« ហេលេមិន ១៣ ផ្នែកទី ១ ៖ សេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ១៣ ភាគទី ១» ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ១៣ ផ្នែកទី ១
សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់
តើអ្នកគិតថា ព្រះមានព្រះទ័យយ៉ាងណាចំពោះយើង នៅពេលដែលយើងបានប្រព្រឹត្តអំពើបាប ? ពួកសាសន៍នីហ្វៃជាច្រើនបានបះបោរប្រឆាំងនឹងព្រះ និងបញ្ញត្តិរបស់ទ្រង់ ដូច្នេះព្រះបានចាត់សាំយូអែលជាសាសន៍លេមិន ទៅឲ្យពួកគេដោយមានសារលិខិតច្បាស់ៗមួយឲ្យប្រែចិត្តដើម្បីឲ្យពួកគេអាចនឹងទទួលបានការអភ័យទោស ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីមេត្តាករុណា និងការអភ័យទោសរបស់ព្រះអម្ចាស់ ។
ទុក្ខវេទនាមកពីអំពើបាប
ប្រធាន រ័សុល អិម ណិលសុន បានប្រាប់ដំណើររឿងខាងក្រោមអំពីស្ត្រីម្នាក់ដែលកំពុងស្ថិតនៅក្នុងស្ថានភាពលំបាក ។ សូមគិតអំពីអ្វីដែលអ្នកចង់ឲ្យគាត់ដឹងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមមើល« Repentance and Conversion » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgចាប់ពីនាទីទី ០:០០ ដល់នាទីទី ០:៥០ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោម ។
នៅខណៈពេលដែល អែលឌើរ ដេវីឌ អេស. បាក្សធឺ និងខ្ញុំកំពុងបើកឡានទៅចូលរួមសន្និសីទស្តេក យើងបានឈប់នៅឯភោជនីដ្ឋានមួយកន្លែង ។ ក្រោយមក នៅពេលដែលយើងត្រឡប់ទៅកាន់រថយន្តរបស់យើងវិញ នោះមានស្ត្រីម្នាក់បានដើរមកដល់ ហើយហៅពួកយើង ។ ពួកយើងមានការភ្ញាក់ផ្អើលដោយសារតែរូបរាងរបស់នាង ។ ការតុបតែងខ្លួនរបស់នាង ( ឬរាងខុសទំនង ) បើខ្ញុំនិយាយដោយគួរសមនោះគឺ ៖ « ជ្រុលពេក » ។ នាងបានសួរថាតើពួកយើងជាពួកអែលឌើរនៅព្រះវិហារ ឬយ៉ាងណា ។ ពួកយើងបានឆ្លើយថា បាទ ! ពិតមែនហើយ ។ ដោយស្ទើរតែទប់ចិត្តមិនបាន នាងបានរៀបរាប់ប្រាប់រឿងរ៉ាវនៃជីវិតដ៏សោកសៅរបស់នាងដែលលិចលង់នៅក្នុងអំពើបាប ។ ឥឡូវនេះ នាងមានអាយុត្រឹមតែ ២៨ ឆ្នាំតែប៉ុណ្ណោះ ។ នាងបានមានអារម្មណ៍ថាគ្មានតម្លៃអ្វីដែលត្រូវរស់នៅតទៅទៀតទាល់តែសោះ ។ … នាងបានសួរទាំងទឹកភ្នែកថាតើមានសង្ឃឹមអ្វីសម្រាប់នាង តើឲ្យនាងដោះស្រាយបញ្ហានៃការអស់សង្ឃឹមរបស់នាងដោយរបៀបណា ។ ( រ័សុល អិម ណិលសុន « Repentance and Conversion » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០២ )
-
ប្រសិនបើអ្នកត្រូវនិយាយជាមួយស្ត្រីម្នាក់នេះ តើមានសេចក្តីពិតអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលអ្នកចង់ឲ្យនាងដឹង ?
-
តើអ្នកត្រូវធ្វើអ្វីដើម្បីព្យាយាមជួយស្ត្រីរូបនេះបាន ?
-
តើអារម្មណ៍ដែលនាងកំពុងមានអាចនឹងជះឥទ្ធិពលដល់បំណងប្រាថ្នារបស់នាងនៅក្នុងការងាកទៅរកព្រះអង្គសង្គ្រោះដោយរបៀបណា ?
ប្រហែលជាអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ក៏មានអារម្មណ៍ថាគ្មានតម្លៃ ឬមិនអាចទទួលបានការអភ័យទោសដែរ ។ សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកពិតជាជឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងការអភ័យទោស ។
នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលការយល់ដឹងអំពីលក្ខណៈរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលទ្រង់ទាំងទ្វេព្រះតម្រិះអំពីពួកយើង បើទោះបីជាយើងមានអំពើបាបក៏ដោយ ។ សូមសញ្ជឹងគិតអំពីរបៀបដែលសេចក្ដីពិតទាំងនេះអាចនឹងជួយអ្នក និងអ្នកទាំងឡាយណាដែលអ្នកស្គាល់ ។
សាំយូអែលជាសាសន៍លេមិន
ដូចជាស្ត្រីរូបនេះដែរ ពួកសាសន៍នីហ្វៃបានជាប់នៅក្នុងអំពើបាប ។ នៅក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ ព្រះអម្ចាស់បានបញ្ជូនព្យាការីសាំយូអែល ដោយមានសារលិខិតមួយសម្រាប់ពួកគេ ។
សូមអាន ហេលេមិន ១៣:៥–៨,១១,៣៩; ១៤:១១–១៣; ១៥:៣ ហើយរកមើលអ្វីដែលអ្នកបានរៀនអំពីព្រះអម្ចាស់ ជាពិសេសការយល់ដឹងដែលអាចនឹងជួយយើងបាន នៅពេលយើងបានប្រព្រឹត្តអំពើបាប ។ ( វាអាចមានប្រយោជន៍ក្នុងការដឹងថាបានវាយផ្ចាល [ សូមមើល ហេលេមិន ១៥:៣ ] មានន័យថាការកែតម្រូវ ឬការដាក់វិន័យ ។ សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « វាយផ្ចាល ការវាយផ្ចាល » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org )
សេចក្ដីមេត្តាករុណា និងការអភ័យទោសរបស់ព្រះអម្ចាស់
សេចក្តីពិតមួយដែលយើងរៀនមកពីវគ្គបទគម្ពីរទាំងនេះគឺថា ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណាព្រមានមនុស្សអំពីផលវិបាកនៃអំពើបាប និងអភ័យទោសដល់អ្នកដែលប្រែចិត្ត ។
ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–ឆ្នាំ ១៨៤៤ ) បានថ្លែងទីបន្ទាល់ថា « គ្រប់ៗគ្នាស្ថិតនៅក្នុងវិសាលភាពនៃសេចក្ដីមេត្ដាករុណានៃការអភ័យទោស » ( « ការបង្រៀន នៅថ្ងៃទី៣ តុលា ឆ្នាំ ១៨៤១ ដែលបានបោះពុម្ពផ្សាយនៅលើទំព័រទស្សនាវដ្ដី Times and Seasons » ទំព័រ ៥៧៧ នៅលើគេហទំព័រ josephsmithpapers.org ) ។
-
តើការយល់ដឹងអំពីលក្ខណៈនៃសេចក្ដីមេត្តាករុណា និងការអភ័យទោសរបស់ព្រះអម្ចាស់អាចនឹងជះឥទ្ធិពលទៅលើរបៀបដែលយើងគិតអំពីអំពើបាបរបស់យើង និងអំពីការប្រែចិត្តយ៉ាងដូចម្ដេច ?
វាមានសារៈសំខាន់នៅក្នុងការយល់ថា ទោះបីជាព្រះ អម្ចាស់មានសេចក្ដីមេត្តាករុណខ្លាំងក៏ដោយ ក៏ទ្រង់មានសេចក្ដីសុចរិតដ៏ឥតខ្ចោះដែរ ។ ទ្រង់មិនព្រងើយកន្តើយ ឬច្រានចោលផលវិបាកនៃអំពើបាបរបស់យើងឡើយ ។ ប៉ុន្តែដោយសារព្រះអង្គសង្គ្រោះបានបង់ថ្លៃសម្រាប់អំពើបាបរបស់យើងនៅក្នុងដង្វាយធួនរបស់ទ្រង់ ហើយ « បានបំពេញការទាមទារទាំងឡាយនៃសេចក្ដីយុត្តិធម៌ » ( ម៉ូសាយ ១៥:៩ ) ទ្រង់ប្រទានឲ្យយើងនូវការអភ័យទោស នៅពេលដែលយើងបានប្រែចិត្ត ។
-
តើការដឹងអំពីសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណាដ៏ឥតខ្ចោះរបស់ព្រះអម្ចាស់អាចនឹងមានឥទ្ធិពលទៅលើទំនាក់ទំនងរបស់អ្នកជាមួយនឹងទ្រង់យ៉ាងដូចម្ដេច ?
សូមស្រមៃមើលអំពីភាពខុសគ្នារវាងការយល់ដឹងកាន់តែស៊ីជម្រៅអំពីព្រះអម្ចាស់អាចនឹងធ្វើទៅបានចំពោះស្ត្រីដែលប្រធាន ណិលសុន បានមានប្រសាសន៍អំពីនៅខាងដើមមេរៀននេះ ។ សូមរៀបចំត្រៀមការពន្យល់ដល់នាង ដោយការធ្វើដូចខាងក្រោម ៖
ប្រធាន ណិលសុន បានចែកចាយនូវអ្វីដែលបានកើតឡើងចំពោះស្ត្រីរូបនោះ ។ សូមមើល « Repentance and Conversion » ចាប់ពីនាទីទី ០:៥០ ដល់នាទីទី ១:២៧ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬអានសេចក្តី ថ្លែងការណ៍ខាងក្រោម ។
នៅពេលនាងបាននិយាយ ភាពផ្អែមល្ហែមនៃព្រលឹងនាងបានចាប់ផ្តើមលេចចេញមក ។ នាងបានសួរទាំងទឹកភ្នែកថាតើមានសង្ឃឹមអ្វីសម្រាប់នាង តើឲ្យនាងដោះស្រាយបញ្ហានៃការអស់សង្ឃឹមរបស់នាងដោយរបៀបណា ។
« បាទ/ចាស » យើងបានឆ្លើយតបថា ៖ « ក្តីសង្ឃឹមគឺមាន ។ សេចក្តីសង្ឃឹមផ្សារភ្ជាប់ទៅនឹងការប្រែចិត្ត ។ អ្នកអាចផ្លាស់ប្តូរបាន ។ អ្នកអាច ‹ ចូលមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ › [ មរ៉ូណៃ ១០:៣២ ] » ។ យើងបានជំរុញកុំ ឲ្យ នាងពន្យា ពេល [ សូមមើល អាលម៉ា ១៣:២៧; ៣៤:៣៣ ] ។ នាងយំសោកដោយបន្ទាបខ្លួន ហើយអរគុណយើង ដោយស្មោះ ។ ( រ័សុល អិម ណិលសុន « Repentance and Conversion » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០២ )
មេរៀនបន្ទាប់នឹងផ្តោតទៅលើការប្រែចិត្ត និងរបៀបដែលយើងអាចយកឈ្នះលើឧបសគ្គណាមួយដែលយើងប្រឈមនឹងការប្រែចិត្តរបស់យើងបាន ។
សូមចំណាយពេលដើម្បីសញ្ជឹងគិតដោយស្មោះអំពីរបៀបដែលការយល់ដឹងកាន់តែប្រសើរឡើងអំពីព្រះអម្ចាស់អាចនឹងជួយអ្នកបាននៅពេលដែលអ្នកបានប្រព្រឹត្តអំពើបាប ។ សូមសរសេរនូវអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍ថា មានអត្ថន័យបំផុតសម្រាប់អ្នក និងហេតុផល ។ សូមគិតអំពីរបៀបដែលការយល់ដឹងកាន់តែច្បាស់អំពីសេចក្ដីមេត្តាករុណា និងការអភ័យទោសរបស់ព្រះអម្ចាស់ និងការប្រែចិត្តជាញឹកញាប់អាចនឹងនាំមកនូវសេចក្ដីសុខសាន្តកាន់តែច្រើនដល់ជីវិតរបស់អ្នក ។
សូមពិចារណាចែកចាយនូវអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះជាមួយមនុស្សដែលអ្នកស្រឡាញ់ ។