« នីហ្វៃទី២ ២៩ ៖ ទទួលព្រះបន្ទូលរបស់ព្រះបន្ថែមទៀត » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ២៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ២៩
ទទួលព្រះបន្ទូលរបស់ព្រះបន្ថែមទៀត
មនុស្សជាច្រើនជឿថា ព្រះគម្ពីរប៊ីបជាព្រះបន្ទូលរបស់ព្រះ ។ ទោះយ៉ាងណាក៏ដោយ មិនមែនពួកគេទាំងអស់គ្នាសុខចិត្តទទួលព្រះបន្ទូលរបស់ព្រះបន្ថែមទៀត ទៅលើព្រះបន្ទូលដែលពួកគេមានរួចហើយនោះទេ ។ នីហ្វៃបានព្យាករណ៍ថា នៅថ្ងៃចុងក្រោយ មនុស្សជាច្រើននឹងបដិសេធព្រះគម្ពីរមរមន ដោយសារពួកគេមានព្រះគម្ពីរប៊ីបរួចហើយ ។ ព្រះអម្ចាស់មានព្រះទ័យឲ្យយើងដឹងថា ដំណឹងល្អរបស់ទ្រង់គឺសម្រាប់មនុស្សទាំងអស់ ហើយថាព្រះបន្ទូលរបស់ទ្រង់មិនមានកំណត់ត្រឹមតែក្នុងព្រះគម្ពីរប៊ីបឡើយ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យកាន់តែមានឆន្ទៈក្នុងការទទួលព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ។
សូមមានឆន្ទៈក្នុងការទទួលបានការយល់ដឹងកាន់តែច្រើន
សូមស្រមៃថា អូលីវើរ នៅអាយុ ១៥ ឆ្នាំ បានសម្រេចចិត្តថា ព័ត៌មាន និងបច្ចេកវិទ្យាទាំងអស់ដែលមានសម្រាប់លោកនៅពេលនោះជាអ្វីដែលលោកត្រូវការជារៀងរហូត ។
-
តើ អូលីវើរ នឹងបាត់បង់អ្វី ប្រសិនបើលោកសម្រេចចិត្តបែបនេះក្នុងឆ្នាំ ១៩៥០ ? តើព័ត៌មាន ឬបច្ចេកវិទ្យាអ្វីខ្លះដែលមានតាំងពីពេលនោះ ?
-
តើស្ថានភាពនេះទាក់ទងនឹងការរៀនសេចក្ដីពិតខាងវិញ្ញាណយ៉ាងដូចម្ដេច ?
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមពីប្រធាន រ័សុល អិម ណិលសុន សូមគិតអំពីអ្វីដែលសេចក្តីថ្លែងការណ៍នេះអាចមានន័យសម្រាប់អ្នក ។
ឱ មានរឿងជាច្រើនទៀតដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកដឹង ។ ដូចដែលអែលឌើរ នែល អេ ម៉ាក់ស្វែល បានបង្រៀនថា « ចំពោះអ្នកដែលមានភ្នែកមើលឃើញ និងត្រចៀកអាចស្តាប់បាន នោះច្បាស់ណាស់ថា ព្រះវរបិតា និងព្រះរាជបុត្រាកំពុងលះបង់អាថ៌កំបាំងនៃសាកលលោកនេះ ! » [ « Meek and Lowly » ( ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ១៩៨៦ ) ទំព័រ៩ speeches.byu.edu]. ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ )
នៅពេលអ្នកសិក្សានាថ្ងៃនេះ សូមរកមើលអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបន្តរៀនអ្វីទាំងអស់ដែលព្រះសព្វព្រះទ័យបង្រៀនអ្នក ។
ឥរិយាបថផ្សេងគ្នាចំពោះការទទួលព្រះបន្ទូលរបស់ព្រះ
នៅក្នុង នីហ្វៃទី២ ២៨–២៩ នីហ្វៃបានព្យាករណ៍អំពីឥរិយាបថដែលមនុស្សមួយចំនួននៅថ្ងៃចុងក្រោយនឹងមានអំពីការទទួលបានព្រះបន្ទូលរបស់ព្រះបន្ថែមទៀត ។ សូមអាន នីហ្វៃទី២ ២៨:២៩ និង នីហ្វៃទី២ ២៩:៣ ដោយរកមើលអ្វីដែលនីហ្វៃ និងព្រះអម្ចាស់បានបង្រៀនអំពីរបៀបដែលមនុស្សមួយចំនួននឹងមានប្រតិកម្មចំពោះការទទួលព្រះគម្ពីរបន្ថែមទៀតនៅថ្ងៃចុងក្រោយ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើមានហេតុផលអ្វីខ្លះដែលមនុស្សអាចមានចំពោះទស្សនៈនេះ ?
យកពែងទទេមួយ ហើយគិតអំពីអ្វីដែលវាអាចប្រើបាន ។ ឥឡូវនេះផ្កាប់មុខវាចុះ ។ តើវានៅតែអាចប្រើបានតាមរបៀបដែលគេចង់ប្រើដែរឬទេ ? សូមប្រៀបធៀបវាជាមួយនឹងព្រះគម្ពីរមរមន និងឥទ្ធិពលរបស់ព្រះគម្ពីរមរមននៅក្នុងជីវិតរបស់នរណាម្នាក់ ។
-
តើចំណេះដឹង និងពរជ័យអ្វីខ្លះដែលអ្នកគិតថាព្រះចង់ឲ្យយើងទទួលតាមរយៈព្រះគម្ពីរមរមន ?
សូមអាន នីហ្វៃទី២ ២៩:៧–១១ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យមនុស្សដែលបដិសេធព្រះគម្ពីរមរមនដឹង ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទពីខគម្ពីរទាំងនេះ ?
សេចក្តីពិតមួយដែលយើងអាចរៀនបានគឺ ព្រះទ្រង់ចងចាំមនុស្សទាំងអស់ ហើយមានព្រះបន្ទូលទៅកាន់មនុស្សគ្រប់ជាតិសាសន៍ ។
-
តើព្រះមានបន្ទូលទៅកាន់បុត្រាបុត្រីរបស់ទ្រង់នៅគ្រប់ជាតិសាសន៍តាមវិធីផ្សេងៗអ្វីខ្លះ ?
-
តើបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យដឹងថាព្រះចងចាំអ្នក ហើយមានបន្ទូលមកកាន់អ្នក ?
សូមមើល « A Book of Mormon Story » ( ៥:១៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgដើម្បីមើលពីរបៀបដែលបុរសម្នាក់ត្រូវបានប្រទានពរដោយការទទួលយកព្រះបន្ទូលរបស់ព្រះ ។