« នីហ្វៃទី២ ៣១:១–៧ ៖ ‹ អ្នករាល់គ្នាត្រូវតែឈានទៅមុខ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ៣២:១–៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ៣២:១–៧
« ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ »
សូមស្រមៃពីពិធីជប់លៀងដែលមានអាហារឆ្ងាញ់ៗជាច្រើន ។ តើអ្នកឃើញខ្លួនឯងសប្បាយរីករាយនឹងពិធីជប់លៀងបែបនេះយ៉ាងម៉េចដែរ ? បន្ទាប់ពីបានបង្រៀនប្រជាជនរបស់លោកអំពីការដើរតាមព្រះយេស៊ូវគ្រីស្ទតាមផ្លូវនៃសេចក្តីសញ្ញា នីហ្វៃបានដឹងថា ពួកគេនៅតែមិនប្រាកដអំពីអ្វីដែលត្រូវធ្វើបន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ។ លោកបានឆ្លើយតបដោយការលើកទឹកចិត្តប្រជាជនរបស់លោកឲ្យ « ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » ហើយបានធានាដល់ពួកគេថា ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនឹងដឹកនាំពួកគេឲ្យឆ្ពោះទៅមុខ ( នីហ្វៃទី២ ៣២:៣ ) ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ។
ដល់ម៉ោងបរិភោគអាហារហើយ !
សូមក្រឡេកមើលរូបភាពខាងក្រោម ហើយគិតអំពីភាពស្រដៀងគ្នា និងភាពខុសគ្នារវាងការទទួលទានអាហារសម្រន់ ការទទួលទានអាហារ ឬទទួលទានអាហារនៅពិធីជប់លៀងធំក្នុងឱកាសពិសេសណាមួយ ។
-
តើភាពស្រដៀងគ្នា និងភាពខុសគ្នាអ្វីខ្លះដែលអ្នកបានគិត ?
-
ប្រសិនបើយើងប្រៀបធៀបការសិក្សាព្រះបន្ទូលរបស់ព្រះគ្រីស្ទទៅនឹងរបៀបនៃការទទួលទានទាំងបីនេះ តើការទទួលទាននីមួយៗអាចតំណាងឲ្យអ្វី ?
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យប្រទានពរដល់អ្នកជាមួយនឹងការណែនាំ ការបង្ហាញផ្លូវ ជំនួយ និងការលួងលោម ។ សូមគិតអំពីពេលចុងក្រោយដែលអ្នកសិក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ។ តើអ្នកនឹងពណ៌នាអំពីបទពិសោធន៍នេះថាជាអាហារសម្រន់អាហារ ឬអាហារពិធីជប់លៀងធំ ? ចុះក្នុងអំឡុងសប្តាហ៍មុន ឬខែមុនវិញ ? នៅពេលអ្នកបន្តការសិក្សារបស់អ្នក សូមស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីរបៀបដែលការសិក្សាព្រះបន្ទូលរបស់ព្រះគ្រីស្ទជាពរជ័យនៅក្នុងជីវិតរបស់អ្នក ។ សូមស្វែងរកការបំផុសគំនិតផងដែរ ដើម្បីជួយអ្នកឲ្យដឹងពីរបៀបកែលម្អការខិតខំរបស់អ្នក ដើម្បីទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ។
ព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ
សូមចាំថា នីហ្វៃបានបង្រៀនប្រជាជនរបស់លោកអំពី « ផ្លូវតូច ហើយចង្អៀតនោះ ដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច » និងលក្ខណៈសម្បត្តិដើម្បីចាប់ផ្តើមដំណើរនោះ ( សូមមើល នីហ្វៃទី២ ៣១:១៧–១៨ ) ។ នីហ្វៃបានយល់ឃើញថា ប្រជាជនរបស់លោកឆ្ងល់ថាត្រូវធ្វើអ្វីបន្ទាប់ពីបានទទួលពិធីបុណ្យជ្រមុជទឹក និងរបៀបបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ។
សូមអាន នីហ្វៃទី២ ៣២:១–៣ ដោយរកមើលដំបូន្មានរបស់នីហ្វៃអំពីការសិក្សាព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។ នៅពេលអ្នកអាន សូមគិតអំពីកង្វល់ សំណួរ និងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក និងពីរបៀបដែលការបង្រៀនរបស់នីហ្វៃអាចផ្តល់អត្ថប្រយោជន៍ដល់អ្នក ។ វាអាចជាប្រយោជន៍ក្នុងការដឹងថា ឃ្លា « និយាយដោយភាសានៃពួកទេវតា » ( នីហ្វៃទី២ ៣២:២ ) « គ្រាន់តែមានន័យថា [ ការ ] … និយាយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( ប៊យ ឃេផាកឺ « The Gift of the Holy Ghost: What Every Member Should Know » Ensign ខែ សីហា ឆ្នាំ ២០០៦ ទំព័រ ៥០ ) ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សេចក្តីពិតមួយដែលអ្នកប្រហែលជាបានរកឃើញ នីហ្វៃទី២ ៣២:៣ គឺ ពេលដែលយើងទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នោះវានឹងប្រាប់យើងរាល់កិច្ចការដែលយើងគួរធ្វើ ។ សូមពិចារណាគូសចំណាំសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
តើយើងអាចស្វែងរកព្រះបន្ទូលរបស់ព្រះគ្រីស្ទនៅទីណា ?
-
ហេតុអ្វីអ្នកគិតថា នីហ្វៃបានប្រើពាក្យ « ទទួលទាន » នៅពេលពិពណ៌នាអំពីរបៀបដែលយើងគួរសិក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ( នីហ្វៃទី២ ៣២:៣ ? )
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ តាខាស្ស៊ី វ៉ាដា ក្នុងពួកចិតសិបនាក់ ។ ប្រសិនបើមាន សូមពិចារណាមើល សារលិខិតរបស់អែលឌើរ វ៉ាដា នៅលើលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ០:៥៣ ដល់នាទីទី ១:៤២ ។
កាលពីក្មេង ខ្ញុំបានគិតថា ការទទួលទានគឺគ្រាន់តែជាការមានម្ហូបអាហារច្រើន ដោយមានបាយ ស៊ូស៊ី និងទឹកស៊ីអ៊ីវ ។ ឥឡូវនេះខ្ញុំដឹងថា ការទទួលទានពិតគឺលើសពីការរីករាយនឹងម្ហូបអាហារឆ្ងាញ់ៗទៅទៀត ។ វាគឺជាបទពិសោធន៍នៃអំណរ ការចិញ្ចឹមបីបាច់ ការអបអរ ការចែកចាយ ការបង្ហាញសេចក្ដីស្រឡាញ់ដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ការថ្លែងអំណរគុណរបស់យើងចំពោះព្រះ និងការបង្កើតទំនាក់ទំនង ខណៈដែលរីករាយនឹងម្ហូបអាហារឈ្ងុយឆ្ងាញ់ដ៏ច្រើន ។ ខ្ញុំជឿថា នៅពេលយើងទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នោះយើងគួរតែគិតពីបទពិសោធន៍ដូចគ្នានេះ ។ ការទទួលទានបទគម្ពីរទាំងឡាយពុំមែនគ្រាន់តែអានវាប៉ុណ្ណោះទេ ។ វាគួរនាំយើងឲ្យមានអំណរពិត ហើយបង្កើតទំនាក់ទំនងរបស់យើងជាមួយនឹងព្រះអង្គសង្គ្រោះ ។ ( តាខាស្ស៊ី វ៉ាដា « Feasting upon the Words of Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣៨–៣៩ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះចេញពីសេចក្តីថ្លែងការណ៍របស់អែលឌើរវ៉ាដា ?
-
តើអ្វីជួយអ្នក ឬអាចជួយអ្នក មិនគ្រាន់តែអានព្រះបន្ទូលរបស់ព្រះគ្រីស្ទប៉ុណ្ណោះទេ តែត្រូវទទួលទានវា ?
-
ដោយចងចាំនូវអ្វីដែលអ្នកដឹងអំពីព្រះយេស៊ូវគ្រីស្ទ ហេតុអ្វីបានជាព្រះបន្ទូលរបស់ទ្រង់អាចនាំមកនូវអារម្មណ៍នៃសេចក្តីអំណរ ការចិញ្ចឹមបីបាច់ និងសេចក្តីស្រឡាញ់ ?
-
តើការទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះអង្គសង្គ្រោះអាចផ្តល់ការណែនាំសម្រាប់ជីវិតអ្នក និងប្រាប់ពីអ្វីដែលអ្នកគួរធ្វើដោយរបៀបណា ?
ប្រសិនបើអាចធ្វើបាន សូមមើល « Come Follow Me—Lito » ( ០:៥៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgដើម្បីរៀនពីរបៀបដែលព្រះអម្ចាស់អាចបើកសម្ដែងចំណេះដឹង និងសេចក្ដីពិត នៅពេលអ្នកទទួលទាននូវព្រះបន្ទូលទាំងឡាយទ្រង់ ។
ការពិចារណាលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក អាចជួយអ្នកឲ្យរីករាយជាមួយនឹងព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។
មានវិធីសាស្រ្តសិក្សាជាច្រើនដើម្បីកែលម្អការទទួលទានព្រះបន្ទូលរបស់ព្រះគ្រីស្ទដែលអាចជួយ រួមទាំងការអធិស្ឋានដើម្បីការបំផុសគំនិតមុនពេលអ្នកសិក្សា ការសួរសំណួរដែលអ្នកមានពីមុន និងអំឡុងពេលសិក្សា ការឲ្យនិយមន័យពាក្យ ការសញ្ជឹងគិត ការធ្វើសេចក្តីយោង ការកត់ចំណាំ ការស្វែងរកសេចក្តីពិតអំពីព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ និងការប្រដូចព្រះគម្ពីរទៅនឹងជីវិតរបស់យើងផ្ទាល់ ( សូមមើល នីហ្វៃទី១ ១៩:២៣ ) ។
-
តើចំណាប់អារម្មណ៍ទូទៅ ឬការណែនាំជាក់លាក់ណាមួយដែលអ្នកទទួលបាន ខណៈពេលកំពុងទទួលទានព្រះបន្ទូលទាំងឡាយរបស់ព្រះគ្រីស្ទ ?
ការទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ
ដោយប្រើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ សូមចំណាយពេលពីរបីនាទីដើម្បីអនុវត្តតាមការទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ។ ការណ៍នេះអាចរួមបញ្ចូលទាំងការសិក្សាព្រះគម្ពីរ ឬប្រសាសន៍របស់ព្យាការី ។ សូមព្យាយាមសម្រេចកិច្ចការមួយ ឬច្រើនដូចខាងក្រោម ពេលអ្នកទទួលទាន ៖
-
សូមស្ថាបនាទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
សូមស្រឡាញ់ និងជឿជាក់លើទ្រង់ទាំងទ្វេកាន់តែច្រើន ។
-
សូមស្វែងរកសេចក្តីពិតដែលនាំឲ្យអ្នកមានអំណរ និងការបីបាច់ ។
-
សូមទទួលការណែនាំអំពីអ្វីដែលអ្នកគួរធ្វើក្នុងជីវិតរបស់អ្នក ។