« មរ៉ូណៃ ៧:២០–៤៣ ៖ ‹ ស្វែងរកសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ៧:២០–៤៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ៧:២០–៤៣
ស្វែងរកសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ
តើអ្នកធ្លាប់ត្រូវការឲ្យមានក្តីសង្ឃឹមច្រើនទៀតក្នុងជីវិតរបស់អ្នកដែរឬទេ ? មរ៉ូណៃ បានធ្វើដំណើរដោយគ្មានគោលដៅជាក់លាក់តែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីប្រជាជនរបស់លោកត្រូវបានបំផ្លាញ ក្នុងអំឡុងពេលនោះ លោកបានកត់ត្រាពាក្យរបស់ឪពុកលោកអំពីសេចក្តីសង្ឃឹមដែលយើងអាចមានក្នុងព្រះគ្រីស្ទអំពីអ្វីដែលអស្ចារ្យជាងនេះនៅពេលអនាគត ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ថា មានសេចក្ដីសង្ឃឹមកើនឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ ។
នៅក្នុងគម្ពីរ មរ៉ូណៃ ៧ មរមនបាននិយាយថាលោកចង់ជួយដល់ប្រជាជនរបស់លោកឲ្យដឹងអំពីរបៀប ដែលពួកគេអាច « ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » ( ខទី ២១ ) ។
-
នៅពេលដែលមរមនបានប្រើឃ្លា « អ្វីៗដែលល្អ » តើអ្នកគិតថា លោកចង់សំដៅទៅលើអ្វី?
-
តើអ្វីខ្លះជា « អ្វីៗដែលល្អ » ខាងវិញ្ញាណ និងអស់កល្បជានិច្ចដែលអ្នកចង់ក្តាប់ជាប់ ឬទទួលយកនៅក្នុងជីវិតនេះ ឬជីវិតបន្ទាប់ពីនេះ ?
អ្នកប្រហែលជាចងចាំថា នៅក្នុងគម្ពីរ មរ៉ូណៃ ៧:១២–១៩ មរមនបានបង្រៀនថា គ្រប់ទាំងអ្វីៗដែលល្អកើតចេញពីព្រះយេស៊ូវគ្រីស្ទ ។ សូមអាន មរ៉ូណៃ ៧:២០–២៦ ដោយរកមើលអ្វីដែលមរមនបានបង្រៀនអំពីរបៀបទទួលយកអ្វីៗដែលល្អទាំងនេះមកពីព្រះគ្រីស្ទ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើដំណើររឿងអ្វីខ្លះដែលអ្នកអាចគិតអំពីការដែលព្រះវរបិតាសួគ៌បានបញ្ជូនទេវតាមកប្រកាសថាព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ?
អត្ថន័យនៃសេចក្តីសង្ឃឹម
ដើម្បីជួយដល់អ្នកក្នុងការរៀបចំរៀនបន្ថែមទៀតអំពីការបង្រៀនរបស់មរមនទាក់ទងទៅនឹងសេចក្តីសង្ឃឹម សូមអានដំណើររឿងនេះមកពី អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ៖
មុនដល់ខួបអាយុ ១២ ឆ្នាំរបស់ខ្ញុំ គ្រួសារយើងត្រូវបង្ខំឲ្យចាកចេញពីផ្ទះពីរដង ហើយចាប់ផ្ដើមជីវិតឡើងវិញក្នុងភាពចលាចល ការភ័យខ្លាច និងភាពមិនប្រាកដប្រជា ដែលបណ្ដាលមកពីសង្គ្រាម និងការបែងចែកខាងនយោបាយ ។ ជាពេលដ៏អន្ទះសាមួយសម្រាប់ខ្ញុំ ប៉ុន្ដែវាគួរឲ្យតក់ស្លុតសម្រាប់ឪពុកម្ដាយជាទីស្រឡាញ់របស់ខ្ញុំ ។ …
ពេលដ៏សោកសៅបន្ទាប់ពីសង្គ្រាមលោកលើកទីពីរនេះ វាជះឥទ្ធិពលយ៉ាងខ្លាំងលើពិភពលោក ។ វាមានឥទ្ធិពលលើខ្ញុំ ។
នៅគ្រានោះ ជាគ្រាដ៏ឯកោបំផុតរបស់ខ្ញុំ ជារឿយៗខ្ញុំឆ្ងល់ថា « តើនៅមានសល់ក្ដីសង្ឃឹមខ្លះទេនៅលើពិភពលោកនេះ ? » ( ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះនៅក្នុងចំណោមពួកយើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨ )
-
តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យមនុស្សមានអារម្មណ៍ថា ខ្វះសេចក្ដីសង្ឃឹមនៅសម័យបច្ចុប្បន្ននេះ ?
អែលឌើរ អុជដូហ្វ បានរំឭកថា « ខណៈដែលពិភពលោកបានលិចលង់ក្នុងទុទិដ្ឋិនិយម ភាពល្វីងជូរចត់ ការស្អប់គ្នា និងភាពភ័យខ្លាច » លោកបានរកឃើញអ្វីមួយដែល « បានផ្ដល់សេចក្ដីសង្ឃឹមដល់ [ លោក ] » ( « ព្រះនៅក្នុងចំណោមពួកយើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨ ) ។
តើអ្នកកំពុងតែខ្វះសេចក្តីសង្ឃឹមក្នុងជីវិតរបស់អ្នកមែនទេ ? សូមគិតអំពីអ្វីដែលអាចនាំសេចក្តីសង្ឃឹមដល់អ្នកនៅក្នុងស្ថានភាពលំបាកបំផុតនេះ ។ នៅពេលដែលអ្នកបន្តសិក្សាមេរៀននេះ សូមស្វែងរកសេចក្តីពិតដែលអាចជួយដល់អ្នកអាចបំពេញដោយក្តីសង្ឃឹម ។
មរមនបង្រៀនអំពីសេចក្តីសង្ឃឹម
សូមអាន មរ៉ូណៃ ៧:៤០–៤៤ ដោយរកមើលអំពីរបៀបដែលសេចក្តីជំនឿរបស់យើងចំពោះព្រះយេស៊ូវគ្រីស្ទទាក់ទងទៅនឹងសេចក្តីសង្ឃឹម ។
-
តើអ្នកនឹងសង្ខេប ខទី ៤១ ដោយពាក្យផ្ទាល់ខ្លួនរបស់អ្នកដោយរបៀបណា ?
សេចក្តីពិតចេញពីការបង្រៀនរបស់មរមន
សេចក្តីពិតមួយដែលយើងអាចរៀនបានមកពីមរមន គឺប្រសិនបើយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចមានសេចក្តីសង្ឃឹមតាមរយៈដង្វាយធួនរបស់ទ្រង់ ដើម្បីបានប្រោសឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច ។
-
តើអ្នកគិតថា ការមានសេចក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទមានន័យដូចម្ដេច ?
-
តើហេតុអ្វីបានជាយើងត្រូវបន្ទាបខ្លួន ឬ « ស្លូតបូត ហើយសុភាពរាបសា » ( មរ៉ូណៃ ៧:៤៣ ) ដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយមានសេចក្ដីសង្ឃឹម ?
ដើម្បីមើលឃើញគំរូរបស់នរណាម្នាក់ដែលបានរកឃើញសេចក្ដីសង្ឃឹមតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ សូមពិនិត្យមើលដំណើររឿងមួយក្នុងដំណើររឿងដូចខាងក្រោម ។ នៅខណៈពេលដែលអ្នកពិនិត្យមើល សូមរកមើលអំពីរបៀបដែលបុគ្គលនោះទទួលបានបទពិសោធន៍តាមរយៈព្រះយេស៊ូវគ្រីស្ទ ។
-
សូមអាន អាលម៉ា ២២:១២–១៨ ដែលជាសាច់រឿងរបស់បិតារបស់ស្តេចឡាម៉ូណៃ ។
-
សូមអាន អាលម៉ា ៣៦:១២–២១ ឬមើល«°អាលម៉ាធ្វើទីបន្ទាល់ទៅកាន់កូនប្រុសលោកគឺ ហេលេមិន°» មាននៅគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១:៣០ ដល់ ២:៣២°។
-
មើល «°Finding Hope through the Resurrection of Christ°» (°៤:៤១°) មាននៅគេហទំព័រ ChurchofJesusChrist.org°។
-
មើល «°The Master Healer°» មាននៅលើគេហទំព័រ ChurchofJesusChrist.orgចាប់ពីនាទីទី ១១:៥៣°។
វាមានសារៈសំខាន់ក្នុងការកត់សម្គាល់ថា សូម្បីតែនៅពេលដែលយើងបង្ហាញសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយមានសេចក្តីសង្ឃឹមចំពោះពរជ័យ ដែលទ្រង់ប្រទានមកនោះ យើងប្រហែលជានៅមានពេលវេលាដែលជួបការលំបាក និងការព្យាយាមនៅក្នុងជីវិតរបស់យើងផងដែរ ។ ប៉ុន្តែ នៅពេលដែលយើងបន្តអនុវត្តសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ ហើយផ្តោតលើទ្រង់ និងផ្តោតលើជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះអង្គសង្រ្គោះប្រទានដល់ពួកយើង នោះយើងនឹងទទួលបានសេចក្តីសង្ឃឹម ដែលយើងស្វែងរកមកនេះ ។