« អាលម៉ា ៣៦ ៖ ‹ ឪពុកក៏ឈប់នឹកឃើញការឈឺចាប់ទៀត › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣៦
« ឪពុកក៏ឈប់នឹកឃើញការឈឺចាប់ទៀត »
ការចែកចាយបទពិសោធន៍ខាងវិញ្ញាណដ៏ទន់ភ្លន់ជាមួយអ្នកដែលយើងស្រឡាញ់អាចជាប្រភពនៃកម្លាំងសម្រាប់ទាំងពួកគេ ទាំងពួកយើងផងដែរ ។ ពេលកំពុងនិយាយទៅកាន់ ហេលេមិន ជាកូនប្រុសលោក អាលម៉ាបានរៀបរាប់ឡើងវិញពីបទពិសោធន៍របស់លោកដែលបានឃើញទេវតាមួយអង្គ មានអារម្មណ៍ឈឺចាប់ដោយសារអំពើបាបរបស់លោក និងស្វែងរកការរំដោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយឲ្យអ្នកងាកទៅរកព្រះយេស៊ូវគ្រីស្ទដោយសេចក្តីជំនឿ ហើយស្គាល់ពីអំណរនៃការរំដោះរបស់ទ្រង់ ។
ពាក្យផ្ទុយ
សូមចម្លងខ្លឹមសារខាងក្រោមដាក់ចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅបន្ទាប់ពីសញ្ញាព្រួញ សូមសរសេរអ្វីដែលអ្នកគិតថាជាពាក្យផ្ទុយនឹងពាក្យទាំងនេះ ។
-
ការឈឺចាប់ →
-
សោកស្ដាយ →
-
ភាពសោកសៅ →
សូមសញ្ជឹងគិតនៅពេលដែលអ្នកអាចបានប្រព្រឹត្តអំពើបាប ហើយមានអារម្មណ៍ដូចនៅខាងឆ្វេងដៃ ។ តើអារម្មណ៍នោះធ្លាប់ដែលក្លាយជាអ្វីដែលអ្នកបានសរសេរនៅខាងស្ដាំឬទេ ? តើមានអ្វីបានកើតឡើង ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរនោះកើតឡើងបាន ?
ពេលអារម្មណ៍អវិជ្ជមានកើតឡើងដោយអំពើបាប នោះមានតែព្រះអម្ចាស់ប៉ុណ្ណោះដែលអាចជួយឲ្យយើងប្ដូរអារម្មណ៍អវិជ្ជមានទាំងនោះមានលក្ខណៈផ្ទុយទៅវិញបាន ពោលគឺមានអារម្មណ៍វិជ្ជមានវិញ ។
សូមសញ្ជឹងគិតថា តើសេចក្តីថ្លែងការណ៍ខាងក្រោមនេះមានការពិតកម្រិតណាសម្រាប់អ្នក ៖
-
នៅពេលខ្ញុំមានបាប ខ្ញុំដឹងពីរបៀបងាកទៅរកព្រះអម្ចាស់ ដើម្បីទទួលបានការអភ័យទោស សេចក្តីសុខសាន្ត និងសេចក្តីសង្ឃឹម ។
-
ខ្ញុំមានទំនុកចិត្តថា ដោយមានជំនួយពីព្រះអម្ចាស់ ខ្ញុំអាចនឹងផ្លាស់ប្តូរបាន ។
-
ខ្ញុំងាកទៅរកព្រះអម្ចាស់ជាប្រចាំដើម្បីទទួលបានជំនួយនេះ ។
ថ្ងៃនេះ អ្នកត្រូវសិក្សាពីរបៀបដែលអារម្មណ៍នៃការឈឺចាប់យ៉ាងខ្លាំងរបស់ អាលម៉ា ជាកូនចំពោះអំពើបាបរបស់គាត់មានការបង្វែរទៅជាអារម្មណ៍មានអំណរ និងសេចក្ដីសុខសាន្ត នៅពេលដែលគាត់ដង្ហោយស្រែករកព្រះអង្គសង្គ្រោះ ។ នៅពេលអ្នកសិក្សា សូមរកមើលពីរបៀបដែលអ្នកអាចស្វះស្វែងរកជំនួយពីព្រះអម្ចាស់ដើម្បីយកឈ្នះលើអំពើបាប និងឥទ្ធិពលនៃអំពើបាបនោះ ហើយទទួលបានអំណរតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
ការផ្លាស់ប្ដូរដ៏ធំរបស់អាលម៉ា
បន្ទាប់ពីបដិសេធដំណឹងល្អដែលបានបង្រៀនដល់ពួកគេ នោះពួកសាសន៍សូរាំបានចូលរួមជាមួយនឹងពួកសាសន៍លេមិនដើម្បីចាក់រុកពួកគេឲ្យមានកំហឹងប្រឆាំងនឹងពួកសាសន៍នីហ្វៃ ។ បន្ទាប់មក ពួកសាសន៍សូរាំ និងពួកសាសន៍លេមិនបានវាយប្រហារពួកសាសន៍នីហ្វៃ ដែលនាំឲ្យមានសង្រ្គាមដ៏ធំមួយ ។ ចិត្តរបស់ពួកសាសន៍នីហ្វៃជាច្រើនក៏ « ចាប់ផ្ដើមរឹងរូស » ប្រឆាំងនឹងព្រះបន្ទូលព្រះផងដែរ ( អាលម៉ា ៣៥:១៥ ) ។ ក្នុងការឆ្លើយតបនឹងការធ្លាក់ចុះខាងវិញ្ញាណរបស់ពួកសាសន៍នីហ្វៃ អាលម៉ាបានហៅកូនប្រុសៗរបស់លោកមកជុំគ្នាដើម្បី « អាចប្រទានកិច្ចការកាន់កាប់មួយរៀងៗខ្លួនដាច់ឡែកពីគ្នា អំពីការណ៍ទាំងឡាយដែលទាក់ទងទៅនឹងសេចក្ដីសុចរិត » ( អាលម៉ា ៣៥:១៦ ) ។ ជាបឋម លោកបាននិយាយជាមួយកូនប្រុសលោក ហេលេមិន ហើយបានរៀបរាប់ឡើងវិញពីបទពិសោធន៍នៃការប្រែចិត្តជឿរបស់លោក ។
-
តើអ្នកចងចាំអ្វីខ្លះអំពីអាលម៉ាជាកូន ហើយរូបភាពនេះបង្ហាញពីអ្វី ?
សូមអាន អាលម៉ា ៣៦:៦–១១ ហើយរកមើលសេចក្តីលម្អិតដែលអ្នកប្រហែលជាបានរំលង ។
ការគូសចំណាំបទគម្ពីរអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ និងចងចាំបាននូវអ្វីដែលបទគម្ពីរកំពុងបង្រៀន ។ វាអាចជួយអ្នកឲ្យមើលឃើញគំរូ ឬការប្រៀបធៀបនៅក្នុងបទគម្ពីរបានកាន់តែងាយស្រួល ។ វាក៏អាចធ្វើឲ្យវគ្គបទគម្ពីរសំខាន់ៗកាន់តែងាយស្រួលរកមើលនៅពេលក្រោយដែរ ។ ការគូសចំណាំអាចមានដូចជា ការគូសបន្ទាត់ពីក្រោម ការគូសរង្វង់ និងការរំលេចពណ៌លើពាក្យ និងឃ្លានានាជាដើម ។
សូមអានការពិពណ៌នារបស់អាលម៉ា អំពីអ្វីដែលលោកបានជួបប្រទះ និងទទួលអារម្មណ៍ក្នុងអំឡុងពេលបីថ្ងៃដែលលោកមិនអាចផ្លាស់ទីនៅក្នុងបណ្ដុំបទគម្ពីរខាងក្រោម ។ សូមពិចារណាគូសចំណាំអ្វីដែលបានផ្ដល់យោបល់ឲ្យ ។
-
អាលម៉ា ៣៦:១២–១៦ ៖ ពាក្យ ឬឃ្លាដែលពិពណ៌នាពីរបៀបដែល អាលម៉ាបានទទួលអារម្មណ៍អំពីអំពើបាបរបស់លោក
-
អាលម៉ា ៣៦:១៧–១៨ ៖ ពាក្យ ឬឃ្លាដែលបង្ហាញពីអ្វីដែលអាលម៉ាបានចងចាំ ហើយបានធ្វើដែលបាននាំឲ្យលោកផ្លាស់ប្តូរបាន
-
អាលម៉ា៣៦:១៩–២១ ៖ ពាក្យ ឬឃ្លាដែលពិពណ៌នាអំពីអាលម៉ា ដែលមានអារម្មណ៍ថាអ្វីមួយប្រឆាំង ឬផ្ទុយគ្នានឹងអ្វីដែលលោកធ្លាប់បានជួបប្រទះនៅពេលចាប់ផ្ដើមដំបូង
-
តើអ្នកចាប់អារម្មណ៍នូវអ្វីខ្លះ ដែលបាននាំឲ្យមានការផ្លាស់ប្ដូររបស់អាលម៉ា ?
-
តើមានសេចក្ដីពិតអ្វីខ្លះដែលយើងអាចស្វែងយល់ពីបទពិសោធន៍របស់លោក ?
សេចក្ដីពិតមួយដែលយើងអាចរៀននោះគឺថា ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្តារំដោះយើងចេញពីការឈឺចាប់នៃអំពើបាបរបស់យើង ហើយបំពេញយើងដោយអំណរ ។
-
តើអាលម៉ាបានអញ្ជើញព្រះចេស្តានៃការរំដោះរបស់ព្រះអង្គសង្រ្គោះដោយរបៀបណា ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ហើយគិតពីរបៀបដែលវាជួយអ្នកឲ្យស្វែងយល់បន្ថែមទៀតអំពីសេចក្ដីពិតដែលយើងត្រូវរៀនពីបទពិសោធន៍របស់អាលម៉ា ។ អ្នកអាចចម្លងឃ្លាមួយដែលអ្នកចង់ចាំដាក់ចូលទៅក្នុងកំណត់ហេតុ ឬគែមនៃព្រះគម្ពីររបស់អ្នកបាន ។
ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
អ្នកមិនចាំបាច់ត្រូវការដឹងអ្វីគ្រប់យ៉ាងទេ មុនពេលដែលអំណាចនៃដង្វាយធួនត្រូវមានប្រសិទ្ធភាពសម្រាប់អ្នកនោះ ។ មានសេចក្តីជំនឿលើព្រះគ្រីស្ទ គឺវាចាប់ផ្តើមដំណើរការនៅថ្ងៃដែលអ្នកទូលសួរ ! ( ប៊យដ៍ ខេ ផាកកឺ « Washed Clean » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ១០ )
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
នៅពេលយើងសារភាពអំពើបាបយើងដោយស្មោះត្រង់ ស្ដារអ្វីដែលយើងអាចធ្វើទៅបានចំពោះអ្នកដែលអាក់អន់ចិត្ត ហើយលះបង់អំពើបាបរបស់យើងដោយការរក្សាបទបញ្ញត្តិទាំងឡាយ នោះយើងកំពុងស្ថិតក្នុងដំណើរការទទួលបានការអភ័យទោសហើយ ។ យូរៗទៅ យើងនឹងមានអារម្មណ៍ថាទុក្ខព្រួយរបស់យើងបានធូរស្រាល ដោយ « បានដកយកទោសចេញពីក្នុងចិត្តយើង » ហើយនាំមកនូវ « សេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈ » ។ ( នែល អិល អាន់ឌើរសិន « Repent … That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ )
-
តើការយល់ដឹងអ្វីខ្លះដែលអ្នកបានទទួលពីសេចក្តីថ្លែងការណ៍បន្ថែមទាំងនេះ ?
សូមឆ្លៀតពេលបន្តិចដើម្បីគិតពិចារណាពីស្ថានភាពផ្ទាល់ខ្លួនអ្នក និងរបៀបដែលមេរៀនថ្ងៃនេះអាចនឹងអនុវត្តនៅក្នុងជីវិតអ្នក ។ សូមពិចារណារឿងមួយដែលអ្នកអាចនឹងធ្វើនៅថ្ងៃនេះ ដើម្បីងាកទៅរកព្រះអង្គសង្គ្រោះ ហើយយាងអញ្ជើញព្រះចេស្តានៃការសង្គ្រោះរបស់ទ្រង់ឲ្យយាងមកនៅក្នុងជីវិតអ្នក ។