« នីហ្វៃទី២ ២៨:២៧–៣២ ៖ ‹ ដ្បិតចំពោះអ្នកណាដែលបានទទួល [ ព្រះ ] នឹងឲ្យថែមទៀត › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ២៨:២៧–៣២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ២៨:២៧–៣២
« ដ្បិតចំពោះអ្នកណាដែលបានទទួល [ ព្រះ ] នឹងឲ្យថែមទៀត »
តើអ្នកមានសំណួរខាងវិញ្ញាណដែលគ្មានចម្លើយ ឬជួនកាលតើអ្នកចង់ឲ្យទីបន្ទាល់របស់អ្នករីកចម្រើនលឿនជាងនេះដែរឬទេ ? នីហ្វៃបានពន្យល់ថា ចំណេះដឹងមកពីព្រះវរបិតាសួគ៌កើតមានបន្តិចម្តងៗ នៅពេលយើងមានឆន្ទៈបន្តទទួលនូវអ្វីដែលទ្រង់បង្រៀនយើង ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែស៊ីជម្រៅអំពីរបៀបដែលព្រះវរបិតាសួគ៌បើកសម្តែងសេចក្តីពិតដល់យើង ។
ព្រះបង្រៀនយើងបន្តិចម្តងៗ
សូមស្រមៃមើលជណ្តើរដ៏វែងមួយដែលតំណាងឲ្យចំណេះដឹង និងការយល់ដឹងខាងវិញ្ញាណរបស់អ្នក ។
-
ប្រសិនបើកំពូលជណ្តើរតំណាងឲ្យចំណេះដឹងរបស់ព្រះ តើអ្នកគិតថា កម្រិតនៃចំណេះដឹងបច្ចុប្បន្នរបស់អ្នកនៅត្រង់ណា ?
-
តើវិធីណាខ្លះដែលព្រះជួយយើងបង្កើនចំណេះដឹង និងការយល់ដឹងខាងវិញ្ញាណរបស់យើងបន្តិចម្តងៗ ?
-
តើនឹងមានអ្វីកើតឡើងចំពោះអ្នកដែលមិនបានបោះជំហានបន្ទាប់ ពីព្រោះពួកគេមានអារម្មណ៍ពេញចិត្តនឹងចំណេះដឹងដែលពួកគេមានរួចហើយ ?
នៅក្នុង នីហ្វៃទី២ ២៨ នីហ្វៃបានបន្តការព្យាករណ៍របស់លោកអំពីថ្ងៃចុងក្រោយ ។ លោកបានពិពណ៌នាអំពីឥរិយាបថមួយចំនួនដែលនឹងមានជាទូទៅក្នុងជំនាន់របស់យើង ហើយបានចែកចាយគំរូមួយដែលព្រះអម្ចាស់ប្រើដើម្បីជួយយើងឲ្យទទួល និងយល់ពីសេចក្ដីពិត ។
សូមអាន នីហ្វៃទី២ ២៨:២៦–៣០ ហើយសញ្ជឹងគិតពីរបៀបដែលការប្រៀបធៀបជណ្តើរជួយអ្នកឲ្យយល់ពីសេចក្តីពិតដែលនីហ្វៃបានបង្រៀនអំពីព្រះអម្ចាស់ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា សិក្ខាបទគឺជាបទបញ្ញត្តិ ឬគោលការណ៍ដែលបង្រៀនយើងពីរបៀបដើម្បីធ្វើសកម្មភាព ។
-
តើវគ្គបទគម្ពីរនេះជួយអ្នកឲ្យយល់អ្វីខ្លះអំពីព្រះអម្ចាស់ ? តើការយល់ដឹងនេះអាចផ្តល់ពរដល់ជីវិតអ្នកដោយរបៀបណា ?
-
ហេតុអ្វីអ្នកគិតថា មនុស្សមួយចំនួនបដិសេធឱកាសដើម្បីរៀនព្រះបន្ទូលរបស់ព្រះបន្ថែមទៀត ទៅលើព្រះបន្ទូលដែលពួកគេមានរួចទៅហើយ ?
សូមអាន ខទី ៣០ ឡើងវិញ ហើយគិតអំពីរបៀបដែលអ្នកនឹងសង្ខេបទៅជាពាក្យផ្ទាល់ខ្លួនរបស់អ្នកនូវអ្វីដែលខគម្ពីរនេះបង្រៀន ។ អ្នកអាចនឹងចង់កត់ត្រាសេចក្តីសង្ខេបរបស់អ្នកនៅក្នុងព្រះគម្ពីររបស់អ្នកនៅជាប់នឹងខគម្ពីរនេះ ។
គំរូសម្រាប់ការរីកចម្រើនខាងវិញ្ញាណរបស់យើង ។
សេចក្តីពិតមួយក្នុងចំណោមសេចក្តីពិតដែលបានរកឃើញនៅក្នុងវគ្គបទគម្ពីរនេះគឺថា ព្រះបើកសម្ដែងសេចក្ដីពិតមួយបន្ទាប់ម្តងៗ ដល់អស់អ្នកដែលនឹងទទួលយកសេចក្តីពិតនេះ ។
លំនាំនៃពន្លឺ
អ្នកប្រហែលជាចង់មើលវីដេអូ « Patterns of Light: Spirit of Revelation » ( ៣:០៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org. សូមរកមើលគំរូដែលព្រះប្រើដើម្បីបង្ហាញព្រះទ័យរបស់ទ្រង់ដល់បុត្រាបុត្រីរបស់ទ្រង់ ។
-
តើអ្នកបានរៀនអ្វីខ្លះពីអែលឌើរ បែដណា ដែលអាចផ្តល់ប្រយោជន៍ដល់ជីវិតអ្នក ?
-
តើគំរូមួយណាដែលអែលឌើរ បែដណាបានពិពណ៌នា ដែលអ្នកគិតថាវាត្រូវបំផុតទៅនឹងអ្វីដែលនីហ្វៃបានបង្រៀននៅក្នុង ខទី ៣០ ?
សូមអានយ៉ាងហោចណាស់ពីរវគ្គបទគម្ពីរខាងក្រោម ដោយរកមើលអ្វីដែលវគ្គបទគម្ពីរទាំងនេះបន្ថែមទៅលើការយល់ដឹងរបស់អ្នកចំពោះ នីហ្វៃទី២ ២៨:៣០ ។ សូមពិចារណាភ្ជាប់ ឬយោងខគម្ពីរទាំងនេះទៅ នីហ្វៃទី២ ២៨:៣០ នៅក្នុងបទគម្ពីររបស់អ្នក ។
សូមសញ្ជឹងគិតពីរបៀបដែលការយល់ដឹង និងទីបន្ទាល់របស់អ្នកអំពីដំណឹងល្អបានរីកចម្រើនបន្តិចម្តងៗ ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នកទទួលអារម្មណ៍ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកចងចាំ ហើយធ្វើដោយសារអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ។