« នីហ្វៃទី២ ២៨:១–២៦ ៖ ការស្គាល់ និងការយកឈ្នះលើកលល្បិចរបស់សាតាំង » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ២៨:១–២៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ២៨:១–២៦
ការស្គាល់ និងការយកឈ្នះលើកលល្បិចរបស់សាតាំង
តើអ្នកមានអារម្មណ៍ជឿជាក់លើសមត្ថភាពរបស់អ្នក ក្នុងការទទួលស្គាល់ការខិតខំរបស់សាតាំង ដើម្បីដឹកនាំអ្នកចេញឆ្ងាយពីព្រះអង្គសង្គ្រោះដែរឬទេ ? នីហ្វៃបានរកឃើញគំនិត និងយុទ្ធសាស្ត្រក្លែងក្លាយមួយចំនួនដែលសាតាំងនឹងប្រើ ដើម្បីព្យាយាមបង្វែរមនុស្សចេញពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យស្គាល់កលល្បិចរបស់សាតាំង ហើយស្វែងរកជំនួយពីព្រះអង្គសង្គ្រោះដើម្បីយកឈ្នះកលល្បិចទាំងនោះបាន ។
គោលបំណងរបស់សាតាំង
យើងចូលរួមក្នុងសង្គ្រាមដែលកំពុងបន្តប្រឆាំងនឹងអំពើអាក្រក់ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀនពីរបៀបដែលព្រះគម្ពីរមរមនអាចជួយយើងនៅក្នុងសង្គ្រាមនេះបាន ៖
ព្រះគម្ពីរមរមនបង្ហាញពីសត្រូវរបស់ព្រះគ្រីស្ទ ។ ព្រះគម្ពីរមរមនផ្ចាញ់ផ្ចាលគោលលទ្ធិក្លែងក្លាយ ហើយទម្លាក់ចុះនូវជម្លោះ ។ ( សូមមើលនីហ្វៃទី២ ៣:១២ ) ។ ព្រះគម្ពីរមរមនផ្តល់ឲ្យអ្នកដើរតាមដ៏រាបសារបស់ព្រះគ្រីស្ទប្រឆាំងនឹងការរៀបចំ យុទ្ធសាស្ដ្រដ៏អាក្រក់ និងគោលលទ្ធិនៃអារក្សនៅជំនាន់របស់យើង ។ ( អែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon Is the Word of God » Ensign ខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៣ )
-
តើអ្នកឃើញព្រះគម្ពីរមរមនធ្វើកិច្ចការទាំងនេះដែលបានបង្រៀនដោយប្រធាន ប៊ែនសឹន តាមរបៀបណាខ្លះ ?
នៅពេលអ្នកសិក្សា សូមរកមើលសេចក្តីពិតដែលអាចជួយអ្នកឲ្យស្គាល់ និងយកឈ្នះលើកលល្បិចរបស់សាតាំងបានកាន់តែប្រសើរឡើង ។
ការបង្រៀន និងយុទ្ធសាស្ត្រក្លែងក្លាយរបស់សាតាំង
នៅក្នុង នីហ្វៃទី២ ២៨ នីហ្វៃបានបន្តការព្យាករណ៍របស់លោកអំពីថ្ងៃចុងក្រោយ ។ សូមអាន នីហ្វៃទី២ ២៨:៥–៩ ដោយរកមើលការបង្រៀន និងឥរិយាបថមួយចំនួនដែលនីហ្វៃបានឃើញថានឹងមាននៅក្នុងជំនាន់របស់យើង ។
-
តើអ្នកឃើញភស្តុតាងអ្វីខ្លះអំពីការបង្រៀន និងឥរិយាបថទាំងនេះនៅជំនាន់របស់យើង ?
-
តើការបង្រៀនដ៏ពុករលួយដែលមានចែងនៅក្នុងខគម្ពីរទាំងនេះ និងឥរិយាបថរបស់អ្នកដែលជឿលើការបង្រៀនទាំងនោះមានគ្រោះថ្នាក់ខាងវិញ្ញាណយ៉ាងដូចម្ដេច ?
ខគម្ពីរទាំងនេះតំណាងឲ្យឥរិយាបថ និងជំនឿមួយចំនួនដែលកើតចេញពីការបោកបញ្ឆោតរបស់សាតាំង ។ នីហ្វៃបានបន្តការបង្រៀនរបស់លោកដោយបង្ហាញយុទ្ធសាស្ត្រជាក់លាក់ដែលសាតាំងនឹងប្រើ ដើម្បីព្យាយាមចាប់យើងដោយអំណាចរបស់វា ។
សូមអាន នីហ្វៃទី២ ២៨:១៩–២២ ដោយរកមើលការបង្រៀនដែលអាចជួយអ្នកបំពេញសេចក្តីថ្លែងការណ៍នេះ ៖
សេចក្ដីពិតមួយដែលយើងអាចរៀនបានគឺ ៖ សាតាំងព្យាយាមចាប់យើងដោយច្រវាក់ជាជារៀងរហូតរបស់វា …
-
ការចាក់រុកឲ្យមនុស្សមានកំហឹងទាស់នឹងអ្វីដែលល្អ
-
បង្ក្រាបឲ្យសុខ ហើយបំពេបុគ្គលម្នាក់ៗឲ្យបានសុខខាងរូបកាយ និង
-
ប្រាប់មនុស្សថា គ្មានស្ថានរក និងគ្មានអារក្សឯណាទេ ។
វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថាឃ្លា « បំពេពួកគេឲ្យបានសុខខាងរូបកាយ » ( ខទី ២១ ) សំដៅលើការខិតខំរបស់សាតាំងក្នុងការធ្វើឲ្យមនុស្សមានអារម្មណ៍សុខស្រួលក្នុងស្ថានភាពអំពើបាបរបស់ពួកគេ ហើយថាពួកគេមិនចាំបាច់ផ្លាស់ប្តូរទេ ។
សូមគិតអំពីយុទ្ធសាស្ត្ររបស់សាតាំងមកពី ខទី ២០–២២ ដែលត្រូវបានបង្ហាញក្នុងស្ថានភាពនីមួយៗខាងក្រោម ៖
-
ម៉ារីយ៉ាបានសម្រេចចិត្តលួចចម្លងកិច្ចការសាលារបស់នាង ដូច្នេះនាងអាចទទួលបានពិន្ទុល្អ ។ ដំបូងឡើយ នាងមានអារម្មណ៍ថាខុស ប៉ុន្តែនាងទទួលស្គាល់ថានាងមិនធ្លាប់គេចាប់បានទេ ហើយនៅទីបញ្ចប់ក៏លួចចម្លងកិច្ចការផ្សេងទៀតផងដែរ ។ ពេលនេះនាងមានអារម្មណ៍ថាការប្រព្រឹត្តិមិនទៀងត្រង់អាចជួយនាងឲ្យទទួលបានអ្វីដែលនាងចង់បានក្នុងជីវិត ។
-
ជូដបានសង្កេតឃើញថា នៅពេលគាត់អានការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីព្រះយេស៊ូវគ្រីស្ទ ឬសាសនាចក្រ ជារឿយៗមានមតិអវិជ្ជមានជាច្រើនដែលវាយប្រហារសាសនាចក្រ ឬមនុស្សដែលជឿលើព្រះអង្គសង្គ្រោះ ។
-
ស្កាយមានមិត្តពីរបីនាក់ដែលព្យាយាមបញ្ចុះបញ្ចូលនាងឲ្យបន្ទាបបទដ្ឋានរបស់នាង ។ ពួកគេប្រកែកថា ដោយសារគ្មានជីវិតបន្ទាប់ពីសេចក្ដីស្លាប់ វាជារឿងឆ្កួតលីលាក្នុងការព្រួយបារម្ភអំពីកន្លែងដែលមនុស្សទៅដើម្បីទទួលខុសត្រូវលើអ្វីដែលអះអាងថាជាអំពើបាបរបស់ពួកគេ ។
-
តើមានឧទាហរណ៍អ្វីទៀតដែលអ្នកអាចគិតឃើញ ដែលបង្ហាញអំពីយុទ្ធសាស្ត្ររបស់សាតាំងដែលមានរៀបរាប់ក្នុងបញ្ជីនៅក្នុង ខទី ២០–២២ ?
សូមគិតអំពីជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ តើអ្នកមានអារម្មណ៍ថា យុទ្ធសាស្ត្រណាមួយរបស់សាតាំងដែលអ្នកបានរៀនកំពុងមានឥទ្ធិពលលើអ្នកដែរឬទេ ? សូមពិចារណាកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅពេលអ្នកបន្តសិក្សា សូមរកមើលពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចជួយអ្នកឲ្យយកឈ្នះលើការបោកបញ្ឆោតរបស់សាតាំងនៅក្នុងជីវិតរបស់អ្នក ។
ការបែរទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដើម្បីយកឈ្នះសាតាំង
យើងអាចយកឈ្នះសាតាំង និងការបោកបញ្ឆោតរបស់វាបាន នៅពេលយើងពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមបង្កើតចំណងជើងខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖ « របៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជួយខ្ញុំឲ្យយកឈ្នះសាតាំង » ។
សូមស្វែងរកវគ្គបទគម្ពីរ ឬការបង្រៀនពីអ្នកដឹកនាំសាសនាចក្រដែលអាចជួយអ្នកក្នុងកិច្ចខិតខំរបស់អ្នកដើម្បីយកឈ្នះលើសាតាំង ។ សូមកត់ត្រាការយល់ដឹងរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមពិចារណាសិក្សាសេចក្តីយោងបទគម្ពីរមួយចំនួនដែលមានរៀបរាប់នៅក្រោម « ល្បួង, ការល្បួង » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ « ការល្បួង » នៅក្នុង Topical Guide ។ អ្នកក៏អាចសិក្សាការបង្រៀនរបស់នីហ្វៃនៅក្នុង នីហ្វៃទី២ ២៨:១៧, ២៦–៣២ ផងដែរ ។ វគ្គបទគម្ពីរដែលមានប្រយោជន៍ផ្សេងទៀតរួមមាន នីហ្វៃទី១ ១៥:២៤; ហេលេមិន ៥:១២ និង នីហ្វៃទី៣ ១៨:១៥, ១៨ ។
សូមពិចារណាបទពិសោធន៍សិក្សារបស់អ្នកថ្ងៃនេះ ។ សូមចំណាយពេលមួយភ្លែតដើម្បីធ្វើផែនការដោយផ្អែកលើអ្វីដែលអ្នកទទួលអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើដើម្បីការពារខ្លួនអ្នកឲ្យកាន់តែប្រសើរឡើង ប្រឆាំងនឹងកលល្បិចរបស់សាតាំង ។ សូមកត់ត្រាផែនការនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ អ្នកនឹងមានឱកាសដើម្បីមើលផែនការនេះនៅក្នុងមេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក » នាពេលខាងមុខ ។