« នីហ្វៃទី៣ ១១:១–១១ ៖ ‹ យើងគឺព្រះយេស៊ូវគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ១១:១–១១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ១១:១–១១
« យើងគឺព្រះយេស៊ូវគ្រីស្ទ »
ខណៈពេលដែលពួកសាសន៍នីហ្វៃប្រមូលផ្តុំនៅជុំវិញព្រះវិហារបរិសុទ្ធនិយាយអំពីសញ្ញានៃការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្គ្រោះ « យាងចុះមកឈរនៅកណ្ដាលពួកគេ » ( នីហ្វៃទី៣ ១១:៨ ) ។ ទ្រង់បានបង្រៀនពួកគេអំពីបេសកកម្មរបស់ទ្រង់ និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើសម្រាប់ពួកគេ ។ មេរៀននេះអាចជួយឲ្យបង្កើនសេចក្តីស្រឡាញ់ និងការដឹងគុណរបស់អ្នកកាន់តែខ្លាំងថែមទៀតចំពោះព្រះយេស៊ូវគ្រីស្ទ ដោយសារទ្រង់គឺជានរណា និងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។
មើលឆ្ពោះទៅមុខ
-
តើពេលណាដែលអ្នកបានទន្ទឹងរង់ចាំអ្វីមួយយ៉ាងខ្លាំងដែលធ្វើឲ្យអ្នកស្ទើរតែមិនអាចរង់ចាំសម្រាប់ឲ្យវាកើតឡើងបាន ? តើអ្នកអាចរង់ចាំបានយូរប៉ុណ្ណាដែរ ? នៅទីបំផុតតើវាមានលក្ខណៈបែបណានៅពេលបានដកពិសោធន៍វា ?
នៅក្នុងព្រះគម្ពីរមរមន យើងរៀនមកថា ព្រឹត្តិការណ៍មួយដែលពួកសាសន៍នីហ្វៃទន្ទឹងរង់ចាំអស់ជាច្រើនជំនាន់មកហើយ គឺជាការយាងមកនៃព្រះរាជបុត្រានៃព្រះមកកាន់ផែនដី ។ ចាប់តាំងពីពេលដែលលីហៃ និងសារ៉ាយបាននាំកូនរបស់ពួកលោកទៅកាន់ទីរហោស្ថាននៅក្រៅក្រុងយេរូសាឡិម ពួកលោកបានដឹងថា នៅក្នុងរយៈពេល ៦០០ ឆ្នាំទៀត ព្រះនឹងចាត់ព្រះរាជបុត្រារបស់ទ្រង់ដែលជា « ព្រះអង្គសង្គ្រោះនៃពិភពលោក » ( នីហ្វៃទី១ ១០:៤ ) ។
ពួកគេក៏បានយល់ដែរផងដែរថា នៅថ្ងៃណាមួយព្រះយេស៊ូវគ្រីស្ទនឹងយាងមកនៅក្នុងចំណោមពួកសាសន៍នីហ្វៃនៅក្នុងដែនដីសន្យា ( សូមមើល នីហ្វៃទី១ ១២:៦; នីហ្វៃទី២ ២៦:១; អាលម៉ា ៤៥:៩–១០ ) ។ នៅក្នុង នីហ្វៃទី៣ ១១ យើងអាចអានអំពីទិដ្ឋភាពនៃការរង់ចាំជាយូរមកហើយនេះបាន ។
មិនមែនប្រជាជនគ្រប់គ្នានៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនទាំងអស់មានការយល់ដឹងបានត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទនោះទេ ។ ដូចគ្នានេះដែរ បច្ចុប្បន្ននេះប្រជាជនមានការយល់ដឹងខុសអំពីព្រះយេស៊ូវគ្រីស្ទ ហើយអ្នកខ្លះថែមទាំងបដិសេធអំពីវត្តមានរបស់ទ្រង់ថែមទៀតផង ។ អ្នកខ្លះជឿថាព្រះយេស៊ូវគឺជាអ្នកដឹកនាំដ៏អស្ចារ្យ ប៉ុន្តែមិនព្រមទទួលស្គាល់ទ្រង់ថាជាព្រះរាជបុត្រានៃព្រះទេ ។
-
តើហេតុអ្វីបានជាអ្នកគិតថាវាមានសារៈសំខាន់សម្រាប់ពួកយើងនៅក្នុងការយល់ដឹងឲ្យបានត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទជានរណានោះ ?
-
តើមានអ្វីខ្លះដែលអាចជួយយើងឲ្យយល់ដឹងកាន់តែច្បាស់ថាព្រះយេស៊ូវគ្រីស្ទជានរណា ហើយតើទ្រង់បានធ្វើអ្វីខ្លះសម្រាប់ពួកយើង ?
នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់ពួកសាសន៍នីហ្វៃ ទាំងព្រះអង្គ និងព្រះវរបិតាសួគ៌បានធ្វើសេចក្តីប្រកាសសំខាន់ៗអំពីទ្រង់ថាជានរណា ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមយកចិត្តទុកដាក់លើអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់ឲ្យអ្នកដឹងថា ព្រះអង្គសង្រ្គោះជានរណា ហើយមានអ្វីខ្លះដែលទ្រង់បានធ្វើសម្រាប់អ្នក ។
នៅក្នុងមេរៀនពីមុន អ្នកប្រហែលជាបានចាប់ផ្តើមបង្កើតបញ្ជីអំពីអ្វីៗដែលអ្នកកំពុងរៀនអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងការសិក្សារបស់អ្នកនៅក្នុងនីហ្វៃទីបី ។ ប្រសិនបើអ្នកមិនទាន់បានចាប់ផ្តើមបង្កើតបញ្ជីមួយទេ សូមចាប់ផ្តើមបង្កើតបញ្ជីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយដាក់បញ្ចូលវាទៅក្នុងមេរៀនទាំងមូល ។
ព្រះយេស៊ូវគ្រីស្ទបង្ហាញព្រះកាយដល់ពួកសាសន៍នីហ្វៃ
សូមអាន នីហ្វៃទី៣ ១១:១–១១ ដោយស្វែងរកសេចក្តីលម្អិតអំពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទទៅដល់ប្រជាជនមួយក្រុមដែលបានប្រមូលផ្តុំគ្នានៅព្រះវិហារបរិសុទ្ធនៅក្នុងដែនដីបរិបូរណ៍ ។ អ្នកក៏អាចមើលនៅ « Jesus Christ Appears in the Ancient Americas » ចាប់ពី នាទីទី ១១:១៩–១៣:២៩ ។ វីដេអូនេះអាចរកមើលបាននៅគេហទំព័រ ChurchofJesusChrist.org ។
-
តើមានអ្វីខ្លះដែលអ្នកចាប់អារម្មណ៍ចេញមកពីការសិក្សារបស់អ្នកអំពីខគម្ពីរទាំងនេះ ?
-
ប្រសិនបើអ្នកមានវត្តមាននៅទីនោះ តើមានពាក្យអ្វីខ្លះដែលអ្នកនឹងប្រើដើម្បីពិពណ៌នាអំពីអ្វីដែលអ្នកកំពុងគិត ឬកំពុងមានអារម្មណ៍ ? ហេតុអ្វី ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាអំពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានប្រាប់ដល់ប្រជាជនតាមរបៀបនេះ ៖
ការបង្ហាញព្រះកាយនោះ និងការប្រកាសនោះបានបង្កើតជាចំណុចប្រសព្វដ៏សំខាន់ ជាគ្រាដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្ររទាំងមូល នៃព្រះគម្ពីរ មរមន ។ …
មនុស្សគ្រប់គ្នា បាននិយាយអំពីទ្រង់ ច្រៀងអំពីទ្រង់ សុបិន្តអំពីទ្រង់ និងអធិស្ឋានសម្រាប់ការបង្ហាញព្រះកាយរបស់ទ្រង់—ប៉ុន្តែពេលនេះ ទ្រង់ពិតជានៅទីនេះពិតមែន ។ ថ្ងៃនេះ ពិតជាវិសេសណាស់ ! ព្រះដែលធ្វើឲ្យរាល់យប់ដ៏ងងឹតឲ្យទៅជាពន្លឺនាពេលព្រឹក បានយាងមកដល់ហើយ ។ ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant ៖ The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥០–២៥១ )
ព្រះបន្ទូលដំបូងរបស់ព្រះយេស៊ូវគ្រីស្ទដែលបានមានព្រះបន្ទូលទៅកាន់ពួកសាសន៍នីហ្វៃ ដើម្បីជួយដល់ពួកយើងឲ្យយល់ថា ទ្រង់ជានរណា និងអ្វីខ្លះដែលទ្រង់បានធ្វើសម្រាប់យើង ។
សូមអាន នីហ្វៃទី៣ ១១:១០–១១ ម្តងទៀត សូមយកចិត្តទុកដាក់ទៅលើពាក្យ និងឃ្លាដែលព្រះយេស៊ូវគ្រីស្ទបានប្រើដើម្បីពិពណ៌នាអំពីទ្រង់ផ្ទាល់ និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើង ។ សូមប្រាកដថា បន្ថែមសេចក្តីពិតទាំងនេះចូលទៅនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ។
ព្រះយេស៊ូវគ្រីស្ទធ្វើតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌
សេចក្ដីពិតមួយដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះគឺ ថា ព្រះយេស៊ូវគ្រីស្ទបានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ដោយទទួលយកអំពើបាបនៃពិភពលោកមកដាក់លើព្រះអង្គផ្ទាល់ ។
យើងអាចយល់ដឹងបានកាន់តែស៊ីជម្រៅអំពីសេចក្ដីពិតនេះ តាមរយៈការពិនិត្យមើលឲ្យបានកាន់តែដិតដល់ទៅលើឃ្លាដែលព្រះយេស៊ូវគ្រីស្ទបានប្រើដើម្បីពិពណ៌នាអំពីអ្វីដែលទ្រង់បានធ្វើ ។ ចម្លងឃ្លាខាងក្រោមមកពី នីហ្វៃទី៣ ១១:១១ ដាក់ចូលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកដោយទុកចន្លោះដែលនៅជាប់ ឬខាងក្រោមសម្រាប់សរសេរ ។
-
ហើយយើងបានផឹកនូវពែងល្វីងដែលព្រះវរបិតាបានប្រគល់ដល់យើង ។
-
[ យើង ] ហើយបានតម្កើងព្រះវរបិតាដោយបានទទួលមកដាក់លើខ្លួននូវបាបទាំងឡាយនៃមនុស្សលោក ។
-
យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក ។
សូមសិក្សាយ៉ាងហោចណាស់ឯកសារយោងចំនួនបីខាងក្រោម ដោយស្វែងរកមើលការបង្រៀនដែលអាចជួយបង្កើនការយល់ដឹងរបស់អ្នកអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង ។ សូមសរសេរចុះនៅជាប់ទៅនឹងឃ្លាដែលបទគម្ពីរបានជួយដល់អ្នក និងចំណុចអ្វីខ្លះដែលអ្នកបានរៀន ។