« នីហ្វៃទី ១ ៣ ៖ ព្រះនឹងរៀបចំផ្លូវ ›» ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ៣ ៖ ព្រះនឹងរៀបចំផ្លូវ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ១ ៣
ព្រះនឹងរៀបចំផ្លូវ
បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃតាមទីរហោស្ថាន នីហ្វៃ និងបងប្អូនរបស់លោកបានប្រឈមមុខនឹងការសាកល្បងនៃការស្តាប់បង្គាប់ និងសេចក្ដីជំនឿរបស់ពួកលោកលើព្រះ នៅពេលពួកលោកត្រូវបានបង្គាប់ឲ្យត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីទទួលផ្ទាំងលង្ហិនពីឡាបាន់ ។ ពេលខ្លះ ព្រះអម្ចាស់ក៏នឹងបង្គាប់អ្នកឲ្យធ្វើកិច្ចការលំបាកៗផងដែរ ។ មេរៀននេះអាចជួយអ្នកអនុវត្តសេចក្ដីជំនឿលើព្រះដើម្បីសម្រេចនូវអ្វីៗដែលទ្រង់បង្គាប់ឲ្យអ្នកធ្វើ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បទបញ្ញត្តិពិបាកៗ
-
តើបទបញ្ញត្តិ បទដ្ឋាន ឬការអញ្ជើញរបស់ព្យាការីមួយណាដែលពិបាកបំផុតសម្រាប់ក្មេងជំទង់ក្នុងការគោរពតាមនាសព្វថ្ងៃនេះ ? តើអ្វីដែលធ្វើឲ្យវាពិបាកជាងបទបញ្ញត្តិ បទដ្ឋាន ឬការអញ្ជើញរបស់ព្យាការីផ្សេងទៀត ?
-
តើអ្នកនឹងនិយាយយ៉ាងណាទៅកាន់នរណាម្នាក់ដែលមានអារម្មណ៍ថាបទបញ្ញត្តិ ឬបទដ្ឋានជាក់លាក់មួយពិបាកនឹងគោរពតាម ?
ប្រសិនបើមានបទបញ្ញត្តិមួយដែលអ្នកពិបាកនឹងគោរពតាម សូមចងចាំវានៅពេលអ្នកសិក្សា នីហ្វៃទី ១ ៣ ។ សូមព្យាយាមរៀនពីគំរូដែលអ្នកសិក្សា ហើយសញ្ជឹងគិតពីរបៀបដែលជម្រើសរបស់អ្នកអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះអម្ចាស់ ។
ព្រះអម្ចាស់ប្រទានព្រះបញ្ញត្តិមួយដល់កូនប្រុសៗរបស់លីហៃ
សូមអាន នីហ្វៃទី ១ ៣:១–៦ ដោយរកមើលអ្វីដែលកូនប្រុសៗរបស់លីហៃ ត្រូវបានបញ្ជាឲ្យធ្វើ ។
-
ហេតុអ្វីអ្នកគិតថា បងប្អូនរបស់នីហ្វៃ គិតត្រឹមត្រូវក្នុងការហៅបទបញ្ញត្តិនេះថាជា « ធ្វើការដ៏លំបាក » ? ( ខទី ៥ ) ។
សូមស្រមៃមើលថាតើកូនប្រុសៗរបស់លីហៃ អាចមានអារម្មណ៍យ៉ាងណានៃការចាកចេញពីផ្ទះរបស់ខ្លួន ហើយធ្វើដំណើររាប់រយគីឡូម៉ែត្រឆ្លងកាត់ប្រទេសដ៏ស្ងួតហួតហែងចូលទៅក្នុងទីរហោស្ថាន ដើម្បីគ្រាន់តែបង្គាប់ឲ្យត្រឡប់ទៅយេរូសាឡិមវិញក្នុងរយៈពេលខ្លីដើម្បីយកផ្ទាំងពីឡាបាន់ ។
សូមអាន នីហ្វៃទី ១ ៣:៧–៨ ហើយសូមស្វែងរកមូលហេតុដែលនីហ្វៃ បានធ្វើតាមឆន្ទៈរបស់លោកដើម្បីគោរពតាមអ្វីដែលព្រះអម្ចាស់បានបញ្ជា ។
-
តើនីហ្វៃបានយល់យ៉ាងណាដែលបងប្អូនរបស់លោកប្រហែលជាមិនបានយល់ ?
អ្វីមួយដែលយើងរៀនពី ខទី ៧ គឺថា ព្រះនឹងរៀបចំផ្លូវមួយសម្រាប់យើងដើម្បីសម្រេចនូវអ្វីដែលទ្រង់បង្គាប់ឲ្យយើងធ្វើ ។
សូមពិចារណាអំពីរបៀបដែលសេចក្ដីពិតនេះទាក់ទងនឹងបទបញ្ញត្តិដែលអាចនឹងមានបញ្ហាប្រឈមសម្រាប់អ្នក ។
ទោះបីជាព្រះនឹងជួយអ្នកឲ្យសម្រេចនូវអ្វីដែលទ្រង់បង្គាប់ក៏ដោយ ក៏ទ្រង់មិនបានសន្យាថា វានឹងងាយស្រួល ឬថាការព្យាយាមដំបូងរបស់អ្នកនឹងទទួលបានជោគជ័យនោះដែរ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានពន្យល់ ៖
ការដើរតាមព្រះអង្គសង្គ្រោះនឹងមិនដកយកការសាកល្បងទាំងអស់របស់អ្នកឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ការដើរតាមទ្រង់នឹងដកយករនាំងដែលរារាំងអ្នកពីជំនួយ ដែលព្រះវរបិតាសួគ៌សព្វព្រះទ័យប្រទានដល់អ្នក ។ ព្រះនឹងគង់ជាមួយបងប្អូន ។ ( ឌៀថើរ អេហ្វ អុដដូហ្វ « A Yearning for Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២២ )
-
តើសេចក្តីថ្លែងការណ៍នេះជួយឲ្យអ្នកយល់ពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអ្វីខ្លះ ?
សូមគិតត្រឡប់ក្រោយពីបទបញ្ញត្តិ បទដ្ឋាន ឬការអញ្ជើញរបស់ព្យាការីផ្សេងទៀត ដែលអ្នកបានស្វែងរកពីដើមមេរៀននេះ ថាជាការពិបាកបំផុតសម្រាប់ក្មេងជំទង់គោរពតាម ។
-
តើឧបសគ្គអ្វីខ្លះដែលអាចធ្វើឲ្យពិបាកក្នុងការគោរពតាមបទបញ្ញត្តិទាំងនេះ ?
-
តើព្រះអម្ចាស់អាច « រៀបចំផ្លូវ » ដើម្បីជួយយុវវ័យឲ្យគោរពតាមបទបញ្ញត្តិទាំងនេះដោយរបៀបណា ?
នីហ្វៃ និងបងប្អូនរបស់លោកព្យាយាមទៅយកផ្ទាំងចំណារ
សូមសិក្សាដំណើររឿងខាងក្រោមនេះពីការព្យាយាមពីរលើកដំបូងដើម្បីទទួលបានផ្ទាំងលង្ហិន ។ សូមរកមើលរបៀបដែលបងប្អូនប្រុសម្នាក់ៗប្រតិកម្មយ៉ាងណាចំពោះការព្យាយាមរាល់លើក ។ ( ចំណាំ ៖ នៅក្នុងមេរៀននេះ « នីហ្វៃទី ១ ៤–៥ » អ្នកនឹងរៀនពីរបៀបដែលនៅទីបំផុតព្រះអម្ចាស់បានប្រទាននូវផ្លូវសម្រាប់ពួកគេទទួលបានជោគជ័យ ) ។
ការព្យាយាមលើកដំបូង ៖ សូមអាន នីហ្វៃទី ១ ៣:១០–១៥ ឬមើល « Nephi Is Led by the Spirit to Obtain the Plates of Brass » ចាប់ពីនាទីទី ៤:៤៣ ដល់នាទីទី ៨:១៨ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ( វាអាចមានប្រយោជន៍ក្នុងការដឹងថា ការចាប់ឆ្នោតគឺជាវិធីនៃការជ្រើសរើសជម្រើសមួយដោយចៃដន្យដែលមនុស្សជាច្រើនប្រើ ) ។
ការព្យាយាមលើកទីពីរ ៖ សូមអាន នីហ្វៃទី ១ ៣:២២–៣១; ៤:១ ឬមើល « Nephi Is Led by the Spirit to Obtain the Plates of Brass » ចាប់ពីនាទីទី ៨:១៨ ដល់នាទីទី ១៥:១០ ។
-
តើបងប្អូនប្រុសទាំងនេះអាចរៀនអ្វីខ្លះអំពីខ្លួនពួកលោកពីបញ្ហាប្រឈមដែលពួកលោកមាន ខណៈពេលដែលព្យាយាមគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ?
-
ហេតុអ្វីអ្នកគិតថាព្រះដែលពេញដោយក្តីស្រឡាញ់របស់យើងអាចបណ្តោយឲ្យយើងពុះពារមួយរយៈពីមុនពេលទ្រង់ប្រទាននូវវិធីដើម្បីសម្រេចព្រះរាជបំណងប្រាថ្នារបស់ទ្រង់ ?
-
តើអ្នកគិតថាប្រតិកម្មរបស់បងប្អូននេះខុសគ្នាយ៉ាងណា ចំពោះអ្វីដែលបានកើតឡើង ដែលមានឥទ្ធិពលលើសេចក្ដីជំនឿ និងទំនាក់ទំនងរបស់ពួកលោកជាមួយព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី ?
ការអនុវត្ដដំណើររឿងនេះក្នុងជីវិតរបស់អ្នក ។
ព្រះអង្គសង្គ្រោះអាចជួយអ្នកយកឈ្នះលើឧបសគ្គដែលធ្វើឲ្យពិបាកគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ និងដំបូន្មានរបស់ព្យាការីរបស់ទ្រង់ ។ ដើម្បីជួយអ្នកអនុវត្តការណ៍នេះក្នុងជីវិតរបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
សូមស្រមៃថា នីហ្វៃផ្តល់ដំបូន្មានដល់អ្នកអំពីបទបញ្ញត្តិ ឬដំបូន្មានរបស់ព្យាការី ដែលអ្នកពិបាកនឹងគោរពតាម ។ តើអ្នកគិតថា ព្រះអម្ចាស់អាចមានព្រះបន្ទូលអ្វីខ្លះទៅកាន់អ្នក ?
-
តើអ្នកនឹងធ្វើសកម្មភាពជាក់លាក់អ្វីខ្លះ ដើម្បីគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ឬដំបូន្មានមួយរបស់ព្យាការីឲ្យកាន់តែពេញលេញ ?
-
តើអ្នកបានឃើញ ឬជួបប្រទះអ្វីខ្លះ ដែលផ្តល់ទំនុកចិត្តដល់អ្នកថា ព្រះអម្ចាស់នឹងរៀបចំផ្លូវសម្រាប់អ្នកដើម្បីគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ហើយធ្វើតាមព្យាការីរបស់ទ្រង់ ?