« នីហ្វៃទី ១ ១១ ៖ ‹ ចូរមើល ការយាងចុះមកនៃព្រះ ! › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ១១ ៖ ‹ ចូរមើល ការយាងចុះមកនៃព្រះ ! › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ១ ១១
« ចូរមើល ការយាងចុះមកនៃព្រះ ! »
បទគម្ពីរបង្រៀនយើងពីអ្វីដែល « គួរឲ្យប្រាថ្នាដ៏លើសលប់ » និង « សេចក្តីរីករាយបំផុតដល់ព្រលឹង » នៃអ្វីៗទាំងអស់ដែលយើងរីករាយក្នុងជីវិតនេះ ( នីហ្វៃទី ១ ១១:២២–២៣ ) ។ នៅពេលនីហ្វៃបានសន្ទនាជាមួយសារទូតមកពីស្ថានសួគ៌ លោកមានការនិមិត្តអំពីព្រះអង្គសង្គ្រោះនៃពិភពលោក ហើយបានទទួលការយល់ដឹងផ្ទាល់ខ្លួនរបស់លោកអំពីអ្វីដែលនាំមកនូវសេចក្តីរីករាយបំផុត ៖ គឺសេចក្តីស្រឡាញ់របស់ព្រះ ។ មេរៀននេះអាចជួយអ្នកឲ្យទទួលអារម្មណ៍អំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទចំពោះអ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
សារៈសំខាន់នៃសេចក្តីស្រឡាញ់របស់ព្រះ
ស៊ីស្ទើរ ស៊ូសាន អេច ផតធ័រ ក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅបានថ្លែងថា ៖
ពេលអ្នកដឹង និងយល់យ៉ាងច្បាស់ថា អ្នកត្រូវបានស្រឡាញ់ក្នុងនាមជាបុត្ររបស់ព្រះ នោះវានឹងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ។ ( ស៊ូសាន អេច ផតធ័រ « God’s Love: The Most Joyous to the Soul » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៣៣ )
-
តើអ្វីខ្លះអាចនឹងផ្លាស់ប្តូរ នៅពេលបុគ្គលម្នាក់ដឹង និងយល់ពីសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកគេ ?
-
តើអារម្មណ៍របស់អ្នកដែលដឹងថាព្រះស្រឡាញ់អ្នក ជះឥទ្ធិពលយ៉ាងណាទៅលើជីវិតរបស់អ្នក ?
ការនិមិត្តរបស់នីហ្វៃ
-
តើនិមិត្តរូបសំខាន់ៗអ្វីខ្លះដែលអ្នកអាចនឹកឃើញពីសុបិនរបស់លីហៃដែលបានកត់ត្រានៅក្នុង នីហ្វៃទី ១ ៨ ?
នីហ្វៃចង់យល់យ៉ាងខ្លាំងអំពីអត្ថន័យនៃសុបិនរបស់ឪពុកលោក ហើយបានជឿថាព្រះអម្ចាស់នឹងធ្វើឲ្យលោកដឹង ។ ពេលលោកសញ្ជឹងគិតក្នុងចិត្ត នោះព្រះវិញ្ញាណនៃព្រះអម្ចាស់បានលេចមក ហើយបង្ហាញលោកនូវដើមជីវិត ។ នៅពេលនីហ្វៃបានសួរដើម្បីដឹងពីការបកស្រាយអំពីដើមឈើនោះ ទេវតាមួយអង្គបានបង្ហាញព្រះកាយដើម្បីជួយលោករៀនបន្ថែមទៀតអំពីអ្វីដែលលោកកំពុងឃើញក្នុងការនិមិត្ត ( សូមមើល នីហ្វៃទី ១ ១១:១–១៤ ) ។
ជាផ្នែកមួយនៃការជួយនីហ្វៃឲ្យយល់ពីអត្ថន័យនៃដើមឈើនោះ ទេវតាបានសួរសំណួរមួយដល់នីហ្វៃ ។ សូមអាន នីហ្វៃទី ១ ១១:១៦ ដើម្បីមើលសំណួរដែលបានសួរ ។
-
តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេចចំពោះសំណួរនៅក្នុង ខទី ១៦ ?
សូមអាន ខទី ១៧ ដើម្បីមើលពីរបៀបដែលនីហ្វៃបានឆ្លើយតប ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីការឆ្លើយតបរបស់នីហ្វៃនៅក្នុង ខទី ១៧ ?
« ការយាងចុះមក » មានន័យថា ការចុះមកដោយស្ម័គ្រចិត្តពីឋានៈនៃមុខងារមួយ ឬពីសេចក្តីថ្លៃថ្នូរ ។ ឧទាហរណ៍ ទង្វើរបស់ព្រះអង្គសង្គ្រោះលាងជើងពួកសិស្សរបស់ទ្រង់អាចត្រូវបានចាត់ទុកថា ជាទង្វើនៃការយាងចុះមក ( សូមមើល យ៉ូហាន ១៣:៣–១៧ ) ។ ខណៈដែលការយាងចុះមកនៃព្រះដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះក៏អាចបង្រៀនអំពីការយាងចុះមកនៃព្រះវរបិតាសួគ៌ដែរ មេរៀននេះផ្តោតជាចម្បងទៅលើការយាងចុះមកនៃព្រះយេស៊ូវគ្រីស្ទ ។
សូមអានអ្វីដែលនីហ្វៃបានឃើញនៅក្នុង នីហ្វៃទី ១ ១១:១៣–២៣ ដោយរកមើលភស្តុតាងនៃការយាងចុះមកនៃព្រះ ។
-
តើមានភស្ដុតាងអ្វីខ្លះដែលអ្នកបានរកឃើញអំពីការយាងចុះមកនៃព្រះ ?
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នករៀនអំពីការយាងចុះមកនៃព្រះ ?
សេចក្តីពិតមួយដែលយើងអាចរៀនគឺថា ការយាងចុះមកនៃព្រះបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ។
-
តើអ្នកគិតថាការប្រសូតរបស់ព្រះអង្គសង្គ្រោះបង្ហាញពីសេចក្ដីពិតនេះយ៉ាងដូចម្ដេច ?
សូមអាន នីហ្វៃទី ១ ១១:២៦–៣៣ ដោយស្វែងរករបៀបបន្ថែមដែលព្រះយេស៊ូវបានយាងចុះមក ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ។
-
តើមានភស្ដុតាងអ្វីខ្លះនៃការយាងចុះមករបស់ព្រះអង្គសង្គ្រោះ ដែលអ្នកបានរកឃើញ ?
-
តើទង្វើទាំងនេះបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់យ៉ាងដូចម្ដេច ?
-
តើមានគំរូអ្វីផ្សេងទៀតពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកមានអារម្មណ៍ថា បង្ហាញពីសេចក្តីស្រឡាញ់ និងការយាងចុះមករបស់ទ្រង់ ?
សូមអាននូវអ្វីដែល អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះជួយយើងឃើញសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះយើង ។ ឬអ្នកប្រហែលជាចង់មើលវីដេអូ « The Eternal Everyday » ចាប់ពីនាទីទី ៤:០១ ដល់នាទី ៤:៤៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
គំរូនៃភាពរាបសា និងពលិកម្មរបស់ព្រះអង្គសង្គ្រោះសម្រាប់មនុស្សលោកទាំងអស់ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ។ សូម្បីតែព្រះអង្គសង្គ្រោះដែលជាសមាជិកមួយអង្គនៃក្រុមព្រះក៏បានស្ម័គ្រព្រះទ័យយាងមកកាន់ផែនដីជាទារកដ៏ទន់ទាប ហើយចាប់ផ្ដើមជីវិតដែលរួមមាននូវការបង្រៀន ការព្យាបាលដល់បងប្អូនប្រុសស្រីរបស់ទ្រង់ ហើយទីបំផុតរងការឈឺចាប់ដែលពុំអាចពិពណ៌នាបាននៅឯសួនច្បារគែតសេម៉ានី និងលើឈើឆ្កាងដើម្បីធ្វើឲ្យដង្វាយធួនរបស់ទ្រង់បានល្អឥតខ្ចោះ ។ ទង្វើនៃក្ដីស្រឡាញ់ និងចិត្តរាបសារបស់ព្រះគ្រីស្ទត្រូវបានគេស្គាល់ថា ជាការយាងចុះមករបស់ទ្រង់ ។ ទ្រង់ធ្វើបែបនេះសម្រាប់មនុស្សគ្រប់គ្នាដែលព្រះបានបង្កើត ឬនឹងបង្កើតឡើង ។ ( ឃ្វីនថិន អិល ឃុក « The Eternal Everyday » Ensign ឬ Liahona ខែ វិច្ឆិកា ២០១៧ ទំព័រ ៥២ )
-
តើសេចក្ដីថ្លែងការណ៍របស់អែលឌើរ ឃុក ជួយអ្នកយល់កាន់តែច្បាស់អំពីការយាងចុះមករបស់ព្រះយ៉ាងដូចម្ដេច ?
ពរជ័យបន្តបន្ទាប់នៃការយាងចុះមករបស់ព្រះអង្គសង្គ្រោះ
ការយាងចុះមកនៃព្រះអង្គសង្គ្រោះបន្តធ្វើជាភស្ដុតាងនៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងសព្វថ្ងៃនេះ ។
សូមមើលវីដេអូ « I Feel My Savior’s Love » ( ៣:៣៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដោយរកមើលរបៀបដែលកុមារនៅក្នុងវីដេអូនោះចែកចាយពីរបៀបដែលពួកគេទទួលអារម្មណ៍ដឹងសេចក្តីស្រឡាញ់របស់ទ្រង់ ។
-
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ទាំងទ្វេចំពោះអ្នកយ៉ាងដូចម្ដេច ?
-
តើអ្វីដែលទ្រង់ទាំងទ្វេបានធ្វើ ជះឥទ្ធិពលយ៉ាងណាខ្លះចំពោះអារម្មណ៍របស់អ្នកចំពោះទ្រង់ទាំងទ្វេ ?
-
តើអ្នកទទួលអារម្មណ៍ជំរុញចិត្តឲ្យធ្វើអ្វីខ្លះ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?