« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩— ‹ សូមជឿដល់ព្រះចុះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩
« សូមជឿដល់ព្រះចុះ »
នៅក្នុងការសិក្សារបស់អ្នកអំពី ម៉ូសាយ ៤:៩–១០ អ្នកបានរៀនពីសារៈសំខាន់នៃការជឿលើព្រះ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ៤:៩ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
ទន្ទេញ និងពន្យល់
សូមរំឭកពីបទពិសោធន៍របស់អ្នកក្នុងការសិក្សាការអញ្ជើញរបស់ស្តេចបេនយ៉ាមីននៅក្នុង ម៉ូសាយ ៤:៩–១០ ដើម្បីឲ្យប្រជាជនរបស់ទ្រង់ជឿដល់ព្រះ ។ ប្រសិនបើចាំបាច់ សូមពិចារណាអានខគម្ពីរទាំងនេះម្តងទៀត ហើយរំឭកឡើងវិញនូវដ្យាក្រាមដែលអ្នកបានបង្កើតនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកពីមេរៀនមុន ។
-
តើស្ដេចបេនយ៉ាមីនបានអញ្ជើញប្រជាជនរបស់ទ្រង់ឲ្យជឿដល់លក្ខណៈ ឬគុណលក្ខណៈដ៏សំខាន់អ្វីខ្លះរបស់ព្រះ ?
-
តើការជឿលើគុណលក្ខណៈដ៏ទេវភាពទាំងនេះរបស់ព្រះអាចមានឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
សូមជ្រើសរើសលក្ខណៈ ឬគុណលក្ខណៈរបស់ព្រះដែលបានរៀបរាប់នៅក្នុង ម៉ូសាយ ៤:៩–១០ ដែលស្តេចបេនយ៉ាមីនបានបង្រៀនជនរបស់ទ្រង់ឲ្យជឿ ។ សូមចែកចាយពីរបៀបដែលអ្នកអាចពន្យល់វាទៅនរណាម្នាក់ដែលមិនយល់ពីអត្ថន័យរបស់វា ។
ឃ្លាគន្លឹះសម្រាប់ ម៉ូសាយ ៤:៩ គឺ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ សកម្មភាពខាងក្រោមអាចជួយអ្នកឲ្យទន្ទេញនូវសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរពាក្យ ជឿ ជាអក្សរធំ ។ នៅខាងក្រោមនេះ សូមសរសេរឃ្លា ដល់ព្រះ ហើយខាងក្រោមនេះសរសេរឃ្លា សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា ។ បន្ទាប់មក សូមសរសេរសេចក្ដីយោងបទគម្ពីរ ម៉ូសាយ ៤:៩ ជាអក្សរធំនៅពីក្រោម ។ ចាប់ផ្តើមពីខាងលើ សូមសូត្របន្ទាត់នីមួយៗឲ្យឮៗនៅពេលអ្នកចង្អុលទៅពាក្យ ឃ្លា ឬសេចក្តីយោង ។ សូមធ្វើសកម្មភាពនេះឲ្យបានច្រើនដង រហូតទាល់តែអ្នកចាំអស់ ។
រៀនអនុវត្ត
សូមរំឭកដោយសង្ខេបនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុង កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ អ្នកអាចព្យាយាមរាយបញ្ជីគោលការណ៍ទាំងបីចេញពីការចងចាំ ។ បន្ទាប់មក នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមកត់ត្រាពីរបៀបដែលអ្នកបានប្រើ ឬអាចប្រើគោលការណ៍ទាំងនេះ ។
សូមអានស្ថានភាពខាងក្រោមដោយគិតពីស្ថានភាពក្នុងជីវិតរបស់អ្នកដែលជំនឿរបស់អ្នកលើព្រះមានឧបសគ្គ ឬគ្មានភាពរឹងមាំដូចដែលអ្នកចង់បាន ។
មីរ៉ា រៀននៅក្នុងថ្នាក់មួយដែលគ្រូបង្រៀនលេងសើចរឿងសាសនា ហើយមិនជឿដល់ព្រះនោះទេ ។ យោបល់ទាំងនេះរំខានដល់ មីរ៉ា តាំងពីដំបូង ប៉ុន្តែក្នុងរយៈពេលពីរបីខែនៅក្នុងថ្នាក់ នាងចាប់ផ្តើមឆ្ងល់ថា តើគ្រូបង្រៀនរបស់នាងអាចនិយាយត្រូវឬអត់ ។ នាងតែងតែជឿលើព្រះ ប៉ុន្តែឥឡូវនេះ នាងមានអារម្មណ៍ថា នាងប្រហែលជាចាប់ផ្ដើមសង្ស័យអំពីអត្ថិភាពរបស់ព្រះ ។
អ្នកប្រហែលជាចង់រៀបចំដើម្បីអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពរបស់ មីរ៉ា ដោយមើលវីដេអូ « His Grace: Choosing to Believe in God » ( ៤:០៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅពេលអ្នកមើល សូមកត់សម្គាល់ពីរបៀបដែលយុវជននៅក្នុងវីដេអូនេះបានប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងរបៀបដែលវាអាចអនុវត្តចំពោះ មីរ៉ា ។
សូមប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិនៅក្នុង ម៉ូសាយ ៤:៩ ដើម្បីជួយក្នុងស្ថានភាពរបស់ មីរ៉ា ឬជាមួយនឹងស្ថានភាពផ្សេងដែលទាក់ទងនឹងការជឿដល់ព្រះ ដែលពាក់ព័ន្ធខ្លាំងជាងទៅនឹងជីវិតរបស់អ្នក ។
សូមគិតអំពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនៅពេលអ្នកពិចារណាពីរបៀបដែលអ្នកនឹងជួយ មីរ៉ា ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើទង្វើដ៏ស្មោះត្រង់ណាមួយដែលមនុស្សម្នាក់អាចធ្វើ ប្រសិនបើពួកគេកំពុងពុះពារដើម្បីជឿដល់ព្រះ ?
-
តើការធ្វើសកម្មភាពទាំងនេះអាចជួយពួកគេយ៉ាងដូចម្តេច ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
-
តើការបង្រៀនអ្វីពី ម៉ូសាយ ៤:៩ អាចជួយបុគ្គលម្នាក់ក្នុងស្ថានភាពនេះឲ្យមានទស្សនវិស័យដ៏អស់កល្បជានិច្ច ?
-
តើការសម្រេចចិត្តរបស់បុគ្គលម្នាក់ក្នុងការជឿ ឬមិនជឿលើព្រះអាចជះឥទ្ធិពលយ៉ាងណាទៅលើអនាគតរបស់ពួកគេ ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើវគ្គបទគម្ពីរ ឬបទពិសោធន៍បន្ថែមអ្វីខ្លះ ( ដែលអ្នក ឬអ្នកផ្សេងទៀតមាន ) អាចជួយបុគ្គលម្នាក់ជាមួយនឹងបញ្ហាប្រឈមនេះ ?
-
តើមនុស្សអាចរកព័ត៌មាននៅកន្លែងណាទៀតដើម្បីជួយពួកគេក្នុងស្ថានភាពនេះ ? សូមស្វែងរកយ៉ាងហោចណាស់ប្រភពមួយផ្សេងទៀត ហើយពន្យល់ពីរបៀបដែលវាអាចជួយបាន ។