« នីហ្វៃទី២ ១៦ ៖ ‹ បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ១៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ១៦
« បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ »
តើអ្នកធ្លាប់មានបទពិសោធន៍ដែលពិបាកនិយាយដែរឬទេ ? អេសាយអាចមានបទពិសោធន៍នោះ នៅពេលដែលលោកបានសរសេរអំពីការឃើញព្រះអម្ចាស់នៅក្នុងសិរីល្អទាំងអស់របស់ទ្រង់ ។ ដើម្បីជួយបង្ហាញបទពិសោធន៍នេះ អេសាយបានប្រើភាសានិមិត្តរូបដើម្បីពិពណ៌នាអំពីព្រះចេស្តា និងភាពបរិសុទ្ធរបស់ព្រះអម្ចាស់ និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អេសាយចំពោះភាពមិនគ្រប់គ្រាន់ ។ ព្រះអម្ចាស់បានសម្អាតអំពើបាបរបស់លោក ហើយបានហៅលោកឲ្យធ្វើជាព្យាការី ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីសមត្ថភាពរបស់ព្រះអម្ចាស់ក្នុងការអភ័យទោស និងសម្អាតអ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទ
ព្យាការី និងមនុស្សមួយចំនួនមានឯកសិទ្ធិមើលឃើញព្រះយេស៊ូវគ្រីស្ទក្នុងសិរីរុងរឿងដ៏អស្ចារ្យរបស់ទ្រង់ ។
-
តើមានហេតុផលអ្វីខ្លះដែលព្រះអម្ចាស់បានយាងទៅជួបមនុស្សផ្សេងគ្នាពេញមួយប្រវត្តិសាស្ត្រពិភពលោក ?
សូមចំណាយពេលបន្តិចមើលរូបភាពខាងក្រោម ហើយគិតអំពីបទពិសោធន៍មួយណាដែលអ្នកពេញចិត្តជាងគេ ។
-
តើគំនិត ឬអារម្មណ៍អ្វីខ្លះដែលអ្នកអាចដកពិសោធចំពោះវត្តមានរបស់ព្រះអម្ចាស់ ?
អេសាយបានឃើញព្រះអម្ចាស់ដោយសិរីរុងរឿងទាំងអស់របស់ទ្រង់ នៅពេលលោកបានហៅថាជាព្យាការី ។ លោកបានកត់ត្រាបទពិសោធន៍នេះ ហើយនីហ្វៃបានបញ្ចូលវាជាមួយនឹងការសរសេររបស់លោក ។ ( សូមមើល អេសាយ ៦ និង នីហ្វៃទី២ ១៦ ) ។
សូមអាន នីហ្វៃទី២ ១៦:១–៤ ដោយរកមើលពីរបៀបដែល អេសាយបានពិពណ៌នាអំពីអ្វីដែលលោកបានឃើញ ។ ដោយសារអេសាយបានប្រើភាសានិមិត្តរូបដើម្បីពណ៌នាអំពីបទពិសោធន៍របស់លោក នោះការពន្យល់ខាងក្រោមអាចមានប្រយោជន៍ ៖
-
រំភាយ ៖ ផ្នែកខាងចុងជាយព្រះពស្ត្ររបស់ព្រះអម្ចាស់ ដែលអាចតំណាងឲ្យភាពសុចរិត ព្រះចេស្តា និងភាពបរិសុទ្ធរបស់ទ្រង់ ។ វាជាការសំខាន់ដែលអេសាយបានឃើញថាវា « ពេញក្នុងព្រះវិហារបរិសុទ្ធ » ( នីហ្វៃទី២ ១៦:១ ) ។
-
ពួកសេរភីម ៖ ទេវតាធ្វើការងារបម្រើក្នុងទីលានរបស់ព្រះ ( សូមមើល Bible Dictionary « Seraphim » ) ។ ស្លាបរបស់ពួកសេរភីមគឺជានិមិត្តរូបនៃអំណាចរបស់ពួកគេដើម្បីផ្លាស់ទី ឬធ្វើសកម្មភាព ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៤ ) ។
-
ផ្សែង ឬពពក ៖ ជារឿយៗជានិមិត្តរូបនៃវត្តមានរបស់ព្រះ ( សូមមើល និក្ខមនំ ១៩:១៨; វិវរណៈ ១៥:៨ ) ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះពីខគម្ពីរទាំងនេះជួយអ្នកយល់ពីសិរីរុងរឿងនៃព្រះអម្ចាស់ ?
-
តើអ្នកគិតថាអ្នកអាចមានប្រតិកម្មយ៉ាងណា ប្រសិនបើអ្នកបានឃើញរឿងនេះ ?
សូមអាន នីហ្វៃទី២ ១៦:៥ ដើម្បីស្វែងយល់ពីប្រតិកម្មរបស់អេសាយចំពោះការឃើញព្រះអម្ចាស់ ។
-
តើពាក្យ ឬឃ្លាមួយណាដែលជួយអ្នកឲ្យយល់ថា អេសាយបានដឹងអំពីអំពើបាប និងភាពទន់ខ្សោយរបស់លោក ?
-
តើមានមូលហេតុអ្វីខ្លះដែលមនុស្សសព្វថ្ងៃអាចមានអារម្មណ៍ថាមិនស្អាត ឬមិនស័ក្តិសមនៅចំពោះព្រះ ?
-
តើមានរបៀបណាខ្លះ ដែលវាអាចល្អសម្រាប់យើងដើម្បីស្គាល់កំហុសរបស់យើង នៅពេលយើងចូលទៅកាន់តែជិតព្រះអម្ចាស់ ?
ព្រះអម្ចាស់ស្ម័គ្រព្រះទ័យដកយកអំពើបាបរបស់យើងចេញ
សូមអាន នីហ្វៃទី២ ១៦:៦–៧ ដោយរកមើលអ្វីដែលបានកើតឡើងនៅក្បែរអេសាយ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការចងចាំថា អាសនាត្រូវបានប្រើប្រាស់កាលពីបុរាណនៅក្នុងការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ ។
-
តើអ្នកនឹងសង្ខេបអ្វីដែលបានកើតឡើងយ៉ាងដូចម្តេច ?
-
តើអ្នកគិតថា ការណ៍នេះអាចជានិមិត្តរូបអំពីអ្វី ?
សូមគិតអំពីបទពិសោធន៍របស់អេសាយនៅអាសនា និងរបៀបដែលវាអាចបង្រៀនអំពីការអភ័យទោសពីអំពើបាប ហើយក្លាយជាមនុស្សស្អាតស្អំតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកគិតថា ការដែលព្រះអម្ចាស់បានដកយកអំពើបាបរបស់អេសាយបានជះឥទ្ធិពលយ៉ាងណាខ្លះដល់លោក ?
-
តើសេចក្ដីពិតអ្វីខ្លះដែលខគម្ពីរទាំងនេះជួយអ្នកយល់អំពីព្រះអម្ចាស់ ?
សេចក្តីពិតដែលយើងអាចរៀនគឺថា ព្រះអម្ចាស់មានព្រះចេស្តាដើម្បីធ្វើឲ្យយើងបានស្អាតស្អំ ។
ពេលខ្លះ យើងប្រហែលជាមិនចាំ និងទទួលអារម្មណ៍ពីសារៈសំខាន់នៃសេចក្ដីពិតនេះទេ ។ បងប្រុស ប្រាតលី អ័រ វិលខ័ក ក្នុងគណៈប្រធានយុវជនទូទៅ បានចែកចាយពាក្យសម្តីរបស់យុវជនម្នាក់ដែលលោកហៅថា ដាម៉ុន ។ យុវជនម្នាក់នេះបានចែកចាយគំនិត និងអារម្មណ៍ដែលគាត់មានអំពីអំពើបាបរបស់ខ្លួន ។
ដាម៉ុន បានសរសេរថា ៖ … « ខ្ញុំមានអារម្មណ៍ខ្មាសអៀន ដែលខ្ញុំមិនអាចបញ្ឈប់វាបាន ។ … សមហើយដែលខ្ញុំទទួលអារម្មណ៍សោកស្ដាយគ្រប់ពេលវេលានោះ ។ ខ្ញុំបានយល់ថា ព្រះប្រហែលជាស្អប់ខ្ញុំ ដោយសារខ្ញុំមិនមានឆន្ទៈព្យាយាមឲ្យខ្លាំងជាងមុន ដើម្បីយកឈ្នះលើរឿងនោះទាំងលើកនេះ និងគ្រប់ពេលទាំងអស់ ។ ខ្ញុំបានប្រឆាំងនឹងការល្បួងរយៈពេលមួយសប្ដាហ៍ ហើយពេលខ្លះដល់មួយខែ ប៉ុន្តែក្រោយមកខ្ញុំភ្លាត់ ហើយគិតថា ‹ ខ្ញុំនឹងមិនអាចល្អគ្រប់គ្រាន់នោះទេ ដូច្នេះតើខំព្យាយាមធ្វើអ្វីទៀត ? › » ( ប្រាដលី អរ វីលខក់ « Worthiness Is Not Flawlessness » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦២ )
-
ហេតុអ្វីបានជាយុវជនដូច ដាម៉ូនអាចមានគំនិតទាំងនេះ ?
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះមិនត្រូវការមនុស្សដែលល្អឥតខ្ចោះទេ ។ ទ្រង់ស្វែងរកអស់អ្នកដែលនឹងផ្តល់ « ចិត្ត និងគំនិតដែលស្ម័គ្រតាម » [ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៣៤ ] ហើយទ្រង់នឹងធ្វើឲ្យពួកគេ « បានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ » [ មរ៉ូណៃ ១០:៣២–៣៣ ] ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Five Messages That All of God’s Children Need to Hear » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ១៧ ឆ្នាំ ២០២១ ] ទំព័រ ៣ នៅលើគេហទំព័រ speeches.byu.edu )
ទស្សនវិស័យថ្មី
សូមអាន នីហ្វៃទី២ ១៦:៨ ដើម្បីមើលឃើញអ្វីដែលអេសាយបានធ្វើ បន្ទាប់ពីព្រះអម្ចាស់បានធ្វើឲ្យលោកបានជ្រះស្អាត ។
-
តើអ្នកគិតថា បទពិសោធន៍របស់អេសាយដែលត្រូវបានសម្អាត អាចជះឥទ្ធិពលលើការឆ្លើយតបរបស់លោកនៅក្នុងខទី ៨ យ៉ាងដូចម្ដេច ?
បន្ទាប់ពីការនិមិត្តនេះ អេសាយស្ម័គ្របម្រើព្រះអម្ចាស់ ។ ពីរបីទសវត្សរ៍ក្រោយមក លោកបានជួយណែនាំប្រជាជនយូដា ។ ការបង្រៀន និងការសរសេររបស់អេសាយបានបំផុសគំនិតមនុស្សរាប់មិនអស់ ហើយព្រះអម្ចាស់បានដកស្រង់ពាក្យពេចន៍របស់លោកច្រើនជាងព្យាការីណាៗទាំងអស់ ។
ដាម៉ូន ក៏បានផ្លាស់ប្តូរដែរ ។ ដោយមានជំនួយពីថ្នាក់ដឹកនាំសាសនាចក្រ ដាម៉ូនបានដឹងថា ព្រះអម្ចាស់មិនមើលងាយគាត់តាមការវិនិច្ឆ័យដោយពិរោធទេ ប៉ុន្តែដោយសេចក្ដីមេត្តាករុណា ដោយសព្វព្រះទ័យជួយគាត់ឲ្យប្រសើរឡើង ។ សូមអានពាក្យរបស់ដាម៉ូន នៅពេលគាត់មានទស្សនវិស័យថ្មីចំពោះព្រះ ៖
ដាម៉ុនបាននិយាយថា ៖ … « សព្វថ្ងៃនេះ ខ្ញុំចំណាយពេលស្អប់ខ្លួនឯងតិចជាងពីមុនឆ្ងាយណាស់ ចំពោះអ្វីដែលខ្ញុំបានធ្វើ ហើយបានចំណាយពេលច្រើនជាងមុន គឺស្រឡាញ់ព្រះយេស៊ូវគ្រីស្ទសម្រាប់អ្វីដែលទ្រង់បានធ្វើ » ។ ( ប្រាដលី អរ វីលខក់ « Worthiness Is Not Flawlessness » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦២ )
-
តើការដកពិសោធន៍អំពីដង្វាយធួន សេចក្ដីស្រឡាញ់ និងការអភ័យទោសរបស់ព្រះអង្គសង្គ្រោះជះឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
សូមសញ្ជឹងគិតសំណួរខាងក្រោម នៅពេលអ្នកបញ្ចប់ការសិក្សារបស់អ្នកអំពីជំពូកនេះ ៖
-
តើអ្នកគិតថាអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលបទពិសោធន៍កាន់តែស៊ីជម្រៅអំពីសេចក្ដីស្រឡាញ់ និងការអភ័យទោសរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់អ្នក ?