ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ៨:១៩–៣៨ ៖ កាន់​ខ្ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ


« នីហ្វៃទី ១ ៨:១៩–៣៨ ៖ កាន់​ខ្ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ៨:១៩–៣៨ ៖ កាន់​ខ្ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃ​ទី ១ ៨:១៩–៣៨

កាន់​ខ្ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ

លីហៃ​តោង​ដំបង​ដែក

មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​ចង់​ទទួល​អារម្មណ៍​នៃអំណរ និង​សេចក្ដីស្រឡាញ់ ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវទៅ​រក​វា​នៅ​ឯ​ណា​ទេ ។ តាមរយៈ​ការនិមិត្ត​របស់​លោក​អំពី​ដើម​ជីវិត លីហៃ​បាន​រៀន​អំពី​ផ្លូវ​ដែល​យើង​ត្រូវ​ធ្វើ​ដំណើរ និង​របៀប​បន្ត​នៅលើ​ផ្លូវ​នោះ ដើម្បី​រីករាយ​នឹង​ពរជ័យ​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ធ្វើ​តាម​ព្រះបន្ទូល​នៃ​ព្រះ ដើម្បី​ដឹកនាំ​អ្នក​ទៅរក​ពរជ័យ​ដ៏​មហិមា​បំផុត​របស់​ទ្រង់ ។

ការអធិស្ឋាន​សម្រាប់​សិស្ស​របស់​អ្នក​ជា​ទៀង​ទាត់ ។ព្រះវរបិតា​សួគ៌​ស្គាល់​សិស្ស​ម្នាក់ៗ​របស់​អ្នក ។ នៅពេល​អ្នក​អធិស្ឋាន​ទៅ​កាន់​ទ្រង់ ទ្រង់​អាច​ជួយ​អ្នក​ញែក​ដឹង​ពី​តម្រូវការ​របស់​សិស្ស​អ្នក និង​បំផុស​គំនិត​អ្នក​នូវ​វិធី​នានា​ដើម្បី​បំពេញ​តម្រូវការ​ទាំង​នោះ ។ សូម​ស្តាប់​ការបំផុស​គំនិត នៅពេល​អ្នក​រៀបចំ​បង្រៀន និង​អំឡុង​ពេល​មេរៀន ។

ការរៀប​ចំ​សិស្ស ៖ អធិស្ឋាន​សម្រាប់​សិស្ស​របស់​អ្នក​ជា​ទៀងទាត់ ។ ព្រះវរបិតា​សួគ៌​ស្គាល់​សិស្ស​ម្នាក់ៗ​របស់​អ្នក ។ នៅពេល​អ្នក​អធិស្ឋាន​ទៅ​កាន់​ទ្រង់ ទ្រង់​អាច​ជួយ​អ្នក​ញែក​ដឹង​ពី​តម្រូវការ​របស់​សិស្ស​អ្នក និង​បំផុស​គំនិត​អ្នក​នូវ​វិធី​នានា​ដើម្បី​បំពេញ​តម្រូវការ​ទាំង​នោះ ។ សូម​ស្តាប់​ការបំផុស​គំនិត នៅពេល​អ្នក​រៀបចំ​បង្រៀន និង​អំឡុង​ពេល​មេរៀន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការនិមិត្ត​របស់​លីហៃ

សុបិន​របស់​លីហៃ

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​មើល​គំនូរ​នេះ​អំពី​ការនិមិត្ត​របស់​លីហៃ ។ វា​រួមមាន​ទាំង​ដើមឈើ​ដែល​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ និង​ផ្លែ​របស់​វា ដែល​ជា​និមិត្តរូប​នៃ​ពរជ័យ​ដែល​បាន​ប្រទាន​មក​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ដាវីដ អេ បែដណា « Lehi’s Dream: Holding Fast to the Rod » Ensign ខែ តុលា ឆ្នាំ ២០១១ ទំព័រ ៣២–៣៧ ) ។ វា​ក៏​មាន​ធាតុ​មួយ​ចំនួន​បន្ថែម​ទៀត​ផងដែរ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​រូប​គំនូរ​នេះ ?

  • តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​អ្វី​ដែល​អ្នក​សង្កេត​ឃើញ ?

ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ថា ៖

អ្នក​ប្រហែល​ជា​គិត​ថា​សុបិន ឬ​ការនិមិត្ត​របស់​លីហៃ​គ្មាន​អត្ថន័យ​ពិសេស​សម្រាប់​អ្នក​ទេ ប៉ុន្តែ​វា​ពិត​ជា​មាន ។ អ្នក​ស្ថិតនៅ​ក្នុង​សុបិន ឬ​ការនិមិត្ត​នោះ យើង​ទាំង​អស់​គ្នា​ស្ថិតនៅ​ក្នុង​សុបិន ឬ​ការនិមិត្ត​នោះ​ផងដែរ ។ ( ប៊យដ៏ ខេ ផាកកឺ « Finding Ourselves in Lehi’s Dream » Liahona ខែ សីហា ២០១០ ទំព័រ ២២ )

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតា​សួគ៌ ដើម្បី​យល់​ពី​របៀប​ដែល​ការនិមិត្ត​របស់​លីហៃ​អាច​ទាក់ទង​នឹង​ជីវិត​របស់​​អ្នក ។ សូម​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​អំណរ​ដែល​បាន​សន្យា​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ក៏​ដូច​ជា​ឧបសគ្គ​អ្វី​ខ្លះ​ដែល​អ្នក​ប្រហែល​ជា​ត្រូវ​ចៀសវាង ឬ​យក​ឈ្នះ ។

មនុស្ស​ជា​ច្រើន​កំពុង​តែ​ប្រជ្រៀត​ទៅ​មុខ

ក្នុង​សុបិន​របស់​លោក លីហៃ​បាន​ឃើញ « ក្រុម​មនុស្ស​ជា​ច្រើន​ឥត​គណនា » ( នីហ្វៃទី ១ ៨:២១ ) ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​ដើម​ជីវិត ។ ពួកគេ​បាន​ជួប​ប្រទះ​ធាតុសំខាន់ៗ​មួយចំនួន​ទៀត​ដែល​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការមក​កាន់​ដើម​ឈើ​នោះ ៖ អ័ព្ទ​នៃ​សេចក្ដី​ងងឹត ដំបង​ដែក និង​មនុស្ស​នៅក្នុង​អគារ​ដ៏​ធំ និង​ទូលាយ​មួយ ។ អ្នក​អាច​ឃើញធាតុ​សំខាន់ៗ​ទាំង​បី​នេះ​នៅក្នុង​គំនូរ​ខាង​លើ ។

អ្នក​ប្រហែល​ជា​ចង់​អញ្ជើញ​សិស្ស​ឲ្យ​គូរ​រូប​តំណាង​ផ្ទាល់​ខ្លួន​នៃ​ការនិមិត្ត​នេះ​នៅពេល​ពួកគេ​សិក្សា ។ សិស្ស​អាច​បន្ថែម​ព័ត៌មាន​លម្អិត​ពេញ​ទាំង​មេរៀន ។

សកម្មភាព​អាន​ខាង​ក្រោម​គឺ​វែង ។ សូម​អញ្ជើញ​សិស្ស​ដែល​ពិបាក​អាន​ដោយ​ខ្លួន​ឯង​ឲ្យ​អាន​ជា​គូៗ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ។

នៅពេល​អ្នក​អាន នីហ្វៃទី ១ ៨:២២–៣៤ សូម​រកមើល​ធាតុ​សំខាន់ៗ​ទាំង​នេះ និង​អ្វី​ដែល​អ្នក​គិត​អំពី​និមិត្តរូប​នៃ​ធាតុ​សំខាន់ៗ​ទាំង​នេះ ។ អ្នក​ក៏​អាច​ចង់មើល « Lehi Sees an Iron Rod and Those Who Fall Away » ( ៣:៣០ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

3:29
  • តើ​អ្នក​គិត​ថា​ធាតុ​សំខាន់ៗទាំង​នេះ​ពី​ការនិមិត្ត​របស់​លីហៃ​អាច​តំណាង​ឲ្យ​អ្វី ?

ក្រោយ​មក នីហ្វៃ​បាន​ឃើញ​ក្នុង​ការនិមិត្ត​នូវ​អ្វី​ដែល​ឪពុក​របស់​លោក​បាន​ឃើញ ហើយ​បាន​ពន្យល់​អំពី​និមិត្តរូប​ទាំង​នេះ ។ សូម​អាន នីហ្វៃទី ១ ១២:១៧–១៨ ដើម្បី​មើល​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន ។ សូម​កត់ត្រា​អ្វី​ដែល​អ្នក​បាន​រៀន ។

ប្រសិនបើ​សិស្ស​គូរ​រូប​តំណាង​ផ្ទាល់​របស់​ពួកគេ​អំពី​ការនិមិត្ត នោះ​ពួកគេ​អាច​ដាក់​ស្លាក​ឈ្មោះ​លើ​គំនូរ​របស់​ពួកគេ​ជាមួយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ការពន្យល់​របស់​នីហ្វៃ ។

ដើម្បី​ជួយ​សិស្ស​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​អនុវត្ត​វា​ទៅ​ក្នុង​ជីវិត​របស់​ពួកគេ សូម​ពិចារណា​សួរ​សំណួរ​ដូច​ត​ទៅ​នេះ ៖

  • តើ​អគារ​ដ៏​ធំ និង​ទូលាយ និង​អ័ព្ទ​នៃ​សេចក្តី​ងងឹត​មើល​ទៅ​មាន​លក្ខណៈ​ដូចម្ដេច​នៅ​សម័យ​យើង​នេះ ?

  • តើ​ឧបសគ្គ​ទាំង​នេះ​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​ផ្លូវ​ដោយ​របៀប​ណា​នា​ពេល​សព្វ​ថ្ងៃ​នេះ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ដែល​សំខាន់​ដើម្បី​យល់​អំពី​ដំណើរ​ជីវិត​របស់​អ្នក ?

វា​អាច​មាន​ប្រយោជន៍​ដល់​សិស្ស ដើម្បី​ពិភាក្សា​បន្ថែម​ទៀត​អំពី​អ័ព្ទ​នៃ​សេចក្តី​ងងឹត និង​អគារ​ដ៏​ធំ ហើយ​ទូលាយ ដោយ​ការចោទ​សួរ​សំណួរ​ខាង​ក្រោម​នេះ ៖

  • ហេតុអ្វី​ព្រះអម្ចាស់​អាច​បង្ហាញ​ឲ្យ​ឃើញ​ឧបសគ្គ​ទាំង​នេះ​តាម​វិធី​នេះ ?

  • ហេតុអ្វី​អ្នក​គិត​ថា​មនុស្ស​ជា​ច្រើន​បាន​ស្វះស្វែង​ទៅ​នៅក្នុង​អគារ​ដ៏​ធំ និង​ទូលាយ​នោះ ?

សូម​គិត​អំពី​ការល្បួង​ដែល​អ្នក​ប្រឈម​មុខ និង​របៀប​ដែល​អំនួត​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក ។ សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​ការណ៍​ទាំង​នេះ​អាច​រំខាន​អ្នក ឬ​រារាំង​សមត្ថភាព​របស់​អ្នក​ក្នុង​ការមក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ។

ជំនួយ​ដែល​ព្រះ​ប្រទាន​ឲ្យ​យើង

នៅក្នុង​ការនិមិត្ត​របស់​លីហៃ ព្រះ​ក៏​បាន​រៀប​ចំ​វិធី​ដើម្បី​ជួយ​បុត្រាបុត្រី​របស់​ទ្រង់​ឲ្យ​មក​រក​ដើម​ឈើ​ផងដែរ ។ មាន « ផ្លូវ​តូច ហើយ​ចង្អៀត » ( នីហ្វៃទី ១ ៨:២០ ) ដែល​នាំ​ទៅ​ដល់​ដើម​ឈើ​នោះ ។ នៅតាម​ផ្លូវ ទ្រង់​បាន​ប្រទាន « ដំបង​ដែក » ដែល​ដឹក​នាំ​មនុស្ស ( នីហ្វៃទី ១ ៨:១៩, ២៤, ៣០ ) ។​

  • តើ​អ្នក​គិត​ថា​អ្វី​អាច​ជា​រឿង​សំខាន់​អំពី​ដំបង​ដែល​ធ្វើ​ពី​ដែក​នោះ ?

សូម​អាន នីហ្វៃទី ១ ១៥:២៣–២៥ ដើម្បី​ស្វែង​យល់​ពី​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​អំពី​អត្ថន័យ​នៃ​ដំបង​នោះ និង​ការសន្យា​របស់​លោក​អំពី​វា ។

  • តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​ចាប់​អារម្មណ៍​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ?

សិស្ស​ដែល​គូរ​រូប​អំពី​ការនិមិត្ត​នេះ អាច​បន្ថែម​ផ្លូវ និង​ដំបង​ដែក និង​អ្វី​ដែល​វា​តំណាង​ឲ្យ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ដំបង​ដែក និង​របៀប​ដែល​វា​អាច​ជួយ​ពួកគេ ។ ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តីពិត​មួយ​ដែល​អាច​មាន​ប្រយោជន៍ ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​គឺ​ថា ប្រសិនបើ​យើង​ស្តាប់​តាម ហើយ​កាន់​ខ្ជាប់​នឹង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​ការល្បួង​របស់​មារសត្រូវ​នឹង​គ្មាន​ឥទ្ធិពល​លើ​យើង​ឡើយ ។

  • តើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះគម្ពីរ និង​ពាក្យ​ដែល​ព្យាការី​ទ្រង់​បាន​ថ្លែង​អាច​ផ្តល់​សុវត្ថិភាព និង​កម្លាំង​ក្នុង​អំឡុង​គ្រា​នៃ​ការល្បួង​ដោយ​របៀប​ណា ?

  • តើ​មាន​គំរូ​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះបន្ទូល​របស់​ព្រះ​អាច​ដឹកនាំ​យើង​ឲ្យ​ទទួល​បាន​ពរជ័យ និង​​អំណរ​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ?

  • តើ​សេចក្ដីពិត​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ?

ប្រសិនបើ​វា​មាន​ប្រយោជន៍​ដល់​សិស្ស​ក្នុង​ការពិភាក្សា​បន្ថែម​ទៀត​អំពី​ដំបង​ដែក​ នោះ​សំណួរ​មួយ ឬ​សំណួរ​ជា​ច្រើន​ខាង​ក្រោម​អាច​មាន​ប្រយោជន៍ ៖

  • ហេតុអ្វី​ព្រះអម្ចាស់​បាន​តំណាង​ព្រះ​បន្ទូល​របស់​ទ្រង់​ទៅ​ជា​ដំបង​ដែក ?

  • តើ « ប្រុង​ស្ដាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ ហើយ … តោង​ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ » អាច​មាន​ន័យ​យ៉ាង​ណា ? ( នីហ្វៃទី ១ ១៥:២៤ ) ។

  • តើ​មាន​វិធី​ខុស​គ្នា​ណា​ខ្លះ​ដែល​យើង​អាច​អាន ស្តាប់​ឮ ឬ​ទទួល​ព្រះបន្ទូល​របស់​ព្រះ ?

សិស្ស​ដែល​កំពុង​គូរ​រូប​អំពី​ការនិមិត្ត អាច​បន្ថែម​សេចក្តីយោង​ខគម្ពីរ​មួយ​ចំនួន​នៅតាម​ដំបង​ដែក ដែល​ជួយ​ពួកគេ​ផ្ទាល់​ឲ្យ​បន្ត​នៅលើ​ផ្លូវ យក​ឈ្នះ​លើ​ការល្បួង ឬ​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ​ក្នុង​ការស្វែងរក​បទគម្ពីរ នោះ​ពួកគេ​អាច​ស្វែងរក​សេចក្តីយោង​ដែល​ប្រើ​ពាក្យ « ព្រះបន្ទូលនៃព្រះ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ scriptures.ChurchofJesusChrist.org ) ។ សូម​ពិចារណា​ចែកចាយ​ឧទាហរណ៍​ផ្ទាល់​ខ្លួន​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​រៀន ឬ​សូម​ឲ្យ​សិស្ស​ស្ម័គ្រ​ចិត្ត ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​សញ្ជឹង​គិត​ពី​កន្លែង​ដែល​អ្នក​កំពុង​នៅក្នុង​ការនិមិត្ត​នោះ ។ តើ​អ្នក​បាន​មក​រក​ព្រះអង្គសង្គ្រោះ​ដោយ​របៀប​ណា ហើយ​តើ​អ្នក​កំពុង​បន្តព្យាយាម​ដើម្បី​មក​រក​ទ្រង់​ដោយ​របៀប​ណា ? តើ​អ្នក​ប្រឈម​មុខ​នឹង​ការរំខាន និង​ការល្បួង​អ្វី​ខ្លះ ? តើ​ព្រះអម្ចាស់​ជួយ​អ្នក​តាមរយៈ​ព្រះបន្ទូល​របស់​ទ្រង់​យ៉ាង​ដូចម្តេច ?

សូម​ពិចារណា​វាយ​តម្លៃ​គោលដៅ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក និង​របៀប​ដែល​វា​កំពុង​ជួយ​អ្នក ព្រម​ទាំង​ការកែលម្អ ឬ​ការផ្លាស់ប្តូរ​ណា​មួយ​ដែល​អ្នក​ចង់​ធ្វើ ។ ប្រសិនបើ​អ្នក​គ្មាន​គោលដៅ​សិក្សា​ទេ សូម​ពិចារណា​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​ដាក់​គោលដៅ​នោះ ។