« ហេលេមិន ១៣ ផ្នែកទី ២ ៖ ‹ ប្រែចិត្ត ហើយបានសង្គ្រោះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ១៣ ផ្នែកទី ២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ១៣ ផ្នែកទី ២
« ប្រែចិត្ត ហើយបានសង្គ្រោះ »
តើអ្នកគិតថាមនុស្សភាគច្រើនគិតថាការប្រែចិត្តគឺជាអំណោយទានមកពីព្រះ ឬជាការដាក់ទណ្ឌកម្ម ? ហេតុអ្វី ? សាំយូអែលជាសាសន៍លេមិនមានក្តីស្រឡាញ់យ៉ាងខ្លាំងសូម្បីតែចំពោះពួកសាសន៍នីហ្វៃដ៏ទុច្ចរិតក៏ដោយ រហូតដល់លោកបានប្រថុយជីវិតលោកដើម្បីបង្រៀនពួកគេថា ការប្រែចិត្តគឺជាអំណោយទានមកពីព្រះយេស៊ូវគ្រីស្ទដែលនាំទៅរកសុភមង្គល និងការសង្គ្រោះ ។ មេរៀននេះមានគោលបំណងដើម្បីជួយអ្នកឲ្យយកឈ្នះលើឧបសគ្គណាមួយដើម្បីធ្វើការប្រែចិត្ត ។
ផ្លូវត្រឹមត្រូវ
សូមស្រមៃថាមានមិត្តភក្តិមួយចំនួនកំពុងព្យាយាមស្វែងរកបឹងនៅលើភ្នំដ៏ខ្ពស់មួយដែលពួកគេធ្លាប់បានឮ ប៉ុន្តែមិនដែលបានទៅលេងឡើយ ។ នៅពេលពួកគេធ្វើដំណើរឆ្លងកាត់ព្រៃនោះ ពួកគេបានជួបបុរសម្នាក់ដែលនិយាយថា គាត់បានរស់នៅតំបន់នោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ បុរសរូបនោះព្រមានប្រាប់ពួកគេថា ផ្លូវដែលពួកគេដើរមិនមែនជាផ្លូវទៅកាន់បឹងនោះទេ ហើយវាគឺជាកន្លែងដែលមានគ្រោះថ្នាក់ ។ បុរសរូបនោះបានផ្ដល់យោបល់ឲ្យងាកក្រោយ ហើយដើរថយក្រោយតាមដានចាស់ទៅកាន់ផ្លូវផ្សេងដែលនឹងនាំពួកគេទៅដល់ទីនោះដោយសុវត្ថិភាព ។
-
តើមានហេតុផលអ្វីខ្លះដែលមិត្តភក្តិទាំងនេះអាចមិនស្តាប់តាមបុរសរូបនោះ ?
ដូចជាបុរសនៅក្នុងដំណើររឿងនេះដែរ ពេលខ្លះពួកព្យាការីអាចនឹងព្រមានយើងអំពីជម្រើសដែលនឹងមិននាំឲ្យយើងទទួលបានសុភមង្គល ការរីកចម្រើន និងការវិលត្រឡប់ទៅកាន់ព្រះបិតាសួគ៌វិញឡើយ ។ ពួកលោកអាចនឹងជំរុញយើងឲ្យប្រែចិត្ត ហើយផ្លាស់ប្តូរជីវិតរបស់យើង ។
-
តើមានហេតុផលអ្វីខ្លះដែលយើងមិនអាចប្រែចិត្តបាន ?
នៅក្នុងមេរៀនមុន តាមរយៈការបង្រៀនរបស់សាំយូអែលជាសាសន៍លេមិន ទៅកាន់ពួកសាសន៍នីហ្វៃ អ្នកប្រហែលជាបានរៀនថា ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណាព្រមានប្រាប់មនុស្សអំពីលទ្ធផលនៃអំពើបាប និងអភ័យទោសដល់អ្នកដែលបានប្រែចិត្ត ។ ទោះជាយ៉ាងណា សូម្បីតែនៅពេលយើងយល់អំពីសេចក្ដីពិតនេះហើយក៏ដោយ ក៏យើងមិនតែងតែប្រែចិត្តជានិច្ចនោះឡើយ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកជំនួយមកពីព្រះអម្ចាស់ ដើម្បីដឹងអំពីរបៀបយកឈ្នះលើឧបសគ្គទាំងឡាយដែលរារាំងអ្នកមិនឲ្យធ្វើការប្រែចិត្ត ។
លទ្ធផលនៃការប្រព្រឹត្តអំពើបាប
សូមអាន ហេលេមិន ១៣:២១–២៣ ដោយការរកមើលឥរិយាបថ និងសកម្មភាពមួយចំនួនដែលសាំយូអែល បាននិយាយថា មនុស្សត្រូវការ ដើម្បីប្រែចិត្ត ។ វាអាចមានអត្ថប្រយោជន៍ដើម្បីដឹងថា បណ្ណាសា « នាំឲ្យមានការជំនុំជម្រះ និងវិបាកពីការជំនុំជម្រះទាំងឡាយមកលើជន ឬរាស្ត្រណាមួយ ដោយព្រោះតែអំពើឥតសុចរិត ជាហេតុទីមួយ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « បណ្ដាសា, បណ្ដាសាទាំងឡាយ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
ជាការបន្ថែមពីលើទ្រព្យសម្បត្តិ តើមានអ្វីផ្សេងទៀតដែលយើងអាចនឹងត្រូវបានល្បួងឲ្យ « ភ្ជាប់ចិត្ត [ របស់យើង ] ទៅលើ » និង « នឹករឭក » ជាងព្រះអម្ចាស់ ?
នៅក្នុង ខទី ២៤–៣០ សាំយូអែលក៏បានព្រមានដល់ប្រជាជនអំពីកាលដែលពួកគេបានបដិសេធពួកព្យាការីទាំងឡាយផងដែរ ។
សូមអាន ហេលេមិន ១៣:៣១–៣៨ ហើយសូមបញ្ចប់គោលការណ៍ខាងក្រោមតាមពាក្យពេចន៍ផ្ទាល់ខ្លួនរបស់អ្នក ៖ បើយើងចេះតែបដិសេធនូវការអំពាវនាវរបស់ព្យាការីឲ្យប្រែចិត្តរហូត …
សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកយល់អំពីគោលការណ៍ និងបទពិសោធន៍ដែលអ្នកធ្លាប់មាន ឬបានឃើញដែលបញ្ជាក់ថា វាជាការពិត ។
អំណោយទានមកពីព្រះ
ដូចដែលសាំយូអែលបានថ្លែងទីបន្ទាល់ទៅកាន់ពួកសាសន៍នីហ្វៃថា ៖ « គ្មានអ្វីអាចជួយសង្គ្រោះ [ យើង ] …បានឡើយ លើកលែងតែការប្រែចិត្ត និងសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ » ( ហេលេមិន ១៣:៦ ) ។ ដោយសារតែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះសម្រាប់យើង « បើសិនជា [ យើង ] នឹងប្រែចិត្ត ហើយត្រឡប់មករកព្រះអម្ចាស់ [ របស់យើង ] ជាព្រះរបស់អ្នកវិញ នោះ [ ទ្រង់ ] នឹងដកសេចក្ដីពិរោធ របស់ [ ទ្រង់ ] » ( ហេលេមិន ១៣:១១ ) ។
នៅពេលអ្នកអានសេចក្តីថ្លែងការណ៍ខាងក្រោមដែលប្រធាន រ័សុល អិម ណិលសុន បានថ្លែង សូមរកមើលសេចក្ដីពិតដែលលោកបានបង្រៀន ដែលអាចជួយយើងយកឈ្នះលើឧបសគ្គនៃការប្រែចិត្ត ។
មានមនុស្សច្រើនណាស់គិតថា ការប្រែចិត្តជាទណ្ឌកម្ម—ជាអ្វីមួយដែលត្រូវចៀសវាង លើកលែងតែនៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ។ ប៉ុន្តែអារម្មណ៍នៃការដាក់ទណ្ឌកម្មនេះ គឺបណ្ដាលមកពីសាតាំង ។ វាព្យាយាមរារាំងយើងពីការមើលឆ្ពោះទៅព្រះយេស៊ូវគ្រីស្ទ ដែលគង់ចាំទាំងព្រះហស្តលាតលាដោយសង្ឃឹម ហើយមានព្រះឆន្ទៈដើម្បីព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើឲ្យបរិសុទ្ធ និងញែកយើងជាបរិសុទ្ធ ។ …
គ្មានអ្វីដែលមានសេរីភាព ប្រពៃ ឬសំខាន់ចំពោះការរីកចម្រើនរបស់យើងម្នាក់ៗជាងការផ្ដោតទៅលើការប្រែចិត្តជាទៀងទាត់ និងប្រចាំថ្ងៃនោះទេ ។ ការប្រែចិត្តមិនមែនជាព្រឹត្តិការណ៍មួយនោះទេ តែវាគឺជាដំណើរការមួយ ។ វាគឺជាគន្លឹះឆ្ពោះទៅកាន់សុភមង្គល និងភាពសុខសាន្ដនៅ ក្នុងគំនិត ។ នៅពេលផ្គួបផ្សំជាមួយនឹងសេចក្ដីជំនឿ នោះការប្រែចិត្តបើកច្រកទ្វារទៅកាន់ព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ …
នៅពេលយើងជ្រើសរើសប្រែចិត្ត នោះយើងជ្រើសរើសផ្លាស់ប្ដូរ ! យើងអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះផ្លាស់ប្រែយើងទៅជាមនុស្សថ្មីដ៏ល្អបំផុត ។ យើងជ្រើសរើសរីកចម្រើនខាងវិញ្ញាណ ហើយទទួលបានអំណរ—ជាអំណរនៃការប្រោសលោះនៅក្នុងទ្រង់ ។ នៅពេលយើងជ្រើសរើសដើម្បីប្រែចិត្ត នោះយើងជ្រើសរើសដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ! ( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ )
ការប្រែចិត្ត
ការប្រែចិត្តអាចមានឧបសគ្គបន្ថែម ដែលប្រធាន ណិលសុន មិនបានថ្លែង ឬយើងអាចនឹងត្រូវការជំនួយ ឬចម្លើយបន្ថែមទៀត ។ សូមចំណាយពេលពីរបីនាទីដើម្បីសិក្សាអំពីអំណោយទាននៃការប្រែចិត្ត ដោយការរកមើលចម្លើយចំពោះសំណួរដែលអ្នកអាចនឹងមាន ឬសម្រាប់សេចក្ដីពិតដែលអាចជួយអ្នកឲ្យយកឈ្នះលើឧបសគ្គដែលអ្នកប្រឈមមុខទៅនឹងការប្រែចិត្ត ។ ធនធានដែលអាចនឹងជួយអ្នកមានជាអាទិ៍៖ « ប្រែចិត្ត, ការប្រែចិត្ត » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការប្រែចិត្ត » នៅក្នុង Bible Dictionary និង « ព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នក » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( កូនសៀវភៅឆ្នាំ ២០២២ ) ។
សូមអានការអញ្ជើញមកពីប្រធាន ណិលសុន ដូចខាងក្រោម ។
សូមព្យាយាមយល់អំពីអ្វីដែលរារាំងផ្លូវនៃការប្រែចិត្តប្រកបដោយការអធិស្ឋាន ។ សូមកត់សម្គាល់ អំពីអ្វីដែល បញ្ឈប់ បងប្អូនមិនឲ្យប្រែចិត្ត ។ បន្ទាប់ មក សូមផ្លាស់ប្ដូរ ! ចូរប្រែចិត្ត ! យើងទាំងអស់គ្នាអាចធ្វើបានល្អប្រសើរ ហើយជាមនុស្សល្អប្រសើរជាងពីមុន ។ ( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨ )
សូមចំណាយពេលខ្លះដើម្បីសញ្ជឹងគិត និងអធិស្ឋាន ហើយសរសេរនូវអ្វីដែលអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ចង់ឲ្យអ្នកធ្វើដើម្បីប្រែចិត្ត ។