« មរ៉ូណៃ ៧:១–១៩ ៖ ‹ ស្វែងរកដោយឧស្សាហ៍នៅក្នុងពន្លឺនៃព្រះគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ៧:១–១៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ៧:១–១៩
« ស្វែងរកដោយឧស្សាហ៍នៅក្នុងពន្លឺនៃព្រះគ្រីស្ទ »
ពេលខ្លះ វាអាចមានការលំបាកក្នុងការដឹងអ្វីដែលត្រឹមត្រូវ និងអ្វីដែលមិនត្រូវ ។ ទោះជាយ៉ាងណា ព្រះបានប្រទានជំនួយសម្រាប់ពួកយើង ។ មរ៉ូណៃ ប្រើប្រាស់ពាក្យរបស់ឪពុករបស់លោក ដែលបានលើកទឹកចិត្តពួកយើងឲ្យប្រើពន្លឺនៃព្រះគ្រីស្ទ ដើម្បីដឹងខុសត្រូវ ។ មេរៀននេះអាចជួយអ្នកឲ្យពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទដើម្បីវិនិច្ឆ័យរវាងសេចក្តីល្អ និងសេចក្តីអាក្រក់ ។
តើប្រអប់មួយណាស្រាលជាង ?
សូមមើលរូបភាពខាងក្រោម ហើយកំណត់ថា តើប្រអប់ពណ៌ប្រផេះទាំងពីរមួយណាជាប្រអប់ដែលមានស្រមោលស្រាលជាង ។
តើវាធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើលទេ ដែលដឹងថា ប្រអប់ពណ៌ប្រផេះទាំងពីរមានស្រមោលដូចគ្នា ? ខួរក្បាលរបស់អ្នកធ្វើឲ្យអ្នកយល់ឃើញថា ប្រអប់ពណ៌ប្រផេះពីរមានស្រមោលផ្សេងគ្នាដោយសារតែពន្លឺ ឬពណ៌ងងឹតជុំវិញប្រអប់ទាំងនោះ ។
ដូចជារូបភាពបំភាន់នេះ អាចមានស្ថានភាពដែលពិបាកក្នុងការវិនិច្ឆ័យឲ្យបានត្រឹមត្រូវ ។ អេសាយបានព្យាករណ៍ថា នៅថ្ងៃចុងក្រោយ មនុស្សមួយចំនួននឹង « រាប់សេចក្តីអាក្រក់ថាជាល្អ ហើយសេចក្តីល្អថាជាអាក្រក់វិញ [ ហើយ ] យកសេចក្តីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត » ( អេសាយ ៥:២០; សូមមើល នីហ្វៃទី២ ១៥:២០ ផងដែរ) ។
សូមពិចារណាដូចខាងក្រោម ៖
-
តើអ្នកកំណត់ដោយរបៀបណា ថាអ្វីមួយត្រូវ ឬខុសនោះ ?
-
តើអ្នកមានទំនុកចិត្តកម្រិតណាថា អ្នកអាចស្គាល់សេចក្តីល្អ និងសេចក្តីអាក្រក់ ? ហេតុអ្វី ?
សូមគិតអំពីអ្វីមួយដែលអ្នកចង់បែងចែកឲ្យបានកាន់តែច្បាស់អំពីសេចក្តីល្អ ឬសេចក្តីអាក្រក់ ។ ឧទាហរណ៍ នរណាម្នាក់អាចគិតថា ជម្រើសនៃការស្តាប់តន្ត្រីរបស់ពួកគេគឺល្អ ប៉ុន្តែឪពុកម្តាយរបស់ពួកគេ ប្រហែលជាមិនយល់ស្របអ៊ីចឹងនោះទេ ។ តើបុគ្គលណាត្រូវ ? ឧទាហរណ៍ផ្សេងទៀតអាចជាការសម្រេចចិត្តថា តើត្រូវប្រកាន់ជំហរមួយណាចំពោះបញ្ហាសង្គម ដោយជ្រើសរើសអ្នកណាដែលត្រូវធ្វើជាមិត្តជាមួយ ចូលរួមការធ្វើអ្វីមួយជាការកំសាន្ត ជាដើម ។
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលអ្វីដែលអាចជួយអ្នកឲ្យដឹងថា អ្វីមួយដែលល្អ ឬមិនល្អ ។
ភាពខុសគ្នារវាងសេចក្តីល្អ និងសេចក្តីអាក្រក់
ដូចអេសាយ មរ៉ូណៃក៏បានមើលឃើញពីជំនាន់របស់យើងផងដែរ ( សូមមើល មរមន ៨:៣៥ ) ។ ទ្រង់បានបញ្ចូលជំនួយសម្រាប់ពួកយើងនៅក្នុងព្រះគម្ពីរមរមន ។ បន្ទាប់ពីបានបង្រៀនអំពីសារៈសំខាន់នៃការធ្វើល្អដោយស្មោះអស់ពីចិត្ត ( សូមមើល មរ៉ូណៃ ៧:១–១១ ) លោកបានកត់ត្រាពាក្យដែលឪពុករបស់លោក គឺមរមន បានបង្រៀនដល់សមាជិកសាសនាចក្រអំពីការវិនិច្ឆ័យរវាងសេចក្តីល្អ និងសេចក្តីអាក្រក់ ។
សូមអាន មរ៉ូណៃ ៧:១២–១៧ ហើយពិចារណាគូសចំណាំអ្វី ដែលអ្នករកឃើញសម្រាប់ការជំរុញទឹកចិត្តនីមួយៗដូចខាងក្រោម ៖
-
របៀបដែលយើងអាចដឹងពីអ្វីមួយដែលជាសេចក្តីល្អ
-
របៀបដែលយើងអាចដឹងពីអ្វីមួយដែលជាសេចក្តីអាក្រក់
-
អ្វីដែលព្រះអង្គសង្គ្រោះធ្វើដើម្បីជួយដល់យើង
-
ផ្អែកលើអ្វីដែលអ្នកបានរកឃើញនៅក្នុងខគម្ពីរទាំងនេះ តើអ្នកសង្ខេបគោលការណ៍ដែលបានពិភាក្សាដោយរបៀបណា ?
ចេញពី មរ៉ូណៃ ៧:១២–១៧ យើងអាចរកឃើញថា អ្វីៗទាំងអស់ដែលជារបស់ព្រះអញ្ជើញយើងឲ្យធ្វើសេចក្តីល្អ ជឿលើព្រះយេស៊ូវគ្រីស្ទ ហើយស្រឡាញ់ និងបម្រើដល់ព្រះ ។ ផ្ទុយទៅវិញ សេចក្តីអាក្រក់បញ្ចុះបញ្ចូលពួកយើងឲ្យប្រព្រឹត្តអំពើបាប បដិសេធព្រះយេស៊ូវគ្រីស្ទ ឬប្រយុទ្ធប្រឆាំងនឹងព្រះ ។
ដើម្បីជួយអ្នកឲ្យយល់ពីការបង្រៀនរបស់មរមន ឧបមាថា បុគ្គលម្នាក់ជឿថា តន្ត្រីដែលពួកគេស្តាប់ និងវិធីដែលពួកគេប្រើប្រាស់ទូរសព្ទ និងបច្ចេកវិទ្យាផ្សេងទៀត គឺល្អ ប៉ុន្តែឪពុកម្តាយ ឬថ្នាក់ដឹកនាំរបស់ពួកគេ មិនយល់ស្របបែបនេះទេ ។
-
ផ្អែកលើសេចក្តីពិតដែលអ្នកបានស្គាល់ តើសំណួរអ្វីដែលបុគ្គលនេះអាចសួរខ្លួនឯងដើម្បីស្វែងយល់ថា តើការប្រើប្រាស់តន្ត្រី និងបច្ចេកវិទ្យារបស់ពួកគេ គឺល្អ ឬមិនល្អ ?
ទាំងនេះ គឺជាឧទាហរណ៍មួយចំនួន ៖
-
តើការស្តាប់តន្ត្រី ឬការប្រើប្រាស់ទូរសព្ទ និងបច្ចេកវិទ្យារបស់ខ្ញុំនេះ អាចធ្វើឲ្យខ្ញុំ…
-
… បំពេញនូវចិត្តគំនិតរបស់ខ្ញុំឲ្យធ្វើសេចក្តីល្អ ឬប្រព្រឹត្តនូវអំពើបាបដែរឬទេ ?
-
… លើកទឹកចិត្តខ្ញុំឲ្យធ្វើអ្វីក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទនឹងត្រូវធ្វើ ឬមិនត្រូវធ្វើដែរឬទេ ?
-
… ជួយខ្ញុំឲ្យស្រឡាញ់អ្វីដែលជារបស់ព្រះដែរឬទេ ?
-
សូមចំណាំថា អ្នកប្រហែលជាត្រូវគិតគូរពីតន្ត្រីករ ឬចម្រៀងខ្លះៗរៀងៗខ្លួន ព្រមទាំងគិតពីកម្មវិធី ល្បែង ឬប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ ។ បន្ថែមពីនេះទៀត ចំនួនម៉ោងដែលអ្នកចំណាយលើសកម្មភាពក៏អាចជាកត្តាសំខាន់ដែលត្រូវពិចារណាផងដែរ ។
ពន្លឺជួយឲ្យអ្នកមើលឃើញ
អ្នកប្រហែលជាបានសម្គាល់ឃើញថា ក្នុងស្ថានភាពខ្លះ វាអាចនឹងពិបាកវិនិច្ឆ័យរវាងត្រូវ ឬខុស ។
សូមគិតស្រមៃពីការព្យាយាមមើលឃើញ ឬវិនិច្ឆ័យនូវអ្វីមួយឲ្យបានយ៉ាងពេញលេញនៅកន្លែងងងឹត ។ បន្ទាប់មកគិតស្រមៃថា បើកភ្លើង ឬប្រើប្រាស់ពិល ។
ដោយគិតស្រមៃពីរូបភាពនេះក្នុងចិត្ត សូមកត់ចំណាំឃ្លានៅក្នុង ខទី ១៦ ដែលបង្ហាញអំពីរបៀបដែលព្រះអង្គសង្គ្រោះជួយដល់ពួកយើង ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមពីប្រធានហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ដើម្បីជួយដល់អ្នកឲ្យយល់អំពីពន្លឺនៃព្រះគ្រីស្ទ ៖
បុត្រគ្រប់រូបរបស់ព្រះវរបិតាសួគ៌ដែលកើតក្នុងពិភពលោកនេះត្រូវបានប្រទានអំណោយទានពិសេសមួយដោយឥតគិតថ្លៃ គឺពន្លឺនៃព្រះគ្រីស្ទ ។ អ្នកធ្លាប់មានអារម្មណ៍បែបនោះ ។ នេះគឺជាអំណោយពិសេសជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវ និងអ្វីខុស ហើយអ្វីដែលពិត និងអ្វីដែលមិនពិត ។ អ្នកមានអំណោយនេះចាប់តាំងពីអ្នកបានចាប់ផ្ដើមដំណើរជីវិតរបស់អ្នកមកម៉្លេះ …
… អ្នកធ្វើការជ្រើសរើសជារៀងរាល់ថ្ងៃ និងស្ទើរតែរៀងរាល់ម៉ោង ដែលធ្វើឲ្យអ្នកបន្តដើរនៅក្នុងពន្លឺ ឬដើរចេញពីពន្លឺឆ្ពោះទៅកាន់ភាពងងឹត ។ ( ហិនរី ប៊ី អាវរិង « Walk in the Light » Liahona ខែឧសភា ឆ្នាំ ២០០៨ ទំព័រ ១២៣–១២៤ )
-
តើអ្នកបានរៀនអ្វីខ្លះអំពីពន្លឺនៃព្រះគ្រីស្ទ ?
សម្រាប់ព័ត៌មានបន្ថែមទៀតអំពីពន្លឺនៃព្រះគ្រីស្ទ សូមមើល Gospel Topics «°Light of Christ°» topics.ChurchofJesusChrist.org°។
សូមអាន មរ៉ូណៃ ៧:១៨–១៩ ដោយស្វែងរកដំបូន្មានបន្ថែម ដែលមរមនបានផ្តល់អំពីការវិនិច្ឆ័យរវាងល្អ និងអាក្រក់ ។
-
តើអ្នកគិតថា « ស្វែងរកដោយឧស្សាហ៍នៅក្នុងពន្លឺនៃព្រះគ្រីស្ទ » មានន័យយ៉ាងដូចម្តេច ?
-
តើគំរូ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះអាចប្រៀបដូចជាពន្លឺមួយដើម្បីជួយដល់យើងឲ្យវិនិច្ឆ័យបានត្រឹមត្រូវរវាងត្រូវ និងខុសនៅថ្ងៃនេះយ៉ាងដូចម្ដេច ?
-
តើមានវិធីអ្វីខ្លះទៀតដែលយើងអាចស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយមានអារម្មណ៍ថាឥទ្ធិពលរបស់ទ្រង់កំពុងដឹកនាំយើង ?
ការអនុវត្តអ្វីដែលអ្នកបានរៀន
សូមរំឭកពីស្ថានភាពដែលអ្នកបានគិតកាលពីមុន នៅពេលដែលបានសុំឲ្យអ្នកគិតអំពីអ្វីមួយ ដែលអ្នកចង់បែងចែកឲ្យបានកាន់តែប្រសើរឡើងថា ល្អ ឬមិនល្អនោះ ។ សូមចំណាយពេលពីរបីនាទី ដើម្បីពិចារណាដោយអធិស្ឋានអំពីរបៀបដែលអ្នកអាចប្រើប្រាស់គោលការណ៍ដែលអ្នកបានរៀននៅថ្ងៃនេះ ដើម្បីកំណត់ថា តើវាត្រូវ ឬខុស ។ សូមព្យាយាមស្វែងរកដោយឧស្សាហ៍នៅក្នុងពន្លឺនៃព្រះគ្រីស្ទនៅពេលដែលអ្នកជញ្ជឹងគិតពីស្ថានភាពនេះ ។ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។