« នីហ្វៃទី ១ ១ ៖ ‹ មានពួកព្យាការីជាច្រើន › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ១ ៖ ‹ មានពួកព្យាការីជាច្រើន › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ១ ១
« មានពួកព្យាការីជាច្រើន »
ព្យាការីមិនតែងតែចែកចាយសារលិខិតដែលពេញនិយមជាមួយពិភពលោកនោះទេ ប៉ុន្តែការបង្រៀន និងការព្រមានរបស់ពួកលោកបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះរាស្ដ្ររបស់ទ្រង់ ។ លីហៃត្រូវបានព្រះហៅឲ្យផ្សាយពីការប្រែចិត្តដល់ប្រជាជននៅក្រុងយេរូសាឡិម ។ ទោះបីជាមានការអង្វរករ និងការព្រមានរបស់លោកក៏ដោយ ក៏ពួកគេបានបដិសេធពាក្យសម្ដីរបស់លោក ហើយបានរកសម្លាប់លោកផងដែរ ។ មេរៀននេះអាចជួយអ្នកឲ្យទទួលអារម្មណ៍ពីសារៈសំខាន់នៃការទទួល និងការធ្វើតាមព្យាការីរបស់ព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការព្រមាន
សូមស្រមៃថាមានឱកាសបណ្តែតខ្លួន ឬជិះទូកនៅលើទន្លេនេះ ។
-
តើអ្នកមានការព្រួយបារម្ភដែរឬទេ ? ហេតុអ្វីព្រួយបារម្ភ ឬហេតុអ្វីមិនព្រួយបារម្ភ ?
កាលអ្នកហៀបនឹងចាប់ផ្តើមដំណើរកំសាន្តរបស់អ្នក មានបុគ្គលម្នាក់ព្រមានអ្នកថា ទឹកទន្លេនេះស្ងប់ខ្យល់ទេ ប៉ុន្តែផ្នែកមួយនឹងបង្ហាញពីគ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិត ។
-
តើនឹងអ្នកទុកចិត្ត អ្នកដែលបានព្រមានអ្នកដែរឬទេ ? ហេតុអ្វីព្រួយបារម្ភ ឬហេតុអ្វីមិនព្រួយបារម្ភ ?
រូបភាពខាងក្រោមគឺជារូបភាពនៃទន្លេដូចគ្នានេះ ដោយមានផ្នែកដែលអ្នកបានឃើញពីមុនគឺទម្រង់ខាងក្រៅនៃទន្លេ ៖
-
តើឥឡូវនេះអ្នកដឹង និងទទួលអារម្មណ៍អ្វីខ្លះអំពីបុគ្គលដែលបានផ្តល់ការព្រមាននេះ ?
-
តើស្ថានភាពស្រមើស្រមៃនេះអាចបង្រៀនយើងអ្វីខ្លះអំពីតួនាទីរបស់ព្យាការីរបស់ព្រះ ?
-
គ្រោះថ្នាក់ដែលព្យាការីទាំងឡាយបានព្រមានយើងនៅសម័យរបស់យើង
-
ពរជ័យនៃការគោរពតាម និងផលវិបាកដែលអាចកើតមានពីការព្រងើយកន្កើយដល់ការព្រមានរបស់ពួកលោក
-
អារម្មណ៍របស់អ្នកអំពីការធ្វើតាមការព្រមានរបស់ពួកលោក
-
ហេតុអ្វីបានជាអ្នកត្រូវការការព្រមានរបស់ព្រះតាមរយៈព្យាការីរបស់ទ្រង់
កាលអ្នកសិក្សា សូមរកមើលសេចក្ដីពិតដែលអាចជួយអ្នកមានអារម្មណ៍ចង់ធ្វើតាមព្យាការីរបស់ព្រះកាន់តែខ្លាំងឡើង ។
« មានពួកព្យាការីជាច្រើន »
គម្ពីរនីហ្វៃទី ១ បានចាប់ផ្តើមនៅប្រហែលឆ្នាំ ៦០០ មុនគ.ស នៅក្រុងយេរូសាឡិម ។ នៅគ្រានោះ ពួកយូដាជាច្រើននាក់បានបោះបង់ចោលព្រះ ហើយថ្វាយបង្គំព្រះបាលក្លែងក្លាយ ដោយជឿលើពាក្យរបស់ព្យាការីភូតកុហក និងប្រព្រឹត្តអំពើបាប ដូចជាការលួច ឃាតកម្ម និងអំពើអសីលធម៌ដ៏ធ្ងន់ធ្ងរ ( សូមមើល យេរេមា ២; ៧ ) ។ សូមគិតអំពីរបៀបដែលកាលៈទេសៈទាំងនេះស្រដៀងនឹងពិភពលោកសព្វថ្ងៃ ។
សូមអាន នីហ្វៃទី ១ ១:១–៤ ដោយរកមើលពីរបៀបដែលនីហ្វៃ បានចាប់ផ្តើមបញ្ជីរបស់លោក ។
-
តើអ្នកគិតថាអ្វីដែលសំខាន់ដើម្បីយល់ពីខគម្ពីរទាំងនេះ ? ហេតុអ្វី ?
ព្យាការីទាំងឡាយដែលបានលើកឡើងនៅក្នុង ខទី ៤ អាចរួមបញ្ចូលព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ដូចជា យេរេមា ហាបាគុក អូបាឌា ណាហ៊ុម សេផានា និងព្យាការីដទៃទៀត ។
សូមអាន នីហ្វៃទី ១ ១:៥–១៥ ហើយរកមើលព័ត៌មានលម្អិតអំពីការហៅរបស់លីហៃឲ្យធ្វើជាព្យាការី ។ អ្នកប្រហែលជាចង់មើល « The Lord Commands Lehi’s Family to Leave Jerusalem » ចាប់ពីនាទីទី ០:៣៩ ដល់នាទីទី ៥:៥៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍បំផុតអំពីបទពិសោធន៍របស់លីហៃ ? ហេតុអ្វី ?
-
តើលីហៃបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពីអ្វីដែលលោកបានឃើញ ?
-
ហេតុអ្វីសេចក្ដីពិតទាំងនេះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសំខាន់ដើម្បីដឹងនៅក្នុងស្ថានភាពរបស់អ្នក ?
សូមអាន នីហ្វៃទី ១ ១:១៨–២០ ដើម្បីមើលពីអ្វីដែលលីហៃបានបង្រៀន និងរបៀបដែលប្រជាជនក្រុងយេរូសាឡិមបានឆ្លើយតប ។ អ្នកប្រហែលជាចង់មើល « The Lord Commands Lehi’s Family to Leave Jerusalem » ចាប់ពីនាទីទី ៥:៥៣ ដល់នាទីទី ៧:២៦ ។
-
នៅក្នុងការខិតខំរបស់លោក តើលីហៃដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្យាការីទាំងឡាយចេញពីបទពិសោធន៍របស់លីហៃ ?
សេចក្តីពិតមួយដែលយើងអាចរៀនពីគំរូរបស់លីហៃគឺថា ព្រះត្រាស់ហៅព្យាការីទាំងឡាយឲ្យព្រមានអំពីផលវិបាកនៃអំពើបាប និងដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកបានឃើញព្យាការីទាំងឡាយបំពេញការទទួលខុសត្រូវទាំងនេះនៅសម័យរបស់យើងដោយរបៀបណា ?
-
តើមនុស្សខ្លះនៅសព្វថ្ងៃនេះបង្ហាញការខឹងសម្បារចំពោះព្យាការីទាំងឡាយ ឬបដិសេធពាក្យសម្តីរបស់ពួកលោកដោយរបៀបណា ? តើអ្នកគិតថា ហេតុអ្វីពួកគេបានឆ្លើយតបតាមរបៀបនេះទៅវិញ ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីសារៈសំខាន់នៃអ្វីដែលព្យាការីទាំងឡាយរបស់ព្រះបង្រៀន ៖
ការបោះយុថ្កានៃព្រលឹងយើងចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ តម្រូវឲ្យស្តាប់ដល់អស់អ្នកដែលទ្រង់បញ្ជូនមក ។ …
ខណៈដែលសំឡេងរបស់ព្យាការីថ្លែងដោយស្រទន់ ជារឿយៗវាជាសំឡេងដែលសុំឲ្យយើងផ្លាស់ប្តូរ ប្រែចិត្ត និងត្រឡប់ទៅកាន់ព្រះអម្ចាស់វិញ ។ នៅពេលណាមានការកែតម្រូវចាំបាច់ ចូរកុំបង្អង់ពេលឡើយ ។ ហើយចូរកុំភ្ញាក់ផ្អើល នៅពេលសំឡេងព្រមានរបស់ព្យាការីប្រឆាំងទាស់នឹងគំនិតពេញនិយមនៃជំនាន់នេះ ។ ការសើចចំអកមកពីពួកអ្នកមិនជឿតែងតែកើតមាន នៅពេលព្យាការីចាប់ផ្តើមនិយាយ ។ នៅពេលបងប្អូនបន្ទាបខ្លួនក្នុងការធ្វើតាមការទូន្មានរបស់ព្យាការីនៃព្រះអម្ចាស់ នោះខ្ញុំសូមសន្យានឹងបងប្អូនថា ពរជ័យនៃសុវត្ថិភាព និងភាពសុខសាន្តនឹងត្រូវបានបន្ថែមឲ្យដល់បងប្អូន ។
… ការទទួលខុសត្រូវដ៏ធំមហិមា និងអំណោយទានដ៏មានតម្លៃបំផុតរបស់ព្យាការីចំពោះយើងគឺ សាក្សីដ៏រឹងមាំរបស់លោក ចំណេះដឹងពិតប្រាកដរបស់លោក ដែលថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៦–២៧ )
-
ហេតុអ្វីអ្នកគិតថាទំនួលខុសត្រូវដ៏ធំបំផុតរបស់ព្យាការីទាំងឡាយគឺការចែកចាយទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្វីដែលអាចជួយអ្នកឆ្លើយតបដោយស្មោះត្រង់ចំពោះដំបូន្មាន និងការព្រមានរបស់ព្យាការីទាំងឡាយរបស់ព្រះនៅសម័យយើង ?
តួនាទីរបស់ព្យាការីទាំងឡាយ និងសារៈសំខាន់នៃការធ្វើតាមពួកលោក
សូមស្រមៃថាមិត្តភក្តិរបស់អ្នកដែលមិនមែនជាសមាជិកនៃសាសនាចក្រផ្ញើសារមកកាន់អ្នកដូចខាងក្រោមនេះ ៖
« ខ្ញុំចាំថាឯងបាននិយាយអ្វីមួយអំពីរបៀបដែលព្រះវិហាររបស់ឯងមានពួកព្យាការី ។ តើវាពិតជាត្រឹមត្រូវទេ ? តើពួកព្យាការីធ្វើអ្វីខ្លះ ? តើពួកលោកដូចជាព្យាការីក្នុងព្រះគម្ពីរប៊ីបឬទេ ? »
អ្នកចង់ធ្វើឲ្យប្រាកដថាសំណួររបស់ពួកគេត្រូវបានឆ្លើយយ៉ាងច្បាស់លាស់ ។ សូមរៀបចំចម្លើយដោយប្រើវិធីនីមួយៗដូចខាងក្រោម ៖
-
វគ្គបទគម្ពីរ និងឧទាហរណ៍ពី នីហ្វៃទី ១ ១ ( និងវគ្គបទគម្ពីរផ្សេងទៀតអំពីព្យាការីទាំងឡាយដែលអ្នកប្រហែលជាដឹង ) ដែលអាចជួយពួកគេឲ្យយល់អំពីតួនាទីរបស់ព្យាការី ។
-
ឧទាហរណ៍អំពីរបៀបដែលព្យាការីទាំងឡាយនៅសម័យទំនើបបានជួយអ្នកចូលមកជិតព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអំពីការចែកចាយឧទាហរណ៍ដែលព្យាការីបានមានឥទ្ធិពលលើអ្នកមកពីសុន្ទរកថាសន្និសីទទូទៅថ្មីៗនេះ អត្ថបទទស្សនាវដ្ដីរបស់សាសនាចក្រ ឬកូនសៀវភៅ ដើម្បីកម្លាំងយុវជន ។
-
ឧទាហរណ៍ចេញពីជីវិតរបស់អ្នក ឬជីវិតរបស់អ្នកដទៃដែលបង្ហាញពីផលវិជ្ជមាននៃការស្តាប់តាមព្យាការី ។ សូមពិចារណាបន្ថែមទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្យាការី ។
សូមសញ្ជឹងគិតពីរបៀបដែលអ្នកបានឆ្លើយតបទៅនឹងការព្រមានថ្មីៗរបស់ព្យាការីទាំងឡាយ ។ សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីស្វែងរករបៀបដែលអ្នកអាចស្តាប់តាមការទូន្មានរបស់ពួកលោកកាន់តែប្រុងប្រយ័ត្ន ។ សូមសរសេរគំនិតទាំងនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយអធិស្ឋានជ្រើសរើសយកគំនិតមួយដើម្បីអនុវត្តក្នុងជីវិតរបស់អ្នក ។