ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ៤–៥ ៖ « ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ »


« នីហ្វៃទី ១ ៤–៥ ៖ ‹ ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ៤–៥ ៖ ‹ ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ៤–៥

« ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ »

នីហ្វៃ​នៅក្រុង​យេរូសាឡិម

បន្ទាប់ពី​ការព្យាយាម​ពីរលើក​ដើម្បី​ទទួល​បាន​ផ្ទាំងលង្ហិន​ពី​ឡាបាន់​​ត្រូវ​បរាជ័យ​នីហ្វៃ​បានចូល​ទៅក្នុង​ក្រុងយេរូសាឡិម​ទាំងយប់​ដោយ​មាន​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់ ។ ទោះ​ជា​យ៉ាង​ណា លោក​មាន​គំនិត​សម្រេច​កិច្ចការ​របស់​លោក​បន្តិចបន្តួច​ដែរ ។ តើ​អ្នក​ធ្លាប់​ដូចជា​នីហ្វៃ ដែល​ធ្លាប់​មាន​អារម្មណ៍​អំពី​ការធ្វើ​អ្វី​មួយ​យ៉ាងខ្លាំង ប៉ុន្តែ​មិន​ប្រាកដ​ពី​របៀប​ធ្វើ​វា​ឲ្យ​បាន​សម្រេច​ដែរ​ឬ​ទេ ? មេរៀន​នេះ​មាន​គោលបំណង​ពង្រឹង​ទំនុកចិត្ត​របស់​អ្នក​លើ​ព្រះវរបិតាសួគ៌ និង​ព្រះទ័យ​របស់​ទ្រង់​ក្នុងការ​ដឹកនាំ​អ្នក ។

ការជួយ​សិស្ស​ឲ្យ​រៀបចំខ្លួន​ដើម្បី​រៀនសូត្រ ។បទគម្ពីរ​និយាយ​ពី​សភាព​នៃ​ការរៀបចំ​រួចជា​ស្រេច​ក្នុង​ដួងចិត្ត និង​គំនិត​នៃ​អស់​អ្នក​ដែល​កំពុង​ស្វែងរក​ការរៀនសូត្រ​ខាងវិញ្ញាណ ។ ការពិភាក្សា​ជា​ប្រចាំ​ជាមួយ​សិស្ស​អំពី​សារៈសំខាន់​នៃ​ការរៀបចំ​សិស្ស និង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បំពេញ​ការរៀបចំ​សិស្ស​ជា​រៀងរាល់ថ្ងៃ ។

ការរៀបចំ​សិស្ស ៖ សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​ច្បាប់ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន ដែល​បង្ហាញ​នៅ​ដើម​មេរៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មករៀន​ដោយ​ត្រៀម​នូវ​គំនិត​អំពី​ស្ថានភាព​ដែល​ពួកគេ​អាច​ទទួល​បាន​ប្រយោជន៍​ផ្ទាល់ខ្លួន​ពី​ការទទួល​បាន​ការណែនាំ​ពី​ព្រះអម្ចាស់ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ការទទួល​ការណែនាំ​ពី​ព្រះវរបិតាសួគ៌

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ណិលសុន ហើយ​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​ពី​ការរៀបចំ​សិស្ស ។

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ដំបូន្មាន​សំខាន់ៗ​អំពី​ការទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ។ កាល​អ្នក​សិក្សា​សេចក្តី​ថ្លែងការណ៍​របស់​លោក សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្តី​ថ្លែងការណ៍​នេះ​អនុវត្ត​ចំពោះ​អ្នក ។

យើង​អាច​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​របស់​យើង ហើយ​ទទួល​បាន​ការណែនាំ និង​ការ​ដឹកនាំ ដឹង​អំពី​គ្រោះថ្នាក់ និង​ការ​អូស​ទាញ​នានា ហើយ​អាច​សម្រេច​កិច្ចការ​ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន ។ ប្រសិនបើ​យើង​ពិត​ជា​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រមទាំង​រៀន​ដើម្បី​ញែក​ដឹង ហើយ​យល់​អំពី​ការ​បំផុស​គំនិត​របស់​យើង នោះ​យើង​នឹង​ត្រូវ​បាន​ណែនាំ​នៅ​គ្រប់​បញ្ហា ទោះ​តូច ឬ​ធំ​ក្ដី ។ ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៤ )

  • តើ​ស្ថានភាព​អ្វីខ្លះ​ក្នុង​ជីវិត​របស់​អ្នក ទោះតូច ឬ​ធំ ដែល​វា​នឹង​មាន​ប្រយោជន៍​ក្នុងការ​ទទួល​បាន​ការណែនាំ​ពី​ព្រះវរបិតា​សួគ៌ ? ( ពិចារណា​សរសេរ​ចម្លើយ​របស់អ្នក ) ។

សូម​ពិចារណា​បង្ហាញ​សំណួរ និង​ជម្រើស​ឆ្លើយតប​ខាងក្រោម​នៅលើ​ក្ដារខៀន មុនពេល​ថ្នាក់​ចាប់ផ្តើម ឬ​បោះពុម្ព​វា​ចេញ​សម្រាប់​សិស្ស​ម្នាក់ៗ ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​វាយតម្លៃ​អារម្មណ៍​របស់​ពួកគេ​ដោយ​ស្ងៀមស្ងាត់ និង​កត់ត្រា​ចម្លើយ​របស់​ពួកគេ ។

សូម​ជ្រើសរើស​ចម្លើយ​ដែល​ចាប់យក​ចំណាប់​អារម្មណ៍​របស់​អ្នក​អំពី​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​បាន​ល្អ​បំផុត ។

  1. ខ្ញុំ​ស្វែងរក​ការណែនាំ និង​ការតម្រង់​ផ្លូវ​របស់​ព្រះវរបិតា​សួគ៌​យ៉ាងសកម្ម ដើម្បី​ជួយ​ខ្ញុំ​ជាមួយនឹង​បញ្ហា​ប្រឈម សំណួរ និង​ការសម្រេច​ចិត្ត​របស់ខ្ញុំ ។

    • ជារឿយៗ

    • ពេលខ្លះ

    • កម្រ

  2. ខ្ញុំ​ទុកចិត្ត​លើ​សមត្ថភាព និង​បំណង​ប្រាថ្នា​របស់​ព្រះវរបិតាសួគ៌ ដើម្បី​ដឹកនាំ​ជីវិត​ខ្ញុំ​ដោយ​ព្រះវិញ្ញាណ ។

    • ជារឿយៗ

    • ពេលខ្លះ

    • កម្រ

  3. ខ្ញុំ​ឆ្ពោះទៅមុខ​ដោយ​សេចក្ដីជំនឿ ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ទោះជា​ផ្លូវ​របស់ខ្ញុំ​មិន​ច្បាស់​ក៏ដោយ ។

    • ជារឿយៗ

    • ពេលខ្លះ

    • កម្រ

កាល​អ្នក​សិក្សា​ពី​គ្រា​មួយ​ដែល​នីហ្វៃ មិន​ប្រាកដ​ចិត្ត​ថា​ត្រូវ​ធ្វើ​អ្វី សូម​ស្វែងរក​សេចក្ដី​ពិត​ដែល​ពង្រឹង​ទំនុកចិត្ត​របស់​អ្នក​លើ​ព្រះវរបិតាសួគ៌ និង​ព្រះទ័យ​របស់ទ្រង់​ក្នុងការ​ដឹកនាំ​អ្នក ។

« ចូរ​យើង​ឡើង​ទៅ »

សូម​ចាំ​ថា កូនប្រុសៗ​របស់​លីហៃ បានព្យាយាម​​ចំនួន​ពីរលើក​ដោយ​មិន​ទទួល​បាន​ជោគជ័យ ដើម្បី​យក​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ហើយ​មាន​ការភ័យខ្លាច ខ្លាច​បាត់បង់​ជីវិត​របស់​ពួកលោក ( សូមមើល នីហ្វៃទី ១ ៣:១១–២៧ ) ។ តើ​អ្នក​អាចមាន​អារម្មណ៍​បែប​ណា​ទៅ ប្រសិនបើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​ស្រដៀង​នេះ ? តើ​អ្នក​អាច​មាន​ក្តី​កង្វល់​អ្វីខ្លះ ? ទោះជា​បានឃើញ​ទេវតា​មួយ​អង្គ​ក៏​ដោយ លេមិន និង លេមយួល មាន​អារម្មណ៍ព្រួយ​បារម្ភ ហើយ​មាន​សំណួរ​អំពី​របៀប​ដើម្បី​សម្រេច​អ្វី​ដែល​ពួកគេ​ត្រូវ​បាន​បង្គាប់ ( សូមមើល នីហ្វៃទី ១ ៣:៣១ ) ។

សូម​អាន នីហ្វៃទី ១ ៤:១–៣ ដោយ​រកមើល​ពី​របៀប​ដែល នីហ្វៃ​បានឆ្លើយតប​ចំពោះ​ក្តី​បារម្ភ​ទាំងឡាយ​របស់​បងប្អូន​​លោក ។

  • តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​យ៉ាងណា​ចំពោះ​ខគម្ពីរ​ទាំងនេះ ?

  • តើ​ឧទាហរណ៍​អ្វី​ខ្លះ​ដែល​ដកស្រង់​ចេញពី​ព្រះគម្ពីរ​ដែល​នីហ្វៃ បានប្រើ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​កម្លាំង​របស់​ព្រះអម្ចាស់ និង​ជំរុញ​ចិត្ត​បងប្អូន​របស់លោក ? តើ​ដំណើររឿង​អ្វីខ្លះ​មក​ពី​ព្រះគម្ពីរ​ដែល​បាន​ផ្តល់​សេចក្តី​ក្លាហាន និង​កម្លាំង​ក្នុង​ជីវិត​របស់​អ្នក ?

  • តើ​ឃ្លា « ចូរ​យើង​ឡើង​ទៅ » អនុវត្ត​ចំពោះ​កាលៈទេសៈ និង​ឧបសគ្គ​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ? ( សូម​ពិចារណា​គូស​ចំណាំ​ឃ្លា​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​រាល់ពេល​ដែល​វា​បង្ហាញ​នៅក្នុង ខទី ១–៣ ) ។

សូម​ពិចារណា​បង្ហាញ​វីដេអូ​ខាងក្រោម ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ដំណើររឿង ។ វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុងការ​ផ្អាក​វីដេ​អូម្តងម្កាល ហើយ​ឲ្យ​សិស្ស​មើល​ព្រះគម្ពីរ ។ ឧទាហរណ៍ វីដេអូ​អាច​ត្រូវ​បាន​ផ្អាក​នៅ​នាទី​ទី ១:០៧ ដើម្បី​ឲ្យ​សិស្ស​ស្វែងយល់​ពី​អ្វី​ដែល​នីហ្វៃ​កំពុង​ធ្វើ ។ បន្ទាប់មក អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន និង​គូសចំណាំ នីហ្វៃទី ១ ៤:៦–៧ នៅក្នុង​គម្ពីរ​របស់​ពួកគេ ។

សូម​អាន នីហ្វៃទី ១ ៤:៤–៨ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ បានធ្វើ​នៅក្នុង​ការព្យាយាម​លើក​ទីបី​ដើម្បី​ទទួល​បាន​ផ្ទាំង​លង្ហិន ។ អ្នក​ក៏​ប្រហែលជា​ចង់​មើល​វីដេអូ « The Spirit Directs Nephi to Slay Laban » ( ៣:២៦ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ជាផ្នែក​មួយ​នៃ​ការសិក្សា​របស់​អ្នក ។

3:28
  • តើ​នីហ្វៃ​បាន​ដឹង​អ្វី​ខ្លះ ហើយ​លោកមិន​ដឹង​អ្វី​ខ្លះ នៅពេល​លោក​ចាប់ផ្តើម​ការព្យាយាម​លើក​ទីបី​នេះ ?

  • តើ​មាន​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​ចំពោះ​ឃ្លា​ដែល​ថា « ទោះ​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​ដើរ​តម្រង់​ទៅ​មុខ » នៅក្នុង នីហ្វៃទី ១ ៤:៧ ?

  • តើ​សេចក្តី​ពិត​អ្វី​ដែល​អ្នក​អាច​រៀន​ពី​ពាក្យ​របស់​នីហ្វៃ ?

នេះជា​គោលការណ៍​នៃ​ដំណឹង​ល្អ​មួយ​ដែល​អ្នក​ប្រហែលជា​បានគិត ៖ នៅគ្រា​ដែល​មាន​ភាពមិន​ប្រាកដប្រជា យើង​អាច​ទទួល​បាន​ការណែនាំ​ពី​ព្រះវរបិតាសួគ៌​តាមរយៈ​ព្រះវិញ្ញាណ កាលយើង​ទៅ​មុខ​ដោយ​សេចក្ដីជំនឿ ។

សូម​ពិចារណា​កត់ត្រា​គោលការណ៍​នេះ ឬ​គោលការណ៍​មួយ​ដែល​អ្នក​បាន​គិត​ឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់អ្នក ។

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​សកម្មភាព​របស់​យើង កាល​យើង​ស្វែងរក​វិវរណៈ និង​ការណែនាំ ៖

នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់ខ្ញុំ ខ្ញុំ​បាន​សម្គាល់ឃើញ​ថា វិវរណៈ​ដែល​បាន​ផ្តល់​ដល់​បុត្រាបុត្រី​ព្រះ ភាគច្រើន​បំផុត​បាន​ទទួល​នៅពេល​ពួកគេ​ខិតខំ មិនមែន​ពេល​ពួកគេ​កំពុង​អង្គុយ​ក្នុង​លំនៅ​ដ្ឋាន​របស់​ពួកគេ រង់ចាំ​ឲ្យ​ព្រះអម្ចាស់​ប្រាប់​ពួកគេ​ពី​ជំហាន​ដំបូង​ដែល​ត្រូវ​ធ្វើ​នោះ​ទេ ។ …

ដូច្នេះ​ហើយ យើង​អាច​ធ្វើ​អ្វីៗ​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង ។ រួចហើយ យើង​រង់ចាំ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​វិវរណៈ​របស់ទ្រង់ ។ ( ដាល្លិន អេក អូក « In His Own Time, in His Own Way » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ២២–២៤ )

សូម​គិត​អំពី​របៀប​ដែល​សេចក្ដី​ពិត​នេះ និង​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន អូក ទាក់ទង​នឹង​ស្ថានភាព​ដែល​អ្នក​បានស្វែងរក​ពីមុន ។

  • ហេតុអ្វី​​អ្នក​គិត​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​ក្នុង​អំឡុងពេល​នៃ​ភាពមិន​ប្រាកដ​ប្រជា​នេះ ?

ព្រះអម្ចាស់​រៀបចំ​ផ្លូវ

ព្រះអម្ចាស់​បាន​បញ្ជា​ដល់​នីហ្វៃ​ឲ្យ​សម្លាប់​ឡាបាន់ ។ លោក​បាន​ភ័យខ្លាច​ដោយសារ​គំនិត​ចង់​យក​ជីវិត​គេ ប៉ុន្តែ​ព្រះវិញ្ញាណ​នៅតែ​បន្ត​ជំរុញ​លោក​ឲ្យ​ឆ្ពោះ​ទៅមុខ ។ នីហ្វៃ​បាន​គោរពតាម « សំឡេង​នៃ​ព្រះ​វិញ្ញាណ » ( នីហ្វៃទី ១ ៤:១៨ ) ក្លែងខ្លួន​លោក​ក្នុង​សម្លៀកបំពាក់​របស់​ឡាបាន់ ហើយ​បាន​បញ្ចុះបញ្ចូល​សូរាំ ដែល​ជា​អ្នក​បម្រើ​របស់​ឡាបាន់ ឲ្យ​យក​ផ្ទាំង​លង្ហិន​ពី​ឃ្លាំង ។

សូម​ពិចារណា​អាន​ដំណើររឿង​នេះ​នៅក្នុង នីហ្វៃទី ១ ៤:៩–២៤ និងគូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​មាន​ន័យ​សម្រាប់​អ្នក ។ អ្នក​ក៏​អាច​មើល « Nephi Obtains the Sacred Records » ( ៤:២០ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

4:20

តើ​បទពិសោធន៍​របស់​នីហ្វៃ​ក្នុង​ការទទួល​បាន​ផ្ទាំងចំណារ​ទាក់ទង​នឹង​ទី​បន្ទាល់​ដែល​លោក​បានចែក​ចាយ​នៅក្នុង នីហ្វៃទី ១ ៣:៧ ដោយ​របៀប​ណា ?

សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​គិត​អំពី​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​អាច​តម្រូវ​ឲ្យ​ពួកគេ​ឈាន​ទៅមុខ​ដោយ​សេចក្ដីជំនឿ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​បទពិសោធន៍​របស់​នីហ្វៃ នៅពេល​ពួកគេ​កត់ត្រា​គំនិត និង​ផែនការ​ដើម្បី​ឆ្ពោះ​ទៅមុខ​របស់​ពួកគេ​ដោយ​ស្ងៀមស្ងាត់ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​ចែកចាយគំនិត និង​ការយល់ដឹង​ខ្លះៗ​របស់​ពួកគេ បន្ទាប់ពី​ពួកគេ​សរសេរ​ចប់ ។

  • តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​នៅថ្ងៃ​នេះ ដែល​អាច​ជួយ​ខ្ញុំ​ក្នុងស្ថានភាព​របស់​ខ្ញុំ ?

  • តើ​ខ្ញុំ​មាន​អារម្មណ៍​អ្វី​នៅថ្ងៃនេះ ដែល​អាច​ពង្រឹង​ទំនុកចិត្ត​របស់​ខ្ញុំ​លើ​សមត្ថភាព និង​ព្រះ​រាជបំណង​ប្រាថ្នា​របស់​ព្រះវរបិតាសួគ៌​ក្នុងការ​ដឹកនាំ​ខ្ញុំ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើតាម​គំរូ​របស់​នីហ្វៃ ហើយ​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តីជំនឿ ទោះបីជា​ផ្លូវរបស់​ខ្ញុំ​ហាក់ដូចជា​មិន​ច្បាស់លាស់​ក៏​ដោយ ?