« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១ ៖ នីហ្វៃទី ១ ១–១៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១ ៖ នីហ្វៃទី ១ ១–១៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១
គោលបំណងនៃមេរៀននេះគឺជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធ អំឡុងការសិក្សាព្រះគម្ពីរមរមនរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមសិក្សាព្រះគម្ពីរមរមនរៀងរាល់ថ្ងៃ
-
តើអ្នកធ្វើអ្វីខ្លះជារៀងរាល់ថ្ងៃ ឬរាល់យប់ ?
-
តើមានអ្វីអាចកើតឡើង ប្រសិនបើអ្នករំលងសកម្មភាពទាំងនេះមួយថ្ងៃ ឬយូរថ្ងៃជាងនេះ ?
-
ហេតុអ្វីការសិក្សាព្រះគម្ពីរប្រចាំថ្ងៃជាអ្វីដែលយើងគួរព្យាយាមធ្វើ ?
សូមជ្រើសរើសឃ្លាមួយក្នុងចំណោមឃ្លាខាងក្រោម ដើម្បីពិពណ៌នាអំពីរបៀបដែលការសិក្សាប្រចាំថ្ងៃរបស់អ្នកអំពីព្រះគម្ពីរមរមនកំពុងដំណើរការដូចម្តេចដែរ ៖
-
ខ្ញុំមានអារម្មណ៍ថា ការសិក្សារបស់ខ្ញុំមានអត្ថន័យ និងមានភាពជាប់លាប់ ។
-
ការសិក្សារបស់ខ្ញុំគឺល្អ នៅពេលដែលវាកើតឡើង ប៉ុន្តែមិនកំពុងកើតឡើងជាប្រចាំទេ ។
-
ខ្ញុំមានភាពជាប់លាប់នឹងការសិក្សារបស់ខ្ញុំ ប៉ុន្តែមិនបានទទួលផលច្រើនទេ ។
-
ខ្ញុំពិបាកយល់អ្វីដែលខ្ញុំបានអាន ហើយកម្រនឹងសិក្សាដោយខ្លួនឯងណាស់ ។
-
ខ្ញុំមិនបានធ្វើអ្វីដើម្បីឆ្ពោះទៅរកគោលដៅសិក្សាព្រះគម្ពីរឡើយ ។
-
ផ្សេងៗ ៖ ពន្យល់ចម្លើយរបស់អ្នក ។
វាជារឿងធម្មតាដែលមានឧបសគ្គកើតឡើងជាមួយនឹងគោលដៅប្រចាំថ្ងៃបែបនេះ ។ រឿងសំខាន់គឺត្រូវបន្តព្យាយាម ។
-
តើអ្វីបានដំណើរការយ៉ាងល្អជាមួយនឹងការសិក្សាព្រះគម្ពីរមរមនរបស់អ្នក ? តើអ្នកចង់ធ្វើអ្វីប្រសើរជាង ឬផ្សេងពីនោះដែរឬទេ ?
គំនិត និងអារម្មណ៍ផ្ទាល់ខ្លួនអំពីព្រះគម្ពីរមរមន
សកម្មភាពទី ១ ៖ ការប្រជុំថ្លែងទីបន្ទាល់
ប្រសិនបើអ្នកត្រូវថ្លែងទីបន្ទាល់របស់អ្នកនៅក្នុងការប្រជុំសាក្រាម៉ង់អំពីព្រះគម្ពីរមរមន តើអ្នកនឹងនិយាយអ្វីដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក ?
សកម្មភាពទី ២ ៖ ហេតុអ្វីអ្នកសិក្សា ?
សូមស្រមៃគិតថា អ្នកកំពុងសិក្សាព្រះគម្ពីរមរមន នៅពេលប្អូនម្នាក់ដើរចូលមក ហើយសួរថា « តើបងកំពុងអានអ្វី ? » អ្នកឆ្លើយថា « ព្រះគម្ពីរមរមន » ។ ប្អូនរបស់អ្នកសួរថា « ហេតុអ្វី ? » សូមសរសេរប្រយោគពីរ ឬបីដែលពិពណ៌នាពីអ្វីដែលអ្នកអាចនិយាយទៅកាន់ប្អូនរបស់អ្នក ដើម្បីជួយគាត់ឲ្យយល់ពីមូលហេតុដែលអ្នកជ្រើសរើសសិក្សាព្រះគម្ពីរមរមន ។
សកម្មភាពទី ៣ ៖ ការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម
មិត្តភក្តិម្នាក់សរសេរការចុះផ្សាយដូចតទៅនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ៖ « ថ្មីៗនេះ ខ្ញុំបានចាប់ផ្ដើមអានព្រះគម្ពីរមរមន ហើយខ្ញុំចូលចិត្តវាណាស់ ! សម្រាប់អ្នកណាដែលបានអានព្រះគម្ពីរមរមនពីមុនមក តើអ្នកនឹងចែកចាយខគម្ពីរដែលអ្នកចូលចិត្តជាមួយខ្ញុំ និងការពន្យល់ខ្លីអំពីមូលហេតុដែលអ្នកចូលចិត្តខគម្ពីរនោះដែរឬទេ ? »
សុបិនរបស់លីហៃ
-
តើអ្នកចងចាំផ្នែកផ្សេងៗ ឬនិមិត្តរូបអ្វីខ្លះនៃសុបិននោះ ?
-
តើនិមិត្តរូបមួយណាដែលអ្នកចាប់អារម្មណ៍ខ្លាំងបំផុត ? ហេតុអ្វី ?
-
តើសុបិនរបស់លីហៃស្រដៀងនឹងពិភពលោករបស់យើងសព្វថ្ងៃនេះយ៉ាងដូចម្ដេច ?
សូមពិចារណាពីរបៀបដែលផ្នែកផ្សេងៗនៃសុបិនរបស់លីហៃ អាចជួយបុគ្គលម្នាក់ៗនៅក្នុងស្ថានភាពខាងក្រោមនេះ ៖
-
យុវជនម្នាក់កំពុងចំណាយពេលជាមួយមនុស្សមួយក្រុម ដែលជ្រើសរើសបំពានលើពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ហើយដាក់សម្ពាធឲ្យគាត់ធ្វើដូច្នេះផងដែរ ។
-
យុវនារីម្នាក់គិតថា នាងនឹងយកចិត្តទុកដាក់ក្នុងការសិក្សាព្រះគម្ពីររបស់នាងឲ្យកាន់តែស៊ីជម្រៅ នៅពេលជីវិតដ៏តានតឹងរបស់នាងបានស្ងប់សុខបន្តិច ។
-
យុវជនម្នាក់ចាប់ផ្តើមមានអារម្មណ៍ខ្មាស ចំពោះសមាជិកភាពរបស់គាត់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅពេលគាត់ឮអ្នកដទៃចំអកឲ្យមនុស្សដែលកាន់សាសនានេះ ។
-
តើអ្នកអាចប្រើសុបិនរបស់លីហៃ ដើម្បីដោះស្រាយស្ថានភាពនីមួយៗដោយរបៀបណា ?
-
តើការបង្រៀន ឬសេចក្ដីពិតអ្វីខ្លះពីសុបិនរបស់លីហៃ ដែលអ្នកមានអារម្មណ៍ថា អាចជួយអ្នកឲ្យខិតកាន់តែជិតសេចក្ដីស្រឡាញ់របស់ព្រះក្នុងជីវិតអ្នក ?
អ្នកអាចគោរពព្រះបញ្ញត្តិ
អំឡុងមេរៀនស្តីពី នីហ្វៃទី ១ ៣ អ្នកប្រហែលជាបានដាក់គោលដៅឲ្យកាន់តែគោរពតាមបទបញ្ញត្តិដែលពិបាកនឹងគោរព ។ សូមសញ្ជឹងគិតពីភាពរីកចម្រើនរបស់អ្នកឆ្ពោះទៅរកគោលដៅនេះ ហើយកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក ។ សូមពិចារណាសំណួរខាងក្រោម នៅពេលអ្នកសញ្ជឹងគិត និងសរសេរ ៖
-
តើការខិតខំរបស់អ្នកក្នុងការគោរពតាមព្រះបញ្ញត្តិនេះមានសភាពយ៉ាងណាដែរ ?
-
តើអ្នកបានជួបប្រទះជោគជ័យ ឬឧបសគ្គអ្វីខ្លះ ?
-
តើអ្នកអាចកែសម្រួលផែនការរបស់អ្នកដោយរបៀបណា ?
-
តើអ្នកបានទទួលពរដោយរបៀបណាចំពោះការខិតខំរបស់អ្នក ?
-
តើព្រះអម្ចាស់បានរៀបចំផ្លូវសម្រាប់អ្នកដើម្បីគោរពប្រតិបត្តិយ៉ាងដូចម្ដេច ?
ប្រសិនបើអ្នកមិនបានគិតអំពីព្រះបញ្ញត្តិមួយ ដែលអ្នកអាចនឹងពិបាកគោរពតាមនោះ សូមគិតអំពីបទបញ្ញត្តិមួយក្នុងពេលឥឡូវនេះ ។ សូមសម្រេចចិត្តថាតើអ្នកអាចធ្វើសកម្មភាពអ្វីខ្លះ ដើម្បីគោរពបទបញ្ញត្តិនោះឲ្យកាន់តែពេញលេញ ។
ប្រធាន ហិនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានបង្រៀនថា ការទុកចិត្តរបស់នីហ្វៃលើព្រះអម្ចាស់អាចផ្តល់ការលើកទឹកចិត្តដល់យើង នៅពេលយើងពិបាកនឹងគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ៖
យុវជននីហ្វៃនៅក្នុងព្រះគម្ពីរមរមន បំផុសគំនិតដល់យើងឲ្យមានបំណងប្រាថ្នា ដើម្បីបង្កើតការទុកចិត្តរបស់យើងលើព្រះអម្ចាស់ ក្នុងការគោរពតាមព្រះបញ្ញត្តិទ្រង់ ទោះបីយើងមើលឃើញថា បទបញ្ញត្តិទាំងនោះពិបាកក៏ដោយ ។ នីហ្វៃបានប្រឈមនឹងគ្រោះថ្នាក់ ហើយអាចនឹងស្លាប់ផង ពេលលោកបាននិយាយពាក្យពេចន៍នៃការទុកចិត្តទាំងនេះថា យើងអាច ហើយត្រូវតែមានអារម្មណ៍ខ្ជាប់ខ្ជួននៅក្នុងដួងចិត្តយើង ៖ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា ដ្បិតខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់មិនចេញបញ្ជាដល់កូនចៅមនុស្សណាឡើយ លើកលែងតែទ្រង់នឹងរៀបចំផ្លូវ ដើម្បីឲ្យគេអាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជាដល់ពួកគេទុកជាមុនសិន » [ នីហ្វៃទី ១ ៣:៧ ] ។ ( ហិនរី ប៊ី អាវរិង « Trust in God, Then Go and Do » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៧១ )