« អាលម៉ា ៣៩ ៖ ‹ ចៀសវាងនូវអំពើទាំងនេះចុះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣៩
« ចៀសវាងនូវអំពើទាំងនេះចុះ »
ជារហូតមក សាតាំងបានដឹកនាំមនុស្សជាច្រើនឲ្យជឿថា ទំនាក់ទំនងផ្លូវភេទក្រៅអាពាហ៍ពិពាហ៍គឺអាចទទួលយកបាន ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើងនូវច្បាប់ព្រហ្មចារីភាពសម្រាប់ការការពារ សេចក្តីសុខសាន្ត និងសុភមង្គលរបស់យើង ។ ព្យាការី អាលម៉ា បានទូន្មានកូនប្រុសរបស់លោក កូរីអានតុន ដោយក្ដីស្រឡាញ់ ឲ្យបោះបង់ចោល ហើយប្រែចិត្តពីអំពើបាបរបស់គេ ដោយរួមទាំងការបំពានច្បាប់ព្រហ្មចារីភាពផងដែរ ។ មេរៀននេះអាចជួយអ្នកឲ្យយល់អំពីភាពធ្ងន់ធ្ងរនៃអំពើបាបខាងផ្លូវភេទ និងរបៀបទប់ទល់នឹងការល្បួងឲ្យបំពានលើច្បាប់ព្រហ្មចារីភាពនេះ ។
ច្បាប់ព្រហ្មចារីភាព
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ហើយកំណត់ថាតើសេចក្តីថ្លែងការណ៍មួយណាដែលតំណាងឲ្យអារម្មណ៍អ្នកបានច្បាស់បំផុត ៖
-
ខ្ញុំមិនយល់ស្រប
-
ខ្ញុំមិនយល់ស្របភាគច្រើន
-
ខ្ញុំយល់ស្របភាគច្រើន
-
ខ្ញុំយល់ស្រប
-
យុវវ័យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយយល់យ៉ាងច្បាស់អំពីច្បាប់ព្រហ្មចារីភាព ឬក្រឹត្យវិន័យរបស់ព្រះអម្ចាស់ស្ដីពីភាពបរិសុទ្ធខាងផ្លូវភេទ ។
-
ពួកគេយល់ពីមូលហេតុដែលវាមានសារៈសំខាន់ និងមូលហេតុដែលព្រះអម្ចាស់ចង់ឲ្យយើងរស់នៅតាមច្បាប់នេះ ។
-
ការគោរពតាមច្បាប់ព្រហ្មចារីភាពក្នុងពិភពលោកសព្វថ្ងៃនេះអាចជាការលំបាក ។
-
យុវវ័យក្នុងសាសនាចក្រដឹងអំពីរបៀបទប់ទល់នឹងការល្បួង ហើយរក្សាភាពបរិសុទ្ធខាងផ្លូវភេទរបស់ពួកគេ ។
ច្បាប់ព្រហ្មចារីភាពគឺជាច្បាប់ស្ដីពីភាពបរិសុទ្ធខាងផ្លូវភេទរបស់ព្រះអម្ចាស់ ។ ការគោរពតាមច្បាប់ព្រហ្មចារីភាពមានន័យថា ការរក្សាខ្លួនអ្នកឲ្យស្អាតស្អំ ទាំងការគិត ពាក្យសម្ដី និងសកម្មភាព ដោយរួមមានទាំងការនៅឲ្យឆ្ងាយពីការណ៍អាសក្រាមណាមួយផងដែរ ។ វាមានន័យសំដៅដល់ការចៀសវាងមានទំនាក់ទំនងផ្លូវភេទមុនពេលរៀបការ និងស្មោះត្រង់ទាំងស្រុងចំពោះប្រពន្ធ ឬស្វាមីរបស់អ្នកក្នុងអំឡុងពេលនៃចំណងអាពាហ៍ពិពាហ៍ ។ « ក៏ដូចជាការរំលោភបំពានដទៃទៀតដែរ សកម្មភាពនៃការរួមភេទដូចគ្នាគឺជាអំពើបាបដ៏ធ្ងន់ធ្ងរ ។ វាផ្ទុយទៅនឹងគោលបំណងនៃភេទរបស់មនុស្ស » ( Gospel Topics « Chastity » មាននៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតអំពីការយល់ដឹង និងអារម្មណ៍របស់អ្នកអំពីច្បាប់ព្រហ្មចារីភាព ។ តើអ្នកមានសំណួរអ្វីខ្លះ ? ហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះអ្នក ? តើការល្បួងអ្វីខ្លះអំពីព្រហ្មចារីភាពដែលអ្នកប្រឈមមុខ ? នៅពេលដែលអ្នកកំពុងសិក្សាមេរៀននេះ សូមស្វែងរកចម្លើយចំពោះសំណួររបស់អ្នក និងជំនួយដើម្បីយកឈ្នះលើការល្បួង ។
អាលម៉ាផ្ដល់ដំបូន្មានដល់កូនប្រុសរបស់លោក កូរីអានតុន ។
អាលម៉ា ៣៩ គឺជាជំពូកទីមួយក្នុងចំណោមជំពូកបួនដែលមានដំបូន្មាន បទបញ្ញត្តិ និងការបង្រៀនពីអាលម៉ាដល់កូនប្រុសរបស់លោក កូរីអានតុន ។ កូរីអានតុនបានអមដំណើរឪពុក និងបងប្រុសលោក ស៊ិបឡុន ដើម្បីផ្សព្វផ្សាយដំណឹងល្អក្នុងចំណោមពួកសាសន៍សូរាំ ។ ទោះយ៉ាងណាក៏ដោយ អំឡុងពេលនៃបេសកកម្មនេះ កូរីអានតុន បានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរមួយចំនួនដែរ ។
សូមអាន អាលម៉ា ៣៩:១–៥ ដោយរកមើលកំហុសដែលកូរីអានតុន បានធ្វើ និងរបៀបដែលអាលម៉ា និងព្រះអម្ចាស់គិត និងមានព្រះទ័យអំពីកំហុសទាំងនោះ ។ ( ពាក្យថា ស្រីខូច នៅ ខទី ៣ សំដៅទៅលើស្ត្រីអសីលធម៌ ឬស្រីពេស្យា ) ។
ដើម្បីជួយអ្នកឲ្យសញ្ជឹងគិតពីមូលហេតុដែលការបំពានច្បាប់ព្រហ្មចារីភាពធ្វើឲ្យឪពុកម្នាក់ និងជាព្យាការី « ព្រួយបារម្ភ » ( អាលម៉ា ៣៩:៣ ) និង « អំពើគួរខ្ពើមឆ្អើមនៅចំពោះព្រះនេត្រនៃព្រះអម្ចាស់ » ( អាលម៉ា ៣៩:៥ ) វាអាចមានប្រយោជន៍ក្នុងការយល់ពីពរជ័យពីការគោរពតាមច្បាប់នេះ ។ សូមអានអំពីពរជ័យ និងអំណាចនៅក្នុង « ការរស់នៅតាមច្បាប់ព្រហ្មចារីភាព » នៅទំព័រ ២៦ ក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( កូនសៀវភៅ ឆ្នាំ ២០២២ ) ។
-
តើការគោរពតាមច្បាប់ព្រហ្មចារីភាពអាចរៀបចំយើងឲ្យទទួលបានពរជ័យដ៏អស្ចារ្យពីព្រះក្នុងជីវិតនេះ និងក្នុងពិភពលោកខាងមុខយ៉ាងដូចម្ដេច ?
ដើម្បីឲ្យមានការយល់ដឹង សូមអានសំណួរខាងក្រោម ហើយស្វែងរកចម្លើយនៅក្នុងព្រះគម្ពីរដែលមានរាយក្នុងវង់ក្រចក ៖
-
តើនឹងមានអ្វីកើតឡើង បើមនុស្សម្នាក់មិនប្រែចិត្តពីអំពើបាបខាងផ្លូវភេទទេនោះ ? ( អាលម៉ា ៣៩:៧–៩ )
-
តើមានផលវិបាកអ្វីខ្លះដែលត្រូវបានមើលរំលងជាញឹកញាប់ចំពោះការបំពានច្បាប់ព្រហ្មចារីភាព ? ( អាលម៉ា ៣៩:១១–១៣ )
« កុំទៅតាមសេចក្ដីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ »
បន្ថែមពីលើការបង្រៀនកូនប្រុសរបស់លោកអំពីភាពធ្ងន់ធ្ងរនៃអំពើបាបខាងផ្លូវភេទ អាលម៉ាក៏បានបង្រៀនកូរីអានតុន អំពីរបៀបដើម្បីចៀសវាងការធ្វើខុសដូចគ្នានេះម្ដងទៀតនៅថ្ងៃអនាគតផងដែរ ។
សូមមើល អាលម៉ា ៣៩:៩ និង អាលម៉ា ៣៩:១៣ ដោយរកមើលពាក្យ ឬឃ្លាដែលអាចជួយអ្នកឲ្យទប់ទល់នឹងការល្បួង និងគោរពតាមច្បាប់ព្រហ្មចារីភាព ។ ( ឃ្លា « ចៀសវាង » នៅក្នុង ខទី ៩ សំដៅដល់ការគ្រប់គ្រងខ្លួនឯង ឬការមានវិន័យលើខ្លួនឯង ) ។
-
តើគោលការណ៍អ្វីដែលអាលម៉ាបានបង្រៀន កូរីអានតុន នៅក្នុងខគម្ពីរទាំងនេះ ?
គោលការណ៍មួយដែលអាចអនុវត្តបានមកពីខគម្ពីរទាំងនេះគឺថា នៅពេលយើងអនុវត្តការគ្រប់គ្រងខ្លួនឯងបាន ហើយងាកទៅរកព្រះអម្ចាស់ យើងនឹងអាចយកឈ្នះលើការល្បួងឲ្យបំពានច្បាប់ព្រហ្មចារីភាពរបស់ព្រះបាន ។
ការអនុវត្តការគ្រប់គ្រងខ្លួនឯង និងការងាកទៅរកព្រះអម្ចាស់ដើម្បីយកឈ្នះលើការល្បួង ពេលខ្លះអាចជាការលំបាក ។ ការគិតពីវិធីផ្សេងៗជាច្រើនដើម្បីធ្វើរឿងនេះ ហើយបន្ទាប់មកធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណអំពីអ្វីដែលមានប្រយោជន៍បំផុតសម្រាប់អ្នកនោះអាចជួយទៅបាន ។
ការពិចារណាផ្ទាល់ខ្លួន
សូមចំណាយពេលបន្តិចដើម្បីពិចារណាអំពីមូលហេតុដែលអ្នកចង់រក្សាភាពបរិសុទ្ធខាងផ្លូវភេទ ។ បន្ទាប់មក សូមកត់ត្រាជំហាននានាដែលអ្នកនឹងធ្វើ ដើម្បីបន្តគោរពតាមច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់ជាដរាបរៀងទៅ ។ សូមពិចារណាអំពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធអាចបំផុសគំនិតអ្នកឲ្យធ្វើ ហើយកត់ត្រាគំនិតបន្ថែមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ បើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានបំពានច្បាប់ព្រហ្មចារីភាព សូមចាំថា ព្រះយេស៊ូវគ្រីស្ទបាន « យាងមក ដើម្បីយកអំពើបាបទាំងឡាយនៃមនុស្សលោកចេញ » ( អាលម៉ា ៣៩:១៥ ) ហើយនឹងអត់ទោសដល់អស់អ្នកដែលប្រែចិត្តដោយស្មោះ ហើយលះបង់អំពើបាបរបស់ខ្លួន ( សូមមើល ម៉ូសាយ ២៦:៣០, អាលម៉ា ៣៩:៩ ) ។