« នីហ្វៃទី២ ២៥ ៖ បានសង្គ្រោះដោយព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ២៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ២៥
បានសង្គ្រោះដោយព្រះយេស៊ូវគ្រីស្ទ
តើមាននរណាម្នាក់បានជួយសម្រាលបន្ទុក ឬបានសង្គ្រោះអ្នកពីស្ថានភាពលំបាកឬទេ ? តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះបុគ្គលនោះ បន្ទាប់ពីការជួយរបស់គាត់ ? បន្ទាប់ពីសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្រៀនប្រកបដោយការព្យាករណ៍ នីហ្វៃបានថ្លែងទីបន្ទាល់ថា មានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលមានព្រះចេស្តាដើម្បីសង្គ្រោះមនុស្សទាំងអស់ ។ មេរៀននេះនឹងជួយអ្នកឲ្យយល់ពីរបៀបដែលអ្នកត្រូវបានសង្រ្គោះដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ។
វិធីតែមួយគត់ដែលយើងអាចត្រូវបានសង្គ្រោះ
-
តើអ្នកអាចគិតពីគ្រាមួយដែលអ្នក ឬអ្នកណាម្នាក់ដែលអ្នកស្គាល់ត្រូវបានគេជួយស្រោចស្រង់ ឬសង្គ្រោះបានទេ ? តើមានរឿងអ្វីបានកើតឡើង ? តើអ្នកមានអារម្មណ៍ដូចម្ដេច ?
នៅក្នុង នីហ្វៃទី២ ២៥ នីហ្វៃបានរំឭកប្រជាជនរបស់លោកថា ព្យាការីបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ី ដែលមានន័យថាជាអ្នកចាក់ប្រេងតាំង ឬអ្នកសង្គ្រោះនៃមនុស្សទាំងអស់ ( សូមមើល សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះមេស៊ី » scriptures.ChurchofJesusChrist.org) ។, នីហ្វៃបានកត់ត្រាថា ទោះបីជាសាសន៍យូដានឹងត្រូវខ្ចាត់ខ្ចាយដោយសារតែការមិនជឿរបស់ពួកគេក៏ដោយ ប្រសិនបើពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ នោះព្រះអម្ចាស់នឹងប្រមូលផ្តុំ ហើយ « តាំង [ ពួកគេ ] ឡើងវិញពីស្ថានភាពវង្វេង និងភាពធ្លាក់របស់ពួកគេ » ( នីហ្វៃទី២ ២៥:១៥–១៧ ) ។
សូមអាន នីហ្វៃទី២ ២៥:១៨–២០ ដោយរកមើលអ្វីដែលនីហ្វៃបានបង្រៀនអំពីរបៀបដែលសាសន៍យូដា ( និងបុត្រាបុត្រីរបស់ព្រះទាំងអស់ ) នឹងត្រូវបានសង្រ្គោះ ។ វាអាចនឹងមានប្រយោជន៍ដើម្បីដឹងថានៅក្នុងបទគម្ពីរ ពាក្យ នាម អាចត្រូវបានប្រើដើម្បីតំណាងឲ្យអំណាច ឬសិទ្ធិអំណាចរបស់បុគ្គលម្នាក់ ។ នេះជាសេចក្តីពិតដ៏ពិសេសនៅក្នុងការនិយាយពីព្រះអង្គសង្គ្រោះ ។
-
តើព្រះយេស៊ូវគ្រីស្ទបានសង្គ្រោះយើងពីអ្វី ?
-
តើវានឹងទៅជាយ៉ាងណា ប្រសិនបើយើងគ្មានព្រះអង្គសង្គ្រោះ ?
បានសង្រ្គោះដោយព្រះគុណ
សូមអាន នីហ្វៃទី២ ២៥:២៣ ដោយរកមើលពីរបៀបដែលព្រះយេស៊ូវគ្រីស្ទសង្គ្រោះយើង ។
-
តើសំណួរអ្វីខ្លះដែលអ្នកអាចនឹងសួរដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការបង្រៀនរបស់នីហ្វៃនៅក្នុង ខទី ២៣ ?
ឯកសារខាងក្រោមអាចជួយឆ្លើយសំណួរដែលអ្នកប្រហែលជាមានអំពី ខទី ២៣ ។
ព្រះគុណគឺជាជំនួយ ឬកម្លាំងដ៏ទេវភាពដែលបានប្រទានដល់យើង តាមរយៈដង្វាយធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ …
ព្រះគុណគឺជាអំណោយពីព្រះវរបិតាសួគ៌ ដែលបានប្រទានមកតាមរយៈព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ ពាក្យ ព្រះគុណ ដូចដែលបានប្រើនៅក្នុងព្រះគម្ពីរ សំដៅជាចម្បងទៅលើព្រះចេស្តាដែលអាចធ្វើអ្វីគ្រប់យ៉ាង និងការព្យាបាលខាងវិញ្ញាណដែលបានផ្ដល់តាមរយៈសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។ ( ប្រធានបទនៃដំណឹងល្អ « ព្រះគុណ » topics.ChurchofJesusChrist.org)
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានពន្យល់ ៖
ខ្ញុំឆ្ងល់ថាតើពេលខ្លះយើងបកស្រាយឃ្លានេះខុស « បន្ទាប់ពីអ្វីៗទាំងអស់ ដែលយើងអាចធ្វើបាន » ។ យើងត្រូវតែយល់ថាពាក្យ « បន្ទាប់ពី » មិនមានន័យថា « ដោយសារ » នោះទេ ។
យើងពុំអាចត្រូវបានសង្គ្រោះ ‹ ដោយសារ › អ្វីៗដែលយើងអាចធ្វើនោះទេ ។ តើមានពួកយើងណាម្នាក់បានធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានឬទេ ? តើទ្រង់រង់ចាំរហូតដល់យើងមានការខិតខំគ្រប់យ៉ាង ទើបទ្រង់នឹងធ្វើអន្តរាគមនៅក្នុងជីវិតយើងដោយព្រះគុណដែលប្រកបដោយការសង្គ្រោះរបស់ទ្រង់ឬទេ ?
មនុស្សជាច្រើនបាក់ទឹកចិត្តពីព្រោះពួកគេបន្តទទួលភាពបរាជ័យ ។ ពួកគេដឹងដោយខ្លួនឯងថា « ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ » [ ម៉ាថាយ ២៦:៤១ ] ។ ពួកគេថ្លែងឡើងជាមួយនីហ្វៃថា « ឯព្រលឹងខ្ញុំព្រួយដោយព្រោះសេចក្ដីទុច្ចរិតទាំងឡាយរបស់ខ្ញុំ » [ នីហ្វៃទី២ ៤:១៧ ] ។
ខ្ញុំប្រាកដថា នីហ្វៃបានដឹងថា ព្រះគុណរបស់ព្រះអង្គសង្គ្រោះអនុញ្ញាត និងផ្តល់លទ្ធភាពឲ្យយើងយកឈ្នះលើអំពើបាបបាន [ សូមមើល អាលម៉ា ៣៤:៣១ ] ។ នេះជាមូលហេតុដែលនីហ្វៃធ្វើការដោយឧស្សាហ៍ព្យាយាម ដើម្បីបញ្ចុះបញ្ចូលកូនចៅ និងពួកបងប្អូនលោក « ឲ្យជឿដល់ព្រះគ្រីស្ទ ហើយឲ្យស្រុះស្រួលនឹងព្រះ » [ នីហ្វៃទី២ ២៥:២៣ ] ។
យ៉ាងណាមិញ នោះគឺ អ្វីដែលយើងអាចធ្វើបាន ! ហើយ នោះគឺ ភារកិច្ចរបស់យើងក្នុងជីវិតរមែងស្លាប់ ! …
ថ្ងៃនេះ និងដរាបតទៅព្រះគុណនៃព្រះមានសម្រាប់អ្នកដែលមានចិត្តសង្រេង និងមានវិញ្ញាណទន់ទាប [ សូមមើល នីហ្វៃទី៣ ៩:១៩–២០ ] ។ ( ឌៀថើរ អេហ្វ អុជដុហ្វ « The Gift of Grace » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១០ )
សូមសញ្ជឹងគិតមួយភ្លែតលើអ្វីដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ ជារបៀបតែមួយគត់ដែលអ្នកអាចត្រូវបានសង្គ្រោះ ។ តើសារលិខិត ឬសេចក្ដីពិតអ្វីដែលសំខាន់បំផុតចំពោះអ្នក ឬធ្វើឲ្យអ្នកចង់សរសើរព្រះយេស៊ូវគ្រីស្ទ ? តើអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលអ្នកបានរៀនថ្ងៃនេះ ? អ្នកប្រហែលជាចង់កត់ត្រាគំនិតទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
អររីករាយក្នុងព្រះគ្រីស្ទ
ដោយសារនីហ្វៃដឹងពីព្រះគុណ និងព្រះចេស្តារបស់ព្រះអង្គសង្គ្រោះក្នុងការសង្គ្រោះ លោកបានសរសេរដើម្បីជួយអ្នកដទៃឲ្យជឿលើព្រះគ្រីស្ទ ។ សូមអាន នីហ្វៃទី២ ២៥:២៦ ដោយស្វែងរកអ្វីដែលយើងអាចធ្វើបាន ដើម្បីជួយអ្នកដទៃឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់គូសចំណាំាពាក្យដែលបង្ហាញពីសកម្មភាពផ្សេងៗដែលត្រូវបានប្រើក្នុងខគម្ពីរនេះ ។
-
តើពាក្យណាខ្លះនៅក្នុងខគម្ពីរនេះដែលអ្នកចាប់អារម្មណ៍ជាងគេ ?
-
តើជីវិតរបស់អ្នកត្រូវបានទទួលឥទ្ធិពលដោយអ្វីដែលអ្នកផ្សេងទៀតបានចែកចាយអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទអាចត្រូវបានពង្រឹងដោយការចែកចាយអារម្មណ៍ផ្ទាល់ខ្លួនអំពីទ្រង់ជាមួយអ្នកដទៃដោយរបៀបណា ?