រះវិហារបរិសុទ្ធដោយរបៀបណា ?
ដោយមាននិមិត្តរូបដែលបានកំណត់ហើយ សូមអានខគម្ពីរទាំងនេះឡើងវិញ ហើយរកមើលអ្វីដែលព្រះអម្ចាស់ធ្វើសម្រាប់យើងនៅក្នុងដំណាក់របស់ទ្រង់ ។
ពពក និងភ្លើង
អេសាយបានព្យាករណ៍រឿងមួយផ្សេងទៀត ។ សូមអាន នីហ្វៃទី២ ១៤:៥–៦ ដោយរកមើលអ្វីដែលព្រះអម្ចាស់នឹងធ្វើសម្រាប់រាស្ដ្ររបស់ទ្រង់ ។ ព័ត៌មានខាងក្រោមអាចមានប្រយោជន៍សម្រាប់អ្នក ៖
-
កន្លែងស្នាក់នៅគឺជាផ្ទះ ។
-
ការជួបជុំនៅភ្នំស៊ីយ៉ូន ជាកន្លែងដែលរាស្ដ្ររបស់ព្រះអម្ចាស់ជួបជុំគ្នាដូចជានៅក្នុងសាខា វួដ និងស្តេក ។
-
រោងឧបោសថនៅសម័យគម្ពីរសញ្ញាចាស់ សំដៅជាពិសេសទៅលើតង់ដែលអាចចល័តបាន ដែលជាព្រះវិហារបរិសុទ្ធសម្រាប់សាសន៍អ៊ីស្រាអែលអស់រយៈពេលរាប់រយឆ្នាំ ។ ការណ៍នេះតំណាងឲ្យព្រះវិហារបរិសុទ្ធ ឬកន្លែងនៃការថ្វាយបង្គំនៅសព្វថ្ងៃនេះ ។
-
កន្លែងជ្រកកោនគឺជាកន្លែងដែលមានដំបូលគ្រប ឬជម្រក ។
-
តើអ្នកគិតថា ពពកនៅពេលថ្ងៃ និងអណ្តាភ្លើងនៅពេលយប់ជានិមិត្តរូបឲ្យអ្វី ?
-
តើពពក និងភ្លើងមានសារៈសំខាន់យ៉ាងណាចំពោះម៉ូសេ និងកូនចៅនៃអ៊ីស្រាអែល ? ( សូមមើល និក្ខមនំ ១៣:២១ ) ។
-
ដោយមានការយល់ដឹងនោះ តើអ្នកគិតថាអ្វីដែលព្រះអម្ចាស់បានសន្យា ថាទ្រង់នឹងធ្វើសម្រាប់រាស្រ្តរបស់ទ្រង់នៅក្នុង នីហ្វៃទី២ ១៤:៥–៦ ?
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្តល់នូវការសន្យាស្រដៀងគ្នាថា ៖
ទីបន្ទាល់យើងអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គេហដ្ឋាន ក្រុមគ្រួសារ និងសមាជិកភាពយើងក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនេះ នឹងក្លាយជាបន្ទាយផ្ទាល់ខ្លួននៃការការពារដែលហ៊ុមព័ទ្ធជុំវិញខ្លួនយើង ហើយបាំងយើងពីអំណាចរបស់អារក្ស ។ ( រ៉ូណល អេ រ៉ាសបាន « Build a Fortress of Spirituality and Protection » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១១០ )
ពាក្យរបស់អេសាយនៅក្នុងជីវិតរបស់អ្នក
សូមចំណាយពេលខ្លះដើម្បីឆ្លើយសំណួរទាំងបីដែលអ្នកបានសញ្ជឹងគិតនៅដើមមេរៀន ។ សូមពិចារណាសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក នូវអ្វីដែលអ្នកបានរៀនអំពីព្រះអម្ចាស់ និងពីរបៀបដែលការព្យាករណ៍ទាំងនេះអាចជួយអ្នកបាន ។ អ្នកអាចបញ្ចូលឥរិយាបទ ឬបុគ្គលិកលក្ខណៈដែលអ្នកចង់ចៀសវាង ក៏ដូចជារបៀបដែលអ្នកអាចស្វែងរកជំនួយខាងវិញ្ញាណពីព្រះអម្ចាស់នៅក្នុងគេហដ្ឋាន វួដ ឬសាខា ឬនៅក្នុងព្រះវិហារបរិសុទ្ធរបស់អ្នក ។