ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ១៧–១៩ ៖ ព្រះ​បរមងារ និង​តួនាទី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ


« នីហ្វៃទី២ ១៧–១៩ ៖ ព្រះ​បរមងារ និង​តួនាទី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ១៧–១៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ១៧–១៩

ព្រះ​បរមងារ និង​តួនាទី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

ព្រះ​យេស៊ូវគ្រីស្ទ

ហេតុ​អ្វី​ព្រះ​អង្គសង្គ្រោះ​ព្រះ​យេស៊ូវគ្រីស្ទ​គឺជា​អង្គ​ដែល​អ្នក​អាច​ដាក់​ទី​ទុកចិត្ត​បាន ? នៅក្នុង​ជំពូក​ទាំងនេះ ព្រះ​អម្ចាស់​លើក​ទឹកចិត្ត​ស្ដេច​ពីរ​អង្គ ដែលត្រូវកងទ័ព​ដ៏​ខ្លាំងក្លា​គំរាមកំហែង ឲ្យ​ទុកចិត្ត​លើ​ទ្រង់ ។ បន្ទាប់មក អេសាយ បាន​ព្យាករណ៍​អំពី​ព្រះ​អង្គសង្គ្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​បាន​រៀបរាប់​ពី​ព្រះបរមងារ និង​បុគ្គលិកលក្ខណៈ​របស់​ទ្រង់ ។ គោលបំណង​​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការ​សិក្សា និង​ការ​យល់​ដឹង​អំពី​បុគ្គលិក​លក្ខណៈ និង​ព្រះបរមងារ​របស់​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ងារ​ទាំងនោះ ?

សូម​ស្រមៃ​ថា អ្នក​មិន​ធ្លាប់ជួប​បុគ្គល​បួននាក់​ខាង​ក្រោម​នេះ​ទេ ប៉ុន្តែ​អ្នក​ស្គាល់​ងារ​របស់​ពួកគេ ៖

  • វេជ្ជបណ្ឌិត

  • មន្ត្រីប៉ូលិស

  • ប៊ីស្សព

  • ប្រធាន​យុវនារី

  • ក្នុងចំណោម​បុគ្គល​ទាំងនោះ តើ​នរណា​ដែល​អ្នក​នឹង​ទៅរក​ជំនួយ ប្រសិនបើ​មាន​គេ​ចង់​ប្លន់​អ្នក ? ប្រសិនបើ​អ្នក​មាន​បញ្ហាសុខ​ភាព​យ៉ាប់យ៉ឺន ? ដើម្បី​ទទួល​បាន​ការទូន្មាន​ខាង​វិញ្ញាណ ?

  • តើ​ក្នុង​ស្ថានភាព​អ្វី​ផ្សេងទៀត​ដែល​មនុស្ស​ទាំងនេះ​អាច​មាន​លក្ខណៈសម្បត្តិ​ពិសេស​ដើម្បី​ជួយ ?

  • តើ​ងារ​របស់​ពួកគេ​ជួយអ្នក​ឲ្យ​យល់​ពី​លក្ខណៈសម្បត្តិ ដែល​ពួកគេ​មាន​ក្នុង​ការ​ជួយ​យ៉ាងដូចម្តេច ?

សូម​ចំណាយពេល​បន្តិច​ដើម្បី​ពិចារណា​អំពីស្ថានភាព ឬ​បញ្ហា​ប្រឈម​នានា​ដែល​អ្នក​អាច​ជួបប្រទះ ដែល​អ្នក​ចង់​បាន​ជំនួយ ។

ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​តួនាទី និង​ព្រះ​បរមងារ​ជាច្រើន ។ តួនា​ទី និង​ព្រះបរមងារ​នីមួយៗ បង្រៀន​យើង​នូវ​អ្វី​ដែល​សំខាន់​អំពី​ទ្រង់ និង​សមត្ថភាព​របស់​ទ្រង់ក្នុង​ការ​ជួយ​យើង ។ នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​រកមើល​ពី​ព្រះបរមងារ និង​តួនា​ទី​របស់​ទ្រង់ ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​ទ្រង់​អាច​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ជួយ​អ្នក ។

ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់​ទៅស្ដេចពីរអង្គ​នៃ​ស្រុកយូដា

ក្នុង​កំឡុង​សម័យ​របស់​អេសាយ ស្តេច អេហាស នៃ​យូដា និង​ក្រោយមកគឺព្រះ​រាជបុត្រ​របស់​ទ្រង់ ស្តេច​ហេសេគា ទាំងពីរ​អង្គ​បាន​ប្រឈម​នឹង​ស្ថានភាព​ដ៏​លំបាក​បំផុត ៖ ប្រទេស​មាន​អំណាច​បាន​គំរាម​វាយប្រហារ​ពួកទ្រង់ ។ ក្នុង​ករណី​ទាំងពីរ​នេះ ព្រះ​អម្ចាស់​បាន​ជំរុញ​ស្ដេច និង​ប្រជារាស្រ្ត​ស្តេច​ឲ្យ​ទុកចិត្ត​លើ​ទ្រង់ ជាជាង​ចង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​នានា ។ សូម​អាន​ខគម្ពីរ​ខាង​ក្រោម ដោយ​រកមើល​ឃ្លា​ដែល​បង្ហាញ​ថា​ព្រះ​អម្ចាស់​កំពុង​ឲ្យ​ពួកគេ​ទុកចិត្ត​លើ​ទ្រង់ ។

  • នីហ្វៃទី២ ១៧:៣–៧ ។ស្ដេច អេហាស ត្រូវ​បាន​គំរាមកំហែង​ដោយ រេស៊ីន ជា​ស្តេច​ស៊ីរី និង​ស្ដេច ពេកា នៃ​អ៊ីស្រាអែល ដែល​មាន​គម្រោង​វាយប្រហារ និង​លើកបន្តុប​ស្ដេចថ្មី​ឡើង​សោយរាជ្យ ។

  • នីហ្វៃទី២ ១៨:១១–១៣, ១៧ ។ពួកអាសស៊ើរ បានឈ្លានពានស្តេច ហេសេគាហើយ​ដឹង​ថា​កងទ័ព​របស់​ទ្រង់​គ្មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​ពួកវា​ឡើយ ។ ( ពាក្យ​សហព័ន្ធ សំដៅ​លើ​ការបង្កើត​សម្ព័ន្ធ​ភាព​ជាមួយ​ប្រទេស​ដទៃ​ដើម្បី​ការពារ​ខ្លួន ) ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វី​ខ្លះ ?

  • ហេតុ​អ្វី​វា​ពិបាក​សម្រាប់​ស្ដេច និង​រាស្ដ្រ​របស់​ទ្រង់​ក្នុង​ការ​ទុកចិត្ត​លើ​ព្រះ​អម្ចាស់ ជាជាង​បង្កើត​សម្ព័ន្ធ​ភាព​ជាមួយ​ប្រទេស​ផ្សេង ?

  • តើ​ពួកគេ​ត្រូវ​ដឹង​អ្វី​ខ្លះអំពី​ព្រះ​អម្ចាស់​ដើម្បី​ទុកចិត្ត​លើ​ទ្រង់ ?

នៅពេល​អ្នក​បន្តសិក្សា សូម​សញ្ជឹង​គិត​ពី​អត្ថន័យ​នៃ​ការ​ទុកចិត្ត​លើ​ព្រះ​អម្ចាស់​ចំពោះ​បញ្ហា​ជាក់លាក់​ដែល​អ្នក​ប្រឈមមុខ ។

ព្រះបរមងារ​របស់​ព្រះ​អង្គសង្គ្រោះ

នៅក្នុង​ខគម្ពីរ​មួយ​ដែល​អ្នក​បាន​សិក្សា អេសាយ បាន​ប្រើ​ព្រះបរមងារ​ជាក់លាក់​មួយ​សម្រាប់​ព្រះ​យេស៊ូវគ្រីស្ទ ដែល​អាច​ជួយ​ស្តេច​ទាំងនេះ និង​ប្រជារាស្រ្ត​របស់​ស្តេច​ទុកចិត្ត​លើ​ទ្រង់​បាន ប្រសិនបើពួកគេយល់ ។ សូម​រំឭក នីហ្វៃ​ទី​២ ១៨:១៣ ហើយ​ពិចារណា​គូស​ចំណាំ​ព្រះបរមងារ​នេះ ។

ការ​រក​ឃើញ និង​ការ​យល់ដឹង​អំពី​ព្រះបរមងារ​របស់​ព្រះអង្គ​សង្គ្រោះ អាច​ជួយ​យើង​ឲ្យ​ស្គាល់ ស្រឡាញ់ និង​ទុកចិត្ត​ទ្រង់​កាន់តែខ្លាំង​ឡើង​នៅក្នុងជីវិត​របស់​យើង ។ ដើម្បី​ជួយ​អ្នក​ឲ្យយល់​ពី​ព្រះបរមងារ « ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ » សូម​រកមើល​អត្ថន័យ​របស់​វា​នៅក្នុង សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយBible Dictionary ។

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

    • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះអំពី​ព្រះ​យេស៊ូវគ្រីស្ទ ?

    • តើ​តួនាទី​នេះ​ធ្វើ​ឲ្យ​ព្រះ​អង្គសង្គ្រោះ​មានលក្ខណៈ​សម្បត្តិ​ពិសេស​យ៉ាង​ណា​ខ្លះ ដើម្បី​ជួយ​ស្ដេច​ទាំងនេះ និង​ប្រជារាស្រ្ត​របស់​ពួកទ្រង់ នៅពេល​មាន​ការ​គំរាមកំហែង​ពី​កងទ័ព​ផ្សេងទៀត ?

ការ​ព្យាករណ៍​របស់​អេសាយ

អេសាយ​ក៏​បាន​ព្យាករណ៍​ដល់​ស្តេច​ទាំងនេះ និង​ប្រជារាស្រ្ត​របស់​ពួកទ្រង់​អំពី​ការប្រសូត​របស់​ព្រះ​អង្គសង្គ្រោះ និង​ការគ្រងរាជ្យ​នៅ​សហស្សវត្សរ៍ ។ សូម​អាន នីហ្វៃ​ទី​២ ១៧:១៤–១៥; ១៩:២, ៦–៧ ដោយ​រកមើល​អ្វី​ដែល​អេសាយ​បាន​បង្រៀន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ជា​ពិសេស​ព្រះបរមងារ​របស់​ទ្រង់ ។

ប្រសិនបើ​អ្នក​ចង់​រក​មើល​ព្រះបរមងារ​បន្ថែមទៀត​របស់​ព្រះ​អង្គសង្គ្រោះ ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះ​គម្ពីរមរមន​រហូត​មក​ដល់​ពេលនេះ សូម​ពិចារណា​អាន​ខគម្ពីរ​មួយចំនួន​ដូច​ខាង​ក្រោមនេះ ៖ នីហ្វៃទី១ ១០:៤–៦; ១២:១៨; ១៣:៤១; ១៥:១៤–១៥; ១៧:៣០; ១៩:១២; នីហ្វៃទី២ ១:១០; ២:៦, ១០; ៩:៥, ៤៦; ១០:៣, ១៤; ១៥:១៦ ។ ក៏​មាន​ព្រះបរមងារ និង​សេចក្តី​យោង​បទគម្ពីរ​នៅក្នុង Topical Guide សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង Triple Combination Index នៅក្រោម​ពាក្យ « ព្រះ​យេស៊ូវ​គ្រីស្ទ » ។

រូបតំណាង កំណត់ត្រា
  1. សូម​ជ្រើសរើស​ព្រះបរមងារ​មួយ​របស់​ព្រះ​អង្គសង្គ្រោះ ដែល​អ្នក​ចង់ដឹង​បន្ថែម ។ បន្ទាប់មក ធ្វើដូច​ខាង​ក្រោម ៖

    • សូម​ពន្យល់​ពី​អត្ថន័យ​នៃ​ព្រះបរមងារ​នេះតាម​ការ​យល់​ឃើញ​របស់​អ្នក ។ ( សូម​ពិចារណា​ស្វែងរក​ព្រះបរមងារ​នៅក្នុង សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយBible Dictionary ។ ប្រសិនបើ​គ្មាន​ព្រះបរមងារ​នេះ​ សូម​ពិចារណា​សិក្សា​អត្ថបទ​ទូទៅ​មួយ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​ព្រះបរមងារ ដែល​អ្នក​បាន​ជ្រើសរើស​អាច​ទាក់ទង​នឹង​បុគ្គលិកលក្ខណៈ និង​បេសកកម្មទាំងមូល​របស់​ទ្រង់ ។ វាក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការ​រកមើល​ព្រះបរមងារ​នេះនៅ​ក្នុង​វចនានុក្រម​ធម្មតា ) ។

    • សូម​គិត​អំពី​រឿង​មួយ ឬ​ស្វែងរក​រូប​ភាព​ដែល​បង្ហាញ​ថា ព្រះ​អង្គសង្គ្រោះ​ធ្វើ​តួនា​ទី​ដែល​អ្នក​បាន​ជ្រើសរើស ។

    • សូម​ពន្យល់ពី​អ្វី​ដែល​ព្រះបរមងារ​នេះ​បង្រៀន​អ្នក​ពី​ព្រះ​អង្គសង្គ្រោះ ព្រះទ័យ​របស់​ទ្រង់ សេចក្តី​ស្រឡាញ់​របស់​ទ្រង់ និង​ព្រះ​ចេស្ដា​របស់​ទ្រង់ ។

    • សូម​ពន្យល់​ពី​របៀប​ដែលតួនា​ទី​ពិសេស​នេះ​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ព្រះ​អង្គសង្គ្រោះ ដើម្បីជួយ​អ្នក​ក្នុងជីវិត​របស់​អ្នក ឬ​មូលហេតុ​ដែល​អ្នក​អាច​ទុកចិត្ត​លើ​ទ្រង់ ។ ( ការណ៍នេះ​អាច​រួមបញ្ចូល​របៀប​ដែល​ព្រះ​អង្គសង្គ្រោះ​បាន​ជួយ​អ្នក​រួច​ហើយ​ក្នុងជីវិត​របស់​អ្នក ) ។

ការ​ទុកចិត្ត​លើ​ព្រះ​អម្ចាស់

ជាអកុសល ស្តេច​អេហាស និង​ប្រជារាស្រ្ត​យូដា​ជា​ច្រើន​នាក់​បាន​ជ្រើសរើស​មិន​ជឿអេសាយ ហើយ​មិន​ទុកចិត្ត​លើ​ព្រះ​អម្ចាស់​ដើម្បី​ទទួល​បាន​ជំនួយ​ឡើយ ។ ប្រជារាស្រ្ត​របស់​ទ្រង់​ត្រូវ​បាន​គេ​វាយប្រហារ ហើយ​មនុស្ស​ជាច្រើន​ត្រូវ​បាន​ចាប់ខ្លួន និង​ធ្វើជា​ទាសករ ។ ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៦; របាក្សត្រ​ទី ២ ២៨ ) ។ ស្ដេច ហេសេគា មិន​ដូចបិតា​ទ្រង់ទេ បាន​សម្រេច​ទុកចិត្ត​លើ​ព្រះ​អម្ចាស់ ហើយ​ធ្វើតាម​ដំបូន្មាន​របស់​អេសាយ ។ ជា​លទ្ធផល ព្រះ​អម្ចាស់​បាន​ការ​ពារ​ប្រជារាស្រ្ត​នៅក្រុង​យេរូសាឡិម​ដោយ​ចាត់​ទេវតា​មួយ​អង្គ​ទៅ​បំផ្លាញ​កងទ័ព​ដែល​វាយប្រហារ​នោះ ។ ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៩:១៥–២០, ៣២–៣៥ ) ។

សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​អំពី​ព្រះ​យេស៊ូវគ្រីស្ទ​នៅក្នុងមេរៀន​នេះ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​អាច​បង្កើន​ការ​ទុកចិត្ត​របស់អ្នក​លើ​ទ្រង់ ។ អ្នក​អាច​សរសេរ​ពី​ព្រះបរមងារ ឬតួនា​ទី​ជាក់លាក់​ដែល​ទ្រង់​មាន និង​របៀប​ដែល​អ្នក​ចង់ទុកចិត្ត​លើ​ទ្រង់​ក្នុង​តួនា​ទី​នោះ​បន្ថែម​ទៀត ។