ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៤ ៖ « បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក​ជា​និច្ច »


« ម៉ូសាយ ៤ ៖ ‹ បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក​ជា​និច្ច › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៤

« បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក​ជា​និច្ច »

យុវវ័យ​មើលទៅ​សប្បាយ​រីករាយ

តើ​ជីវិត​របស់​អ្នក​អាច​ខុសគ្នា​យ៉ាងណា ប្រសិនបើអ្នក​មាន​អារម្មណ៍​ថា អំណរ និង​សេចក្តី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈបាន​កើន​ឡើង ? ពួកសាសន៍​នីហ្វៃ​ដែល​ទទួល​បាន​ការបំផុស​គំនិត​ពី​ការបង្រៀន​របស់​ស្តេចបេនយ៉ាមីន « ពោរពេញ​ទៅ​ដោយ​សេចក្តីអំណរ » ហើយ​មាន​អារម្មណ៍ « សេចក្តី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » នៅពេល​ពួកគេ​ប្រែចិត្ត ហើយ​បាន​ទទួល​ការផ្ដាច់​ពី​អំពើបាប​របស់​ពួកគេ ( ម៉ូសាយ ៤:៣ ) ។ បន្ទាប់មក ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​រក្សាការផ្ដាច់​អំពើបាប​របស់​ពួកគេ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ទទួលបាន និង​រក្សា​ការផ្ដាច់​អំពើបាប​របស់​អ្នក ។

នៅតែ​រឹងមាំ​ខាងវិញ្ញាណ

សូម​ក្រឡេកមើល​រូបភាព​ខាងក្រោម ហើយ​ពិចារណា​នូវ​អ្វី​ដែល​បុគ្គល​ម្នាក់​ត្រូវធ្វើ​ដើម្បី​រក្សារុក្ខ​ជាតិ​នេះឲ្យ​រឹងមាំ និង​លូតលាស់ ។

រុក្ខជាតិ​ដែល​លូតលាស់​ល្អ
  • តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​រុក្ខ​ជាតិ​នេះ ប្រសិនបើវា​ត្រូវបាន​រក្សាទុក​នៅក្នុង​បន្ទប់​ងងឹត ឬ​មិន​ដែល​ស្រោចទឹក​នោះ ?

  • តើ​ការណ៍នេះ​អាច​ទាក់ទង​នឹង​សុខភាព និង​តម្រូវការ​ខាងវិញ្ញាណ​របស់​យើង​យ៉ាងដូចម្ដេច ?

ដូច​ជា​ការថែទាំ​រុក្ខជាតិ​ដែរ ការរក្សា​ខ្លួន​យើង​ឲ្យ​មាន​សុខភាពល្អ​ខាង​វិញ្ញាណ ទាមទារ​ការខិតខំ​ជា​ប់លាប់ ។ នៅក្នុង ម៉ូសាយ ៤ ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ប្រជាជន​របស់​ទ្រង់​នូវ​អ្វី​ដែល​ពួកគេ​ត្រូវធ្វើ​ដើម្បី​រក្សា​ភាពរឹងមាំ​ខាងវិញ្ញាណ ។ នៅពេល​អ្នក​សិក្សា សូមសញ្ជឹងគិត​អំពី​ការបង្រៀន​នានា​ដែល​នឹង​ជួយអ្នក​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​រក្សាភាព​រឹងមាំ​ខាងវិញ្ញាណ​ពេញ​មួយ​ជីវិត​របស់​អ្នក ហើយ​រីកចម្រើន​ដើម្បី​ក្លាយ​កាន់តែ​ដូច​ជាព្រះអង្គ​សង្គ្រោះ ។

ការរក្សា​ការផ្ដាច់​បាប​របស់​យើង​ជា​និច្ច

សូមចាំថា ជា​ផ្នែក​មួយ​នៃ​ព្រះរាជឱង្ការ​របស់​ស្តេច​បេនយ៉ាមីន ទ្រង់​បាន​ចែកចាយ​សារដែល​ទ្រង់​បានទទួលពី​ទេវតា​មួយអង្គ អំពី​ការយាងមក​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​សារៈសំខាន់​នៃ​ការយកឈ្នះ​លើ​ធម្មជាតិ​ដែល​បាន​ធ្លាក់ចុះ​របស់​យើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះ​អង្គសង្គ្រោះ ( សូមមើល ម៉ូសាយ ៣ ) ។

សូម​អាន ម៉ូសាយ ៤:១–៣ ដោយ​រកមើល​ពរជ័យ និង​អារម្មណ៍​ដែល​ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​បានទទួល ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះអំពី​ខគម្ពីរ​ទាំងនេះ ?

  • តើ​អ្នក​គិតថា ប្រជាជន​ប្រហែល​ជា​ត្រូវធ្វើ​អ្វី​ខ្លះ​ដើម្បី​បន្ត​នៅ​ក្នុង​សភាព​ជ្រះ​បរិសុទ្ធ និង​រីករាយ​នេះ ?

សូម​ស្រមៃគិត​ថា តើ​វា​អាច​មាន​សភាព​បែបណា​ដែល​ធ្វើ​ជា​ប្រជាជន​ម្នាក់​របស់​ស្ដេច​បេនយ៉ាមីន​នៅ​ថ្ងៃនោះ ។ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​គិតថា វា​នឹង​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចេញ​ពី​បទពិសោធន៍​នេះ អ្នក​នឹង​ចង់​រក្សា​វា​ជាមួយ​អ្នក​ជា​រៀង​រហូត ។

  • តើ​វា​អាច​នឹង​មាន​ភាពខុសគ្នា​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​បាន​រួចពីបាប​របស់​អ្នក​ញឹកញាប់​ជាង​នេះ ?

ការបង្រៀន​របស់​ស្តេច​បេនយ៉ាមីន​ដែល​សល់​ទាំង​ប៉ុន្មាន​ទៀត​នៅក្នុង ម៉ូសាយ ៤ ជួយ​យើង​ឲ្យ​យល់​ថា បន្ទាប់ពី​យើង​បានទទួល​ការអភ័យទោស​ពី​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវតែ​ប្រឹងប្រែង​ដើម្បី​រក្សាការផ្ដាច់​អំពើ​បាប​របស់​យើង ។

  • តើ​អ្នក​គិតថា​អ្វី​ជា​ភាពខុសគ្នា​រវាង​ការទទួល និង​ការរក្សា​ការផ្ដាច់​អំពើបាប​របស់​យើង ?

  • ហេតុ​អ្វី​អ្នក​គិតថា វា​សំខាន់​សម្រាប់យើង​ដើម្បី​ព្យាយាម​រក្សា​ការផ្ដាច់​អំពើបាប​របស់​យើង​ពេញមួយ​ជីវិត​របស់​យើង ?

សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្តីពិត​នេះ​អនុវត្ត​ចំពោះ​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក ។ តើ​អ្នក​មាន​អារម្មណ៍​ល្អ​ប៉ុនណា​ដែល​អ្នក​កំពុង​រក្សា​ការផ្ដាច់​បាប​របស់​អ្នក ? នៅពេល​អ្នក​បន្តសិក្សា សូម​រកមើល​ការពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​រក្សាការផ្ដាច់​បាប​របស់​អ្នក ។

រូបតំណាង កំណត់ត្រា នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​ពិចារណា​សរសេរ​ចំណងជើង​មួយថា « អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​រក្សា​ការផ្តាច់​បាប​របស់​យើង » ។

សូម​អាន ម៉ូសាយ ៤:៩–១៦ ហើយ​រកមើល​ការបង្រៀន​របស់​ស្តេច​បេនយ៉ាមីន ដែល​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​យើង​អាច​រក្សា​ការផ្ដាច់​បាប​របស់​យើង ។

  1. សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​រឿង​យ៉ាង​ហោច​ណាស់​ចំនួន​បី​ដែល​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន ដែល​យើង​ត្រូវធ្វើ​ដើម្បី​រក្សាការ​ផ្ដាច់បាប​របស់​យើង​ដែល​អ្នក​ចាប់​អារម្មណ៍​នោះ​មាន​អ្វី​ខ្លះ ?

    • តើ​អ្នក​គិត​ថា​វា​នឹង​មាន​សភាព​បែប​ណា​សម្រាប់​អ្នក​ក្នុង​ការអនុវត្ត​ការអញ្ជើញ​ទាំងនេះ​ពី​ស្តេចបេយ៉ាមីន​ក្នុង​ជីវិត​របស់​អ្នក ?

    • តើ​ការធ្វើ​រឿង​ទាំង​នេះ​អាច​ជួយ​អ្នក​រក្សា​ការផ្ដាច់​បាប​របស់​អ្នក​ដោយ​របៀបណា ?

ជំហានបន្ទាប់​របស់​ខ្ញុំ

សូម​សញ្ជឹងគិត​ថា អ្នកកំពុង​ធ្វើ​បាន​ល្អ​ប៉ុនណា​ក្នុង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ស្តេច​បេនយ៉ាមីន​ពី​បទគម្ពីរទាំងនេះ ។ អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ផ្តោតលើ​អាកប្បកិរិយា​បី ឬ​បួន​ដែល​អ្នក​ទើបតែ​រកឃើញ ហើយ​សួរ​ខ្លួនឯង​នូវ​សំណួរ​ដូច​ជា ៖

  • តើ​ខ្ញុំ​ត្រូវ​ប្រឹងប្រែង​ប៉ុនណា​ក្នុង​រឿងនេះ ?

  • តើ​ខ្ញុំ​ធ្វើ​បែប​នេះ​ទៀងទាត់​ប៉ុនណា ?

  • តើ​អារម្មណ៍ និង​ចំណាប់អារម្មណ៍​អ្វី​ខ្លះ​ដែល​ខ្ញុំ​មាននៅ​ថ្ងៃនេះ​ដែល​អាច​ផ្តល់​យោបល់​លើ​ចំណុច​ដែល​ខ្ញុំ​អាច​កែលម្អ ។

សូម​ធ្វើ​ផែនការ​ជាក់លាក់​មួយ​ដើម្បី​កែលម្អ​ចំណុច​មួយ​ប្រកប​ដោយការអធិស្ឋាន ។ សូម​សញ្ជឹងគិត​ពី​ឧបសគ្គ​ទាំងឡាយ​ដែល​អ្នក​អាច​នឹង​ជួបប្រទះ​នៅពេល​អ្នក​ព្យាយាម​កែលម្អ​ចំណុច​នេះ និង​អ្វី​ដែល​អ្នក​អាច​នឹង​ធ្វើ​ដើម្បី​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​ជំនះ​លើ​ឧបសគ្គ​ទាំងនេះ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​សមាជិក​គ្រួសារ ឬ​មនុស្ស​ជា​ទីស្រឡាញ់​ដែល​អាច​គាំទ្រអ្នក​ក្នុង​រឿងនេះ ។ អ្នក​ក៏ប្រហែល​ជា​ចង់​បញ្ចូល​គោលដៅ​នេះទៅ​ក្នុង​គោលដៅ​កុមារ និង​យុវជន​របស់​អ្នក ។