« នីហ្វៃទី២ ២១–២៤ ៖ សហស្សវត្សរ៍ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ២១–២៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ២១–២៤
សហស្សវត្សរ៍
សូមស្រមៃមើលថាតើជីវិតនឹងទៅជាយ៉ាងណា ប្រសិនបើពិភពលោកគ្មានអំពើអាក្រក់ ។ ថ្ងៃណាមួយពិភពលោកនឹងទៅជាបែបនេះ ។ វានឹងកើតឡើងក្នុងអំឡុងការសោយរាជ្យនាពេលសហស្សវត្សរ៍របស់ព្រះយេស៊ូវគ្រីស្ទ ។ ព្យាការីជាច្រើនរូប រួមទាំងនីហ្វៃ និងអេសាយ បានព្យាករណ៍អំពីភាពសុខសាន្តរយៈពេល ១០០០ ឆ្នាំដែលហៅថាសហស្សវត្សរ៍ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ និងរៀបចំសម្រាប់ការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះអង្គសង្គ្រោះ ។
អនាគត
-
តើព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះនាពេលអនាគតដែលអ្នកទន្ទឹងរង់ចាំ ? ហេតុអ្វី ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាពេលអ្នកគិតអំពីព្រឹត្តិការណ៍ទាំងនេះ ?
-
តើអ្នកកំពុងធ្វើអ្វីដើម្បីរៀបចំ ?
សហស្សវត្សរ៍
ព្រឹត្តិការណ៍ដ៏សំខាន់មួយនាពេលអនាគតគឺសហស្សវត្សរ៍ ។
-
តើអ្នកដឹងអ្វីខ្លះអំពីសហស្សវត្សរ៍ ? តើអ្នកមានសំណួរអ្វីខ្លះអំពីវា ?
អ្នកប្រហែលជាចង់សរសេរសំណួរដែលអ្នកមាន ហើយទុកកន្លែងទំនេរដើម្បីកត់ចំណាំ ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលចម្លើយចំពោះសំណួររបស់អ្នក ។
ព្យាការីនីហ្វៃបានសរសេរអំពីថ្ងៃចុងក្រោយ ហើយរួមបញ្ចូលការព្យាករណ៍ជាច្រើនរបស់អេសាយអំពីថ្ងៃចុងក្រោយ ។ អេសាយបានព្យាករណ៍ពីការបំផ្លិចបំផ្លាញនៃស្រុកអាសសើរ និងបាប៊ីឡូន ថាជាប្រភេទនៃការបំផ្លិចបំផ្លាញនៅការយាងមកជាលើកទីពីរ ( សូមមើល នីហ្វៃទី២ ២០; ២៣ ) ។ លោកក៏បានព្យាករណ៍អំពីការស្ដារឡើងវិញនៃដំណឹងល្អមុនការសោយរាជ្យនាពេលសហស្សវត្សរ៍របស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ ការព្យាករណ៍របស់លោកពោរពេញទៅដោយនិមិត្តរូប និងការប្រៀបធៀបយ៉ាងប៉ិនប្រសប់ដែលបន្ថែមភាពស៊ីជម្រៅដល់ការយល់ដឹងរបស់យើងអំពីសហស្សវត្សរ៍ ។
សូមអានការព្យាករណ៍ខាងក្រោមពីនីហ្វៃ និងអេសាយ ហើយរកមើលការពិពណ៌នាអំពីសហស្សវត្សរ៍ ។
អ្នកប្រហែលជាចង់គូររូបភាពអំពីការពិពណ៌នាមួយចំនួន ។
សេចក្តីពិតមួយដែលយើងរៀនពីព្រះគម្ពីរទាំងនេះគឺថា ព្រះយេស៊ូវគ្រីស្ទនឹងសោយរាជ្យនៅលើផែនដីដោយសេចក្ដីសុចរិត និងភាពសុខសាន្តក្នុងអំឡុងសហសវត្សរ៍ ។
សូមស្រមៃមើលនៅក្នុងចិត្តរបស់អ្នកថា តើវាទៅជាយ៉ាងណាក្នុងការរស់នៅកំឡុងសហស្សវត្សរ៍—នៅពេលព្រះអង្គសង្គ្រោះសោយរាជ្យក្នុងភាពសុចរិត និងភាពសុខសាន្ត ។ សូមសញ្ជឹងគិតអំពីរបៀបដែលភាពសុខសាន្តរបស់ព្រះអង្គសង្គ្រោះអាចប្រទានពរដល់ជីវិតរបស់អ្នក ។
ប្រធាន ដាលីន អេក អូក ក្នុងគណៈប្រធានទីមួយបានពិពណ៌នាអំពីពរជ័យមួយទៀតនៃសហស្សវត្សរ៍ ៖
ភាពនៅលីវ ភាពគ្មានកូន សេចក្ដីស្លាប់ និងការលែងលះគ្នារារាំងដល់គំនិតនានា ហើយពន្យារពេលនៃការបំពេញពរជ័យដែលបានសន្យា ។ … ព្រះអម្ចាស់បានសន្យាថា នៅឯភាពអស់កល្បជានិច្ច នឹងគ្មានពរជ័យណាមួយត្រូវបានបដិសេធចំពោះបុត្រាបុត្រីរបស់ទ្រង់ដែលបានគោរពតាមបទបញ្ញត្តិ ដែលស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ និងចង់បានអ្វីដែលត្រឹមត្រូវឡើយ ។
ការខ្វះខាតដ៏សំខាន់បំផុតជាច្រើននៃជីវិតរមែងស្លាប់ នឹងត្រូវបានកំណត់ត្រឹមត្រូវនៅក្នុងសហស្សវត្សរ៍ ដែលជាពេលវេលាសម្រាប់ការបំពេញនូវអ្វីដែលមិនពេញលេញ នៅក្នុងផែនការនៃសុភមង្គលដ៏អស្ចារ្យសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាយើងដែលស័ក្តិសម ។ យើងដឹងថាការណ៍នោះនឹងក្លាយជាការពិតចំពោះពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ខ្ញុំជឿថា វាក៏នឹងក្លាយជាការពិតចំពោះទំនាក់ទំនងគ្រួសារ និងបទពិសោធន៍នានាផងដែរ ។ ( ប្រធាន ដាល្លិន អេក អូក « The Great Plan of Happiness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧៥ )
សម្រាប់ជំនួយបន្ថែមក្នុងការឆ្លើយសំណួររបស់អ្នក សូមមើល « សហស្សវត្សរ៍ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ ប្រធានបទនៃដំណឹងល្អ ។
ការរៀបចំសម្រាប់សហស្សវត្សរ៍
នៅឆ្នាំ ២០២០ ការជួសជុលកែលម្អបានចាប់ផ្តើមធ្វើឡើងនៅព្រះវិហារបរិសុទ្ធ សលត៍ លេក ។ អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងអំពីការជួសជុលកែលម្អទាំងនេះ ។ សូមរកមើលពីរបៀបដែលលោកបានប្រៀបធៀបការជួលជុលទាំងនេះទៅនឹងជីវិតរបស់យើងផ្ទាល់ ។ សូមមើលវីដេអូ « A Good Foundation against the Time to Come » អាចរកបាននៅ ChurchofJesusChrist.orgចាប់ពីនាទីទី ១៤:៥១ ដល់នាទីទី ១៥:២៦ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោម ។
វាគឺជាសេចក្តីសង្ឃឹមដ៏ស្មោះសររបស់ថ្នាក់ដឹកនាំសាសនាចក្រថា ការជួសជុលថ្មីដ៏សំខាន់ចំពោះព្រះវិហារបរិសុទ្ធ សលត៍ លេក នឹងចូលរួមចំណែកក្នុងការបំពេញតាមបំណងប្រាថ្នារបស់ ព្រិកហាំ យ៉ង់ ដែលចង់មើលឃើញ « ព្រះវិហារបរិសុទ្ធបានសង់ឡើង ដែលវាអាចគង់វង្សនៅរាប់ពាន់ឆ្នាំ » ។ នាពេលអនាគត សូមយើងអនុញ្ញាតឲ្យ ការកែលម្អទាំងនេះដែលយើងបានធ្វើចំពោះព្រះវិហារបរិសុទ្ធ សលត៍ លេក នឹងលើកទឹកចិត្ត ហើយបំផុសគំនិតយើង ជាបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ថាយើង—ជានិមិត្តរូប—នឹង « ត្រូវបានសង់ឡើងតាមរបៀបដែលអាចគង់វង្សនៅរាប់ពាន់ឆ្នាំ » ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « A Good Foundation against the Time to Come » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៥១–៥២ )
-
តើអ្នកគិតថាវាមានន័យយ៉ាងណាក្នុងការ « ត្រូវបានសង់ឡើងតាមរបៀបដែលអាចគង់វង្សនៅរាប់ពាន់ឆ្នាំ » ?