ថ្នាក់​សិក្ខាសាលា
វាយ​តម្លៃ​ការសិក្សា​របស់​អ្នក​ទី ២ ៖ នីហ្វៃទី១ ១៦–នីហ្វៃទី​២ ២៥


« វាយ​តម្លៃ​ការសិក្សា​របស់​អ្នក​ទី ២ ៖ នីហ្វៃទី១ ១៦–នីហ្វៃទី២ ២៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« វាយ​តម្លៃ​ការសិក្សា​របស់​អ្នក » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

វាយ​តម្លៃ​ការសិក្សា​របស់​អ្នក​ទី ២

នីហ្វៃទី១ ១៦នីហ្វៃទី២ ២៥

មនុស្ស​ម្នាក់​កំពុងមើល​រូប​ខ្លួន​ចាំង​ផ្លាត​ក្នុង​កញ្ចក់

គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​វាយ​តម្លៃ​ការរីក​ចម្រើន ដែល​អ្នក​បាន​ដក​ពិសោធ​អំឡុង​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ។

ការគិតពិចារណា​អំពី​ការរៀនសូត្រ​ដំណឹងល្អ

សូម​យក​កញ្ចក់ ឬ​វត្ថុ​ដែល​អាច​ឆ្លុះ​បាន​ផ្សេង​ទៀត​ចេញ​មក ហើយ​ចំណាយ​ពេល​មើល​ខ្លួន​ឯង​បន្តិច ។ សូម​បង្វែរ​កញ្ចក់​ទៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​បន្តិច ហើយ​កត់ចំណាំ​នូវ​អ្វី​ដែល​អ្នក​មិន​អាច​មើល​ឃើញ​ដោយ​គ្មាន​កញ្ចក់ ។

  • តើ​ការមាន​កញ្ចក់​ឆ្លុះ​មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ ?

  • តើ​ការឆ្លុះ​កញ្ចក់​មើល​ខ្លួន​យើង​ស្រដៀង​នឹង​ការគិត និង​ការវាយតម្លៃ​ការរៀនសូត្រ​ដំណឹងល្អ​របស់​យើង​យ៉ាង​ដូចម្ដេច ?

ស្រដៀង​នឹង​ការអាច​មើល​ឃើញ​រូបរាង​ខាងក្រៅ​របស់​អ្នក ការចំណាយ​ពេល​ដើម្បី​មើល ហើយ​គិត​អំពី​បទពិសោធន៍​នៃ​ការរៀនសូត្រ​អំពី​ដំណឹងល្អ​របស់​អ្នក​អាច​ជួយ​អ្នក​តាម​របៀប​ជាច្រើន​បាន ។ នៅពេល​អ្នក​គិតពិចារណា​អំពី​អ្វី​ដែល​អ្នក​បានរៀន​ពី​ការសិក្សា​របស់​អ្នក​នៅក្នុង​ព្រះគម្ពីរ​មរមន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​វឌ្ឍនភាព​របស់​អ្នក និង​គូស​ចំណាំ​ផ្នែក​នានា​សម្រាប់​ការកែលម្អ​បាន ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​គិតពិចារណា​ពី​ការរីក​ចម្រើន​ផ្ទាល់​ខ្លួន និង​បទពិសោធន៍​របស់​អ្នក​ពី​ការសិក្សា​ព្រះគម្ពីរ​មរមន ។

ការគិតពិចារណា​ពី​វឌ្ឍនភាព​ខាង​វិញ្ញាណ

សូម​សញ្ជឹង​គិត​លើ​ការបំផុស​គំនិត និង​អារម្មណ៍​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អ្នក​ប្រហែលជា​បាន​ទទួល​នៅពេល​សិក្សា​ព្រះគម្ពីរ​មរមន ។ មាន​វិធី​ជាច្រើន​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ទាក់ទង​ជាមួយ​អ្នក ។ ឧទាហរណ៍ ៖ ខគម្ពីរ​មួយ​ចំនួន​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក ហើយ​អ្នក​មាន​អារម្មណ៍​ថា​ចង់​គូស​ចំណាំខគម្ពីរ​ទាំង​នោះ ។ អ្នក​ប្រហែលជា​ធ្លាប់​ទទួល​អារម្មណ៍​សុខសាន្ត ឬ​សេចក្ដីស្រឡាញ់ ។ អ្នក​ប្រហែល​ជា​បាន​អាន ហើយ​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​តាម​វិធី​ជាក់លាក់​មួយ ឬ​បាន​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​មាន ។

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​បី ៖ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការពិនិត្យមើល​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ដើម្បី​ជួយ​អ្នក​ឆ្លើយ​តប​ទៅនឹង​សំណួរ​នានា ។

    • តើ​ដំណើរ​រឿង ឬ​វគ្គ​បទគម្ពីរ​ណា​ខ្លះ​មកពី​ព្រះគម្ពីរ​មរមន​បាន​ជួយ​អ្នក​ឃើញ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ទាក់ទង​បុត្រាបុត្រី​របស់​ទ្រង់ ?

    • តើ​គំនិត ឬ​អារម្មណ៍​អ្វី​ខ្លះ​ដែល​អ្នក​បាន​ដក​ពិសោធ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ឬ​នៅក្នុង​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅ​ឆ្នាំ​នេះ ?

    • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្វែងរក​វិវរណៈ​ពី​ព្រះវរបិតាសួគ៌ ?

    • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្វែងរក​វិវរណៈ ហើយ​ត្រៀមខ្លួន​ដើម្បី​ទទួល​ស្គាល់​វិវរណៈ នៅពេល​វិវរណៈ​កើត​មាន​ឡើង ?

    • តើ​អ្នក​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ចំណាប់​អារម្មណ៍​ដែល​អ្នក​បាន​ទទួល ?

សូម​ពន្យល់​ពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា និង​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

អ័ដាម និង​អេវ៉ា ចាកចេញ​ពី​សួនច្បារ​អេដែន

មនុស្ស​គ្រប់​រូប​ត្រូវបាន​រង​ឥទ្ធិពល​ដោយ​សារ​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ។ ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​ឥទ្ធិពល​ទាំងនេះ និង​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រោសលោះ​យើង​ពី​ការធ្លាក់ ។ លំហាត់​ខាង​ក្រោម​អាច​ជួយ​ឲ្យ​អ្នក​អនុវត្ត​ការពន្យល់​អំពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ស្រមៃ​ថា​អ្នក​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​អ្នក និង​ដៃគូ​របស់​អ្នក​កំពុង​រៀបចំ​ដើម្បី​បង្រៀន​នរណា​ម្នាក់​អំពី​ការធ្លាក់នេះ ។ អ្នក​បានសម្រេចចិត្ត​ថា ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងពីរ គួរតែ​បង្រៀន​អំពី ការធ្លាក់ និង​ឥទ្ធិពល​របស់​វា​ទៅលើ​មនុស្ស​ជាតិ ហើយ​ម្នាក់​ទៀត​គួរតែ​បង្រៀន​អំពី របៀប​ដែល​ព្រះអង្គសង្គ្រោះ​ជួយ​យើង​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់​នេះ ។

សូម​ជ្រើសរើស​ប្រធានបទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ទាំងពីរ​ដែល​អ្នក និង​ដៃគូ​របស់​អ្នក​គ្រោង​នឹង​បង្រៀន ។

សូម​ប្រើ​ខគម្ពីរ​ដើម្បី​ជួយ​អ្នក​ពន្យល់​ពី​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើសរើស ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​រំឭក​ឡើង​វិញ​នូវ នីហ្វៃទី២ ២:១៧–២៧; ៩:៦–១២; ១០:២៣–២៥ កំណត់​ចំណាំ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ឬ « ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា » នៅក្នុង​ប្រធានបទ​នៃ​ដំណឹងល្អ ( topics.ChurchofJesusChrist.org ) ដើម្បី​ជួយ​ឲ្យ​អ្នក​រៀបចំ​ចែកចាយ ។

បន្ទាប់ពី​អ្នក​បាន​បញ្ចប់ សូម​ពិចារណា​ការចែកចាយ​ការពន្យល់​របស់​អ្នក​ជាមួយ​មនុស្ស​ម្នាក់​ទៀត ។ ឧទាហរណ៍ ៖ សមាជិក​គ្រួសារ មិត្តភក្តិ ឬ​អ្នក​ដឹកនាំ​សាសនា​ចក្រ ។

រូបតំណាង កំណត់ត្រា
  1. សូម​កត់ត្រា​ការពន្យល់​របស់​អ្នក​អំពី​ប្រធានបទ​ដែល​អ្នក​បានជ្រើសរើស ។

អារម្មណ៍​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​បានរៀន ឬ​សិក្សា​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​រំឭក​ជំពូក​ដែល​អ្នក​បាន​សិក្សា ដូចជា នីហ្វៃទី១ ១៩, នីហ្វៃទី២ ៩ និង នីហ្វៃទី២ ២៥ ។ អ្នក​ក៏​អាច​រកមើល​វគ្គបទគម្ពីរ​ដែល​អ្នក​បាន​គូស​ចំណាំ​ផងដែរ ។ វា​អាច​មាន​ប្រយោជន៍​ក្នុងការ​រំឭក​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ជាពិសេស​កំណត់ត្រា​ដែល​បង្ហាញ​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់ ។

រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូច​តទៅ​នេះ ។ សូម​រួម​បញ្ចូល​អ្វី​ដែល​អ្នក​បាន​ធ្វើ ឬ​ការពន្យល់​ខ្លីៗ​អំពី​វា ។

    • សូម​តែង​កំណាព្យ ឬ​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​ព្រះអង្គ​សង្គ្រោះ​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់ ។ សូម​ពិចារណា​ប្រើ​ពាក្យ ឬ​ឃ្លា​ពី​បទគម្ពីរ ឬ​បទគម្ពីរ​យោង ។

    • សូម​ចងក្រង​បញ្ជី​ពាក្យ​ដែល​ពិពណ៌នា​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​បញ្ចូល​ការពិពណ៌នា​មួយ​ចំនួន​មក​ពី​ព្រះគម្ពីរ ។ សូម​បង្កើត​ចង្កោម​ពាក្យ ឬ​សរសេរ​ពាក្យ​នៅលើ​ក្រដាស​នីមួយៗ ហើយ​ពិចារណា​ព្យួរ​វា​នៅក្នុង​បន្ទប់​របស់​អ្នក ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ដែល​អ្នក​នឹង​ឃើញ​វា​ជាញឹកញាប់ ។

    • សូម​គូរ​អ្វី​មួយ​ដែល​ជួយ​អ្នក​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ។