« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩—‹ [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយទៅជា ] អ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩
« [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយទៅជា ] អ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ »
នៅក្នុងការសិក្សារបស់អ្នកអំពី ម៉ូសាយ ៣:១៩ អ្នកបានរៀនពីរបៀបយកឈ្នះលើមនុស្សខាងសាច់ឈាមតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៣:១៩ ។ វាក៏អាចជួយអ្នកពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែងផងដែរ ។
ទន្ទេញ និងពន្យល់
ក្នុងអំឡុងពេលមេរៀនមុន អ្នកបានរៀនសេចក្តីពិតខាងក្រោមពី ម៉ូសាយ ៣:១៩ ៖ តាមរយៈការព្រមធ្វើតាមសេចក្តីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចយកឈ្នះលើមនុស្សខាងសាច់ឈាម ហើយក្លាយជាអ្នកបរិសុទ្ធតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៣:១៩ គឺ « [ សម្រាត ]ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយទៅជា ] អ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ » ។
សូមគូររូបត្រីកោណដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ។ សូមបែងចែកសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៣:១៩ ជាបួនផ្នែក ។ សូមសរសេរផ្នែកទាំងបួននៅក្នុងរូបត្រីកោណរបស់អ្នក ។ ឧទាហរណ៍ ៖ អ្នកអាចសរសេរ « ម៉ូសាយ ៣:១៩ » នៅលើគំនូររបស់អ្នកផ្នែកខាងលើបំផុត « [ សម្រាត ] ភាពខាងសាច់ឈាមចេញ » នៅក្នុងផ្នែកទីពីរជាដើម ។ សូមអនុវត្តការទន្ទេញឃ្លាទាំងមូលដោយផ្លាស់ប្តូរពីលើចុះក្រោមនៅលើគំនូររបស់អ្នក រហូតដល់អ្នកមានអារម្មណ៍មានទំនុកចិត្តសូត្រដោយពុំមើល ។
រៀនអនុវត្ត
សូមរំឭកដោយសង្ខេបនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុង កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមជ្រើសរើសយ៉ាងហោចណាស់គោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងបី ហើយគូរនិមិត្តរូប ឬរូបភាពសាមញ្ញដែលអ្នកមានអារម្មណ៍ថាតំណាងឲ្យវា ។
តូវីយ៉ា បានតស៊ូជាមួយការគ្រប់គ្រងកំហឹងរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំ ។ ជារឿយៗ គាត់ខឹងនឹងបងប្អូន និងឪពុកម្តាយរបស់គាត់ ហើយបានដំឡើងសំឡេងរបស់គាត់ ។ គាត់ក៏មិនសូវត្រូវជាមួយអ្នកដទៃនៅសាលារៀនដែរ ។ ថ្ងៃមួយ ពេលកំពុងនិយាយជាមួយឪពុកម្តាយរបស់គាត់អំពីអារម្មណ៍ឆេវឆាវរបស់គាត់ គាត់ពោលថា ៖ « កូនប្រាថ្នាថា កូនអាចធ្វើជាមនុស្សចេះអត់ធ្មត់ជាងនេះ ប៉ុន្តែកូនគិតថា កូនមិនអាចធ្វើបានទេ ។ នេះគឺជាចរិករបស់កូន ! »
សូមពិចារណាដូចខាងក្រោម ប្រសិនបើអ្នកត្រូវការការណែនាំខ្លះក្នុងការយល់ដឹងពីរបៀបឆ្លើយសំណួរមុន ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើអ្នកគិតថា ការបង្រៀនពី ម៉ូសាយ ៣:១៩ អាចជួយក្នុងស្ថានភាពនេះបានយ៉ាងដូចម្តេច ?
-
តើមានបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍អ្វីខ្លះទៀតពីថ្នាក់ដឹកនាំសាសនាចក្រដែលអ្នកគិតថាអាចមានប្រយោជន៍ ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចមើលឃើញបញ្ហានេះដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ចមួយ ?
-
តើការចងចាំពីព្រះរាជបំណងរបស់ព្រះអម្ចាស់សម្រាប់ការអនុញ្ញាតឲ្យយើងរស់នៅក្នុងពិភពលោកដ៏ធ្លាក់នេះអាចមានប្រយោជន៍យ៉ាងដូចម្ដេច ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងស្ថានភាពនេះ ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើមានរបៀបណាខ្លះដែលមនុស្សម្នាក់ក្នុងស្ថានភាពនេះអាចធ្វើសកម្មភាពដោយសេចក្តីជំនឿ ?