« អាលម៉ា ៣៧ ៖ ‹ ដោយកិច្ចការតូចតាច និងងាយ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣៧
« ដោយកិច្ចការតូចតាច និងងាយ »
នៅពេលខ្លះបញ្ហារបស់យើងហាក់ដូចជាធំ និងស្មុគស្មាញខ្លាំងណាស់រហូតដល់យើងសន្មតថា ដំណោះស្រាយនានាក៏ត្រូវតែធំ និងស្មុគស្មាញផងដែរ ។ ទោះជាយ៉ាងណា អាលម៉ា បានបង្រៀនកូនប្រុសលោក ហេលេមិន ថា ជាញឹកញាប់ព្រះអម្ចាស់ប្រើកិច្ចការតូចតាច និងងាយដើម្បីដោះស្រាយកិច្ចការធំៗដែលមានដូចជា ការអនុញ្ញាតឲ្យបទគម្ពីរចង្អុលប្រាប់ « ផ្លូវដែល [ យើង ] ត្រូវទៅ » នៅក្នុងជីវិតយើង ( អាលម៉ា ៣៧:៤០ ) ។ មេរៀននេះមានគោលបំណងជួយឲ្យអ្នកអនុវត្តបាននូវសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលដែលអ្នកសិក្សាព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ។
ភាពអស្ចារ្យនៃកិច្ចការតូចតាច និងងាយ
-
តើមានកិច្ចការតូចតាច និងងាយអ្វីខ្លះ ដែលធ្វើឲ្យជីវិតអ្នកមានភាពខុសគ្នាខ្លាំង ?
ដូចដែលបានកត់ត្រាទុកនៅក្នុង អាលម៉ា ៣៧ អាលម៉ា បានប្រគល់ឲ្យហេលេមិននូវទំនួលខុសត្រូវដ៏សំខាន់មួយដែលព្រះអម្ចាស់បានប្រើដើម្បីឲ្យមានឥទ្ធិពលយ៉ាងខ្លាំងដល់បុត្រាបុត្រីរបស់ព្រះ ។ សូមអាន អាលម៉ា ៣៧:១–២, ៥–៧ ដើម្បីមើលថាវាជាអ្វី និងមូលហេតុដែលវាសំខាន់ខ្លាំង ។
បើអ្នកចង់មើលវីដេអូដែលបង្ហាញពីខគម្ពីរទាំងនេះ សូមមើល « Alma Counsels His Sons » ចាប់ពីនាទីទី ៣:១៥ ដល់នាទីទី ៥:០៥ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមធ្វើតាមដំណើររឿងនៅក្នុងបទគម្ពីររបស់អ្នក ។
សេចក្ដីពិតមួយដែលយើងអាចស្វែងយល់នៅក្នុង អាលម៉ា ៣៧ នោះគឺថា ព្រះអម្ចាស់បានប្រើព្រះគម្ពីរដើម្បីនាំមកនូវសេចក្ដីសង្គ្រោះដល់មនុស្សជាច្រើន ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់បានប្រើព្រះគម្ពីរដើម្បីជួយមនុស្សឲ្យស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយមករកទ្រង់ដើម្បីទទួលបានសេចក្តីសង្គ្រោះ ?
នៅពេលអ្នកបន្តការសិក្សារបស់អ្នក សូមសញ្ជឹងគិតពីសំណួរទាំងនេះ ៖ តើព្រះគម្ពីរជួយនាំមនុស្សឲ្យមករកព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរបៀបណា ? ដើម្បីទទួលបានពរជ័យដ៏មហិមាទាំងនេះ តើខ្ញុំគួរតែសិក្សាយ៉ាងដូចម្ដេច ?
បើអ្នកមិនមានអារម្មណ៍ថា អ្នកទទួលបានពរជ័យដ៏មហិមាតាមរយៈការសិក្សាព្រះគម្ពីរទេនោះ សូមស្វះស្វែងរកសេចក្ដីណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងអំពីអ្វីដែលអ្នកអាចនឹងត្រូវការដើម្បីស្គាល់ ឬផ្លាស់ប្តូរ ។
អានុភាពដ៏មហិមានៃព្រះគម្ពីរ
អាលម៉ាបានរំឭកហេលេមិនអំពីរបៀបដែលព្រះគម្ពីរមានឥទ្ធិពលយ៉ាងខ្លាំងលើពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ សូមអាន អាលម៉ា ៣៧:៨–១០, ១៤ ដោយរកមើលអព្ភូតហេតុនៃពរជ័យដែលព្រះអម្ចាស់បាននាំមកតាមរយៈព្រះគម្ពីរ ។ សូមពិចារណាគូសចំណាំពរជ័យទាំងនេះ ឬសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើពរជ័យមួយណាក្នុងចំណោមពរជ័យទាំងនេះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ ? ហេតុអ្វី ?
អាលម៉ាបានបង្រៀនថា ព្រះគម្ពីរ « បានពង្រីកស្មារតីរបស់ប្រជាជននេះ » ( អាលម៉ា ៣៧:៨ ) ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីពរជ័យនេះ ៖
ព្រះគម្ពីរពង្រីកការចងចាំរបស់យើង ដោយជួយយើងឲ្យចងចាំព្រះអម្ចាស់ ទំនាក់ទំនងរបស់យើងជាមួយទ្រង់ និងព្រះវរបិតាជានិច្ច ។ វារំឭកយើងពីអ្វីដែលយើងបានដឹងនៅក្នុងជីវិតមុនមុនឆាកជីវិតនេះរបស់យើង ។ ហើយវាពង្រីកការចងចាំរបស់យើងក្នុងន័យមួយផ្សេងទៀតតាមរយៈការបង្រៀនយើងអំពីសម័យកាល មនុស្ស និងព្រឹត្តិការណ៍នានាដែលយើងមិនបានដកពិសោធន៍ដោយផ្ទាល់ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៣ )
លីអាហូណា និងព្រះបន្ទូលនៃព្រះគ្រីស្ទ
បន្ទាប់ពីការផ្តល់ដំបូន្មានបន្ថែមដល់ហេលេមិន អាលម៉ាបានប្រដូចព្រះបន្ទូលនៃព្រះគ្រីស្ទទៅនឹងកិច្ចការតូចតាច និងងាយមួយចំនួន ដែលលីហៃ និងគ្រួសាររបស់លោកបានប្រើ ៖ លីអាហូណា ។ សូមគិតពិចារណាពីអ្វីដែលអ្នកដឹងអំពីលីអាហូណា ។
សូមអាន អាលម៉ា ៣៧:៣៨–៤៦ ដោយរកមើលកិច្ចការតូចតាច និងងាយដែលគ្រួសាររបស់លីហៃត្រូវធ្វើដើម្បីឲ្យលីអាហូណាអាចដឹកនាំពួកគេបាន ។
ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
សូមគិតពិចារណាពីគោលដៅនៃការសិក្សាព្រះគម្ពីរ ទម្លាប់ និងបទពិសោធន៍ផ្ទាល់ខ្លួនបច្ចុប្បន្នរបស់អ្នក ។ សូមកត់ត្រាចូលក្នុងសៀវភៅកំណត់ហេតុរបស់អ្នកអំពីការកែប្រែតូចតាចដែលអ្នកអាចធ្វើបាន ដើម្បីអនុញ្ញាតឲ្យព្រះអម្ចាស់ប្រទានពរដល់អ្នកតាមរបៀបដ៏អស្ចារ្យ ។ ខាងក្រោមនេះគឺជាការណែនាំពីរបី ៖
សូមសិក្សាព្រះគម្ពីរដោយការស្វែងរក « ឲ្យស្គាល់ ព្រះអម្ចាស់ » ឬ « អររីករាយនៅក្នុងព្រះយេស៊ូវគ្រីស្ទ » ( អាលម៉ា ៣៧:៩ ) ។
-
ការណ៍នេះអាចមានជាអាទិ៍ ការរកមើលសេចក្តីយោងទៅកាន់ព្រះយេស៊ូវគ្រីស្ទ តួនាទី និងបេសកកម្មរបស់ទ្រង់ ។ នៅពេលដែលអ្នករកឃើញសេចក្ដីយោងទាំងនេះហើយ អ្នកអាចគិតអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបំពេញតួនាទីស្រដៀងគ្នានេះនៅក្នុងជីវិតអ្នក ។ អ្នកអាចកត់ត្រាចំណាប់អារម្មណ៍នៃការដឹងគុណនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ កាលដែលអ្នករកឃើញវា ។
សូមបង្ហាញសេចក្ដីជំនឿលើព្រះ នៅពេលដែលអ្នកសិក្សា ( សូមមើល អាលម៉ា ៣៧:៤០ ) ។
-
ការណ៍នេះអាចរួមមានការរកមើលពីរបៀបធ្វើតាមអ្វីដែលអ្នកកំពុងសិក្សា ហើយមករកព្រះគ្រីស្ទ ។ អ្នកអាចខិតខំឆ្លើយសំណួរជាធម្មតាៗ « តើអ្វីដែលខ្ញុំកំពុងសិក្សាអាចជួយឲ្យខ្ញុំមករកព្រះគ្រីស្ទ ដើម្បីទទួលបានពរជ័យរបស់ទ្រង់ ហើយធ្វើតាមគំរូរបស់ទ្រង់បានយ៉ាងដូចម្ដេច ? » អ្នកអាចកត់ត្រាចម្លើយរបស់អ្នកចូលក្នុងសៀវភៅកំណត់ហេតុការសិក្សា ។
សូមកំណត់អំពីរបៀបដែលអ្នកអាចចៀសវាងភាព « ខ្ជិលច្រអូស » ហើយភ្លេច « អនុវត្តសេចក្ដីជំនឿ និងសេចក្ដីព្យាយាមរបស់ [ អ្នក ] » នៅក្នុងការសិក្សារបស់អ្នក ( អាលម៉ា ៣៧:៤១ ) ។
-
ការណ៍នេះអាចរួមបញ្ចូលទាំងការជ្រើសរើសពេលជាទៀងទាត់ជារៀងរាល់ថ្ងៃដើម្បីសិក្សាព្រះគម្ពីររបស់អ្នក ។ លើសពីនេះ អ្នកអាចអញ្ជើញសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ឲ្យតាមដានជាមួយអ្នកជាទៀងទាត់អំពីការខិតខំសិក្សាព្រះគម្ពីររបស់អ្នកផងដែរ ។ បើមាន អ្នកប្រហែលជាអាចដាក់កំណត់សាររំឭកលើប្រតិទិននៅលើទូរសព្ទ ឬឧបករណ៍ឌីជីថលផ្សេងៗទៀតជារៀងរាល់ថ្ងៃ ។