ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ៦–១០ ៖ ទិដ្ឋភាព​ទូទៅ


« នីហ្វៃទី ១ ៦–១០ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ៦–១០ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ៦–១០

ទិដ្ឋភាព​ទូទៅ

លីហៃ​មាន​ការនិមិត្ត​មួយ​ដែល​លោក​បាន​ឃើញ​ដើមឈើ​ដ៏​ស្រស់ស្អាត​មួយ ។ ដើម​ឈើ​នេះ និង​ផ្លែ​របស់វា​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ « ព្រលឹង​វិញ្ញាណ [ លីហៃ ] ក៏​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ជា​អតិបរមា » ( នីហ្វៃទី ១ ៨:១២ ) ។ តាមរយៈ​ការនិមិត្ត​របស់លោក នោះ​លីហៃ​បានរៀន​អំពី​ផ្លូវ​ដែល​យើង​ត្រូវ​ធ្វើដំណើរ និង​របៀប​បន្ត​នៅ​លើ​ផ្លូវ​នេះ ដើម្បី​រីករាយ​នឹង​ពរជ័យ​នៃ​សេចក្តី​ស្រឡាញ់​របស់ព្រះ ។ បន្ទាប់ពី​បាន​ឮ​លីហៃ​បង្រៀន​អំពី​ដើម​ឈើ​ជីវិត និង​ការព្យាករណ៍​នៃ​ការយាង​មក​របស់​ព្រះគ្រីស្ទ នោះ​នីហ្វៃ​មាន​បំណង​ចង់​រៀន​ពី​សេចក្ដីពិត​នៃ​ពាក្យ​របស់​ឪពុក​លោក​សម្រាប់​ខ្លួនលោក ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោម​នេះ​ផ្តល់ជា​គំនិត​ដល់​គ្រូបង្រៀន អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

នីហ្វៃទី ១ ៦–៧

គោលបំណង​មេរៀន ៖ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​ពីរបៀប​ដែល​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន​អាច​ជួយ​ពួកគេ​ក្នុងការ​សិក្សា និង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​ការសិក្សា​ផ្ទាល់ខ្លួន​រៀងរាល់​ថ្ងៃ​អំពី​ព្រះគម្ពីរ​មរមន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​អំពី​បទពិសោធន៍​របស់​ពួកគេ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​មរមន​រហូត​មក​ដល់​ពេល​នេះ និង​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

  • វីដេអូ ៖ « Ishmael’s Household Joins Lehi’s Family » ( ១២:២៤ )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​សម្តែង​រឿង​ពី​ស្ថានភាព​នេះ​ពេល​ចាប់ផ្តើម​មេរៀន​ដោយ​ការសួរ​សំណួរ​ដល់​សិស្ស ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​វាយ​បញ្ចូល​ចម្លើយ​របស់​ពួកគេ​នៅក្នុង​ប្រអប់ឈែត​នេះ ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ចាត់តាំង​សិស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​សម្របសម្រួល​ឈែត​នេះ និង​អាន​ចម្លើយឈែត ពេល​មាន​គេ​ឈែត​ចូល ។ សូម​អរគុណ​ដល់​សិស្ស​សម្រាប់​ការឆ្លើយតប​របស់​ពួកគេ និង​សួរ​សំណួរ​តាមដាន​ដែល​អាច​នាំ​ឲ្យ​មាន​ការយល់ដឹង​កាន់តែខ្លាំង ។

ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគ ៣

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​ការស្វែងរក​សេចក្តីពិត​ពី​ប្រភព​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​យើង​ដោយ​សេចក្តីស្រឡាញ់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សំណួរ ឬ​កង្វល់​សំខាន់ៗ​ដែល​ពួកគេ​មាន និង​ប្រភព​ផ្សេងៗ​ដែល​ពួកគេ​អាច​ស្វែងរក​ចម្លើយ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​ឧទាហរណ៍​មួយ​ពី​ប្រភពទាំងនេះ ឬ​ក៏​នាំយក​ឧទាហរណ៍​មួយ​មកថ្នាក់ ។

  • សម្ភារ ៖ ថូ​ទឹកស្អាត និង​កែវទឹក​ស្អាត​មួយ អាច​ជំនួស​ដោយ ធុងទឹក សាប៊ូលាងដៃ និង​កន្សែង

  • សំណៅ​ចែក ៖ « ការ​ប្រើ​ប្រភព​ដែល​បាន​ប្រទាន​មក​ពី​ព្រះ »

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សម្រាប់​សកម្មភាព​នៅក្រោម « ការ​ប្រើ​ប្រភព​ដែល​បាន​ប្រទាន​មក​ពី​ព្រះ » សូម​ពិចារណា​បង្ហាញ​សេចក្តីណែនាំ​នៅលើ​អេក្រង់ ហើយ​អញ្ជើញ​សិស្ស​ថត​អេក្រង់ ។ ម៉្យាងទៀត សូម​ពិចារណា​ដាក់​សេចក្តី​ណែនាំ​នៅក្នុង​មុខងារ​ឈែត ហើយ​អញ្ជើញ​សិស្ស​ថតចម្លង និង​បិទភ្ជាប់​វា​ទៅក្នុង​ឯកសារ​នៅលើ​ឧបករណ៍​របស់​ពួកគេ​ផ្ទាល់ ។ បន្ទាប់មក​សូម​បំបែក​សិស្ស​ជា​ក្រុម​ដើម្បី​ពិភាក្សា និង​បញ្ចប់​សកម្មភាព​សិក្សា​ជាមួយ​គ្នា ។

នីហ្វៃទី ១ ៨:១–១៨

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​សិស្ស​ឲ្យ​បង្កើន​បំណងប្រាថ្នា​របស់​ពួកគេ​ដើម្បី​ទទួលបាន​អំណរ​តាមរយៈ​សេចក្ដី​ស្រឡាញ់​របស់ព្រះ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម​នេះ ៖ តើ​មនុស្ស​ម្នាក់​អាច​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះតាម​របៀបណា ? តើ​នៅពេល​ណា​ដែល​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក ? សិស្ស​ក៏​អាច​និយាយ​ជាមួយ​សមាជិក​គ្រួសារ ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​អំពី​របៀប​ដែល​ពួកគេ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ពួកគេ ។

  • វីដេអូ ៖ « Choose the Light » ( ៩:៥២; ចាប់ពី​នាទីទី ០:០០ ដល់​នាទី​ទី ២:៣៩ ) « ព្រះគ្រីស្ទ ៖ ជា​ពន្លឺ​ដែល​បំភ្លឺ​នៅ​ក្នុង​ភាព​ងងឹត » ( ១១:២៩ ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ០:៥៤ និង​ចាប់ពី​នាទី​ទី ៩:០៩ ដល់​នាទី​ទី ១០:០២ ) « ពន្លឺ​នៅ​ជាប់​នឹង​ពន្លឺ » ( ១១:១១ សូម​មើល​ចាប់ពី​នាទី​ទី ០:៣២ ដល់​នាទី​ទី ២:៣៣ ) « Lehi Discovers the Tree of Life » ( ៤:៣២ សូមមើល​ចាប់ពី​នាទី​ទី ១:៥២ ដល់​នាទី​ទី ៤:៣២ ) « Atonement—Not a One-Time Thing » ( ៣:០០ ) « Because of Him » ( ២:៣៦ ); « Peace in Christ » ( ៤:០៩ )

  • រូបភាព ៖ រូបភាព​របស់​ម៉ារា​កំពុង​បី​ព្រះឱរស​ព្រះយេស៊ូវ

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សម្រាប់​សកម្មភាព​ទី ២ ក្រោម « ការទទួល​បាន​នូវ​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់ព្រះ និង​អំណរ​ដ៏​អស្ចារ្យ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ » សូម​ពិចារណា​ទាញ​យក​វីដេអូ ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​ជ្រើសរើស​វីដេអូ​មួយណា​ក៏​បាន​ដើម្បីមើល ។ ម៉្យាងវិញទៀត សូម​បំបែក​សិស្ស​ជា​ក្រុម ហើយ​ចាត់តាំង​វីដេអូ​ទៅ​ឲ្យ​ក្រុម​នីមួយៗ ។ សិស្ស​នៅក្នុង​ក្រុម​នីមួយៗ​នឹង​ត្រូវ​ចាក់​វីដេអូ ហើយ​មើល​អេក្រង់​របស់ខ្លួន​រួមគ្នា​សម្រាប់​សមាជិក​ក្រុម​ផ្សេង​ទៀត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត ហើយ​ពិភាក្សា​អំពី​ពរជ័យ​ដែល​មាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់មក ក្រុម​នីមួយៗ​អាច​ចែក​ចាយ​ជាមួយ​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។

នីហ្វៃទី ១ ៨:១៩–៣៨

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះ ដើម្បី​ដឹកនាំ​ពួកគេ​ឲ្យ​ទទួល​បាន​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​របស់ទ្រង់ ។

  • ការរៀបចំ​សិស្ស ៖ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អាន នីហ្វៃទី ១ ៨:១៩–៣៤ ដើម្បី​ស្គាល់​និមិត្ត​រូប​នៅក្នុង​ការនិមិត្ត​របស់​លីហៃ ហើយ​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ពិភាក្សា​ពី​និមិត្ត​រូប​ទាំងនោះ​នៅក្នុង​ថ្នាក់ ។

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​នៃ​ការនិមិត្ត​របស់​លីហៃ

  • វីដេអូ ៖ « Lehi Sees an Iron Rod and Those Who Fall Away » ( ៣:៣០ )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ជំនួស​ឲ្យ​ការសុំ​ឲ្យ​សិស្ស​គូរ​ផ្នែក​ផ្សេងៗ​នៃ​ការនិមិត្ត​នេះ សូម​ពិចារណា​បង្ហាញ​វីដេអូ​នេះ ហើយ​ផ្អាក​វា​នៅ​ពេលណា​ដែល​មាន​បង្ហាញ​ចំណុច​សំខាន់ ។ សិស្ស​អាច​ត្រូវបាន​ស្នើ​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​និមិត្តរូប​នេះ ហើយ​រកមើល​អ្វី​ដែល​បទគម្ពីរ​បង្រៀន​អំពី​និមិត្ត​រូប​នេះ ។ ដើម្បី​រៀបចំ​ខ្លួន​ចូលរៀន សូម​ពិចារណា​សរសេរ​កូដ​ម៉ោង​នីមួយៗ នៅពេល​ដែល​វីដេអូ​នេះ​គួរ​ត្រូវ​ផ្អាក​នោះ ។

នីហ្វៃទី ១ ១០; ១១:១–៦

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ក្នុងការ​ខិតខំ​យ៉ាង​ឧស្សាហ៍​ព្យាយាម​ស្វែងរក​ចំណេះដឹង​ពី​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​ឪពុកម្ដាយ ឬ​ថ្នាក់​ដឹកនាំ​យុវវ័យ​ពី​អ្វី​ដែល​ពួកគេ​ធ្វើ ដើម្បី​ស្វែងរក​សេចក្ដីពិត​ពី​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម ឬ​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្ដែង​សេចក្ដីពិត​ដល់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​គំនិត​មួយ​ជា​មួយ​ថ្នាក់ ។

  • វីដេអូ ៖ « How I #HearHim: Elder Ronald A. Rasband » ( ២:៥៥ )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ប្រើ​ក្ដារខៀន​ឌីជីថល ដើម្បី​ឲ្យ​សិស្ស​អាច​សហការ​ក្នុង​ការរាយ​បញ្ជី​អំពី​របៀប​ស្វែងរក​សេចក្ដីពិត​ពី​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម និង​របៀប​ដែល​ព្រះ​សម្ដែង​សេចក្ដីពិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។